« មនុស្សជាទីស្រឡាញ់របស់ខ្ញុំម្នាក់គឺជាខ្ទើយ ។ តើខ្ញុំគួរតែធ្វើដូចម្តេច ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ គ្រួសារ និងមិត្តភក្ដិ ( ឆ្នាំ ២០២០ )
« មនុស្សជាទីស្រឡាញ់របស់ខ្ញុំម្នាក់គឺជាខ្ទើយ ។ តើខ្ញុំគួរតែធ្វើដូចម្តេច ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ គ្រួសារ និងមិត្តភក្ដិ
មនុស្សជាទីស្រឡាញ់របស់ខ្ញុំម្នាក់គឺជាខ្ទើយ ។ តើខ្ញុំគួរតែធ្វើដូចម្តេច ?
ចាប់ផ្ដើមដោយសេចក្ដីស្រឡាញ់
ការនិយាយអំពីការប្រតិព័ទ្ធភេទដូចគ្នារបស់មនុស្សម្នាក់អាចជារឿងតក់ស្លុត និងភាន់ច្រឡំ ។ កូន ស្វាមី ឬភរិយា ឬសមាជិកគ្រួសាររបស់អ្នកអាចមិនដឹងពីរបៀបនិយាយទៅកាន់អ្នកអំពីវាទេ ។ ពេលខ្លះ អ្នកអាចមានអារម្មណ៍មិនគ្រប់គ្រាន់ ។ ទោះបីជាអ្នកមិនដឹងពីរបៀបឆ្លើយតបនឹងឧបសគ្គជានិច្ច ដែលសមាជិកគ្រួសាររបស់អ្នកកំពុងជួបក្ដី ក៏អ្នកនឹងមិនស្ដាយក្រោយដែរ ពេលអ្នកឈោងទៅជួយដោយសេចក្ដីស្រឡាញ់ និងការយល់យោគនោះ ។
អ្នកនឹងមិនដែលស្ដាយក្រោយឡើយក្នុងការនិយាយថា « ខ្ញុំស្រឡាញ់អ្នក » ។
អ្នកនឹងមិនដែលស្ដាយក្រោយឡើយក្នុងការឱបក្រសោបមនុស្សជាទីស្រឡាញ់របស់អ្នកនៅក្នុងដៃនោះ ។ អ្នកនឹងមិនដែលស្ដាយក្រោយឡើយក្នុងការស្ដាប់ពួកគេ ។ អ្នកនឹងមិនដែលស្ដាយក្រោយឡើយក្នុងការព្យាយាមស្វែងយល់ពីពួកគេ ។
ប្រសិនបើអ្នកមានប្រតិកម្មជ្រុល ខឹងសម្បារ ឬនិយាយអ្វីដែលអ្នកស្ដាយក្រោយ សូមកុំបាក់ទឹកចិត្តឡើយ ។ នេះគឺជារឿងដែលត្រូវសន្ទនាពេញមួយជីវិត ។ វាមិនដែលយឺតពេលទេដើម្បីធ្វើការសុំទោសនោះ ។
ប្រសិនបើអ្នកដឹងពីមនុស្សដទៃថា មនុស្សជាទីស្រឡាញ់របស់អ្នកមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា នោះសូមកុំគិតច្រើនអី ។ ការនិយាយអំពីការប្រតិព័ទ្ធភេទដូចគ្នាអាចជារឿងតក់ស្លុត និងភាន់ច្រឡំ ។ មនុស្សជាទីស្រឡាញ់របស់អ្នកអាចមិនដឹងពីរបៀបនិយាយទៅកាន់អ្នកអំពីវាទេ ។
វាជាការធម្មតាទេដែលមានទុក្ខសោកនោះ ។ តើអ្នកមានអារម្មណ៍ថា ក្ដីស្រមៃរបស់អ្នកក្នុងការមានគ្រួសារ « ដ៏ឥតខ្ចោះ » មួយបានរសាត់ឆ្ងាយឬ ? តើអ្នកភ័យខ្លាចនឹងបាត់បង់ទំនាក់ទំនងជិតដិតមួយឬ ? តើអ្នកខ្លាចថា មនុស្សជាទីស្រឡាញ់របស់អ្នកនឹងទទួលរងនូវការប្រព្រឹត្តដាក់ដោយគ្មានសណ្ដានចិត្តឬ ? អារម្មណ៍ទាំងនេះគឺជារឿងធម្មតាទេ ។ គ្មានអ្វីគួរឲ្យខ្មាសអៀនក្នុងការមានទុក្ខសោកនោះទេ ។
