ប្រព័ន្ធស្រោមសំបុត្រដាក់សាច់ប្រាក់គឺសាមញ្ញ ៖ បន្ទាប់ពីទទួលបានការបង់ប្រាក់ភ្លាម អ្នកដាក់ចំនួនប្រាក់ដែលអ្នកបានកំណត់ដើម្បីចំណាយនៅក្នុងផ្នែកនីមួយៗនៃថវិកាចូលទៅក្នុងស្រោមសំបុត្ររបស់វា ។
ឧទាហរណ៍ ចូរគិតថា អ្នកបានដាក់ថវិកាចំនួន ៤០០ លើផ្នែក « គ្រឿងទេស » នៅខែនេះ ។ នៅពេលអ្នកទទួលបានប្រាក់ខែរបស់អ្នកសម្រាប់ខែនេះ ឬសម្រាប់ពីរបីសប្ដាហ៍ក្រោយ សូមដាក់ចំនួននោះ( ជាសាច់ប្រាក់ ) ចូលទៅក្នុងស្រោមសំបុត្រមួយដែលសរសេរថា « គ្រឿងទេស » ។ គ្មានប្រាក់—ហើយនេះមានន័យថាគ្មានប្រាក់—ចេញមកពីស្រោមសំបុត្រនោះ លើកលែងតែសម្រាប់បង់ថ្លៃម្ហូបអាហារប៉ុណ្ណោះ ។ ប្រសិនបើអ្នកទៅផ្សារ ហើយដឹងថាអ្នកបានភ្លេចស្រោមសំបុត្រនោះនៅផ្ទះ សូមត្រឡប់ទៅផ្ទះ ហើយយកស្រោមសំបុត្រនោះ ! សូមរក្សាកំណត់ត្រាជាលាយលក្ខណ៍អក្សរ ( នៅក្នុងសៀវភៅកំណត់ចំណាំដ៏សាមញ្ញមួយ ) នូវរាល់ការចំណាយទាំងអស់ ដើម្បីអ្នកអាចពិនិត្យមើលវាឡើងវិញនៅពេលក្រោយអំឡុងក្រុមប្រឹក្សាគ្រួសាររបស់អ្នក ដើម្បីរំឭកអ្នកថា ប្រាក់របស់អ្នកបានចំណាយទៅលើអ្វីខ្លះ ។
នៅក្នុងស្រោមសំបុត្រមួយទៀត សូមដាក់ចំនួនថវិកាសម្រាប់ការចំណាយលើថ្លៃធ្វើដំណើររបស់អ្នក ។ អ្នកនឹងដកប្រាក់ចេញពីស្រោមសំបុត្រទីពីរនេះ នៅពេលត្រូវការចំណែកសមរម្យសម្រាប់ថ្លៃទាំងនោះ ហើយតាមដានការចំណាយនីមួយៗនៅក្នុងសៀវភៅកំណត់ចំណាំរបស់អ្នក ។
សូមបែងចែកផ្នែកនីមួយៗនៃថវិការបស់អ្នកតាមរបៀបដូចគ្នានេះ ៖ ការបង់ថ្លៃជួល ឬទិញផ្ទះក្នុងស្រោមសំបុត្រមួយ ថ្លៃទឹកភ្លើងក្នុងស្រោមសំបុត្រមួយទៀត ដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗនៅក្នុងស្រោមសំបុត្រមួយទៀត ថ្លៃវេជ្ជសាស្ត្រ ការធានារ៉ាប់រងជាដើម—ដោយដាក់វានៅក្នុងស្រោមសំបុត្ររបស់វាផ្ទាល់ ។
រាល់ពេលដែលអ្នកទទួលបានប្រាក់កម្រៃ សូមដាក់ចំនួនថវិកាប្រចាំខែដ៏សមរម្យរបស់អ្នកទៅក្នុងស្រោមសំបុត្រនីមួយៗ ដើម្បីឲ្យចំនួនសរុបនៅក្នុងស្រោមសំបុត្រនីមួយៗសម្រាប់ខែនីមួយៗគឺជាចំនួនដែលបានកំណត់ទុកជាមុននៅក្នុងគម្រោងថវិកាជាលាយលក្ខណ៍របស់អ្នក ។
សូមកុំចំណាយច្រើនជាងអ្វីដែលអ្នកបានរៀបចំថវិកា ។ នៅពេលស្រោមសំបុត្រនោះនៅទទេរស្អាត នោះអ្នកមិនអាចចំណាយបានទៀតទេ ! ប្រសិនបើអ្នកចាំបាច់ត្រូវចំណាយបន្ថែមទៀតនៅក្នុងផ្នែកនោះ អ្នកនឹងត្រូវដកវាចេញពីស្រោមសំបុត្រមួយទៀត ។ សម្រាប់ពីបីខែដំបូង ការធ្វើបែបនេះនឹងតម្រូវឲ្យមានការកែសម្រួល ។ នៅក្នុងគ្រានោះអ្នកគួរទទួលបានរូបភាពកាន់តែច្បាស់ថាចំនួនថវិកាដំបូងរបស់អ្នកគ្រប់គ្រាន់ឬយ៉ាងណា—អ្នកនឹងដឹងពីចំនួនជាមធ្យមពិតប្រាកដក្នុងរយៈពេលបីបួនខែ ។
