« ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ » ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ( ឆ្នាំ ២០០២ ) ទំព័រ ១–៣៧
« ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ » « ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ទំព័រ ១–៣៧
ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ
សូមមកព្រះវិហារបរិសុទ្ធ
មានមូលហេតុជាច្រើនដែលមនុស្សម្នាក់គួរតែចង់មកព្រះវិហារបរិសុទ្ធ ។ សូម្បីតែរូបរាងខាងក្រៅរបស់ព្រះវិហារបរិសុទ្ធក៏ហាក់ដូចជាបានប្រាប់អំពីគោលបំណងទាំងឡាយខាងវិញ្ញាណដ៏ជ្រាលជ្រៅផងដែរ ។ មានអ្វីជាច្រើនទៀតអំពីការណ៍នេះបង្ហាញជាភស្តុតាងនៅផ្នែកខាងក្នុងនៃជញ្ជាំងព្រះវិហារបរិសុទ្ធ ។ នៅពីខាងលើក្លោងទ្វារចូលព្រះវិហារបរិសុទ្ធ មានពាក្យសរសើរតម្កើងប្រាកដឡើងថា « បរិសុទ្ធដល់ព្រះអម្ចាស់ » ។ នៅពេលអ្នកចូលទៅក្នុងព្រះវិហារបរិសុទ្ធដែលបានឧទ្ទិសឆ្លងណាមួយក៏ដោយ នោះអ្នកស្ថិតនៅក្នុងព្រះដំណាក់ព្រះអម្ចាស់ហើយ ។
នៅក្នុងសាសនាចក្រ យើងសាងសង់អគារជាច្រើនប្រភេទ ។ នៅក្នុងអគារទាំងនោះយើងថ្វាយបង្គំ យើងបង្រៀន យើងស្វែងរកការកម្សាន្ដ យើងរៀបចំ ។ យើងអាចរៀបចំស្តេក វួដ បេសកកម្ម កូរ៉ុម និងសមាគមសង្គ្រោះ នៅក្នុងអគារទាំងនេះ ឬសូម្បីតែនៅក្នុងអគារជួលក្តី ។ ប៉ុន្តែនៅពេលយើងរៀបចំក្រុមគ្រួសារស្របទៅតាមលំដាប់ដែលព្រះអម្ចាស់បានបើកសម្តែង នោះយើងរៀបចំក្រុមគ្រួសារឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ អាពាហ៌ពិពាហ៌នៅក្នុងព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ គឺជាពរជ័យដ៏សំខាន់បំផុត ដែលអ្នកអាចទទួលបាននៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅក្នុងព្រះវិហារបរិសុទ្ធទាំងឡាយ សមាជិកនៃសាសនាចក្រដែលរៀបខ្លួនមានភាពសក្តិសម អាចចូលរួមក្នុងពិធីបរិសុទ្ធនៃការប្រោសលោះដ៏លើកតម្កើងបំផុត ដែលត្រូវបានបើកសម្តែងដល់មនុស្សលោក ។ នៅក្នុងពិធីដ៏ពិសិដ្ឋមួយនៅទីនោះ បុគ្គលម្នាក់អាចត្រូវបានលាង និងចាក់ប្រេងតាំង ហើយបង្រៀន និងទទួលអំណោយទានពិសិដ្ឋ ព្រមទាំងបានផ្សារភ្ជាប់ ។ ហើយនៅពេលយើងបានទទួលពរជ័យទាំងនោះសម្រាប់ខ្លួនយើងរួចហើយ នោះយើងអាចធ្វើកិច្ចការសម្រាប់អ្នកទាំងឡាយ ដែលបានទទួលមរណភាពទៅដោយពុំបានទទួលឱកាសដូចគ្នានេះ ។ នៅក្នុងព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ ត្រូវបានធ្វើសម្រាប់ទាំងអ្នកនៅរស់ និងមរណជនផងដែរ ។ នេះគឺជាអាងជ្រមុជទឹកដែលធ្វើពិធីបុណ្យជ្រមុជទឹកជំនួសឲ្យមរណៈជន ដោយសមាជិកដែលមានភាពសក្តិសមធ្វើពិធីជំនួសឲ្យអ្នកទាំងឡាយ ដែលបានលាចាកលោកនេះទៅ ។
« សូមមកព្រះវិហារបរិសុទ្ធ » ។ បើមិននៅក្នុងពេលឥឡូវនេះទេ ចូរទៅឲ្យបានឆាប់ ។ សូមអធិស្ឋានដោយក្លៀវក្លា រៀបចំជីវិតរស់នៅរបស់អ្នកឲ្យមានរបៀបរៀបរយ សន្សំប្រាក់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយសង្ឃឹមថា ថ្ងៃនោះនឹងមកដល់ ។ សូមចាប់ផ្តើមក្នុងពេលឥឡូវនេះ ពីព្រោះពេលខ្លះដំណើរនៃការប្រែចិត្តវាពិបាក ហើយងាយបាក់ទឹកចិត្តណាស់ ។ ព្រះវិហារបរិសុទ្ធផ្លាស់ប្រែបុគ្គល ហើយមានប្រយោជន៏យ៉ាងច្រើន សមនឹងកិច្ចខិតខំរបស់បុគ្គលនោះដើម្បីទៅដល់ទីនោះ ។ ចំពោះអ្នកខ្លះដែលរស់នៅឆ្ងាយពីព្រះវិហារបរិសុទ្ធ នោះព្រះវិហារបរិសុទ្ធអាចនឹងទៅដល់អ្នក មុនពេលអ្នកមានឱកាស ដើម្បីទៅដល់ព្រះវិហារបរិសុទ្ធ ។ ចូររក្សាសេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់អ្នក ហើយប្តេជ្ញាចិត្តថា អ្នកនឹងទៅ—ថាអ្នកនឹងមានភាពសក្តិសម ហើយថាអ្នកនឹងទៅព្រះវិហារបរិសុទ្ធ ។
រឿងទាំងនេះគឺពិសិដ្ឋ
តាមការអានព្រះគម្ពីរដោយយកចិត្តទុកដាក់បើកសម្តែងថា ព្រះអម្ចាស់ មិនបានប្រាប់ការណ៍ទាំងអស់ដល់មនុស្សគ្រប់គ្នានោះទេ ។ មានគុណសម្បត្តិមួយចំនួនត្រូវបានកំណត់ឡើង ដែលជាលក្ខខណ្ឌ ដើម្បីទទួលបានព័ត៌មានពិសិដ្ឋ ។ ពិធីការទាំងឡាយនៃព្រះវិហារបរិសុទ្ធស្ថិតនៅក្នុងផ្នែកនេះ ។
យើងមិនពិភាក្សាអំពីពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធនៅខាងក្រៅព្រះវិហារបរិសុទ្ធឡើយ ។ វាពុំមានន័យថា ចំណេះដឹងអំពីពិធីការក្នុងព្រះវិហារបរិសុទ្ធទាំងនេះនឹងមានកំណត់ចំពោះតែមនុស្សជម្រើសមួយចំនួនតូចដែលមានកាតព្វកិច្ចត្រូវប្រាកដថា អ្នកផ្សេងពុំមានរៀនទៀតអំពីពិធីការទាំងនេះនោះទេ ។ តាមពិត វាជាការផ្ទុយគ្នាទាំងស្រុងទៅវិញទេ ។ យើងស្វិតស្វាញជាខ្លាំងក្នុងការជម្រុញទឹកចិត្តមនុស្សគ្រប់រូបឲ្យមានលក្ខណៈគ្រប់គ្រាន់ និងរៀបចំខ្លួនដើម្បីទទួលបានបទពិសោធន៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកទាំងឡាយណា ដែលបានទៅព្រះវិហារបរិសុទ្ធ ត្រូវបានបង្រៀនយ៉ាងច្បាស់ថា ៖ នៅថ្ងៃណាមួយមនុស្សគ្រប់រូប ដែលកំពុងតែរស់នៅ និងមនុស្សដែលធ្លាប់បានរស់នៅពីមុនៗមក នឹងមានឱកាសដើម្បីស្តាប់ឮដំណឹងល្អ ព្រមទាំងអាចទទួលយក ឬបដិសេធនូវអ្វីដែលព្រះវិហារបរិសុទ្ធបានផ្តល់ឲ្យផងដែរ ។ ប្រសិនជាឱកាសនេះត្រូវបានបដិសេធចោល នោះការបដិសេធនោះ ត្រូវតែធ្លាក់ទៅលើបុគ្គលមា្នក់ៗ ។
ពិធីបរិសុទ្ធ និងពិធីការនៃព្រះវិហារបរិសុទ្ធ គឺសាមញ្ញ ។ ពិធីការទាំងអស់នោះអស្ចារ្យ ។ ពិធីការទាំងនោះពិសិដ្ឋ ។ ពិធីការទាំងនោះ គឺត្រូវបានរក្សាទុកជាសម្ងាត់ ខ្លាចក្រែងពិធីការទាំងនោះ ត្រូវផ្តល់ទៅឲ្យអ្នកទាំងឡាយណាដែលពុំបានរៀបចំខ្លួន ។ ការចង់ដឹងចង់ឃើញ ពុំមែនជាការរៀបចំខ្លួននោះទេ ។ ការចាប់អារម្មណ៍យ៉ាងខ្លាំងតែទៅលើពិធីការនោះក៏ពុំមែនជាការរៀបចំខ្លួនដែរ ។ ការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធទាំងឡាយ មាននូវជំហានផ្ដើមដំបូងដូចជា ៖ ជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ភាពសក្កិសម ភាពចាស់ទុំ និងសេចក្តីថ្លៃថ្នូររបស់មនុស្សដែលត្រូវបានអញ្ជើញជាភ្ញៀវឲ្យចូលទៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ ។
យើងត្រូវតែត្រៀមខ្លួនទុកជាមុន ពីមុននឹងយើងទៅឯព្រះវិហារបរិសុទ្ធ ។ យើងត្រូវតែមានភាពសក្ដិសម ពីមុនយើងទៅឯព្រះវិហារបរិសុទ្ធ ។ មាននូវការដាក់កំហិត និងលក្ខខណ្ឌ ។ ការដាក់កំហិត និងលក្ខខណ្ឌគឺត្រូវបានស្ថាបនាឡើងដោយព្រះអម្ចាស់ ពុំមែនដោយមនុស្សលោកទេ ។ ហើយព្រះអម្ចាស់មានគ្រប់សិទ្ធិ និងអំណាចទាំងអស់ ដើម្បីចាត់ចែងនូវរឿងរ៉ាវនានាទាក់ទងទៅនឹងការរក្សាព្រះវិហារបរិសុទ្ធឲ្យបានពិសិដ្ឋ និងជាសម្ងាត់ ។
អ្នកទាំងអស់ណាដែលមានភាពសក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់អាចចូលក្នុងព្រះវិហារបរិសុទ្ធ ពួកគេនឹងត្រូវបានណែនាំអំពីក្បួនរីតិ៍ និងពិធីបរិសុទ្ធទាំងឡាយនៅក្នុងព្រះវិហារបរិសុទ្ធនោះ ។
សក្តិសមដើម្បីចូល
នៅពេលអ្នកយល់ពីតម្លៃនៃពរជ័យនៃព្រះវិហារបរិសុទ្ធ និងភាពពិសិដ្ឋនៃពិធីបរិសុទ្ធទាំងឡាយដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ នោះអ្នកនឹងមិនហ៊ានសួរ អំពីបទដ្ឋានដ៏ខ្ពស់ ដែលដាក់ឲ្យដោយព្រះអម្ចាស់ ក្នុងការចូលទៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋនោះទេ ។
អ្នកត្រូវតែមានប័ណ្ណមានសុពលភាពមួយ ដើម្បីត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះវិហារបរិសុទ្ធ ។ ប័ណ្ណនេះត្រូវតែបានចុះហត្ថលេខាដោយប៊ីស្សពវួដរបស់អ្នក និងប្រធានស្តេករបស់អ្នក ។ ប្រាកដណាស់ថា នៅក្នុងតំបន់បេសកកម្មប្រធានសាខា និងប្រធានបេសកកម្មមានការទទួលខុសត្រូវក្នុងការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យ ។ មានតែអ្នកទាំងឡាយដែលមានភាពសក្តិសមប៉ុណ្ណោះ ដែលគួតែទៅកាន់ព្រះវិហារបរិសុទ្ធ ។ ប៊ីស្សពមានការទទួលខុសត្រូវក្នុងការសាកសួរអំពីភាពសក្តិសមផ្ទាល់ខ្លួនរបស់យើង ។ ការសម្ភាសនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងចំពោះអ្នកក្នុងនាមជាសមាជិកនៃសាសនាចក្រ ព្រោះវាជាឱកាសមួយដើម្បីពិនិត្យមើលជាមួយនឹងអ្នកបម្រើដែលបានតែងតាំងរបស់ព្រះអម្ចាស់អំពីទិសដៅជីវិតរបស់អ្នក ។ បើមានអ្វីដែលមិនសមរម្យនៅក្នុងជីវិតរបស់អ្នក នោះប៊ីស្សពអាចជួយអ្នកដោះស្រាយវាបាន ។ តាមរយៈនិតិវិធីនេះ នៅពេលអ្នកប្រឹក្សាជាមួយនឹងចៅក្រមនៃអ៊ីស្រាអ៊ែល នោះអ្នកអាចប្រកាស ឬអាចត្រូវបានជួយឲ្យស្ថាបនាភាពសក្តិសមរបស់អ្នកឡើងវិញដើម្បីចូលព្រះវិហារបរិសុទ្ធដោយមានការអនុមតិរបស់ព្រះអម្ចាស់ ។
ប្រធាន អិន អែលដុន ថានណើរ ដែលបានបម្រើជាទីប្រឹក្សាទីមួយ នៅក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៏ទៅកាន់ការប្រជុំបព្វជិតភាពទូទៅអំពីការសម្ភាស ។ ការប្រឹក្សារបស់លោក មានអត្ថន័យ ទាំងសម្រាប់អ្នកដឹកនាំសាសនាចក្រដែលដឹកនាំការសម្ភាស និងសម្រាប់សមាជិកដែលត្រូវទទួលការសម្ភាស ។ ចូរពិចារណាអំពីការប្រឹក្សានេះដោយយកចិត្តទុកដាក់ ៖
ប៊ីស្សព និងប្រធានស្តេក អាចធ្វើការសម្ភាសប័ណ្ណចូលព្រះវិហារបរិសុទ្ធតាមរបៀបនេះថា ៖
« អ្នកបានមករកខ្ញុំដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ខ្ញុំមានការទទួលខុសត្រូវធ្វើជាតំណាងឲ្យព្រះអម្ចាស់ដើម្បីសម្ភាសអ្នក ។ នៅពេលបញ្ចប់នៃការសម្ភាស នោះមានកន្លែងមួយសម្រាប់ឲ្យខ្ញុំចុះហត្ថលេខានៅលើប័ណ្ណរបស់អ្នក ប៉ុន្តែហត្ថលេខារបស់ខ្ញុំពុំមែនជាហត្ថលេខាតែមួយដែលសំខាន់នៅលើប័ណ្ណរបស់អ្នកនោះទេ ។ ពីមុនប័ណ្ណនេះមានសុពលភាព អ្នកត្រូវតែចុះហត្ថលេខាលើវាខ្លួនឯង ។
« នៅពេលអ្នកចុះហត្ថលេខានៅលើប័ណ្ណរបស់អ្នក អ្នកធ្វើការប្តេជ្ញាចិត្តមួយចំពោះព្រះអម្ចាស់ថា អ្នកមានភាពសក្តិសមទទួលបានឯកសិទ្ធិទាំងឡាយដែលបានប្រគល់ដល់អ្នកទាំងឡាយណា ដែលកាន់ប័ណ្ណមួយនេះ ។ មានសំណួរអំពីបទដ្ឋានមួយចំនួន ដែលខ្ញុំនឹងសួរ ។… អ្នកត្រូវឆ្លើយដោយស្មោះត្រង់ចំពោះសំណួរនិមួយៗ » ។…
ឥឡូវបន្ទាប់ពីអ្នកបានសួរសំណួរទាំងនោះទៅដល់បេក្ខជនហើយ អ្នកអាចចង់បន្ថែម អ្វីដូចតទៅនេះថា ៖ « នរណាម្នាក់ ដែលចូលទៅដំណាក់របស់ព្រះអម្ចាស់ ត្រូវតែជាមនុស្សដែលស្អាតពីការប្រព្រឹត្ត មិនស្អាតស្អំ មិនបរិសុទ្ធ មិនល្អ ឬការអនុវត្តដែលមានភាពខុសពីធម្មតាទាំងឡាយសិន » ។.…
កិច្ចសម្ភាសរបស់យើងត្រូវតែបញ្ចប់ទៅដោយនូវសេចក្តីស្រឡាញ់ និងលក្ខណៈសមរម្យ ។ ជារឿយៗរឿងទាំងឡាយនឹងត្រូវបានកែតម្រូវ បើសិនជាអ្នកសួរថា ៖ « តើមានមូលហេតុណាមួយដែល អ្នកមានអារម្មណ៏មិនសុខស្រួល ឬប្រហែលជាមិនស្មោះត្រង់ពោះ ព្រះអម្ចាស់ បើអ្នកត្រូវចុះហត្ថលេខាលើប័ណ្ណចូលព្រះវិហារបរិសុទ្ធឬទេ ?
