សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ
ការបង្រៀន ការរៀនសូត្រ និង​អនុវត្តន៍​តាម​សារលិខិត​មក​ពី​សន្និសីទ​ទូទៅ


ចូរ​មក​តាម​ខ្ញុំ

ការបង្រៀន ការរៀនសូត្រ និង​អនុវត្តន៍​តាម​សារលិខិត​មក​ពី​សន្និសីទ​ទូទៅ

កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​ដើរ​តួយ៉ាង​សំខាន់​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង ។ អំឡុងពេល​ប្រជុំ​ថ្ងៃ​អាទិត្យ​របស់​ពួកគាត់ ពួកគាត់​ពិភាក្សា​គ្នា​ពី​របៀប​ដើម្បី​អនុវត្ត​តាម​ការបង្រៀន​នៅក្នុង​សារលិខិត​សន្និសីទ​ទូទៅ​ចុង​ក្រោយ​បំផុត​ សម្រាប់​កិច្ច​ខិតខំ​របស់​ពួកគាត់​នៅក្នុង​កិច្ចការ​នេះ ៗ ដោយ​ផ្អែក​លើ​តម្រូវការ​របស់​សមាជិក និង​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ ។ យូរៗ​ម្តង ប៊ីស្សព ឬ​ប្រធាន​ស្តេក​ក៏​អាច​ផ្តល់​យោបល់​អំពី​សារលិខិត​មួយ​ផងដែរ ។ ជាទូទៅ​ថ្នាក់ដឹកនាំ​គួរ​តែ​ជ្រើសរើស​សារលិខិត មក​ពី​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ប៉ុន្តែ​សូម​យក​សារលិខិត​មួយ​ណាក៏បាន មក​ពី​សន្និសីទ​ទូទៅ​ចុង​ក្រោយ​បំផុត​លើកមក​ពិភាក្សា​ ។

គ្រូបង្រៀន​ផ្តោត​លើ​របៀប​ជួយ​សមាជិក​ឲ្យ​អនុវត្ត​តាម​ការបង្រៀន​នៅក្នុង សារលិខិត​សន្និសីទ​ទូទៅ​ចុងក្រោយ​បំផុត​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​ស្វែងរក​វិធី​លើកទឹកចិត្ត​សមាជិក ឲ្យ​សិក្សា​សារលិខិត​ដែល​បាន​ជ្រើសរើស​ពីមុន​ការប្រជុំ ។

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ការប្រជុំ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ សូម​មើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៨.២.១.២, ៩.២.១.២, គេហទំព័រ ChurchofJesusChrist.org ។

ការ​ដាក់​ផែនការ​បង្រៀន

សំណួរ​ដូច​តទៅ​នេះ​អាច​ជួយ​គ្រូ​បង្រៀន​បាន នៅពេល​ពួកគេ​ដាក់​ផែនការ​ដើម្បី​ប្រើ​សារលិខិត​សន្និសីទ​ទូទៅ​មួយ​ដើម្បី​បង្រៀន ។ បើចាំបាច់ គ្រូបង្រៀន​ប្រឹក្សា​ជាមួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ​ ពេល​ពួកគេ​ពិចារណា​អំពី​សំណួរ​ទាំងនេះ ។

  • ហេតុអ្វី​គណៈ​ប្រធាន​កូរ៉ុមអែលឌើរ ឬ​សមាគម​សង្គ្រោះ​ជ្រើសរើស​សារលិខិត​នេះ​មក​ពិភាក្សា ? តើ​ពួកគេ​រំពឹង​ថា សមាជិក​នឹង​ដឹង ហើយ​ធ្វើ​អ្វី​ខ្លះ​​បន្ទាប់​ពី​ពិភាក្សា​សារលិខិត​នេះ​រួច ?

  • តើ​អ្នក​ថ្លែង​សុន្ទរកថា​ចង់​ឲ្យ​សមាជិក​យល់​អ្វី​ខ្លះ ? តើ​គាត់​កំពុង​បង្រៀន​អ្វីខ្លះ​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ? តើ​គោលការណ៍​ទាំង​នេះ​អនុវត្ត​ចំពោះ​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ​របស់​ខ្ញុំ​តាម​របៀបណា ?

  • តើ​អ្នក​ថ្លែង​សុន្ទរកថា​បាន​ប្រើ​បទគម្ពីរ​អ្វីខ្លះ​ដើម្បី​គាំទ្រ​ដល់​សារលិខិត​របស់​គាត់ ? តើ​មាន​បទគម្ពីរ​ណា​ផ្សេង​ទៀត​ដែល​សមាជិក​អាច​អាន ដែល​នឹង​អាច​ពង្រីក​ការយល់​ដឹង​របស់​ពួកគេ​បាន ? ( អ្នក​អាច​ស្វែងរក​បទគម្ពីរ​មួយ​ចំនួន​នៅ​ក្នុង​លេខ​យោង​នៃ​សារលិខិត​នោះ ឬ​នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ [scriptures.ChurchofJesusChrist.org] ) ។