សូមកុំបន្ទោសខ្លួនឯង ដោយសារមនុស្សជាទីស្រឡាញ់របស់អ្នកមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាឡើយ ។ រឿងនេះពុំមែនជាកំហុសរបស់នរណាម្នាក់ឡើយ ។ ការបន្ទោសគឺជារឿងមិនចាំបាច់ ហើយក៏គ្មានប្រយោជន៍ដែរ ។
សូមស្វែងរកការដឹកនាំខាងវិញ្ញាណ
ក្នុងនាមជាសមាជិកគ្រួសារម្នាក់ ការអធិស្ឋានដែលមានផលិតភាពតិចបំផុតគឺការសួរថា « ហេតុអ្វី ? » ការអធិស្ឋានដែលមានផលិតភាពតិចបន្ទាប់គឺ « ឱ សូមដកយកការណ៍នេះចេញនាពេលនេះទៅ » ។ សំណួរដែលមានប្រយោជន៍បំផុតដែលអ្នកអាចសួរបានគឺ « ដោយរបៀបណា ? » តើខ្ញុំអាចជួយបានដោយរបៀបណា ? តើខ្ញុំអាចធ្វើជាជំនួយគាំទ្រ ដែលមនុស្សជាទីស្រឡាញ់របស់ខ្ញុំត្រូវការដោយរបៀបណា ? តើយើងអាចរៀនអ្វីខ្លះចេញពីការណ៍នេះ ?
សូមស្វែងរកចំណេះដឹង ហើយរៀនពីអ្វីៗទាំងអស់តាមដែលអ្នកអាចធ្វើបាន ។ សូមនិយាយជាមួយនឹងប៊ីស្សព ឬប្រធានសាខារបស់អ្នក ហើយទទួលការប្រឹក្សាមកពីអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះអម្ចាស់ ។ ប្រសិនបើអ្នកមានអារម្មណ៍បំផុសគំនិត នោះសូមឲ្យលោកប្រសិទ្ធិពរបព្វជិតភាព ដើម្បីជួយអ្នកឲ្យបំពេញតាមតម្រូវការរបស់មនុស្សជាទីស្រឡាញ់អ្នក ។ មនុស្សមួយចំនួនរកឃើញទស្សនវិស័យនៅក្នុងក្រុមផ្តល់ការគាំទ្រ ឬតាមរយៈការទៅព្រះវិហារបរិសុទ្ធ ។ តាមពិតទៅ ពុំមានកន្លែងណាល្អជាងព្រះវិហារបរិសុទ្ធ ដើម្បីរកឃើញសេចក្ដីសុខសាន្ដ និងទស្សនវិស័យនោះទេ ។
បង្កើនការយល់ដឹង
សូមនៅជាមួយនឹងមនុស្សដែលស្ថាបនាអ្នកឲ្យរីកចម្រើនឡើង ។ មនុស្សមួយចំនួនខ្វល់ខ្វាយ ។ មនុស្សមួយចំនួនឆ្ងល់ច្រើន ។ ការឆ្លើយនឹងសំណួរនានាអាចជួយបង្កើនការយល់ដឹង ប៉ុន្ដែវាក៏អាចធ្វើឲ្យអ្នកហត់នឿយផងដែរ ។ សូមប្រាកដថា អ្នកសាកថ្មខាងវិញ្ញាណរបស់អ្នក តាមរយៈការចំណាយពេលវេលាដែលមានគុណភាពនៅក្នុងទីបរិសុទ្ធ ។ ហើយគ្មាននរណាម្នាក់ខ្វល់ខ្វាយពីអ្នក ជាងព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌នោះទេ ។
ការរៀនធ្វើជាឪពុក ឬម្ដាយនៅក្នុងដំណើរនេះនឹងលត់ដំខ្លួនអ្នក ។ នៅពេលអ្នកស្វែងរកភាពជាដៃគូនៃព្រះវិញ្ញាណ នោះអ្នកនឹងខិតទៅជិតព្រះ និងកូនរបស់អ្នក ហើយក៏អនុវត្តចំពោះស្វាមី ឬភរិយារបស់អ្នកផងដែរ ។ សូមចងចាំថាត្រូវគោរពដល់សិទ្ធិជ្រើសរើស ។ ប្រសិនបើស្វាមី ឬភរិយារបស់អ្នកមិនយល់ព្រមនឹងរបៀបដែលអ្នកចង់ដោះស្រាយរឿងអ្វីមួយ សូមដោះស្រាយវាដោយការគោរពដល់គ្នា ។ ប្រសិនបើកូនរបស់អ្នកធ្វើការជ្រើសរើស ដែលអ្នកមិនយល់ស្របតាម សូមធ្វើឲ្យពួកគេយល់ពីអារម្មណ៍របស់អ្នកដោយចិត្តមេត្តា ។ សូមកុំព្យាយាមគ្រប់គ្រង ឬបោកពួកគេប្រើឲ្យសោះ ។ សូមផ្តល់ពេលវេលារបស់អ្នកឲ្យពួកគេ ហើយបញ្ជាក់ដល់ពួកគេពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះពួកគេ ។
តុល្យភាពរវាងសេចក្តីស្រឡាញ់ និងក្រឹត្យវិន័យ
« ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ពួកយើងជាច្រើននាក់—មិនមែនពួកយើងទាំងអស់នោះទេ ប៉ុន្ដែពួកយើងភាគច្រើន—រកកលចង់ទទឹងនឹងក្រឹត្យវិន័យ ហើយធ្វើដូច្នោះតាមរបៀបដែលពុំមានសេចក្ដីស្រឡាញ់ឡើយ ។
« ខ្ញុំទទួលបានសំបុត្រជាច្រើនមកពីមនុស្សដែលត្រូវបានញាំញី ដោយសារតែជម្រើសរបស់នរណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេ ។ ហើយពួកគេពោលថា ‹ តើយើងត្រូវធ្វើអ្វីទៅ ? › ហើយដំបូន្មានដំបូងដែលខ្ញុំតែងតែផ្ដល់នោះគឺ សូមបន្ដស្រឡាញ់ពួកគេ ។ នៅទីបញ្ចប់ នោះគឺជាអ្វីមួយដែលអ្នកអាចធ្វើបានជានិច្ច ។ យើងត្រូវតែចាំដល់ព្រះបញ្ញត្តិរបស់ព្រះអម្ចាស់នៅក្នុងចិត្តជានិច្ច ដែលខ្ញុំហៅថាក្រឹត្យវិន័យ ហើយជាព្រះបញ្ញត្តិដ៏ធំផងដែរ គឺការស្រឡាញ់គ្នាទៅវិញទៅមក ។ ហើយព្រះបញ្ញតិ្តទាំងនោះនឹងប៉ះទង្គិចគ្នា ពេលនរណាម្នាក់ដែលយើងទាក់ទងជាមួយ មិនកាន់តាមព្រះបញ្ញត្តិ ឬមិនកាន់តាមក្រឹត្យវិន័យ ។ ហើយការណ៍នោះធ្វើឲ្យវាកាន់តែពិបាកសម្រាប់យើង ដើម្បីទាក់ទងជាមួយនឹងពួកគេ ហើយស្រឡាញ់ពួកគេ ។ ប៉ុន្ដែ ប្រសិនបើយើងស្រឡាញ់បុគ្គលនោះ ហើយស្របពេលគ្នានេះ បន្ដកាន់តាមអ្វីដែលយើងដឹងថាជាទំនួលខុសត្រូវរបស់យើងស្របតាមក្រឹត្យវិន័យ នោះវាអាចទៅរួចដើម្បីធ្វើដូច្នោះ ។ …
« យើងមិនគួរចាប់ផ្ដើមការប្រាស្រ័យទាក់ទងរបស់យើងជាមួយនឹងមនុស្ស ដែលកំពុងធ្វើការជ្រើសរើសខុសពីអ្វីដែលយើងប៉ងប្រាថ្នា ដោយការឈ្លោះប្រកែកអំពីជម្រើសរបស់ពួកគេនោះទេ ។ វាប្រសើរជាង បើយើងចាប់ផ្ដើមដោយការនិយាយអំពី ៖ តើអ្នកមកពីកន្លែងណា ? តើអ្វីជាគុណតម្លៃមូលដ្ឋានរបស់អ្នក ? តើអ្នកចង់សម្រេចបានអ្វីខ្លះ ? រួចហើយនៅក្នុងបរិបទនោះ យើងអាចពន្យល់ថា យើងបារម្ភអំពីព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ដោយសារអ្វីដែលសំខាន់ចំពោះយើងគឺ ការបន្ដនៅលើមាគ៌ាទៅកាន់ជីវិតដ៏អស់កល្បជានិច្ច ។
