៧
ឧបសម្ព័ន្ធ
៧.០
សេចក្ដីផ្ដើម
នៅពេលចាំបាច់ និងសមរម្យចំពោះបេសកកម្ម និងកាលៈទេសៈរបស់អ្នក សូមធ្វើតាមសេចក្ដីណែនាំបន្ថែមទៀតដែលបានគូសបង្ហាញនៅក្នុងឧប្បសម្ព័ន្ធនេះ ។
៧.១
ការទទួលខុសត្រូវនៃភាពជាអ្នកដឹកនាំសម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេង
ការចាត់តាំង និងការទទួលខុសត្រូវរបស់អ្នកដឹកនាំជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង មានរួមបញ្ចូល ប៉ុន្តែពុំបានកំណត់ទេ ចំពោះបុគ្គលដែលបានរាយនាមដូចខាងក្រោម ។
ដៃគូរៀមច្បង
អ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងភាពជាដៃគូនីមួយៗត្រូវបានចាត់តាំងជាដៃគូរៀមច្បង ។ ដៃគូរៀមច្បង ៖
-
ដឹកនាំដៃគូដើម្បីសម្រេចកិច្ចការនៅក្នុងតំបន់បង្រៀនដែលបានចាត់តាំង ។
-
លើកទឹកចិត្តដៃគូឲ្យសិក្សា អធិស្ឋាន ធ្វើតាមកាលវិភាគប្រចាំថ្ងៃ ហើយរក្សាកំណត់ត្រាឲ្យបានត្រឹមត្រូវ ។
-
ជួយដៃគូខ្លួនឲ្យក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏ប្រពៃម្នាក់ ។
-
ទទួលស្គាល់ ហើយចង្អុលបង្ហាញពីជំនាញ ទេពកោសល្យ និងការខិតខំដ៏មានប្រសិទ្ធភាពនៅក្នុងដៃគូរបស់ខ្លួន ។
-
ធ្វើបទបង្ហាញពីរបៀបធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋានដើម្បីសម្របសម្រួលកិច្ចការផ្សព្វផ្សាយសាសនា ។
អ្នកបង្ហាត់បង្រៀន
អ្នកផ្សព្វផ្សាយសាសនាម្នាក់ ត្រូវបានចាត់តាំងឲ្យបម្រើជាអ្នកបង្ហាត់បង្រៀន និងធ្វើជាដៃគូរៀមច្បងដល់អ្នកផ្សព្វផ្សាយសាសនាថ្មីម្នាក់ៗ ។ អ្នកបង្ហាត់បង្រៀន ៖
-
ធ្វើការជាមួយគ្នា ហើយបង្ហាត់បង្រៀនអ្នកផ្សព្វផ្សាយសាសនាថ្មីដោយសេចក្ដីស្រឡាញ់ ការអត់ធ្មត់ សេចក្ដីសប្បុរស និងការអាណិតអាសូរ ។
-
គោរពដល់ការចូលរួមចំណែក និងគំនិតយោបល់របស់អ្នកផ្សព្វផ្សាយសាសនាថ្មី ក្នុងនាមជាដៃគូស្មើភាពគ្នា ។
-
ចំណាយពេលបង្ហាត់បង្រៀនបន្ថែមរៀងរាល់ថ្ងៃនៅក្នុងការសិក្សាជាដៃគូ ( សូមមើល « សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាថ្មី ៖ ការសិក្សាបន្ថែមជាដៃគូ » នៅក្នុង « បុព្វកថា ៖ តើខ្ញុំអាចប្រើប្រកាសដំណឹងល្អរបស់យើងបានល្អបំផុតដោយរបៀបណា ? » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ ២០១៨ ] ទំព័រ vii–xi ) ។
-
សិក្សាបទដ្ឋាននៅក្នុងក្បួនខ្នាតនេះជាមួយដៃគូរបស់ខ្លួនប្រចាំថ្ងៃ ។
-
បង្ហាត់បង្រៀនអ្នកផ្សព្វផ្សាយសាសនាថ្មីអំពីប្រធានបទដែលមាននៅក្នុងធនធានស្ដីពី សុវត្តិភាពសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា និងការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ។
-
ធ្វើបទបង្ហាញពីរបៀបដើម្បីសម្របសម្រួលកិច្ចការផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាពជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន ។
អ្នកដឹកនាំមណ្ឌល
អែលឌើរម្នាក់ ត្រូវបានចាត់តាំងឲ្យបម្រើជាអ្នកដឹកនាំមណ្ឌលនៅក្នុងមណ្ឌលមួយដែលមានតំបន់បង្រៀនជាច្រើន ។ អ្នកដឹកនាំមណ្ឌល ៖
-
ដឹកនាំ បង្ហាត់បង្រៀន ហើយប្រឹក្សាជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងក្រុមប្រឹក្សាមណ្ឌលប្រចាំសប្ដាហ៍ ។
-
ធ្វើការសម្ភាសន៍អ្នកទទួលពិធីបុណ្យជ្រមុជទឹក ( សូមមើល ២.៣.៦ ) ។
-
រៀបចំការផ្លាស់ប្ដូរដៃគូជាមួយនឹងពួកអែលឌើរនៅក្នុងមណ្ឌលរបស់គាត់ ( សូមមើល ២.៣.១ ) ។
-
ធ្វើការជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិកវួដក្នុងមូលដ្ឋានដើម្បីសម្របសម្រួលដល់កិច្ចការផ្សព្វផ្សាយសាសនា ។
-
រាយការណ៍ទៅអ្នកដឹកនាំហ្សូនដោយផ្ទាល់ ។
ស៊ីស្ទើរដែលជាអ្នកដឹកនាំបង្ហាត់បង្រៀន និងជាអ្នកដឹកនាំហ្សូន
ស៊ីស្ទើរពីររូបត្រូវបានចាត់តាំងឲ្យបម្រើជាដៃគូជាស៊ីស្ទើរដែលជាអ្នកដឹកនាំការបង្ហាត់បង្រៀននៅក្នុងហ្សូនមួយ ឬច្រើន ។ ពួកគេមានការទទួលខុសត្រូវសម្រាប់ការបង្ហាត់បង្រៀន និងសុខុមាលភាពរបស់ស៊ីស្ទើរជាអ្នកផ្សព្វផ្សាយសាសនាដែលបានចាត់ឲ្យពួកគេ ។ ពួកគេក៏ជាសមាជិកនៃមណ្ឌល និងហ្សូន ហើយជួយប្រធានបេសកកម្ម អ្នកដឹកនាំហ្សូន និងអ្នកដឹកនាំមណ្ឌលក្នុងការប្រជុំបំពាក់បំប៉ន និងនៅសន្និសីទហ្សូនផងដែរ ។
អែលឌើរពីររូបត្រូវបានចាត់ឲ្យបម្រើជាដៃគូជាអ្នកដឹកនាំហ្សូននៅក្នុងហ្សូនមួយ ។ ពួកគេមានការទទួលខុសត្រូវសម្រាប់ការបង្ហាត់បង្រៀន និងសុខុមាលភាពរបស់ពួកអ្នកផ្សព្វផ្សាយសាសនាគ្រប់រូបដែលបានចាត់ឲ្យបម្រើនៅហ្សូនរបស់ពួកគេ ។ ពួកគេក៏ ជួយប្រធានបេសកកម្មនៅក្នុងការប្រជុំបំពាក់បំប៉ន និងសន្និសីទហ្សូនផងដែរ ។
ស៊ីស្ទើរដែលជាអ្នកដឹកនាំការបង្ហាត់បង្រៀន និងអ្នកដឹកនាំហ្សូន ៖
-
ដឹកនាំ បង្ហាត់បង្រៀន ហើយរៀបចំការផ្លាស់ប្ដូរដៃគូពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងហ្សូនដែលពួកគេមើលខុសត្រូវ ។ ស៊ីស្ទើរដែលជាអ្នកដឹកនាំការបង្ហាត់បង្រៀនរៀបចម្ការផ្លាស់ប្ដូរដៃគូជាមួយនឹងពួកស៊ីស្ទើរ ហើយអ្នកដឹកនាំហ្សូនផ្លាស់ប្ដូរដៃគូនឹងពួកអែលឌើរ ។
-
ធ្វើការជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន ដើម្បីសម្របសម្រួលដល់កិច្ចការផ្សព្វផ្សាយសាសនា ។
-
ចូលរួមនៅក្នុងក្រុមប្រឹក្សាអ្នកដឹកនាំបេសកកម្ម ។
-
រាយការណ៍ទៅប្រធានបេសកកម្មដោយផ្ទាល់ ។
អ្នកដឹកនាំហ្សូនក៏ធ្វើការសម្ភាសន៍អ្នកទទួលពិធីបុណ្យជ្រមុជទឹកផងដែរ ( សូមមើល ២.៣.៦ ) ។
ជំនួយការប្រធាន
អែលឌើរពីររូបត្រូវបានចាត់តាំងឲ្យបម្រើជាដៃគូជាជំនួយការប្រធានបេសកកម្ម ។ ជំនួយការ ៖
-
រៀបចំការផ្លាស់ប្ដូរដៃគូជាមួយនឹងពួកអ្នកដឹកនាំហ្សូន និងពួកពួកអែលឌើរផ្សេងទៀត ( សូមមើល ២.៣.១ ) ។
-
ផ្ដល់ការបង្ហាត់បង្រៀននៅក្នុងក្រុមប្រឹក្សាអ្នកដឹកនាំបេសកកម្ម និងសន្និសីទហ្សូនតាមការស្នើសុំពីប្រធានបេសកកម្ម ។
-
អាចផ្ដល់ការប្រឹក្សាស្ដីពីការផ្លាស់ប្ដូរតំបន់របស់អ្នកផ្សព្វផ្សាយសាសនា ឬការចាត់តាំងជាអ្នកដឹកនាំ ប៉ុន្តែពួកគេពុំមែនជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយនោះទេ ។
-
រាយការណ៍ទៅប្រធានបេសកកម្មដោយផ្ទាល់ ។
៧.២
សេចក្ដីណែនាំស្តីពីការបម្រើ
សូមធ្វើតាមសេចក្ដីណែនាំស្តីពីការបម្រើដែលគូសបង្ហាញនៅក្នុងអនុវគ្គដូចខាងក្រោម ។
៧.២.១
សកម្មភាពបម្រើដែលបានរៀបចំជាផ្លូវការ
អ្នកអាចស្វែងរកឱកាសបម្រើតាមរយៈអង្គការនានាដូចជា JustServe.org ( ប្រសិនបើមាន ) ដូចដែលបានដឹកនាំពីអ្នកដឹកនាំបេសកកម្មរបស់អ្នក ។
នៅពេលកំពុងចូលរួមនៅក្នុងព្រឹត្តិការណ៍បម្រើដែលបានរៀបចំមួយ សូមចងចាំពីបទដ្ឋានដូចតទៅនេះ ៖
-
កំណត់ការបម្រើតែនៅពេលថ្ងៃ ។
-
ចៀសវាងការបម្រើអំឡុងពេលស្វែងរក និងពេលបង្រៀនដ៏មានប្រសិទ្ធភាពបំផុត លើកលែងតែបានដឹកនាំ ដោយប្រធានបេសកកម្មរបស់អ្នកប៉ុណ្ណោះ ។
-
ចូលរួមនៅក្នុងគម្រោងបម្រើនៅក្នុងសហគមន៍ នៅពេលដែមាន ។
-
ចៀសវាងពីសកម្មភាពបម្រើនៅថ្ងៃរៀបចំខ្លួន ឬអំឡុងពេលដែលមានក្រុមប្រឹក្សាមណ្ឌល ឬសន្និសីទហ្សូន ។
-
កុំលុបចោល ឬកំណត់ពេលណាត់ជួបការបង្រៀនថ្មី ដើម្បីទៅចូលរួមគម្រោងបម្រើឡើយ លើកលែងតែបានដឹកនាំដោយប្រធានបេសកកម្មរបស់អ្នកប៉ុណ្ណោះ ។
