ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​អ្វី​ទៅជា​ការប្រឹក្សា​អំពី​ការប្រព្រឹត្ត​តាម​ចំណង់​ផ្លូវភេទ ?


« តើ​អ្វី​ទៅជា​ការប្រឹក្សា​អំពី​ការប្រព្រឹត្ត​តាម​ចំណង់​​ផ្លូវភេទ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ ( ឆ្នាំ ២០២០ )

« តើ​អ្វី​ទៅជា​ការប្រឹក្សា​អំពី​ការប្រព្រឹត្ត​តាម​ចំណង់​​ផ្លូវភេទ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ

តើ​អ្វី​ទៅជា​ការប្រឹក្សា​អំពី​ការប្រព្រឹត្ត​តាម​ចំណង់​ផ្លូវភេទ ?

ការរស់នៅ​ជីវិត​ដ៏បរិសុទ្ធ

« តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នករាល់គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នករាល់គ្នា ? » ( កូរិនថូស ទី១ ៣:១៦ ) ។

រូបកាយ​របស់​យើង​គឺជា​អំណោយ​ដ៏ពិសេស​មួយ​មកពី​ព្រះ ។ រូបកាយ​ផ្ដល់​ដល់​វិញ្ញាណ​របស់​យើង​នូវ​របៀប​មួយ ដើម្បី​ដក​ពិសោធន៍​ពិភព​ខាង​សាច់ឈាម​ ។ រូបកាយ​គឺជា​ផ្នែក​គន្លឹះ​ចំពោះ​សក្ដានុពល​របស់​យើង ដើម្បី​ឆ្ពោះ​ទៅ​រក​ភាពតម្កើង​ឡើង ។ ការរៀន​គ្រប់គ្រង​លើ​រូបកាយ​របស់​យើង គឺជា​ផ្នែក​ដ៏សំខាន់​មួយ​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះវរមាតា​បិតា​សួគ៌​របស់​យើង ។ ដើម្បី​គ្រប់គ្រង​លើ​ខ្លួនឯង​បាន វា​ត្រូវការ​ពេលវេលា ការអនុវត្ត និង​ចិត្ត​អំណត់ ប៉ុន្ដែ​វា​មាន​លទ្ធផល​ដ៏អស់កល្ប ។

ព្រះ​បាន​បង្គាប់​យើង​ឲ្យ « ទប់​អស់ទាំង​តណ្ហា​របស់ [ យើង ] ដើម្បី​ឲ្យ [ យើង ] អាច​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ » ( អាលម៉ា ៣៨:១២ ) ។

ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព​គឺជា​ប្រភព​មួយ​នៃ​ពរជ័យ​ដ៏មហិមា ។ ដូច​ដែល​ប្រធាន ម៉ារ៉ុន ជី រ៉ុមនី បាន​ប្រកាស ៖ « ខ្ញុំ​មិន​អាច​គិតដល់​ពរជ័យ​ណា​ដែល​ប្រាថ្នា​ចង់បាន​ដោយ​ចិត្ត​ក្លៀវក្លា​ជាង ពរជ័យ​ដែល​បាន​សន្យា​ដល់​ពួកអ្នក​មាន​ចិត្ត​បរិសុទ្ធ និង​គុណធម៌​នោះទេ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​រង្វាន់​ដ៏​ជាក់លាក់​សម្រាប់​គុណធម៌​ខុសៗ​គ្នា ប៉ុន្ដែ​បាន​បម្រុងទុក​រង្វាន់​ដ៏ធំ​បំផុត​សម្រាប់​អ្នកដែល​មាន​ចិត្ត​បរិសុទ្ធ ដែល​ចំពោះ​រូបខ្ញុំ​វា​ហាក់ថា ទ្រង់​បាន​មាន​បន្ទូល​ថា ‹ ដ្បិត​អ្នកទាំងនោះ​នឹង​បាន​ឃើញ​ព្រះ › ( ម៉ា. ៥:៨ ) ។ ហើយ​ពួកគេ​មិន​ត្រឹមតែ​នឹង​បាន​ឃើញ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ពួកគេ​ថែមទាំង​នឹង​មាន​អារម្មណ៍​ល្អ​នៅក្នុង​វត្តមាន​របស់​ទ្រង់​ទៀតផង ។