« តើអ្នកចង់ចំណាយពេលខ្លះដើម្បីដោះស្រាយរឿងផ្ទាល់ខ្លួនឲ្យបានរៀបរយពីមុនអ្នកចុះហត្ថលេខាលើប័ណ្ណឬទេ ? ចូរចាំថា ព្រះអម្ចាស់ជ្រាបគ្រប់យ៉ាងទាំងអស់ ហើយនឹងមិនត្រូវបានចំអកឡើយ ។ យើងកំពុងតែព្យាយាមជួយដល់អ្នក ។ ចូរកុំកុហក់ដើម្បីទទួលបានការហៅ ទទួលប័ណ្ណ ឬពរជ័យមួយមកពីព្រះអម្ចាស់ឡើយ » ។
បើអ្នកជួបបញ្ហាដូចបានចែងខាងលើ សមាជិកមានការទទួលខុសត្រូវដើម្បីសម្ភាសខ្លួនឯង ។ ប៊ីស្សព ឬប្រធានស្តេក មានសិទ្ធិនៅក្នុងអំណាចនៃការចេះវែកញែក ។ លោកនឹងដឹងថាតើមានអ្វីខុសឆ្គង ដែលគួរតែដោះស្រាយ ឬអត់ មុនពេលចេញប័ណ្ណឲ្យនោះ ។ ( « The Blessing of Church Interviews, » Ensign [ ខែវិច្ឆិកា ឆ្នាំ ១៩៧៨ ]: ៤២–៤៣ ) ។
ការសម្ភាសដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ត្រូវបានធ្វើឡើងជាឯកជន រវាងប៊ីស្សព និងសមាជិកសាសនាចក្រ ដែលមានកង្វល់ ។ នៅទីនេះ សមាជិកត្រូវបានសួរសំណួរស្រាវជ្រាវអំពីការប្រព្រឹត្តផ្ទាល់ខ្លួន ភាពសកិ្កសម និងភាពស្មោះត្រង់ចំពោះសាសនាចក្រ និងអ្នកកាន់តំណែងក្នុងសាសនាចក្រ ។ បុគ្គលនោះ ត្រូវតែបញ្ជាក់ថា គាត់មានភាពស្អាតស្អំខាងសីលធម៌ ហើយកំពុងគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ រស់នៅស្របតាមការបង្រៀនរបស់សាសនាចក្រ ហើយមិនសេពគប ឬយល់ស្របជាមួយនឹងក្រុមក្បត់សាសនា ។ ប៊ីស្សពត្រូវបានណែនាំថា ភាពសម្ងាត់នៅក្នុងការដោះស្រាយបញ្ហានេះ ជាមួយនឹងអ្នកទទួលការសម្ភាស គឺជារឿងសំខាន់ណាស់ ។
ចម្លើយដែលអាចទទួលយកបានចំពោះសំណួររបស់ប៊ីស្សព ជាធម្មតា នឹងកំណត់ពីភាពសក្តិសមរបស់បុគ្គលម្នាក់ៗដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ បើបេក្ខជនមិនគោរពបទបញ្ញត្តិ ឬមាននូវអ្វីមួយដែលមិនទាន់បានដោះស្រាយក្នុងជីវិតរបស់គាត់នៅឡើយទេ នោះគាត់ចាំបាច់ត្រូវបង្ហាញថាមានការប្រែចិត្តដ៏ពិតប្រាកដពីមុនពេលចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យ ។
បន្ទាប់ពីប៊ីស្សពបានដឹកនាំកិច្ចសម្ភាសដូច្នេះហើយ សមាជិកនៃគណៈប្រធានសេ្តក ក៏ធ្វើកិច្ចសម្ភាសដូចគ្នានេះជាមួយយើងម្នាក់ៗ ពីមុនយើងទៅព្រះវិហារបរិសុទ្ធផងដែរ ។ ប្រសិនបើយើងនឹងទៅព្រះវិហារបរិសុទ្ធជាលើកដំបូង ជាធម្មតាប្រធានស្តេកនឹងដឹកនាំកិច្ចសម្ភាសនេះដោយផ្ទាល់ ។
ប្រាកដណាស់ នៅពេលអ្នកទៅទទួលការសម្ភាសដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ អ្នកនឹងទទួលយកនូវការវិនិច្ឆ័យរបស់លោកដែលត្រូវបានចាត់ឲ្យធ្វើជាចៅក្រមនៃអ៊ីស្រាអែល ដែលមានការទទួលខុសត្រូវធ្វើជាតំណាងឲ្យព្រះអម្ចាស់ នៅក្នុងការកំណាត់ថាតើវាសមរម្យឬអត់ ដើម្បីឲ្យអ្នកចូលទៅក្នុងកន្លែងពិសិដ្ឋនេះ ។
លើកដំបូង និងគ្រប់ពេល
ប្រសិនបើអ្នកទៅព្រះវិហារបរិសុទ្ធជាលើកដំបូង វាជាការធម្មតាទេ ដែលអ្នកមានការព្រួយបារម្ភបន្តិចបន្តួចនោះ ។ វាជារឿងធម្មតាទេ ដែលយើងតែងតែមានការខ្វល់ខ្វាយអំពីរឿងដែលយើងមិនធ្លាប់ស្គាល់នោះ ។ ជារឿយៗយើងភ័យខ្លាចចំពោះបទពិសោធន៏ថ្មីៗ ។
ចូរមានសេចក្តីសុខសាន្តចុះ ។ អ្នកទៅព្រះវិហារបរិសុទ្ធ ។ អ្នកនឹងមានមនុស្សចាំជួយអ្នកនៅគ្រប់កន្លែងក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកនឹងត្រូវបានដឹកនាំដោយយកចត្តិទុកដាក់—ចូរមានសេចក្តីសុខសាន្តចុះ ។
នៅពេលយើងចូលព្រះវិហារបរិសុទ្ធ យើងគួរតែមានគារវភាព ។ រាល់ការសន្ទនាដែលចាំបាច់គួរតែសន្ទនាដោយសំឡេងខ្សឹបៗ ។ ប្រាកដណាស់ថា អំឡុងពេលនៃការបង្រៀន យើងត្រូវតែមានគារវភាព និងស្ងាត់ស្ងៀមទាំងស្រុង ។
ឥឡូវមានកន្លែងមួយចំនួនដែលផ្តល់ជាឱកាសដើម្បីសញ្ជឹងគិត ដោយគារវភាពបំផុត ។ ពីមុនចូលព្រះវិហារបរិសុទ្ធមួយចំនួនដើម្បីចាប់ផ្តើមកិច្ចការពិធីបរិសុទ្ធ ជាញឹកញាប់ក្រុមអ្នកដែលចូលរួមក្នុងព្រះវិហារបរិសុទ្ធ នឹងជួបជុំគ្នានៅក្នុងរោងថ្វាយបង្គំនៃអគារនោះ ។ នៅទីនេះសមាជិករង់ចាំរហូតដល់ក្រុមទាំងមូលបានមកជុំគ្នា ។ នៅក្នុងជីវិត យើងជាទូទៅខ្វះភាពអត់ធ្មត់នៅក្នុងការរង់ចាំ ។ ក្នុងការធ្វើជាអ្នកទីមួយនៅក្នុងបន្ទប់ បន្ទាប់មកត្រូវរង់ចាំអ្នកមកក្រោយគេ ដើម្បីមកចូលរួមពីមុនធ្វើការចាប់ផ្ដើម រឿងនេះអាចនឹងស្ថិតនៅក្នុងស្ថានភាពដែលអាចធ្វើឲ្យមានការខឹងសម្បារកើតឡើង ។ រីឯនៅក្នុងព្រះវិហារបរិសុទ្ធ វាគឺជាការផ្ទុយគ្នាទៅវិញ ។ ការរង់ចាំនោះគឺដូចជាឱកាសមួយដ៏ប្រសើរបំផុត ។ នេះជាឯកសិទ្ធិមួយដើម្បីអង្គុយដោយស្ងៀមស្ងាត់ពុំមានការសន្ទនា ហើយដឹកនាំគំនិតឲ្យមានគារវភាព និងមានគំនិតខាងវិញ្ញាណ ! វាគឺជាការធ្វើឲ្យមានភាពស្រស់ស្រាយដល់ព្រលឹងវិញ្ញាណ ។
នៅពេលអ្នកមកព្រះវិហារបរិសុទ្ធ ចូរចាំថា អ្នកគឺជាភ្ញៀវម្នាក់ នៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ វាគឺជាគ្រាដ៏អំណរមួយ ប៉ុន្តែជាគ្រាដ៏អំណរដោយស្ងៀមស្ងាត់មួយ ។ នៅពេលខ្លះ នៅក្នុងអាពាហ៏ពិពាហ៏ក្នុងព្រះវិហារបរិសុទ្ធ វាគឺជាការចាំបាច់ ដើម្បីរំឭកដល់សាច់ញាតិ និងមិត្តភក្ដិថា ការបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេ និងការអបអរសាទរ និងការស្វាគមន៏របស់ពួកគេចំពោះសមាជិកគ្រួសារ ដែលមិនបានជួបគ្នាជាយូរមកហើយនោះ គួរតែផ្តល់ឲ្យគ្នានៅក្នុងលក្ខណៈដ៏ស្ងៀមស្ងាត់បំផុតមួយ ។ ការនិយាយខ្លាំងៗ និងការសើចឮៗ មិនសមរម្យនៅក្នុងដំណាក់នៃព្រះអម្ចាស់ទេ ។
សូមទទួលយកការដឹកនាំរបស់អ្នកធ្វើការនៅក្នុងព្រះវិហារបរិសុទ្ធ ។ មានមនុស្សដែលនឹងដឹកនាំអ្នក នៅពេលអ្នកបន្ដដំណើរការ ។
ត្រូវបានបង្រៀនមកពីស្ថានលើ
មុនពេលទៅព្រះវិហារបរិសុទ្ធជាលើកដំបូង ឬក្រោយពីបានទៅជាច្រើនដងហើយក្តី វានឹងជាប្រយោជន៍ដល់អ្នកដើម្បីត្រូវដឹងថា ការបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ គឺត្រូវបានធ្វើឡើង តាមលក្ខណៈជានិមិត្តសញ្ញា ។ ព្រះអម្ចាស់ដែលជាលោកគ្រូបានប្រទានការណែនាំជាច្រើនរបស់ទ្រង់តាមរបៀបនេះ ។
ព្រះវិហារបរិសុទ្ធ គឺជាសាលារៀនដ៏អស្ចារ្យមួយ ។ ព្រះវិហារបរិសុទ្ធ គឺជាដំណាក់នៃការរៀនសូត្រ ។ នៅក្នុងព្រះវិហារបរិសុទ្ធ បរិយាកាសត្រូវបានថែរក្សាយ៉ាងល្អ ដើម្បីជាកន្លែងពិសេសសម្រាប់ការបង្រៀនអំពីកិច្ចការទាំងឡាយ ដែលមានភាពជ្រាលជ្រៅខាងវិញ្ញាណ ។ បណ្ឌិត ចន អេ វិដសូ ជាអតីតកូរ៉ុមនៃពួកសាវកដប់ពីរនាក់ គឺជាសាកលវិទ្យាធិការដ៏ឆ្នើម និងជាអ្នកប្រាជ្ញដ៏ល្បីឈ្មោះក្នុងពិភពលោកម្នាក់ ។ លោកមានគារវភាពដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចការនៃព្រះវិហារបរិសុទ្ធ ហើយបានមានប្រសាសន៍នៅគ្រាមួយថា ៖
ពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ ឱបក្រសោបផែនការនៃសេចក្តីសង្រ្គោះទាំងមូល ដូចដែលបានបង្រៀនម្តងហើយម្តងទៀត ដោយពួកអ្នកដឹកនាំនៃសាសនាចក្រ ហើយស្រាយបំភ្លឺរឿងរ៉ាវដែលពិបាកយល់ទាំងឡាយ ។ គ្មានការបំប៉ោង ឬការមួលបង្កាច់ដើម្បីឲ្យការបង្រៀនក្នុងព្រះវិហារបរិសុទ្ធត្រូវគ្នាទៅនឹងគម្រោងការដ៏ធំនៃសេចក្តីសង្រ្គោះនោះឡើយ ។ ភាពពេញលេញខាងទស្សនវិជ្ជាអំពីអំណោយទានពិសិដ្ឋ គឺជាការជជែកដ៏ធំមួយអំពីភាពពិតនៃពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ លើសពីនេះទៅទៀត ការស្ទង់មតិដ៏ពេញលេញ និងការបរិយាយអំពីផែនការនៃដំណឹងល្អនេះ ធ្វើឲ្យការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធក្លាយជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីដាស់ការចងចាំដែលទាក់ទងទៅនឹងរចនាសម្ព័ន្ធនៃដំណឹងល្អទាំងមូល ។
កត្តាមួយទៀតបានរំឭកដល់ខ្ញុំជានិច្ច ដែលជាភស្តុតាងនៅខាងក្នុងខ្លួនដ៏រឹងមាំមួយចំពោះសេចក្តីពិតនៃកិច្ចការនៃព្រះវិហារបរិសុទ្ធ ។ ពិធីអំណោយទានពិសិដ្ឋ និងកិច្ចការព្រះវិហារបរិសុទ្ធ ដូចដែលបានបើកសម្តែងដោយព្រះអម្ចាស់ចំពោះព្យាការីយ៉ូសែប ស្ម៊ីធ…អាចត្រូវបានចែកចេញជាបួនផ្នែកផ្សេងៗគ្នាដូចជា ៖ ពិធីបរិសុទ្ធរៀបចំខ្លួន ការផ្តល់នូវការបង្រៀនដោយអ្នកអត្ថាធិប្បាយ និងការពន្យល់បកស្រាយនានា សេចក្តីសញ្ញាទាំងឡាយ ហើយចុងក្រោយគឺការសាកចំណេះដឹង ។ ខ្ញុំងឿងឆ្ងល់ថា ព្យាការី យ៉ូសែប អាចធ្វើឲ្យរឿងនេះយ៉ាងពេញលេញច្បាស់លាស់ដោយរបៀបណា បើគាត់ពុំបានរៀន និងពុំបានបំពាក់បំប៉នជាក់ស្តែងផងនោះ ។ ( John A. Widtsoe « Temple Worship » The Utah Genealogical and Historical Magazine ទំព័រ ១២ [ ខែមេសា ឆ្នាំ ១៩២១ ]: ៥៨ ) ។
ពាក្យដកស្រង់មកពីអត្ថបទរបស់អែលឌើរ វីឌសូម្តងទៀត ៖
យើងរស់នៅក្នុងពិភពនៃនិមិត្តសញ្ញា ។ យើងមិនស្គាល់អ្វីទាំងអស់ ក្រៅពីនិមិត្តសញ្ញា ។ យើងធ្វើសញ្ញាមួយចំនួននៅលើក្រដាសមួយសន្លឹក ហើយយើងនិយាយថា វាបង្កើតជាពាក្យមួយ ដែលតំណាងឲ្យការស្រឡាញ់ ឬការស្អប់ ឬសេចក្ដីសប្បុរស ឬព្រះ ឬអស់កល្បជានិច្ច ។ សញ្ញាទាំងឡាយប្រហែលជាមើលទៅមិនស្អាតទេ ។ គ្មាននរណាម្នាក់ចាប់កំហុសជាមួយនឹងនិមិត្តសញ្ញានៅលើសន្លឹកសៀវភៅទេ ពីព្រោះវាគ្មានរូបភាពវិសេសដូចជាអ្វីដែលវាតំណាងឲ្យនោះទេ ។ យើងពុំមានជម្លោះអំពីនិមិត្តសញ្ញា ្រ-ព-ះ នោះទេ ដោយសារវាមើលទៅមិនស្អាតទេ តែវាតំណាងឬទ្ធានុភាពរបស់ព្រះ ។ យើងរីករាយដែលមាននិមិត្តសញ្ញាជាច្រើន នៅពេលដែលអត្ថន័យនៃនិមិត្តសញ្ញា បាននាំមកនូវការយល់ដឹងដល់យើង ។ ខ្ញុំនិយាយទៅកាន់អ្នកនារាត្រីនេះ អ្នករាល់គ្នាពុំមានសំណួរអ្វីអំពីរបៀបដែលខ្ញុំនិយាយ ឬជម្រើសនៃពាក្យរបស់ខ្ញុំទេ នៅក្នុងអត្ថន័យនៃគំនិតបន្ទាប់ទៀត ខ្ញុំបានព្យាយាមបញ្ជាក់ដល់ អ្នកដែលអ្នកបានភ្លេចពាក្យ និងរបៀប ។ …
យើងរស់នៅក្នុងពិភពនៃនិមិត្តសញ្ញា ។ គ្មានបុរសស្រ្តីណាអាចចេញមកពីព្រះវិហារបរិសុទ្ធ បានទទួលអំណោយទានពិសិដ្ឋដូចដែលគាត់គួរទទួលបាននោះទេ លុះត្រាតែគាត់បានមើលឃើញហួសពីនិមិត្តសញ្ញានូវភាពពិតដ៏មហិមាដែលនិមិត្តសញ្ញាទាំងនោះឈរជាតំណាងឲ្យសិន ។ ( « Temple Worship » ទំព័រ ៦២ ) ។
បើអ្នកនឹងទៅព្រះវិហារបរិសុទ្ធ ហើយចងចាំថា ការបង្រៀន គឺជានិមិត្តសញ្ញា នោះអ្នកនឹងចូលទៅដោយវិញ្ញាណដ៏ត្រឹមត្រូវ ហើយចេញមកវិញ ដោយមានទស្សនៈទូលំទូលាយ អារម្មណ៍កាន់តែតម្កើងឡើង ព្រមទាំងមានចំណេះដឹងកាន់តែច្រើនចំពោះរឿងទាំងឡាយខាងវិញ្ញាណ ។ ផែនការនៃការបង្រៀន គឺល្អក្រៃលែង ។ ផែនការនៃការបង្រៀនបំផុសគំនិតណាស់ ។ ព្រះអម្ចាស់ផ្ទាល់ ជាគ្រូបង្រៀនដ៏ឆ្នើម នៅក្នុងការបង្រៀនរបស់ទ្រង់ផ្ទាល់ ទ្រង់បានបង្រៀនដល់សាវកទ្រង់នូវរឿងប្រៀបប្រដូចជាប្រចាំ ដោយផ្ទាល់មាត់ ដែលតំណាងឲ្យរឿងដែលប្រកបដោយនិមិត្តសញ្ញា ដែលអាចនឹងពិបាកយល់បើមិនបង្រៀនដូច្នោះ ។ ទ្រង់បានមានបន្ទូលអំពីបទពិសាធន៏សាមញ្ញៗ ដកស្រង់ចេញមកពីជីវិតរស់នៅរបស់ពួកសិស្សទ្រង់ ហើយទ្រង់បានប្រាប់អំពីមេមាន់ និងកូនមាន់ សត្វស្លាប ផ្កា សត្វកញ្រ្ជោង ដើមឈើ ចោរលួច ចោរប្លន់តាមផ្លូវ ថ្ងៃលិច អ្នកមាន និងអ្នកក្រីក្រ គ្រូពេទ្យ ការដេរសម្លៀកបំពាក់ ការដកស្រង៉ែ ការបោសផ្ទះ ការឲ្យចំណីសត្វជ្រូក ការច្រូតស្រូវសាលី ការដាក់ស្រូវក្នុងជង្រុក ការសង់ផ្ទះ ការជួលឈ្នួល និងអ្វីៗជាច្រើនទៀត ។ ទ្រង់បានមានបន្ទូលអំពីគ្រាប់ពូជតូចៗ និងអំពីកែវមុក្តា ។ ទ្រង់ចង់បង្រៀនដល់អ្នកស្តាប់របស់ទ្រង់ ដូច្នេះទ្រង់បានមានបន្ទូលអំពីរឿងសាមញ្ញៗដែលងាយយល់ដោយនិមិត្តសញ្ញា ។ គ្មានរឿងណាមួយនៃរឿងទាំងនេះ គឺជារឿងអាថ៌កំបាំង ឬមិនច្បាស់លាស់នោះទេ ហើយអ្វីៗទាំងអស់គឺជានិមិត្តសញ្ញា ។
