ការប្រុងប្រៀបខ្លួនរបស់អ្នកផ្សព្វផ្សាយសាសនា
ការសម្របខ្លួនទៅនឹង ការរស់នៅជាអ្នកផ្សព្វផ្សាយសាសនា
សូមអបអរសាទរ ដោយឃើញថាមានភាពសក្តិសម និង ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលការហៅបម្រើដល់ព្រះអម្ចាស់ ។ គ្មានពេលណាដែលរំភើបជាងពេលធ្វើជាអ្នកផ្សព្វផ្សាយសាសនាឡើយ ។ គណៈប្រធានទីមួយបានមានប្រសាសន៍ថា ៖ « គ្មានកិច្ចការណាមួយ ដែលតម្រូវឲ្យធ្វើច្រើនជាងកិច្ចការនេះទេ [ គឺធ្វើជាអ្នកផ្សព្វផ្សាយសាសនា ] ហើយក៏គ្មានកិច្ចការណា ដែលអាចនាំមកនូវសេចក្តីសោមនស្សជាងកិច្ចការនេះដែរ ។ …អ្នកផ្សព្វផ្សាយសាសនាគ្រប់រូប មានតួនាទីសំខាន់មួយនៅក្នុងការ ‹ ជួយនាំមកនូវជីវិតអមតៈ និង ជីវិតអស់កល្បរបស់មនុស្ស › ( សូមមើល ម៉ូសេ 1:39 ) » ( ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ 2004 ] ទំព័រ v ) ឥឡូវនេះ វាជាឱកាសរបស់អ្នក ដើម្បីចំណាយពេលវេលារយៈពេល 18–24 ខែក្រោយ នៅក្នុងការបម្រើពេញម៉ោងថ្វាយព្រះអម្ចាស់ ។
កិច្ចការអ្នកផ្សព្វផ្សាយសាសនាតម្រូវឲ្យទុកចោលមួយអន្លើនូវបែបផែនជីវិតដែលអ្នកធ្លាប់មាន និង ជំនាញនានាដែលអ្នកទទួលបាន ដើម្បីជួយអ្នកឲ្យមានជោគជ័យនៅក្នុងពិភពលោកថ្មី និង ពុំដែលស្គាល់នេះ ។ ការផ្លាស់ប្តូរនេះ អាចក្លាយជាការរំភើប ព្រមទាំងជាការបារម្ភផងដែរ ។ វាជារឿងមួយធម្មតា ដើម្បីមានបទពិសោធន៍ចំពោះអារម្មណ៍ទាំងពីរនេះ ។
ការផ្លាស់ប្តូរនេះ អាចប្រៀបទៅនឹងការផ្លាស់ប្តូរមួយរបស់បុគ្គលណាម្នាក់ ដែលអ្នកជ្រមុជទឹកឲ្យនៅក្នុងបេសកកម្មរបស់អ្នក ដែលគាត់បានឆ្លងកាត់នោះដែរ ។ ទាំងសមាជិកថ្មី និង អ្នកផ្សព្វផ្សាយសាសនាថ្មីយល់ថា ពួកគេត្រូវតែលះចោលនូវសុវត្ថិភាពនៃបែបផែនជីវិតដែលពួកគេមានពីមុនដោយមិនប្រាកដថានឹងរំពឹងលើអ្វី ឬ រស់នៅដោយរបៀបណានៅក្នុងជីវិតថ្មីដែលពួកគេបានជ្រើសរើសក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទនោះ ។ នៅពេលមនុស្សជួបប្រទះនឹងបរិយាកាសថ្មីមួយ នោះទម្លាប់ និង អាកប្បកិរិយាជាច្រើន ដែលអាចឲ្យពួកគេប្រព្រឹត្តិទៅបានយ៉ាងល្អនោះ អាចនឹងពុំមានបន្តទៀតចំពោះពួកគេឡើយ ។
