ការហៅ​ក្នុង​បេសកកម្ម
៧. ឧបសម្ព័ន្ធ


ឧបសម្ព័ន្ធ

៧.០

សេចក្ដីផ្ដើម

នៅពេល​ចាំបាច់ និង​សមរម្យ​ចំពោះ​បេសកកម្ម និង​កាលៈទេសៈ​របស់​អ្នក សូម​ធ្វើ​តាម​សេចក្ដីណែនាំ​បន្ថែម​ទៀត​ដែល​បាន​គូស​បង្ហាញ​នៅ​ក្នុង​ឧប្បសម្ព័ន្ធ​នេះ ។

៧.១

ការ​ទទួល​ខុសត្រូវ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង

ការ​ចាត់​តាំង និង​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ដឹកនាំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង មាន​រួម​បញ្ចូល ប៉ុន្តែ​ពុំ​បាន​កំណត់​ទេ ចំពោះ​បុគ្គល​ដែល​បាន​រាយនាម​ដូច​ខាង​ក្រោម ។

ដៃ​គូ​រៀមច្បង

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ក្នុង​ភាពជា​ដៃ​គូ​នីមួយៗ​ត្រូវ​បាន​ចាត់តាំង​ជា​ដៃ​គូ​រៀមច្បង ។ ដៃ​គូ​រៀមច្បង ៖

  • ដឹកនាំ​ដៃ​គូ​ដើម្បី​សម្រេច​កិច្ចការ​នៅ​ក្នុង​តំបន់​បង្រៀន​ដែល​បាន​ចាត់​តាំង ។

  • លើក​ទឹក​ចិត្ត​ដៃ​គូ​ឲ្យ​សិក្សា អធិស្ឋាន ធ្វើ​តាម​កាល​វិភាគ​ប្រចាំ​ថ្ងៃ ហើយ​រក្សា​កំណត់ត្រា​ឲ្យ​បាន​ត្រឹមត្រូវ ។

  • ជួយ​ដៃ​គូ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ប្រពៃ​ម្នាក់ ។

  • ទទួល​ស្គាល់ ហើយ​ចង្អុល​បង្ហាញ​ពី​ជំនាញ ទេពកោសល្យ និង​ការ​ខិតខំ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ដៃ​គូ​របស់​ខ្លួន ។

  • ធ្វើបទបង្ហាញ​ពី​របៀប​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ និង​សមាជិក​ក្នុង​មូលដ្ឋាន​ដើម្បី​សម្រប​សម្រួល​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

អ្នក​បង្ហាត់​បង្រៀន

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ត្រូវ​បាន​ចាត់តាំង​ឲ្យ​បម្រើ​ជា​អ្នក​បង្ហាត់​បង្រៀន និង​ធ្វើ​ជា​ដៃ​គូ​រៀម​ច្បង​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី​ម្នាក់ៗ ។ អ្នក​បង្ហាត់​បង្រៀន ៖

  • ធ្វើ​ការ​ជាមួយគ្នា ហើយ​បង្ហាត់​បង្រៀន​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី​ដោយ​សេចក្ដី​ស្រឡាញ់ ការ​អត់ធ្មត់ សេចក្ដីសប្បុរស និង​ការ​អាណិត​អាសូរ ។

  • គោរព​ដល់​ការ​ចូល​រួម​ចំណែក និង​គំនិត​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី ក្នុង​នាម​ជា​ដៃ​គូ​ស្មើ​ភាព​គ្នា ។

  • ចំណាយ​ពេល​បង្ហាត់​បង្រៀន​បន្ថែម​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ការ​សិក្សា​ជា​ដៃ​គូ ( សូមមើល « សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី ៖ ការ​សិក្សា​បន្ថែម​ជា​ដៃ​គូ » នៅក្នុង « បុព្វកថា ៖ តើ​ខ្ញុំ​អាច​ប្រើ​ប្រកាស​ដំណឹងល្អ​របស់​យើង​បាន​ល្អ​បំផុត​ដោយ​របៀប​ណា ? » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង [ ឆ្នាំ ២០១៨ ] ទំព័រ vii–xi ) ។

  • សិក្សា​បទដ្ឋាន​នៅ​ក្នុង​ក្បួន​ខ្នាត​នេះ​ជាមួយ​ដៃ​គូ​របស់​ខ្លួន​ប្រចាំ​ថ្ងៃ ។

  • បង្ហាត់​បង្រៀន​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី​អំពី​ប្រធាន​បទ​ដែល​មាន​នៅ​ក្នុង​ធនធាន​ស្ដីពី សុវត្តិភាព​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា និងការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ធ្វើបទបង្ហាញ​ពី​របៀប​ដើម្បី​សម្រប​សម្រួល​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ និង​សមាជិក​ក្នុង​មូលដ្ឋាន ។

អ្នក​ដឹកនាំ​មណ្ឌល

អែលឌើរ​ម្នាក់ ត្រូវ​បាន​ចាត់តាំង​ឲ្យ​បម្រើ​ជា​អ្នក​ដឹកនាំ​មណ្ឌល​នៅ​ក្នុង​មណ្ឌល​មួយ​ដែល​មាន​តំបន់​បង្រៀន​ជា​ច្រើន ។ អ្នក​ដឹកនាំ​មណ្ឌល ៖

  • ដឹកនាំ បង្ហាត់​បង្រៀន ហើយ​ប្រឹក្សា​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ក្រុមប្រឹក្សា​មណ្ឌល​ប្រចាំ​សប្ដាហ៍ ។

  • ធ្វើ​ការ​សម្ភាសន៍​អ្នក​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ( សូមមើល ២.៣.៦ ) ។

  • រៀបចំ​ការ​ផ្លាស់ប្ដូរ​ដៃ​គូ​ជាមួយ​នឹង​ពួកអែលឌើរ​នៅ​ក្នុង​មណ្ឌល​របស់​គាត់ ( សូមមើល ២.៣.១ ) ។

  • ធ្វើ​ការ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ និង​សមាជិក​វួដ​ក្នុង​មូលដ្ឋាន​ដើម្បី​សម្រប​សម្រួល​ដល់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

  • រាយការណ៍​ទៅ​អ្នក​ដឹកនាំ​ហ្សូន​ដោយ​ផ្ទាល់ ។

ស៊ីស្ទើរ​ដែល​ជា​អ្នក​ដឹកនាំ​បង្ហាត់​បង្រៀន និង​ជា​អ្នក​ដឹកនាំ​ហ្សូន

ស៊ីស្ទើរ​ពីរ​រូប​ត្រូវ​បាន​ចាត់តាំង​ឲ្យ​បម្រើ​ជា​ដៃ​គូ​ជា​ស៊ីស្ទើរ​ដែល​ជា​អ្នក​ដឹកនាំ​ការបង្ហាត់​បង្រៀន​នៅក្នុង​ហ្សូន​មួយ ឬ​ច្រើន ។ ពួកគេ​មាន​ការ​ទទួល​ខុសត្រូវ​សម្រាប់​ការ​បង្ហាត់​បង្រៀន និង​សុខុមាលភាព​របស់​ស៊ីស្ទើរ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ចាត់​ឲ្យ​ពួកគេ ។ ពួកគេ​ក៏​ជា​សមាជិក​នៃ​មណ្ឌល និង​ហ្សូន ហើយ​ជួយ​ប្រធាន​បេសកកម្ម អ្នក​ដឹកនាំ​ហ្សូន និង​អ្នក​ដឹកនាំ​មណ្ឌល​ក្នុង​ការ​ប្រជុំ​បំពាក់​បំប៉ន និង​នៅ​សន្និសីទ​ហ្សូន​ផង​ដែរ ។

អែលឌើរ​ពីរ​រូប​ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​ជា​ដៃ​គូ​ជា​អ្នក​ដឹកនាំ​ហ្សូន​នៅ​ក្នុង​ហ្សូន​មួយ ។ ពួកគេ​មាន​ការ​ទទួល​ខុសត្រូវ​សម្រាប់​ការ​បង្ហាត់​បង្រៀន និង​សុខុមាលភាព​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​រូប​ដែល​បាន​ចាត់​ឲ្យ​បម្រើ​នៅ​ហ្សូន​របស់​ពួកគេ ។ ពួកគេ​ក៏ ជួយ​ប្រធាន​បេសកកម្ម​នៅ​ក្នុង​ការ​ប្រជុំ​បំពាក់​បំប៉ន និង​សន្និសីទ​ហ្សូន​ផង​ដែរ ។

ស៊ីស្ទើរ​ដែល​ជា​អ្នក​ដឹកនាំ​ការបង្ហាត់​បង្រៀន និង​អ្នក​ដឹកនាំ​ហ្សូន ៖

  • ដឹកនាំ បង្ហាត់​បង្រៀន ហើយ​រៀបចំ​ការ​ផ្លាស់ប្ដូរ​ដៃគូ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ហ្សូន​ដែល​ពួកគេ​មើលខុសត្រូវ ។ ស៊ីស្ទើរ​ដែល​ជា​អ្នក​ដឹកនាំ​ការ​បង្ហាត់​បង្រៀន​រៀបចម្ការផ្លាស់ប្ដូរ​ដៃ​គូ​ជាមួយ​នឹង​ពួក​ស៊ីស្ទើរ ហើយ​អ្នក​ដឹកនាំ​ហ្សូន​ផ្លាស់ប្ដូរ​ដៃ​គូ​នឹង​ពួក​អែលឌើរ ។

  • ធ្វើ​ការ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ និង​សមាជិក​ក្នុង​មូលដ្ឋាន ដើម្បី​សម្រប​សម្រួល​ដល់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

  • ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​អ្នក​ដឹកនាំ​បេសកកម្ម ។

  • រាយការណ៍​ទៅ​ប្រធាន​បេសកកម្ម​ដោយ​ផ្ទាល់ ។

អ្នក​ដឹកនាំ​ហ្សូន​ក៏​ធ្វើ​ការ​សម្ភាសន៍​អ្នក​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​ផង​ដែរ ( សូមមើល ២.៣.៦ ) ។

ជំនួយ​ការ​ប្រធាន

អែលឌើរ​ពីរ​រូប​ត្រូវ​បាន​ចាត់តាំង​ឲ្យ​បម្រើ​ជា​ដៃ​គូ​ជា​ជំនួយ​ការ​ប្រធាន​បេសកកម្ម ។ ជំនួយការ ៖

  • រៀបចំ​ការ​ផ្លាស់ប្ដូរ​ដៃ​គូ​ជាមួយ​នឹង​ពួកអ្នក​ដឹកនាំ​ហ្សូន និង​ពួក​ពួកអែលឌើរ​ផ្សេង​ទៀត ( សូមមើល ២.៣.១ ) ។

  • ផ្ដល់​ការ​បង្ហាត់​បង្រៀន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​អ្នក​ដឹកនាំ​បេសកកម្ម និង​សន្និសីទ​ហ្សូន​តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​បេសកកម្ម ។

  • អាច​ផ្ដល់​ការ​ប្រឹក្សា​ស្ដី​ពី​ការ​ផ្លាស់ប្ដូរ​តំបន់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​ការ​ចាត់​តាំង​ជា​អ្នក​ដឹកនាំ ប៉ុន្តែ​ពួកគេ​ពុំ​មែន​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នោះ​ទេ ។

  • រាយការណ៍​ទៅ​ប្រធាន​បេសកកម្ម​ដោយ​ផ្ទាល់ ។

៧.២

សេចក្ដី​ណែនាំ​ស្តីពី​ការ​បម្រើ

សូម​ធ្វើ​តាម​សេចក្ដីណែនាំ​ស្តីពី​ការ​បម្រើ​ដែល​គូស​បង្ហាញ​នៅ​ក្នុង​អនុវគ្គ​ដូច​ខាង​ក្រោម ។

៧.២.១

សកម្មភាព​បម្រើ​ដែល​បាន​រៀបចំ​ជា​ផ្លូវការ

អ្នក​អាច​ស្វែង​រក​ឱកាស​បម្រើ​តាមរយៈ​អង្គការ​នានា​ដូចជា JustServe.org ( ប្រសិន​បើ​មាន ) ដូច​ដែល​បាន​ដឹកនាំ​ពី​អ្នក​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

នៅពេល​កំពុង​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​បម្រើ​ដែល​បាន​រៀបចំ​មួយ សូម​ចងចាំ​ពី​បទដ្ឋាន​ដូច​តទៅ​នេះ ៖

  • កំណត់​ការ​បម្រើ​តែ​នៅ​ពេល​ថ្ងៃ ។

  • ចៀសវាង​ការ​បម្រើ​អំឡុង​ពេល​ស្វែង​រក និង​ពេល​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត លើក​លែង​តែ​បាន​ដឹកនាំ ដោយ​ប្រធាន​បេសកកម្ម​របស់​អ្នក​ប៉ុណ្ណោះ ។

  • ចូល​រួម​នៅក្នុង​គម្រោង​បម្រើ​នៅក្នុង​សហគមន៍ នៅពេល​ដែ​មាន ។

  • ចៀសវាង​ពី​សកម្មភាព​បម្រើ​នៅ​ថ្ងៃ​រៀបចំ​ខ្លួន ឬ​អំឡុង​ពេល​ដែល​មាន​ក្រុមប្រឹក្សា​មណ្ឌល ឬ​សន្និសីទ​ហ្សូន ។

  • កុំ​លុបចោល ឬ​កំណត់​ពេលណាត់​ជួប​ការបង្រៀន​ថ្មី ដើម្បី​ទៅ​ចូលរួម​គម្រោង​បម្រើ​ឡើយ លើក​លែង​តែ​បាន​ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​របស់​អ្នក​ប៉ុណ្ណោះ ។

  • នៅ​ជាមួយ​នឹង​ដៃគូ​របស់​អ្នក ពេល​អ្នក​បម្រើ ។

  • ត្រូវ​ពាក់​ស្លាក​ឈ្មោះ​របស់​អ្នក ប្រសិន​បើ​បាន​អនុញ្ញាត ហើយ​សូម្បី​តែ​សម្លៀក​បំពាក់​ធ្វើ​ការ​ក្ដី ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ។

  • កុំ​ចូល​រួម​ក្នុង​សកម្មភាព​ដែល​អ្នក​ត្រូវ​បង់​ថ្លៃ​ឲ្យ​សោះ ។

  • កុំ​តាំងចិត្ត​ចូលរួម​គម្រោង​ដែល​មាន​រយៈពេល​វែង​ដោយ​គ្មាន​ការ​អនុម័ត​ពី​អ្នក​ដឹកនាំ​បេសកកម្ម​របស់​អ្នក​ឡើយ ។

៧.២.២

សុវត្ថិភាព​អំឡុង​ឱកាស​បម្រើ

ដើម្បី​សុវត្ថិភាព​របស់​អ្នក​អំឡុង​ឱកាស​បម្រើ សូម​ប្រើ​សុភនិច្ឆ័យ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ និង​ធ្វើ​តាម​សេចក្ដី​ណែនាំ​ដូច​តទៅ​នេះ ៖

  • ធ្វើ​តែ​សកម្មភាព​ណា​ដែល​អ្នក​អាច​មាន​លទ្ធភាព​អាច​ធ្វើ​បាន ។

  • កុំ​ប្រើ​ឧបករណ៍​ដែល​មាន​ថាមពល ឬ​បើក ឬ​ជិះ​លើ​ម៉ាស៊ីន​ណា​មួយ​ឲ្យ​សោះ ( ដូចជា ត្រាក់ទ័រ រថយន្ត​សណ្ដោង ឬ​កុងទុន័រ​សន្តោង ) ។

  • ស្លៀក​ពាក់​សម្លៀក​បំពាក់​សមរម្យ ( ដូចជា​ស្រោម​ដៃ ឬ​អាវ​ដៃ​វែង ) ។

  • កុំ​ធ្វើ​ការ​នៅ​កន្លែង​ដែល​អ្នក​អាច​ធ្លាក់​ពី​ទី​ខ្ពស់ ( ដូចជា​នៅ​លើ​ដំបូល ឬ​លើ​ដើម​ឈើ ) ។

  • កុំ​ធ្វើ​ការ​នៅ​កន្លែង​ដែល​អ្នក​អាច​ជាប់ ឬ រង​របួស​ក្នុង​កន្លែង​បិទ​ជិត ( ដូចជា អណ្តូង​ជ្រៅៗ ) ។

  • កុំ​បម្រើ​នៅ​ក្នុង​សាលារៀន មជ្ឈមណ្ឌល​សុខភាព ឬ​កន្លែង​ណា​មួយ​ផ្សេង​ទៀត​ដែល​អ្នក​នឹង​នៅ​តែ​ម្នាក់ឯង​ជាមួយ​កុមារ រួម​ទាំង​នៅ​ក្នុង​ថ្នាក់​កុមារ ឬ​ថ្នាក់​ទារកដ្ឋាន​ផង​ដែរ ( សូមមើល ៣.៥.២ ) ។

សូមមើល​វីដេអូ​នេះដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម អំពី​ការ​ផ្ដល់​ការ​បម្រើ ។

៧.៣

គោរព​ចំពោះ​មនុស្ស​ដទៃ

សូម​ប្រព្រឹត្តិ​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​សប្បុរស និង​ការ​គោរព​ជានិច្ច ។ សូម​ធ្វើ​តាម​សេចក្ដីណែនាំ​បន្ថែម​ទៀត​នៅ​ក្នុង​វគ្គ​នេះ​ផង​ដែរ ។

៧.៣.១

ប្រធាន​បទ​សន្ទនា​ដែល​ត្រូវ​ចៀសវាង

ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​មនុស្ស​ដទៃ ហើយ​ការពារ​ដល់​សុវត្ថិភាព​របស់​អ្នក សូម​ចៀសវាង​ពី​ប្រធាន​បទ​សន្ទនា​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​កើតឡើង ។ ប្រធាន​បទ​ដែល​ត្រូវ​ចៀស​វាង​រួម​មាន នយោបាយ​ក្នុង​មូលដ្ឋាន និង​ថ្នាក់​ជាតិ​នៅ​តំបន់​ដែល​អ្នក​បម្រើ ក៏​សូម​ចៀស​វាង​ពី​ការ​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ខាង​នយោបាយ​ដោយ​សម្ងាត់ ឬ​ជា​សាធារណៈ​ផង​ដែរ ។ លើស​ពី​នេះ​ទៀត សូម​កុំ ៖

  • និយាយ​កំប្លែង​លេង​ពី​ភេវរកម្ម ឬ​សកម្មភាព​ពួក​ភេវរកម្មឡើយ ។

  • ផ្ដល់​យោបល់​ឲ្យ​មនុស្ស​ផ្លាស់​ទី​លំនៅ​ទៅ​ប្រទេស​មួយ​ទៀត—ទោះ​ជា​ទៅ​ធ្វើ​ការងារ ឬ​ទៅ​សិក្សា​ក្ដី ។

  • ផ្ដល់ ឬ​ធ្វើ​ការ​សន្យា​អំពី​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ឬ​ទិដ្ឋការ​ដល់​បុគ្គល​នៅ​ក្នុង​តំបន់​បេសកកម្ម​របស់​អ្នក​ឡើយ រួម​ទាំង​​ការងារ ការសិក្សា ទីលំនៅ ឬ​ការ​សូម​មក​ចិញ្ចឹម​ផងដែរ ។

៧.៣.២

ច្បាប់ និង​ទំនៀម​ទម្លាប់​ក្នុង​មូលដ្ឋាន

សូម​គោរព​ច្បាប់ និង​វិន័យ​ក្នុង​មូលដ្ឋាន​អំពី​ការ​ចែកចាយ​សម្ភារ ទំនៀម​ទម្លាប់ និង​បទបញ្ញត្តិ​ដែន​ស៊ីម៉ា ព្រមទាំង​តម្រូវការ​សម្រាប់​លិខិត​ឆ្លង​ដែន និង​ទិដ្ឋការ​ផងដែរ ។ ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​ច្បាប់ ប្រពៃណី និង​របៀប​របប​ក្នុង​មូលដ្ឋានទេ សូម​ស្នើសុំ​ជំនួយ​ពី​អ្នក​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

សូមមើល​វីដេអូ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​ឥរិយាបថ​ដែល​សមរម្យ ។

៧.៤

ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ

នៅពេល​អ្នក​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ចងចាំ​ពី​ចំណុច​ដូច​តទៅ​នេះ ៖

  • នៅ​ជាមួយ​ដៃគូ​របស់​អ្នក ។

  • ចូល​រួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នានា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ ដើម្បី​ចៀស​វាង​ពី​ការ​យល់ខុស​ពី​អារម្មណ៍​ខាង​វិញ្ញាណ​ថា ជា​អារម្មណ៍​ស្នេហា សូម​កុំ​ធ្វើ​ជា អ្នក​តំណាង​ឲ្យ​ស្វាមី ឬ​ភរិយា​នៅ​ក្នុង​ពិធី​ផ្សារ​ភ្ជាប់ ឬ​ជា​សាក្សី​នៅ​ក្នុង​វគ្គ​ធ្វើ​ពិធី​អំណោយ​ទាន​ពិសិដ្ឋ​ឡើយ ។

  • កុំ​បារម្ភ​ពី​ការ​យក​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ឥត​គិត​ថ្លៃឡើយ ។

  • ធ្វើ​តាម​ប្រពៃណីដ៏​ល្អ នៃ​ការ​ប្រើ​ទូរសព្ទ ។ អ្នក​អាច​យក​ទូរសព្ទ​របស់​អ្នក​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​បោះពុម្ព​ប័ណ្ណ​ពិធី​បរិសុទ្ធ ។ ប៉ុន្តែ អ្នក​ពុំ​គួរ​ប្រើ​កម្មវិធី​ថត​រូប​របស់​អ្នក និយាយ​ទូរសព្ទ ឬ​ផ្ញើ​សារ​កាល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។

  • កុំ​យក​ម៉ាស៊ីនថតរូប ឬ​ឯកសារ​អំណាន ព្រមទាំង​ពរ​របស់​លោក​អយ្យកោ ទៅ​ប្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។

  • កុំ​ផ្ដុំ​គ្នា​ជា​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​លុត​ជង្គង់​អធិស្ឋាន​នៅ​ក្នុង​បន្ទប់​សេឡេស្ទាលឡើយ ។

សូមចងចាំ​ថា ត្រូវ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​ដូច​ដែល​បាន​ណែនាំ​ជានិច្ច ។ ប្រសិន​បើ​អ្នក​មាន​សំណួរ​អំពី​ការ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ ឬ​ពី​ការ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​សួរ​ទៅ​អ្នក​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

៧.៥

បច្ចេកវិទ្យា

សូម​ធ្វើ​តាម​បទដ្ឋាន​បច្ចេកវិទ្យា​ដែល​គូស​បង្ហាញ​នៅ​ក្នុង​អនុវគ្គ​ដូច​ខាង​ក្រោម ។

៧.៥.១

ការអនុវត្តតាម​បទដ្ឋាន​បច្ចេកវិទ្យា​ទូទៅ

សូម​ផ្ដោត​លើ​មនុស្ស​ទូទៅ ពុំ​មែន​លើ​បច្ចេកវិទ្យា​ទេ ។ នៅពេល​ជួប​ដោយ​ផ្ទាល់ សូម​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​បុគ្គល​នោះ ។ ការ​មើល​អ៊ីម៉ែល ការ​ឆ្លើយ​សារ ឬ​ការ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពេល​អ្នក​កំពុងនៅ​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត​ធ្វើ​ឲ្យ​មាន​ការ​រំខាន និង​ខ្វះ​ការ​គោរព​ណាស់ ។

អ្នក​អាច​ប្រើ ៖

  • Wi-Fi នៅ​សាលា​ប្រជុំ និង​អគារ​ផ្សេង​ទៀត​របស់​សាសនាចក្រ ។

  • កុំព្យូទ័រ​សាធារណៈ ដូចជា នៅ​ក្នុង​បណ្ណាល័យ និង​ហាង​កាហ្វេ ។

  • កុំព្យូទ័រ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់​ទុក​ដើម្បី​បង្រៀន ប្រសិន​បើ​បុគ្គល​នោះ​អនុញ្ញាត​ឲ្យ ។

  • កាស​ស្ដាប់​ត្រចៀក​អាច​ប្រើបាន​ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​សាសនា ដែល​បាន​អនុម័ត ដូចជា ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​គ្រួសារ ឬ​ការ​រៀន​វគ្គ​សិក្សា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

កុំ​គ្រប់​គ្រង​បច្ចេកវិទ្យា វិបសាយ កំណត់ហេតុ​បណ្ដាញ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​វួដ ឬ​ស្តេក​ក្នុង​មូលដ្ឋាន​ឡើយ ។

សូមមើល​វីដេអូ​នេះ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្រើ​ឧបករណ៍​ចល័ត​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

៧.៥.២

ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដោយ​មាន​សុវត្ថិភាព

អ្នក​គួរ​បញ្ចប់​វគ្គ​សិក្សា​នៅលើ​អនឡាញស្ដីពី​សុវត្ថិភាព​សម្រាប់​ការ​ប្រើ​បច្ចេកវិទ្យា កាល​អ្នក​នៅ​ឯ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ បទដ្ឋាន​ដូច​តទៅ​នេះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ដោយ​មាន​សុវត្ថិភាព ព្រម​ជាមួយ​នឹង​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផង​ដែរ ៖

  • ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដោយ​​ចេតនាល្អ ។ ដាក់​ផែនការ​សកម្មភាព​ដែល​ជួយ​អ្នក​ឲ្យ​អញ្ជើញ​មនុស្ស​ដទៃ​មក​រក​ព្រះអង្គ​សង្គ្រោះ ។

  • កុំ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​បំបាត់​ការ​ថប់​បារម្ភ ឬ​ការធុញថប់​ឡើយ ។

  • ស្ដាប់ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ​មាន​ទំនាក់​ទំនង​រឹង​មាំ​ជាមួយ​នឹង​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គឺជា​គ្រឿង​ការពារ​ដ៏​ល្អ​បំផុត​របស់​អ្នក​ទាស់នឹង​ការ​ប្រើ​បច្ចេកវិទ្យា​ដែល​មិន​សមរម្យ ។

  • ចូរ​នៅ​កន្លែង​ដែល​អ្នក និង​ដៃ​គូ​របស់​អ្នក​អាច​មើល​ឃើញ​អេក្រង់​ទូរសព្ទ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច ។ កុំ​ប្រើ​ឧបករណ៍​ចល័ត​ពេល​អ្នក​នៅ​តែ​ឯង ដូចជា​ពេល​នៅ​ក្នុង​បន្ទប់​ទឹក ។

  • ធ្វើការ​ជាមួយ​នឹង​ដៃ​គូ ពេល​ស្វែងរក ឬ​បង្រៀន​នៅលើ​អនឡាញ ។ ពិនិត្យ​មើល​មតិយោបល់ និង​សារ​របស់​គ្នា​ទៅវិញ​ទៅ​មក​ពីមុន​ចុះផ្សាយ ​ឬ​ផ្ញើ​សារ​ចេញ ដើម្បី​អ្នក​ទាំងពីរ​អាច​ចែកចាយ​គំនិត និង​ទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​នោះ ។ កំណត់ចំណាំ ៖ វគ្គនេះ​ពុំ​អនុវត្ត​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​គ្រួសារ ( សូមមើល ៣.៩.១ ) ការិយាល័យ​បេសកកម្ម ឬ​ប្រធាន​បេសកកម្ម​របស់​អ្នក​ទេ ។

  • សូម​យោងទៅ សុវត្ថិភាព​សម្រាប់​ការ​ប្រើ​បច្ចេកវិទ្យា ឲ្យ​បាន​ទៀងទាត់​នៅ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​ដៃ​គូ ។

៧.៥.៣

ការ​ចៀស​វាង​ពី​រូបភាព​អាសគ្រាម

រូបភាព​អាសគ្រាម​អាច​កើត​មាន​ឡើង​ជា​ច្រើន​ទម្រង់ ។ ការ​ដាក់​ផែនការ​ទុក​ជា​មុន និង​ការ​ធ្វើ​ការ​ជ្រើស​រើស​សុចរិត​អាច​ជួយ​អ្នក​ឲ្យ​ចៀស​វាង​រូបភាព​អាសគ្រាម​បាន ( សូមមើល សុវត្ថិភាព​សម្រាប់​ការ​ប្រើ​បច្ចេក​វិទ្យា ) ។ ពេល​អ្នក​ប្រទះ​ឃើញ​វា សូម​ងាក​ចេញ បិទ​ឧបករណ៍ ឬ​ចាក​ចេញ​ពី​ស្ថានភាព​នោះ ។ ខាង​ក្រោម​នេះ​គឺជា​យោបល់​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ចៀស​វាង​ពី​រូបភាព​អាសគ្រាម ៖

  • ចៀស​វាង​ពី​វិបសាយ សម្ភារ និង​ទីតាំង​ដែល​អ្នក​ទំនង​ជា​ស្ដាប់​ឮ អាន ឬ​មើល​ឃើញ​សម្ភារ​ដែល​ធ្វើ​ឲ្យ​នឹក​ឃើញ ឬ​រូបភាព​អាសគ្រាម ។

  • រៀន​ស្គាល់​ពី​ពេល​ដែល​អ្នក​មាន​ការ​ល្បួង​បំផុត​ក្នុងការ​ប្រើ​បច្ចេកវិទ្យា​ដោយ​ពុំ​សមរម្យ ដូចជា​ពេល​អ្នក​នឿយ​ហត់ ឬ​អផ្សុក​ក្តី ។

  • មាន​ផែនការ​មួយ​ដើម្បី​អ្នក​នឹង​ធ្វើ​អ្វី​ជំនួស​វិញ ។ អ្នកដឹកនាំ​បេសកកម្ម​របស់​អ្នក​អាច​ជួយ ។ អ្នក​ក៏​អាច​ស្វែងរក​ព័ត៌មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org/addressing-pornography បាន​ផងដែរ ។

នរណា​ម្នាក់​ដែល​ខិតខំ​ចៀសវាង ឬ​យក​ឈ្នះ​រូបភាព​អាសគ្រាម​អាច​ស្វែង​រក​ជំនួយ និង​ការ​ព្យាបាល​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិន​បើ​អ្នក​មាន​ភាព​ស្មុគស្មាញ សូម​ពិភាក្សា​នឹង​ប្រធាន​បេសកកម្ម​របស់​អ្នក ដែល​គាត់​គួរ​តែ​ផ្ដល់​ការ​គាំទ្រ ការ​ប្រឹក្សា និង​ជំនួយ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ។

៧.៥.៤

ការ​បង្រៀន​ដោយ​ប្រើ​បច្ចេកវិទ្យា

ប្រសិន​បើ​បាន​អនុម័ត សូម​ប្រើ​បច្ចេកវិទ្យា​នៅលើអនឡាញ​ជាមួយ​នឹង​សមាជិក និង​មនុស្ស​ដែល​អ្នក​បង្រៀន​ដើម្បីទាក់ទង​នឹង​ពួកគេ ជួយ​ពួកគេ ហើយ​ចែកចាយ​សារលិខិត​ដំណឹងល្អ​ជាមួយ​នឹង​ពួកគេ ។

  • ជួយ​មនុស្ស​ដទៃ​ឲ្យ​រៀន​ពី​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ចែកចាយ​ដំណឹងល្អ ហើយ​គាំទ្រ​ដល់​សមាជិក​ក្នុង​សាសនាចក្រ នៅពេល​ពួកគេ​ប្រើ​បច្ចេក​វិទ្យា​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ ។

  • ធ្វើ​ការតាមអនឡាញ​ជាមួយ​នឹង​មនុស្ស​ដែល​កំពុង​បង្រៀន ដែល​រស់​នៅ​ក្រៅ​តំបន់​ដែល​អ្នក​បាន​ចាត់​តាំង ហើយ​ជួយ​ពួកគេ​នៅ​ក្នុង​ការ​ប្រែ​ចិត្ត​ជឿ​របស់​ពួកគេ ។

  • ពេល​អ្នក​បង្រៀន​មនុស្ស​ម្នាក់​ដែល​រស់​នៅ​ក្រៅ​តំបន់​របស់​អ្នក សូម​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវ​បាន​ចាត់​តាំង​ទៅ​កាន់​តំបន់​ដែល​បុគ្គល​កំពុង​បង្រៀន​រស់​នៅ ។ រួម​គ្នាជួយ​បុគ្គល​នោះ​ឲ្យ​ខិតជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • ប្រើ​រូបថត វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​មក​ពី​សាសនាចក្រ បណ្ណាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិបសាយ​ផ្លូវ​ការ​ផ្សេង​ទៀត​របស់​សាសនាចក្រ​នៅ​ក្នុង​ការ​បង្រៀន​របស់​អ្នក​ឲ្យ​បាន​សមរម្យ ។ នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​អ្នក កុំ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​សាសនាចក្រ​ពុំ​អនុម័ត ( ឧទាហរណ៍ វីដេអូ​ដែល​បាន​បង្កើត​ដោយ​សមាជិក ឬ​អង្គភាព​ក្នុង​មូលដ្ឋាន ) ។

  • ពេល​ចុះ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សូម​ចែកចាយ​សារលិខិត​អំពី​ដំណឹងល្អ និង​បទពិសោធន៍​បេសកកម្ម​របស់​អ្នក​ជា​ជាង​ផ្ដោត​លើ​ការ​ធ្វើ​ដំណើរ​របស់​អ្នក ។

ធ្វើ​តាម​សេចក្ដី​ណែនាំ​ដូច​តទៅ​នេះ​ដើម្បី​ការពារ​ឯកជនភាព និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ទូទៅ ៖

  • ដឹង​ថា ឈ្មោះ​ពេញ រូបថត ( សូមមើល ៣.៧ ) ព័ត៌មាន​ទំនាក់​ទំនង និង​ស្ថានភាព​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ដែល​អ្នក​បង្រៀន​គឺ​ត្រូវ​រក្សា​ជា​សម្ងាត់ ។ ការ​ចែកចាយ ឬ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​អាច​បំពាន​ដល់​ច្បាប់​ឯកជនភាព​ខាង​ទិន្នន័យ ។ ប្រុង​ប្រយ័ត្ន​ជា​ពិសេស​ចំពោះ​អ្វី​ដែល​អ្នក​សរសេរ​ទៅ​កាន់​សមាជិក​គ្រួសារ ព្រោះ​ពួកគេ​អាច​ចុះ​ផ្សាយ​សំបុត្រ និង​សារអ៊ីម៉ែល​របស់​អ្នក​នៅ​លើ​អនឡាញ ។

  • សូម​ការ​អនុញ្ញាត​ពី​នរណា​ម្នាក់​ដែល​មាន​នៅ​ក្នុង​រូបថត ឬ​វីដេអូ​មួយ ពីមុន​ចែកចាយ​វា​ជាមួយ​នរណាម្នាក់ ឬ​ចុះផ្សាយ​វា​នៅ​លើអនឡាញ ។ សូម​ការអនុញ្ញាត​មួយ​ពី​ឪពុក ឬម្ដាយ​ពី​មុន​ចែកចាយ​រូបថត ឬ​វីដេអូ​របស់​កុមារ ( សូមមើល ៣.៧ ) ។

សូម​មើល​វីដេអូ​នេះ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ការ​ការពារ​ឯកជនភាព​របស់​មនុស្ស​ដទៃ ។

៧.៥.៥

ការប្រើប្រាស់​អ៊ីម៉ែល

នៅ​ក្នុង​បេសកកម្ម​របស់​អ្នក អ្នក​ត្រូវ​បាន​ចាត់​ឲ្យ​មាន​គណនី​អ៊ីម៉ែល​មួយ​ដើម្បី​ប្រើ​ជំនួស​រាល់​គណនី​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត ។ សូម​ប្រើ​គណនី​អ៊ីម៉ែល​នេះ​សម្រាប់​រាល់​ការ​ប្រាស្រ័យ​ទាក់ទង លើក​លែង​តែ​សំបុត្រ​ប្រចាំ​សប្ដាហ៍​របស់​អ្នក​ទៅ​កាន់​ប្រធាន​បេសកកម្ម​របស់​អ្នក ដែល​អ្នក​នឹង​ផ្ញើ​តាមរយៈ វិបសាយ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា ។

៧.៥.៦

ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ប្រើ​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ សូម​ប្រាកដ​ថា អ្នក​ប្រើ​តែ​វិបសាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អនុម័ត​សម្រាប់​បេសកកម្ម​របស់​អ្នក ដោយសារ​ច្បាប់​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត ។

ធ្វើ​តាម​បទដ្ឋាន​ជាក់​លាក់​ណា​មួយ​ក្នុង​បេសកកម្ម​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏​ដូចជា​បទដ្ឋាន​ដូច​តទៅ​នេះ​ផង​ដែរ ៖

  • ធ្វើ​ឲ្យ​ប្រាកដ​ថា គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​ឆ្លុះ​បញ្ចាំង​ពី​គោលបំណង និង​ការ​ហៅ​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា រូប​ថត​ប្រវត្តិរូប​របស់​អ្នក ព្រមទាំង បុគ្គល និង​ក្រុម​ដែល​អ្នក​តាម​ដាន​បង្ហាញ​ថា អ្នក​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​របស់​ព្រះអម្ចាស់ ។

  • កុំ​បង្កើត​គណនី​ទីពីរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ចៀសវាង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ចំពោះ​គណនី​មួយ​ដែល​មាន​រួច​ហើយ ។ នេះ​គឺជា​ការ​បំពាន​កិច្ច​ព្រម​ព្រៀង​អ្នក​ប្រើ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន ។

  • កុំ​ប្រើ​ងារ « អែលឌើរ » ឬ « ស៊ីស្ទើរ » នៅ​ក្នុង​ឈ្មោះ​គណនី​របស់​អ្នក ។ ងារ​ទាំង​នេះ​ពុំ​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​ក្នុង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន​ទេ ។

  • ផ្ដោត​លើ​ការ​ប្រាស្រ័យ​ទាក់ទងដោយផ្ទាល់​ដ៏​មាន​អត្ថន័យ ជំនួស​ឲ្យ​ការ​ទទួល​បាន « ការ​ចូលចិត្ត » ឬ​ឲ្យ​សារលិខិត​របស់​អ្នក​បាន​ចែកចាយ​នៅលើ​អនឡាញ ។

  • កុំ​បញ្ជាក់​ថា ការ​ចុះ​ផ្សាយ​របស់​អ្នក​គឺជា​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ផ្លូវ​ការ​របស់​សាសនាចក្រ ។

  • ការពារ​ឯកជនភាព​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ចូរ​ប្រុង​ប្រយ័ត្ន​ពេល​ចែកចាយ​កាលវិភាគ និង​ទីតាំង​របស់​អ្នក​នៅ​លើ​អនឡាញ ។ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​មនុស្ស​ដែល​អ្នក​ទទួល​យក​ចូល​មក​ក្នុង​បណ្ដាញ​សង្គម​របស់​អ្នក បុគ្គល​មួយ​ចំនួន​នឹង​កេង​ចំណេញ​លើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ការ​ពារ​ឯកជន​ភាព​របស់​មនុស្ស​ដទៃ ។ ប្រសិន​បើ​អ្នក​ចង់​ចុះ​ផ្សាយ​អ្វី​មួយ​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​កំពុង​ធ្វើ​ការ​ជាមួយ អ្នក​ចាំបាច់​ត្រូវ​សូម​ការ​អនុញ្ញាត​ពី​គាត់ ( ​មិន​ថា​តាម​ពាក្យ​សម្ដី ឬ​ជា​លាយលក្ខណ៍​អក្សរ​ឡើយ ) ពីមុន​ចុះ​ផ្សាយ​អ្វី​មួយ​ដែល​លើក​ឡើង​ពី​គាត់​តាម​ឈ្មោះ ឬ​រួម​ទាំង​រូបភាព​របស់​គាត់​ដែរ ( សូមមើល ៣.៧ ) ។ ដោយសារ​ច្បាប់​ឯកជនភាព​ក្នុង​មូលដ្ឋាន នៅ​ក្នុង​បេសកកម្ម​មួយ​ចំនួន នោះពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​អនុញ្ញាត​ឲ្យ​ចែកចាយ​រូបភាព​មនុស្ស​ដែល​ពួកគេ​បង្រៀន​ជា​សាធារណៈ​ឡើយ ។

សូម​មើល​វីដេអូ​នេះ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ការ​ការពារ​ឯកជនភាព​របស់​មនុស្ស​ដទៃ ។

៧.៦

ស្ថានភាព​លំបាក

ធ្វើ​តាម​សេចក្ដី​ណែនាំ​ខាង​ក្រោម​សម្រាប់​ការ​ប្រឈម​នឹង​ស្ថានភាព​លំបាក ។

៧.៦.១

ការដោះស្រាយ​ជាមួយនឹង​ស្ថានភាព​អវិជ្ជមាន

ដូចជា​ព្រះអង្គ​សង្គ្រោះ ពួក​ព្យាការី និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើន​ពីមុន​អ្នក​ដែរ អ្នក​នឹង​ដក​ពិសោធន៍​នូវ​ការ​បដិសេធ ហើយ​ប្រហែល​ជា​ការ​ខ្វះការគោរព​ផ្សេង​ទៀត​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ ធ្វើ​តាម​សេចក្ដីណែនាំ​ដូច​តទៅ​នេះ​នឹង​ជួយ​អ្នក​គ្រប់​គ្រង​ការ​បដិសេធ ៖

  • កុំ​ព្រងើយ​កន្តើយ​ចំពោះ​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​អ្នក ។

    • ត្រូវ​ដឹង​ថា វា​ជា​រឿង​ធម្មតា​ទេ​ដើម្បី​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត និង​ការ​បាក់​ទឹក​ចិត្ត​ចំពោះ​ដៃ​គូ អ្នក​ដឹកនាំ​ជា​អ្នក​ផ្សព្វផ្សាយ​វ័យ​ក្មេង អ្នកដឹកនាំ​បេសកកម្ម និង​សាច់ញាតិ​ជិត​ដិត​របស់​អ្នក ។

    • ត្រូវយល់​ថា ពេល​ខ្លះ​ការ​និយាយ​ពី​ស្ថានភាព​អវិជ្ជមាន​មួយ​អាច​ជួយ​ឲ្យ​អារម្មណ៍​នោះ​រសាយបាន ។

    • កុំ​រស់​នៅ​ក្នុង​ស្ថានភាព​អវិជ្ជមាន ឬ​អនុញ្ញាត​ឲ្យ​វា​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នក​យូរ​ពេក ។

  • ប៉ាន់​ប្រមាណ​ពី​គុណ​តម្លៃ​នៃ​ការ​បដិសេធ ។

    • ត្រូវ​ដឹង​ថា ស្ថានភាព​អវិជ្ជមាន​ពុំ​កំណត់​ពី​អត្តសញ្ញាណ​របស់​អ្នក អ្វី​ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ ឬ​ថាតើ​អ្នក​ធ្វើ​វា​បាន​ល្អ​ប៉ុណ្ណា​នោះ​ទេ ។

    • កុំ​ព្យាយាម​កំណត់​ជាទូទៅ​ថា « មនុស្ស​ទូ​ទៅ​នឹង​មិន​ស្ដាប់​ទេ » ។

    • ត្រូវ​យល់ថា សិទ្ធិ​ជ្រើស​រើស​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់ៗ​ទទួល​យក ឬ​បដិសេធ​សារលិខិត​របស់​អ្នក ។

    • ត្រូវ​ដឹង​ថា ជីវិត និង​កាលៈទេសៈ​របស់​មនុស្ស​ទូទៅ​មាន​ការ​ផ្លាស់ប្ដូរ ។ ការ​បដិសេធ​ពុំ​មែន​មាន​ន័យ​ថា បុគ្គល​នោះ​នឹង​ពុំ​ចាប់​អារម្មណ៍​នៅ​ក្នុង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ជានិច្ច​នោះ​ទេ ។

  • ប្រព្រឹត្តិ​ចំពោះ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​ដោយ​សេចក្ដី​មេត្តា ។

    • ស្វែង​រក​ការ​លួង​លោម​ចិត្ត​នៅ​ក្នុង​ការ​អធិស្ឋាន ។ ចងចាំ​ថា ព្រះអម្ចាស់​ស្គាល់​អ្នក ស្ថានភាព​របស់​អ្នក និង​សេចក្ដី​ត្រូវការ​របស់​អ្នក ។

    • កុំ​រិះគន់​ខ្លួន​ឯង ស្ថានភាព ឬ​មនុស្ស​ដែល​ពាក់​ព័ន្ធ​ឲ្យ​សោះ ។

    • ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក​ដើម្បី​មាន​ភាព​វិជ្ជមាន ។

  • រៀន​ពី​បទពិសោធន៍​នោះ ។ ពិចារណា​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ខុស​ពី​នោះ​នៅ​ពេល​ក្រោយ ។

៧.៦.២

ការដោះស្រាយ​ជាមួយនឹង​មនុស្ស​ដែល​ចូល​ចិត្ត​ជជែក​វែកញែក

អ្នក​អាច​ជួប​នឹង​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន ឬ​បង្ខិតបង្ខំ ។ ប្រសិនបើ​នរណាម្នាក់​និយាយ​ស្ដី​គំរោះគំរើយ សូម​និយាយ​ស្ដី​តប​វិញ​ដោយ​ពាក្យ​គួរសម ហើយ​ចាកចេញ​ពី​ស្ថានភាព​នេះ ។ ប្រសិនបើ​មាន​អារម្មណ៍ថា មាន​គ្រោះថ្នាក់ សូមចាកចេញ​ភ្លាម ។ សុវត្ថិភាព​របស់​អ្នក និងដៃ​គូ​របស់​អ្នក ( សូមមើល ៤.៥ ) គឺជា​អាទិភាព​ដំបូង​បំផុត​របស់​អ្នក ។

មនុស្ស​ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក និង​ការប្រាស្រ័យ​ទាក់ទង​អវិជ្ជមាន​មាន​ភាព​តាន​តឹង​ណាស់ ។ សូម​ធ្វើ​ជំហាន​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ដោះស្រាយ​នឹង​ភាព​តាន​តឹង ( សូមមើល ៤.៣ ) ហើយ​មើល​ថែ​ខ្លួន​អ្នក​ទាំង​ខាង​សតិ​អារម្មណ៍ និង​ខាង​វិញ្ញាណ ។

ត្រូវ​ដឹង​ថា ការ​រំលោភ​បំពាន​តាម​រយៈ​ពាក្យ​សម្ដី សតិ​អារម្មណ៍ ឬ​ខាង​រូបកាយ​គ្រប់​ប្រភេទ​ដោយ​នរណា​ម្នាក់ រួម​ទាំង​ដៃគូ​​ដែរគឺ​មិន​អាច​ទទួល​យក​បាន​ទេ ។ ការណ៍​នេះ​អាច​រួម​មាន​ពាក្យ​សម្ដី កាយវិការ ឬ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល ឬការ​រំលោភ​បំពាន​ដល់​មនុស្ស​ម្នាក់​ទៀត ។

សូម​ទាក់​ទង​ប្រធាន​បេសកកម្ម​របស់​អ្នក ភរិយា​របស់​លោក ឬ​អ្នក​ដឹកនាំ​ម្នាក់​ទៀត​ដែល​ជាទី​ទុក​ចិត្ត​ភ្លាម ប្រសិន​បើ​អ្នក​ដក​ពិសោធន៍ មើល​ឃើញ ឬ​ស្ដាប់​ឮ​អំពី​ការ​រុក​កួន​ខាង​ផ្លូវ​ភេទ និង​លើ​រូបកាយ ការយាយី ឬ​ការ​គំរាម​កំហែង ( សូមមើល ៧.៨.២–៧.៨.៤ ) ។

៧.៧

កង្វល់​សុខភាព​ខាង​រូបកាយ និង​ខាង​ផ្លូវ​ចិត្ត

សូម​ធ្វើ​តាម​សេចក្ដីណែនាំ​អំពី​សុខភាព​ដែល​គូស​បង្ហាញ​នៅ​ក្នុង​អនុវគ្គ​ដូច​ខាង​ក្រោម ។

៧.៧.១

ការ​ទាក់ទង​ទៅ​ការិយាល័យ​បេសកកម្ម​អំពី​បញ្ហា​វេជ្ជសាស្ត្រ

កុំ​ពឹង​ផ្អែក​លើ​រោគ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង ឬ​ទស្សនៈ​របស់​មនុស្ស​ដទៃ ។ ទោះ​ជា​ការ​ណែនាំ​ខាង​វេជ្ជសាស្ត្រ​មក​ពី​ដៃ​គូ​របស់​អ្នក សមាជិក​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ គ្រួសារ​ ឬ​មិត្ត​ភក្ដិ​អាច​មាន​ប្រយោជន៍​ក្ដី សូម​ទាក់ទង​អ្នក​សម្រប​សម្រួល​ខាង​វេជ្ជសាស្ត្រ​ក្នុង​បេសកកម្ម​ពេល​អ្នក​មាន​សំណួរ ឬ​កង្វល់​ណា​មួយ ជា​ពិសេស​អំពី​របួស ឬ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ។ ប្រធាន​បេសកកម្ម​របស់​អ្នក​នឹង​ប្រាស្រ័យ​ទាក់ទង​នឹង​ប្រធាន​ស្តេក និង​គ្រួសារ​របស់​អ្នក​អំពី​របួស និង​កង្វល់​សុខភាព​ធ្ងន់​ធ្ងរ ។

ទាក់ទង​ទៅ​អ្នក​សម្រប​សម្រួល​ខាង​វេជ្ជសាស្ត្រ​ក្នុង​បេសកកម្ម ប្រសិន​បើ​អ្នក​មាន​បញ្ហា​សុខភាព​ណា​មួយ​ដូច​តទៅ​នេះ ៖

  • ជំងឺ​លើស​ពី​ផ្ដាសាយ​ធម្មតា និង​រោគ​សញ្ញា​រយៈ​ពេល​ខ្លី ។

  • របួស​ធ្ងន់​ធ្ងរ ។

  • ជីពចរ​ដើរ​លឿន ( លោត​លើស​ពី ១០០ ដង​ក្នុង​មួយ​នាទី ) ពេល​អ្នក​ពុំ​ធ្វើ​លំហាត់​ប្រាណ ។

  • គ្រុន​ក្ដៅ​ណា​មួយ​ដែល​មាន​កម្ដៅ​លើស​ពី ១០១°F ( ៣៨.៣ °C ) គ្រុន​ក្ដៅ​ដែល​មាន​កម្ដៅ ១០១°F ( ៣៨.៣ °C ) ‏លើស​ពី​ពីរ​ថ្ងៃ ឬ​គ្រុន​ក្ដៅ​ដែល​ហូប​ថ្នាំ​ទៅ​មិន​មាន​ប្រសិទ្ធ​ភាព ។

  • ការ​ស្រក ឬ​ឡើង​ទម្ងន់​លឿន ឬ​ខ្លាំង​ពេក ។

  • ស្រេក​ទឹក ឬ​នោម​ច្រើន​ហួស​ប្រមាណ ។

  • ការ​ក្អួត ឈឺក្បាល វិល​មុខ ក្អក ឬ​ចេញ​កន្ទួល​ជាប្រចាំ ។

  • ការ​ហើម​ជើង ពោះ ឬ​មុខ ។

  • ការ​បាត់​បង់​ឈាម ឬ​ជើង​ជាំ​ខ្មៅ ។

  • ដំណើរ​ទល់​លាមក ឬ​រាគ​លើស​ពី​ពីរ​ថ្ងៃ ។

  • ឈឺ​ធ្មេញ ។

  • ត្រចៀក​ក្រាញ់ ។

៧.៧.២

ការ​មើល​ថែ​សុខភាព​ខាង​រូបកាយ

អ្នក​នឹង​មាន​បទពិសោធន៍​បេសកកម្ម​មួយ​ដ៏​រីករាយ ហើយ​បម្រើ​ព្រះអម្ចាស់​កាន់​តែ​ប្រសើរ​ឡើង ពេល​អ្នក​មើល​ថែ​សុខភាព​រូបកាយ​របស់​អ្នក ។ ចូរ​ឧស្សាហ៍​ព្យាយាម​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ប៉ុន្តែ​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ធ្វើ​លើស​ពី​សមត្ថភាព ។

ដើម្បី​ជួយ​ថែទាំ​សុខភាព​រូបកាយ​របស់​អ្នក ចូរ​ប្រាកដ​ថា

  • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់ ។

  • ទទួល​ដំណេក​ឲ្យ​បាន​គ្រប់​គ្រាន់ ។

  • ទទួល​ទាន​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​ហូប​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធុញ្ញជាតិ​ឲ្យ​បាន​ច្រើន ។

  • ផឹក​ទឹក​ឲ្យ​បាន​ច្រើន ។

  • លាង​ដៃ​របស់​អ្នក​ឲ្យ​បាន​ទៀង​ទាត់ ។

  • លាប​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ និង​លាប​ថ្នាំ​ការ​ពារ​សត្វ​ល្អិត នៅ​ពេល​សមរម្យ ។

  • ស្វែង​រក​វិធី​បន្ធូរអារម្មណ៍ ។

  • រីករាយ​នឹង​សកម្មភាព​កម្សាន្ត​ល្អៗ​នៅ​ថ្ងៃ​រៀបចំ​ខ្លួន ។

៧.៧.៣

ការ​មើល​ថែ​សុខភាព​ខាង​ផ្លូវ​ចិត្ត

វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​សោកសៅ ភ័យខ្លាច នឹក​ផ្ទះ និង​បាក់​ទឹក​ចិត្ត​ម្ដង​ម្កាល​ពេល​កំពុង​បម្រើ​បេសកកម្ម ។ ប៉ុន្តែ សតិ​អារម្មណ៍ និង​ឥរិយាបថ​ដែល​រារាំង​អ្នក​ពី​ការ​ធ្វើ​កិច្ចការ​ឲ្យ​មាន​ប្រសិទ្ធភាព​ចាំ​បាច់​ត្រូវ​តែ​លើក​ឡើង ។ ស្ថានភាព​ទាំង​នេះ​អាច​រួម​មាន ៖

  • ការប្រែប្រួល​អារម្មណ៍ ។

  • ការ​ព្រួយ​បារម្ភ ឬ​មាន​អារម្មណ៍​ថា​ខុស​ហួស​ហេតុ​ពេក ។

  • ការ​ថប់​បារម្ភ ។

  • លំនាំ​បរិភោគ​អាហារ​ដែល​ពុំ​មាន​សុខភាព​ល្អ ។

  • ការ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ខាង​ផ្លូវ​ភេទ ។

ត្រូវយល់​ថា គ្មាន​ភាព​ខ្មាស់​អៀន​ណា​មួយ​ក្នុង​ការ​ទទួល​ស្គាល់ និង​ការ​ប្រព្រឹត្ត​ចំពោះ​បញ្ហា​សុខភាព​ណា​មួយ​ឡើយ រួម​ទាំង​កង្វល់​ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ចិត្ត​ផង​ដែរ ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា អ្នក ឬ​ដៃ​គូ​របស់​អ្នក​ត្រូវ​ការ​ជំនួយ សូម​ពិភាក្សា​ជាមួយ​ប្រធាន​បេសកកម្ម និង​ភរិយា​របស់​លោក និង​អ្នក​សម្រប​សម្រួល​ផ្នែក​វេជ្ជសាស្ត្រ ។ ពួកគាត់​អាច​ចូល​ទៅ​ប្រើប្រាស់​ធនធាន​សុខភាព​ផ្នែក​ផ្លូវ​ចិត្ត ។ អ្នក​ក៏​អាច​រក​ការ​ប្រឹក្សា​ល្អៗ​នៅ​ក្នុង ការ​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ផងដែរ ។

៧.៧.៤

ការថែទាំ​ពេល​សត្វ និង​សត្វល្អិត​ខាំ

ការ​ដែល​សត្វ និង​សត្វ​ល្អិត​ខាំ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ ហើយ​ពេល​ខ្លះ​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន ។ ប្រសិន​ការ​ខាំ​របស់​សត្វ​ល្អិត​ឡើង​ហើម ឬ​ឈឺ​ខុស​ពី​ធម្មតា សូម​ទូរសព្ទ​ទៅ​កាន់​ការិយាល័យ​បេសកកម្ម​ភ្លាម ។

ការបង្ការ

អ្នក​អាច​ជួយ​ការពារ​ពីការ​ខាំ​របស់​ចៃឆ្កែ សត្វមូស និង​សត្វ​ល្អិត​ផ្សេង​ទៀត​ដោយ​ធ្វើ​តាម​សេចក្ដី​ណែនាំ​ដូច​តទៅ​នេះ ៖

  • ចៀស​វាង​ពី​កន្លែង​មាន​ទឹក​ដក់​ដែល​សត្វ​មូស​រស់​នៅ ។

  • ចៀស​វាង​ពី​ទីធ្លា​ដែល​មាន​ដើម​ឈើ និង​គុម្ព​ព្រៃ​ច្រើន​ដែល​ជា​រឿយៗ​ចៃឆ្កែ​ចូល​ចិត្ត​នៅ ។

  • ពាក់​ខោអាវ​វែង​ដែល​អាច​គ្រប​លើ​ដៃ និង​ជើង​របស់​អ្នក​ទាំងអស់ ទោះ​ជា​នៅ​រដូវ​ក្ដៅ​ក្ដី ។

  • សូមមើល​វីដេអូ​ស្ដីពី​ការ​ការពារ​ជំងឺ​ដែល​កើត​ឡើង​ពី​សត្វ​មូស ។

  • លាប​ថ្នាំ​ការ​ពារ​សត្វ​ល្អិត​នៅ​លើ​ស្បែក ហើយ​បាញ់​នៅ​ផ្ទៃ​ខាង​ក្រៅ​នៃ​សម្លៀក​បំពាក់​ខាង​ក្រៅ ។

ការ​ព្យាបាល

ប្រសិន​បើ​អ្នក​ត្រូវ​បាន​ចៃឆ្កែ ឬ​សត្វ​មូស ឬ​សត្វ​ល្អិត ឬ​សត្វ​ផ្សេង​ទៀត​ខាំ ឬ​ខ្វាច សូម​ធ្វើ​តាម​សេចក្ដី​ណែនាំ​ទាំង​នេះ ៖

  • ព្យាបាល​ការ​ខាំ​បន្តិច​បន្តួច​របស់​សត្វ​ល្អិតជាមួយ​នឹង​ទឹក​កក ឬ​ថ្នាំ​ដែល​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា ។

  • សូម​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​យក​ចៃឆ្កែ​ដែល​នៅ​ជាប់​នឹង​ស្បែក​របស់​អ្នកចេញ​ដោយ​ត្រឹមត្រូវ ហើយ​ត្រូវធ្វើ​តេស្ដ​រកមើល​ជំងឺ​សត្វ​ខាំ ( Lyme ) ។

  • លាង​ស្នាម​ខាំ ឬ​របួស​ដែល​សត្វ​បានខាំ​ជាមួយ​នឹង​សាប៊ូ និង​ទឹក ( រយៈពេល ១៥ នាទី ) ហើយ​ទូរសព្ទ​ទៅ​ការិយាល័យ​បេសកកម្ម ។ កំណត់​អត្តសញ្ញាណ​ម្ចាស់​សត្វ​នោះ ប្រសិនបើ​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ការិយាល័យ​បេសកកម្ម​អាច​ជួយ​ចាក់​ថ្នាំ​ជំងឺ​ឆ្កែ​ឆ្កួត និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។

  • ប្រសិន​បើ​ចៃឆ្កែ ឬ​សត្វ​ល្អិត ឬ​សត្វ​ផ្សេង​ទៀត​ខាំ​ឡើង​ហើម ឈឺ​ខុស​ធម្មតា ឬ​ឡើង​ក្រហម ឬ​ឡើង​កន្ទួល​ខុស​ពី​ធម្មតា សូម​ទូរសព្ទ​ទៅ​ការិយាល័យ​បេសកកម្ម​ភ្លាម ។

សូម​មើល​វីដេអូ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការ​ការ​ពារ​ខ្លួន​ឯង​ពី​ការ​ខាំ​របស់​សត្វ​ល្អិត និង​សត្វ​ផ្សេង​ទៀត ។

៧.៨

ស្ថានភាព​គ្រោះថ្នាក់

សូម​ធ្វើ​តាម​សេចក្ដីណែនាំ​អំពី​សុវត្ថិភាព​ដែល​គូស​បង្ហាញ​នៅ​ក្នុង​អនុវគ្គ​ដូច​ខាង​ក្រោម ។

៧.៨.១

ការ​រៀបចំ​ខ្លួន​សម្រាប់​ស្ថានភាព​គ្រោះថ្នាក់​នានា

សេចក្ដី​ណែនាំ​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​រៀបចំ​ខ្លួន​សម្រាប់ ហើយ​ឆ្លើយតប​ចំពោះ​ស្ថានភាព​គ្រោះថ្នាក់​នានា ។

  • សូម​អធិស្ឋាន​សូម​ការ​ការ​ពារ​ពី​ព្រះអម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ។

  • ស្ដាប់ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ដែល​អាច​ព្រមាន​អ្នក​ពី​គ្រោះថ្នាក់ ។

  • រៀន​ស្គាល់​ពី​ផែនការ​សកម្មភាព​គ្រា​អាសន្ន​ក្នុង​បេសកកម្ម​របស់​អ្នក ។ ធ្វើ​តាម​ជំហាន​សកម្មភាព​នៅ​អំឡុង​ស្ថានភាព​គ្រា​អាសន្ន ។

  • វាយ​បញ្ចូល​ព័ត៌មាន​ទំនាក់​ទំនង​សម្រាប់​គ្រា​អាសន្ន​ក្នុង​តំបន់ និង​ប្រទេស​របស់​អ្នក​ក្នុង​ទូរសព្ទ​របស់​អ្នក ។ សាក​ថ្ម​ទូរសព្ទ​អ្នក​ឲ្យ​ពេញ ហើយ​ដាក់​វា​តាម​ខ្លួន​អ្នក​ជានិច្ច ។

  • ចៀសវាង​ពី​តំបន់​ដែល​បេសកកម្ម​របស់​អ្នក​កំណត់​ថា​ជា​តំបន់​គ្រោះថ្នាក់ ។

  • កុំ​បង្ហាញ​ថា​អ្នក​មាន​វត្ថុ​មាន​តម្លៃ ( ឧទាហរណ៍ ការ​ស្ពាយ​ការ​បូប​ធំ ) ។

  • ចូរ​ចេះ​សង្កេត​ពី​អ្វី​មួយ​ដែល​ខុស​ពី​ធម្មតា ដូចជា មនុស្ស​ម្នាក់​កំពុង​តាម​មើល​អ្នក ការ​សួរ​សំណួរ​ផ្ទាល់​ខ្លួន ឬ​ការ​ដើរ​តាម​អ្នក ។

  • ព្យាយាម​ប្រើ​ភាសា​កាយវិការ​ដើម្បី​បង្ហាញ​ថា​អ្នក​មាន​ទំនុក​ចិត្ត ហើយ​មិន​ភ័យ​ខ្លាច ។

  • មាន​ពាក្យ ឬ​ឃ្លា​សម្ងាត់​មួយ​ដើម្បី​ប្រើ​ជាមួយ​នឹង​ដៃ​គូ​របស់​អ្នក​ដើម្បី​ប្រាប់​ថា​អ្នក​ចង់​ចាក​ចេញ ។ ប្រើ​វា​ប្រសិន​បើ​អ្នក​ឃើញ​ថា​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អ្នក​គិត​ថា​គ្មាន​សុវត្ថិភាព ។

រៀន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​ទាំង​នេះ​ជា​ទៀង​ទាត់ សូម្បី​តែ​ពេល​មនុស្ស​ដទៃ ( រួម​ទាំង​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ) លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ​ដើម្បី​សម្រេច​បាន​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​ក្ដី ។

៧.៨.២

ការ​ស្គាល់​ស្ថានភាព​គ្រោះថ្នាក់

សូម​ទាក់ទង​អ្នកដឹកនាំ​បេសកកម្ម​ម្នាក់​របស់​អ្នក ឬ​អ្នក​ដឹកនាំ​ផ្សេង​ទៀត​ដែល​អ្នក​ទុក​ចិត្ត​ភ្លាម ប្រសិន​បើ​អ្នក​ជួប ឃើញ ឬ​ស្ដាប់​ឮ​ពី​ការ​បំពាន​លើ​រូបកាយ ឬ​ខាង​ផ្លូវ​ភេទ​គ្រប់​ប្រភេទ ។ ការណ៍​នេះ​អាច​រួម​មាន ការយាយី ការ​គំរាម​កំហែង ឬ​ការ​បំពាន ។ ទោះ​ជា​គ្រោះថ្នាក់​ខាង​ក្រោម​នេះ​អាច​ត្រូវ​បាន​កំណត់​ខុស​គ្នា​តាម​ច្បាប់​ក្នុង​មូល​ដ្ឋាន​ក្ដី ក៏​ត្រូវ​រាយការណ៍​អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កង្វល់​ដែរ ៖

  • ការយាយី ទាក់ទង​នឹង​សកម្មភាព​បង្ខំ​នរណា​ម្នាក់​ខាង​រូបកាយ ឬ​ខាង​ផ្លូវ​ភេទ ។ ឧទាហរណ៍ រួមមាន​ការ​មាន​ទំនាក់​ទំនង​ខាង​រូបកាយ​ដែល​មិន​ចង់​បាន ការ​ប៉ះពាល់​មិន​សមរម្យ និង​អំពើ​ហឹង្សា​ខាង​រូបកាយ​ណា​មួយ ។

  • ការ​គម្រាម​កំហែង​ខាង​រូបកាយ កើត​ឡើង​ពេល​មនុស្ស​ម្នាក់​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដោយ​សារ​របួស​ខាង​រូបកាយ ឬ​សេចក្ដី​ស្លាប់ ។ ឧទាហរណ៍ រួម​មាន ការ​គំរាម​កំហែង​ជា​ពាក្យ​សម្ដី ឬ​ការ​គម្រាម​កំហែង​តាម​កាយវិការ​គ្រប់​ប្រភេទ ។

  • ការ​បំពាន​ខាង​ផ្លូវ​ភេទ រួម​មាន​ពាក្យ​សម្ដី ឬ​កាយ​វិការ​គួរ​ឲ្យ​ខ្ពើម​រអើម សំណើ​សុំ​ការ​រួមភេទ ឬ​សកម្មភាព​ខាង​ផ្លូវ​ភេទ​ដែល​ពុំ​ចង់​បាន​ណា​មួយ ។ ឧទាហរណ៍​អាច​រួម​មាន ការ​ឈ្លប​ចាប់ ( ការ​ដើរ​តាម​ដោយ​មាន​ចេតនា​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល ឬ​រំខាន ) ឬ​ការ​បង្ហាញ​ឲ្យ​ឃើញ​ផ្នែក​សម្ងាត់​ណា​មួយ​នៃ​រូបកាយ ។

៧.៨.៣

ការ​ឆ្លើយ​តប​ចំពោះ​ការយាយី ការ​គំរាម​កំហែង ឬ​ការ​បំពាន

សូម​ធ្វើ​ដូច​តទៅ​នេះ ប្រសិន​បើ​អ្នក ឬ​ដៃ​គូ​របស់​អ្នក​ត្រូវ​បាន​ចោរ​ប្លន់ ៖

  • ឲ្យ​របស់​របរ​ដែល​អ្នក​មាន​ភ្លាម ។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ចោរ​ចាក​ចេញ​ទៅ​ដោយ​ពុំ​ធ្វើ​បាប​អ្នក ។ ជីវិត និង​សុខុមាលភាព​របស់​អ្នក​មាន​តម្លៃ​ជាង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទៅ​ទៀត ។

  • កុំ​ព្យាយាម​ខឹង​សម្បារ ឬ​ប្រតិកម្ម​ដោយ​អវិជ្ជមាន ។ ការណ៍​នេះ​កាន់​តែ​ធ្វើ​ឲ្យ​រឿង​ទាំងឡាយ​មាន​សភាព​អាក្រក់ ។

សូម​ធ្វើ​ដូច​ត​ទៅ​នេះ ប្រសិន​បើ​អ្នក ឬ​ដៃ​គូ​របស់​អ្នក​ទទួល​អារម្មណ៍ថា​មាន​ការ​គម្រាម​កំហែង ឬ​ការ​បំពាន ហើយ​ស្ថិត​ក្នុង​ហានិភ័យ លើស​ពី​ទ្រព្យសម្បត្តិ​របស់អ្នក ​ទៅទៀត ។

  • មាន​តែ​អ្នក​ម្នាក់​គត់​ដែល​អាច​សម្រេច​ចិត្ត​ពី​វិធី​ល្អ​បំផុត​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​នោះ ។ អ្នក​អាច​ជ្រើស​រើស​ការ​រត់ ការពារ​ខ្លួន ឬ​ធ្វើ​តាម ។ ឧទាហរណ៍ ៖

    • ប្រសិន​បើ​អ្នក​រត់ អ្នក​អាច​ចៀស​វាង​ពី​ការយាយី ។

    • ប្រសិន​បើ​អ្នក​ការពារ​ខ្លួន អ្នក​អាច​ការពារ​រូបកាយ​របស់​អ្នក ដោយ​ការ​ស្រែក​ហៅ ការយាយី ការ​ក្ដិច ការ​វ៉ៃ ការ​ទាត់ ឬ​ការ​អធិស្ឋាន ។

    • ប្រសិន​បើ​អ្នក​នៅ​ស្ងៀម ឬ​ជ្រើស​រើស​ធ្វើ​តាម ដែល​អាច​ជា​ការ​ឆ្លើយ​តប​ធម្មតា សូម​កុំ​ស្ដី​បន្ទោស​ខ្លួន​ឯង​នៅ​ពេល​ក្រោយ ។

  • សូម​ពិចារណា​ទទួល​ជំនួយ ឬ​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ម្នាក់​ផ្សេង​ទៀត ។ ឧទាហរណ៍ ៖

    • អ្នក​អាច​សូម​ជំនួយ​ពី​មនុស្ស​ដទៃ ជា​ពិសេស​ពី​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច ( ដូចជា អ្នក​បើក​បរ​រថយន្ត​ក្រុង ) នៅ​កន្លែង​ដែល​អ្នក​នៅ ។

    • ប្រសិន​បើ​អ្នក​នៅ​ទី​សាធារណៈ​មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន ហើយ​ពុំ​អាច​គេច​ចេញ​ពី​ការ​រំលោភបំពាន​ខាង​រូបកាយ ឬ​ខាង​ផ្លូវ​ភេទ ( ឧទាហរណ៍ ពេល​អ្នក​កំពុង​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ) សូម​ពិចារណា​និយាយ​ដោយ​ម៉ឹងម៉ាត់​ដើម្បី​ព្យាយាម​ឃាត់​បុគ្គល​នោះ​ពី​ការ​ធ្វើ​សកម្មភាព ឬ​ការ​គំរាម​កំហែង​បន្ថែម​ទៀត ។ ឧទាហរណ៍ អ្នក​អាច​ប្រើ​ភាសា​កាយវិការ​ខ្លាំងៗ មើល​មុខ​ជន​នោះ​ចំៗ ហើយ​និយាយ​ឮៗ ។ អ្នក​អាច​ហៅ​បុគ្គល​នោះ ប្រាប់​ពី​អាកប្បកិរិយា​ដែល​ធ្វើ​ឲ្យ​អាក់​អន់​ចិត្ត និង​និយាយ​អ្វី​ដែល​ចង់​ឲ្យ​បុគ្គល​នោះ​ធ្វើ ដូចជា « លោក​ពាក់​អាវ​ពណ៌​លឿង កុំ​ប៉ះពាល់​ខ្ញុំ ។ ថយ​ចេញ​ពី​ខ្ញុំ​ភ្លាម » ។

    • ប្រសិន​បើ​គ្មាន​នរណា​នៅ​ជិត​ទេ អ្នក​អាច​ស្រែក ឬ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ នោះ​មនុស្ស​ម្នាក់​នឹង​ឃើញ​អ្នក ហើយ​អាច​ជួយ​អ្នក​បាន ។

៧.៨.៤

ការ​រាយការណ៍​ពី​ការយាយី ការ​គំរាម​កំហែង ឬ​ការ​បំពាន

ប្រសិន​បើ​អ្នក​ត្រូវ​បាន​នរណា​ម្នាក់​ការយាយី គំរាម​កំហែង ឬ​បំពាន ( សូមមើល ៧.៨.២ ) សូម​ទាក់​ទង​ទៅ​អ្នក​ដឹកនាំ​បេសកកម្ម​ម្នាក់​របស់​អ្នក មនុស្ស​ម្នាក់​នៅ​ការិយាល័យ​បេសកកម្ម ឬ​អ្នក​ដឹកនាំ​ម្នាក់​ទៀត​ដែល​ទុក​ចិត្ត​ភ្លាម ។ អ្នក​ដឹកនាំ​បេសកកម្ម​របស់​អ្នក​មាន​ធនធាន​ដើម្បី​ជួយ​ដល់​អ្នក​ខាង​ផ្នែក​វេជ្ជសាស្ត្រ ការ​ប្រឹក្សា​អាជីព ការ​ប្ដូរ​ទីតាំង ឬ​ជំនួយ​ចាំបាច់​ផ្សេង​ទៀត ។ ត្រូវដឹង​ថា អ្នក​ប្រហែល​ជា​ភ័យ​ខ្លាច បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ហើយ​ថា​អ្នក​ក៏​អាច​នឹង​ដក​ពិសោធន៍​នូវ​សញ្ញា​នៃ​ការ​ស្លុត​ចិត្ត​ផង​ដែរ ។ ពេល​អ្នក​មាន​អារម្មណ៍​ថាមាន​សុវត្ថិភាព សូម​ព្យាយាម​កត់ត្រា​នូវ​អ្វីៗ​ដែល​អ្នក​អាច​ចងចាំ​អំពី​ហេតុការណ៍​នោះ ។

ត្រូវ​យល់​ថា ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​ការយាយី មិន​ថា​អ្នក​បាន​ធ្វើ​អ្វី​ការពារ​ខ្លួននោះ​ទេ ការយាយី​នោះ​ពុំ​មែន​ជា​កំហុស​របស់​អ្នក​ឡើយ ។ អ្នក​មាន​ជម្រើស​ជានិច្ច ដើម្បីប្រឹក្សា​ជាមួយ​មនុស្ស​ម្នាក់​ដែល​អ្នក​ទុក​ចិត្ត ហើយ​មាន​អារម្មណ៍កក់​ក្តៅ​ដូចជា ប្រធាន​បេសកកម្ម​របស់​អ្នក ភរិយា​របស់​លោក អាជ្ញាធរ​ស៊ីវិល ឬ​មនុស្ស​នៅ​ផ្ទះ ។ វា​គឺជា​ការ​សម្រេច​ចិត្ត​របស់​អ្នក​ថាតើ​ត្រូវ​ទាក់ទង​ទៅ​នគរ​បាល ​ឬ​ក៏​អត់ ។

វា​គឺជា​រឿង​ធម្មតា​ដើម្បី​សួរ​ខ្លួន​ឯង និង​អ្វី​ដែល​អ្នក ឬ​ដៃគូ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក ។ សូម​ទុក​ចិត្ត​ថា អ្នក​ធ្វើ​អស់​ពី​លទ្ធភាព​នៅ​ក្នុង​វិបត្តិ​នោះ ។ មនុស្ស​ដែល​មាន​ការ​តក់​ស្លុត​មាន​អារម្មណ៍​ផ្សេងៗ​គ្នា ។ ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ពេល​អ្នក​ជា​សះ​ស្បើយ ។

សូមមើល​វីដេអូ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ស្គាល់ និង​ការ​គ្រប់​គ្រង​ស្ថានភាព និង​ការ​គំរាម​កំហែង​ដ៏​គ្រោះថ្នាក់ ។

៧.៩

ការ​ថែរកក្សា​គេហដ្ឋាន​ឲ្យ​មាន​សុវត្ថិភាព

សូម​ធ្វើ​តាម​សេចក្ដី​ណែនាំ​ខាង​ក្រោម​នេះ​ដើម្បី​រក្សា​គេហដ្ឋាន​របស់​អ្នក​ឲ្យ​មាន​ភាព​ឯកជន សុវត្ថិភាព ហើយ​ស្អាត ។

៧.៩.១

ឯកជនភាព និង​សុវត្ថិភាព

សូម​ធ្វើ​តាម​សេចក្ដីណែនាំ​ដូច​តទៅ​នេះ​ដើម្បី​ប្រាកដ​ថា គេហដ្ឋាន​របស់់​អ្នក​មាន​ភាព​ឯកជន និង​សុវត្ថិភាព ៖

  • ដំឡើង និង​ថែរក្សា​ម៉ូណូ​អុកស៊ីត​កាបូន និង​ម៉ាស៊ីន​បឺត​ផ្សែង​ ។ ធ្វើ​ការ​ត្រួត​ពិនិត្យ ហើយ​ប្ដូរ​ថ្ម​តាម​កាល​វិភាគ​ដែល​បាន​ដាក់​ដោយ​អ្នក​សម្រប​សម្រួល​ផ្នែក​គេហដ្ឋាន​ក្នុង​បេសកកម្ម ។ មិនត្រូវ​បិទ​ឧបករណ៍​សង្គ្រោះ​ជីវិត​ទាំង​នេះ​ឡើយ ។

  • កុំ​ដុត​ទៀន​គ្រប់​ប្រភេទ ។

  • ចាក់​សោ​ទ្វារ​ខាង​ក្រៅ និង​បង្អួច ។ ប្រសិន​បើ​ចាំបាច់ អ្នកដឹកនាំ​បេសកកម្ម​របស់​អ្នក​អាច​ណែនាំ​ជម្រើស​ដោយ​អនុញ្ញាត​ឲ្យ​ខ្យល់​ចូល​ពី​ខាង​ក្រៅ ។

  • បិទ​វាំង​នន ឬ​រនាំង​ជានិច្ច​នៅ​ពេល​យប់ ។

  • កុំ​ចែកចាយ​អាសយដ្ឋាន​របស់​អ្នក​ជា​សាធារណៈ ឬ​ជាមួយ​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន ។

  • កុំ​បើក​ទ្វារ ប្រសិន​បើ​អ្នក​មិន​ស្គាល់​បុគ្គល​នៅ​ខាង​ក្រៅ ឬ​បើ​អ្នក​មាន​អារម្មណ៍​ពុំ​ស្រណុក​ចិត្ត​ជាមួយ​នឹង​គាត់ ឬ​នាង ។

  • កុំ​បង្រៀន​មនុស្ស​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក ឬ​អញ្ជើញ​មនុស្ស​ចូល​មក​ខាង​ក្នុង លើក​លែង​តែ​ពួកគេ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​មូល​ដ្ឋាន​ដែល​បាន​អនុញ្ញាត​ឲ្យ​មក​ដោយ​អ្នក​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

  • កុំ​នៅ​ក្នុង​គេហដ្ឋាន​មួយ​ដែល​មាន​មនុស្ស​មិន​ទាន់​រៀបការ​ដែល​មាន​ភេទ​ខុស​ពី​អ្នក​រស់​នៅ ឬ​កន្លែង​ដែល​ស្វាមី ឬ​ភរិយា​ដែល​មាន​ភេទ​ដូច​អ្នក​អវត្តមាន​ជា​ញឹកញាប់​ឡើយ ។

  • រាយការណ៍​ទៅ​ការិយាល័យ​បេសកកម្ម​ភ្លាម​អំពី​បញ្ហា​សុវត្ថិភាព​ណា​មួយ រួម​ទាំង​មនុស្ស​ម្នាក់​ដែល​កំពុង​ឃ្លាំ​មើល​គេហដ្ឋាន​របស់​អ្នក ឬ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពុំ​មាន​សុវត្ថិភាព ។

  • អនុញ្ញាត​ឲ្យ​តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​ដែល​មាន​ភេទ​ដូច​គ្នា​ប៉ុណ្ណោះ ដើម្បី​សម្រាក​នៅ​គេហដ្ឋាន​របស់​អ្នក​នៅ​យប់​ផ្លាស់ប្ដូរ​ដៃគូ​ដែល​បាន​អនុម័ត ។

  • ចំណាយ​មូលនិធិ​ដ៏​ចាំ​បាច់​ដើម្បី​រក្សា​គេហដ្ឋាន​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព ។ ឧទាហរណ៍ ប្ដូរ​អំពូល​ភ្លើង​ដែល​ឆេះ ប្រសិន​បើ​ចាំ​បាច់ ។

៧.៩.២

ភាព​ស្អាត និង​ការ​ថែទាំ

ថែ​រក្សា​គេហដ្ឋាន​របស់​អ្នក​ឲ្យ​បាន​ស្អាត ៖

  • បោស​សម្អាត​នៅ​ថ្ងៃ​រៀប​ចំ​ខ្លួន ( សូមមើល ២.៥.១ ) និង​ជា​ប្រចាំ​ថ្ងៃ ប្រសិន​បើ​ចាំ​បាច់ ។

  • ធ្វើ​តាម​សេចក្ដី​ណែនាំ​ដើម្បី​ការ​ពារ​សត្វ​ល្អិត ( សូមមើល ៧.៧.៤ ) នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក ។

  • ដឹង​ពី​របៀប​ប្រើប្រាស់ឧបករណ៍ក្នុង​ផ្ទះ​ដោយ​សុវត្ថិភាព ជា​ពិសេស​ចង្ក្រាន និង​ម៉ាស៊ីន​កម្តៅ ។

  • កុំ​ចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ ។

គេហដ្ឋាន​របស់​អ្នក​នឹង​មាន​ការ​ត្រួត​ពិនិត្យ​ជា​ទៀង​ទាត់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា វា​មាន​លក្ខណៈ​សមរម្យ សុវត្ថិភាព ហើយ​ត្រូវ​បាន​ថែ​ទាំង​យ៉ាង​ល្អ ។

សូមមើល​វីដេអូ​ទាំង​ពីរ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម អំពី​ការ​ធ្វើ​ឲ្យ​គេហដ្ឋាន​មាន​សុវត្ថិភាព ។

៧.១០

សុវត្ថិភាព​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ

សូម​ធ្វើ​តាម​សេចក្ដីណែនាំ​អំពី​សុវត្ថិភាព​ដែល​គូស​បង្ហាញ​នៅ​ក្នុង​អនុវគ្គ​ដូច​ខាង​ក្រោម ។

៧.១០.១

ការ​ដើរ

ពេល​កំពុងដើរ ៖

  • ប្រសិន​បើ​អាច​ធ្វើ​បាន ដើរ​បញ្ច្រាស​ពី​ចរាចរណ៍ ។

  • សូម​នៅ​ក្នុង​តំបន់​ដែល​មាន​ភ្លើង ពេល​មេឃ​ងងឹត ។

  • ផ្លាស់ប្ដូរ​ផ្លូវ និង​ពេល​វេលា​ដែល​អ្នក​ធ្វើ​ដំណើរ​ក្នុង​តំបន់​របស់​អ្នក ។ ធ្វើ​តាម​ការ​បំផុស​គំនិត​ដើម្បី​ផ្លាស់ប្ដូរ​ផ្លូវ ឬ​ទម្លាប់​ធ្វើ​ដំណើរ​របស់​អ្នក ។

សូមមើល​វីដេអូ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម អំពី​សុវត្ថិភាព​ពេល​កំពុង​ដើរ ។

៧.១០.២

ការ​ជិះ​កង់

ពេល​កំពុង​ជិះ​កង់ ៖

  • ធ្វើ​តាម​ច្បាប់ និង​សេចក្ដី​ណែនាំ​ស្ដីពី​សុវត្ថិភាព​នៃ​ការ​ជិះ​កង់ រួម​ទាំង​ការ​ពាក់​មួក​សុវត្ថិភាព​ដែល​មានគុណភាព ការ​ប្រើ​ឧបករណ៍​ដែល​មាន​ចំណាំង​ផ្លាត និង​ការ​លើក​ដៃ​ជា​សញ្ញា ប្រសិន​បើ​សមរម្យ ។

  • កុំ​សន្និដ្ឋាន​ថា​អ្នក​មាន​សិទ្ធិ​អាទិភាព​ជានិច្ច​ឡើយ ។

  • ព្យាយាម​ចៀស​វាង​ពី​ការ​ជិះ​កង់ពេល​អាកាស​ធាតុ​មិន​ល្អ ក្នុង​ចរាចរណ៍​កក​ស្ទះ ឬ​ពេល​មេឃ​ងងឹត ។ ចៀសវាង​ការ​ជិះ​កង់​ទន្ទឹម​គ្នា ឬ​ជិះ​កៀក​ខ្លាំង​ពេក ។

  • សូម​ជិះ​នៅ​ក្នុង​ចម្ងាយ​សុវត្ថិភាព​មួយ​ពី​ដៃ​គូ​របស់​អ្នក ប៉ុន្តែ​អាច​មើល​ឃើញ​គ្នា ។

  • ថែទាំ​កង់​របស់​អ្នក​ឲ្យ​បាន​ល្អ រួម​មាន អំពូល​បំភ្លឺ​ផ្លូវ អំពូល​ខាង​ក្រោយ និង​ចំណាំង​ផ្លាត​ពី​ចំហៀង និង​លើ​ឧបករណ៍​នានា ។

  • ចាក់​សោរ​កង់​របស់​អ្នក ពេល​អត់ប្រើ​ប្រាស់​វា ។

សូមមើល​វីដេអូ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម អំពី​សុវត្ថិភាព​នៃ​ការ​ជិះ​កង់ ។

៧.១០.៣

ការប្រើ​ប្រាស់​យានយន្ត

ប្រសិន​បើ​អ្នកត្រូវ​បាន​ចាត់តាំង​ឲ្យ​បើក​រថយន្ត​នៅ​អំឡុង​បេសកកម្ម​របស់​អ្នក សូម​ប្រើ​ប្រាស់​តែ​រថយន្ត​បេសកកម្ម​ប៉ុណ្ណោះ ។ ដើម្បី​បើក​បរ​រថយន្ត​បេសកកម្ម​មួយ អ្នក​ត្រូវ​តែ​មាន​ប័ណ្ណ​បើក​បរ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​អ្នក​កំពុង​បម្រើ បង្ហាញ​ថា​អ្នក​យល់​ពី​បទដ្ឋាន​របស់​រថយន្ត​បេសកកម្ម និង​មាន​ការ​អនុមតិ​មក​ពី​អ្នក​ដឹកនាំ​បេសកកម្ម ។ សូម​ធ្វើ​តាម​សេចក្ដីណែនាំ​ទាំង​នេះ​ផង​ដែរ ៖

  • សូម​យល់​ថា អ្នក និង​ដៃ​គូ​របស់​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​សុវត្ថិភាព មិន​ថា​នរណា​បើក​បរ​នោះ​ទេ ។

  • ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន បើក​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ពេល​យប់ និង​ថ្ងៃ ហើយ​ប្រុង​ប្រយ័ត្ន​មិន​ថា​អ្នក​ជា​អ្នក​ដំណើរ ឬ​អ្នក​បើក​បរ​ឡើយ ។

  • ប្រសិ​នបើ​អ្នក​កំពុង​បើក​បរ កុំ​បែក​អារម្មណ៍​មើល​អ្វី​ផ្សេង រួម​ទាំង​ការ​ប្រើ​ទូរសព្ទ ឬ​ប្រព័ន្ធ​សំឡេង​នៅ​ក្នុង​រថយន្ត ។

  • ប្រសិន​បើ​អ្នក​ជា​អ្នករួម​ដំណើរ សូមជួយ​អ្នក​បើក​បរ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ។

  • ប្រសិន​បើ​អ្នក​ជា​អ្នករួម​ដំណើរ ឈរ​នៅ​ខាង​ក្រៅ​រថយន្ត​ក្នុង​ចម្ងាយ​ដ៏​មាន​សុវត្ថិភាព ដើម្បី​ជួយ​ប្រាប់​នៅ​ពេល​គាត់ ឬ​នាង​បើក​រថយន្ត​ថយ​ក្រោយ ។

  • សម្រាប់​ហេតុផល​សុវត្ថិភាព និង​ភាព​ទទួល​ខុសត្រូវ អ្នក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ជិះ​ក្នុង​រថយន្ត​របស់​អ្នក​ឡើយ លើក​លែង​តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​ដែល​មាន​ភេទ​ដូច​អ្នក​ប៉ុណ្ណោះ ។

  • បើក​បរ​ស្រប​តាម​ចំនួន​គីឡូម៉ែត្រ​ដែល​អ្នក​បាន​អនុញ្ញាត​ឲ្យ ។

  • កុំ​ឆ្កឹះឆ្គាល​ឧបករណ៍​វាស់​ចម្ងាយ ឬ​ឧបករណ៍​សុវត្ថិភាព​ណា​មួយ​ដែល​បាន​ដំឡើង​នៅ​ក្នុង​រថយន្ត ។

  • ថែរក្សា​រថយន្ត​របស់​អ្នក​ឲ្យ​បាន​ស្អាត ហើយ​ថែទាំវា​ឲ្យ​បាន​ល្អ ។

  • ប្រសិ​នបើ​អ្នក​ជួប​គ្រោះថ្នាក់ សូម​មើល​ក្នុង​កញ្ចប់ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ប្រសិន​បើ​អ្នក​មាន​គ្រោះ​ថ្នាក់ ដែល​គួរ​តែ​មាន​នៅ​ក្នុង​ថត​ខាង​មុខ​នៃ​រថយន្ត ។ ទាក់ទង​ទៅ​អ្នក​សម្រប​សម្រួល​ផ្នែក​រថយន្ត​ក្នុង​បេសកកម្ម​ភ្លាម ។

សូមមើល​វីដេអូ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម អំពី​សុវត្ថិភាព​នៃ​ការ​ប្រើ​រថយន្ត ។

៧.១០.៤

ការ​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ

ពេល​កំពុង​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ៖

  • សូម​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ដែល​បាន​អនុម័ត​សម្រាប់​បេសកកម្ម​របស់​អ្នក​ប៉ុណ្ណោះ ។

  • ស្គាល់​ផ្លូវ និង​តំបន់​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ដែល​អ្នក​ធ្វើ​ដំណើរ ។

  • អង្គុយ​នៅ​ក្បែរ​អ្នក​បើក​បរ ប្រសិន​បើ​អាច​ធ្វើ​បាន ។ ដាក់​កាបូប​របស់​អ្នក​នៅ​ពី​មុខ​អ្នក ប្រសិន​បើ​ធ្វើ​ដូច្នោះ​វា​មាន​សុវត្ថិភាព​ជាង ។

៧.១១

ពិធីបរិសុទ្ធ និង​ពរជ័យ​បព្វជិតភាព

ប្រើ​សេចក្ដី​ណែនាំ​ទូទៅ​ទាំង​នេះ​សម្រាប់​ការ​ធ្វើ​ពិធី​បរិសុទ្ធ និង​ពរជ័យ​នៃ​បព្វជិតភាព ។ ព័ត៌មាន​នៅ​ក្នុង​វគ្គ​នេះ​ត្រូវបាន​សង្ខេប​ចេញ​មក​ពី​ជំពូក ២០ នៃ ក្បួន​ខ្នាត​ភាគ ២ ៖ការ​គ្រប់​គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ។

កំណត់ចំណាំ ៖ ដូច​ដែល​បាន​ពន្យល់​នៅ​ក្នុង​វគ្គ​ដូច​តទៅ​នេះ ពិធី​បរិសុទ្ធ​មួយ​ចំនួន​ត្រូវ​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ដោយ​សិទ្ធិ​អំណាច​ទូទៅ​ជា​អធិបតី​ដែល​កាន់​កូន​សោ​ត្រឹមត្រូវ ។

៧.១១.១

ការ​គ្រប់​គ្រង​នៅ​ក្នុង​បព្វជិតភាព ៖ សេចក្ដីណែនាំ​ទូទៅ​សម្រាប់​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក

អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​គួរ​តែ​ខិត​ខំ​ជានិច្ច​ដើម្បី​មាន​ភាព​ស័ក្ដិសម ហើយ​ទទួល​បាន​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​គួរ​តែ​ធ្វើ​ពិធី​បរិសុទ្ធ និង​ការ​ប្រសិទ្ធពរ​នីមួយៗ​ក្នុង​របៀប​ដ៏​លើក​តម្កើង​មួយ ដោយ​ប្រាកដ​ថា វា​បំពេញ​តាម​តម្រូវ​ការ​ដូច​ខាង​ក្រោម​នេះ ៖

  1. វា​គួរតែ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ព្រះនាម​របស់ព្រះ​យេស៊ូវគ្រីស្ទ ។

  2. វា​គួរតែ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​នៃបព្វជិតភាព ។

  3. វា​គួរតែ​ត្រូវបាន​ធ្វើឡើង​ជាមួយនឹង​នីតិវិធី​ចាំបាច់នានា ដូចជា​ការប្រើពាក្យ​ជាក់លាក់ ឬ​ការប្រើប្រេង​ឧទ្ទិស​ជាដើម ។

  4. វា​គួរ​តែ​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​មក​ពី​អ្នក​មាន​សិទ្ធិ​អំណាច​ជា​អធិបតី​ដែល​កាន់​កូន​សោ​ត្រឹមត្រូវ ( ជា​ធម្មតា ប៊ីស្សព ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ) ប្រសិន​បើ​ចាំបាច់​ស្រប​តាម​សេចក្ដី​ណែនាំ​នៅ​ក្នុង​វគ្គ​នេះ ។

អ្នក​ដែល​ផ្ដល់​ការ​ប្រសិទ្ធពរ​បព្វជិតភាព​និយាយ​ពាក្យ​នៃ​ការ​ប្រសិទ្ធពរ ( « ខ្ញុំ​[ឬ​យើង]​ប្រសិទ្ធពរ​អ្នក​ថា … ) ជា​ជាង​ការ​និយាយ​ការ​អធិស្ឋាន​មួយ​ថា ( « ព្រះវរបិតា​សួគ៌ សូម​ប្រទាន​ពរ​ដល់​បុគ្គល​នេះ​ថា … » ) ។

ពេល​បងប្អូន​ប្រុស​ពីរ​បី​នាក់​ចូល​រួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ ឬ​ការ​ប្រសិទ្ធពរ​មួយ ពួកគាត់​ម្នាក់ៗ​ដាក់​ដៃ​ខាង​ស្ដាំ​ស្រាលៗ​លើ​ក្បាល​របស់​បុគ្គល​នោះ ( ឬ​ពី​ក្រោម​ទារក​ដែល​ទទួល​ការ​ប្រសិទ្ធពរ ) ហើយ​ដៃ​ខាង​ឆ្វេង​ទៅ​លើ​ស្មា​របស់​បងប្អូន​ប្រុស​ដែល​នៅ​ខាង​ឆ្វេង​គាត់ ។

មាន​តែ​បងប្អូន​ប្រុស​ដែល​មាន​បព្វជិតភាព​ចាំបាច់ ហើយ​ស័ក្ដិសម​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​ពិធី​បរិសុទ្ធ ឬ​ការ​ប្រសិទ្ធពរ​មួយ​បាន ។ តាម​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ប៊ីស្សព និង​ប្រធាន​ស្តេក​មាន​ការ​ញាណ​ដឹង​ដើម្បី​អញ្ជើញ​បងប្អូន​ប្រុស​ដែល​កាន់​បព្វជិតភាព ដែល​ពុំ​មាន​ភាព​ស័ក្ដិសម​ពេញ​លេញ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ ឬ​ចូល​រួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ និង​ការ​ប្រសិទ្ធពរ​មួយ​ចំនួន ( សូមមើល ក្បួនខ្នាត ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ២០.១.២ ) ។

ការ​អញ្ជើញ​គ្រួសារ មិត្តភក្ដិ និង​ថ្នាក់​ដឹកនាំ​ជា​ច្រើន​ដើម្បី​ជួយ​នៅ​ក្នុង​ពិធី​បរិសុទ្ធ ឬ​ការ​ប្រសិទ្ធពរ​មួយ​គឺ​ពុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឡើយ ដោយសារ​វា​មើល​ទៅ​ចម្លែក​ចំពោះ​មនុស្ស​មួយ​ចំនួន ហើយ​ធ្វើ​ឲ្យ​មាន​ការ​ឆ្គង​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នោះ ។

៧.១១.២

ការ​ជ្រមុជទឹក

ប្រធាន​បេសកកម្ម​កាន់​កូនសោ​សម្រាប់​ការ​ជ្រមុជទឹក​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ ។ នៅ​ក្រោម​ការ​ដឹកនាំ​នៃ​អ្នក​មាន​សិទ្ធិ​អំណាច​ជា​អធិបតី សង្ឃ​ឬ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ដ៏​ស័ក្ដិសម​ម្នាក់​អាច​ធ្វើ​ពិធី បរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន​គាត់​ត្រូវ ៖

  1. ឈរ​នៅក្នុង​ទឹក​ជាមួយ​នឹង​បុគ្គល​ទទួលពិធី​បុណ្យ​ជ្រមុជ​ទឹក​នោះ ។

  2. កាន់​ក​ដៃ​ស្ដាំ​របស់​បុគ្គល​នោះ​ដោយ​ប្រើ​ដៃ​ឆ្វេង​របស់​គាត់ ( សម្រាប់​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព ) បុគ្គល​ដែល​ត្រូវ​ជ្រមុជ​ទឹក​កាន់​ក​ដៃ​ខាង​ឆ្វេង​របស់​អ្នក​កាន់​បព្វជិតភាព​ដោយ​ប្រើ​ដៃ​ស្ដាំ​របស់​គាត់ ឬ​នាង ។

  3. លើកដៃ​ស្តាំ​របស់​គាត់​ជាកែង ។

  4. ហៅឈ្មោះ​ពេញ​របស់​បុគ្គល​នោះ ហើយ​និយាយថា « ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​វរបិតា និង​នៃ​ព្រះ​រាជ​បុត្រា និង​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ) ។

  5. អនុញ្ញាត​ឲ្យ​បុគ្គល​នោះ​ខ្ទប់​ច្រមុះ​គាត់ ឬ​នាង​ដោយ​ប្រើ​ដៃ​ស្ដាំ ( សម្រាប់​ភាព​ងាយ​ស្រួល ) ។ អ្នក​កាន់​បព្វជិតភាព​ដាក់​ដៃ​ស្ដាំ​របស់​គាត់​ទ្រ​ខ្នង​របស់​បុគ្គល​នោះ ហើយ​ជ្រមុជ​បុគ្គល​នោះ​ឲ្យ​លិច​ទាំង​ស្រុង​ចូល​ទៅ​ក្នុង​ទឹក រួម​ទាំង​សម្លៀក​បំពាក់​របស់​បុគ្គល​នោះ​ផង​ដែរ ។

  6. ជួយ​បុគ្គល​នោះ​ឲ្យ​ងើប​ឡើង​ពី​ក្នុង​ទឹក​មក​វិញ ។

ដូច​ដែល​បាន​ពិពណ៌នា​នៅ ក្នុង ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ២០.៣.៧ សាក្សី​ពីរ​នាក់​ត្រូវ​ប្រាកដ​ថា ពិធី​បុណ្យ​ជ្រមុជទឹក​នីមួយៗ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ ។ ពិធី​បុណ្យ​ជ្រមុជទឹក​ត្រូវ​តែ​ធ្វើ​ឡើង​វិញ ប្រសិន​បើ​ពាក្យ​ពេចន៍​ពុំ​ត្រូវ​បាន​និយាយ​ត្រឹមត្រូវ​តាម​ពាក្យ​ដែល​បាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៣ ឬ​ប្រសិន​បើ​ផ្នែក​នៃ​រូបកាយ ឬ​សម្លៀក​បំពាក់​របស់​បុគ្គល​នោះ​ពុំ​បាន​លិច​ទាំង​ស្រុង​ទៅ​ក្នុង​ទឹក ។

៧.១១.៣

ការ​បញ្ជាក់

ប្រធាន​បេសកកម្ម​កាន់​កូនសោ​សម្រាប់​ការ​បញ្ជាក់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ ។ ប៉ុន្តែ​ប៊ីស្សព​មើល​ខុស​ត្រូវ​លើ​ការ​ធ្វើ​ពិធី​បញ្ជាក់​ទាំងអស់ ។ គាត់​ត្រូវ​ប្រាកដ​ថា អ្នក​ប្រែ​ចិត្ត​ជឿ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុងការ​ប្រជុំ​សាក្រាម៉ង់​នៃ​វួដ​ដែល​ពួកគេ​ចូល​រួម ជាទូទៅ​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ ។ អ្នក​ប្រែ​ចិត្ត​ជឿ​ពុំ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក​ទេ ។

អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ឬ​ពីរ​នាក់​អាច​ចូល​រួម​នៅ​ក្នុង​ពិធី​បញ្ជាក់​នោះ ។ ពួក​គាត់​ដាក់​ដៃ​ថ្នមៗ​នៅ​លើ​ក្បាល​របស់​បុគ្គល​នោះ ។ បន្ទាប់​មក​បុគ្គល​ដែល​ធ្វើ​ពិធី​បរិសុទ្ធ ៖

  1. ហៅ​ឈ្មោះ​ពេញ​របស់​បុគ្គល​រូប​នោះ ។

  2. និយាយ​ថា ពិធី​បរិសុទ្ធ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. បញ្ជាក់​ថា បុគ្គល​នោះ​ជា​សមាជិក​មួយ​រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

  4. ប្រើ​ពាក្យ​ថា « ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ( ពុំ​មែន « ចូរ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » នោះ​ទេ ) ។

  5. ផ្ដល់​ការ​ប្រសិទ្ធពរ​តាម​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។

  6. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

៧.១១.៤

ការ​ឧទ្ទិស​ប្រេង

អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ឬ​ច្រើននាក់​ត្រូវ​តែ​ឧទ្ទិស​ប្រេង​អូលីវ​មុន​ពេល​វា​ត្រូវ​បាន​ប្រើ​ប្រាស់ ដើម្បី​ចាក់​ប្រេង​តាំង​ដល់​អ្នក​ឈឺ ឬ​អ្នក​រង​ទុក្ខ ។ គ្មាន​ប្រេង​ដទៃ​ទៀត​អាច​ត្រូវ​បាន​ប្រើ​ឡើយ ។ ដើម្បី​ឧទ្ទិស​ប្រេង​អ្នក​កាន់​បព្វជិតភាព​ត្រូវ ៖

  1. កាន់​ដប​ប្រេង​អូលីវ​ដែល​បើក​គម្រប​រួច ។

  2. ហៅ​ព្រះនាម​របស់​ព្រះវរបិតា​សួគ៌ ។

  3. និយាយ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  4. ឧទិ្ទសប្រេង ( មិនមែន​ដប​នោះទេ ) ហើយ​ញែក​វាចេញ​សម្រាប់​ការលាបប្រេង និង​ប្រសិទ្ធពរ​ដល់​អ្នក​ឈឺ និង​អ្នក​ជួបទុក្ខលំបាក ។

  5. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

៧.១១.៥

ការ​ព្យាបាល​អ្នក​ឈឺ និង​អ្នក​រង​ទុក្ខ

ព្រះយេស៊ូវ​បាន​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​ពួក​សាវក​របស់​ទ្រង់​ដើម្បី « ប្រោស​ជំងឺ​ឲ្យ​ជា ព្រមទាំង​ដេញ​អារក្ស​ផង » ( ម៉ាកុស ៣:១៥ ) ។ ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​មាន​សិទ្ធិ​អំណាច​ដូច​គ្នា ។ សូម​ប្រើ​អំណោយទាន​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ជា​ញឹក​ញាប់ ។

មាន​តែ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ប៉ុណ្ណោះ ដែល​អាច​ព្យាបាល​ដល់​អ្នក​ឈឺ ឬ​អ្នក​រង​ទុក្ខ​បាន ។ ជាធម្មតា អ្នក​កាន់​បព្វជិតភាព​ពីរ​នាក់ ឬ​ច្រើន​ធ្វើ​ការ​ព្យាបាល​ដល់​អ្នក​ឈឺ បុន្តែ​មនុស្ស​ម្នាក់​អាច​ធ្វើ​ទាំង​ការ​ចាក់​ប្រេង​តាំង និង​ការ​ផ្សារ​ភ្ជាប់​តែ​ម្នាក់​ឯង​បាន​បើ​ចាំបាច់ ។

ប្រសិន​បើ​គ្មាន​ប្រេង​ឧទ្ទិស នោះ​ការ​ប្រសិទ្ធពរ​អាច​ត្រូវ​បាន​ប្រគល់​ឲ្យ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ដោយ​គ្មាន​ការ​ចាក់​ប្រេង​តាំង ។

ជាធម្មតា ស្វាមី ឬ​ឪពុក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​ស័ក្តិសម​គួរ​តែ​ធ្វើ​ការ​ព្យាបាល​ដល់​សមាជិក​ដែល​ឈឺ​នៅ​ក្នុង​គ្រួសារ​របស់​គាត់ ។

បងប្អូន​ប្រុស​គួរ​តែ​ធ្វើ​ការ​ព្យាបាល​ដល់​អ្នក​ឈឺ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​ឈឺ ឬ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន ដើម្បី​ឲ្យ​ការ​ប្រសិទ្ធ​ពរ​នោះ​បាន​ទទួល​តាម​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ ពួក​អ្នក​កាន់​បព្វជិតភាព​មែលគីស្សាដែក ដែល​ទៅ​សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ មិនគួរ​សូម​ឱកាស​ធ្វើការព្យាបាល​ដល់​អ្នកជំងឺ​ឡើយ ។

ប្រសិនបើ​បុគ្គល​ម្នាក់សូម​ការប្រសិទ្ធពរ​ច្រើន​ជាង​ម្តងសម្រាប់​ជំងឺ​ដដែល នោះ​អ្នក​កាន់​បព្វជិតភាព​​មិនចាំ​បាច់​ចាក់​ប្រេងតាំង បន្ទាប់​ពីការ​ប្រសិទ្ធ​ពរ​លើក​ដំបូង​នោះទេ ។ ផ្ទុយ​ទៅ​វិញ គាត់​ផ្ដល់​ការ​ប្រសិទ្ធពរ ដោយ​ការ​ដាក់​ដៃ​លើ​ក្បាល និង​សិទ្ធិ​អំណាច​បព្វជិតភាព​មិលគីស្សាដែក ។

ការ​ព្យាបាល​អ្នក​ឈឺ​មាន​ពីរផ្នែក ៖ (១) ការលាប​ប្រេង និង (២) ការ​ផ្សារ​ភ្ជាប់​ប្រេង ។

ការ​លាប​ប្រេង​តាំង

ការ​លាបប្រេង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​កាន់​បព្វ​ជិត​ភាព​មួយ​រូប ។ គាត់ ៖

  1. ដាក់​ប្រេង​ដែលបាន​ឧទិ្ទស​មួយ​តំណក់​នៅលើ​ក្បាល​របស់​បុគ្គល​រូបនោះ ។

  2. ដាក់​ដៃ​របស់​គាត់​ស្រាលៗ​នៅលើ​ក្បាល​របស់​បុគ្គល​រូបនោះ ហើយ​ហៅ​បុគ្គល​នោះ​តាម​ឈ្មោះ​ពេញ​របស់​គាត់ ។ ។

  3. និយាយ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  4. ថ្លែងថា គាត់​កំពុង​លាបប្រេង​ដែល​ត្រូវបាន​ឧទ្ទិស​សម្រាប់​ការ​លាប និង​ការ​ផ្តល់ពរជ័យ​ដល់​អ្នកឈឺ និង​អ្នក​ជួបទុក្ខលំបាក ។

  5. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ពិធីផ្សារ​ភ្ជាប់​ការលាបប្រេង

ជាធម្មតា អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ពីរ​នាក់ ឬ​ច្រើន​ដាក់​ដៃ​របស់​ពួកគាត់​ស្រាលៗ​នៅ​លើ​ក្បាល​របស់​បុគ្គល​នោះ​ដើម្បី​ផ្សារ​ភ្ជាប់​ការ​លាប​ប្រេង ប៉ុន្តែ អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់​អាច​ធ្វើ​ការ​ប្រសិទ្ធ​ពរ​ម្នាក់​ឯង​បាន បើ​ចាំបាច់ ។ នៅពេល​ផ្សារ​ភ្ជាប់​ការ​លាបប្រេង អ្នក​កាន់​បព្វជិតភាព​មិល​គីស្សាដែក ៖

  1. ហៅ​បុគ្គល​នោះ​តាម​ឈ្មោះ​ពេញ​របស់​គាត់ ។

  2. ថ្លែងថា គាត់​កំពុង​ផ្សារភ្ជាប់​ប្រេង ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. ផ្តល់​ការប្រសិទ្ធពរ​តាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ។

  4. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

៧.១១.៦

ការ​ប្រសិទ្ធពរ​នៃ​ការ​លួង​លោម​ចិត្ត និង​ការ​ប្រឹក្សា

ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​អាច​ផ្ដល់​ការ​ប្រសិទ្ធពរ​លួង​លោម​ចិត្ត និង​ការ​ប្រឹក្សា​ដល់​អ្នក​ដទៃ​ដែល​សូម​ការ​ប្រសិទ្ធ​ពរ​ពី​ពួកគាត់​ផង​ដែរ ។ សម្រាប់​ការ​ប្រសិទ្ធពរ​បែប​នេះ អ្នក​កាន់​បព្វជិតភាព​ម្នាក់ ឬ​ច្រើន​នាក់​ដាក់​ដៃ​ពួកគាត់​ស្រាលៗ​លើ​ក្បាល​របស់​បុគ្គល​នោះ ។ បន្ទាប់​មក​អ្នក​កាន់​បព្វជិតភាព​ដែល​ផ្តល់​ការ​ប្រសិទ្ធពរ​ត្រូវ ៖

  1. ហៅ​បុគ្គល​នោះ​តាម​ឈ្មោះ​ពេញ​របស់​គាត់ ។

  2. និយាយ​ថា ការប្រសិទ្ធពរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. ផ្តល់​ការប្រសិទ្ធពរ​តាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ។

  4. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ផ្ដល់​ការ​ប្រសិទ្ធ​ពរ​ដល់​សមាជិក​គួរ​តែ​រាយការណ៍​ពី​ការ​ប្រសិទ្ធពរ​ដល់​ប៊ីស្សព​របស់​សមាជិក​រូប​នោះ​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ប្រធាន​កូរ៉ុម​អែលឌើរ ឬ​អ្នក​ដឹកនាំ​បេសកកម្ម​ក្នុង​វួដ ដែល​ពួកគេ​នឹង​ប្រាប់​ប៊ីស្សព​នៅ​ពេល​ក្រោយ ។