-
នៅជាមួយនឹងដៃគូរបស់អ្នក ពេលអ្នកបម្រើ ។
-
ត្រូវពាក់ស្លាកឈ្មោះរបស់អ្នក ប្រសិនបើបានអនុញ្ញាត ហើយសូម្បីតែសម្លៀកបំពាក់ធ្វើការក្ដី ត្រូវស្លៀកពាក់ឲ្យបានសមរម្យ ។
-
កុំចូលរួមក្នុងសកម្មភាពដែលអ្នកត្រូវបង់ថ្លៃឲ្យសោះ ។
-
កុំតាំងចិត្តចូលរួមគម្រោងដែលមានរយៈពេលវែងដោយគ្មានការអនុម័តពីអ្នកដឹកនាំបេសកកម្មរបស់អ្នកឡើយ ។
៧.២.២
សុវត្ថិភាពអំឡុងឱកាសបម្រើ
ដើម្បីសុវត្ថិភាពរបស់អ្នកអំឡុងឱកាសបម្រើ សូមប្រើសុភនិច្ឆ័យ ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ និងធ្វើតាមសេចក្ដីណែនាំដូចតទៅនេះ ៖
-
ធ្វើតែសកម្មភាពណាដែលអ្នកអាចមានលទ្ធភាពអាចធ្វើបាន ។
-
កុំប្រើឧបករណ៍ដែលមានថាមពល ឬបើក ឬជិះលើម៉ាស៊ីនណាមួយឲ្យសោះ ( ដូចជា ត្រាក់ទ័រ រថយន្តសណ្ដោង ឬកុងទុន័រសន្តោង ) ។
-
ស្លៀកពាក់សម្លៀកបំពាក់សមរម្យ ( ដូចជាស្រោមដៃ ឬអាវដៃវែង ) ។
-
កុំធ្វើការនៅកន្លែងដែលអ្នកអាចធ្លាក់ពីទីខ្ពស់ ( ដូចជានៅលើដំបូល ឬលើដើមឈើ ) ។
-
កុំធ្វើការនៅកន្លែងដែលអ្នកអាចជាប់ ឬ រងរបួសក្នុងកន្លែងបិទជិត ( ដូចជា អណ្តូងជ្រៅៗ ) ។
-
កុំបម្រើនៅក្នុងសាលារៀន មជ្ឈមណ្ឌលសុខភាព ឬកន្លែងណាមួយផ្សេងទៀតដែលអ្នកនឹងនៅតែម្នាក់ឯងជាមួយកុមារ រួមទាំងនៅក្នុងថ្នាក់កុមារ ឬថ្នាក់ទារកដ្ឋានផងដែរ ( សូមមើល ៣.៥.២ ) ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែម អំពីការផ្ដល់ការបម្រើ ។
៧.៣
គោរពចំពោះមនុស្សដទៃ
សូមប្រព្រឹត្តិចំពោះមនុស្សដទៃដោយចិត្តសប្បុរស និងការគោរពជានិច្ច ។ សូមធ្វើតាមសេចក្ដីណែនាំបន្ថែមទៀតនៅក្នុងវគ្គនេះផងដែរ ។
៧.៣.១
ប្រធានបទសន្ទនាដែលត្រូវចៀសវាង
ដើម្បីបង្ហាញការគោរពចំពោះមនុស្សដទៃ ហើយការពារដល់សុវត្ថិភាពរបស់អ្នក សូមចៀសវាងពីប្រធានបទសន្ទនាដែលអាចនាំឲ្យមានបញ្ហាកើតឡើង ។ ប្រធានបទដែលត្រូវចៀសវាងរួមមាន នយោបាយក្នុងមូលដ្ឋាន និងថ្នាក់ជាតិនៅតំបន់ដែលអ្នកបម្រើ ក៏សូមចៀសវាងពីការធ្វើសេចក្ដីថ្លែងការណ៍ខាងនយោបាយដោយសម្ងាត់ ឬជាសាធារណៈផងដែរ ។ លើសពីនេះទៀត សូមកុំ ៖
-
និយាយកំប្លែងលេងពីភេវរកម្ម ឬសកម្មភាពពួកភេវរកម្មឡើយ ។
-
ផ្ដល់យោបល់ឲ្យមនុស្សផ្លាស់ទីលំនៅទៅប្រទេសមួយទៀត—ទោះជាទៅធ្វើការងារ ឬទៅសិក្សាក្ដី ។
-
ផ្ដល់ ឬធ្វើការសន្យាអំពីជំនួយផ្នែកហិរញ្ញវត្ថុ ឬទិដ្ឋការដល់បុគ្គលនៅក្នុងតំបន់បេសកកម្មរបស់អ្នកឡើយ រួមទាំងការងារ ការសិក្សា ទីលំនៅ ឬការសូមមកចិញ្ចឹមផងដែរ ។
៧.៣.២
ច្បាប់ និងទំនៀមទម្លាប់ក្នុងមូលដ្ឋាន
សូមគោរពច្បាប់ និងវិន័យក្នុងមូលដ្ឋានអំពីការចែកចាយសម្ភារ ទំនៀមទម្លាប់ និងបទបញ្ញត្តិដែនស៊ីម៉ា ព្រមទាំងតម្រូវការសម្រាប់លិខិតឆ្លងដែន និងទិដ្ឋការផងដែរ ។ ប្រសិនបើអ្នកមិនដឹងពីច្បាប់ ប្រពៃណី និងរបៀបរបបក្នុងមូលដ្ឋានទេ សូមស្នើសុំជំនួយពីអ្នកដឹកនាំបេសកកម្មរបស់អ្នក ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែមអំពីឥរិយាបថដែលសមរម្យ ។
៧.៤
ការចូលរួមក្នុងព្រះវិហារបរិសុទ្ធ
នៅពេលអ្នកចូលរួមក្នុងព្រះវិហារបរិសុទ្ធ សូមចងចាំពីចំណុចដូចតទៅនេះ ៖
-
នៅជាមួយដៃគូរបស់អ្នក ។
-
ចូលរួមនៅក្នុងពិធីបរិសុទ្ធនានាដែលធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ ប៉ុន្តែ ដើម្បីចៀសវាងពីការយល់ខុសពីអារម្មណ៍ខាងវិញ្ញាណថា ជាអារម្មណ៍ស្នេហា សូមកុំធ្វើជា អ្នកតំណាងឲ្យស្វាមី ឬភរិយានៅក្នុងពិធីផ្សារភ្ជាប់ ឬជាសាក្សីនៅក្នុងវគ្គធ្វើពិធីអំណោយទានពិសិដ្ឋឡើយ ។
-
កុំបារម្ភពីការយកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធត្រូវបានផ្ដល់ឲ្យដល់ពួកអ្នកផ្សព្វផ្សាយសាសនានៅឯព្រះវិហារបរិសុទ្ធដោយឥតគិតថ្លៃឡើយ ។
-
ធ្វើតាមប្រពៃណីដ៏ល្អ នៃការប្រើទូរសព្ទ ។ អ្នកអាចយកទូរសព្ទរបស់អ្នកចូលទៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីបោះពុម្ពប័ណ្ណពិធីបរិសុទ្ធ ។ ប៉ុន្តែ អ្នកពុំគួរប្រើកម្មវិធីថតរូបរបស់អ្នក និយាយទូរសព្ទ ឬផ្ញើសារកាលនៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។
-
កុំយកម៉ាស៊ីនថតរូប ឬឯកសារអំណាន ព្រមទាំងពររបស់លោកអយ្យកោ ទៅប្រើនៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។
-
កុំផ្ដុំគ្នាជាក្រុមអ្នកផ្សព្វផ្សាយសាសនា ឬលុតជង្គង់អធិស្ឋាននៅក្នុងបន្ទប់សេឡេស្ទាលឡើយ ។
សូមចងចាំថា ត្រូវស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋដូចដែលបានណែនាំជានិច្ច ។ ប្រសិនបើអ្នកមានសំណួរអំពីការស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋ ឬពីការចូលរួមក្នុងព្រះវិហារបរិសុទ្ធ សូមសួរទៅអ្នកដឹកនាំបេសកកម្មរបស់អ្នក ។
៧.៥
បច្ចេកវិទ្យា
សូមធ្វើតាមបទដ្ឋានបច្ចេកវិទ្យាដែលគូសបង្ហាញនៅក្នុងអនុវគ្គដូចខាងក្រោម ។
៧.៥.១
ការអនុវត្តតាមបទដ្ឋានបច្ចេកវិទ្យាទូទៅ
សូមផ្ដោតលើមនុស្សទូទៅ ពុំមែនលើបច្ចេកវិទ្យាទេ ។ នៅពេលជួបដោយផ្ទាល់ សូមផ្ដោតអារម្មណ៍ទាំងស្រុងទៅលើបុគ្គលនោះ ។ ការមើលអ៊ីម៉ែល ការឆ្លើយសារ ឬការមើលប្រព័ន្ធផ្សព្វផ្សាយសង្គម ពេលអ្នកកំពុងនៅជាមួយនឹងមនុស្សផ្សេងទៀតធ្វើឲ្យមានការរំខាន និងខ្វះការគោរពណាស់ ។
អ្នកអាចប្រើ ៖
-
Wi-Fi នៅសាលាប្រជុំ និងអគារផ្សេងទៀតរបស់សាសនាចក្រ ។
-
កុំព្យូទ័រសាធារណៈ ដូចជា នៅក្នុងបណ្ណាល័យ និងហាងកាហ្វេ ។
-
កុំព្យូទ័រផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ទុកដើម្បីបង្រៀន ប្រសិនបើបុគ្គលនោះអនុញ្ញាតឲ្យ ។
-
កាសស្ដាប់ត្រចៀកអាចប្រើបានចំពោះសកម្មភាពផ្សព្វផ្សាយសាសនា ដែលបានអនុម័ត ដូចជា ការប្រាស្រ័យទាក់ទងជាមួយនឹងគ្រួសារ ឬការរៀនវគ្គសិក្សាអ្នកផ្សព្វផ្សាយសាសនា ។
កុំគ្រប់គ្រងបច្ចេកវិទ្យា វិបសាយ កំណត់ហេតុបណ្ដាញ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់វួដ ឬស្តេកក្នុងមូលដ្ឋានឡើយ ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការប្រើឧបករណ៍ចល័តនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនា ។
៧.៥.២
ការប្រើប្រាស់បច្ចេកវិទ្យាដោយមានសុវត្ថិភាព
អ្នកគួរបញ្ចប់វគ្គសិក្សានៅលើអនឡាញស្ដីពីសុវត្ថិភាពសម្រាប់ការប្រើបច្ចេកវិទ្យា កាលអ្នកនៅឯមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ។ បទដ្ឋានដូចតទៅនេះក៏នឹងជួយអ្នកឲ្យប្រើបច្ចេកវិទ្យាដោយមានសុវត្ថិភាព ព្រមជាមួយនឹងគោលបំណងជាអ្នកផ្សព្វផ្សាយសាសនាផងដែរ ៖
-
ប្រើប្រាស់បច្ចេកវិទ្យាដោយចេតនាល្អ ។ ដាក់ផែនការសកម្មភាពដែលជួយអ្នកឲ្យអញ្ជើញមនុស្សដទៃមករកព្រះអង្គសង្គ្រោះ ។
-
កុំប្រើបច្ចេកវិទ្យាដើម្បីបំបាត់ការថប់បារម្ភ ឬការធុញថប់ឡើយ ។
-
ស្ដាប់ ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ ការមានទំនាក់ទំនងរឹងមាំជាមួយនឹងព្រះវិញ្ញាណរបស់ព្រះអម្ចាស់គឺជាគ្រឿងការពារដ៏ល្អបំផុតរបស់អ្នកទាស់នឹងការប្រើបច្ចេកវិទ្យាដែលមិនសមរម្យ ។
-