អ្នកផ្សព្វផ្សាយសាសនាម្នាក់បានបង្ហាញពីអារម្មណ៍នេះតាមរបៀបនេះថា ៖ « សាសនាគន់ការីរបស់ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយចង់ធ្វើតាមព្រះអង្គសង្គ្រោះ ប៉ុន្តែគាត់ក៏មានការព្រួយបារម្ភថាតើគាត់អាចទទួលជោគជ័យ និង ត្រូវបានគេទទួលយកដែរឬអត់នោះទេ ។ គាត់មានអារម្មណ៍មិនសូវស្និទ្ធស្នាល និង មិនប្រាកដប្រជាពីអ្វីដែលរំពឹងចង់បាន ។ ខ្ញុំបានដឹង ខ្ញុំបានស្គាល់ពីអារម្មណ៍របស់គាត់ ! ការក្លាយជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ខ្ញុំមានអារម្មណ៍ស្រដៀងគ្នានេះដែរ ៖ ខ្ញុំមានអារម្មណ៍ទាំងរំភើប និង ព្រួយបារម្ភ ហើយនៅពេលដំបូងខ្ញុំមានអារម្មណ៍ថាពុំមានសមត្ថភាពនោះទេ ។ ព្រះវិញ្ញាណបានរំឭកខ្ញុំពីបទពិសោធន៍នោះ ហើយបទពិសោធន៍នោះបានជួយឲ្យខ្ញុំយល់ពីអារម្មណ៍របស់គាត់ និង របៀបដើម្បីជួយគាត់ » ។
ដូចជាសមាជិកថ្មីដែលបោះបង់ចោលនូវសេចក្តីជំនឿពីមុន មិត្តភក្តិពីមុន និង ទម្លាប់ចាស់ៗ នោះវាជារឿងធម្មតាសម្រាប់អ្នកផ្សព្វផ្សាយសាសនាថ្មី ដើម្បីមានបទពិសោធន៍ពីកម្រិតមួយចំនួននៃភាពតានតឹងខាងផ្លូវចិត្ត ឬ អារម្មណ៍ចម្លែក នៅពេលពួកគេចាកចេញពីក្រុមគ្រួសារ មិត្តភក្តិ និង អ្វីៗមួយចំនួនដែលពួកគេធ្លាប់ធ្វើ ។ ការចាកចេញពីបរិយាកាសជុំវិញខ្លួនដែលធ្លាប់ស្និទ្ធស្នាល ហើយចូលទៅក្នុងជីវិតជាអ្នកផ្សព្វផ្សាយសាសនា—ដែលប្លែកទាំងអាហារ កាលវិភាគ ការស្លៀកពាក់ ហើយប្រហែលជាប្លែកទាំងភាសា—នោះអាចជាការលំបាកសម្រាប់តែមួយរយៈពេលប៉ុណ្ណោះ ។ ការសម្របខ្លួនទៅនឹងបែបផែនជីវិតថ្មីនេះ ស្រដៀងគ្នាទៅនឹងបទពិសោធន៍ដែលសមាជិកថ្មីម្នាក់ នៅពេលដំបូងយល់ថា ជាកាលំបាកដើម្បីបង់ដង្វាយមួយភាគក្នុងដប់ រស់នៅតាមច្បាប់គតិបណ្ឌិត ឬ រក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ សូម្បីតែគាត់មានបំណងប្រាថ្នាដ៏ស្មោះសរ ដើម្បីធ្វើកិច្ចការទាំងនោះក៏ដោយ ។
សូមកុំឲ្យការណ៍នេះធ្វើឲ្យអ្នកភ្ញាក់ផ្អើលឡើយ ។ សូមមានភាពអត់ធ្មត់ នៅពេលអ្នកទទួលពរជ័យជាច្រើននៃការបូជាជីវិតរបស់អ្នកកាន់តែពេញលេញចំពោះព្រះអង្គសង្គ្រោះនោះ ។ សូមចាំថា ព្រះវិញ្ញាណនឹងគង់នៅជាមួយអ្នក នៅពេលអ្នកធ្វើការផ្លាស់ប្តូរនេះ ហើយទ្រង់នឹងជួយអ្នកក្នុងការសម្របខ្លួនទៅនឹងទំនួលខុសត្រូវថ្មីៗក្នុងនាមជាអ្នកផ្សព្វផ្សាយរបស់អ្នក ។
សម្របខ្លួនទៅនឹងបទពិសោធន៍ថ្មីៗ