ព្រះវិហារបរិសុទ្ធផ្ទាល់ ក៏ក្លាយជានិមិត្តសញ្ញាមួយផងដែរ ។ បើអ្នកបានមើលព្រះវិហារបរិសុទ្ធមួយនៅពេលយប់ ដែលមានពន្លឺភ្លឺព្រោងព្រាត នោះអ្នកដឹងថា ទិដ្ឋភាពនេះគួរឲ្យចាប់អារម្មណ៍យ៉ាងណា ។ ព្រះដំណាក់នៃព្រះអម្ចាស់ មានពេញដោយពន្លឺ ឈរនៅកណ្តាលទីងងឹត ក្លាយទៅជានិមិត្តសញ្ញានៃអំណាច និងការបំផុសគំនិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលកំពុងឈរជាពន្លឺនៃលោកិយ ដែលចាក់ចូលទៅក្នុងភាពងងឹតខាងវិញ្ញាណ ។
ពិធីការនៅក្នុងព្រះវិហារបរិសុទ្ធនឹងពុំអាចយល់បានដោយពេញលេញ នៅពេលទៅជាលើកដំបូងនោះទេ ។ វានឹងត្រូវបានយល់ដឹងតែបន្តិចបន្តួចប៉ុណ្ណោះ ។ ចូរត្រឡប់ទៅម្ដងហើយម្ដងទៀត ។ ត្រឡប់ទៅរៀនវិញ ។ រឿងទាំងឡាយដែលបានធ្វើឲ្យអ្នកខ្វល់ខ្វាយ ឬរឿងទាំងឡាយដែលធ្វើឲ្យអ្នកសង្ស័យ ឬរឿងទាំងឡាយដែលជាអាថ៌កំបាំងចំពោះអ្នកនឹងធ្វើឲ្យអ្នកបានយល់ដឹង ។ អ្វីៗភាគច្រើននឹងជារឿងផ្ទាល់ខ្លួនដោយស្ងប់ស្ងាត់ ដែលអ្នកពិតជាមិនអាចពន្យល់ទៅកាន់អ្នកផ្សេងទៀតក្រៅពីខ្លួនអ្នកឡើយ ។ ប៉ុន្តែចំពោះអ្នក វាគឺជារឿងទាំងឡាយដែលអ្នកបានយល់ដឹង ។
អ្វីដែលយើងទទួលបានមកពីព្រះវិហារបរិសុទ្ធ នឹងអាស្រ័យទៅលើកម្រិតដ៏ធំមួយនៃអ្វីដែលយើងនាំយកទៅព្រះវិហារបរិសុទ្ធ ដោយការបន្ទាបខ្លួន និងគារវភាព ហើយមានបំណងប្រាថ្នាដើម្បីរៀន ។ បើយើងជាមនុស្សងាយទទួលយកការបង្រៀន នោះយើងនឹងត្រូវបានបង្រៀនដោយព្រះវិញ្ញាណនៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅពេលអ្នកមានឱកាសដើម្បីចូលរួមនៅក្នុងវគ្គពិធីអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ ឬដើម្បីធ្វើជាសាក្សីនៅក្នុងការផ្សារភ្ជាប់មួយ សូមពិចារណាឲ្យបានជ្រាលជ្រៅអំពីអត្ថន័យ នៃអ្វីដែលអ្នកបានឃើញបង្ហាញនៅចំពោះមុខអ្នក ។ ហើយនៅថ្ងៃបន្ទាប់ពីការទៅក្នុងព្រះវិហារបរិសុទ្ធរបស់អ្នក ចូរចងចាំនូវរឿងទាំងនេះក្នុងគំនិតរបស់អ្នក រំឮកអំពីរឿងនោះដោយស្ងាត់ស្ងៀម និងប្រកបដោយការអធិស្ឋាន នោះអ្នកនឹងស្វែងរកឃើញថា ចំណេះដឹងរបស់អ្នកបានចម្រើនឡើង ។
តម្លៃដ៏អស្ចារ្យមួយនៃបទពិសោធន៏នៅក្នុងព្រះវិហារបរិសុទ្ធ គឺថាវាតំណាងឲ្យភាពធំធេង និងទិដ្ឋភាពដ៏មហិមាទាំងមូលនៃគោលបំណងរបស់ព្រះទាក់ទងនឹងផែនដីនេះ ។ នៅពេលដែលយើងបានចូលព្រះវិហារបរិសុទ្ធ ( ហើយយើងអាចត្រឡប់មកវិញ ហើយរំឭកនូវការចងចាំរបស់យើង ) អំពីព្រឹត្តិការណ៍ទាំងឡាយនៃជីវិតដែលត្រូវនៅក្នុងផែនការនៃរឿងទាំងឡាយ ។ យើងអាចមើលឃើញនៅក្នុងទស្សនវិស័យអំពីកន្លែងដែលយើងនៅ ហើយយើងអាចមើលឃើញយ៉ាងឆាប់នៅពេលដែលយើងវង្វេងចេញពីផ្លូវ ។
ដូច្នេះមើលឆ្ពោះទៅព្រះវិហារបរិសុទ្ធ ។ ដឹកនាំកូនចៅរបស់អ្នកឲ្យឆ្ពោះទៅកាន់ព្រះវិហារបរិសុទ្ធ ។ ចាប់តាំងពីថ្ងៃដែលពួកគេនៅជាកុមារភាព ចូរដឹកនាំការយកចិត្តទុកដាក់របស់ពួកគេឲ្យផ្ដោតទៅកាន់ព្រះវិហារបរិសុទ្ធ ហើយចាប់ផ្តើមការរៀបចំរបស់ពួកគេសម្រាប់ថ្ងៃដែលពួកគេអាចចូលព្រះវិហារបរិសុទ្ធ ។
នៅចន្លោះពេលនោះ ចូរធ្វើខ្លួនអ្នកជាមនុស្សងាយប្រដៅ មានគារវភាព ។ ចូរក្រេបជញ្ជក់មកពីការបង្រៀន—និមិត្តសញ្ញា និងការបង្រៀនខាងវិញ្ញាណដ៏ជ្រៅជ្រះ—ដែលមានតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ។
វាត្រូវការចំណាយពេលវេលាដើម្បីរៀបចំផែនការរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ វាសក្តិសមដើម្បីរៀបចំផែនការដោយយកចិត្តទុកដាក់ ។ ជាញឹកញាប់គូស្វាមីភរិយាវ័យក្មេងដែល ស្រឡាញ់គ្នា ប្តេជ្ញាចិត្ត ថាពួកគេនឹងរៀបការ ហើយទទូចចង់រៀបការ ជំទាស់នឹងការអង្វររបស់ឳពុកម្តាយ ពីព្រោះពួកគេចង់រៀបការភ្លាមៗ នៅក្នុងរយៈពេលមួយ ឬពីរសប្តាហ៍ ។ ការអង្វររបស់ឳពុកម្តាយសុំឲ្យមានពេលវេលាច្រើនដើម្បីរៀបចំ ពេលខ្លះត្រូវបានបកស្រាយដោយគូស្វាមីភរិយាវ័យក្មេង ថាជាការមិនអនុញ្ញាតនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ។ ពួកគេភ័យខ្លាចថា បើពួកគេរង់ចាំ នោះនឹងមានអ្វីមួយមកបង្អាក់ ។ គូស្វាមីភរិយាវ័យក្មេងមួយចំនួន បង្ហាញពីភាពក្មេងខ្ចីរបស់ពួកគេ ហើយពុំមានសណ្ដានចិត្តល្អ នៅពេលពួកគេទទូចឲ្យមានការរៀបចំភ្លាមៗ ដែលអាចនឹងជួបតែរឿងពិបាកៗ ហើយជាញឹកញាប់នាំឲ្យមានបទពិសោធន៍មិនសូវល្អ ពុំសូវមានអនុស្សាវរីយ៍ច្រើនដូចជានៅក្នុងស្ថានភាពផ្សេងៗទៀត ។
បើមានរឿងជាច្រើនមានការប្រញាប់ប្រញាល់ពេក ឬមានសម្ពាធខ្លាំងពេក នោះនឹងមានអ្វីមួយហាក់ដូចជាបាត់បង់ នៅក្នុងការទៅព្រះវិហារបរិសុទ្ធជាលើកដំបូង ឬនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធនោះ ។ ការទៅព្រះវិហារបរិសុទ្ធជាលើកដំបូង ឬការផ្សារភ្ជាប់នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍គឺជាបទពិសោធន៍តែម្តងគត់ក្នុងមួយជីវិត ។ វាមានតម្លៃសមនឹងធ្វើការរៀបចំ ។ វាគឺជារឿងដ៏សំខាន់ ដែលយើងមិនគួរឲ្យការរៀបចំលម្អិត និងកិច្ចការផ្ទះបន្ដិចបន្ដួចមករំខាននោះទេ ។ ដោយសារមូលហេតុនេះ អ្វីៗគ្រប់យ៉ាងគួរតែរៀបចំជាមុន ។ វាអាចជាការមួរម៉ៅយ៉ាងខ្លាំងនៅពេលដែលរឿងសំខាន់ៗមួយចំនួនមិនទាន់បានធ្វើហើយរហូតដល់ថ្ងៃនោះមកដល់នោះ ។
បើអ្នកទៅកាន់ការប្រជុំមួយមុនម៉ោង ហើយអង្គុយនៅក្នុងរោងថ្វាយបង្គំដោយស្ងាត់ស្ងៀម ហើយមើលមនុស្សដើរចូលមកដល់ នោះអ្នកមើលឃើញថាពួកគេមាននាំអ្វីមួយមកជាមួយពួកគេ ។ អារម្មណ៍ខាងវិញ្ញាណបង្កើននូវភាពកក់ក្តៅ ហើយបន្ទប់បានផ្លាស់ប្តូរ នៅពេលវាផ្លាស់ប្រែពីបន្ទប់ទទេទៅជាមានក្រុមជំនុំ ជាបងប្អូនប្រុសស្រី ដែលបានមកជាមួយនឹងក្ដីសង្ឃឹមមួយ ។
ឥឡូវនេះ នៅក្នុងថ្ងៃដ៏រវល់របស់យើង យើងមិនអាចធ្វើដូច្នេះជានិច្ច នៅពេលទៅក្នុងការប្រជុំនោះទេ ។ អ្វីក៏ដោយដែលបាននាំយើងតាមមធ្យោបាយនេះមកកាន់ការប្រជុំគឺជារឿងសំខាន់ទ្វេរដង នៅពេលយើងទៅព្រះវិហារបរិសុទ្ធ ។ នេះគឺជាការពិតជាពិសេស នៅពេលយើងទៅជាលើកដំបូង ។ យើងគួរតែទៅទីនោះឲ្យបានមុនម៉ោង ។
ដូចដែលអ្នកមើលឃើញ ការចូលរួមមុនម៉ោងនេះ ពុំគ្រាន់តែជាការការពារប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឲ្យប្រាកដថា ប័ណ្ណ និងអ្វីផ្សេងៗទៀតបានរៀបចំរៀបរយ ហើយថាយើងអាចសម្របខ្លួនយើងទៅនឹងបទពិសោធន៍ថ្មី ។ វាមានច្រើនជាងនេះទៅទៀត ។ វាគឺជាការទៅកាន់កន្លែងត្រឹមត្រូវទាន់ពេល ដើម្បីចូលទៅក្នុងវិញ្ញាណត្រឹមត្រូវដោយស្ងប់ស្ងាត់—ដើម្បីរៀបចំខ្លួនយើងឲ្យបានស្រេចសម្រាប់អ្វីដែលនឹងកើតឡើង ។
យើងបាននិយាយអំពីអ្នកចូលរួមនៅក្នុងបទពិសោធន៍ក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្តែមានស្ថានភាពជាច្រើន នៅពេលដែលអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធត្រូវបានរៀបចំសព្វគ្រប់ហើយស្រាប់តែមានសមាជិកជិតស្និតក្នុងគ្រួសារមួយចំនួន ពុំមានភាពសក្តិសមដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ វាអាចថា កូនកម្លោះ ឬកូនក្រមុំគឺជាអ្នកផ្លាស់ប្រែចិត្តជឿ ហើយម្តាយឪពុករបស់ពួកគេមិនទាន់ចូលក្នុងសាសនាចក្រ ឬថាពួកគេជាសមាជិកថ្មីពេកនៅក្នុងសាសនាចក្រដែលមិនទាន់សក្តិសមនឹងទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ឬមួយថាឪពុកម្តាយ គឺជាសមាជិកនៃសាសនាចក្រ ប៉ុន្តែមានម្នាក់មិនបានរស់នៅតាមបទដ្ឋានដំណឹងល្អល្មមគ្រប់គ្រាន់ដើម្បីសមនឹងទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ដែនកំណត់ទាំងនេះ ហាក់ដូចជាបញ្ហាដ៏ធំមួយនៅពេលរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ ទាំងនេះគឺជាពេលដែលក្រុមគ្រួសារ គួរតែនៅជិតស្និតនឹងគ្នាបំផុត ជាពេលដែលពួកគេគួរតែនៅជិតគ្នាដើម្បីចែកចាយពីគ្រាដ៏ពិសិដ្ឋនៃជីវិតទាំងនេះជាមួយគ្នា ។ ការដកហូតប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់នរណាម្នាក់ដែលពុំមានភាពសក្តិសមនឹងកាន់ ឬមិនអាចអញ្ជើញមិត្តភក្តិមិនមែនជាសមាជិក ឬសាច់ញាតិដើម្បីធ្វើជាសាក្សីនៅពេលផ្សារភ្ជាប់ អាចជាបញ្ហាដែលកើតឡើងភ្លាមៗបាន ។ រឿងនេះអាចបណ្តាលឲ្យគ្មានសុភមង្គល ហើយអាចកើតមានជម្លោះភ្លាមៗ នៅពេលដែលមានតម្រូវការដ៏ចាំបាច់ឲ្យមានភាពស្ងប់ស្ងាត់ ដើម្បីមានភាពសុខដុមដ៏មហិមាបំផុត ។
តើយើងគួរតែធ្វើអ្វីខ្លះចំពោះករណីបែបនេះ ? អ្វីដែលយើងមិនត្រូវធ្វើ គឺដាក់សម្ពាធទៅលើប៊ីស្សព ។ ប៊ីស្សពតាមបទដ្ឋាន ដែលលោកមានកាតព្វកិច្ចដើម្បីរក្សាខ្លួនធ្វើជាចៅក្រមទូទៅនៃអ៊ីស្រាអែល ដែលមិនអាចចេញប័ណ្ណទៅឲ្យអ្នកមិនសក្តិសមបានទេ ។ បើចេញប័ណ្ណឲ្យ នោះអាចនាំឲ្យមានផលអាក្រក់ចំពោះបុគ្គលដែលជាប់ទាក់ទង ។ ហើយវាមិនយុត្តិធម៌ចំពោះប៊ីស្សពទេ ។
នៅពេលអាពាហ៍ពិពាហ៍ព្រះវិហារបរិសុទ្ធ ត្រូវបានកំណត់ឡើង ហើយឪពុកម្តាយ ឬសាច់ញាតិជិតស្និតបំផុតណាម្នាក់មិនអាចចូលព្រះវិហារបរិសុទ្ធបាន នោះត្រូវធ្វើផែនការដោយយកចិត្តទុកដាក់បំផុត ដែលនឹងធ្វើឲ្យវាក្លាយជាទៅឱកាសជំនួសឲ្យបញ្ហា ។ សូមពិចារណាអំពីយោបល់ទាំងនេះ ។ សូមអញ្ជើញឳពុកម្តាយដែលមិនមែនជាសមាជិក ឬសមាជិកដែលមិនអាចទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យទៅបរិវេណព្រះវិហារបរិសុទ្ធ ជាកន្លែងជប់លៀងសម្រាប់ពិធីអាពាហ៍ពិពាហ៍ ។ មានព្រះវិញ្ញាណ និងឥទ្ធិពលមួយនៅលើបរិវេណព្រះវិហារបរិសុទ្ធ ដែលពុំមាននៅកន្លែងផ្សេងទៀតឡើយ ។ ព្រះវិហារបរិសុទ្ធមួយចំនួន មានមជ្ឈមណ្ឌលសម្រាប់អ្នកទស្សនា ។ បរិវេណព្រះវិហារបរិសុទ្ធ ត្រូវបានថែរក្សាយ៉ាងស្រស់ស្អាត ។ ជាទូទៅ វាគឺជាកន្លែងនៃសេចក្តីសុខសាន្ត និងស្ងប់ស្ងាត់ ។
សូមរៀបចំឲ្យនរណាម្នាក់រង់ចាំជាមួយសមាជិកគ្រួសារនោះ ។ ប្រាកដណាស់អ្នកនឹងមិនទុកឲ្យពួកគេនៅម្នាក់ឯងទេ ។ មានករណីច្រើនដែលសមាជិកគ្រួសារអាចចូលព្រះវិហារបរិសុទ្ធដើម្បីធ្វើជាសាក្សីនៅក្នុងអាពាហ៏ពិពាហ៍ តែបែរជាពេញចិត្តនឹងចំណាយពេលនៅខាងក្រៅព្រះវិហារបរិសុទ្ធជាមួយនឹងអ្នកទាំងឡាយដែលមិនអាចចូលបាន ។ នៅទីនេះជុំវិញព្រះវិហារបរិសុទ្ធ ពួកគេអាចពន្យល់អំពីបំណងប្រាថ្នារបស់គូស្វាមីភរិយាវ័យក្មេងចង់ផ្សារភ្ជាប់នៅក្នុងដំណាក់នៃព្រះអម្ចាស់ ។
មានឥទ្ធិពលដ៏មហិមាបន្ថែមនៅក្នុងគ្រានេះ ដែលពុំអាចមាននៅកន្លែងផ្សេងឡើយ ។ ឧទាហរណ៍ នៅព្រះវិហារបរិសុទ្ធធំៗមួយចំនួន មានការនាំដើរទស្សនា ។ ការរៀបចំទុកជាមុន អាចផ្តល់នូវការយកចិត្តទុកដាក់ជាពិសេសមួយចំនួន ដើម្បីបំពេញតម្រូវការជាក់លាក់ របស់សមាជិកគ្រួសារសាច់ញាតិជិតដែលមានមូលហេតុមួយ ឬមូលហេតុផ្សេងទៀត ដែលមិនអាចចូលក្នុងព្រះវិហារបរិសុទ្ធបាន ។ ការខកចិត្ត និងការអន់ចិត្ត ពេលខ្លះវាល្វីងជូរចត់ចំពោះឳពុកម្តាយ ដែលមិនមែនជាសមាជិក ឬឳពុកម្តាយដែលជាសមាជិកតែមិនសក្តិសមដើម្បីចូលរួមអាចត្រូវបានបន្ទន់ចិត្តយ៉ាងខ្លាំងបើបានរៀបចំតាមរបៀបទាំងនេះ ។
នៅក្នុងព្រះវិហារបរិសុទ្ធមួយចំនួន មានបន្ទប់ពិសេសមួយត្រូវបានផ្តល់ឲ្យសម្រាប់ឳពុកម្តាយដែលមិនអាចចូលព្រះវិហារបរិសុទ្ធ ជួបនឹងបុគ្គលដែលអាចចូលព្រះវិហារបរិសុទ្ធជាអ្នកដែលអាចឆ្លើយសំណួររបស់ពួកគាត់បាន ។
គូស្វាមីភរិយាវ័យក្មេងត្រូវតែយល់ថា ឳពុកម្តាយរបស់ពួកគេ អាចនឹងទន្ទឹងរង់ចាំដល់ថ្ងៃអាពាហ៍ពិពាហ៍ក្នុងជីវិតរបស់កូនកំលោះ និងកូនក្រមុំ ។ បំណងប្រាថ្នារបស់ពួកគេគឺដើម្បីចូលរួមនៅក្នុងអាពាហ៍ពិពាហ៍ ហើយពួកគេនឹងអន់ចិត្ត នៅពេលពួកគេមិនអាចចូលរួមបាន ហើយនោះគឺជាសញ្ញាមួយនៃសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយ ។ គូស្វាមីភរិយាវ័យក្មេងមិនត្រូវមានការអាក់អន់ចិត្តនោះទេ ។ វាគួរតែជារឿងដែលត្រូវយល់ដឹង និងរៀបចំជាផ្នែកមួយនៃអាពាហ៍ពិពាហ៍ដោយយកចិត្តទុកដាក់ ។