ចូរនៅកន្លែងដែលអ្នក និងដៃគូរបស់អ្នកអាចមើលឃើញអេក្រង់ទូរសព្ទរបស់គ្នាទៅវិញទៅមកជានិច្ច ។ កុំប្រើឧបករណ៍ចល័តពេលអ្នកនៅតែឯង ដូចជាពេលនៅក្នុងបន្ទប់ទឹក ។
-
ធ្វើការជាមួយនឹងដៃគូ ពេលស្វែងរក ឬបង្រៀននៅលើអនឡាញ ។ ពិនិត្យមើលមតិយោបល់ និងសាររបស់គ្នាទៅវិញទៅមកពីមុនចុះផ្សាយ ឬផ្ញើសារចេញ ដើម្បីអ្នកទាំងពីរអាចចែកចាយគំនិត និងទទួលខុសត្រូវចំពោះលទ្ធផលនៃការប្រាស្រ័យទាក់ទងនោះ ។ កំណត់ចំណាំ ៖ វគ្គនេះពុំអនុវត្តចំពោះការប្រាស្រ័យទាក់ទងជាមួយនឹងគ្រួសារ ( សូមមើល ៣.៩.១ ) ការិយាល័យបេសកកម្ម ឬប្រធានបេសកកម្មរបស់អ្នកទេ ។
-
សូមយោងទៅ សុវត្ថិភាពសម្រាប់ការប្រើបច្ចេកវិទ្យា ឲ្យបានទៀងទាត់នៅក្នុងការសិក្សាផ្ទាល់ខ្លួន និងជាដៃគូ ។
៧.៥.៣
ការចៀសវាងពីរូបភាពអាសគ្រាម
រូបភាពអាសគ្រាមអាចកើតមានឡើងជាច្រើនទម្រង់ ។ ការដាក់ផែនការទុកជាមុន និងការធ្វើការជ្រើសរើសសុចរិតអាចជួយអ្នកឲ្យចៀសវាងរូបភាពអាសគ្រាមបាន ( សូមមើល សុវត្ថិភាពសម្រាប់ការប្រើបច្ចេកវិទ្យា ) ។ ពេលអ្នកប្រទះឃើញវា សូមងាកចេញ បិទឧបករណ៍ ឬចាកចេញពីស្ថានភាពនោះ ។ ខាងក្រោមនេះគឺជាយោបល់មួយចំនួនដើម្បីជួយអ្នកចៀសវាងពីរូបភាពអាសគ្រាម ៖
-
ចៀសវាងពីវិបសាយ សម្ភារ និងទីតាំងដែលអ្នកទំនងជាស្ដាប់ឮ អាន ឬមើលឃើញសម្ភារដែលធ្វើឲ្យនឹកឃើញ ឬរូបភាពអាសគ្រាម ។
-
រៀនស្គាល់ពីពេលដែលអ្នកមានការល្បួងបំផុតក្នុងការប្រើបច្ចេកវិទ្យាដោយពុំសមរម្យ ដូចជាពេលអ្នកនឿយហត់ ឬអផ្សុកក្តី ។
-
មានផែនការមួយដើម្បីអ្នកនឹងធ្វើអ្វីជំនួសវិញ ។ អ្នកដឹកនាំបេសកកម្មរបស់អ្នកអាចជួយ ។ អ្នកក៏អាចស្វែងរកព័ត៌មាននៅលើគេហទំព័រ ChurchofJesusChrist.org/addressing-pornography បានផងដែរ ។
នរណាម្នាក់ដែលខិតខំចៀសវាង ឬយកឈ្នះរូបភាពអាសគ្រាមអាចស្វែងរកជំនួយ និងការព្យាបាលតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកមានភាពស្មុគស្មាញ សូមពិភាក្សានឹងប្រធានបេសកកម្មរបស់អ្នក ដែលគាត់គួរតែផ្ដល់ការគាំទ្រ ការប្រឹក្សា និងជំនួយប្រកបដោយសេចក្ដីស្រឡាញ់ ។
៧.៥.៤
ការបង្រៀនដោយប្រើបច្ចេកវិទ្យា
ប្រសិនបើបានអនុម័ត សូមប្រើបច្ចេកវិទ្យានៅលើអនឡាញជាមួយនឹងសមាជិក និងមនុស្សដែលអ្នកបង្រៀនដើម្បីទាក់ទងនឹងពួកគេ ជួយពួកគេ ហើយចែកចាយសារលិខិតដំណឹងល្អជាមួយនឹងពួកគេ ។
-
ជួយមនុស្សដទៃឲ្យរៀនពីវិធីដ៏មានប្រសិទ្ធភាពដើម្បីចែកចាយដំណឹងល្អ ហើយគាំទ្រដល់សមាជិកក្នុងសាសនាចក្រ នៅពេលពួកគេប្រើបច្ចេកវិទ្យានៅក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកគេ ។
-
ធ្វើការតាមអនឡាញជាមួយនឹងមនុស្សដែលកំពុងបង្រៀន ដែលរស់នៅក្រៅតំបន់ដែលអ្នកបានចាត់តាំង ហើយជួយពួកគេនៅក្នុងការប្រែចិត្តជឿរបស់ពួកគេ ។
-
ពេលអ្នកបង្រៀនមនុស្សម្នាក់ដែលរស់នៅក្រៅតំបន់របស់អ្នក សូមធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានចាត់តាំងទៅកាន់តំបន់ដែលបុគ្គលកំពុងបង្រៀនរស់នៅ ។ រួមគ្នាជួយបុគ្គលនោះឲ្យខិតជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ប្រើរូបថត វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតមកពីសាសនាចក្រ បណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយ និងវិបសាយផ្លូវការផ្សេងទៀតរបស់សាសនាចក្រនៅក្នុងការបង្រៀនរបស់អ្នកឲ្យបានសមរម្យ ។ នៅក្នុងការប្រាស្រ័យទាក់ទងរបស់អ្នក កុំប្រើប្រព័ន្ធផ្សព្វផ្សាយដែលសាសនាចក្រពុំអនុម័ត ( ឧទាហរណ៍ វីដេអូដែលបានបង្កើតដោយសមាជិក ឬអង្គភាពក្នុងមូលដ្ឋាន ) ។
-
ពេលចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សូមចែកចាយសារលិខិតអំពីដំណឹងល្អ និងបទពិសោធន៍បេសកកម្មរបស់អ្នកជាជាងផ្ដោតលើការធ្វើដំណើររបស់អ្នក ។
ធ្វើតាមសេចក្ដីណែនាំដូចតទៅនេះដើម្បីការពារឯកជនភាព និងព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សទូទៅ ៖
-
ដឹងថា ឈ្មោះពេញ រូបថត ( សូមមើល ៣.៧ ) ព័ត៌មានទំនាក់ទំនង និងស្ថានភាពផ្ទាល់ខ្លួនរបស់មនុស្សដែលអ្នកបង្រៀនគឺត្រូវរក្សាជាសម្ងាត់ ។ ការចែកចាយ ឬការចុះផ្សាយព័ត៌មាននេះអាចបំពានដល់ច្បាប់ឯកជនភាពខាងទិន្នន័យ ។ ប្រុងប្រយ័ត្នជាពិសេសចំពោះអ្វីដែលអ្នកសរសេរទៅកាន់សមាជិកគ្រួសារ ព្រោះពួកគេអាចចុះផ្សាយសំបុត្រ និងសារអ៊ីម៉ែលរបស់អ្នកនៅលើអនឡាញ ។
-
សូមការអនុញ្ញាតពីនរណាម្នាក់ដែលមាននៅក្នុងរូបថត ឬវីដេអូមួយ ពីមុនចែកចាយវាជាមួយនរណាម្នាក់ ឬចុះផ្សាយវានៅលើអនឡាញ ។ សូមការអនុញ្ញាតមួយពីឪពុក ឬម្ដាយពីមុនចែកចាយរូបថត ឬវីដេអូរបស់កុមារ ( សូមមើល ៣.៧ ) ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការការពារឯកជនភាពរបស់មនុស្សដទៃ ។
៧.៥.៥
ការប្រើប្រាស់អ៊ីម៉ែល
នៅក្នុងបេសកកម្មរបស់អ្នក អ្នកត្រូវបានចាត់ឲ្យមានគណនីអ៊ីម៉ែលមួយដើម្បីប្រើជំនួសរាល់គណនីអ៊ីម៉ែលផ្ទាល់ខ្លួនផ្សេងទៀត ។ សូមប្រើគណនីអ៊ីម៉ែលនេះសម្រាប់រាល់ការប្រាស្រ័យទាក់ទង លើកលែងតែសំបុត្រប្រចាំសប្ដាហ៍របស់អ្នកទៅកាន់ប្រធានបេសកកម្មរបស់អ្នក ដែលអ្នកនឹងផ្ញើតាមរយៈ វិបសាយសម្រាប់អ្នកផ្សព្វផ្សាយសាសនា ។
៧.៥.៦
ការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម
ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចប្រើដើម្បីចែកចាយដំណឹងល្អ ។ សូមប្រាកដថា អ្នកប្រើតែវិបសាយប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអនុម័តសម្រាប់បេសកកម្មរបស់អ្នក ដោយសារច្បាប់អំពីប្រព័ន្ធផ្សព្វផ្សាយសង្គមខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ។
ធ្វើតាមបទដ្ឋានជាក់លាក់ណាមួយក្នុងបេសកកម្មអំពីប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដូចជាបទដ្ឋានដូចតទៅនេះផងដែរ ៖
-
ធ្វើឲ្យប្រាកដថា គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកឆ្លុះបញ្ចាំងពីគោលបំណង និងការហៅរបស់អ្នកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។
-
ធ្វើឲ្យប្រាកដថា រូបថតប្រវត្តិរូបរបស់អ្នក ព្រមទាំង បុគ្គល និងក្រុមដែលអ្នកតាមដានបង្ហាញថា អ្នកគឺជាអ្នកផ្សព្វផ្សាយសាសនាម្នាក់របស់ព្រះអម្ចាស់ ។
-
កុំបង្កើតគណនីទីពីរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចៀសវាងធ្វើការផ្លាស់ប្ដូរចំពោះគណនីមួយដែលមានរួចហើយ ។ នេះគឺជាការបំពានកិច្ចព្រមព្រៀងអ្នកប្រើសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ។
-
កុំប្រើងារ « អែលឌើរ » ឬ « ស៊ីស្ទើរ » នៅក្នុងឈ្មោះគណនីរបស់អ្នក ។ ងារទាំងនេះពុំអនុញ្ញាតឲ្យប្រើនៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទេ ។
-
ផ្ដោតលើការប្រាស្រ័យទាក់ទងដោយផ្ទាល់ដ៏មានអត្ថន័យ ជំនួសឲ្យការទទួលបាន « ការចូលចិត្ត » ឬឲ្យសារលិខិតរបស់អ្នកបានចែកចាយនៅលើអនឡាញ ។
-
កុំបញ្ជាក់ថា ការចុះផ្សាយរបស់អ្នកគឺជាការប្រាស្រ័យទាក់ទងជាផ្លូវការរបស់សាសនាចក្រ ។
-
ការពារឯកជនភាពផ្ទាល់ខ្លួនរបស់អ្នក ។ ចូរប្រុងប្រយ័ត្នពេលចែកចាយកាលវិភាគ និងទីតាំងរបស់អ្នកនៅលើអនឡាញ ។ ចូរប្រុងប្រយ័ត្នអំពីមនុស្សដែលអ្នកទទួលយកចូលមកក្នុងបណ្ដាញសង្គមរបស់អ្នក បុគ្គលមួយចំនួននឹងកេងចំណេញលើពួកអ្នកផ្សព្វផ្សាយសាសនា ។