ដូចមនុស្សជាច្រើនដែលកំពុងចូលទៅក្នុងស្ថានភាពថ្មីមួយ នោះពួកអ្នកផ្សព្វផ្សាយឆ្លងកាត់ដំណាក់កាល ឬ ជំហានបួនយ៉ាងនៅក្នុងការសម្របអារម្មណ៍របស់ពួកគេ នៅពេលពួកគេចូលទៅក្នុងមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ហើយជាថ្មីម្តងទៀតនៅពេលពួកគេចូលទៅក្នុងតំបន់បេសកកម្ម ៖
1. ការគិតទុកមុន
-
អ្នកប្រហែលជាមានអារម្មណ៍រំភើបចំពោះបទពិសោធន៍នេះ ( សូមមើល នីហ្វៃទី 1 3:7 ) ។
-
អ្នកប្រហែលជាទទួលអារម្មណ៍ថា គោលបំណងពិត និង ស្វាមីភក្តិ ចំពោះព្រះវរបិតាសួគ៌ត្រូវបានកើនឡើង ( សូមមើល នីហ្វៃទី3 5:13 ) ។
2. ជួបប្រទះនឹងអ្វីៗដែលមិនរំពឹងចង់បាន
-
អ្នកប្រហែលជាចាប់ផ្តើមនឹកផ្ទះ ក្រុមគ្រួសារ និង មិត្តភក្តិ ហើយមានចម្ងល់ចំពោះការសម្រេចចិត្តដើម្បីបម្រើរបស់ខ្លួនឯង ( សូមមើល អាលម៉ា 26:27 ) ។
-
អ្នកប្រហែលជាកត់សម្គាល់ពីការលេចចេញនូវសញ្ញាខាងរូបកាយដែលបណ្តាលមកពីភាពតានតឹងនៃផ្លូវចិត្ត ដូចជាគេងមិនលក់ ការទទួលទានអាហារមានការប្រែប្រួល ឬ រសាប់រសល់ក្នុងចិត្ត ។
-
ដោយមិនដឹងខ្លួនជាមុន អ្នកប្រហែលជាយល់ថាខ្លួនឯងចូលចិត្តរិះគន់ និង ខ្វះអំណត់ជាមួយនឹងច្បាប់ និង ការរំពឹងទុកនានា ។
សម្រាប់មនុស្សជាច្រើន អារម្មណ៍ទាំងនេះគឺជារឿងធម្មតា ។ បើសិនអ្នកមានបញ្ហាណាមួយ ឬ បញ្ហាទាំងអស់នេះ ចូរដឹងថាការណ៍នេះកើតមានឡើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដែលពួកអ្នកផ្សព្វផ្សាយសាសនាថ្មោងថ្មីជាច្រើនអាចជួបប្រទះ ។ សូមតាំងចិត្តក្លាហានឡើង ដើម្បីដឹងថាអារម្មណ៍ទាំងនេះនឹងរសាយបាត់ទៅ ហើយអ្នកនឹងអាចធ្វើការសម្របខ្លួនបាន ។
3. « ខ្ញុំអាចធ្វើបាន »
-
ជំនាញទាំងឡាយនៃការបង្រៀន និង ភាសារបស់អ្នកចាប់ផ្តើមមានភាពល្អប្រសើរឡើង ។
-
អ្នករៀនដើម្បីមានឆន្ទៈគោរពតាមច្បាប់បេសកកម្ម និង ការរំពឹងទុកនានា ។
-
អ្នកបង្ហាញថាខ្លួនអ្នកមានភាពអត់ធ្មត់នៅពេលអ្នករៀន « មួយសិក្ខាបទម្តងៗ » ( សូមមើល អេសាយ 28:10 ម៉ូសាយ 4:27 ) ។
-
បើសិនជាអ្នកមាននូវសញ្ញាណាមួយ ខាងរូបកាយដែលបណ្តាលមកពីភាពតានតឹងខាងផ្លូវចិត្ត នោះវាចាប់ផ្តើមស្បើយទៅ ។
4. ភាពខ្លួនទីពឹងខ្លួនខាងផ្លូវចិត្ត
-
អ្នកទទួលអារម្មណ៍ថា មានភាពងាយស្រួលចំពោះការធ្វើតាមទម្លាប់ប្រចាំថ្ងៃ ។
