« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៥ ៖ ការលេចចេញមកនៃព្រះគម្ពីរមរមន » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៥ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៥
ការលេចចេញមកនៃព្រះគម្ពីរមរមន
មុនពេលមរ៉ូណៃបានលាក់ទុកផ្ទាំងនីហ្វៃ លោកបានព្យាករពីការលេចចេញមកនៅក្នុងថ្ងៃចុងក្រោយ ៖ « ត្បិតគ្មានអ្នកណាមានអំណាចនឹងនាំបញ្ជីនេះមកឯពន្លឺឡើយ លើកលែងតែបានប្រទានដល់អ្នកនោះដោយព្រះ » ( មរមន ៨:១៥ ) ។ សូមពិចារណាពីមូលហេតុដែលព្រះវរបិតាសួគ៌បានជ្រើសរើសក្មេងប្រុសវ័យក្មេងមិនមានការអប់រំម្នាក់ ឲ្យបកប្រែ និងបោះពុម្ពគម្ពីរដ៏មានឥទ្ធិពលបំផុតមួយនៅជំនាន់របស់យើង ។
ផ្នែកទី ១
តើយ៉ូសែប ស៊្មីធបាននាំមកនូវព្រះគម្ពីរមរមនដោយព្រះចេស្ដានៃព្រះយ៉ាងដូចម្ដេច ?
ព្រឹត្តិការណ៍ប្រកបដោយអព្ភូតហេតុជាច្រើនបានកើតឡើងជាផ្នែកនៃការលេចចេញមកនៃព្រះគម្ពីរមរមន ដែលផ្ដល់ជាភស្ដុតាងថា វាត្រូវបានបកប្រែដោយព្រះចេស្ដានៃព្រះ ( សូមមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ២១–៣០, ៣៩–៦៤ ) ។
ទេវតាមួយអង្គបានផ្ដល់ការងារបម្រើដល់ យ៉ូសែប ស៊្មីធ ហើយបានប្រាប់លោកអំពីកំណត់ត្រាពីបុរាណ ។
នៅល្ងាចមួយនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ ទេវតាមរ៉ូណៃបានបង្ហាញព្រះកាយដល់ យ៉ូសែប ស្ម៉ីធ ហើយបានមានបន្ទូលថា ព្រះមានកិច្ចការមួយឲ្យលោកធ្វើ ( សូមមើល យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៣៣ ) ។
យ៉ូសែប ស៊្មីធ បានបកប្រែព្រះគម្ពីរ ថ្វីបើនៅក្មេង និងមានការអប់រំតិចតួចក្ដី ។
យ៉ូសែប ស៊្មីធមានអាយុ ១៧ ឆ្នាំ កាលទេវតាមរ៉ូណៃបានមកជួបនឹងលោកលើកដំបូង និងនៅពេលលោកបានឃើញផ្ទាំងចំណារមាសជាលើកទីមួយ ។ នៅចន្លោះអាយុ ១៨ និង ២១ ឆ្នាំ មរ៉ូណៃបានមកជួបលោកមួយឆ្នាំម្ដង ហើយបានប្រទានដល់លោកនូវ « ការបង្គាប់ និងប្រាជ្ញា » ( យ៉ូសែប ស្ម៉ីធ — ប្រវត្តិ ១:៥៤ ) ។ នៅអាយុ ២១ ឆ្នាំ យ៉ូសែបត្រូវបានអនុញ្ញាតឲ្យយកផ្ទាំងចំណារ ដើម្បីលោកអាចបកប្រែបាន ។ នៅអាយុ ២២ ឆ្នាំ លោកបានបកប្រែផ្ទាំងចំណារមួយផ្នែក ដោយមានម៉ាទិន ហារីសធ្វើជាស្មៀន ។ ( សំណៅដើមនេះរួមមាន ១១៦ ទំព័រ ពេលវាបានបាត់នោះ ហើយមិនបានបកប្រែសារជាថ្មីឡើយ ) ។ នៅអាយុ ២៣ ឆ្នាំ លោកបានបញ្ចប់ការបកប្រែទាំងប៉ុន្មាន ដោយមាន អូលីវើរ ខៅឌើរី និងអ្នកផ្សេងទៀតធ្វើជាស្មៀន ។