-
ការពារឯកជនភាពរបស់មនុស្សដទៃ ។ ប្រសិនបើអ្នកចង់ចុះផ្សាយអ្វីមួយអំពីមនុស្សម្នាក់ដែលអ្នកកំពុងធ្វើការជាមួយ អ្នកចាំបាច់ត្រូវសូមការអនុញ្ញាតពីគាត់ ( មិនថាតាមពាក្យសម្ដី ឬជាលាយលក្ខណ៍អក្សរឡើយ ) ពីមុនចុះផ្សាយអ្វីមួយដែលលើកឡើងពីគាត់តាមឈ្មោះ ឬរួមទាំងរូបភាពរបស់គាត់ដែរ ( សូមមើល ៣.៧ ) ។ ដោយសារច្បាប់ឯកជនភាពក្នុងមូលដ្ឋាន នៅក្នុងបេសកកម្មមួយចំនួន នោះពួកអ្នកផ្សព្វផ្សាយសាសនាពុំអនុញ្ញាតឲ្យចែកចាយរូបភាពមនុស្សដែលពួកគេបង្រៀនជាសាធារណៈឡើយ ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការការពារឯកជនភាពរបស់មនុស្សដទៃ ។
៧.៦
ស្ថានភាពលំបាក
ធ្វើតាមសេចក្ដីណែនាំខាងក្រោមសម្រាប់ការប្រឈមនឹងស្ថានភាពលំបាក ។
៧.៦.១
ការដោះស្រាយជាមួយនឹងស្ថានភាពអវិជ្ជមាន
ដូចជាព្រះអង្គសង្គ្រោះ ពួកព្យាការី និងពួកអ្នកផ្សព្វផ្សាយសាសនាជាច្រើនពីមុនអ្នកដែរ អ្នកនឹងដកពិសោធន៍នូវការបដិសេធ ហើយប្រហែលជាការខ្វះការគោរពផ្សេងទៀតក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ ធ្វើតាមសេចក្ដីណែនាំដូចតទៅនេះនឹងជួយអ្នកគ្រប់គ្រងការបដិសេធ ៖
-
កុំព្រងើយកន្តើយចំពោះអារម្មណ៍ផ្លូវចិត្តរបស់អ្នក ។
-
ត្រូវដឹងថា វាជារឿងធម្មតាទេដើម្បីបង្ហាញការមិនសប្បាយចិត្ត និងការបាក់ទឹកចិត្តចំពោះដៃគូ អ្នកដឹកនាំជាអ្នកផ្សព្វផ្សាយវ័យក្មេង អ្នកដឹកនាំបេសកកម្ម និងសាច់ញាតិជិតដិតរបស់អ្នក ។
-
ត្រូវយល់ថា ពេលខ្លះការនិយាយពីស្ថានភាពអវិជ្ជមានមួយអាចជួយឲ្យអារម្មណ៍នោះរសាយបាន ។
-
កុំរស់នៅក្នុងស្ថានភាពអវិជ្ជមាន ឬអនុញ្ញាតឲ្យវាផ្លាស់ប្ដូរឥរិយាបថរបស់អ្នកយូរពេក ។
-
-
ប៉ាន់ប្រមាណពីគុណតម្លៃនៃការបដិសេធ ។
-
ត្រូវដឹងថា ស្ថានភាពអវិជ្ជមានពុំកំណត់ពីអត្តសញ្ញាណរបស់អ្នក អ្វីដែលអ្នកត្រូវបានហៅឲ្យធ្វើ ឬថាតើអ្នកធ្វើវាបានល្អប៉ុណ្ណានោះទេ ។
-
កុំព្យាយាមកំណត់ជាទូទៅថា « មនុស្សទូទៅនឹងមិនស្ដាប់ទេ » ។
-
ត្រូវយល់ថា សិទ្ធិជ្រើសរើសអនុញ្ញាតឲ្យបុគ្គលម្នាក់ៗទទួលយក ឬបដិសេធសារលិខិតរបស់អ្នក ។
-
ត្រូវដឹងថា ជីវិត និងកាលៈទេសៈរបស់មនុស្សទូទៅមានការផ្លាស់ប្ដូរ ។ ការបដិសេធពុំមែនមានន័យថា បុគ្គលនោះនឹងពុំចាប់អារម្មណ៍នៅក្នុងដំណឹងល្អដែលបានស្ដារឡើងវិញជានិច្ចនោះទេ ។
-
-
ប្រព្រឹត្តិចំពោះខ្លួនឯង និងមនុស្សដទៃទៀតដោយសេចក្ដីមេត្តា ។
-
ស្វែងរកការលួងលោមចិត្តនៅក្នុងការអធិស្ឋាន ។ ចងចាំថា ព្រះអម្ចាស់ស្គាល់អ្នក ស្ថានភាពរបស់អ្នក និងសេចក្ដីត្រូវការរបស់អ្នក ។
-
កុំរិះគន់ខ្លួនឯង ស្ថានភាព ឬមនុស្សដែលពាក់ព័ន្ធឲ្យសោះ ។
-
ធ្វើឲ្យអស់ពីលទ្ធភាពរបស់អ្នកដើម្បីមានភាពវិជ្ជមាន ។
-
-
រៀនពីបទពិសោធន៍នោះ ។ ពិចារណាលើអ្វីដែលអ្នកអាចធ្វើខុសពីនោះនៅពេលក្រោយ ។
៧.៦.២
ការដោះស្រាយជាមួយនឹងមនុស្សដែលចូលចិត្តជជែកវែកញែក
អ្នកអាចជួបនឹងមនុស្សដែលមានគំនិតអវិជ្ជមាន ឬបង្ខិតបង្ខំ ។ ប្រសិនបើនរណាម្នាក់និយាយស្ដីគំរោះគំរើយ សូមនិយាយស្ដីតបវិញដោយពាក្យគួរសម ហើយចាកចេញពីស្ថានភាពនេះ ។ ប្រសិនបើមានអារម្មណ៍ថា មានគ្រោះថ្នាក់ សូមចាកចេញភ្លាម ។ សុវត្ថិភាពរបស់អ្នក និងដៃគូរបស់អ្នក ( សូមមើល ៤.៥ ) គឺជាអាទិភាពដំបូងបំផុតរបស់អ្នក ។
មនុស្សដែលចូលចិត្តឈ្លោះប្រកែក និងការប្រាស្រ័យទាក់ទងអវិជ្ជមានមានភាពតានតឹងណាស់ ។ សូមធ្វើជំហានដែលអ្នកត្រូវការដើម្បីដោះស្រាយនឹងភាពតានតឹង ( សូមមើល ៤.៣ ) ហើយមើលថែខ្លួនអ្នកទាំងខាងសតិអារម្មណ៍ និងខាងវិញ្ញាណ ។
ត្រូវដឹងថា ការរំលោភបំពានតាមរយៈពាក្យសម្ដី សតិអារម្មណ៍ ឬខាងរូបកាយគ្រប់ប្រភេទដោយនរណាម្នាក់ រួមទាំងដៃគូដែរគឺមិនអាចទទួលយកបានទេ ។ ការណ៍នេះអាចរួមមានពាក្យសម្ដី កាយវិការ ឬសកម្មភាពដែលធ្វើឲ្យភ្ញាក់ផ្អើល ឬការរំលោភបំពានដល់មនុស្សម្នាក់ទៀត ។
សូមទាក់ទងប្រធានបេសកកម្មរបស់អ្នក ភរិយារបស់លោក ឬអ្នកដឹកនាំម្នាក់ទៀតដែលជាទីទុកចិត្តភ្លាម ប្រសិនបើអ្នកដកពិសោធន៍ មើលឃើញ ឬស្ដាប់ឮអំពីការរុកកួនខាងផ្លូវភេទ និងលើរូបកាយ ការយាយី ឬការគំរាមកំហែង ( សូមមើល ៧.៨.២–៧.៨.៤ ) ។
៧.៧
កង្វល់សុខភាពខាងរូបកាយ និងខាងផ្លូវចិត្ត
សូមធ្វើតាមសេចក្ដីណែនាំអំពីសុខភាពដែលគូសបង្ហាញនៅក្នុងអនុវគ្គដូចខាងក្រោម ។
៧.៧.១
ការទាក់ទងទៅការិយាល័យបេសកកម្មអំពីបញ្ហាវេជ្ជសាស្ត្រ
កុំពឹងផ្អែកលើរោគវិនិច្ឆ័យដោយខ្លួនឯង ឬទស្សនៈរបស់មនុស្សដទៃ ។ ទោះជាការណែនាំខាងវេជ្ជសាស្ត្រមកពីដៃគូរបស់អ្នក សមាជិកផ្សេងទៀតក្នុងសាសនាចក្រ គ្រួសារ ឬមិត្តភក្ដិអាចមានប្រយោជន៍ក្ដី សូមទាក់ទងអ្នកសម្របសម្រួលខាងវេជ្ជសាស្ត្រក្នុងបេសកកម្មពេលអ្នកមានសំណួរ ឬកង្វល់ណាមួយ ជាពិសេសអំពីរបួស ឬបញ្ហាសុខភាពធ្ងន់ធ្ងរ ។ ប្រធានបេសកកម្មរបស់អ្នកនឹងប្រាស្រ័យទាក់ទងនឹងប្រធានស្តេក និងគ្រួសាររបស់អ្នកអំពីរបួស និងកង្វល់សុខភាពធ្ងន់ធ្ងរ ។
ទាក់ទងទៅអ្នកសម្របសម្រួលខាងវេជ្ជសាស្ត្រក្នុងបេសកកម្ម ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយដូចតទៅនេះ ៖
-
ជំងឺលើសពីផ្ដាសាយធម្មតា និងរោគសញ្ញារយៈពេលខ្លី ។
-
របួសធ្ងន់ធ្ងរ ។
-
ជីពចរដើរលឿន ( លោតលើសពី ១០០ ដងក្នុងមួយនាទី ) ពេលអ្នកពុំធ្វើលំហាត់ប្រាណ ។
-
គ្រុនក្ដៅណាមួយដែលមានកម្ដៅលើសពី ១០១°F ( ៣៨.៣ °C ) គ្រុនក្ដៅដែលមានកម្ដៅ ១០១°F ( ៣៨.៣ °C ) លើសពីពីរថ្ងៃ ឬគ្រុនក្ដៅដែលហូបថ្នាំទៅមិនមានប្រសិទ្ធភាព ។
-
ការស្រក ឬឡើងទម្ងន់លឿន ឬខ្លាំងពេក ។
-
ស្រេកទឹក ឬនោមច្រើនហួសប្រមាណ ។
-
ការក្អួត ឈឺក្បាល វិលមុខ ក្អក ឬចេញកន្ទួលជាប្រចាំ ។
-
ការហើមជើង ពោះ ឬមុខ ។
-
ការបាត់បង់ឈាម ឬជើងជាំខ្មៅ ។
-
ដំណើរទល់លាមក ឬរាគលើសពីពីរថ្ងៃ ។
-
ឈឺធ្មេញ ។
-
ត្រចៀកក្រាញ់ ។
៧.៧.២
ការមើលថែសុខភាពខាងរូបកាយ
អ្នកនឹងមានបទពិសោធន៍បេសកកម្មមួយដ៏រីករាយ ហើយបម្រើព្រះអម្ចាស់កាន់តែប្រសើរឡើង ពេលអ្នកមើលថែសុខភាពរូបកាយរបស់អ្នក ។ ចូរឧស្សាហ៍ព្យាយាមនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់អ្នក ប៉ុន្តែកុំបង្ខំខ្លួនឯងឲ្យធ្វើលើសពីសមត្ថភាព ។
ដើម្បីជួយថែទាំសុខភាពរូបកាយរបស់អ្នក ចូរប្រាកដថា
-
ធ្វើលំហាត់ប្រាណជាទៀងទាត់ ។
-
ទទួលដំណេកឲ្យបានគ្រប់គ្រាន់ ។
-
ទទួលទានអាហារដែលធ្វើឲ្យមានសុខភាពល្អដោយហូបបន្លែ ផ្លែឈើ និងគ្រាប់ធុញ្ញជាតិឲ្យបានច្រើន ។
-
ផឹកទឹកឲ្យបានច្រើន ។
-
លាងដៃរបស់អ្នកឲ្យបានទៀងទាត់ ។
-
លាបឡេការពារកម្តៅថ្ងៃ និងលាបថ្នាំការពារសត្វល្អិត នៅពេលសមរម្យ ។
-
ស្វែងរកវិធីបន្ធូរអារម្មណ៍ ។
-
រីករាយនឹងសកម្មភាពកម្សាន្តល្អៗនៅថ្ងៃរៀបចំខ្លួន ។
៧.៧.៣
ការមើលថែសុខភាពខាងផ្លូវចិត្ត
វាគឺជារឿងធម្មតាទេដែលមានអារម្មណ៍សោកសៅ ភ័យខ្លាច នឹកផ្ទះ និងបាក់ទឹកចិត្តម្ដងម្កាលពេលកំពុងបម្រើបេសកកម្ម ។ ប៉ុន្តែ សតិអារម្មណ៍ និងឥរិយាបថដែលរារាំងអ្នកពីការធ្វើកិច្ចការឲ្យមានប្រសិទ្ធភាពចាំបាច់ត្រូវតែលើកឡើង ។ ស្ថានភាពទាំងនេះអាចរួមមាន ៖
-
ការប្រែប្រួលអារម្មណ៍ ។