ក៏មានករណីមួយចំនួនដែលឪពុកម្តាយដែលមិនអាចចូលរួមបានមានការអាក់អន់ចិត្ត ហើយនឹងមិនផ្សះផ្សារបាន ។ នៅក្នុងករណីទាំងនោះ គូស្វាមីភរិយាវ័យក្មេង ចាំបាច់ត្រូវធ្វើការសម្របទៅតាមមធ្យោបាយដែលល្អបំផុត តាមដែលអាចធ្វើទៅបាន ។ សំណួរអាចនឹងចោទសួរឡើងថា ៖ ដូច្នេះតើយើងគួរតែរៀបការតាមរបៀបស៊ីវិល ដើម្បីឲ្យពួកគាត់អាចធ្វើជាសាក្សី នៅក្នុងអាពាហ៍ពិពាហ៍របស់យើង រួចហើយពួកយើងរង់ចាំដល់ឆ្នាំណាមួយដែលចាំបាច់ ពីមុនពេលចូលព្រះវិហារបរិសុទ្ធឬ ? ប៉ុន្តែនោះមិនមែនជាដំណោះស្រាយដ៏ល្អប្រពៃនោះទេ ។ ការរៀបចំផែនការប្រកបដោយការអធិស្ឋាន និងដោយយកចិត្តទុកដាក់អាចធ្វើឲ្យករណីភាគច្រើនផ្លាស់ប្រែបញ្ហាទៅជាឱកាស ដែលនៅទីបំផុតនឹងនាំគ្រួសារឲ្យកាន់តែជិតស្និតនឹងគ្នាជាងពេលមុន ។
មិនគួរអញ្ជើញមិត្តភក្តិដ៏ច្រើន សមាជិកវួដ និងអ្នកផ្សេងទៀតឲ្យធ្វើជាសាក្សីនៅក្នុងអាពាហ៍ពិពាហ៍នោះទេ ។ ក្នុងអាពាហ៍ពិពាហ៍នោះ គួរតែមានគ្នាតិច ដែលមានតែសមាជិកគ្រួសារទាំងពីរ និងអ្នកដែលជិតស្និតនឹងគូស្វាមីភរិយាមួយចំនួនតូចប៉ុណ្ណោះ ។ នៅក្នុងករណីជាច្រើនទៀត មានអាពាហ៍ពិពាហ៍មួយត្រូវបានប្រកាសនៅក្នុងវួដដោយមាននូវការអញ្ជើញ ដែលសមាជិកទាំងអស់គួរតែចូលរួមដើម្បីផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់គូស្វាមីភរិយាដែលរៀបការនោះ ។ ឯការទទួលភ្ញៀវគឺសម្រាប់ពេលនោះឯង ។ ការទទួលភ្ញៀវនៅក្នុងអាពាហ៍ពិពាហ៍ គឺត្រូវបានធ្វើឡើងដើម្បី ផ្តល់ពេលមួយសម្រាប់មិត្តភក្តិ និងអ្នកទាំងឡាយដែលមកចូលរួមធ្វើការស្វាគមន៍ និងអបអរសាទរ ។ អាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ គួរតែពិសិដ្ឋ ហើយគួរតែត្រូវបានចែកចាយមកពីអ្នកទាំងឡាយដែលមានកន្លែងពិសេសមួយនៅក្នុងជីវិតនៃអ្នកដែលត្រូវបានរៀបការប៉ុណ្ណោះ ។
យើងមិនដកស្រង់ពាក្យនៃពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ មកនិយាយនៅខាងក្រៅព្រះវិហារបរិសុទ្ធទេ ប៉ុន្តែយើងអាចពិពណ៌នា អំពីបន្ទប់ផ្សារភ្ជាប់ថា វាស្រស់សា្អត ស្ងប់ស្ងាត់ សុខសាន្តក្នុងវិញ្ញាណ ហើយបរិសុទ្ធ ព្រោះតែកិច្ចការដ៏ពិសិដ្ឋ ដែលត្រូវបានធ្វើនៅទីនោះ ។
មុនពេលគូសា្វមីភរិយាមកកាន់នៅឯទីអាសនា ដើម្បីធ្វើពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ នោះវាគឺជាឯកសិទ្ធិរបស់អ្នកធ្វើពិធីការដើម្បីផ្ដល់ទៅដល់គូសា្វមីភរិយាថ្មោងថ្មីនូវដំបូន្មានខ្លះៗ ។ ពាក្យពេចន៍ទាំងនេះ ស្ថិតនៅក្នុងចំណោមពាក្យពេជន៍ទាំងឡាយ ដែលគូសា្វមីភរិយាថ្មោងថ្មី អាចនឹងស្តាប់នៅក្នុងឱកាសនេះ។
« ថ្ងៃនេះ គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ។ អ្នកទាំងពីរកំពុងរំភើបរីករាយចំពោះអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ។ ព្រះវិហារបរិសុទ្ធ ត្រូវបានសាងសង់ឡើង ជាទីបរិសុទ្ធសម្រាប់ពិធីបរិសុទ្ធដូចជាពិធីនេះ ។ យើងពុំស្ថិតនៅក្នុងលោកិយទេ ។ រឿងនៅក្នុងលោកិយពុំមាននៅទីនេះទេ ហើយគួរតែគ្មានឥទ្ធិពលអ្វីមានមកលើអ្វីដែលយើងធ្វើនៅទីនោះដែរ ។ យើងបានចេញពីលោកិយចូលមកក្នុងព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់ ។ នេះគឺជាថ្ងៃដ៏សំខាន់បំផុតនៃជីវិតរបស់អ្នក ។
អ្នកទាំងពីរបានកើតមក ហើយត្រូវបានអញ្ជើញឲ្យមកកាន់ផែនដីនេះ ដោយមាតាបិតារបស់អ្នក ដែលបានរៀបចំរូបកាយខាងជីវិតរមែងស្លាប់ឲ្យវិញ្ញាណអ្នកបានរស់នៅ ។ អ្នកទាំងពីរបានទទួលបុណ្យជ្រមុជទឹករួចហើយ ។ ពិធីបុណ្យជ្រមុជទឹកនោះ ជាពិធីបរិសុទ្ធដ៏ពិសិដ្ឋមួយ គឺជានិមិត្តសញ្ញានៃការលាងសម្អាត ជានិមិត្តសញ្ញានៃសេចក្តីស្លាប់ និងការរស់ឡើងវិញ ជានិមិត្តសញ្ញានៃការមានជីវិតថ្មី ។ វាឆ្លុះបញ្ចាំងពីការប្រែចិត្ត និងការផ្តាច់បាបផងដែរ ។ ពិធីសាក្រាម៉ង់គឺជាការរំឭកអំពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ហើយយើងអាចបានផ្តាច់បាបរបស់យើង បើយើងរស់នៅតាមសេចក្តីសញ្ញានោះ ។
« អ្នកដែលជាកូនកំលោះ ត្រូវបានតែងតាំងបព្វជិតភាព ។ ដំបូងអ្នកត្រូវបានប្រគល់ឲ្យនូវបព្វជិតភាពអើរ៉ុន ហើយ ប្រហែលជាបានរីកចម្រើនតាមតំណែងទាំងឡាយដូចជា—ឌីកុន គ្រូ និង សង្ឃ ។ ហើយថ្ងៃនេះបានមកដល់ ដែលអ្នកត្រូវបានរកឃើញថាមានភាពសកិ្តសមដើម្បីទទួលបព្វជិតភាពមិលគីស្សាដែក ។ បព្វជិតភាពនោះ ជាបព្វជិតភាពជាន់ខ្ពស់ត្រូវបានកំណត់ថាជាបព្វជិតភាពតាមរបៀបដ៏បរិសុទ្ធរបស់ព្រះ ឬបព្វជិតភាពដ៏បរិសុទ្ធ តាមរបៀបនៃព្រះរាជបុត្រានៃព្រះ ។ ( សូមមើល អាលម៉ា ១៣:១៨ និង ហេលេមិន ៨:១៨ ) ។ អ្នកបានទទួលតំណែងមួយក្នុងបព្វជិតភាព ។ ឥឡូវនេះអ្នកគឺជាអែលឌើរ ។
អ្នកទាំងពីរបានទទួលអំណោយទានពិសិដ្ឋរបស់អ្នករួចហើយ ។ នៅក្នុងអំណោយទានពិសិដ្ឋនោះ អ្នកទទួលបានការបណ្ដាក់ទុននៃសក្តានុពលភាពដ៏អស់កល្បជានិច្ច ។ ប៉ុន្តែការណ៍ទាំងអស់នេះគឺជាការចាប់ផ្តើម និងជាការរៀបចំអ្នកទៅកាន់ឯទីអាសនា ដើម្បីផ្សារភា្ជប់ជាប្តីប្រពន្ធសម្រាប់វេលាកាលនេះ និងភាពអស់កល្បអស់កាលជានិច្ច ។ ឥឡូវនេះអ្នកក្លាយទៅជាគ្រួសារមួយ មានសេរីភាពក្នុងការបង្កើតជីវិត មានឱកាលតាមរយៈការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីនាំកូនចៅ ចូលមកក្នុងពិភពលោក ហើយចិញ្ចឹមបីបាច់ និងគាំពារពួកគេឲ្យមានសុវត្ថិភាពនៅក្នុងជីវិតរមែងស្លាប់របស់ពួកគេនេះ ដើម្បីនឹងឃើញពួកគេមកចូលមកក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងនេះនៅក្នុងព្រះវិហារបរិសុទ្ធដូចជាអ្នកបានមកនេះនៅថ្ងៃណាមួយ ។
អ្នកបានមកដោយឆន្ទៈខ្លួនឯង ហើយត្រូវបានវិនិច្ឆ័យថា មានភាពសកិ្តសម ។ ការរួបរួមនេះ អាចត្រូវបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា » ។
ហេតុដូច្នេះហើយ ឥឡូវនេះយើងចាត់ព្រះដ៏ជាជំនួយមួយអង្គទៀតឲ្យមកលើអ្នកគឺមកលើអ្នកជាមិត្តរបស់យើង ប្រយោជន៍ឲ្យបាននៅជាប់ក្នុងដួងចិត្តរបស់អ្នកគឺជាព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា រីឯព្រះដ៏ជាជំនួយមួយទៀត គឺដូចជាយើងបានសន្យាដល់ពួកសិស្សយើងដែរ ដូចជាបានកត់ទុកនៅក្នុងទីបន្ទាល់របស់យ៉ូហាន ។
ព្រះដ៏ជាជំនួយ គឺជាសេចក្តីសន្យាដែលយើងបានប្រទានដល់អ្នក អំពីជីវិតដ៏នៅអស់កល្បជានិច្ចគឺជាសិរីល្អនៃនគរសេឡេស្ទាល ។ ( គ. និង ស. ៨៨:៣–៤ ) ។
ដើម្បីទទួលយកគ្នាទៅវិញទៅមកនៅក្នុងសេចក្តីសញ្ញា នៃអាពាហ៍ពិពាហ៍ គឺជាការទទួលខុសត្រូវដ៏ធំបំផុតមួយ ដែលមាននូវពរជ័យជាច្រើនមិនអាចប្រៀបផ្ទឹមបាន » ។
កូនកំលោះ និងកូនក្រមុំនឹងមានជាប់ចិត្តយ៉ាងខ្លាំងជាមួយនឹងអាពាហ៍ពិពាហ៍ ដែលធ្វើឲ្យពួកគេអាចនឹងពុំបានស្តាប់ដោយយកចិត្តទុកដាក់—ពួកគេអាចនឹងស្តាប់មិនឮពាក្យនៃពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ច្បាស់ទេ ។ ទោះជាយើងពុំអាចនិយាយពាក្យទាំងនោះឡើងវិញនៅខាងក្រៅព្រះវិហារបរិសុទ្ធក្ដី ក៏យើងអាចត្រឡប់ទៅវិញនៅក្នុងឱកាសផ្សេងៗ ដើម្បីធ្វើជាសាក្សីក្នុងអាពាហ៍ពិពាហ៍មួយដែរ ។ វាគឺជាសេចក្តីសប្បុរសនៃព្រះអម្ចាស់ដែលបានអនុញ្ញាតឲ្យយើងធ្វើកិច្ចការនេះ ។ នៅក្នុងឱកាសទាំងនេះ នៅពេលដែលយើងពុំមែនជាសាម៉ីខ្លួន នោះយើងអាចស្តាប់ដោយយកចិត្តទុកដាក់ចំពោះពាក្យនៃពិធីបរិសុទ្ធ ។ ប្រាកដណាស់ ស្រដៀងគ្នានេះដែរ តាមរយៈការត្រឡប់មកព្រះវិហារបរិសុទ្ធជាញឹកញាប់ដើម្បីធ្វើពិធីសម្រាប់អ្នកទាំងឡាយដែលបានទទួលមរណៈភាពទៅ នោះយើងរំឭកឡើងវិញនៅក្នុងគំនិត និងវិញ្ញាណរបស់យើងអំពីបទពិសោធន៍ក្នុងពិធីអំណោយទានពិសិដ្ឋ ។
បើអ្នកបានរៀបអាពាហ៍ពិពាហ៍ស៊ីវិលរួចហើយ ឥឡូវអ្នកចង់ផ្សារភ្ជាប់សម្រាប់ភាពអស់កល្បជានិច្ច ហើយប្រសិនបើអ្នកមានកូន សូមឲ្យពួកគេផ្សារភ្ជាប់នឹងអ្នកនៅក្នុងទំនាក់ទំនងគ្រួសារដ៏អស់កល្បជានិច្ច ។ បើអ្នកសក្តិសមដើម្បីទទួលការណ៍នេះ នោះនឹងជាឯកសិទ្ធិដ៏អស្ចារ្យរបស់អ្នកដើម្បីទទួលពរជ័យនេះ ។
ស្លៀកពាក់ពណ៌ស
នៅពេលយើងធ្វើកិច្ចការពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងស្លៀកសម្លៀកបំពាក់ពណ៌ស ។ សម្លៀកបំពាក់នេះ គឺជានិមិត្តសញ្ញានៃភាពបរិសុទ្ធ និងភាពសក្តិសម និងភាពស្អាតស្អំ ។
ពេលចូលក្នុងព្រះវិហារបរិសុទ្ធអ្នកប្តូរសម្លៀកបំពាក់របស់អ្នកទៅជាសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធពណ៌ស ។ ការផ្លាស់ប្តូរសម្លៀកបំពាក់នេះ ធ្វើឡើងនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ដែលមនុស្សម្នាក់ៗមានទូសោមួយ និងកន្លែងផ្លាស់សម្លៀកបំពាក់ផ្ទាល់ខ្លួន ។ នៅក្នុងព្រះវិហារបរិសុទ្ធ គឺត្រូវរក្សាភាពសមរម្យឲ្យបានល្អបំផុត។ ពេលដែលអ្នកទុកសម្លៀកបំពាក់នៅក្នុងទូរួចហើយ នោះអ្នកទុករាល់កង្វល់ និងការព្រួយបារម្ភ និងការរំខាននានា នៅទីនោះ ។ អ្នកឈានជើងចេញពីបន្ទប់ឯកជនតូចៗនោះដោយសម្លៀកបំពាក់ព៌ណស ហើយអ្នកមានអារម្មណ៍ថា មនុស្សទាំងអស់រួមគ្នាតែមួយ ដ្បិតមនុស្សទាំងអស់នៅជុំវិញអ្នកគឺស្លៀកសម្លៀកបំពាក់ស្រដៀងៗគ្នា ។
បើអ្នកទៅព្រះវិហារបរិសុទ្ធជាលើកដំបូង ចូរប្រឹក្សាជាមួយនឹងប៊ីស្សពរបស់អ្នក ។ នៅពេលលោកចេញប័ណ្ណមួយឲ្យអ្នក លោកនឹងពន្យល់អំពីលក្ខណៈសម្លៀកបំពាក់ ដែលអ្នកនឹងតម្រូវឲ្យពាក់នៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកមិនចាំបាច់បារម្ភថាតើទទួលបានសម្លៀកបំពាក់នោះយ៉ាងណាទេ ។ អ្នកអាចទិញវានៅមជ្ឈមណ្ឌលសេវាកម្មចែកចាយរបស់សាសនាចក្រ ឬនៅក្នុងករណីខ្លះ អ្នកអាចជួលនៅក្នុងព្រះវិហារបរិសុទ្ធ ។ ករណីចុងក្រោយ ចំនួនប្រាក់តិចបំផុត ដែលតម្រូវឲ្យបង់ថ្លៃគឺសម្រាប់ការបោកគក់សម្លៀកបំពាក់តែប៉ុណ្ណោះ ។ ការជួលសម្លៀកបំពាក់ពុំមាននៅតាមព្រះវិហារបរិសុទ្ធតូចៗនោះទេ ។
នៅខាងក្រៅព្រះវិហារបរិសុទ្ធ យើងនិយាយបន្តិចបន្តួចអំពីសម្លៀកបំពាក់ដែលយើងពាក់នៅខាងក្នុងព្រះវិហារបរិសុទ្ធ ក៏ដូចជាពិធីការ និងពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។ វាក៏ដូចជាពិធីការនានាដែរ យើងអាចនិយាយថា វាមាននូវនិមិត្តសញ្ញាដ៏អស្ចារ្យ ។
វាគឺជាសញ្ញានៃគារវភាព និងការគោរពនៅពេលសមាជិកសាសនាចក្រ ចូលទៅព្រះវិហារបរិសុទ្ធដោយបានស្លៀកពាក់ និងតុបតែងតាមរបៀបមួយ ដែលគាត់នឹងមានភាពសុខស្រួលនៅចំពោះវត្តមានរបស់ព្រះអម្ចាស់ ។ សូមគិតមួយសន្ទុះថា អ្នកត្រូវបានអញ្ជើញជាភ្ញៀវទៅគេហដ្ឋានរបស់អ្នកដឹកនាំល្បីល្បាញ និងដែលមានគេគោរពដ៏ខ្ពង់ខ្ពស់មួយ ។ អ្នកបានដឹងថា ភ្ញៀវកិតិ្តយសដទៃទៀតដែលបានអញ្ជើញឲ្យចូលរួមដូចជារូបអ្នក គឺសុទ្ធតែជាមនុស្សល្បីឈ្មោះ ។ ការអញ្ជើញគឺជាការចង្អុលបង្ហាញថា ម្ចាស់ផ្ទះបានឲ្យតម្លៃអ្នកយ៉ាងខ្ពស់ ។ អ្នកបានដឹងថា អ្នកដទៃបានឲ្យតម្លៃខ្ពស់ចំពោះការអញ្ជើញដូច្នេះ ប៉ុន្តែដោយសារមូលហេតុមួយ ឬមូលហេតុផ្សេងទៀត ពួកគេមិនត្រូវបានអញ្ជើញទេ ហេតុដូច្នេះពួកគេមិនអាចចូលរួមបានឡើយ ។ នៅក្នុងស្ថានភាពទាំងនោះ វាមាននូវការសង្ស័យថា អ្នកប្រហែលជាចូលរួមទាំងសម្លៀកបំពាក់ធ្វើការឬសម្លៀកបំពាក់ដើរកម្សាន្តចាស់ៗ ។ មានការសង្ស័យថា បុរសម្នាក់អាចនឹងចូលរួមដោយមិនកោរពុកមាត់ ឬថាស្ត្រីម្នាក់នឹងទៅដោយសក់កន្រ្ទីងកន្រ្ទើងជាដើម ។
មនុស្សដែលមានយសសក្តិ និងមានភាពថ្លៃថ្នូរ ពេលទទួលបានការអញ្ជើញឲ្យចូលរួមនៅក្នុងការជួបជុំដ៏សំខាន់ ជាញឹកញាប់តែងសួរថា តើគួរស្លៀកពាក់យ៉ាងម៉េចឲ្យសមរម្យ ។ តើអ្នកនឹងមិនរៀបចំខ្លួនដោយប្រុងប្រយ័ត្នសម្រាប់ព្រឹត្តិការណ៍ពិសេសនេះទេឬអី ? អ្នកអាចនឹងទិញសម្លៀកបំពាក់ថ្មីដែលសង្ឃឹមថា មើលទៅនឹងមិនបង្ហាញនូវភាពពុំថ្លៃថ្នូរនៅក្នុងការជួបជុំនោះ ។
