« មេរៀនទី ៣ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការដាក់ទីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះ និងអ្នកដឹកនាំរបស់យើងមុនជីវិតលើផែនដី » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៣ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៣ ឯកសាររៀបចំសម្រាប់ថ្នាក់
ការដាក់ទីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះ និងអ្នកដឹកនាំរបស់យើងមុនជីវិតលើផែនដី
បទពិសោធន៍របស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទបានចាប់ផ្តើមជាយូរមកហើយ មុនពេលអ្នកបានចាប់កំណើតមក ទោះបីជាអ្នកមិនចាំក៏ដោយ ។ ទំនាក់ទំនង និងចំណេះដឹងអំពីផែនការរបស់ព្រះវរបិតាសួគ៌អាចនាំមកនូវគោលបំណង និងអត្ថន័យដល់ជីវិតរបស់អ្នកនៅលើផែនដីនេះ ។ ជំពូកទី ២ នឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះនៅក្នុងក្រុមប្រឹក្សាដ៏ធំមហិមានៅស្ថានសួគ៌ នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតា នៅក្នុងការបង្កបង្កើត និងនៅក្នុងដំណើររឿងផ្សេងៗទៀតដែលបានចែកចាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ នៅពេលអ្នកសិក្សាឯកសារមកពីមេរៀននេះ សូមគិតអំពីរបៀបដែលសេចក្ដីពិតទាំងនេះអាចស្ថាបនាទំនុកចិត្តរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ។
ផ្នែកទី ១
តើផែនការនៃសេចក្តីសង្គ្រោះអាចនាំមកនូវគោលបំណង និងសេចក្ដីសុខសាន្តដល់ជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
តើអ្នកធ្លាប់វង្វេងនៅក្នុងព្រៃ ក្រុមមនុស្សច្រើន ឬ ក្នុងទីក្រុងធំដែរឬទេ ? តើអ្នកមានបទពិសោធន៍យ៉ាងដូចម្ដេច ?
គឺដូចជារូបអ្នកដែរ ប្រហែលជាបានវង្វេងក្នុងព្រៃ ឬក្នុងទីក្រុងធំមួយ អ្នកប្រហែលជាមានអារម្មណ៍ ឬថ្ងៃមួយនឹងមានអារម្មណ៍ថាបាត់បង់អត្ថន័យ និងគោលបំណងនៃជីវិតរបស់អ្នក ។ នៅពេលអ្នកពិចារណាអំពីអារម្មណ៍ទាំងនេះ សូមសញ្ជឹងគិតពីពាក្យខាងក្រោមនេះដោយអែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ខ្ញុំតែងតែគិតពីភាពអស់សង្ឃឹមរបស់បុត្រាបុត្រីរបស់ព្រះដែលវង្វេងនៅក្នុងទីងងឹត និងពិភពលោកដ៏លំបាក ដោយពុំដឹងថាខ្លួនពួកគេជានរណា ថាតើពួកគេបានមកពីណា ហេតុអ្វីបានជាពួកគេមកលើផែនដីនេះ ឬ តើពួកគេនឹងទៅទីណាបន្ទាប់ពីជីវិតលើផែនដីនេះ ។
យើងមិនត្រូវដើរវង្វេងឡើយ ។ ព្រះបានបើកសម្តែងសេចក្តីពិតដ៏អស់កល្ប ដើម្បីឆ្លើយសំណួរទាំងនេះ ។ …
… ផែនការនៃសេចក្តីសង្គ្រោះគឺជារតនៈសម្បត្តិមួយដ៏មហិមាបំផុតនៃចំណេះដឹងដែលបានប្រទានដល់មនុស្សលោក ដោយសារវាពន្យល់ពីគោលបំណងដ៏អស់កល្បជានិច្ចនៃជីវិតនេះ ។ ( « The Plan of Salvation: A Sacred Treasure of Knowledge to Guide Us » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ២៥–២៦ )