អិមម៉ា ស៊្មីធ ដែលជាភរិយារបស់ព្យាការី យ៉ូសែប ស៊្មីធបានពន្យល់ ៖ « [ នៅពេលខ្លះ ] យ៉ូសែប ស៊្មីធ …មិនអាចសរសេរ ឬហៅអក្សរឲ្យត្រូវគ្នា និងប្រកបត្រូវនោះទេ កុំថាឡើយហៅឲ្យសរសេរគម្ពីរមួយដូចជាព្រះគម្ពីរមរមននេះ ។ ហើយទោះជាខ្ញុំគឺជាអ្នកចូលរួមដ៏សកម្មម្នាក់ក្នុងស្ថានការណ៍ ដែលបានកើតឡើងនេះ ហើយមានវត្តមានអំឡុងពេលបកប្រែផ្ទាំងចំណារនេះ…ក៏វាអស្ចារ្យចំពោះខ្ញុំ ជា ‹ ការណ៍អស្ចារ្យ និងអព្ភូតហេតុមួយ › ក៏ដូចជាចំពោះមនុស្សផ្សេងទៀតគ្រប់គ្នាដែរ ។… ព្រះគម្ពីរមរមនគឺជាការសម្ដែងពិតមកពីព្រះ—ខ្ញុំមិនមានការសង្ស័យសូម្បីតែបន្ដិចសោះឡើយ ។ ( « Last Testimony of Sister Emma » Saints’ Herald ថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៩០ ) ។
យ៉ូសែប ស៊្មីធ បានបញ្ចប់ការបកប្រែក្នុងរយៈពេលដ៏ខ្លីមិនធម្មតា ។
គេប៉ាន់ស្មានថា យ៉ូសែប ស៊្មីធបានបញ្ចប់ការបកប្រែនេះក្នុងរយៈពេល « ហុកសិបប្រាំថ្ងៃធ្វើការ ឬតិចជាងនេះ » ដោយបកប្រែគម្ពីរ « ដែលមាន ៥៣១ ទំព័រ ក្នុងកំណែបច្ចុប្បន្ននេះ ។ បើគិតជាមធ្យមទៅបកប្រែបានប្រាំបីទំព័រក្នុងមួយថ្ងៃ ។ សូមពិចារណាពីការណ៍នេះ នៅពេលបងប្អូនបកប្រែសៀវភៅមួយ ឬនៅពេលបងប្អូនដាក់កាលវិភាគការអានផ្ទាល់ខ្លួនរបស់បងប្អូនអំពីព្រះគម្ពីរមរមន » ( រ័សុល អិម ណិលសុន « A Treasured Testament » Ensign ខែ កក្កដា ឆ្នាំ ១៩៩៣ ទំព័រ ៦១–៦២ ) ។
យ៉ូសែប ស៊្មីធ បានបកប្រែដោយគ្មានកំណត់ចំណាំ និងគ្មានការពិនិត្យមើលសំណៅដើមសារឡើងវិញឡើយ ។
អិមម៉ាបានពិពណ៌នាដំណើរការបកប្រែដល់កូនប្រុសរបស់នាង យ៉ូសែប ស៊្មីធ III មុនពេលនាងស្លាប់ក្នុងឆ្នាំ ១៨៧៩ បន្ដិចថា ៖
[ ម្ដាយ ] ជឿថា សាសនាចក្រនេះត្រូវបានស្ថាបនាដោយការដឹកនាំពីស្ថានសួគ៌ ។ ម្ដាយមានសេចក្ដីជំនឿដ៏ពេញលេញលើការណ៍នេះ ។…
[ យ៉ូសែប ] មិនមានសំណៅដើម ឬគម្ពីរដើម្បីអាន [ កាលគាត់បានបកប្រែ] ឡើយ ។ …
ប្រសិនបើលោកមានវត្ថុទាំងនោះ នោះលោកពុំអាចលាក់វាកំបាំងពីម្ដាយបានឡើយ ។…
ជារឿយៗផ្ទាំងចំណារដាក់នៅលើតុដោយគ្មានការលាក់លៀម ដោយខ្ចប់ក្នុងក្រណាត់តូចមួយ ដែលម្ដាយបានឲ្យគាត់សម្រាប់រុំផ្ទាំងនោះ ។ មានម្ដងនោះម្ដាយបានប៉ះផ្ទាំងចំណារនោះ ដោយសារវានៅលើតុ ធ្វើឲ្យម្ដាយឃើញពីរាង និងទម្រង់របស់វា ។ វាមើលទៅអាចបត់បែនបានដូចជាក្រដាសក្រាស់ ហើយឮសូរសំឡេងដែក[sic] ពេលជ្រុងវាត្រូវបើកដោយមេដៃ ដូចដែលមនុស្សម្នាក់នឹងបើកទំព័រសៀវភៅដោយមេដៃពេលខ្លះ ។ …