ការយកចិត្តទុកដាក់បង្ហាញតាមរយៈការអ៊ុត និងភាពស្អាតបាតនៃសម្លៀកបំពាក់របស់អ្នក ។ អ្នកនឹងមានអារម្មណ៍មិនសុខស្រួល បើអ្នកមិនតុបតែងខ្លួនឲ្យបានសមរម្យនោះ ។
ឱកាសដើម្បីទៅព្រះវិហារបរិសុទ្ធ អាចប្រៀបប្រដូចនឹងការអញ្ជើញពិសេសមួយដូច្នេះដែរ ។
មានឱកាសតែម្តងប៉ុណ្ណោះ នៅពេលសមាជិកនៃសាសនាចក្រ ត្រូវបានអញ្ជើញឲ្យចូលរួមដោយសម្លៀកបំពាក់ « ធម្មតា » របស់ពួកគេ ហើយពេលនោះគឺជាពេលដែលពួកគេធ្វើជាសាក្សីនៅក្នុងអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ។ នៅក្នុងករណីនោះ គឺត្រូវដោះតែស្បែកជើងប៉ុណ្ណោះ ហើយអាចត្រូវបានជំនួសដោយស្បែកជើងពណ៌ស ។ ជាច្រើនឆ្នាំកន្លងទៅ បងប្អូនប្រុសបានអនុញ្ញាតឲ្យស្លៀកពាក់ដូច្នេះ ដើម្បីជាភាពងាយស្រួលដល់សមាជិកគ្រួសារ និងមិត្តភក្តិទាំងឡាយ ដែលមិនបានចូលទៅក្នុងវគ្គអំណោយទានពិសិដ្ឋភ្លាមពីមុនពិធីអាពាហ៍ពិពាហ៍ ។
កូនកំលោះ និងកូនក្រមុំចូលទៅក្នុងព្រះវិហារបរិសុទ្ធដើម្បីរៀបអាពាហ៍ពិពាហ៍ចំពោះវេលាកាលនេះ និងដ៏នៅអស់កល្បជានិច្ចផង ។ កូនក្រមុំស្លៀកសម្លៀកបំពាក់ពណ៌ស ដែលមានដៃវែង ម៉ូតរមទម្យ សាច់ក្រណាត់ និងការតុបតែងមិនមានរចនាម៉ូតខ្លាំងពេក ។ កូនកំលោះក៏ស្លៀកសម្លៀកបំពាក់ពណ៌សផងដែរ ។ បងប្អូនប្រុសដែលមកធ្វើជាសាក្សីក្នុងអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធមិនត្រូវពាក់អាវរាត្រីស្រមោល-សនោះទេ ។
ជួនកាលយើងពុំយល់ និងមានការសោកស្តាយខ្លះៗ នៅពេលទៅនៅក្នុងព្រះវិហារបរិសុទ្ធឃើញថាមនុស្សមួយចំនួនមកធ្វើជាសាក្សីក្នុងអាពាហ៍ពិពាហ៍ ឬចូលរួមនៅក្នុងវគ្គមួយក្នុងព្រះវិហារបរិសុទ្ធ ដោយស្លៀកសម្លៀកពាក់ដូចជាពួកគេទៅដើរលេង ឬទៅមើលកីឡាទៅវិញនោះ ។
ឯកសិទ្ធិដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ សមនឹងទទួលបានការគោរពពីយើងច្រើនជាងនេះ ។ វាគឺជាការបំពេញព្រះទ័យរបស់ព្រះអម្ចាស់ នៅពេលយើងងូតទឹកសម្អាតរាងកាយរបស់យើង ហើយស្លៀកសម្លៀកបំពាក់ស្អាតបាត ទោះជាសម្លៀកបំពាក់នោះពុំសូវមានតម្លៃថ្លៃក្ដី ។ យើងគួរតែស្លៀកពាក់តាមរបៀបមួយ ដែលធ្វើឲ្យយើងមានអារម្មណ៍ស្រួលចិត្តពេលចូលរួមការប្រជុំពិធីសាក្រាម៉ង់ ឬការជួបជុំដែលសមរម្យ និងថ្លៃថ្នូរ ។
នៅក្នុងឱកាសជាច្រើន មនុស្សមកធ្វើជាសាក្សីនៅក្នុងអាពាហ៍ពិពាហ៍មួយជាក់ស្តែងពុំសូវយកចិត្តទុកដាក់ចំពោះដំបូន្មាន ដែលបងប្អូនប្រុសបានផ្តល់ឲ្យអំពីសម្លៀកបំពាក់ និងការតុបតែងខ្លួន មិនដើរតាមលោកិយដែលមានម៉ូតសម្លៀកបំពាក់ខ្លាំងពេក ទាំងម៉ូតសក់ និងការរៀបចំជាដើម ។ យើងងឿងឆ្ងល់ថា ហេតុអ្វីមនុស្សម្នាក់ដែលមានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ពុំបានយល់ដឹងល្មមគ្រប់គ្រាន់ថា ព្រះអម្ចាស់មិនសព្វព្រះទ័យ ជាមួយនឹងអ្នកដែលបង្ហាញយ៉ាងច្បាស់ពីចំណូលចិត្តធ្វើតាមរបៀបរបស់លោកិយដូច្នេះ ។
តើយើងអាចចេញអនុសាសន៍សមាជិកម្នាក់ឲ្យចូលក្នុងព្រះវិហារបរិសុទ្ធ ដោយស្លៀកសម្លៀកបំពាក់ដែលមិនរមទម្យ ឬតាមលោកិយដោយរបៀបណា ? តើមនុស្សមា្នក់អាចធ្វើម៉ូតសក់ដែលមិនបង្ហាញនូវភាពល្អប្រសើរ និងថ្លៃថ្នូរដោយរបៀបណា ?
នៅពេលអ្នកមានឱកាសទៅព្រះវិហារបរិសុទ្ធ ដើម្បីចូលរួមនៅក្នុងពិធីការព្រះវិហារបរិសុទ្ធ ឬធ្វើជាសាក្សីក្នុងការផ្សារភ្ជាប់ ចូរចងចាំថាអ្នកនៅកន្លែងណា ។ អ្នកគឺជាភ្ញៀវម្នាក់នៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ អ្នកគួរតុបតែងខ្លួនអ្នក និងស្លៀកសម្លៀកបំពាក់តាមរបៀបមួយដែលអ្នកនឹងមានអារម្មណ៏កក់ក្តៅនៅពេលជួបម្ចាស់ផ្ទះ ។
អ្នកទាំងឡាយដែលកាន់ និងរួមចំណែកនៅក្នុងពរជ័យ នៃបព្វជិតភាព គួរតែមានសម្លៀកបំពាក់ដណ្តប់រូបកាយរបស់ពួកគេ ដូចដែលត្រូវបើកសម្តែងចំពោះព្យាការីយ៉ូសែប ស៊ីធ នៅពេលពិធីអំណោយទានពិសិដ្ឋ ត្រូវបានប្រគល់ទៅដល់លោក ។
សមាជិកដែលបានទទួលពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ របស់ពួកគេរួចហើយ ចាប់ពីពេលនោះទៅត្រូវស្លៀកសម្លៀកបំពាក់បរិសុទ្ធ ។ សម្លៀកបំពាក់បរិសុទ្ធ ត្រូវបានផ្គត់ផ្គង់ដោយភ្នាក់ងាររបស់សាសនាចក្រ—ហើយជាទូទៅមានសម្រាប់សមាជិកនៅទូទាំងពិភពលោក តាមរយៈកម្មវិធីចែកចាយ ដែលបានប្រត្តិបត្តិការដោយសាសនាចក្រ ។
សម្លៀកបំពាក់បរិសុទ្ធ តំណាងឲ្យសេចក្តីសញ្ញាពិសិដ្ឋទាំងឡាយ ។ វាជួយឲ្យមានភាពរមទម្យ ហើយក្លាយទៅជាខែល និងការការពារអ្នកពាក់វា ។
ការពាក់សម្លៀកបំពាក់បរិសុទ្ធ ពុំមែនរារាំងមិនឲ្យសមាជិក ស្លៀកសម្លៀកបំពាក់ម៉ូតទំនើប ដែលគេស្លៀកពាក់ជាទូទៅ គ្រប់ជាតិសាសន៍នៅលោកិយនេះទេ ។ មានតែសម្លៀកបំពាក់មិនរមទម្យ ឬមានម៉ូតខ្លាំងជ្រុលហួសហេតុពេកប៉ុណ្ណោះ ដែលនឹងមិនសមជាមួយនឹងការពាក់សម្លៀកបំពាក់បរិសុទ្ធ ។ គ្រប់សមាជិកនៃសាសនាចក្រ មិនថាគាត់បានទៅក្នុងព្រះវិហារបរិសុទ្ធឬអត់នោះទេ ដោយស្មារតីត្រឹមត្រូវ ពួកគេចង់ចៀសវាងពីការស្លៀកសម្លៀកបំពាក់ដែលមានម៉ូតជ្រុលនិយមពេក ឬសម្លៀកបំពាក់បញ្ចេញវាលចំហរជ្រុលពេក ។
ប្រហែលជាមានស្ថានភាពជាច្រើន ដែលសមាជិកនៃសាសនាចក្រ ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ត្រូវប្រឈមមុខនឹងសំណួរជាច្រើនអំពីសម្លៀកបំពាក់បរិសុទ្ធ ។
នៅក្នុងឱកាសមួយ មានបងប្អូនប្រុសម្នាក់ ត្រូវបានអញ្ជើញឲ្យនិយាយទៅកាន់មហាវិទ្យាល័យ និងបុគ្គលិកនៅសាលា បំពាក់បំប៉នបព្វជិតកងនាវា នៅរដ្ឋញ៉ូផត កោះរ៉ត ។ អ្នកស្តាប់រួមមានទាំងបព្វជិតខាងកងនាវាជាន់ខ្ពស់ជាច្រើនមកពីសាសនាកាតូលិក ប្រ៉ូតេស្តង់ និងយូដា ។
នៅក្នុងពេលសំណួរចម្លើយ មានអ្នកបួសម្នាក់ក្នុងចំណោមបព្វជិតទាំងនោះ បានសួរ ៖ « តើអ្នកអាចប្រាប់យើងខ្លះៗ អំពីខោអាវក្នុងជាពិសេស ដែលកងនាវាមរមនមួយចំនួនពាក់បានដែរឬទេ ? » សំណួរបន្តគឺ « ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ? តើនោះមិនចម្លែកទេឬអី ? តើនោះពុំមានបញ្ហាទេឬអី ?
ចំពោះបព្វជិតដែលសួរសំណួរ គាត់បានឆ្លើយដោយសំណួរមួយថា ៖ « តើអ្នកតំណាងឲ្យព្រះវិហារមួយណា ? » ជាការឆ្លើយតបគាត់ប្រាប់ឈ្មោះ ព្រះវិហារមួយនៃព្រះវិហារ ប្រ៉ូតេស្តង់ ។
គាត់និយាយថា « នៅក្នុងជីវិតជាប្រជាពលរដ្ឋ និងនៅពេលដឹកនាំការប្រជុំនៅក្នុងការបម្រើកងទ័ព អ្នកក៏ស្លៀកសម្លៀកបំពាក់បព្វជិតដែរ មែនទេ ? » អ្នកបព្វជិតបាននិយាយថាបាទ គាត់ស្លៀកមែន ។
គាត់បានបន្តថា « ខ្ញុំគិតថា វាមានសារៈសំខាន់មួយចំនួនចំពោះអ្នក ដែលវាញែកអ្នកចេញពីក្រុមជំនុំរបស់អ្នកផ្សេងទៀត ។ វាគឺជាឯកសណ្ឋានរបស់អ្នកក្នុងពេលធ្វើការបង្រៀន ។ ខ្ញុំគិតថា វាអាចមានអ្វីសំខាន់ច្រើនជាងនោះទៀតផងដែរ ។ វារំឮកអ្នកអំពីខ្លួនអ្នកជានរណា និងកាតព្វកិច្ចរបស់អ្នកជាអ្វី ព្រមទាំងសេចក្តីសញ្ញាអ្វីខ្លះ ។ វាជារំឭកដ៏ខ្ជាប់ខ្ជួនដល់អ្នកថា អ្នកគឺជាសមាជិកនៃបព្វជិត ថា អ្នកគោរពខ្លួនអ្នកក្នុងនាមជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ហើយថាអ្នកទទួលខុសត្រូវដើម្បីរស់នៅតាមរបៀបមួយ ដែលអ្នកមានភាពសក្តិសមនឹងការតែងតាំងរបស់អ្នក » ។
បន្ទាប់មកគាត់ប្រាប់ពួកគេថា « អ្នកគួរតែអាចយល់យ៉ាងហោចណាស់មូលហេតុមួយនៃមូលហេតុជាច្រើនរបស់យើងថា ហេតុអ្វីបានជាពួកបរិសុទ្ធថ្ងៃចុងក្រោយ មានការប្តេជ្ញាចិត្ត ខាងវិញ្ញាណយ៉ាងមុតមាំអំពីសម្លៀកបំពាក់បរិសុទ្ធនេះ ។ ភាពខុសគ្នាដ៏ធំរវាងព្រះវិហារទាំងឡាយរបស់អ្នក និងព្រះវិហាររបស់យើងគឺថា យើងមិនឲ្យប្រាក់ខែដល់បព្វជិតធ្វើការបម្រើ ដូចជាព្រះវិហារអ្នកមាននោះទេ ។ ក្រុមជំនុំទាំងឡាយ គឺត្រូវបានធ្វើជាអធិបតីដោយអ្នកដឹកនាំក្នុងមូលដ្ឋាន ។ ពួកគេគឺជាបុរសដែលត្រូវបានហៅឲ្យធ្វើកិច្ចការមកពីស្ថានភាពជីវិតគ្រប់ប្រភេទ ។ ប៉ុន្តែពួកគេត្រូវបានតែងតាំងបព្វជិតភាព ។ ពួកគេកាន់មុខតំណែងនៅក្នុងបព្វជិតភាព ។ ពួកគេត្រូវបានធ្វើពិធីញែកចេញក្នុងតំណែងជាអធិបតី ជាប្រធាន ជាទីប្រឹក្សា និងអ្នកដឹកនាំនៅក្នុងផ្នែកផ្សេងៗ ។ ស្រ្តីក៏ចូលរួមចំណែកនៅក្នុងការទទួលខុសត្រូវ និងនៅក្នុងកាតព្វកិច្ចទាំងនោះផងដែរ ។ បុរសដែលជាមេដឹកនាំក្នុងក្រុមជំនុំរបស់យើងនៅថ្ងៃអាទិត្យគឺជាប៊ីស្សព នឹងចេញទៅធ្វើការនៅថ្ងៃចន្ទ ជាអ្នករត់សំបុត្រ ជាអ្នកធ្វើការនៅការិយាល័យ ជាអ្នកចម្ការ ជាវេជ្ជបណ្ឌិត ឬគាត់អាចជាអ្នកបើកយន្តហោះកងទ័ពអាកាស ឬជាមន្រ្តីកងនាវា ។ តាមបទដ្ឋានរបស់យើង គាត់គឺជាអ្នកធ្វើការបម្រើដែលបានតែងតាំងដូចជាអ្នក តាមបទដ្ឋានរបស់អ្នកដូច្នោះដែរ ។ គាត់ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលភាគច្រើន ។ យើងទាញយកអត្ថប្រយោជន៏ដូចគ្នាមកពីសម្លៀកបំពាក់ពិសេសនេះ ដូចដែលអ្នកនឹងទាញយកអត្ថប្រយោជន៏មកពីសម្លៀកបំពាក់ខាងបព្វជិតរបស់អ្នកដែរ ។ ភាពខុសគ្នាគឺថា យើងពាក់វានៅពីក្រោមសម្លៀកបំពាក់ធម្មតារបស់យើងជំនួសឲ្យពាក់ពីខាងក្រៅ ព្រោះយើងប្រកបការងារផ្សេងៗពីគ្នា បន្ថែមពីលើការបម្រើនៅក្នុងសាសនាចក្ររបស់យើង ។ រឿងពិសិដ្ឋទាំងនេះ យើងមិនចង់បង្ហាញឲ្យឃើញនៅចំពោះលោកិយនោះទេ » ។
ក្រោយមកគាត់បានពន្យល់ថា វាក៏មានអត្ថន័យខាងវិញ្ញាណដ៏ជ្រាលជ្រៅផងដែរ ដែលជាប់ទាក់ទងការអនុវត្តក្នុងការស្លៀកសម្លៀកបំពាក់បរិសុទ្ធនេះទៅនឹងសេចក្តីសញ្ញាដែលត្រូវបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ យើងឃើញថាវាពុំចាំបាច់ដើម្បីពិភាក្សាអំពីរឿងនេះទេ—គាត់បាននិយាយឡើងវិញថា ការមិនចាំបាច់ពិភាក្សានោះ គឺមិនមែនដោយសារវាជារឿងអាថ៌កំបាំងនោះទេ ប៉ុន្តែដោយសារវាគឺជារឿងពិសិដ្ឋ ។
សម្លៀកបំពាក់បរិសុទ្ធគ្របដណ្តប់លើរាងកាយ គឺជាការរំឭកដែលមើលឃើញនឹងភ្នែក និងខាងរូបកាយអំពីសេចក្តីសញ្ញាទាំងនេះ ។ សម្រាប់សមាជិកនៃសាសនាចក្រជាច្រើន សម្លៀកបំពាក់បរិសុទ្ធ មានទម្រង់ជារបាំងការពារមួយ នៅពេលប្រឈមមុខនឹងការល្បួង ។ ចំណោមហេតុផលជាច្រើនទៀត វាគឺជានិមិត្តសញ្ញានៃការគោរពដ៏ខ្ពង់ខ្ពស់របស់យើងចំពោះក្រឹត្យវិន័យទាំងឡាយរបស់ព្រះ—ក្នុងចំណោមនោះគឺជាបទដ្ឋានខាងសីលធម៌ ។
អំណាចដើម្បីផ្សារភ្ជាប់
បើយើងចង់យល់អំពីប្រវត្តិសាស្រ្ត និងគោលលទិ្ធនៃកិច្ចការព្រះវិហារបរិសុទ្ធ នោះយើងត្រូវតែយល់ថា អំណាចនៃការផ្សារភ្ជាប់គឺជាអ្វីសិន ។ យ៉ាងហោចណាស់ យើងត្រូវតែសញ្ជឹងគិតដល់កម្រិតមួយថា ហេតុអ្វីបានជាកូនសោនៃសិទ្ធិអំណាចនៃការផ្សារភា្ជប់សំខាន់ ។
អស់រយៈពេលជិតប្រាំបួនរយឆ្នាំពីមុនព្រះគ្រីស្ទ ព្យាការីអេលីយ៉ា បានលេចមកនៅឯទីចៅក្រមរបស់សេ្តចអ៊ីស្រាអែល ។ លោកបាននាំមកជាមួយលោកនូវសិទ្ធិអំណាចពិសិដ្ឋមួយគឺ អំណាចដើម្បីផ្សារភ្ជាប់ ។
អេលីយ៉ាដោះស្រាយកិច្ចការបម្រើរបស់លោក ដោយបានតែងតាំង និងលាបប្រេងដល់អេលីសេ ដើម្បីបន្តតំណែងពីលោក រួចហើយ—នោះគឺជារឿងសំខាន់—លោកមិនស្លាប់ទេ ។ ដូចជាលោកម៉ូសេពីមុនលោក លោកត្រូវបានផ្លាស់ប្រែរូប ។
បន្ទាប់មក ឈ្មោះរបស់លោកមានឃើញតែម្តងគត់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅក្នុងខគម្ពីរចុងក្រោយនៃជំពូកចុងក្រោយក្នុងព្រះគម្ពីរសញ្ញាចាស់ ។ គឺនៅទីនេះហើយ ដែលម៉ាឡាគីព្យាករថា អេលីយ៉ានឹងត្រឡប់មកវិញ ហើយគាត់នឹង « បង្វែរចិត្តពួកឪពុកមកឯកូននិងចិត្តកូនមកឯឪពុកវិញ » ក្រែងអញមកវាយផែនដីដោយសេចក្តីបណ្តាសា ។ ( សូមមើល ម៉ាឡាគី ៤:៥-៦ ) ។
កាលព្រះយេស៊ូវបានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីព ហើយនោះ ទ្រង់មានព្រះបន្ទូលសាកសួរ ពួកសិស្សថា តើមនុស្សទាំងឡាយគេថាកូនមនុស្សជាអ្នកណា ?
ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀត ថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬ ហោរាណាម្នាក់ ។
ទ្រង់មានព្រះបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា ?
ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាមដែលបានសម្តែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ។
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ ។
ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក បើអ្នកនឹងចងទុកអ្វីៗនៅផែនដីនោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដីនោះនឹងត្រូវ ស្រាយនៅស្ថានសួគ៌ដែរ ។ ( ម៉ាថាយ ១៦:១៣–១៩ ) ។
នៅពេលពេត្រុស យ៉ាកុប និងយ៉ូហាន បានទៅជាមួយព្រះអម្ចាស់ទៅកាន់ភ្នំផ្លាស់ប្រែរូប នៅទីនោះបានលេចឡើង នូវតួអង្គពីរជាមួយនឹងព្រះអម្ចាស់ដែលបានផ្លាស់ប្រែរូប ។ ពួកគេបានស្គាល់ថាជា លោកម៉ូសេ និងលោកអេលីយ៉ា ដែលបានមកដើម្បីប្រគល់ឲ្យគណៈប្រធាននូវអំណាចនៃការផ្សារភ្ជាប់ ។ ( សូមមើល ម៉ាថាយ ១៧:១-៨ សូមកត់ចំណាំថា អេលីយ៉ា គឺជាការបកប្រែរបស់ភាសាក្រិចនៃភាសាហេព្រើរ ឈ្មោះអេលីយ៉ាស ហើយជាញឹកញាប់ត្រូវបានប្រើនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ) ។
ពេត្រុសត្រូវកាន់កូនសោទាំងឡាយ ។ ពេត្រុសត្រូវកាន់អំណាចនៃការផ្សារភ្ជាប់ ដែលជាសិទ្ធិអំណាច ដើម្បីកាន់អំណាចដើម្បីចងភ្ជាប់ ឬផ្សារភ្ជាប់ ឬស្រាយអ្វីៗនៅលើផែនដី និងស្ថានសួគ៌ ។
នៅក្នុង ម. គ. ៣៤ បន្ទាប់ពីការឆ្កាងរបស់ទ្រង់ ព្រះអម្ចាស់បានបង្រៀនដល់សាសន៍នីហ្វៃ ។ ទ្រង់បានសូត្រដល់ពួកគេ—ហើយនេះគឺជាភាពអស្ចារ្យបំផុតនៅក្នុងប្រវត្តិព្រះគម្ពីរ—នៅក្នុងពីរជំពូកចុងក្រោយនៃគម្ពីរម៉ាឡាគី ( ដែលមានការព្យាករថា អេលីយ៉ានឹងត្រឡប់មកវិញ ) បណ្តាលឲ្យពួកគេសរសេរទុក ហើយអធិប្បាយអំពីពាក្យនោះ ។
នៅពេលដែលទេវតាមរ៉ូណៃ បានលេចមកព្យាការីយ៉ូសែប ស្ម៊ីធ ដើម្បីប្រាប់លោកអំពីផ្ទាំងចំណារទាំងឡាយ លោកបានដកស្រង់ពាក្យព្យាកររបស់ម៉ាឡាគីថា អេលីយ៉ានឹងត្រឡប់មកវិញ ។ ការដកស្រង់នេះមាននៅកណ្ឌទីពីរនៃគោលលទ្ធិ និង សេចក្តីសញ្ញា ។
រយៈពេលដប់បីឆ្នាំបន្ទាប់ពីមរ៉ូណៃ បានលេចមក ព្រះវិហារបរិសុទ្ធមួយត្រូវបានសាងសង់ឡើងសមតាមគោលបំណង ហើយព្រះអម្ចាស់ និងអេលីយ៉ា បានលេចមកជាមួយទ្រង់ម្តងទៀត ហើយបានប្រគល់កូនសោទាំងឡាយនៃអំណាចការផ្សារភ្ជាប់ ។
កូនសោទាំងនោះគឺជាកម្មសិទ្ធិរបស់ប្រធាននៃសាសនាចក្រ—ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ អំណាចនៃការផ្សារភ្ជាប់ដ៏ពិសិដ្ឋនោះ មាននៅក្នុង សាសនាចក្រនាពេលនេះ ។ គ្មានអ្វីត្រូវបានសញ្ជឹងគិតថា ពិសិដ្ឋជាងនេះដោយអ្នកទាំងឡាយណាដែលបានដឹងអំពីសារៈសំខាន់នៃសិទ្ធអំណាចនេះនោះទេ ។ គ្មានអ្វីដែលទទួលបានការការពារយ៉ាងដិតដល់ជាងនេះទេ ។ មានបុរស ពីរបីនាក់ប៉ុណ្ណោះ ដែលកាន់អំណាចនៃការផ្សារភ្ជាប់នេះនៅលើផែនដី—នៅក្នុងព្រះវិហារបរិសុទ្ធនីមួយៗ គឺមានបងប្អូនប្រុសដែលបានទទួលអំណាចនៃការផ្សារភ្ជាប់ ។ គ្មាននរណាអាចទទួលបានទេ លើកលែងតែព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ និងជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬមកពីអ្នកទាំងឡាយណាដែលត្រូវបានផ្ទេរភារៈកិច្ចឲ្យដើម្បីផ្តល់ទៅឲ្យអ្នកដទៃ ។
« យើងបានឃើញព្រះអម្ចាស់ …។ »
នៅថ្ងៃនៃការត្រឡប់មកវិញរបស់លោកអេលីយ៉ា គឺជាពេលល្ងាចថ្ងៃអាទិត្យ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ។ ការប្រជុំសាក្រាម៉ង់ ត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធទីក្រុងខឺតឡង់ ។ ព្យាការីបានពិពណ៌នានៅល្ងាចនោះនៅក្នុងសម្តីដ៏សាមញ្ញទាំងនេះថា
នៅពេលរសៀលខ្ញុំបានជួយពួកប្រធានឯទៀត ក្នុងការចែកអាហាររបស់ព្រះអម្ចាស់ដល់សាសនាចក្រ ដោយបានទទួលអាហារពីពួកដប់ពីរនាក់ ដែលមានឯកសិទ្ធិធ្វើការនៅ ឯតុដ៏ពិសិដ្ឋថ្ងៃនេះ ។ បន្ទាប់ពីបានប្រតិបត្តិកិច្ចការនេះដល់ពួកបងប្អូនប្រុស របស់ខ្ញុំក្នុងសាសនារួចហើយ នោះខ្ញុំបានទៅឯវេទិកា ដោយមានវាំននបិទ ហើយក្រាបចុះជាមួយអូលីវើរ ខៅឌើរីក្នុងការអធិស្ឋានដ៏មុតមាំ និងស្ងាត់ ។ បន្ទាប់ពីបានក្រោកពីអធិស្ឋាន នោះស្រាប់តែមានការនិមិត្តមួយ បើកឲ្យយើងទាំងពីរនាក់ឃើញ ។ ( គ. និង ស. ១១០ សេចក្តីផ្តើម ) ។
ស្បៃត្រូវបានបើកពីគំនិតរបស់ពួកយើង ហើយភ្នែកនៃយោបល់របស់ពួកយើងត្រូវបានបើកឡើង ។
យើងបានឃើញព្រះអម្ចាស់ ទ្រង់ឈរនៅលើរបាបង្អែកវេទិកា នៅចំពោះយើង ហើយនៅក្រោមព្រះបាទរបស់ទ្រង់ មានកម្រាលធ្វើពីមាសសុទ្ធ មានពណ៌ដូចជាត្បូងឃ្មុំ ។
ព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង ព្រះកេសារបស់ទ្រង់ស ដូចជាហិមៈសុទ្ធ ព្រះភ័ក្រ្តរបស់ទ្រង់ភ្លឺជាងពន្លឺថ្ងៃ ហើយសំឡេងរបស់ទ្រង់ ដូចជាសូរនៃទឹកច្រើន គឺជាសំឡេងនៃព្រះយេហូវ៉ា មានព្រះបន្ទូលថា
យើងជាដើមហើយជាចុង យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ យើងជាព្រះគាំទ្រ របស់អ្នកជាមួយព្រះវរបិតា ។
មើលចុះ អំពើបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ អ្នកត្រូវបានជ្រះស្អាតនៅចំពោះយើង ហេតុដូច្នេះហើយចូរងើបមុខឡើង ហើយអរសប្បាយរីករាយចុះ ។
ចូរឲ្យចិត្តនៃបងប្អូនអ្នកក្នុងសាសនាបានអរសប្បាយរីករាយចុះ ហើយចូរឲ្យចិត្តនៃអស់ទាំងរាស្ត្ររបស់យើងបានអរសប្បាយរីករាយ ដែលបានសង់ដំណាក់នេះថ្វាយដល់ព្រះនាមរបស់យើងដោយអស់ពីកម្លាំងរបស់ពួកគេ ។
ដ្បិតមើលចុះ យើងបានទទួលដំណាក់នេះ ហើយព្រះនាមរបស់យើងនឹងស្ថិតនៅទីនេះ ហើយយើងនឹងសម្ដែងកាយយើងដល់រាស្ត្ររបស់យើងនៅក្នុងដំណាក់នេះដោយសេចក្ដីមេត្តាករុណា ។
មែនហើយ យើងនឹងលេចមកឯពួកអ្នកបម្រើរបស់យើងហើយមានបន្ទូលទៅកាន់ពួកគេដោយសំឡេងរបស់យើងផ្ទាល់បើសិនជារាស្ត្រយើងនឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយមិនបង្ខូចដំណាក់ដ៏បរិសុទ្ធនេះ ។
មែនហើយ គឺចិត្តនៃមនុស្សរាប់ពាន់ម៉ឺននាក់ នឹងបានអរសប្បាយរីករាយ ដោយព្រោះតែព្រះពរទាំងឡាយ ដែលនឹងបានចាក់ចេញមក ព្រមទាំងអំណោយទានពិសិដ្ឋ ដែលពួកអ្នកបម្រើរបស់យើងបានទទួលនៅក្នុងដំណាក់នេះ ។
ហើយការល្បីល្បាញអំពីដំណាក់នេះនឹងរាលដាលទៅដល់ដែនដីឆ្ងាយៗ ហើយនេះគឺជាការចាប់ផ្តើមនូវព្រះពរ ដែលនឹងបានចាក់មកលើក្បាលនៃរាស្រ្តរបស់យើង ។ គឺដូច្នោះមែន ។ អាម៉ែន ។
បន្ទាប់ពីការនិមិត្តនេះបិទទៅ នោះស្រាប់តែផ្ទៃមេឃបានបើកដល់យើងម្តងទៀត ហើយលោកម៉ូសេ បានលេចមកចំពោះយើង ហើយបានប្រគល់ដល់យើងនូវកូនសោទាំងឡាយ នៃការប្រមូលសាសន៏អ៊ីស្រាអ៊ែល ពីទិសទាំងបួននៃផែនដី ហើយនឹងការនាំពូជដប់អំបូរចេញពីដែនដីភាគខាងជើង ។
បន្ទាប់មក លោកអេលីយ៉ាបានលេចមក ហើយបានប្រគល់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់លោកអ័ប្រាហាំដោយប្រាប់ថា នៅក្នុងយើង និងពូជរបស់យើង នោះអស់ទាំងតំណមនុស្សបន្ទាប់ពីយើងមកនឹងបានពរ ។
បន្ទាប់ពីការនិមិត្តបានបិទទៅ នោះមានការនិមិត្ដដ៏ធំ និង រុងរឿងមួយទៀតបានបើកមកលើយើង ព្រោះលោកអេលីយ៉ាជាព្យាការី ដែលបានយកទៅស្ថានសួគ៌ ដោយមិនបានភ្លក់សេចក្ដីស្លាប់ បានឈរនៅចំពោះយើង ហើយបាននិយាយថា ៖
មើលចុះពេលវេលាបានមកដល់ពេញលេញហើយ ដែលបានពោលដោយមាត់នៃលោកម៉ាឡាគី—ដោយធ្វើទីបន្ទាល់ថា លោក [ អេលីយ៉ា ] នឹងត្រូវបានចាត់ឲ្យមកមុនថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់នឹងមកដល់—
ដើម្បីបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក ក្រែងផែនដីទាំងមូលនឹងត្រូវបានវាយដោយសេចក្តីបណ្តាសា—
ហេតុដូច្នេះហើយ កូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រានេះ ត្រូវបានប្រគល់ទៅក្នុងដៃរបស់អ្នក ហើយដោយសារការណ៍នេះ ទើបអ្នករាល់គ្នាអាចបានដឹងថា ថ្ងៃដ៏ធំ និងគួរស្ញែងខ្លាចនៃព្រះជិតមកដល់ហើយ គឺនៅមាត់ទ្វារ ។ ( គ. និង ស. ១១០:១–១៦ ) ។
វាបានកើតឡើងមែន ! ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ត្រូវបានពិភពលោកមិនអើពើ ប៉ុន្តែវានឹងមានឥទ្ធិពលដល់ជោគវាសនានៃព្រលឹងគ្រប់រូប ដែលធ្លាប់បានរស់នៅ ឬដែលនឹងរស់នៅលើផែនដី ។ រឿងទាំងឡាយបានចាប់ផ្តើមកើតឡើងដោយស្ងប់ស្ងាត់ ។ សាសនាចក្រ បានក្លាយជាសាសនាចក្រសាងសង់ព្រះវិហារបរិសុទ្ធ ។
វាត្រូវបានសង់ឡើងនៅទីនេះ និងទីនោះនៅក្នុងពិភពលោកនេះ តាមរបៀបមួយដែលបានគិតថាវាកើតឡើងដោយឯកឯក ដែលធ្វើឲ្យប្រជាជន និងអង្គការនានា ហើយសង្គមជាច្រើនបានចាប់អារម្មណ៍នៅក្នុងការស្រាវជ្រាវពង្សប្រវត្តិ ។ ការណ៍នេះបានកើតឡើង ចាប់តាំងពីការលេចចេញមករបស់អេលីយ៉ានៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។
ចាប់តាំងពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ នោះមក ដួងចិត្តរបស់កូនចៅបានចាប់ផ្ដើមបង្វែរទៅរកពួកឪពុករបស់ពួកគេ ។ ដោយហេតុនេះ ពិធីបរិសុទ្ធទាំងឡាយ ពុំមែនធ្វើឡើងដោយពុំប្រាកដប្រជានោះទេ ប៉ុន្តែមានជាអចិន្ត្រៃយ៍វិញ ។ អំណាចនៃការផ្សារភ្ជាប់មាននៅជាមួយនឹងយើង ។ គ្មានសិទ្ធិអំណាចណាមានតម្លៃលើសជាងអំណាចនៃការផ្សារភ្ជាប់ទេ ។ អំណាចនោះផ្ដល់ខ្លឹមសារ និងមាននៅជារៀងរហូតដ៏នៅអស់កល្បជានិច្ចចំពោះពិធីបរិសុទ្ធទាំងអស់ ជាមួយនឹងសិទ្ធិអំណាចត្រឹមត្រូវទាំងសម្រាប់អ្នកនៅរស់ និងមរណជន ។
អ្វីគ្រប់យ៉ាងធ្វើឡើងតាមលំដាប់
បន្ទាប់ពីព្រឹតិ្តការណ៍ដ៏ឃោរឃៅនៅព្រះវិហារបរិសុទ្ធខឺតឡង់ ការលំបាក និងការបៀតបៀនទាំងឡាយ តម្រូវឲ្យពួកបរិសុទ្ធធ្វើការផ្លាស់ទីកន្លែង ។ កន្លែងណាក៏ដោយដែលពួកគេតាំងលំនៅ ព្រះអម្ចាស់បានបើកសម្ដែងគម្រោងដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។ នេះគឺជាការពិត ទាំងនៅក្នុងទីក្រុងអ៊ិនឌីប៉ែនដែនស៍ និងហ្វារវែស្ទ រដ្ឋមិសសួរី ។ នៅក្នុងអំឡុងពេលនៃការបៀតបៀន ពួកបរិសុទ្ធមានកំហឹងក្រេវក្រោធដែលពុំធ្លាប់មានពីមុនមក ហើយនៅទីបំផុតពួកគេបានភៀសខ្លួនចេញទៅទីក្រុងណៅវូ រដ្ឋអិលលីណោយ ។ នៅទីនេះវិវរណៈបានកើតមានឡើងម្តងទៀត ដោយមានទាំងបទបញ្ញាត្តិឲ្យសាងសង់ដំណាក់របស់ព្រះអម្ចាស់ ។
ព្រះអម្ចាស់បានពន្យល់ថា គោលបំណងនៃការសាងសង់ដំណាក់ គឺដើម្បីបើកបង្ហាញអំពីពិធីបរិសុទ្ធទាំងឡាយ ។ « ហើយយើងប្រាប់អ្នកជាប្រាកដថា ចូរស្ថាបនាដំណាក់នេះដល់ព្រះនាមរបស់យើង ប្រយោជន៍ឲ្យយើងអាចបើកសម្ដែងប្រាប់ពីពិធីទាំងឡាយរបស់យើងដល់រាស្ត្រយើង ដ្បិតយើងគិតថាសមនឹងបើកសម្ដែងដល់សាសនាចក្ររបស់យើងនូវការណ៍ទាំងឡាយ ដែលបានលាក់ទុកមុនកំណើតលោកិយមកម្ល៉េះ គឺជាការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ » ។ ( គ. និង ស. ១២៤:៤០–៤១ ) ។
ទ្រង់បានប្រាប់ថា ព្រះវិហារបរិសុទ្ធ នឹងជាកន្លែងមួយសម្រាប់ពួកគេធ្វើ « ការលាបទាំងឡាយរបស់អ្នក និងការលាងទាំងឡាយរបស់អ្នក និងបុណ្យជ្រមុជទឹកទាំងឡាយរបស់អ្នកជំនួសពួកអ្នកស្លាប់ និងជំនុំមុតមាំទាំងឡាយរបស់អ្នក និងបុណ្យរំឭកទាំងឡាយរបស់អ្នកសម្រាប់ជាយញ្ញបូជាទាំងឡាយរបស់អ្នក ដោយបុត្រារបស់លេវី និងសម្រាប់ព្រះបន្ទូលនៅក្នុងទីបរិសុទ្ធបំផុតរបស់អ្នក ដែលអ្នកទទួលការសន្ទនាទាំងឡាយ និងក្រឹត្យក្រម និងសេចក្ដីជំនុំជម្រះទាំងឡាយរបស់អ្នកសម្រាប់ការចាប់ផ្ដើមនៃវិវរណៈទាំងឡាយ និងគ្រឹះនៃក្រុងស៊ីយ៉ូន និងសម្រាប់សិរីល្អ កិត្តិយស និងអំណោយទានពិសិដ្ឋនៃប្រជារាស្ត្ររបស់នាង…ដោយពិធីនៃដំណាក់ដ៏បរិសុទ្ធរបស់យើង ដែលរាស្ត្រយើងត្រូវបានបញ្ជារហូតឲ្យស្ថាបនាដល់ព្រះនាមដ៏បរិសុទ្ធរបស់យើង » ។ ( គ. និង ស.១២៤:៣៩ ) ។
នៅក្នុងចំណោមពីធីបរិសុទ្ធទាំងឡាយ ដែលយើងនៅក្នុងសាសនាចក្រមាន ៖ ពិធីបុណ្យជ្រមុជទឹក ពិធីសាក្រាម៉ង់ ការដាក់ឈ្មោះ និងការប្រសិទ្ធពរទារក ការព្យាបាលអ្នកឈឺ ពិធីញែកចេញចំពោះការហៅក្នុងសាសនាចក្រ ការតែតាំងតំណែងនានា ។ បន្ថែមពីលើនេះ មានពិធីបរិសុទ្ធដែលខ្ពស់ជាង បានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធទាំងនោះរួមមាន ពិធីបរិសុទ្ធនៃការលាង ការលាបប្រេង និងអំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ ដែលត្រូវបាននិយាយជាទូទៅថា ជាអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។
តើពិធីបរិសុទ្ធទាំងឡាយមានសារៈសំខាន់យ៉ាងណា ចំពោះយើងក្នុងនាមជាសមាជិកនៃសាសនាចក្រ ?