ព្រះវរបិតាសួគ៌របស់យើងបានបង្ហាញផែនការនៃសេចក្តីសង្គ្រោះរបស់ទ្រង់នៅក្នុងក្រុមប្រឹក្សាដ៏ធំមហិមានៅស្ថានសួគ៌ ។ នៅទីនោះ យើងបានរៀនថា ប្រសិនបើយើងនឹងធ្វើតាមផែនការរបស់ទ្រង់ នោះយើងអាចបានដូចជាទ្រង់ ត្រឡប់ទៅកាន់ទីវត្តមានរបស់ទ្រង់វិញ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចដែលជា « អំណោយទានដ៏មហិមាបំផុត នូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៧ ) ។
យើងក៏បានរៀនផងដែរថា ផែនការរបស់ព្រះវរបិតានឹងត្រូវការព្រះអង្គសង្គ្រោះមួយអង្គ ដែលនឹងធ្វើឲ្យយើងអាចយកឈ្នះលើសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ។ ព្រះវរបិតាសួគ៌បានជ្រើសរើសព្រះយេស៊ូវឲ្យធ្វើជាព្រះអង្គសង្គ្រោះនោះ ( សូមមើល អ័ប្រាហាំ ៣:២៧ ) ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងទីបន្ទាល់ ៖
ផ្នែកដ៏សំខាន់នៃផែនការ [ នៃសេចក្តីសង្គ្រោះ ] គឺព្រះអង្គសង្គ្រោះរបស់យើងដែលជាព្រះយេស៊ូវគ្រីស្ទ ។ បើគ្មានការពលិកម្មដ៏ធួនរបស់ទ្រង់ទេ នោះមនុស្សទាំងអស់នឹងត្រូវវង្វេង ។ ( «The Perfect Path to Happiness» Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨០ )
ផ្នែកទី ២
ហេតុអ្វីបានជាយើងទទួលយកព្រះយេស៊ូវគ្រីស្ទឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់យើងក្នុងជីវិតមុនជីវិតលើផែនដីនេះ ?
ព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមាបានផ្តល់នូវដំណើររឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៃ ការរៀនសូត្ររបស់អ័ប្រាហាំអំពីភព និង ផ្កាយនានា ។ អ័ប្រាហាំបានឃើញថា តារាដែលគ្រប់គ្រង និងភ្លឺបំផុតត្រូវបានគេហៅថា កូឡុប ហើយនៅជិតវត្តមានរបស់ព្រះបំផុត ( សូមមើល អ័ប្រាហាំ ៣:២–១៧ ) ។
អ័ប្រាហាំក៏បានរៀនដែរថា គឺដូចជាផ្កាយដែលវាមានភាពខុសគ្នា នោះកូនវិញ្ញាណរបស់ព្រះ ក៏មានភាពខុសគ្នាដូចនោះដែរ ។ វិញ្ញាណខ្លះ « មានបញ្ញា » ជាងវិញ្ញាណខ្លះទៀត រីឯព្រះអម្ចាស់ « មានបញ្ញាជាងពួកគេទាំងអស់ » ( អ័ប្រាហាំ ៣:១៨–១៩ ) ។ ( កំណត់ចំណាំ បញ្ញានៅក្នងវគ្គបទគម្ពីរនេះគឺសំដៅទៅលើពន្លឺ និងសេចក្ដីពិតដែលបុគ្គលម្នាក់បានទទួល [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៨, ៣៦ ] ) ។
នៅក្នុងបរិបទនេះ កូឡុបតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ( សូមមើល អ័ប្រាហាំ ៣:៣, ១៦ ) តើនោះបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ?
អ័ប្រាហាំបានរៀនថា ភាពជិតស្និទ្ធរបស់កូឡុបទៅនឹងព្រះបានធ្វើឲ្យវាក្លាយជា « [ ផ្កាយ ] ដ៏អស្ចារ្យជាងគេបំផុត … ពីព្រោះវានៅជិត [ ទ្រង់ ] ជាងគេ » ( អ័ប្រាហាំ ៣:១៦ ) ។ វាគឺដូចគ្នាផងដែរចំពោះយើងដែលជាបុត្រាបុត្រីរបស់ព្រះ ។ បញ្ញា ពន្លឺ និងសិរីល្អរបស់យើងនឹងអាស្រ័យលើភាពជិតស្និទ្ធរបស់យើងចំពោះព្រះដ៏បង្កបង្កើត គឺព្រះយេស៊ូវគ្រីស្ទ ដែល « នៅយ៉ាងជិតនឹងបល្ល័ង្កនៃព្រះជាងគេ » ហើយគឺ « ចាត់ … ឲ្យត្រួតត្រាលើអស់ទាំងតារាទាំងនោះ ដែលនៅក្នុងលំដាប់ដូចគ្នា » ( អ័ប្រាហាំ ៣:២, ៣ ) ។
ផ្នែកទី ៣
តើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំយកឈ្នះលើឥទ្ធិពលអាក្រក់ជុំវិញខ្ញុំដោយរបៀបណា ?