-
ការព្រួយបារម្ភ ឬមានអារម្មណ៍ថាខុសហួសហេតុពេក ។
-
ការថប់បារម្ភ ។
-
លំនាំបរិភោគអាហារដែលពុំមានសុខភាពល្អ ។
-
ការពិបាកគ្រប់គ្រងអារម្មណ៍ខាងផ្លូវភេទ ។
ត្រូវយល់ថា គ្មានភាពខ្មាស់អៀនណាមួយក្នុងការទទួលស្គាល់ និងការប្រព្រឹត្តចំពោះបញ្ហាសុខភាពណាមួយឡើយ រួមទាំងកង្វល់ខាងផ្លូវអារម្មណ៍ និងផ្លូវចិត្តផងដែរ ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នក ឬដៃគូរបស់អ្នកត្រូវការជំនួយ សូមពិភាក្សាជាមួយប្រធានបេសកកម្ម និងភរិយារបស់លោក និងអ្នកសម្របសម្រួលផ្នែកវេជ្ជសាស្ត្រ ។ ពួកគាត់អាចចូលទៅប្រើប្រាស់ធនធានសុខភាពផ្នែកផ្លូវចិត្ត ។ អ្នកក៏អាចរកការប្រឹក្សាល្អៗនៅក្នុង ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ផងដែរ ។
៧.៧.៤
ការថែទាំពេលសត្វ និងសត្វល្អិតខាំ
ការដែលសត្វ និងសត្វល្អិតខាំអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ហើយពេលខ្លះអាចបណ្ដាលឲ្យស្លាប់បាន ។ ប្រសិនការខាំរបស់សត្វល្អិតឡើងហើម ឬឈឺខុសពីធម្មតា សូមទូរសព្ទទៅកាន់ការិយាល័យបេសកកម្មភ្លាម ។
ការបង្ការ
អ្នកអាចជួយការពារពីការខាំរបស់ចៃឆ្កែ សត្វមូស និងសត្វល្អិតផ្សេងទៀតដោយធ្វើតាមសេចក្ដីណែនាំដូចតទៅនេះ ៖
-
ចៀសវាងពីកន្លែងមានទឹកដក់ដែលសត្វមូសរស់នៅ ។
-
ចៀសវាងពីទីធ្លាដែលមានដើមឈើ និងគុម្ពព្រៃច្រើនដែលជារឿយៗចៃឆ្កែចូលចិត្តនៅ ។
-
ពាក់ខោអាវវែងដែលអាចគ្របលើដៃ និងជើងរបស់អ្នកទាំងអស់ ទោះជានៅរដូវក្ដៅក្ដី ។
-
សូមមើលវីដេអូស្ដីពីការការពារជំងឺដែលកើតឡើងពីសត្វមូស ។
-
លាបថ្នាំការពារសត្វល្អិតនៅលើស្បែក ហើយបាញ់នៅផ្ទៃខាងក្រៅនៃសម្លៀកបំពាក់ខាងក្រៅ ។
ការព្យាបាល
ប្រសិនបើអ្នកត្រូវបានចៃឆ្កែ ឬសត្វមូស ឬសត្វល្អិត ឬសត្វផ្សេងទៀតខាំ ឬខ្វាច សូមធ្វើតាមសេចក្ដីណែនាំទាំងនេះ ៖
-
ព្យាបាលការខាំបន្តិចបន្តួចរបស់សត្វល្អិតជាមួយនឹងទឹកកក ឬថ្នាំដែលមិនចាំបាច់មានវេជ្ជបញ្ជា ។
-
សូមទៅជួបគ្រូពេទ្យជំនាញដើម្បីយកចៃឆ្កែដែលនៅជាប់នឹងស្បែករបស់អ្នកចេញដោយត្រឹមត្រូវ ហើយត្រូវធ្វើតេស្ដរកមើលជំងឺសត្វខាំ ( Lyme ) ។
-
លាងស្នាមខាំ ឬរបួសដែលសត្វបានខាំជាមួយនឹងសាប៊ូ និងទឹក ( រយៈពេល ១៥ នាទី ) ហើយទូរសព្ទទៅការិយាល័យបេសកកម្ម ។ កំណត់អត្តសញ្ញាណម្ចាស់សត្វនោះ ប្រសិនបើអាចធ្វើបាន ដើម្បីឲ្យការិយាល័យបេសកកម្មអាចជួយចាក់ថ្នាំជំងឺឆ្កែឆ្កួត និងជំងឺធ្ងន់ធ្ងរផ្សេងទៀត ។
-
ប្រសិនបើចៃឆ្កែ ឬសត្វល្អិត ឬសត្វផ្សេងទៀតខាំឡើងហើម ឈឺខុសធម្មតា ឬឡើងក្រហម ឬឡើងកន្ទួលខុសពីធម្មតា សូមទូរសព្ទទៅការិយាល័យបេសកកម្មភ្លាម ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែមទៀតអំពីការការពារខ្លួនឯងពីការខាំរបស់សត្វល្អិត និងសត្វផ្សេងទៀត ។
៧.៨
ស្ថានភាពគ្រោះថ្នាក់
សូមធ្វើតាមសេចក្ដីណែនាំអំពីសុវត្ថិភាពដែលគូសបង្ហាញនៅក្នុងអនុវគ្គដូចខាងក្រោម ។
៧.៨.១
ការរៀបចំខ្លួនសម្រាប់ស្ថានភាពគ្រោះថ្នាក់នានា
សេចក្ដីណែនាំខាងក្រោមនេះអាចជួយអ្នករៀបចំខ្លួនសម្រាប់ ហើយឆ្លើយតបចំពោះស្ថានភាពគ្រោះថ្នាក់នានា ។
-
សូមអធិស្ឋានសូមការការពារពីព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ។
-
ស្ដាប់ ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណដែលអាចព្រមានអ្នកពីគ្រោះថ្នាក់ ។
-
រៀនស្គាល់ពីផែនការសកម្មភាពគ្រាអាសន្នក្នុងបេសកកម្មរបស់អ្នក ។ ធ្វើតាមជំហានសកម្មភាពនៅអំឡុងស្ថានភាពគ្រាអាសន្ន ។
-
វាយបញ្ចូលព័ត៌មានទំនាក់ទំនងសម្រាប់គ្រាអាសន្នក្នុងតំបន់ និងប្រទេសរបស់អ្នកក្នុងទូរសព្ទរបស់អ្នក ។ សាកថ្មទូរសព្ទអ្នកឲ្យពេញ ហើយដាក់វាតាមខ្លួនអ្នកជានិច្ច ។
-
ចៀសវាងពីតំបន់ដែលបេសកកម្មរបស់អ្នកកំណត់ថាជាតំបន់គ្រោះថ្នាក់ ។
-
កុំបង្ហាញថាអ្នកមានវត្ថុមានតម្លៃ ( ឧទាហរណ៍ ការស្ពាយការបូបធំ ) ។
-
ចូរចេះសង្កេតពីអ្វីមួយដែលខុសពីធម្មតា ដូចជា មនុស្សម្នាក់កំពុងតាមមើលអ្នក ការសួរសំណួរផ្ទាល់ខ្លួន ឬការដើរតាមអ្នក ។
-
ព្យាយាមប្រើភាសាកាយវិការដើម្បីបង្ហាញថាអ្នកមានទំនុកចិត្ត ហើយមិនភ័យខ្លាច ។
-
មានពាក្យ ឬឃ្លាសម្ងាត់មួយដើម្បីប្រើជាមួយនឹងដៃគូរបស់អ្នកដើម្បីប្រាប់ថាអ្នកចង់ចាកចេញ ។ ប្រើវាប្រសិនបើអ្នកឃើញថាខ្លួនឯងស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកគិតថាគ្មានសុវត្ថិភាព ។
រៀនអនុវត្តតាមសេចក្ដីណែនាំទាំងនេះជាទៀងទាត់ សូម្បីតែពេលមនុស្សដទៃ ( រួមទាំងអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ) លើកទឹកចិត្តអ្នកឲ្យធ្វើអ្វីដែលមានហានិភ័យដើម្បីសម្រេចបានកិច្ចការផ្សព្វផ្សាយសាសនារបស់អ្នកក្ដី ។
៧.៨.២
ការស្គាល់ស្ថានភាពគ្រោះថ្នាក់
សូមទាក់ទងអ្នកដឹកនាំបេសកកម្មម្នាក់របស់អ្នក ឬអ្នកដឹកនាំផ្សេងទៀតដែលអ្នកទុកចិត្តភ្លាម ប្រសិនបើអ្នកជួប ឃើញ ឬស្ដាប់ឮពីការបំពានលើរូបកាយ ឬខាងផ្លូវភេទគ្រប់ប្រភេទ ។ ការណ៍នេះអាចរួមមាន ការយាយី ការគំរាមកំហែង ឬការបំពាន ។ ទោះជាគ្រោះថ្នាក់ខាងក្រោមនេះអាចត្រូវបានកំណត់ខុសគ្នាតាមច្បាប់ក្នុងមូលដ្ឋានក្ដី ក៏ត្រូវរាយការណ៍អ្វីគ្រប់យ៉ាងដែលធ្វើឲ្យអ្នកមានកង្វល់ដែរ ៖
-
ការយាយី ទាក់ទងនឹងសកម្មភាពបង្ខំនរណាម្នាក់ខាងរូបកាយ ឬខាងផ្លូវភេទ ។ ឧទាហរណ៍ រួមមានការមានទំនាក់ទំនងខាងរូបកាយដែលមិនចង់បាន ការប៉ះពាល់មិនសមរម្យ និងអំពើហឹង្សាខាងរូបកាយណាមួយ ។
-
ការគម្រាមកំហែងខាងរូបកាយ កើតឡើងពេលមនុស្សម្នាក់ត្រូវបានធ្វើឲ្យមានការភ័យខ្លាចដោយសាររបួសខាងរូបកាយ ឬសេចក្ដីស្លាប់ ។ ឧទាហរណ៍ រួមមាន ការគំរាមកំហែងជាពាក្យសម្ដី ឬការគម្រាមកំហែងតាមកាយវិការគ្រប់ប្រភេទ ។
-
ការបំពានខាងផ្លូវភេទ រួមមានពាក្យសម្ដី ឬកាយវិការគួរឲ្យខ្ពើមរអើម សំណើសុំការរួមភេទ ឬសកម្មភាពខាងផ្លូវភេទដែលពុំចង់បានណាមួយ ។ ឧទាហរណ៍អាចរួមមាន ការឈ្លបចាប់ ( ការដើរតាមដោយមានចេតនាធ្វើឲ្យភ្ញាក់ផ្អើល ឬរំខាន ) ឬការបង្ហាញឲ្យឃើញផ្នែកសម្ងាត់ណាមួយនៃរូបកាយ ។
៧.៨.៣
ការឆ្លើយតបចំពោះការយាយី ការគំរាមកំហែង ឬការបំពាន
សូមធ្វើដូចតទៅនេះ ប្រសិនបើអ្នក ឬដៃគូរបស់អ្នកត្រូវបានចោរប្លន់ ៖
-
ឲ្យរបស់របរដែលអ្នកមានភ្លាម ។ ការណ៍នេះអាចធ្វើឲ្យចោរចាកចេញទៅដោយពុំធ្វើបាបអ្នក ។ ជីវិត និងសុខុមាលភាពរបស់អ្នកមានតម្លៃជាងទ្រព្យសម្បត្តិរបស់អ្នកទៅទៀត ។
-
កុំព្យាយាមខឹងសម្បារ ឬប្រតិកម្មដោយអវិជ្ជមាន ។ ការណ៍នេះកាន់តែធ្វើឲ្យរឿងទាំងឡាយមានសភាពអាក្រក់ ។
សូមធ្វើដូចតទៅនេះ ប្រសិនបើអ្នក ឬដៃគូរបស់អ្នកទទួលអារម្មណ៍ថាមានការគម្រាមកំហែង ឬការបំពាន ហើយស្ថិតក្នុងហានិភ័យ លើសពីទ្រព្យសម្បត្តិរបស់អ្នក ទៅទៀត ។
-
មានតែអ្នកម្នាក់គត់ដែលអាចសម្រេចចិត្តពីវិធីល្អបំផុតដើម្បីឆ្លើយតបនឹងស្ថានភាពនោះ ។ អ្នកអាចជ្រើសរើសការរត់ ការពារខ្លួន ឬធ្វើតាម ។ ឧទាហរណ៍ ៖
-
ប្រសិនបើអ្នករត់ អ្នកអាចចៀសវាងពីការយាយី ។
-
ប្រសិនបើអ្នកការពារខ្លួន អ្នកអាចការពាររូបកាយរបស់អ្នក ដោយការស្រែកហៅ ការយាយី ការក្ដិច ការវ៉ៃ ការទាត់ ឬការអធិស្ឋាន ។
-