តើអ្នកអាចបានសប្បាយរីករាយ អាចបានប្រោសលោះ និងអាចបានរុងរឿងដោយគ្មានពិធីបរិសុទ្ធទាំងនេះដែរឬទេ ? ចម្លើយ ៖ វាមានច្រើនជាងដំបូន្មាន ចំណង់ ឬអ្វីដែលចាំបាច់ទៅទៀត ។ ច្រើនជាងអ្វីដែលសំខាន់ ឬចាំបាច់ទៅទៀត ។ ពិធីបរិសុទ្ធ ចាំបាច់យ៉ាងខ្លាំង ចំពោះយើងម្នាក់ៗ ។
ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា លោកត្រូវបានគេសួរសំណួរជារឿយៗ ៖
« តើយើងអាចបានសង្រ្គោះដោយមិនទទួលពិធីបរិសុទ្ធទាំងនោះបានដែរឬទេ ជាដើម ? » ខ្ញុំបានឆ្លើយថា ទេ វាមិនមែនជាភាពពេញលេញនៃសេចក្តីសង្គ្រោះទេ ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា « នៅក្នុងព្រះដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា ។» ព្រះដំណាក់ ដែលបានហៅនៅទីនេះ គួរតែត្រូវបានបកប្រែថា ជាព្រះនគរ ហើយអ្នកណាដែលបានតម្កើងឡើងទៅដល់វិមានដ៏ខ្ពស់បំផុត អ្នកនោះត្រូវតែកាន់ខ្ជាប់តាមច្បាប់សេឡេស្ទាល និងច្បាប់ទាំងអស់ផងដែរ ។ ( History of The Church of Jesus Christ of Latter-day Saints បានបោះពុម្ពដោយ B. H. Roberts វ៉ុលទី ៧ ។ [ ទីក្រុងសលត៍ លេក ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឆ្នាំ ១៩៤៩ ], ៦:១៨៤ ) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានមានប្រសាសន៍ថា ៖
ខ្ញុំមិនខ្វល់ថា អ្នកមានមុខងារអ្វីនៅក្នុងសាសនាចក្រនេះនោះទេ អ្នកអាចជាសាវកមួយរូប អ្នកអាចជាលោកអយ្យកោ សង្ឃជាន់ខ្ពស់ ឬជាអ្វីផ្សេងទៀត តែអ្នកមិនអាចទទួលបាន ភាពពេញលេញនៃបព្វជិតភាពទេ លុះត្រាតែអ្នកទៅព្រះវិហារបរិសុទ្ធ នៃព្រះអម្ចាស់ហើយទទួលពិធីបរិសុទ្ធទាំងនេះ ដែលបាននិយាយដោយព្យាការីសិន ។ គ្មានបុរសណាម្នាក់អាចទទួលបានភាពពេញលេញនៃបព្វជិតភាពនៅខាងក្រៅព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់ឡើយ ។ ( យ៉ូសែប ហ្វីលឌីង ស្ម៊ីធ Elijah the Prophet and His Mission [ ទីក្រុងសលត៍ លេក ៖ Deseret Book Co ឆ្នាំ ១៩៥៧ ] ទំព័រ ៤៦) ។
យើងបាននិយាយពីខាងដើមអំពីពិធីបរិសុទ្ធដែលខ្ពស់ជាង ដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធទាំងនេះមាននៅក្នុងអំណោយទានពិសិដ្ឋ ។ ដើម្បីផ្ដល់អំណោយទានពិសិដ្ឋ គឺផ្ដល់ខ្លឹមសារ ផ្តល់ឲ្យមនុស្សម្នាក់ទៀតនូវអ្វីមួយដែលមានភាពយូរអង្វែង និងកាន់តែមានតម្លៃ ។ ពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ មានខ្លឹមសារកាន់តែខ្លាំងតាមរបៀបបីយ៉ាង ៖ (ក) បុគ្គលដែលទទួលពិធីបរិសុទ្ធ គឺត្រូវបានផ្តល់អំណាចឲ្យមកពីព្រះ ។ « អ្នកទទួលពិធីបរិសុទ្ធ គឺត្រូវបានផ្តល់ឲ្យនូវអំណាចមកពីស្ថានលើ ។» (ខ) អ្នកទទួលពិធីបរិសុទ្ធ ក៏ត្រូវបានទទួលព័ត៌មាន និងចំណេះដឹងផងដែរ ។ « ពួកគេបានទទួលការអប់រំទាក់ទងនឹងគោលបំណង និងផែនការរបស់ព្រះអម្ចាស់ » ។ ( Bruce R. McConkie Mormon Doctrine បានបោះពុម្ពជាលើកទី ២ [ Salt Lake City: Bookcraft ឆ្នាំ ១៩៩៦ ] ទំព័រ ២២៧ ) ។ (គ) នៅពេលបានផ្សារភ្ជាប់នៅឯទីអាសនា បុគ្គលម្នាក់គឺជាអ្នកទទួលពរជ័យដ៏រុងរឿង អំណាច និងកិត្តិយស ជាផ្នែកនៃអំណោយទានពិសិដ្ឋរបស់គាត់ ។
មាននិយមន័យ ឬការពិពណ៌នាចំនួនពីរដែលបានបោះពុម្ពអំពីអំណោយទានពិសិដ្ឋ ទីមួយគឺដោយប្រធាន ព្រិកហាំ យ៉ង់ ៖
ខ្ញុំសូមផ្តល់នូវនិយមន័យមួយយ៉ាងសង្ខេបដល់អ្នករាល់គ្នា ។ អំណោយទានពិសិដ្ឋរបស់អ្នក គឺដើម្បីទទួលនូវរាល់ពិធីបរិសុទ្ធទាំងឡាយដែលមាន នៅក្នុងដំណាក់នៃព្រះអម្ចាស់ ដែលចាំបាច់សម្រាប់អ្នក បន្ទាប់ពីអ្នកបានលាចាកពីជីវិតនេះទៅ ដើម្បីឲ្យអ្នកអ្នកដើរត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាវិញ ដើរឆ្លងកាត់ពួកទេវតាដែលឈរយាម ហើយអាចផ្តល់នូវពាក្យគន្លឹះ ទីសម្គាល់ នឹងនិមិត្តសញ្ញាដល់ពួកទេវតាទាំងនោះ ដែលទាក់ទងនឹងបព្វជិតភាពបរិសុទ្ធ ហើយទទួលភាពតម្កើងឡើងដ៏អស់កល្បជានិច្ចរបស់អ្នកទោះជាផែនដី និងស្ថាននរកក៏ដោយ ។ ( Discourses of Brigham Young ប្រមូលផ្តុំដោយ John A. Widtsoe [ Salt Lake City: Deseret Book Co 1971 ] ទំព័រ ៤១៦ ) ។
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ បានពិពណ៌នាអំពីអំណោយទានពិសិដ្ឋដូច្នេះ ៖
អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ដូចដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធសម័យទំនើប មាននូវការបង្រៀនដែលទាក់ទងនឹងសារៈសំខាន់ និងលំដាប់នៃជំនាន់កាន់កាប់ត្រួតត្រាពីមុនៗ ហើយនឹងសារៈសំខាន់នៃបច្ចុប្បន្នកាល ដែលជាជំនាន់ដ៏អស្ចារ្យជាងគេបំផុត និងធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ។ វគ្គសិក្សានៃការបង្រៀននេះរួមមាន ការរៀបរាប់អំពីព្រឹត្តិការណ៍ដ៏ល្បីល្បាញជាងគេបំផុត នៃរយៈពេលការបង្កបង្កើត លក្ខខណ្ឌនៃឪពុកម្តាយដំបូងរបស់យើង នៅក្នុងសួនច្បារអេដែន ការមិនគោរពតាមរបស់ពួកគេ និងលទ្ធផលនៃការបណ្តេញចេញពីសួនច្បារ ស្ថានភាពរបស់ពួកគេនៅក្នុងពិភពលោកឯកោ និងអាប់អួរ នៅពេលកាត់ទោសឲ្យទៅរស់នៅដោយការធ្វើការងារ និងបញ្ចេញញើសឈាមខ្លួន ផែនការនៃសេចក្តីប្រោសលោះ ដែលការរំលងដ៏ធំអាចនឹងបានធ្វើឲ្យធួន រយៈពេលនៃការក្បត់សាសនាដ៏ធំ ការស្តារឡើងវិញនៃដំណឹងល្អព្រមជាមួយនឹងអំណាច និងឯកសិទ្ធិនានាពីបុរាណ ស្ថានភាពនៃបរិសុទ្ធភាព និងការលះបង់ផ្ទាល់ខ្លួនចំពោះសិទ្ធិនោះនៅក្នុងជីវិតបច្ចុប្បន្នទាំងស្រុងនឹងមិនអាចជៀសរួច និងការធ្វើតាមដោយម៉ឺងម៉ាត់ជាមួយនឹងតម្រូវការនៃដំណឹងល្អ ។ ( James E. Talmage The House of the Lord [ Salt Lake City: Bookcraft ឆ្នាំ ១៩៦២ ] ទំព័រ ៩៩–១០០ ចាប់ពីពេលនេះតទៅរាប់ថាជា ដំណាក់នៃព្រះអម្ចាស់ ) ។
សេចក្តីថ្លែងនេះចេញមកពីអែលឌើរ ថាល់ម៉េក បានប្រាប់យ៉ាងច្បាស់លាស់ថា នៅពេលអ្នកទទួលអំណោយទានពិសិដ្ឋរបស់អ្នក នោះអ្នកនឹងទទួលការណែនាំ ដែលទាក់ទងនឹងគោលបំណង និងផែនការរបស់ព្រះអម្ចាស់នៅក្នុងការបង្កបង្កើត និងការធ្វើឲ្យមានមនុស្សច្រើនលើផែនដី ។ អ្នកនឹងត្រូវបានបង្រៀននូវអ្វីដែលត្រូវធ្វើឲ្យបានសម្រេច ដើម្បីអ្នកទទួលបានភាពតម្កើងឡើង ។
ពរជ័យនៃអំណោយទានពិសិដ្ឋ គឺតម្រូវឲ្យមានភាពតម្កើងឡើងដ៏ពេញលេញ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូប គួរតែព្យាយាមឲ្យមានភាពសក្តិសមនឹងពរជ័យនេះ និងទទួលបានពរជ័យនេះ ។
ពិធីបរិសុទ្ធនៃការលាង និងការលាប គឺជារឿយៗសំដៅទៅលើពិធីបរិសុទ្ធដំបូងនៅក្នុងព្រះវិហារបរិសុទ្ធ ។ ចំពោះគោលបំណងរបស់យើង វាគ្រប់គ្រាន់ ដើម្បីនិយាយដូចខាងក្រោមនេះ ៖ នឹងអំណោយទានពិសិដ្ឋ គឺការលាង និងការលាបប្រេងតាំង—ជានិមិត្តរូប នៅក្នុងធម្មជាតិភាគច្រើន ប៉ុន្តែមានការសន្យាពរជ័យជាក់លាក់ ពរជ័យភ្លាមៗ ក៏ដូចជាពរជ័យនាពេលអនាគតដែរ ។
នៅក្នុងទំនាក់ទំនងជាមួយនឹងពិធីបរិសុទ្ធទាំងនេះ នៅក្នុងព្រះវិហារបរិសុទ្ធ អ្នកនឹងត្រូវបានបំពាក់ដោយសម្លៀកបំពាក់ បរិសុទ្ធជាផ្លូវការ និងបានសន្យានូវពរជ័យដ៏មហិមាទាំងឡាយ ដែលជាប់ទាក់ទងនឹងពិធីបរិសុទ្ធ ។ វាជាការសំខាន់ដែលអ្នកត្រូវស្តាប់ដោយយកចិត្តទុកដាក់ នៅពេលពិធីបរិសុទ្ធទាំងនេះត្រូវបានធ្វើឡើង ហើយថាអ្នកព្យាយាមដើម្បីចងចាំពរជ័យដែលបានសន្យាទាំងឡាយ និងលក្ខណ្ឌនានា ដែលនាំឲ្យពរជ័យនោះបានសម្រេច ។
ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ គឺជាពិធីបរិសុទ្ធ ដែលចងភ្ជាប់ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។ អាពាហ៌ពិពាហ៌ក្នុងព្រះវិហារបរិសុទ្ធ គឺជាពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ ។ នៅពេលគូសា្វមីភរិយាបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ បន្ទាប់ពីអាពាហ៍ពិពាហ៍ស៊ីវិល កូនដែលកើតមកមុនពេលផ្សារភ្ជាប់ នោះមិនកើតនៅក្នុងសេចក្តីសញ្ញាទេ គឺត្រូវផ្សារភ្ជាប់នឹងពួកគេដោយពិធីបរិសុទ្ធដ៏ពិសិដ្ឋ ហើយខ្លីមួយ ។
សូមប្រាកដថា ជីវិតរបស់អ្នកមានរបៀបរៀបរយពេញលេញ ។ ការណ៍នេះកើតឡើងតាមរយៈការទទួលពរជ័យនៃព្រះវិហារបរិសុទ្ធរបស់អ្នក ពិធីបរិសុទ្ធរបស់អ្នកតែប៉ុណ្ណោះ « ហេតុដូច្នេះហើយ នៅក្នុងពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពដ៏ធំជាងនេះ នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។ ( គ. និង ស. ៨៤:២០ ) ។
សេចក្តីសញ្ញាពិសិដ្ឋទាំងឡាយ
នៅក្នុងវិវរណៈដែលឥឡូវត្រូវបានស្គាល់ជាកណ្ឌទី ១៣២ នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ព្រះអម្ចាស់បានប្រកាសថា ៖
ដ្បិតមើលចុះ យើងបើកសម្ដែងប្រាប់ដល់អ្នកពីសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ច ហើយបើសិនជាអ្នកមិនកាន់សេចក្ដីសញ្ញានោះជាប់ទេ ខណៈនោះអ្នកជាប់ទោស ដ្បិតគ្មានអ្នកណាមួយអាចបដិសេធសេចក្ដីសញ្ញានេះ ហើយអនុញ្ញាតឲ្យចូលក្នុងសិរីល្អរបស់យើងបានឡើយ ។
ដ្បិតអស់អ្នកណាដែលនឹងបានព្រះពរពីព្រះហស្តរបស់យើង នោះនឹងនៅជាប់នឹងក្រឹត្យវិន័យ ដែលបានតាំងសម្រាប់ព្រះពរនោះ និងលក្ខខណ្ឌ នៃក្រឹត្យវិន័យនោះ ដូចដែលបានបង្កើតឡើង តាំងពីមុនកំណើតលោកិយមកម្ល៉េះ ។ ( គ. និង ស. ១៣២:៤–៥ ) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានឲ្យនិយមន័យនៃសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ជាពាក្យទាំងនេះថា ៖
តើសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនោះជាអ្វី ? ខ្ញុំសោកស្តាយដែលនិយាយថា មានសមាជិកសាសនាចក្រមួយចំនួនបានយល់ខុស និងទទួលដំណឹងខុសអំពីអ្វីទៅដែលជាសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចពិតនោះ ។ សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច គឺជាលទ្ធផលសរុបនៃសេចក្តីសញ្ញា និងកាតព្វកិច្ចទាំងឡាយនៃដំណឹងល្អ ។ ( សូមមើល យ៉ូសែប ហ៉្វីលឌីង ស៊្មីធ Doctrines of Salvation វ៉ុល ៣ ។ [ Salt Lake City: Bookcraft ឆ្នាំ ១៩៥៤–៥៦ ] ១:១៥៦ hereafter cited as Doctrines of Salvation ) ។
សេចក្តីសញ្ញានេះ រួមមានទាំងពិធីបរិសុទ្ធទាំងអស់នៃដំណឹងល្អ—ដែលខ្ពស់ជាងគេបំផុត ដែលត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមដកស្រង់ប្រសាសន៍របស់ប្រធាន ស្ម៊ីធ ម្តងទៀត ៖