« យើងត្រូវបានប្រទានឲ្យមានព្រះបញ្ញត្តិ ។ នៅពេលយើងគោរពតាមព្រះបញ្ញត្តិទាំងនោះ នោះយើងគឺជាអ្នកគោរពប្រតិបត្តិ ។ លទ្ធផលនៃការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិគឺ ការដាក់ខ្លួនយើងឲ្យសុខដុមនឹងក្រឹត្យវិន័យដ៏អស់កល្ប ដែលអនុញ្ញាតឲ្យយើងលូតលាស់ និងរីកចម្រើនទៅកាន់ជីវិតដ៏អស់កល្បជានិច្ច ។ ព្រះអង្គសង្គ្រោះបានបង្គាប់អ្នកដើរតាមទ្រង់ឲ្យ ‹ ស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ › ( យ៉ូហាន ១៣:៣៤ ) ។ ដូច្នេះ យើងមើលទៅរបៀបដែលទ្រង់បានស្រឡាញ់យើង ។ ទ្រង់បានពលីព្រះអង្គទ្រង់សម្រាប់ពួកយើង ។ ទ្រង់តែងខ្វល់ព្រះទ័យពីបុគ្គលម្នាក់ៗជានិច្ច ។ ទ្រង់បានឈោងទៅជួយមនុស្សគ្រប់រូបយ៉ាងអស្ចារ្យ ។ ខ្ញុំគិតថា ទាំងនោះគឺជាការបង្ហាញទាំងអស់ស្ដីពីរបៀបដែលយើងស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានស្រឡាញ់យើងដែរ ។ ប្រសិនបើយើងយកទ្រង់ធ្វើជាគំរូរបស់យើង នោះយើងគួរតែព្យាយាមឈោងទៅរាប់អានមនុស្សគ្រប់គ្នាជានិច្ច » ( ដាល្លិន អេក អូក « Love and Law » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សេចក្ដីស្រឡាញ់របស់ព្រះពុំមែនជាលេសដោះសាអំពើបាបនោះទេ —« ដ្បិតយើងជាព្រះអម្ចាស់ ពុំអាចទតមើលអំពើបាប សូម្បីតែបន្ដិចបន្ដួចបានឡើយ »—ប៉ុន្តែគឺមានសេចក្ដីអន្ទះសាចង់អភ័យទោសឲ្យ ៖ « ប៉ុន្ដែអ្នកណាដែលប្រែចិត្ត ហើយធ្វើតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ នោះនឹងបានអត់ទោស » ( គោលទ្ធិ និង សេចក្ដីសញ្ញា ១:៣១–៣២ ) ។ ដូចគ្នានេះដែរ យើងពុំគួរបន្ទាបបទដ្ឋានក្នុងការរស់នៅ និងការការពារបទបញ្ញត្តិរបស់ព្រះនោះទេ ប៉ុន្ដែដើម្បីឆ្លុះមើលឃើញឲ្យពេញលេញនូវសេចក្ដីស្រឡាញ់របស់ព្រះ នោះយើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកដោយបើកចំហ និងទាំងស្រុង ដើម្បីកុំឲ្យមាននរណាម្នាក់អាចមានអារម្មណ៍ថាត្រូវគេបោះបង់ចោល ឬឯកោ ឬគ្មានក្ដីសង្ឃឹមឡើយ ។
ការនិយាយអំពីការធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត
អារម្មណ៍នៃការបាក់ទឹកចិត្តគឺពិត ហើយអាចមានអារម្មណ៏សន្ធប់ និងធ្វើឲ្យទន់ខ្សោយ ។ ជាញឹកញាប់ ការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ និងការថែទាំផ្នែកវេជ្ជសាស្ត្រអាចជួយដល់មនុស្សដែលពុះពារនឹងការធ្លាក់ទឹកចិត្តបាន ។ នៅពេលអារម្មណ៍ធ្លាក់ទឹកចិត្តប្រែទៅជាការគិតចង់ធ្វើអត្តឃាត នោះវាជារឿងដ៏សំខាន់បំផុតដើម្បីនិយាយជាមួយនរណាម្នាក់ ។ មនុស្សដែលធ្វើអត្តឃាត មានការឈឺចាប់ខាងរូបកាយ ខាងស្មារតី ឬខាងសតិអារម្មណ៍យ៉ាងដំណំ ហើយជារឿយៗពួកគេនៅដាច់ពីគេពីឯង ហើយអាចមានអារម្មណ៍ថា ពួកគេគ្មានសេចក្ដីសង្ឃឹមសម្រាប់ពេលអនាគតឡើយ ។ ពួកគេអាចមានអារម្មណ៍ថា ពុំមានរបៀបណាផ្សេងទៀតដើម្បីបញ្ចប់ការឈឺចាប់ដ៏ព្រៃផ្សៃនេះបានទេ លើកលែងតែតាមរយៈការផ្ដាច់ជីវិតរបស់ពួកគេផ្ទាល់ ។ ជាញឹកញាប់ គំនិតនៃការស្លាប់ដោយការធ្វើអត្តឃាតត្រូវបានគិតបម្រុងទុក និងពិចារណាម្ដងហើយម្ដងទៀត មុនពេលការប៉ុនប៉ងណាមួយបានធ្វើឡើង ។ អំឡុងពេលនៃការគិតទុកនេះ ការធ្វើអន្ដរាគមន៍អាចសង្គ្រោះជីវិតបាន ។
ការរារាំងការធ្វើអត្តឃាតចាប់ផ្ដើមដោយការដឹងពីសញ្ញាព្រមាននានា ។ សម្រាប់បញ្ជីនៃសញ្ញាព្រមានទាំងឡាយ សូមចូលទៅកាន់ American Foundation of Suicide Prevention ។
ប្រសិនបើអ្នកឃើញថា នរណាម្នាក់អាចនឹងរងគ្រោះថ្នាក់ នោះរឿងដែលល្អបំផុតដែលអ្នកអាចធ្វើបានគឺ ការនិយាយជាមួយពួកគេអំពីបញ្ហានេះ ។ វាអាចមើលទៅឆ្គង ឬឥតកោតក្រែងបន្ដិច ប៉ុន្ដែជារឿយៗ មនុស្សដែលធ្លាក់ទឹកចិត្តពិតជាត្រូវការនរណាម្នាក់ដើម្បីនិយាយជាមួយខ្លាំងណាស់ ជានរណាម្នាក់ដែលអាចជួយពួកគេឲ្យពិចារណាពីគំនិត និងអារម្មណ៍នានាឡើងវិញ ។ ការសន្ទនាទាំងនោះអាចពិបាក ប៉ុន្ដែវាសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយអារម្មណ៍ឯកោ និងអស់សង្ឃឹម ដែលអាចនាំទៅរកការធ្វើអត្តឃាតបាន ។ ប្រសិនបើអ្នកឃើញថា បុគ្គលម្នាក់រងគ្រោះនឹងការប៉ុនប៉ងធ្វើអត្តឃាតភ្លាមៗ នោះសូមទូរសព្ទទៅ ខ្សែបណ្ដាញជីវិត ការធ្វើអន្ដរាគមន៍ការធ្វើអត្តឃាតថ្នាក់ជាតិ តាមរយៈលេខ ១-៨០០-២៧៣-TALK ( ៨២៥៥ ) ។
ខ្សែទូរសព្ទជំនួយខាងវិបត្តិ នៅលើគេហទំព័រ ChurchofJesusChrist.org ។