-
អ្នកស្គាល់ពីកម្លាំង និង ភាពរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក ។
-
អ្នកទទួលការយល់ដឹងមួយពីអ្វីដែលមានន័យថា ទទួលយកដំណើរជីវិតមួយជំហានម្តងៗ ( គ. និង ស. 98:12 ) ។
-
អ្នកអភិវឌ្ឍនូវទំនុកចិត្តលើខ្លួនឯង និង បង្កើនបំណងប្រាថ្នាដើម្បីបម្រើបានកាន់តែប្រសើរជាងមុន ។
អ្វីៗដែលអ្នកអាចធ្វើឥឡូវនេះ
-
សូមស្វែងរករបៀបផ្សេងៗដើម្បីបម្រើមនុស្សដទៃ ។ កិច្ចការអ្នកផ្សព្វផ្សាយសាសនា គឺជាការហៅមួយដើម្បីទៅបម្រើ ។ សូមអធិស្ឋានទៅកាន់ព្រះសុំឱកាសផ្សេងៗដើម្បីបម្រើអស់អ្នកដែលនៅជុំវិញខ្លួនអ្នក នៅពេលអ្នកមានអារម្មណ៍ថា ភ័យព្រួយ ឬ បារម្ភ ។ សូមកុំផ្តោតចិត្តទុកដាក់មើលពីអារម្មណ៍ភ័យព្រួយដែលខ្លួនអ្នកមានឡើយ តែផ្ទុយទៅវិញសូមផ្តោតចិត្តទុកដាក់បម្រើដល់អស់អ្នកដែលត្រូវការពាក្យសម្តីផ្អែមល្ហែម ទង្វើនៃសេចក្តីសប្បុរស ឬ មិត្តភាព ។( សូមមើល ប្រកាសដំណឹងល្អរបស់យើង ទំព័រ 168–69 ) ។
-
សូមផ្តោតយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌របស់អ្នក ។ សូមស្វែងរកព្រះវិញ្ញាណរបស់ទ្រង់ តាមរយៈការអធិស្ឋានផ្ទាល់ខ្លួន ការសិក្សាព្រះគម្ពីរ ស្តាប់តន្ត្រីដែលលើកតម្កើង អានពរលោកអយ្យកោរបស់អ្នក និង តាមរបៀបផ្សេងៗទៀតជាច្រើន ដែលអ្នកអាចធ្វើបាន ។ សូមសួរខ្លួនឯងពីអ្វីដែលទ្រង់ចង់ឲ្យអ្នករៀនខ្លាំងបំផុតពីបទពិសោធន៍នៃបេសកកម្មរបស់អ្នក និង ពិចារណាពីរបៀបដែលទ្រង់នឹងជួយអ្នកឲ្យទទួលបានការចេះដឹងនេះ ។
-
សូមសួរអ្នកត្រឡប់ពីបេសកកម្មឲ្យចែកចាយពីការចងចាំរបស់គាត់ នៃការសម្របខ្លួនដំបូង និង ផ្តល់ការណែនាំស្តីពីរបៀបដើម្បីធ្វើការផ្លាស់ប្តូរដែលងាយស្រួលជាង ។
-
សូមមើលអត្ថបទ « Preparing Emotionally for Missionary Service » ដោយ រ៉ូប៊ើត ខេ. វ៉ាស្តាស ( នៅក្នុង Ensign ខែ មិនា ឆ្នាំ 2011 ទំព័រ 22–26 មាននៅលើអ៊ីនធើរណែតនៅគេហទំព័រ LDS.org ) ។
-
សូមអភិវឌ្ឍអាកប្បកិរិយានៃការដឹងគុណ ។ សូមផ្តោតចិត្តទុកដាក់ពីរបីនាទីរៀងរាល់ថ្ងៃទៅលើអ្វីដែលត្រឹមត្រូវ ល្អ និង វិជ្ជមានពីខ្លួនឯង និង ការហៅដែលអ្នកបានទទួល ។ សូមថ្វាយការអធិស្ឋាននៃការដឹងគុណជារៀងរាល់ថ្ងៃ សម្រាប់អ្វីៗដែលជាក់លាក់ ដែលអ្នកមានអំណរគុណ ដែលទាក់ទងនឹងការហៅបម្រើបេសកកម្មរបស់អ្នក ។