  • តើ​សំណួរ​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​សួរ ដែល​នឹង​ជួយ​សមាជិក​ឲ្យ​ពិចារណា និង​អនុវត្ត​តាម​ការបង្រៀន​នៅក្នុង​សារលិខិត​នេះ ? តើ​សំណួរ​អ្វីខ្លះ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ពី​ទំនាក់ទំនង​នៃ​ការបង្រៀន​ទាំង​នេះ នៅ​ក្នុង​ជីវិត​របស់​ពួកគេ ក្នុង​គ្រួសារ​របស់​ពួកគេ និង​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​យាង​ព្រះវិញ្ញាណ​ឲ្យ​ចូល​មក​ក្នុង​ការ​ប្រជុំ​របស់​យើង​បាន ? តើ​ខ្ញុំ​អាច​ប្រើ​អ្វីខ្លះ​ដើម្បី​បង្កើន​ការ​ពិភាក្សា​ រួម​មាន ដំណើរ​រឿង ការ​ប្រៀបធៀប តន្ត្រី ឬ​រូបភាព ? តើ​អ្នក​ថ្លែង​សុន្ទរកថា​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​សមាជិក​ឲ្យ​យល់ពី​សារលិខិត​របស់​គាត់ ?

  • តើ​អ្នក​ថ្លែង​សុន្ទរកថា​បាន​ធ្វើ​ការ​អញ្ជើញ​ណា​មួយ​ដែរ​ឬទេ ? តើ​ខ្ញុំ​អាច​ជួយ​សមាជិក​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​តាម​ការអញ្ជើញ​ទាំង​នោះ​តាម​របៀបណា ?

គំនិត​សម្រាប់​សកម្មភាព

មាន​របៀប​ជា​ច្រើន​ដែល​គ្រូបង្រៀន​អាច​ជួយ​សមាជិក​ឲ្យ​រៀន និង​អនុវត្ត​តាម​សារលិខិត​សន្និសីទ​ទូទៅ ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​គ្រូបង្រៀន​អាច​មាន​គំនិត​ផ្សេង​ទៀត​ដែល​ល្អ​ប្រសើរ​ជាង​នេះ​សម្រាប់​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​របស់​ពួកគេ ។

  • អនុវត្ត​សេចក្ដី​ពិត​ទៅ​នឹង​ជីវិត​របស់​យើង ។ សូម​អញ្ជើញ​សមាជិក​ឲ្យ​រំឭក​សារលិខិត​សន្និសីទ​ទូទៅ ដោយ​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​សម្រេច​បាននូវ​​កិច្ចការ ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួកគេ​ជា​បុគ្គល​ម្នាក់ៗ ឬ​ជា​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ ។ ឧទាហរណ៍ តើ​យើង​រៀន​បាន​អ្វីខ្លះ ដែល​អាច​ជួយ​យើង​ក្នុង​នាម​ជា​អ្នក​ផ្តល់​ការងារ​បម្រើ ? ​ជា​ឪពុកម្តាយ ? ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែលជា​សមាជិក ? តើ​សារលិខិត​នេះ​ជះ​ឥទ្ធិពល​ទៅលើ​គំនិត អារម្មណ៍ និង​សកម្មភាព​របស់​យើង​ដោយ​របៀប​ណា ?

  • ពិភាក្សា​ជា​ក្រុម ។ សូម​បំបែក​សមាជិក​ជា​ក្រុម​តូចៗ ហើយ​ចាត់​តាំង​វគ្គ​ផ្សេងៗ​គ្នា​ដល់​ក្រុម​នីមួយៗ​នៃ​សារលិខិត​សន្និសីទ​ដើម្បី​អាន ហើយ​ពិភាក្សា ។ បន្ទាប់​មក​សូម​ឲ្យ​ក្រុម​នីមួយៗ​ចែកចាយ​សេចក្ដីពិត​មួយ ដែល​ពួកគេ​បាន​​រកឃើញ និង​របៀប​ដែល​វា​អនុវត្ត​ចំពោះ​ពួកគេ ​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

  • រកមើល​ចម្លើយ​ចំពោះ​សំណួរ ។ សូម​អញ្ជើញ​សមាជិក​ឲ្យ​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​អំពី​សារលិខិត​សន្និសីទ ៖ តើ​យើង​រក​ឃើញ​សេចក្ដីពិត​នៃ​ដំណឹងល្អ​អ្វីខ្លះ​នៅ​ក្នុង​សារលិខិត​នេះ ? តើ​យើង​អាច​អនុវត្ត​សេចក្ដីពិត​ទាំង​នេះ​តាម​របៀប​ណា ? តើ​មាន​ការ​អញ្ជើញ និង​ពរជ័យ​ដែល​បាន​សន្យា​អ្វីខ្លះ​ដែល​បាន​ផ្ដល់​ឲ្យ ? តើ​សារលិខិត​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​កិច្ចការ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ ? ឬ​បង្កើត​សំណួរ​ពីរបី​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដែល​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​គិត​កាន់តែ​ស៊ីជម្រៅ អំពី​សារលិខិត​នោះ ឬ​អនុវត្ត​សេចក្តីពិត​ដែល​សារលិខិត​នោះ​បង្រៀន ។ សូម​អនុញ្ញាត​ឲ្យ​សមាជិក​រើស​យក​សំណួរ​មួយ ហើយ​ស្វែង​រក​ចម្លើយ​នៅ​ក្នុង​សារលិខិត​នោះ ។