ប្រសិនបើអ្នកនៅស្ងៀម ឬជ្រើសរើសធ្វើតាម ដែលអាចជាការឆ្លើយតបធម្មតា សូមកុំស្ដីបន្ទោសខ្លួនឯងនៅពេលក្រោយ ។
-
-
សូមពិចារណាទទួលជំនួយ ឬចំណាប់អារម្មណ៍ពីមនុស្សម្នាក់ផ្សេងទៀត ។ ឧទាហរណ៍ ៖
-
អ្នកអាចសូមជំនួយពីមនុស្សដទៃ ជាពិសេសពីមនុស្សម្នាក់ដែលមានសិទ្ធិអំណាច ( ដូចជា អ្នកបើកបររថយន្តក្រុង ) នៅកន្លែងដែលអ្នកនៅ ។
-
ប្រសិនបើអ្នកនៅទីសាធារណៈមានមនុស្សនៅជុំវិញខ្លួន ហើយពុំអាចគេចចេញពីការរំលោភបំពានខាងរូបកាយ ឬខាងផ្លូវភេទ ( ឧទាហរណ៍ ពេលអ្នកកំពុងធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ ) សូមពិចារណានិយាយដោយម៉ឹងម៉ាត់ដើម្បីព្យាយាមឃាត់បុគ្គលនោះពីការធ្វើសកម្មភាព ឬការគំរាមកំហែងបន្ថែមទៀត ។ ឧទាហរណ៍ អ្នកអាចប្រើភាសាកាយវិការខ្លាំងៗ មើលមុខជននោះចំៗ ហើយនិយាយឮៗ ។ អ្នកអាចហៅបុគ្គលនោះ ប្រាប់ពីអាកប្បកិរិយាដែលធ្វើឲ្យអាក់អន់ចិត្ត និងនិយាយអ្វីដែលចង់ឲ្យបុគ្គលនោះធ្វើ ដូចជា « លោកពាក់អាវពណ៌លឿង កុំប៉ះពាល់ខ្ញុំ ។ ថយចេញពីខ្ញុំភ្លាម » ។
-
ប្រសិនបើគ្មាននរណានៅជិតទេ អ្នកអាចស្រែក ឬព្យាយាមធ្វើឲ្យមានការចាប់អារម្មណ៍ នោះមនុស្សម្នាក់នឹងឃើញអ្នក ហើយអាចជួយអ្នកបាន ។
-
៧.៨.៤
ការរាយការណ៍ពីការយាយី ការគំរាមកំហែង ឬការបំពាន
ប្រសិនបើអ្នកត្រូវបាននរណាម្នាក់ការយាយី គំរាមកំហែង ឬបំពាន ( សូមមើល ៧.៨.២ ) សូមទាក់ទងទៅអ្នកដឹកនាំបេសកកម្មម្នាក់របស់អ្នក មនុស្សម្នាក់នៅការិយាល័យបេសកកម្ម ឬអ្នកដឹកនាំម្នាក់ទៀតដែលទុកចិត្តភ្លាម ។ អ្នកដឹកនាំបេសកកម្មរបស់អ្នកមានធនធានដើម្បីជួយដល់អ្នកខាងផ្នែកវេជ្ជសាស្ត្រ ការប្រឹក្សាអាជីព ការប្ដូរទីតាំង ឬជំនួយចាំបាច់ផ្សេងទៀត ។ ត្រូវដឹងថា អ្នកប្រហែលជាភ័យខ្លាច បន្ទាប់ពីព្រឹត្តិការណ៍នេះ ហើយថាអ្នកក៏អាចនឹងដកពិសោធន៍នូវសញ្ញានៃការស្លុតចិត្តផងដែរ ។ ពេលអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព សូមព្យាយាមកត់ត្រានូវអ្វីៗដែលអ្នកអាចចងចាំអំពីហេតុការណ៍នោះ ។
ត្រូវយល់ថា ប្រសិនបើអ្នកត្រូវបានគេការយាយី មិនថាអ្នកបានធ្វើអ្វីការពារខ្លួននោះទេ ការយាយីនោះពុំមែនជាកំហុសរបស់អ្នកឡើយ ។ អ្នកមានជម្រើសជានិច្ច ដើម្បីប្រឹក្សាជាមួយមនុស្សម្នាក់ដែលអ្នកទុកចិត្ត ហើយមានអារម្មណ៍កក់ក្តៅដូចជា ប្រធានបេសកកម្មរបស់អ្នក ភរិយារបស់លោក អាជ្ញាធរស៊ីវិល ឬមនុស្សនៅផ្ទះ ។ វាគឺជាការសម្រេចចិត្តរបស់អ្នកថាតើត្រូវទាក់ទងទៅនគរបាល ឬក៏អត់ ។
វាគឺជារឿងធម្មតាដើម្បីសួរខ្លួនឯង និងអ្វីដែលអ្នក ឬដៃគូរបស់អ្នកអាចធ្វើឲ្យមានភាពខុសប្លែក ។ សូមទុកចិត្តថា អ្នកធ្វើអស់ពីលទ្ធភាពនៅក្នុងវិបត្តិនោះ ។ មនុស្សដែលមានការតក់ស្លុតមានអារម្មណ៍ផ្សេងៗគ្នា ។ ព្រះអម្ចាស់នឹងជួយអ្នកពេលអ្នកជាសះស្បើយ ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការរៀបចំខ្លួនសម្រាប់ការស្គាល់ និងការគ្រប់គ្រងស្ថានភាព និងការគំរាមកំហែងដ៏គ្រោះថ្នាក់ ។
៧.៩
ការថែរកក្សាគេហដ្ឋានឲ្យមានសុវត្ថិភាព
សូមធ្វើតាមសេចក្ដីណែនាំខាងក្រោមនេះដើម្បីរក្សាគេហដ្ឋានរបស់អ្នកឲ្យមានភាពឯកជន សុវត្ថិភាព ហើយស្អាត ។
៧.៩.១
ឯកជនភាព និងសុវត្ថិភាព
សូមធ្វើតាមសេចក្ដីណែនាំដូចតទៅនេះដើម្បីប្រាកដថា គេហដ្ឋានរបស់់អ្នកមានភាពឯកជន និងសុវត្ថិភាព ៖
-
ដំឡើង និងថែរក្សាម៉ូណូអុកស៊ីតកាបូន និងម៉ាស៊ីនបឺតផ្សែង ។ ធ្វើការត្រួតពិនិត្យ ហើយប្ដូរថ្មតាមកាលវិភាគដែលបានដាក់ដោយអ្នកសម្របសម្រួលផ្នែកគេហដ្ឋានក្នុងបេសកកម្ម ។ មិនត្រូវបិទឧបករណ៍សង្គ្រោះជីវិតទាំងនេះឡើយ ។
-
កុំដុតទៀនគ្រប់ប្រភេទ ។
-
ចាក់សោទ្វារខាងក្រៅ និងបង្អួច ។ ប្រសិនបើចាំបាច់ អ្នកដឹកនាំបេសកកម្មរបស់អ្នកអាចណែនាំជម្រើសដោយអនុញ្ញាតឲ្យខ្យល់ចូលពីខាងក្រៅ ។
-
បិទវាំងនន ឬរនាំងជានិច្ចនៅពេលយប់ ។
-
កុំចែកចាយអាសយដ្ឋានរបស់អ្នកជាសាធារណៈ ឬជាមួយមនុស្សដែលអ្នកកំពុងបង្រៀន ។
-
កុំបើកទ្វារ ប្រសិនបើអ្នកមិនស្គាល់បុគ្គលនៅខាងក្រៅ ឬបើអ្នកមានអារម្មណ៍ពុំស្រណុកចិត្តជាមួយនឹងគាត់ ឬនាង ។
-
កុំបង្រៀនមនុស្សនៅក្នុងគេហដ្ឋានរបស់អ្នក ឬអញ្ជើញមនុស្សចូលមកខាងក្នុង លើកលែងតែពួកគេជាពួកអ្នកផ្សព្វផ្សាយសាសនា ឬថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានដែលបានអនុញ្ញាតឲ្យមកដោយអ្នកដឹកនាំបេសកកម្មរបស់អ្នក ។
-
កុំនៅក្នុងគេហដ្ឋានមួយដែលមានមនុស្សមិនទាន់រៀបការដែលមានភេទខុសពីអ្នករស់នៅ ឬកន្លែងដែលស្វាមី ឬភរិយាដែលមានភេទដូចអ្នកអវត្តមានជាញឹកញាប់ឡើយ ។
-
រាយការណ៍ទៅការិយាល័យបេសកកម្មភ្លាមអំពីបញ្ហាសុវត្ថិភាពណាមួយ រួមទាំងមនុស្សម្នាក់ដែលកំពុងឃ្លាំមើលគេហដ្ឋានរបស់អ្នក ឬធ្វើឲ្យអ្នកមានអារម្មណ៍ពុំមានសុវត្ថិភាព ។
-
អនុញ្ញាតឲ្យតែពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតដែលមានភេទដូចគ្នាប៉ុណ្ណោះ ដើម្បីសម្រាកនៅគេហដ្ឋានរបស់អ្នកនៅយប់ផ្លាស់ប្ដូរដៃគូដែលបានអនុម័ត ។
-
ចំណាយមូលនិធិដ៏ចាំបាច់ដើម្បីរក្សាគេហដ្ឋានរបស់អ្នកឲ្យមានសុវត្ថិភាព ។ ឧទាហរណ៍ ប្ដូរអំពូលភ្លើងដែលឆេះ ប្រសិនបើចាំបាច់ ។
៧.៩.២
ភាពស្អាត និងការថែទាំ
ថែរក្សាគេហដ្ឋានរបស់អ្នកឲ្យបានស្អាត ៖
-
បោសសម្អាតនៅថ្ងៃរៀបចំខ្លួន ( សូមមើល ២.៥.១ ) និងជាប្រចាំថ្ងៃ ប្រសិនបើចាំបាច់ ។
-
ធ្វើតាមសេចក្ដីណែនាំដើម្បីការពារសត្វល្អិត ( សូមមើល ៧.៧.៤ ) នៅក្នុងគេហដ្ឋានរបស់អ្នក ។
-
ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ក្នុងផ្ទះដោយសុវត្ថិភាព ជាពិសេសចង្ក្រាន និងម៉ាស៊ីនកម្តៅ ។
-
កុំចិញ្ចឹមសត្វគ្រប់ប្រភេទ ។
គេហដ្ឋានរបស់អ្នកនឹងមានការត្រួតពិនិត្យជាទៀងទាត់ ដើម្បីធ្វើឲ្យប្រាកដថា វាមានលក្ខណៈសមរម្យ សុវត្ថិភាព ហើយត្រូវបានថែទាំងយ៉ាងល្អ ។
សូមមើលវីដេអូទាំងពីរនេះដើម្បីទទួលបានព័ត៌មានបន្ថែម អំពីការធ្វើឲ្យគេហដ្ឋានមានសុវត្ថិភាព ។
៧.១០
សុវត្ថិភាពនៃមធ្យោបាយធ្វើដំណើរ
សូមធ្វើតាមសេចក្ដីណែនាំអំពីសុវត្ថិភាពដែលគូសបង្ហាញនៅក្នុងអនុវគ្គដូចខាងក្រោម ។
៧.១០.១
ការដើរ
ពេលកំពុងដើរ ៖
-
ប្រសិនបើអាចធ្វើបាន ដើរបញ្ច្រាសពីចរាចរណ៍ ។
-
សូមនៅក្នុងតំបន់ដែលមានភ្លើង ពេលមេឃងងឹត ។
-
ផ្លាស់ប្ដូរផ្លូវ និងពេលវេលាដែលអ្នកធ្វើដំណើរក្នុងតំបន់របស់អ្នក ។ ធ្វើតាមការបំផុសគំនិតដើម្បីផ្លាស់ប្ដូរផ្លូវ ឬទម្លាប់ធ្វើដំណើររបស់អ្នក ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែម អំពីសុវត្ថិភាពពេលកំពុងដើរ ។
៧.១០.២
ការជិះកង់
ពេលកំពុងជិះកង់ ៖
-
ធ្វើតាមច្បាប់ និងសេចក្ដីណែនាំស្ដីពីសុវត្ថិភាពនៃការជិះកង់ រួមទាំងការពាក់មួកសុវត្ថិភាពដែលមានគុណភាព ការប្រើឧបករណ៍ដែលមានចំណាំងផ្លាត និងការលើកដៃជាសញ្ញា ប្រសិនបើសមរម្យ ។
-
កុំសន្និដ្ឋានថាអ្នកមានសិទ្ធិអាទិភាពជានិច្ចឡើយ ។
-
ព្យាយាមចៀសវាងពីការជិះកង់ពេលអាកាសធាតុមិនល្អ ក្នុងចរាចរណ៍កកស្ទះ ឬពេលមេឃងងឹត ។ ចៀសវាងការជិះកង់ទន្ទឹមគ្នា ឬជិះកៀកខ្លាំងពេក ។
-
សូមជិះនៅក្នុងចម្ងាយសុវត្ថិភាពមួយពីដៃគូរបស់អ្នក ប៉ុន្តែអាចមើលឃើញគ្នា ។