ម្ដាយពេញចិត្តព្រោះ គ្មានមនុស្សណាម្នាក់អាចសូត្រអក្សរនៅលើចំណារនោះបានឡើយ លើកលែងតែគាត់បានទទួលការបំផុសគំនិត ពីព្រោះថាពេលម្ដាយធ្វើជាជំនួយការរបស់គាត់ យ៉ូសែបនឹងហៅឲ្យម្ដាយស្ដាប់ជាច្រើនម៉ោង ហើយពេលត្រឡប់មកពីទទួលទានអាហារ ឬក្រោយពីការរំខាន គាត់នឹងចាប់ផ្ដើមនៅត្រង់កន្លែងដែលគាត់បានបញ្ចប់ពីមុន ដោយពុំចាំបាច់មើលសៀវភៅសរសេរនោះ ឬឲ្យគេអានផ្នែកណាមួយនៃការសរសេរនោះឲ្យគាត់ស្ដាប់នោះឡើយ ។ នេះគឺជារឿងសាមញ្ញមួយដែលគាត់ធ្វើ ។ សូម្បីតែបុគ្គលដែលបានរៀនសូត្រចេះដឹង ក៏សឹងមិនគួរឲ្យជឿឡើយថា អាចធ្វើការណ៍នេះបាន វារឹតតែមិនអាចទៅរួចដែលបុគ្គលមិនបានរៀនសូត្រដូចជាគាត់អាចធ្វើការណ៍នេះបាននោះ ។ ( អិមម៉ា ស្ម៉ីធ នៅក្នុង « Last Testimony of Sister Emma » Saints’ Herald ថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៨៩–៩០ )
យ៉ូសែប ស៊្មីធ ទទួលបានឧបករណ៍ដើម្បីជួយលោកឲ្យបកប្រែ ។
យ៉ូសែបមិនបានបកប្រែព្រះគម្ពីរមរមនតាមរបៀបធម្មតានោះទេ ។ លោកមិនចេះភាសាដើមក្នុងផ្ទាំងចំណារនោះទេ រួចហើយបានបកប្រែភាសានោះជាភាសាអង់គ្លេស ។ ប៉ុន្ដែលោកបានបកអត្ថបទនេះពីភាសាមួយទៅភាសាមួយទៀតតាមរយៈវិវរណៈ—ដោយ « អំណោយទាន និងព្រះចេស្តានៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ ) ។
យ៉ូសែប ស្ម៉ីធ និងអ្នកសរសេររបស់លោកបានសរសេរអំពីឧបករណ៍ទាំងពីរនេះដែលបានប្រើប្រាស់ក្នុងការបកប្រែព្រះគម្ពីរមរមន ។ ឧបករណ៍មួយដែលបានហៅនៅក្នុងព្រះគម្ពីរមរមនថាជា « ប្រដាប់បកប្រែ » ( ម៉ូសាយ ៨:១៣ ) គឺត្រូវបានស្គាល់ច្បាស់ដោយពួកបរិសុទ្ធថ្ងៃចុងក្រោយនាពេលបច្ចុប្បន្ននេះថាជា « យូរីម និងធូមីម » ( យ៉ូសែប ស្ម៉ីធ — ប្រវត្តិ ១:៣៥ ) ។ អូលីវើរ ខៅឌើរីបានថ្លែងថាតាមរយៈ « ការមើលតាម » យូរីម និងធូមីម យ៉ូសែប « អាចអានជាភាសាអង់គ្លេស ពីតួអក្សរអេហ្ស៊ីបប្រែប្រួល ដែលបានឆ្លាក់នៅលើផ្ទាំងចំណារនោះ » ( « Book of Mormon Translation » Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
ដំណើររឿងក្រោយមកមួយចំនួនបង្ហាញថា ពេលខ្លះយ៉ូសែបបានប្រើឧបករណ៍ផ្សេងទៀតដើម្បីបកប្រែព្រះគម្ពីរមរមន ។ ឧបករណ៍នេះគឺជាត្បូងរាងពងក្រពើតូចមួយ ដែលសំដៅលើត្បូងអ្នកមើលឆុត ដែលយ៉ូសែបបានរកឃើញបីបួនឆ្នាំមុនពេលលោកបានទទួលផ្ទាំងចំណារមាស ។ ដំណើររឿងទាំងនេះបង្ហាញថា យ៉ូសែបបានដាក់ប្រដាប់បកប្រែនោះ ឬត្បូងអ្នកមើលឆុតនៅក្នុងមួកមួយ ដើម្បីជួយការពារពន្លឺ ដែលជួយធ្វើឲ្យមើលឃើញពាក្យច្បាស់ ដែលលេចចេញមកលើឧបករណ៍នោះ ។ ( សូមមើល « Book of Mormon Translation » នៅលើគេហទំព័រ topics.ChurchofJesusChrist.org; សូមមើលផងដែរ Richard E. Turley Jr., Robin S. Jensen និង Mark Ashurst-McGee « Joseph the Seer » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៥១ ) ។