  • ចែកចាយ​សេចក្ដី​ថ្លែងការណ៍​​មក​ពី​សារលិខិត​នោះ ។ សូម​អញ្ជើញ​សមាជិក​ឲ្យ​ចែកចាយ​សេចក្តី​ថ្លែងការណ៍​មក​ពី​សារលិខិត​សន្និសីទ ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ពិចារណា​ពី​របៀប ដែល​ពួកគេ​អាច​ចែកចាយ​សេចក្តី​ថ្លែការណ៍​ទាំង​នេះ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ណា​ម្នាក់ រួម​ទាំង​មនុស្ស​ជាទីស្រឡាញ់ និង​មនុស្ស​ដែល​ពួកគេ​ធ្វើ​ការងារ​បម្រើ​ផងដែរ ។

  • ចែកចាយ​មេរៀន​ដែល​មាន​វត្ថុ​បង្ហាញ ។ សូម​អញ្ជើញ​សមាជិក​ពីរ​បី​នាក់​ទុក​ជាមុន​ឲ្យ​យក​វត្ថុ​នានា​មក​ពី​គេហដ្ឋាន ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​បង្រៀន​អំពី​សារលិខិត​សន្និសីទ​នោះ ។ អំឡុងពេល​ប្រជុំ សូម​ឲ្យ​សមាជិក​ទាំង​នោះ​ពន្យល់​ពី​របៀប​ដែល​វត្ថុ​ទាំង​នោះ​ទាក់ទង​ទៅនឹង​សារលិខិត និង​របៀប​ដែល​សារលិខិត​នោះ​អនុវត្ត​ចំពោះ​ជីវិត​របស់​ពួកគេ ។

  • រៀបចំ​មេរៀន​មួយ​ដើម្បី​បង្រៀន​នៅ​ឯ​គេហដ្ឋាន ។ សូម​ឲ្យ​សមាជិក​ធ្វើ​ការ​ជា​ដៃ​គូ ដើម្បី​រៀបចំ​មេរៀន​មួយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ដោយ​ផ្អែក​លើ​សារលិខិត​សន្និសីទ​នោះ ។ ពួកគេ​អាច​ឆ្លើយ​សំណួរ​ដូច្នេះ ៖ តើ​យើង​អាច​ធ្វើ​ឲ្យ​សារលិខិត​នោះ​ត្រូវ​នឹង​ក្រុម​គ្រួសារ​របស់​យើង​តាម​របៀបណា ? តើ​យើង​អាច​ចែកចាយ​សារលិខិត​នេះ​ជាមួយ​នឹង​មនុស្ស​ដែល​យើង​ធ្វើ​ការងារបម្រើ​តាម​របៀបណា ?

  • ចែកចាយ​បទពិសោធន៍ ។ សូម​អាន​រួម​គ្នា​នូវ​សេចក្ដី​ថ្លែងការណ៍​មួយ​ចំនួន​មក​ពី​សារលិខិត​សន្និសីទ​នោះ ។ សូម​ឲ្យ​សមាជិក​ចែកចាយ​នូវ​ឧទាហរណ៍​នៅ​ក្នុង​បទគម្ពីរ និង​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​ដែល​ឆ្លុះ​បញ្ចាំង ឬ​ពង្រឹង​ដល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ ។

  • ស្វែងរក​ឃ្លា​មួយ ។ សូម​អញ្ជើញ​សមាជិក​ឲ្យ​ស្រាវជ្រាវ​សារលិខិត​សន្និសីទ ដោយ​រកមើល​ឃ្លា​នានា​ដែល​​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​ឃ្លា និង​អ្វី​ដែល​ពួកគេ​រៀន​មក​ពី​ឃ្លា​ទាំង​នោះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​របៀប​ដែល​ការបង្រៀន​ទាំងនេះ ជួយ​ពួកគេ​ឲ្យ​សម្រេចបាន​នូវ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

សម្រាប់​យោបល់​បន្ថែម​ទៀត អំពី​របៀប​សិក្សា និង​បង្រៀន​សារលិខិត​មកពី​សន្និសីទ​ទូទៅ សូម​មើល «Ideas for Learning and Teaching from General Conference» ។ ( សូម​ចុចលើ « យោបល់​សម្រាប់ការ​សិក្សា » ដែល​នៅ​ក្រោម « សន្និសីទ​ទូទៅ » នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ) ។