« ហើយ​នេះ​គឺជា … សេចក្ដី​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ ៖ ‹ សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក ដោយ​ឥត​ឈប់ឈរ​ឡើយ ខណៈ​នោះ អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ › ( គ.&ស. ១២១:៤៥ ) » ( « Trust in the Lord » Ensign ខែ ឧសភា ឆ្នាំ ១៩៧៩ ទំព័រ ៤២ ) ។

ជីវិត​ខាង​ផ្លូវភេទ​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ភាពជា​មនុស្ស ហើយ​វា​ក៏ជា​ប្រភព​នៃ​តណ្ហា​ដែល​ត្រូវ​ទប់​ឲ្យជាប់​ផងដែរ ។ ថ្វីបើ​មាន​អារម្មណ៍​ដ៏ខ្លាំង​ទាំងនេះ​ក្ដី ក៏​មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងឡាយ ដែល​គោរព​តាម​ច្បាប់​សីលធម៌​របស់​ព្រះអម្ចាស់​យ៉ាង​ស្មោះត្រង់​អស់​ជាច្រើន​ឆ្នាំ​មកហើយ​ដែរ ។

បុគ្គល​ទាំងនេះ​បាន​ធ្វើ​ការប្ដេជ្ញា​ចិត្ត ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដ៏បរិសុទ្ធ​មួយ ហើយ​ចៀសវាង​ពី​អ្វីៗ​ដែល​នឹង​កាត់​បន្ថយ​ការទប់ចិត្ត ។ លើសពី​នេះ ពួកគេ​បាន​ផ្ដល់​ការបម្រើ​ដ៏ពិសេស​ដល់​មនុស្ស​ដទៃ ជាពិសេស​នៅក្នុង​មជ្ឈដ្ឋាន​សាសនាចក្រ​យើង ។ ពេល​ធ្វើ​ដូច្នោះ ពួកគេ​បាន​រកឃើញ​អំណរ ការសប្បាយ​ចិត្ត និង​សេចក្ដី​សុខសាន្ដ ។

ឪពុកម្តាយ​គួរតែ​បង្រៀន​កូនៗ​របស់​ពួកគេ

កុមារ និង​យុវវ័យ​ត្រូវការ​ជំនួយ​ពី​ឪពុក​ម្ដាយ និង​មជ្ឈិមវ័យ​ដែល​អាច​ទុកចិត្ត​បាន​ដើម្បី​រៀន និង​ស្វែងយល់​ពី​ជីវិត​ខាង​ផ្លូវភេទ​នៅក្នុង​បរិបទ​ដ៏ទេវភាព ៖ « ឪពុក​ម្ដាយ​មាន​ការទទួល​ខុសត្រូវ​ចម្បង ដើម្បី​អប់រំ​ណែនាំ​ពី​រឿង​ផ្លូវភេទ​ដល់​កូនៗ​របស់​ពួកគេ ។ ការបង្រៀន​អំពី​ប្រធានបទ​នេះ​ដោយ​ស្មោះត្រង់ និង​ច្បាស់លាស់​នៅក្នុង​គេហដ្ឋាន នឹង​ជួយ​ដល់​មនុស្ស​វ័យក្មេង​ឲ្យ​ចៀសវាង​ពី​អំពើបាប​ខាង​សីលធម៌​ដ៏ធ្ងន់ធ្ងរ ។

« នៅ​កន្លែង​ណា​ដែល​សាលារៀន​មាន​ផ្តល់​ការអប់រំ​ស្តីពី​ផ្លូវភេទ នោះ​ឪពុក​ម្តាយ​គួរតែ​ស្វែងរក​មើលឲ្យ​ប្រាកដ​ថា ការបង្រៀន​ដែល​ត្រូវបាន​ផ្តល់ឲ្យ​ទៅកាន់​កូនៗ​របស់​ពួកគេ​នោះ វា​ចុះ​សម្រុង​ទៅនឹង​សីលធម៌ និង​គុណសម្បត្តិ​ខាង​ក្រមសីលធម៌​ឬទេ » ( « ការអប់រំ​ស្ដីពី​ផ្លូវភេទ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៨.៦.១៤ ) ។