មនុស្សខ្លះប្រើប្រព័ន្ធស្រោមសំបុត្រសម្រាប់អ្វីៗគ្រប់យ៉ាង ។ ខ្លះប្រើប្រព័ន្ធសាច់ប្រាក់តែម្យ៉ាងសម្រាប់តែផ្នែកទាំងឡាយណាដែលទំនងជាល្បួងពួកគេឲ្យចំណាយលើស ឬសម្រាប់អ្វីដែលងាយបាត់បង់ការតាមដាន ឬមិនអាចគ្រប់គ្រងបាន ដូចជាម្ហូបអាហារ ភោជនីយដ្ឋាន ការកម្សាន្ត សាំង និងសម្លៀកបំពាក់ ។ រាល់ចំនួនដែលនៅសល់គួរដាក់ទៅក្នុងអាទិភាពខាងហិរញ្ញវត្ថុរបស់អ្នក ។
សូមត្រឡប់ទៅ ទំព័រ ៧៧
ប្រសិនបើការមើលឃើញសាច់ប្រាក់ច្រើនល្បួងអ្នកឲ្យចំណាយច្រើន នោះការប្រើប័ណ្ណឥណ្ណពន្ធមួយប្រហែលជាជម្រើសល្អបំផុតរបស់អ្នក ។ ដូចគ្នានឹងវិធីសាស្ត្រស្រោមសំបុត្រដែរ ប័ណ្ណឥណពន្ធមួយដកយកប្រាក់ដែលអ្នកមានចេញពីគណនីធនាគារបស់អ្នក ។
នៅពេលប្រើប័ណ្ណឥណពន្ធមួយ វាគឺជារឿងដ៏សំខាន់ដើម្បីតាមដានការចំណាយរបស់អ្នក ដោយសារប័ណ្ណឥណ្ណពន្ធពុំផ្ដល់ព្រំប្រទល់ដ៏រឹងមាំរវាងផ្នែកទាំងឡាយនៃថវិកា ដូចជាប្រព័ន្ធស្រោមសំបុត្រសាច់ប្រាក់នោះទេ ។ អ្នកអាចកត់ត្រាការចំណាយរបស់អ្នកដោយប្រើប៊ិក និងក្រដាស ឬប្រើទូរសព្ទចល័ត ឬកម្មវិធីកុំព្យូទ័រ ។
មានកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុជាច្រើនសម្រាប់ទូរសព្ទដៃ ឬឧបករណ៍ចល័តផ្សេងទៀត ។ កម្មវិធីទាំងនេះអាចផ្ទុក និងរៀបចំព័ត៌មានសម្រាប់អ្នក ហើយបន្ទាប់មកអ្នកអាចចូលទៅមើលព័ត៌មាននោះនៅលើកុំព្យូទ័ររបស់អ្នកនៅផ្ទះ ឬឧបករណ៍ផ្សេងទៀតផងដែរ ។
សូមចំណាយពេលខ្លះនៅសប្ដាហ៍នេះដើម្បីស្រាវជ្រាវរកកម្មវិធីដ៏ល្អបំផុតដែលមានជាភាសា និងក្នុងភូមិភាគរបស់អ្នក ដោយស្រាវជ្រាវរកឃ្លា « money management ( ការគ្រប់គ្រងប្រាក់ ) » « personal finance tools ( ឧបករណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន ) » ឬ « budgeting apps ( កម្មវិធីគ្រោងថវិកា ) » ។ មានកម្មវិធីល្អៗជាច្រើនដែលឥតគិតថ្លៃ ឬមានតម្លៃថោក ។
សូមចងចាំ ថា ព័ត៌មានរបស់អ្នកត្រូវរក្សាឲ្យមានសុវត្ថិភាព សូមចូលទៅមើលព័ត៌មានហិរញ្ញវត្ថុរបស់អ្នកតែនៅលើឧបករណ៍ផ្ទាល់របស់អ្នកប៉ុណ្ណោះ ពុំមែននៅលើកុំព្យូទ័រសាធារណៈទេ ។
សូមត្រឡប់ទៅទំព័រ ៧៨ ។