ជាងមួយឆ្នាំក្រោយពីព្រះគម្ពីរមរមនត្រូវបានបោះពុម្ព យ៉ូសែបត្រូវបានគេចោទសួរក្នុងការប្រជុំមួយ ទាក់ទងទៅនឹងព័ត៌មានជាក់លាក់មួយចំនួនអំពីការលេចចេញមកនៃព្រះគម្ពីរមរមន ។ កំណត់ហេតុនៃការប្រជុំសរសេរថា លោក « បាននិយាយថា វាមិនមានបំណងប្រាប់ពិភពលោកនេះនូវការពិសេសទាំងអស់នៃការលេចចេញមកនៃព្រះគម្ពីរមរមនឡើយ » ហើយ « ថាវាមិនស្រួលសម្រាប់លោកដើម្បីថ្លែងពីការណ៍ទាំងនេះទេ » ( « Minutes » ថ្ងៃទី ២៥–២៦ ខែ តុលា ឆ្នាំ ១៨៣១ នៅក្នុង Minute Book ទំព័រ ២, ១៣ គេហទំព័រ josephsmithpapers.org ) ។
អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ដូចនេះ ៖
មនុស្សជាច្រើនដែលបានអានព្រះគម្ពីរមរមន មានបំណងចង់យល់ខ្លាំងដើម្បីដឹងកាន់តែច្រើនអំពីការណ៍ដែលនឹងកើតឡើង រួមមានដំណើរការពិតប្រាកដនៃការបកប្រែ ។ … អ្វីដែលយើងពិតជាដឹងអំពីការចេញមកនៃព្រះគម្ពីរមរមន គឺគ្រប់គ្រាន់ ប៉ុន្ដែវាមិនពេញលេញទេ ។…
…ប្រហែលសេចក្ដីលម្អិតនៃការបកប្រែត្រូវបានដកយក …ដោយសារយើងមានបំណងពន្លិចខ្លួនយើងក្នុងធាតុនៃគម្ពីរ ជាជាងការខ្វល់មិនត្រឹមត្រូវនឹងដំណើរការ ដែលយើងបានទទួលគម្ពីរនេះ ។ ( នែល អេ ម៉ាក់ស្វែល « By the Gift and Power of God » Ensign ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ៣៩, ៤១ )
ផ្នែកទី ២
តើទីបន្ទាល់របស់បងប្អូនអំពីសាក្សីនៃព្រះគម្ពីរមរមនផ្ដល់ភស្ដុតាងបន្ថែមទៀតនៃសេចក្ដីពិតពេញលេញយ៉ាងដូចម្ដេច ?
អំឡុងការបកប្រែព្រះគម្ពីរមរមន យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរីបានរៀនថា ព្រះអម្ចាស់នឹងបង្ហាញផ្ទាំងចំណារដល់សាក្សីពិសេសបីរូប ( សូមមើល អេធើរ ៥:២–៤ ) ។ អូលីវើរ, ដាវីឌ វិតមើរ និងម៉ាទិន ហារីស « ត្រូវបានជ្រាបដឹងដោយសេចក្ដីប្រាថ្នាដ៏ប្រកបដោយការបំភ្លឺ ឲ្យធ្វើជាពួកសាក្សី ពិសេសបីនាក់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៧ ក្បាលកណ្ឌ ) ។
នៅខែ មិថុនា ឆ្នាំ ១៨២៩ អូលីវើរ ដាវីឌ និងម៉ាទិនបានឃើញផ្ទាំងចំណារតាមរបៀបដ៏អព្ភូតហេតុមួយ ។ ពួកលោកបានថ្លែងទីបន្ទាល់ថា « មានទេវតានៃព្រះបានចុះមកពីស្ថានសួគ៌ ហើយនាំយកផ្ទាំងទាំងឡាយមកបង្ហាញនៅចំពោះភ្នែកយើង ដែលយើងបានទាំងមើល ហើយឃើញផ្ទាំងទាំងឡាយ ព្រមទាំងការឆ្លាក់ត្រានៅលើនោះផង » ( « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » ព្រះគម្ពីរមរមន ) ។