ឥឡូវនេះមាននិយមន័យដ៏ច្បាស់ ហើយលម្អិតអំពីសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ។ វាគឺជាអ្វីៗគ្រប់យ៉ាង—ភាពពោរពេញនៃដំណឹងល្អ ។ ដូច្នេះអាពាហ៍ពិពាហ៍ត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ពិធីបុណជ្រមុជទឹក ការតែងតាំងបព្វជិតភាព និងអ្វីផ្សេងៗទៀត—គ្រប់កិច្ចសន្យា កាតព្វកិច្ច ការធ្វើពិធីនានាដែលទាក់ទងនឹងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា យោងតាមក្រឹត្យវិន័យរបស់ទ្រង់ដែលបានប្រទានមក គឺជាផ្នែកមួយនៃសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ។ ( Doctrines of Salvation ១:១៥៨ ) ។
នៅក្នុងខគម្ពីរនេះដែលបានដកស្រង់ពីមុនចេញមកពី ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤ ) ព្រះអម្ចាស់បានមានបន្ទូលយ៉ាងច្បាស់លាស់ថា « … ដ្បិតគ្មានអ្នកណាមួយអាចបដិសេធសេចក្ដីសញ្ញានេះ ហើយអនុញ្ញាតឲ្យចូលក្នុងសិរីល្អរបស់យើងបានឡើយ » ។
អ្នកទាំងឡាយដែលទៅព្រះវិហារបរិសុទ្ធមានឯកសិទ្ធិលើកដាក់មកលើខ្លួននូវសេចក្តីសញ្ញា និងកាតព្វកិច្ចជាក់លាក់ដែលទាក់ទងនឹងភាពតម្កើងឡើងរបស់ពួកគេ និងអ្នកដទៃទៀត ។ អែលឌើរ ជេម អ៊ី ថាល់មេហ្គ បានសរសេរ ៖
ពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋ រួមមានទាំងកាតព្វកិច្ចជាក់លាក់របស់បុគ្គលម្នាក់ៗ ដូចជាសេចក្តីសញ្ញា និងសេចក្តីសន្យា ដើម្បីអង្កេតរាល់ក្រឹត្យវិន័យដោយគុណធម៌ និងព្រហ្មចារីភាពដ៏តឹងរឹង មានសេចក្ដីសប្បុរស ចិត្តមេត្តា អត់ឱន ហើយបរិសុទ្ធភាព ដើម្បីលះបង់ទាំងទេពកោសល្យ និងសម្ភារដើម្បីផ្សាយសេចក្ដីពិត និងការលើកស្ទួយដល់ពូជសាសន៍ ដើម្បីបន្តលះបង់ចំពោះបុព្វហេតុនៃសេចក្ដីពិត ហើយស្វែងរកគ្រប់មធ្យោបាយដើម្បីចូលរួមចំណែកនៅក្នុងការ រៀបចំខ្លួនដ៏ធំដើម្បីឲ្យផែនដីអាចរៀបចំខ្លួនជាស្រេចទទួលស្តេចរបស់ខ្លួន—ជាព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ជាមួយនឹងការទទួលយកនូវសេចក្តីសញ្ញានីមួយៗ និងការទទួលយកកាតព្វកិច្ចនិមួយៗ នោះពរជ័យដែលបានសន្យាមួយ អាចត្រូវបានទទួលអាស្រ័យទៅលើការប្រតិបត្តិដោយស្មោះត្រង់ចំពោះលក្ខខណ្ឌទាំងឡាយ ។ ( The House of the Lord ទំព័រ ១០០ ) ។
យើងចុះសេចក្តីសញ្ញាជាមួយព្រះអម្ចាស់ ដើម្បីលះបង់ពេលវេលា ទេពកោសល្យ និងមធ្យោបាយរបស់យើងដើម្បីនគររបស់ទ្រង់ ។
យើងគឺជារាស្ត្រនៅក្នុងសេចក្តីសញ្ញា ។ យើងចុះសេចក្តីសញ្ញាដើម្បីផ្តល់នូវធនធានរបស់យើងជាពេលវេលា ជាប្រាក់កាស និងទេពកោសល្យ—និងអ្វីៗទាំងអស់ដែលយើងមាន—ដើម្បីជាប្រយោជន៍ដល់នគររបស់ព្រះនៅលើផែនដី ។ ជាពាក្យសាមញ្ញគឺថា យើងចុះសេចក្ដីសញ្ញាថាធ្វើសេចក្ដីល្អ ។ យើងគឺជារាស្ត្រនៃសេចក្តីសញ្ញា ហើយព្រះវិហារបរិសុទ្ធគឺជាស្នូលនៃសេចក្តីសញ្ញារបស់យើង ។ ព្រះវិហារបរិសុទ្ធគឺជាប្រភពនៃសេចក្តីសញ្ញា ។
សូមមកព្រះវិហារបរិសុទ្ធ ។ អ្នកគួរតែមកព្រះវិហារបរិសុទ្ធ ។ នៅទីនោះ នៅពេលអ្នកធ្វើកិច្ចការជំនួសឲ្យនរណាម្នាក់ ដែលបានលាចាកលោកទៅឯម្ខាងទៀតនៃវាំងនន នោះអ្នកនឹងរំឭកឡើងវិញនៅចំពោះមុខអ្នកនូវសេចក្តីសញ្ញាទាំងឡាយ ដែលអ្នកបានធ្វើរួចហើយ ។ អ្នកនឹងត្រូវពង្រឹងឡើងវិញនៅក្នុងគំនិតរបស់អ្នកពីពរជ័យដ៏ធំខាងវិញ្ញាណទាំងឡាយដែលកើតមាននៅក្នុងដំណាក់នៃព្រះអម្ចាស់ ។
ចូរស្មោះត្រង់ចំពោះសេចក្តីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ។ គុណសម្បត្តិសម្រាប់ពិធីបរិសុទ្ធពិសិដ្ឋទាំងនោះកើតមានមកមួយជំហានម្តងៗ នៅពេលអ្នកធ្វើដំណើរនៅក្នុងជីវិត ។ ចូរគោរពដល់សេចក្តីសញ្ញាទាំងឡាយ ដែលជាប់ទាក់ទងនឹងវា ។ ចូរធ្វើកិច្ចការនេះ នោះអ្នកនឹងបានសប្បាយរីករាយ ។
ជីវិតរបស់អ្នកនឹងមានលំដាប់លំដោយ—គ្រប់យ៉ាងរៀបចំឡើងតាមលំដាប់ត្រឹមត្រូវ នៅក្នុងលំដាប់ថ្នាក់ត្រឹមត្រូវ នៅក្នុងជួរត្រឹមត្រូវ ។ គ្រួសាររបស់អ្នកនឹងត្រូវបានផ្សារភ្ជាប់តាមលំដាប់លំដោយដែលនឹងពុំអាចបំបែកបានឡើយ ។
នៅក្នុងសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ គឺមាននូវពរជ័យដែលអ្នកអាចទទួលបាននៅក្នុងព្រះវិហារបរិសុទ្ធ ។ ប្រាកដណាស់ព្រះអម្ចាស់សព្វព្រះទ័យ នៅពេលយើងមានភាពសក្តិសមនឹងហៅថាជាអ្នករក្សាសេចក្តីសញ្ញា ។
ពុំមែនគ្មានការផ្ទុយនោះទេ
ព្រះវិហារបរិសុទ្ធ គឺជាស្នូលនៃកម្លាំងខាងវិញ្ញាណរបស់សាសនាចក្រ ។ យើងគួរតែរំពឹងថា បច្ចាមិត្តនឹងខិតខំរំខានយើង ទាំងជាសាសនាចក្រ និងជាបុគ្គលម្នាក់ៗ នៅពេលយើងព្យាយាមចូលរួមនៅក្នុងកិច្ចការដ៏ពិសិដ្ឋ និងដ៏បំផុសគំនិតនេះ ។ ការបង្អាក់ទាំងនោះអាចមានផ្សេងពីការបៀតបៀនដ៏គួរឲ្យស្ញែងខ្លាចដូចកាលពីជំនាន់មុនមកជាការមិនសូវចាប់អារម្មណ៍នឹងកិច្ចការទៅវិញ។ នៅថ្ងៃចុងក្រោយ ទម្រង់ដែលប្រហែលជាមានគ្រោះថ្នាក់ និងអន្ដរាយជាងគេ គឺការរឹងទទឹងនឹងកិច្ចការព្រះវិហារបរិសុទ្ធ ។
កិច្ចការព្រះវិហារបរិសុទ្ធ មាននូវការរឹងទទឹងជាច្រើន ព្រោះវាគឺជាប្រភពនៃអំណាចខាងវិញ្ញាណដ៏ខ្លាំង សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសាសនាចក្រទាំងមូល។
នៅពេលឧទិ្ទសឆ្លងថ្មជ្រុងយ៉ាងឯកនៃព្រះវិហារបរិសុទ្ធឡូហ្គែនប្រធានចច ឃ្យូខានិនបានធ្វើសេចក្តីថ្លែងនេះ ៖
គ្រប់សិលាគ្រឹះទាំងអស់ដែលត្រូវបានបញ្ចុះសម្រាប់ព្រះវិហារបរិសុទ្ធមួយ និងព្រះវិហារបរិសុទ្ធទាំងអស់ ត្រូវបានសាងសង់រួចតាមបង្គាប់ដែលព្រះអម្ចាស់បានបើកសម្ដែងសម្រាប់បព្វជិតភាពដ៏បរិសុទ្ធរបស់ទ្រង់ វាកាត់បន្ថយអំណាចរបស់សាតាំងនៅលើផែនដី ហើយបង្កើនព្រះចេស្តានៃព្រះ និងភាពជាព្រះ រំកិលស្ថានសួគ៌ដោយអំណាចដ៏អស្ចារ្យជំនួសពួកយើង ហើយទូលសុំ និងទាញយកព្រះពរនៃព្រះដ៏អស់កល្បជានិច្ចមានមកលើពួកយើង និងអ្នកទាំងឡាយណាដែលរស់នៅក្នុងទីវត្តមានរបស់ទ្រង់ ។ ( នៅក្នុង « The Logan Temple » Millennial Star, ថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ១៨៧៧ ទំព័រ ៧៤៣ ) ។
នៅពេលសមាជិកនៃសាសនាចក្រ មានបញ្ហា ឬនៅពេលមានការសម្រេចចិត្តដ៏សំខាន់ជាបន្ទុកយ៉ាងធ្ងន់នៅក្នុងគំនិតពួកគេ វាគឺជារឿងទូទៅមួយសម្រាប់ពួកគេទៅព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធគឺជាកន្លែងដ៏ល្អដើម្បីដកទុក្ខកង្វល់របស់យើង ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចទទួលបាននូវទស្សនៈវិស័យខាងវិញ្ញាណ។ នៅទីនោះ ក្នុងពេលនៃកម្មវិធីព្រះវិហារបរិសុទ្ធ យើងត្រូវបាន « ចេញផុតពីលោកិយនេះ » ។
ចំណែកដ៏ធំមួយនៃតម្លៃឱកាសទាំងនេះ គឺជាកត្តាជាក់ស្តែងដែលយើងកំពុងតែធ្វើអ្វីមួយសម្រាប់នរណាម្នាក់ទៀត ដែលពួកគេមិនអាចធ្វើដោយខ្លួនឯងបាន ។ នៅពេលយើងធ្វើពិធីអំណោយទានពិសិដ្ឋសម្រាប់នរណាម្នាក់ដែលបានស្លាប់ទៅ នោះយើងមិនសូវមានអារម្មណ៍ស្ទាក់ស្ទើរដើម្បីអធិស្ឋានដោយក្លៀវក្លាទៅព្រះម្ចាស់ដើម្បីសុំជំនួយឡើយ ។ នៅពេលគូស្វាមីភរិយាវ័យក្មេងត្រូវធ្វើការសម្រេចចិត្តអ្វីមួយ បើពួកគេនៅជិតព្រះវិហារបរិសុទ្ធ នោះគឺជាអ្វីដែលមានតម្លៃដ៏មហិមាដើម្បីចូលរួមពិធីមួយក្នុងព្រះវិហារបរិសុទ្ធ ។ មានអ្វីមួយដែលស្អាតស្អំ និងច្បាស់លាស់អំពីបរិយាកាសខាងវិញ្ញាណនៅក្នុងព្រះវិហារបរិសុទ្ធ ។
ជួនកាលគំនិតរបស់យើងស្មុគស្មាញយ៉ាងខ្លាំងដោយបញ្ហាផ្សេងៗ ហើយយើងមានរឿងជាច្រើនដែលទាមទារឲ្យដោះស្រាយក្នុងពេលតែមួយ ពេលនោះយើងមិនអាចគិតឃើញច្បាស់លាស់បាននោះទេ ។ នៅក្នុងព្រះវិហារបរិសុទ្ធ ធូលីដីនៃការរំខាន ហាក់ដូចជាស្ងប់ស្ងាត់ អ័ព្ទ និងព្រិល ហាក់ដូចជាបានរសាត់បាត់ ហើយយើងអាច « មើលឃើញ » អ្វីៗ ដែលយើងពុំអាចមើលឃើញពីមុន ហើយរកឃើញមធ្យោបាយមួយដោះស្រាយបញ្ហាទាំងឡាយ ដែលយើងពុំបានដឹងពីមុន ។
ព្រះអម្ចាស់នឹងប្រទានពរដល់យើង នៅពេលយើងចូលរួមក្នុងកិច្ចការនៃពិធីបរិសុទ្ធដ៏ពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ។ ពរជ័យទាំងឡាយដែលមាននៅទីនោះ គឺពុំមានដែនកំណត់ ចំពោះការបម្រើក្នុងព្រះវិហារបរិសុទ្ធរបស់យើងទេ ។ យើងនឹងទទួលបានពរជ័យចំពោះគ្រប់កិច្ចការរបស់យើងទាំងអស់ ។ យើងនឹងមានសិទ្ធិដើម្បីសូមឲ្យព្រះអម្ចាស់យកព្រះទ័យទុកដាក់លើកិច្ចការយើង ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ។
ឆ្ពោះទៅកាន់វាំងនន
យើងត្រូវតែទទួលបានអារម្មណ៍ខ្លះៗថា ហេតុអ្វីយើងសាងសង់ព្រះវិហារបរិសុទ្ធ ហើយហេតុអ្វីយើងតម្រូវឲ្យធ្វើពិធីបរិសុទ្ធទាំងឡាយនេះ ។ ដូច្នេះចាប់តាំងពីពេលនោះមក យើងត្រូវបានណែនាំ និង បំភ្លឺដោយឥតឈប់ឈរអំពីរឿងសំខាន់ៗខាងវិញ្ញាណ ។ វាបានមកមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ រហូតទាល់តែយើងទទួលបាននូវភាពពេញលេញនៃពន្លឺ និងចំណេះដឹង ។ ការណ៍នេះក្លាយទៅជាការការពារដ៏អស្ចារ្យមួយចំពោះយើង—ចំពោះយើងម្នាក់ៗដោយផ្ទាល់ខ្លួនផងដែរ ។ វាគឺជាការការពារសម្រាប់សាសនាចក្រផងដែរ ។
គ្មានកិច្ចការណាដែលផ្តល់កិច្ចការពារចំពោះសាសនាចក្រ នេះជាងកិច្ចការព្រះវិហារបរិសុទ្ធ និងការស្រាវជ្រាវពង្សាវតា ដែលគាំទ្រដល់កិច្ចការព្រះវិហារបរិសុទ្ធនោះទេ ។ គ្មានកិច្ចការណាដែលមានការបន្សុទ្ធខាងវិញ្ញាណជាង កិច្ចការនេះទេ ។ គ្មានកិច្ចការណាដែលផ្តល់អំណាចដល់យើងជាងកិច្ចការនេះទេ ។ គ្មានកិច្ចការណាដែលតម្រូវឲ្យមានបទដ្ឋាននៃសុចរិតភាព ខ្ពស់ជាងកិច្ចការនេះឡើយ ។
កិច្ចការរបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធ អាចគ្របបាំងយើងដោយខែល ហើយការពារ ទាំងបុគ្គលម្នាក់ៗ និងជាក្រុម ។
គឺនៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដែលយើងត្រូវបានដាក់ឲ្យស្ថិតនៅក្រោមសេចក្តីសញ្ញាចំពោះទ្រង់—នៅទីនោះយើងក្លាយទៅជារាស្រ្តក្នុងសេចក្តីសញ្ញា ។
ប្រសិនបើយើងទទួលយកវិវរណៈអំពីកិច្ចការពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ បើយើងចូលទៅក្នុងសេចក្តីសញ្ញាដោយគ្មានការស្ទាក់ស្ទើរ ឬអារម្មណ៍ខមាទោស នោះព្រះអម្ចាស់នឹងការពារយើង ។ យើងនឹងទទួលបានការបំផុសគំនិតគ្រប់គ្រាន់សម្រាប់ការប្រឈមមុខទាំងឡាយនៃជីវិត ។
កិច្ចការដែលទាក់ទងនឹងព្រះវិហារបរិសុទ្ធគឺជាការពិត ។ វាត្រូវបានបើកបង្ហាញមកពីម្ខាងទៀតនៃវាំងនន និងការបន្តទទួលវិវរណៈ ។
វិវរណៈអាចមានចំពោះសមាជិកនៃសាសនាចក្រម្នាក់ៗដាច់ដោយឡែកពីគ្នាទាក់ទងនឹងកិច្ចការព្រះវិហារបរិសុទ្ធ ។
ដូច្នេះសូមមកព្រះវិហារបរិសុទ្ធ—ហើយមកទទួលយកពរជ័យរបស់អ្នក ។ វាគឺជាកិច្ចការដ៏ពិសិដ្ឋ ។