-
សូមមានចិត្តល្អចំពោះខ្លួនឯង ។ សូមនិយាយជាមួយខ្លួនឯងនូវពាក្យសម្តីដែលលួងលោម ផ្អែមល្ហែម ដែលអ្នកនឹងប្រើជាមួយនរណាម្នាក់ទៀត ។ មនុស្សគ្រប់គ្នាមានការលំបាក ឬ ធ្វើខុសនៅពេលណាមួយ ។ សូមយល់ថាព្រះអម្ចាស់យល់ពីការណ៍នេះ ។ សូមគិតស្រម៉ៃថាទ្រង់កំពុងគង់នៅក្បែរអ្នក ស្តាប់ និង ផ្តល់ការគាំទ្រដល់អ្នក ។ សូមចងចាំថា គំនិតនៃភាពគ្មានប្រយោជន៍ ភាពអស់សង្ឃឹម ឬ ការកាត់ទោសយ៉ាងឃោរឃៅ គឺមិនមែនមកពីព្រះអម្ចាស់ឡើយ ។
-
សូមគិតពីអ្វីដែលនឹងកើតឡើងដោយមិនបានគិតទុកជាមុន ។ បទពិសោធន៍របស់អ្នកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា នឹងមិនដូចបទពិសោធន៍របស់នរណម្នាក់ទៀតឡើយ ។ អ្វីៗគ្រប់យ៉ាងនឹងមិនកើតឡើងយ៉ាងជាក់លាក់ទៅតាមអ្វីដែលអ្នកបានគ្រោងទុក ឬ ទៅតាមអ្វីដែលអ្នកបានគិតនោះឡើយ ។ សូមគិតពីអ្វីៗដែលផ្ទុយទៅនឹងអ្វីដែលអ្នកគិតថា វានឹងដំណើរការទៅបានយ៉ាងរលូន ។ការពិនិត្យមើលពីការរំពឹងទុករបស់អ្នក នឹងជួយអ្នកឲ្យបើកដួងចិត្ត ហើយទទួលយកការផ្លាស់ប្តូរ ។
សូមពិភាក្សាជាមួយឪពុកម្តាយ ឬ អ្នកដឹកនាំនានា
ការពិភាក្សាជាមួយមនុស្សដទៃទៀតអំពីការសម្របខ្លួនដែលនឹងកើតឡើងនេះ អាចជួយអ្នកបាន ។ សូមចំណាយពេលពិភាក្សានូវចំណុចខាងក្រោមនេះ ជាមួយឪពុកម្តាយ អ្នកដឹកនាំបព្វជិតភាព ឬ មិត្តភក្តិដែលជាអ្នកត្រឡប់មកពីបេសកកម្មវិញ ៖
-
ហេតុអ្វីបានជាអាកប្បកិរិយាវិជ្ជមានមានសារៈសំខាន់ នៅពេលសម្រលខ្លួនទៅនឹងស្ថានភាពថ្មី ។
-
អ្វីដែលយើងអាចរៀនពីគំរូនៃព្រះនៅក្នុងព្រះគម្ពីរ ដែលតម្រូវឲ្យមនុស្សធ្វើអ្វីៗដែលហួសពីសម្ថតភាពដែលពួកគេអាចធ្វើបាន ( សូមមើល និក្ខំមនំ 4:10–12 យេរេមា 1:6–9 អាលម៉ា 17:10–12; 26:27 អេធើរ 12:23–27 ម៉ូសេ 6:31–32) ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីចូលគេង និង ក្រោកពីគេងឲ្យទាន់ម៉ោង បរិភោគអាហារដែលមានជីវជាតិល្អ ហាត់ប្រាណជាទៀងទាត់ និង ការអធិស្ឋានផ្ទាល់ខ្លួន ( សូមមើល ប្រកាសដំណឹងល្អរបស់យើង ទំព័រ viii ) ។
-
ហេតុអ្វីបានជាការក្សាឲ្យអារម្មណ៍មានភាពរីករាយ និង ការសើចសប្បាយ ចំពោះខ្លួនឯង នៅពេលដែលអ្នកធ្វើខុស អាចជួយអ្នកឲ្យធ្វើការសម្របខ្លួនបានកាន់តែស្រួលជាងមុន ។