ភ្លាមៗបន្ទាប់ពីសាក្សីបីនាក់មានបទពិសោធន៍ជាមួយនឹងទេវតា យ៉ូសែប ស៊្មីធបានត្រឡប់ទៅផ្ទះវិតមើរ ហើយបានជម្រាបដល់ឪពុកម្ដាយរបស់លោកថា ៖ « ពុក ម៉ែ លោកមិនដឹងទេថាខ្ញុំរីករាយ [ ប៉ុណ្ណា ] ឥឡូវព្រះអម្ចាស់បានបណ្ដាលឲ្យផ្ទាំងចំណារមាសនោះបានឃើញដល់មនុស្សបីនាក់ទៀត ក្រៅពីរូបកូន—ពួកគេបានឃើញទេវតាមួយអង្គ ដែលបានថ្លែងទីបន្ទាល់ដល់ពួកគេ ហើយពួកគេនឹងត្រូវថ្លែងសាក្សីនេះដល់សេចក្ដីពិតនៃអ្វីដែលកូនបាននិយាយ ដោយសារឥឡូវពួកគេដឹងដោយខ្លួនគេថា កូនមិនបានទៅបោកបញ្ឆោតមនុស្សណាឡើយ ។ ហើយកូនមានអារម្មណ៍ហាក់ដូចជាកូនបានធូរស្រាលពីបន្ទុក ដែលសឹងតែធ្ងន់ [ ខ្លាំងហួស ] ធ្វើឲ្យកូនមិនអាចទ្រាំទ្របាន ហើយវាធ្វើឲ្យដួងចិត្តកូនអរក្រៃលែង ដែលកូនលែងនៅម្នាក់ឯងទាំងស្រុងក្នុងពិភពលោកនេះទៀតហើយ » ។ ( « ប្រវត្តិ លូស៉ី ម៉ាក់ ស្ម៉ីធ ឆ្នាំ ១៨៤៥ » ទំព័រ ១៥៣–៥៤ នៅលើគេហទំព័រ josephsmithpapers.org )
ក្រោយមកយ៉ូសែប ស្ម៉ីធបានបង្ហាញផ្ទាំងចំណារដល់ពួកសាក្សីប្រាំបីនាក់ទៀត ។ ពួកលោកបានប្រកាសថា « យើងបានកាន់ [ ផ្ទាំងចំណារ ] ដោយដៃយើងផ្ទាល់ យើងថែមទាំងបានឃើញការឆ្លាក់ត្រានៅលើនោះផង …ហើយដឹងជាប្រាកដថា លោក [ យ៉ូសែប ] ស៊្មីធមានផ្ទាំងទាំងឡាយ ដែលយើងបាននិយាយនោះពិត » ( « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ » ព្រះគម្ពីរមរមន ) ។
ថ្វីបើមានភាពខុសគ្នាជាមួយនឹង យ៉ូសែប ស៊្មីធដែលបាននាំឲ្យពួកសាក្សីទាំងបីនាក់ចែកផ្លូវគ្នាពីសាសនាចក្ររៀងៗខ្លួនក្តី ( ([ អូលីវើរ] ខៅឌើរី និង [ ម៉ាទិន ] ហារីស បានត្រឡប់មកវិញក្រោយមក ) ក៏ពួកគេបានបន្ដបញ្ជាក់ទីបន្ទាល់របស់ពួកគេថាជាសាក្សីពេញមួយជីវិតរបស់ពួកគេដែរ ។ ដូចគ្នាដែរ ពួកសាក្សីទាំងប្រាំបីនាក់បានបញ្ជាក់ជាថ្មីពីទីបន្ទាល់របស់ខ្លួនថាបានកាន់ផ្ទាំងចំណារ ទោះជាពួកគាត់ខ្លះបានចាកចេញពីសាសនាចក្រនៅចុងបញ្ចប់ក្ដី ។ សេចក្ដីថ្លែងការណ៍ដ៏ច្រើនរបស់ពួកគេរួមបញ្ចូលគ្នា ដែលបានផ្ដល់មករាប់ឆ្នាំ ហើយថ្វីបើអត្តចរិតគេប្រែប្រួលចំពោះ យ៉ូសែប ស៊្មីធ និងសាសនាចក្រក្ដី ក៏វាជាសាក្សីដ៏មានអនុភាពនៃការអាចទុកចិត្តបានលើសេចក្ដីថ្លែងការណ៍ ដែលពួកគេបានបោះពុម្ពក្នុងព្រះគម្ពីរមរមនដែរ ។( W« itnesses of the Book of Mormon » Church History Topics នៅលើគេហទំព័រ history.ChurchofJesusChrist.org )