ពេលខ្លះ អ្នកអាចនឹងមានអារម្មណ៍ក្តុកក្តួលដោយសារការប្រឆាំងរបស់សាតាំង នៅពេលអ្នកខិតខំធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។ វាអាចមានប្រយោជន៍ដើម្បីចងចាំថានេះមិនមែនជាលើកទីមួយទេដែលអ្នកបានឃើញ ឬជួបប្រទះនឹងឥទ្ធិពលអាក្រក់របស់សាតាំង ។
ការបះបោររបស់សាតាំងបានចាប់ផ្ដើមនូវអ្វីដែលបានហៅនៅក្នុងសៀវភៅវិវរណៈថា ចម្បាំងនៅលើមេឃ ( សូមមើល វិវរណៈ ១២:៧ ) ។ មានការប្រយុទ្ធគ្នារវាងអ្នកដែលឈរនៅខាងព្រះវរបិតាសួគ៌និងព្រះយេស៊ូវគ្រីស្ទ និងអ្នកដែលបានប្រឆាំងនឹងទ្រង់ ហើយបានជ្រើសរើសដើរតាមសាតាំង ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍អំពីជម្លោះនេះថា ៖
សង្គ្រាមនោះជូរចត់ ឃោរឃៅ និងមិនចេះចប់ឡើយ ។ វាគឺជាសង្រ្គាមរវាងសេចក្ដីពិត និងកំហុសឆ្គង រវាងសិទ្ធិសេរីភាព និងការបង្ខំ រវាងអ្នកដើរតាមព្រះគ្រីស្ទ និងអ្នកដែលបានបដិសេធទ្រង់ ។ …
… វាកើតឡើងក្នុងជីវិតយើងផ្ទាល់ កើតឡើងគ្រប់ពេល នៅផ្ទះរបស់យើង នៅកន្លែងការងាររបស់យើង នៅក្នុងការទំនាក់ទំនងនៅសាលារៀនរបស់យើង ។ … យើងគ្រប់គ្នាគឺពាក់ព័ន្ធជាមួយសង្គ្រាមនោះ—ទាំងកូនក្មេង យុវវ័យ ឬមជ្ឈឹមវ័យ យើងម្នាក់ៗ ។ ( « An Unending Conflict, a Victory Assured » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ៦ និង ៩ )
បងប្រុស អាម៉េឌ អេស ខ័របីត នៃគណៈប្រធានយុវជនទូទៅបានផ្ដល់សារលិខិតនៃសេចក្ដីសង្ឃឹមក្នុងការបន្តប្រយុទ្ធជាមួយសេចក្ដីអាក្រក់ ៖
សាតាំងបានប្រើល្បិចបោកបញ្ឆោតបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌មួយភាគបី ដោយអនុញ្ញាតឲ្យវាឈ្នះលើព្រះ ។ ប៉ុន្តែមិនមែនបងប្អូនទេ ! សាវកយ៉ូហានបានមើលឃើញថា បងប្អូនឈ្នះសាតាំង « ដោយសារសេចក្តីបន្ទាល់ [ របស់បងប្អូន ] » [ វិវរណៈ ១២:១១ ] ។ …
… ការដឹងថាបងប្អូនទាំងអស់គ្នាអាចយកឈ្នះលើសាតាំងតាមរយៈទីបន្ទាល់របស់បងប្អូនពីមុនមក នឹងជួយបងប្អូនឲ្យស្រឡាញ់ ចែកចាយ និងអញ្ជើញនៅថ្ងៃនេះ និងជារៀងរហូតទៅ—ដើម្បីអញ្ជើញអ្នកដទៃឲ្យមកហើយឃើញ មកហើយជួយ និងមកហើយធ្វើជាកម្មសិទ្ធិ កាលសង្គ្រាមដដែលនោះ ដែលច្បាំងដើម្បីវាយយកព្រលឹងនៃបុត្រាបុត្រីរបស់ព្រះ កើតឡើងយ៉ាងក្ដៅគគុក ។ ( « You Can Gather Israel! » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦១ )