ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាពអំពី​ផ្ទះការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ ៖

ថវិកា

អាន ៖សូម​អបអរ​សាទរ​ចំពោះ​ការ​បង្កើត​ថវិកា​មួយ ! ថវិកា​មួយ​អាច​ជា​ឧបករណ៍​ដ៏​មាន​អនុភាព​សម្រាប់​ការ​គ្រប់​គ្រង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក និង​ការ​កាត់​បន្ថយ​ការ​ថប់​បារម្ភ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ នៅ​ក្នុង​បទគម្ពីរ យើង​រៀន​ថា « សេចក្ដី​ពិត​គឺ​ជា​ការ​ចេះដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ និង ការណ៍​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​ខាង​មុខ »​( គ. និង ស. ៩៣:២៤ ) ។

ពិភាក្សា ៖តើ​ខគម្ពីរ​នេះ​ដែល​ដក​ស្រង់​មក​ពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​អាច​អនុវត្ត​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក និង​ការ​ប្រើ​ថវិកា​មួយ​យ៉ាង​ដូចម្ដេច ?

អាន ៖ការ​ដឹង​ថា​ហិរញ្ញវត្ថុ​គ្រួសារ​របស់​អ្នក​ស្ថិត​នៅ​ត្រង់​ចំណុច​ណា​ឲ្យ​ពិត​ប្រាកដ គឺជា​រឿង​ដ៏​ចាំបាច់​សម្រាប់​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ដ៏​ជោគជ័យ ។ អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន បាន​បង្រៀន​ថា « អស់​អ្នក​ដែល​រស់​នៅ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ប្រាក់​ចំណូល​របស់​ខ្លួន​ដឹង​ថា​រាល់​ខែ​ប្រាក់​ចូល​ចំនួន​ប៉ុន្មាន ហើយ​ទោះ​ជា​វា​ពិបាក​ក្ដី ក៏​ពួកគេ​លុត​ដំ​ខ្លួន​ឲ្យ​ចំណាយ​តិច​ជាង​ចំនួន​នោះ​ដែរ » ( « Earthly Debts, Heavenly Debts » EnsignLiahona ខែ ​ឧសភា ឆ្នាំ​២០០៤ ទំព័រ ៤២ ) ។

ការ​ធ្វើ​តាម​ថវិកា​អាច​ជា​រឿង​ដ៏​លំបាក ។ វា​តម្រូវ​ឲ្យ​មាន​ការ​តាំង​ចិត្ត ការ​លុតដំ​ខ្លួន និង​ការ​ខិតខំ​ជា​បន្ត​បន្ទាប់—វា​ប្រហែល​ជា​ត្រូវ​សាកល្បង​ជា​ច្រើន​ដង​ដើម្បី​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ! នៅ​ពេល​អ្នក​ខិតខំ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ចំណាយ​របស់​អ្នក សូម​ចងចាំ​ថា ត្រូវ​ប្រឹក្សា​នឹង​ព្រះអម្ចាស់ ព្រមទាំង​ស្វាមី ឬ​ភរិយា​របស់​អ្នក ឬ​ដៃ​គូ​ទទួល​ខុស​ត្រូវ​ម្នាក់ ។ ដោយ​មាន​ការ​ខិតខំ​គាំទ្រ​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​អ្នក​អាច​ក្លាយ​កាន់​តែ​ដូច​ជា​កុមារ​ដែល​បាន​រង់ចាំ​នៅ​ក្នុង​ការ​ដក​ពិសោធន៍​ស្ករ​ម៉ាសមេលឡូ​នោះ​ដែរ​ ( បាន​ពិភាក្សា​នៅ​ក្នុង​ជំពូក​មុន ) ។

ពិភាក្សា ៖តើ​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ រួម​បញ្ចូល​ទាំង​ការ​លុតដំ​ខ្លួន និង​ភាព​ឧស្សាហ៍​តាម​របៀប​ណា ?

អាន ៖នៅ​ថ្ងៃ​នេះ យើង​នឹង​ពិភាក្សា​អំពី​គោលការណ៍​បួន​យ៉ាង​សម្រាប់​ការ​ធ្វើ​តាម​ថវិកា​មួយ ៖

  1. ដាក់​គោលដៅ​ខាង​ហិរញ្ញវត្ថុ​ដែល​ជាក់លាក់ ហើយ​មាន​ការ​លើក​ទឹក​ចិត្ត ។

  2. ស្វែង​រក ហើយ​ប្រើ​ប្រព័ន្ធ​រៀបចំ​ថវិកា​មួយ ។

  3. មាន​ការ​ទទួល​ខុស​ត្រូវ ។

  4. ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ហើយ​បន្ត​ព្យាយាម !

១. ដាក់​គោលដៅ​ខាង​ហិរញ្ញវត្ថុ​ដែល​ពិត ហើយ​មាន​ការ​លើក​ទឹក​ចិត្ត

អាន ៖ការ​ដាក់​គោលដៅ​គឺជា​ឧបករណ៍​មួយ​ដ៏​មាន​អនុភាព​ដែល​ជួយ​យើង​អភិវឌ្ឍ ហើយ​ថែ​រក្សា​ទស្សនវិស័យ​រយៈពេល​វែង​មួយ ។

អែលឌើរ អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « ខ្ញុំ​សូម​ប្រាប់​បងប្អូន​នូវ​រឿង​មួយ​អំពី​ការ​ដាក់​គោលដៅ ។ ខ្ញុំ​មាន​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា ប្រសិន​បើ​យើង​ពុំ​ដាក់​គោលដៅ​នៅ​ក្នុង​ជីវិត​របស់​យើង ហើយ​រៀន​ពី​របៀប​គ្រប់​គ្រង​បច្ចេកទេស​នៃ​ការ​រស់​នៅ​ដើម្បី​សម្រេច​បាន​គោលដៅ​ទាំង​ឡាយ​របស់​យើង​នោះ​ទេ លុះ​ពេល​យើង​ឈាន​ចូល​វ័យ​ចំណាស់ ហើយ​ក្រឡេក​មក​មើល​ជីវិត​របស់​យើង​វិញ​នូវ​អ្វី​ដែល​យើង​សម្រេច​បាន នោះ​ឃើញ​តែ​មួយ​ផ្នែក​តូច​នៃ​សក្ដានុពល​ពេញ​លេញ​របស់​យើង​ប៉ុណ្ណោះ ។ នៅ​ពេល​មនុស្ស​ម្នាក់​រៀន​គ្រប់​គ្រង​គោលការណ៍​នៃ​ការ​ដាក់​គោលដៅ​មួយ នោះ​គាត់​នឹង​មាន​លទ្ធភាព​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ដ៏​ធំ​មួយ ជាលទ្ធផល​គាត់​សម្រេច​គោលដៅ​នៅ​ក្នុង​ជីវិត​នេះ » ( « Do Things That Make a Difference » Ensign ខែ​ មិថុនា ឆ្នាំ​១៩៨៣ ទំព័រ ៦៩–៧០ ) ។

    ពិភាក្សា ៖
  • តើ​គោលដៅ​ទាំង​ឡាយពីអតីតកាល​បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន​​របៀប​ណា ?

  • តើ​ការ​ដាក់​គោលដៅ​គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

អាន ៖វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​ដាក់​គោលដៅ​ខាង​ហិរញ្ញវត្ថុ​ដែល​ពិត និង​ប្រកប​ដោយ​ការ​លើក​ទឹក​ចិត្ត ។ នៅ​ពីរ​បី​ជំពូក​ក្រោយ​ទៀត យើង​នឹង​រៀន​អំពី​គោលដៅ និង​អាទិភាព​ខាង​ហិរញ្ញវត្ថុ​ជាច្រើន រួម​បញ្ចូល​ទាំង​ការ​បង្កើត​មូលនិធិ​សម្រាប់​ភាព​បណ្ដោះ​អាសន្ន​រយៈពេល​មួយ​ខែ ការ​រួច​ផុត​ពី​បំណុល ការ​បង្កើត​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​វែង ការ​វិនិយោគ​សម្រាប់​ការ​ចូល​និវត្តន៍ និង​ការ​សន្សំ​ប្រាក់​សម្រាប់​ការ​ចំណាយ​ស័ក្ដិសម​ផ្សេង​ទៀត ។ សកម្មភាព​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ថា​តើ​ចំណុច​មួយ​ណា​គួរ​ជា​អាទិភាព​ផ្នែក​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក ។

អាន ៖អ្នក​អាច​ជ្រើស​រើស​ខិតខំ​ដើម្បី​សម្រេច​បាន​គោលដៅ​រយៈពេល​វែង​ផ្សេង​ទៀត បន្ថែម​ពី​លើ​អាទិភាព​ផ្នែក​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក ដែល​អាច​រួម​បញ្ចូល​នូវ​ការ​សន្សំ​ប្រាក់​សម្រាប់​ការ​អប់រំ បេសកកម្ម រថយន្ត ផ្ទះ ឬ​ដំណើរ​កម្សាន្ត​ជា​គ្រួសារ ឬ​ការ​ចំណាយ​សម្រាប់​ការ​កម្សាន្ត​ផ្សេង​ទៀត ។ វា​នឹង​មាន​ការ​ល្បួង​ជាច្រើន​ឲ្យ​ជ្រើស​យក​ទស្សនវិស័យ​រយៈពេល​ខ្លី​ជា​ជាង​ទស្សន​វិស័យ​រយៈពេល​វែង ។ គោលដៅ​អាច​ផ្ដល់​ហេតុផល​មួយ​ឲ្យ​យើង​និយាយ​ថា​ទេ​នៅ​ពេល​នេះ ដោយ​ផ្ដល់​អ្វី​មួយ​ដល់​អ្នក​ដើម្បី​មើល​ឆ្ពោះ​ទៅ​ពេល​អនាគត ។

ពិភាក្សា ៖តើ​អ្វី​ទៅ​ដែល​លើក​ទឹក​ចិត្ត​អ្នក​ដោយ​ផ្ទាល់​ឲ្យ​ចង់​ធ្វើ​តាម​ផែនការថវិកា​របស់​អ្នក ?

២. ស្វែង​រក ហើយ​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ថវិកា​មួយ

អាន ៖មាន​ឧបករណ៍ និង​ប្រព័ន្ធ​ជាច្រើន​ដើម្បី​ជួយ​អ្នក​គ្រប់គ្រង​ថវិកា​របស់​អ្នក ហើយ​តាម​ដាន​ការ​ចំណាយ​របស់​អ្នក ។ ប្រព័ន្ធ​គ្រប់គ្រង​ថវិការ​ដ៏​មាន​ប្រសិទ្ធភាព​ចាប់​តាំង​ពី​ប្រព័ន្ធ​ប្រើ​ប៉ិច និង​ក្រដាស​រហូត​ដល់​កម្មវិធី​ទូរសព្ទ​ចល័ត និង​កុំព្យូទ័រ ។

មាន​វិធី​ចម្បង​ពីរ​ដើម្បី​បង់ថ្លៃ​សម្រាប់​ទំនិញ និង​សេវា​គឺ ៖ សាច់​ប្រាក់ ឬ​ការ​បង់​តាម​អេឡិចត្រូនិក ។ វិធីសាស្ត្រ​ទូទៅ ទាំង​នេះ​នីមួយៗ​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ហើយ​វា​នឹង​ជះឥទ្ធិពល​ដល់​វិធី​ដែល​អ្នក​គ្រប់គ្រង​ថវិកា​របស់​អ្នក ហើយ​តាម​ដាន​ការ​ចំណាយ​របស់​អ្នក ។ នៅ​ពីរ​បី​វគ្គ​ក្រោយ​ទៀត យើង​នឹង​ពិភាក្សា​អំពី​ប្រព័ន្ធ​ថវិការ​រួម​ចំនួន​ពីរ ។ ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ​គឺជា​ការ​ស្វែង​រក​ប្រព័ន្ធ​ត្រឹម​ត្រូវ​សម្រាប់​អ្នក ។

សូម​មើល ៖« ប្រព័ន្ធ​ស្រោម​សំបុត្រ » មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៨៣ ) ។

video icon

សូម​មើល ៖« ប្រព័ន្ធ​ឌីជីថល »​ មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៨៤ ) ។

video icon

អាន ៖ជាមួយ​នឹង​វិធី​សាស្ត្រ​ណា​មួយ សូម​ប្រាកដ​ថា​អ្នក ៖

  • កុំ​បន្លំ​ដោយ​ប្ដូរ​ចំនួន​ដែល​អ្នក​បាន​ដាក់ ឬ​ខ្ចី​ពី​ផ្នែក​ផ្សេង​ទៀត ។ ប្រឹក្សា​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក ឬ​ដៃ​គូ​ទទួល​ខុស​ត្រូវ ប្រសិន​បើ​ត្រូវការ​ការ​កែ​សម្រួល ។

  • តាម​ដាន​រាល់​ការ​ចំណាយ​ឲ្យ​បាន​ដិត​ដល់ ហើយ​កែ​សម្រួល​ប្រភេទ​ថវិកា​របស់​អ្នក​នៅ​ខែ​ក្រោយ ប្រសិន​បើ​ចាំ​បាច់ ។

៣. មាន​ការ​ទទួល​ខុស​ត្រូវ

អាន ៖អ្នក​អាច​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើ​តាម​ផែនការថវិកា​បាន​តែ​តាមរយៈ​ការ​មាន​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ ។ ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រួសារ​រៀង​រាល់​សប្ដាហ៍​អាច​ជា​វិធី​មួយ​ដើម្បី​ពិនិត្យ​មើល​គោលដៅ និង​ថវិកា​របស់​អ្នក​ឡើង​វិញ ហើយ​ធ្វើ​ការ​កែ​សម្រួល ប្រសិន​បើ​ចាំបាច់ ។ ប្រសិន​បើ​អ្នក​ពិបាក​ក្នុង​ការ​ទទួល​ខុស​ត្រូវ វា​ប្រហែល​ជា​រឿង​ដ៏​ឈ្លាស​វៃ​ដើម្បី​រាយការណ៍​ការ​រីកចម្រើន​របស់​អ្នក​ទៅ​កាន់​មនុស្ស​ម្នាក់​ផ្សេង​ទៀត—ជា​មិត្ត​ភក្ដិ ដៃ​គូ​សកម្មភាព អ្នក​ណែនាំ ឬ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ ។ រឿង​ដ៏​សំខាន់​គឺ​ថា អ្នក​ចំណាយ​ពេល​ដើម្បី​វាយ​តម្លៃ​ជា​ទៀង​ទាត់​ពី​ការ​រីកចម្រើន​របស់​អ្នក ហើយ​ថា​អ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរ ប្រសិន​បើ​ចាំបាច់ ។

ពិភាក្សា ៖ហេតុអ្វី​វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​មាន​ការ​ទទួល​ខុស​ត្រូវ ? តើ​អ្នក​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ថវិកា​របស់​អ្នក​តាម​របៀប​ណា ?

៤. ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ហើយ​បន្ត​ព្យាយាម

អាន ៖សូម​ចងចាំ​ថា ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ដ៏​ស្មោះ​ត្រង់​ប្រហែល​ជា​តម្រូវ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​ទស្សនវិស័យ ទម្លាប់ និង​ឥរិយាបថ ។ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​នេះ ។ ដោយសារ​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​ប្រហែល​ជា​ទម្លាប់​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ និង​ដោយសារ​ការ​ធ្វើ​ផែន​ការ​ថវិកា​គឺជា​ដំណើរ​ការ​រៀនសូត្រ​មួយ នោះ​ប្រហែល​ជា​ពេល​ខ្លះ​អ្នក​បរាជ័យ​ដើម្បី​ធ្វើ​តាម​ផែនការ​ថវិកា​របស់​អ្នក ។

លើស​ពី​នេះ​ទៀត អ្នក​ប្រហែល​ជា​មាន​កំហុស ហើយ​ធ្វើ​ការ​ទិញ​ដែល​ពុំ​បាន​គិត ឬ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដូចជា​បាត់​បង់​ការងារ ភាព​អាសន្ន​ផ្នែក​វេជ្ជសាស្ត្រ ឬ​ថ្លៃ​ថែទាំ​នានា​ដែល​ពុំ​អាច​ដឹង​ទុក​មុន ។ អ្នក​នឹង​រៀន​អំពី​ការ​បង្កើត​មូលនិធិ​សម្រាប់​ភាព​អាសន្ន​មួយ និង​ការ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ជំពូក​ក្រោយៗ​ទៀត ប៉ុន្តែ​ឥឡូវ​នេះ វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​ចងចាំ​ថា ផែនការថវិកា​មួយ​គឺ​អាច​ផ្លាស់​ប្ដូរ​បាន ហើយ​ថា​ការ​ធ្វើ​តាម​ផែនការថវិកា​មួយ​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ជា​បន្ត​បន្ទាប់ ។