-
ថែទាំកង់របស់អ្នកឲ្យបានល្អ រួមមាន អំពូលបំភ្លឺផ្លូវ អំពូលខាងក្រោយ និងចំណាំងផ្លាតពីចំហៀង និងលើឧបករណ៍នានា ។
-
ចាក់សោរកង់របស់អ្នក ពេលអត់ប្រើប្រាស់វា ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែម អំពីសុវត្ថិភាពនៃការជិះកង់ ។
៧.១០.៣
ការប្រើប្រាស់យានយន្ត
ប្រសិនបើអ្នកត្រូវបានចាត់តាំងឲ្យបើករថយន្តនៅអំឡុងបេសកកម្មរបស់អ្នក សូមប្រើប្រាស់តែរថយន្តបេសកកម្មប៉ុណ្ណោះ ។ ដើម្បីបើកបររថយន្តបេសកកម្មមួយ អ្នកត្រូវតែមានប័ណ្ណបើកបរស្របច្បាប់នៅក្នុងប្រទេសដែលអ្នកកំពុងបម្រើ បង្ហាញថាអ្នកយល់ពីបទដ្ឋានរបស់រថយន្តបេសកកម្ម និងមានការអនុមតិមកពីអ្នកដឹកនាំបេសកកម្ម ។ សូមធ្វើតាមសេចក្ដីណែនាំទាំងនេះផងដែរ ៖
-
សូមយល់ថា អ្នក និងដៃគូរបស់អ្នកមានការទទួលខុសត្រូវសម្រាប់សុវត្ថិភាព មិនថានរណាបើកបរនោះទេ ។
-
ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកបរដោយប្រុងប្រយ័ត្ន បើកភ្លើងបំភ្លឺផ្លូវនៅពេលយប់ និងថ្ងៃ ហើយប្រុងប្រយ័ត្នមិនថាអ្នកជាអ្នកដំណើរ ឬអ្នកបើកបរឡើយ ។
-
ប្រសិនបើអ្នកកំពុងបើកបរ កុំបែកអារម្មណ៍មើលអ្វីផ្សេង រួមទាំងការប្រើទូរសព្ទ ឬប្រព័ន្ធសំឡេងនៅក្នុងរថយន្ត ។
-
ប្រសិនបើអ្នកជាអ្នករួមដំណើរ សូមជួយអ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន ។
-
ប្រសិនបើអ្នកជាអ្នករួមដំណើរ ឈរនៅខាងក្រៅរថយន្តក្នុងចម្ងាយដ៏មានសុវត្ថិភាព ដើម្បីជួយប្រាប់នៅពេលគាត់ ឬនាងបើករថយន្តថយក្រោយ ។
-
សម្រាប់ហេតុផលសុវត្ថិភាព និងភាពទទួលខុសត្រូវ អ្នកមិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់ជិះក្នុងរថយន្តរបស់អ្នកឡើយ លើកលែងតែពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតដែលមានភេទដូចអ្នកប៉ុណ្ណោះ ។
-
បើកបរស្របតាមចំនួនគីឡូម៉ែត្រដែលអ្នកបានអនុញ្ញាតឲ្យ ។
-
កុំឆ្កឹះឆ្គាលឧបករណ៍វាស់ចម្ងាយ ឬឧបករណ៍សុវត្ថិភាពណាមួយដែលបានដំឡើងនៅក្នុងរថយន្ត ។
-
ថែរក្សារថយន្តរបស់អ្នកឲ្យបានស្អាត ហើយថែទាំវាឲ្យបានល្អ ។
-
ប្រសិនបើអ្នកជួបគ្រោះថ្នាក់ សូមមើលក្នុងកញ្ចប់ អ្វីដែលអ្នកត្រូវធ្វើប្រសិនបើអ្នកមានគ្រោះថ្នាក់ ដែលគួរតែមាននៅក្នុងថតខាងមុខនៃរថយន្ត ។ ទាក់ទងទៅអ្នកសម្របសម្រួលផ្នែករថយន្តក្នុងបេសកកម្មភ្លាម ។
សូមមើលវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែម អំពីសុវត្ថិភាពនៃការប្រើរថយន្ត ។
៧.១០.៤
ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ
ពេលកំពុងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ៖
-
សូមប្រើមធ្យោបាយធ្វើដំណើរសាធារណៈដែលបានអនុម័តសម្រាប់បេសកកម្មរបស់អ្នកប៉ុណ្ណោះ ។
-
ស្គាល់ផ្លូវ និងតំបន់នៃមធ្យោបាយធ្វើដំណើរសាធារណៈដែលអ្នកធ្វើដំណើរ ។
-
អង្គុយនៅក្បែរអ្នកបើកបរ ប្រសិនបើអាចធ្វើបាន ។ ដាក់កាបូបរបស់អ្នកនៅពីមុខអ្នក ប្រសិនបើធ្វើដូច្នោះវាមានសុវត្ថិភាពជាង ។
៧.១១
ពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាព
ប្រើសេចក្ដីណែនាំទូទៅទាំងនេះសម្រាប់ការធ្វើពិធីបរិសុទ្ធ និងពរជ័យនៃបព្វជិតភាព ។ ព័ត៌មាននៅក្នុងវគ្គនេះត្រូវបានសង្ខេបចេញមកពីជំពូក ២០ នៃ ក្បួនខ្នាតភាគ ២ ៖ការគ្រប់គ្រងសាសនាចក្រ ( ឆ្នាំ ២០១០ ) ។
កំណត់ចំណាំ ៖ ដូចដែលបានពន្យល់នៅក្នុងវគ្គដូចតទៅនេះ ពិធីបរិសុទ្ធមួយចំនួនត្រូវផ្ដល់សិទ្ធិអនុញ្ញាតដោយសិទ្ធិអំណាចទូទៅជាអធិបតីដែលកាន់កូនសោត្រឹមត្រូវ ។
៧.១១.១
ការគ្រប់គ្រងនៅក្នុងបព្វជិតភាព ៖ សេចក្ដីណែនាំទូទៅសម្រាប់អ្នកកាន់បព្វជិតភាពមិលគីស្សាដែក
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកគួរតែខិតខំជានិច្ចដើម្បីមានភាពស័ក្ដិសម ហើយទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេគួរតែធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរនីមួយៗក្នុងរបៀបដ៏លើកតម្កើងមួយ ដោយប្រាកដថា វាបំពេញតាមតម្រូវការដូចខាងក្រោមនេះ ៖
-
វាគួរតែត្រូវបានធ្វើឡើងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
វាគួរតែត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។
-
វាគួរតែត្រូវបានធ្វើឡើងជាមួយនឹងនីតិវិធីចាំបាច់នានា ដូចជាការប្រើពាក្យជាក់លាក់ ឬការប្រើប្រេងឧទ្ទិសជាដើម ។
-
វាគួរតែទទួលបានសិទ្ធិអនុញ្ញាតមកពីអ្នកមានសិទ្ធិអំណាចជាអធិបតីដែលកាន់កូនសោត្រឹមត្រូវ ( ជាធម្មតា ប៊ីស្សព ប្រធានស្តេក ឬប្រធានបេសកកម្ម ) ប្រសិនបើចាំបាច់ស្របតាមសេចក្ដីណែនាំនៅក្នុងវគ្គនេះ ។
អ្នកដែលផ្ដល់ការប្រសិទ្ធពរបព្វជិតភាពនិយាយពាក្យនៃការប្រសិទ្ធពរ ( « ខ្ញុំ[ឬយើង]ប្រសិទ្ធពរអ្នកថា … ) ជាជាងការនិយាយការអធិស្ឋានមួយថា ( « ព្រះវរបិតាសួគ៌ សូមប្រទានពរដល់បុគ្គលនេះថា … » ) ។
ពេលបងប្អូនប្រុសពីរបីនាក់ចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមួយ ពួកគាត់ម្នាក់ៗដាក់ដៃខាងស្ដាំស្រាលៗលើក្បាលរបស់បុគ្គលនោះ ( ឬពីក្រោមទារកដែលទទួលការប្រសិទ្ធពរ ) ហើយដៃខាងឆ្វេងទៅលើស្មារបស់បងប្អូនប្រុសដែលនៅខាងឆ្វេងគាត់ ។
មានតែបងប្អូនប្រុសដែលមានបព្វជិតភាពចាំបាច់ ហើយស័ក្ដិសមប៉ុណ្ណោះ ទើបអាចធ្វើពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមួយបាន ។ តាមការដឹកនាំពីព្រះវិញ្ញាណ ប៊ីស្សព និងប្រធានស្តេកមានការញាណដឹងដើម្បីអញ្ជើញបងប្អូនប្រុសដែលកាន់បព្វជិតភាព ដែលពុំមានភាពស័ក្ដិសមពេញលេញចូលព្រះវិហារបរិសុទ្ធ ដើម្បីធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួន ( សូមមើល ក្បួនខ្នាត ភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ២០.១.២ ) ។
ការអញ្ជើញគ្រួសារ មិត្តភក្ដិ និងថ្នាក់ដឹកនាំជាច្រើនដើម្បីជួយនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមួយគឺពុំត្រូវបានលើកទឹកចិត្តឡើយ ដោយសារវាមើលទៅចម្លែកចំពោះមនុស្សមួយចំនួន ហើយធ្វើឲ្យមានការឆ្គងដើម្បីធ្វើពិធីបរិសុទ្ធនោះ ។
៧.១១.២
ការជ្រមុជទឹក
ប្រធានបេសកកម្មកាន់កូនសោសម្រាប់ការជ្រមុជទឹកពួកអ្នកប្រែចិត្តជឿ ។ នៅក្រោមការដឹកនាំនៃអ្នកមានសិទ្ធិអំណាចជាអធិបតី សង្ឃឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដ៏ស័ក្ដិសមម្នាក់អាចធ្វើពិធី បរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ។ ដើម្បីធ្វើដូច្នេះបានគាត់ត្រូវ ៖
-
ឈរនៅក្នុងទឹកជាមួយនឹងបុគ្គលទទួលពិធីបុណ្យជ្រមុជទឹកនោះ ។
-
កាន់កដៃស្ដាំរបស់បុគ្គលនោះដោយប្រើដៃឆ្វេងរបស់គាត់ ( សម្រាប់ភាពងាយស្រួល និងសុវត្ថិភាព ) បុគ្គលដែលត្រូវជ្រមុជទឹកកាន់កដៃខាងឆ្វេងរបស់អ្នកកាន់បព្វជិតភាពដោយប្រើដៃស្ដាំរបស់គាត់ ឬនាង ។
-
លើកដៃស្តាំរបស់គាត់ជាកែង ។
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ហើយនិយាយថា « ដោយបានទទួលការអនុញ្ញាតពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ) ។
-