-
តើអ្នកអាចរំឭកខ្លួនអ្នកថា អារម្មណ៍ដំបូងនៃការភ័យព្រួយនេះ នឹងមិននៅជារៀងរហូតដោយរបៀបណា ។
-
តើអ្វីខ្លះដែលឪពុកម្តាយ និង មិត្តភក្តិអាចធ្វើបាន ដើម្បីជួយអ្នកជាមួយការសម្របខ្លួននៅពេលដំបូងនោះ ។
-
តើការសរសេរនៅក្នុងសៀវភៅកំណត់ហេតុអាចជួយយ៉ាងដូចម្តេច នៅពេលឆ្លងកាត់បទពិសោធន៍នៃឧបសគ្គទាំងនោះ ។
-
តើវិធីសាស្ត្រអ្វីដែលល្អបំផុតដើម្បីឆ្លើយតប នៅពេលគំនិត ឬ អារម្មណ៍ស្មុគស្មាញនោះ មិនព្រមរសាយបាត់ ។
សេចក្ដីសង្ខេប
រយៈពេលនៃការសម្របខ្លួនសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា គឺជារឿងធម្មតាទាំងស្រុង ជាទូទៅគឺមិនអាចចៀសបានទេ ហើយក៏មិនមែនជាសញ្ញាថា អ្នកខ្វះសេចក្តីជំនឿ ឬ ទីបន្ទាល់នោះឡើយ ។ សម្រាប់អ្នកផ្សព្វផ្សាយសាសនាថ្មីថ្មោងស្ទើរតែទាំងអស់ ត្រូវការពេលវេលាដើម្បីទទួលបាននូវជំនាញចាំបាច់នានា ដើម្បីទទួលជោគជ័យ ។ សូមចងចាំពីឱវាទដែលបានប្រទានដល់ព្យាការី យ៉ូសែប ស្ម៊ីធ នៅពេលដែលលំបាកបំផុតនៅក្នុងជីវិតរបស់លោកថា ៖ « បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះ នឹងផ្តល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ » ( គ. និង ស. 122:7 ) ។
នៅពេលដែលអ្នករៀបចំចាកចេញទៅបេសកកម្ម សូមរៀបចំដើម្បីចាប់យកនូវការផ្លាស់ប្តូរផងដែរ ។ ជីវិតជាអ្នកផ្សព្វផ្សាយសាសនានឹងខុសពីជីវិតផ្សេងៗទៀតដែលអ្នកធ្លាប់ជួបប្រទះ ប៉ុន្តែបើសិនអ្នកមានអាកប្បកិរិយាវិជ្ជមាន អនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ ហើយគិតទុកជាមុននូវសេចក្តីត្រូវការសម្រាប់ភាពអត់ធ្មត់ជាមួយខ្លួនឯង និង អ្នកដទៃទៀត នោះព្រះអម្ចាស់នឹងប្រទានរង្វាន់ និង ប្រទានពរដល់អ្នក ។ ទ្រង់សន្យាថា « យើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្តាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គ. និង ស. 84:88 ) ។
© 2013 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ បោះពុម្ពនៅក្នុងស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ 3/11 ។ អនុមតិការបកប្រែ ៖ 3/11 ។ ការបកប្រែនៃ Missionary Preparation: Adjusting to Missionary Life ។ Cambodian ។ PD50032393 258