នៅ​ពេល​អ្នក​ជួប​ភាព​បរាជ័យ​ចំពោះ​ថវិកា​របស់​អ្នក សូម​ពិភាក្សា​បញ្ហា​នេះ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក ហើយ​ពិនិត្យ​មើល​ផ្នែក​នានា​ក្នុង​ផែនការ​ថវិកា​របស់​អ្នក​ដែល​អាច​នឹង​ត្រូវការ​ការ​កែ​សម្រួល ។ កាល​អ្នក​ប្រហែល​ជា​មាន​ការ​បាក់​ទឹក​ចិត្ត ហើយ​ងាក​ទៅ​រក​ការ​បោះបង់​ការ​ធ្វើ​តាម​ថវិកា សូម​ចងចាំ​ថា អ្នក​អាច​បន្ត​ព្យាយាម​បាន ហើយ​តាមរយៈ​ការ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់ និង​ការ​ស្វែង​រក​ជំនួយ​របស់​ទ្រង់ នោះ​អ្នក​នឹង​ទទួល​បាន​អនុភាព និង​លទ្ធភាព​ដើម្បី​ស៊ូទ្រាំ​នៅ​ក្នុង​ការ​ខិតខំ​របស់​អ្នក ។

ពិភាក្សា ៖តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ជួប​ភាព​បរាជ័យ​ចំពោះ​ថវិកា​របស់​អ្នក ?

ពិភាក្សា​អំពី​ការ​ធ្វើ​តាម​ថវិកា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ

អាន ៖ការ​ធ្វើ​តាម​ថវិកា​តម្រូវ​ឲ្យ​មាន​សាមគ្គីភាព​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា និង​ជាមួយ​គ្រួសារ​របស់​អ្នក ។ នៅ​សប្ដាហ៍​នេះ សូម​ពិភាក្សា​អំពី​ប្រព័ន្ធ​ថវិកា​ដែល​អាច​មាន​ដើម្បី​អ្នក​អាច​យក​មក​ប្រើ និង​វិធី​ដែល​អ្នក​កែសម្រួល​ថវិកា​របស់​អ្នក ប្រសិន​បើ​អ្នក​ជួប​បញ្ហា​ប្រឈម​នានា ។ លើស​ពី​នេះ​ទៀត សូម​ពិភាក្សា​ពី​អាទិភាព​ផ្នែក​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក និង​គោលដៅ​រយៈពេល​វែង​ផ្សេង​ទៀត ព្រមទាំង​ផែនការ​ដើម្បី​សម្រេច​វា​បាន ។ អ្នក​អាច​ប្រើ​គម្រោង​មេរៀន​ « គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ » ខាង​ក្រោម ។ សូម​ចង​ចាំ​ថា ប្រសិន​បើ​អ្នក​មិន​ទាន់​រៀបការ​ទេ ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក​អាច​រួម​បញ្ចូល​នូវ​មិត្ត​រួម​បន្ទប់ មិត្ត​ភក្ដិ សមាជិក​គ្រួសារ ឬ​អ្នក​ណែនាំ ។

គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ត្រូវ​ចាប់ផ្ដើម ហើយ​បញ្ចប់​ដោយ​ការ​អធិស្ឋាន​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ ។

ផ្នែក​ទី ១ ៖​ ពិនិត្យ​ឡើង​វិញ

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​កែលម្អ​ថវិកា​របស់​អ្នក ?

  • តើ​អ្វី​ទៅ​ជា​អាទិភាព​ផ្នែក​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក ? សូម​ពិភាក្សា​ការ​វាយ​តម្លៃ​នៅ​ទំព័រ ៧៦ ។

ផ្នែក​ទី ២ ៖​ ដាក់​ផែនការ

  • តើ​អ្វី​ទៅ​ជា​អាទិភាព​ផ្នែក​ហិរញ្ញវត្ថុ និង​គោលដៅ​រយៈពេល​វែង​របស់​អ្នក ?

  • តើ​អ្នក​នឹង​ប្រើ​ប្រព័ន្ធ​ថវិកា​អ្វី​ដើម្បី​រក្សា​ថវិកា ហើយ​តាម​ដាន​ការ​ចំណាយ​នានា ?

  • តើ​អ្នក​នឹង​ធ្វើ​តាម​ផែនការ​ថវិកា​របស់​អ្នក​តាម​របៀប​ណា ហើយ​តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ប្រសិន​បើ​អ្នក​ចំណាយ​លើស​ថវិកា ?