អនុញ្ញាតឲ្យបុគ្គលនោះខ្ទប់ច្រមុះគាត់ ឬនាងដោយប្រើដៃស្ដាំ ( សម្រាប់ភាពងាយស្រួល ) ។ អ្នកកាន់បព្វជិតភាពដាក់ដៃស្ដាំរបស់គាត់ទ្រខ្នងរបស់បុគ្គលនោះ ហើយជ្រមុជបុគ្គលនោះឲ្យលិចទាំងស្រុងចូលទៅក្នុងទឹក រួមទាំងសម្លៀកបំពាក់របស់បុគ្គលនោះផងដែរ ។
-
ជួយបុគ្គលនោះឲ្យងើបឡើងពីក្នុងទឹកមកវិញ ។
ដូចដែលបានពិពណ៌នានៅ ក្នុង ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ២០.៣.៧ សាក្សីពីរនាក់ត្រូវប្រាកដថា ពិធីបុណ្យជ្រមុជទឹកនីមួយៗត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ។ ពិធីបុណ្យជ្រមុជទឹកត្រូវតែធ្វើឡើងវិញ ប្រសិនបើពាក្យពេចន៍ពុំត្រូវបាននិយាយត្រឹមត្រូវតាមពាក្យដែលបានចែងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ឬប្រសិនបើផ្នែកនៃរូបកាយ ឬសម្លៀកបំពាក់របស់បុគ្គលនោះពុំបានលិចទាំងស្រុងទៅក្នុងទឹក ។
៧.១១.៣
ការបញ្ជាក់
ប្រធានបេសកកម្មកាន់កូនសោសម្រាប់ការបញ្ជាក់ពួកអ្នកប្រែចិត្តជឿ ។ ប៉ុន្តែប៊ីស្សពមើលខុសត្រូវលើការធ្វើពិធីបញ្ជាក់ទាំងអស់ ។ គាត់ត្រូវប្រាកដថា អ្នកប្រែចិត្តជឿត្រូវបានបញ្ជាក់នៅក្នុងការប្រជុំសាក្រាម៉ង់នៃវួដដែលពួកគេចូលរួម ជាទូទៅនៅថ្ងៃអាទិត្យបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ អ្នកប្រែចិត្តជឿពុំត្រូវបានបញ្ជាក់នៅក្នុងកម្មវិធីពិធីបុណ្យជ្រមុជទឹកទេ ។
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬពីរនាក់អាចចូលរួមនៅក្នុងពិធីបញ្ជាក់នោះ ។ ពួកគាត់ដាក់ដៃថ្នមៗនៅលើក្បាលរបស់បុគ្គលនោះ ។ បន្ទាប់មកបុគ្គលដែលធ្វើពិធីបរិសុទ្ធ ៖
-
ហៅឈ្មោះពេញរបស់បុគ្គលរូបនោះ ។
-
និយាយថា ពិធីបរិសុទ្ធត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
បញ្ជាក់ថា បុគ្គលនោះជាសមាជិកមួយរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ប្រើពាក្យថា « ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » ( ពុំមែន « ចូរទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធចុះ » នោះទេ ) ។
-
ផ្ដល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
៧.១១.៤
ការឧទ្ទិសប្រេង
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬច្រើននាក់ត្រូវតែឧទ្ទិសប្រេងអូលីវមុនពេលវាត្រូវបានប្រើប្រាស់ ដើម្បីចាក់ប្រេងតាំងដល់អ្នកឈឺ ឬអ្នករងទុក្ខ ។ គ្មានប្រេងដទៃទៀតអាចត្រូវបានប្រើឡើយ ។ ដើម្បីឧទ្ទិសប្រេងអ្នកកាន់បព្វជិតភាពត្រូវ ៖
-
កាន់ដបប្រេងអូលីវដែលបើកគម្របរួច ។
-
ហៅព្រះនាមរបស់ព្រះវរបិតាសួគ៌ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ឧទិ្ទសប្រេង ( មិនមែនដបនោះទេ ) ហើយញែកវាចេញសម្រាប់ការលាបប្រេង និងប្រសិទ្ធពរដល់អ្នកឈឺ និងអ្នកជួបទុក្ខលំបាក ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
៧.១១.៥
ការព្យាបាលអ្នកឈឺ និងអ្នករងទុក្ខ
ព្រះយេស៊ូវបានប្រទានសិទ្ធិអំណាចបព្វជិតភាពដល់ពួកសាវករបស់ទ្រង់ដើម្បី « ប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង » ( ម៉ាកុស ៣:១៥ ) ។ ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែកមានសិទ្ធិអំណាចដូចគ្នា ។ សូមប្រើអំណោយទានឲ្យបានត្រឹមត្រូវ ហើយជាញឹកញាប់ ។
មានតែអ្នកកាន់បព្វជិតភាពមិលគីស្សាដែកប៉ុណ្ណោះ ដែលអាចព្យាបាលដល់អ្នកឈឺ ឬអ្នករងទុក្ខបាន ។ ជាធម្មតា អ្នកកាន់បព្វជិតភាពពីរនាក់ ឬច្រើនធ្វើការព្យាបាលដល់អ្នកឈឺ បុន្តែមនុស្សម្នាក់អាចធ្វើទាំងការចាក់ប្រេងតាំង និងការផ្សារភ្ជាប់តែម្នាក់ឯងបានបើចាំបាច់ ។
ប្រសិនបើគ្មានប្រេងឧទ្ទិស នោះការប្រសិទ្ធពរអាចត្រូវបានប្រគល់ឲ្យដោយសិទ្ធិអំណាចនៃបព្វជិតភាព ដោយគ្មានការចាក់ប្រេងតាំង ។
ជាធម្មតា ស្វាមី ឬឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែកស័ក្តិសមគួរតែធ្វើការព្យាបាលដល់សមាជិកដែលឈឺនៅក្នុងគ្រួសាររបស់គាត់ ។
បងប្អូនប្រុសគួរតែធ្វើការព្យាបាលដល់អ្នកឈឺតាមការស្នើសុំរបស់អ្នកឈឺ ឬអស់អ្នកទាំងឡាយណាដែលត្រូវការការយកចិត្តទុកដាក់ច្រើន ដើម្បីឲ្យការប្រសិទ្ធពរនោះបានទទួលតាមសេចក្ដីជំនឿរបស់ពួកគេ ។ ពួកអ្នកកាន់បព្វជិតភាពមែលគីស្សាដែក ដែលទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ មិនគួរសូមឱកាសធ្វើការព្យាបាលដល់អ្នកជំងឺឡើយ ។
ប្រសិនបើបុគ្គលម្នាក់សូមការប្រសិទ្ធពរច្រើនជាងម្តងសម្រាប់ជំងឺដដែល នោះអ្នកកាន់បព្វជិតភាពមិនចាំបាច់ចាក់ប្រេងតាំង បន្ទាប់ពីការប្រសិទ្ធពរលើកដំបូងនោះទេ ។ ផ្ទុយទៅវិញ គាត់ផ្ដល់ការប្រសិទ្ធពរ ដោយការដាក់ដៃលើក្បាល និងសិទ្ធិអំណាចបព្វជិតភាពមិលគីស្សាដែក ។
ការព្យាបាលអ្នកឈឺមានពីរផ្នែក ៖ (១) ការលាបប្រេង និង (២) ការផ្សារភ្ជាប់ប្រេង ។
ការលាបប្រេងតាំង
ការលាបប្រេងត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពមួយរូប ។ គាត់ ៖
-
ដាក់ប្រេងដែលបានឧទិ្ទសមួយតំណក់នៅលើក្បាលរបស់បុគ្គលរូបនោះ ។
-
ដាក់ដៃរបស់គាត់ស្រាលៗនៅលើក្បាលរបស់បុគ្គលរូបនោះ ហើយហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ថ្លែងថា គាត់កំពុងលាបប្រេងដែលត្រូវបានឧទ្ទិសសម្រាប់ការលាប និងការផ្តល់ពរជ័យដល់អ្នកឈឺ និងអ្នកជួបទុក្ខលំបាក ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ពិធីផ្សារភ្ជាប់ការលាបប្រេង
ជាធម្មតា អ្នកកាន់បព្វជិតភាពមិលគីស្សាដែកពីរនាក់ ឬច្រើនដាក់ដៃរបស់ពួកគាត់ស្រាលៗនៅលើក្បាលរបស់បុគ្គលនោះដើម្បីផ្សារភ្ជាប់ការលាបប្រេង ប៉ុន្តែ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់អាចធ្វើការប្រសិទ្ធពរម្នាក់ឯងបាន បើចាំបាច់ ។ នៅពេលផ្សារភ្ជាប់ការលាបប្រេង អ្នកកាន់បព្វជិតភាពមិលគីស្សាដែក ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
ថ្លែងថា គាត់កំពុងផ្សារភ្ជាប់ប្រេង ដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ផ្តល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
៧.១១.៦
ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សា
ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចផ្ដល់ការប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សាដល់អ្នកដទៃដែលសូមការប្រសិទ្ធពរពីពួកគាត់ផងដែរ ។ សម្រាប់ការប្រសិទ្ធពរបែបនេះ អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់ដាក់ដៃពួកគាត់ស្រាលៗលើក្បាលរបស់បុគ្គលនោះ ។ បន្ទាប់មកអ្នកកាន់បព្វជិតភាពដែលផ្តល់ការប្រសិទ្ធពរត្រូវ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
និយាយថា ការប្រសិទ្ធពរត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ផ្តល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ពួកអ្នកផ្សព្វផ្សាយសាសនាដែលផ្ដល់ការប្រសិទ្ធពរដល់សមាជិកគួរតែរាយការណ៍ពីការប្រសិទ្ធពរដល់ប៊ីស្សពរបស់សមាជិករូបនោះដោយផ្ទាល់ ឬតាមរយៈប្រធានកូរ៉ុមអែលឌើរ ឬអ្នកដឹកនាំបេសកកម្មក្នុងវួដ ដែលពួកគេនឹងប្រាប់ប៊ីស្សពនៅពេលក្រោយ ។