ការសាកល្បង​នៅក្រៅ​ចំណង​អាពាហ៍ពិពាហ៍

ការសាកល្បង​ជាមួយ​នឹង​ការបង្ហាញ​អារម្មណ៍​ផ្លូវភេទ​នៅក្រៅ​ចំណង​អាពាហ៍ពិពាហ៍ គឺជា​អំពើបាប​ដ៏ធ្ងន់ធ្ងរ​មួយ ។

« ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់​គឺ ៖

  • ត្រណម​ចៀសចេញ​ពី​ទំនាក់ទំនង​ខាង​ផ្លូវភេទ នៅ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះ ។

  • ភក្ដីភាព​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ ។

ភាពស្និទ្ធស្នាល​ខាង​រូបកាយ​រវាង​ស្វាមី និង​ភរិយា​មាន​គោលបំណង​ធ្វើឲ្យ​មាន​ភាពស្រស់​ស្អាត និង​ពិសិដ្ឋ ។ វា​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ដើម្បី​បង្កើត​កូនចៅ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​រវាង​ស្វាមី និង​ភរិយា ។

មាន​តែ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ស្របច្បាប់ និង​ពេញ​ច្បាប់​ក្នុង​នាមជា​ស្វាមី និង​ភរិយា​ប៉ុណ្ណោះ ដែល​គប្បី​មាន​ទំនាក់ទំនង​ខាង​ផ្លូវភេទ ។ នៅ​ចំពោះ​ព្រះនេត្រ​របស់​ព្រះ ភាពស្អាតស្អំ​ខាង​សីលធម៌​មាន​សារៈសំខាន់​ណាស់ ។ ការបំពាន​លើ​ច្បាប់​ព្រហ្មចារីភាព​គឺជា​រឿង​ធ្ងន់ធ្ងរ​ណាស់ ( សូមមើល និក្ខមនំ ២០:១៤; ម៉ាថាយ ៥:២៨; អាលម៉ា ៣៩:៥ ) ។ ទាំងនោះ​រួមបញ្ចូល​ទាំង​ការប្រើប្រាស់​ដោយ​ខុសឆ្គង​នូវ​អំណាច​ដ៏ពិសិដ្ឋ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ដើម្បី​បង្កើត​ជីវិត » ( « ព្រហ្មចារីភាព និង​ភក្ដីភាព » ក្បួនខ្នាត​ទូទៅ ៣៨.៦.៥ ) ។

« ព្រះបញ្ញត្តិ​របស់​ព្រះ​ហាមឃាត់​ដល់​អាកប្បកិរិយា​មិន​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ទាំងអស់ មិន​ថា​ចំពោះ​ភេទ​ដូចគ្នា ឬ​ភេទ​ផ្ទុយ​គ្នា​នោះ​ទេ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​ធ្វើការ​ប្រឹក្សា​ដល់​សមាជិក ដែល​បាន​រំលង​ច្បាប់​ព្រហ្មចារីភាព ។ ថ្នាក់ដឹកនាំ​ជួយ​ពួកគេ​ឲ្យ​មាន​ការយល់ដឹង​ច្បាស់លាស់​អំពី​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដង្វាយធួន​របស់​ទ្រង់ ដំណើរការ​នៃ​ការប្រែចិត្ត និង​គោលបំណង​នៃ​ជីវិត​នៅលើ​ផែនដី ។ អាកប្បកិរិយា​ដែល​មិន​ត្រូវតាម​ច្បាប់​ព្រហ្មចារីភាព អាច​ជា​បុព្វហេតុ​នៃ​ការមាន​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ( សូមមើល [ ក្បួនខ្នាត​ទូទៅ ] ៣៨.៦.៥ ) ។ អាកប្បកិរិយា​បែប​នេះ​អាច​ត្រូវបាន​អភ័យទោស​តាមរយៈ​ការប្រែចិត្ត​ដោយ​ស្មោះត្រង់ » ( « ការប្រតិព័ទ្ធ​លើ​ភេទ​ដូចគ្នា និង​អាកប្បកិរិយា​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា » ក្បួនខ្នាត​ទូទៅ ៣៨.៦.១២ ) ។