« ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅក្នុងគេហដ្ឋាន និងសាសនាចក្រ ( ឆ្នាំ ២០២២ )
« ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ
គ្មានអ្វីមួយដែលអ្នកធ្វើក្នុងនាមជាគ្រូបង្រៀនដែលនឹងផ្តល់ពរដល់សិស្ស ច្រើនជាងការជួយពួកគេឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេនោះឡើយ ( សូមមើល យ៉ូហាន ១៧:៣ ) ។ សូមគិតពីបទពិសោធន៍ដែលបានជួយអ្នកឲ្យស្គាល់ និងស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីរៀនអំពីបុគ្គលិកលក្ខណៈ ព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេ ? តើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបាននាំសេចក្តីអំណរមកកាន់អ្នកដោយរបៀបណា ? បន្ទាប់មកសូមគិតពីអ្វីដែលសេចក្តីស្រឡាញ់ និងព្រះចេស្តារបស់ទ្រង់ទាំងទ្វេ អាចធ្វើបានសម្រាប់បុគ្គលម្នាក់ៗដែលអ្នកបង្រៀន ។ ( សូមមើល អាលម៉ា ២៦:១៦; ម៉ូសេ ៥:១១ ) ។
គោលបំណងដ៏ធំធេងបំផុតរបស់យើងនៅក្នុងជីវិតនេះ គឺការប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌របស់យើង ហើយវិលត្រឡប់ទៅកាន់ទ្រង់វិញ ។ របៀបដែលយើងសម្រេចបាននូវគោលបំណងនោះ គឺតាមរយៈការមកកាន់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ១៤:៦ ) ។ នេះជាមូលហេតុដែល « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ » ដូចព្យាការីនីហ្វៃបានបង្រៀន ( នីហ្វៃទី ២ ២៥:២៦ ) ។
បុត្រគ្រប់រូបរបស់ព្រះត្រូវការពន្លឺ និងសេចក្តីពិត ដែលកើតមកពីព្រះអង្គសង្គ្រោះ ហើយអាចជ្រើសរើសដើម្បីឆ្លើយតបចំពោះរឿងនោះ ។ ដើម្បីធ្វើជាគ្រូបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមានន័យថា ជួយអ្នកដទៃឲ្យយល់ និងពឹងផ្អែកលើការបង្រៀន ព្រះចេស្តាប្រោសលោះ និងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ ។ សូមពិចារណាអំពីរបៀបដែលយោបល់ដូចតទៅនេះ អាចជួយអ្នកបំផុសគំនិតអ្នកដទៃឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទបានច្បាស់ និងធ្វើតាមទ្រង់ ។
ជួយសិស្សឲ្យទទួលស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ
វាជារឿងល្អដើម្បី ស្គាល់ សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេតាករុណារបស់ព្រះអង្គសង្គ្រោះ ប៉ុន្តែយើងក៏ត្រូវ ដកពិសោធ នូវរឿងទាំងនោះផងដែរ ។ ការមើលឃើញរបៀបដែលទ្រង់បានប្រសិទ្ធពរ និងព្យាបាលមនុស្សនៅក្នុងព្រះគម្ពីរ ជួយយើងឲ្យអភិវឌ្ឍសេចក្តីជំនឿកាន់តែខ្លាំងឡើងថា ទ្រង់អាចប្រសិទ្ធពរ និងព្យាបាលពួកយើងបាន ។ ឧទាហរណ៍ ការរៀនអំពីបទពិសោធន៍នានារបស់ ដានីយ៉ែល មិនបានពេញលេញឡើយ ប្រសិនបើវាពុំបានបំផុសគំនិតយើងឲ្យទុកចិត្តលើព្រះអម្ចាស់ ពេលយើងជួបនឹងការសាកល្បង និងទុក្ខលំបាកផ្ទាល់ខ្លួនរបស់យើងនោះ ។
ពេលអ្នកជួយសិស្សឲ្យទទួលស្គាល់ « សេចក្តីមេត្តាករុណាដ៏ទន់ភ្ល់ន » របស់ព្រះអម្ចាស់ ( នីហ្វៃទី ១ ១:២០ ) ទាំងនៅក្នុងព្រះគម្ពីរ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេនឹងទទួលអារម្មណ៍ និងដឹងថាព្រះអម្ចាស់គង់នៅជាមួយពួកគេ ហើយនឹងមានព្រះឆន្ទៈគង់នៅក្បែរពួកគេដោយសេចក្តីស្រឡាញ់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញ ៦៨:៦ ) ។ ពួកគេនឹងមើលឃើញ ហើយទទួលអារម្មណ៍អំពីភាពពិតប្រាកដនៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ នៅក្នុងតម្រូវការ និងកាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគេ ។
ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
គោលបំណងនៃការបង្រៀន និងការរៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទ គឺដើម្បីជួយបុគ្គលម្នាក់ៗឲ្យខិតកាន់តែជិតទ្រង់ និងព្រះវរបិតាសួគ៌របស់យើង ។ សូមជួយមនុស្សដែលអ្នកបង្រៀនកុំឲ្យភ្លេចពីគោលបំណងនោះឲ្យសោះ ។ សូមលើកទឹកចិត្តពួកគេឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរ ការបន្តប្រែចិត្ត ការទូលទៅកាន់ព្រះវរបិតានៅក្នុងការអធិស្ឋាន និងការថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ។ សូមបង្រៀនសិស្សតាមរយៈពាក្យសម្តី និងគំរូអំពីការចុះ និងការរក្សាសេចក្តីសញ្ញា ដែលភ្ជាប់ពួកយើងជាមួយនឹងទ្រង់ទាំងទ្វេ ។ សូមជួយពួកគេឲ្យដឹងថា ពួកយើងមានតម្លៃ និងគួរឲ្យស្រឡាញ់ខ្លាំងប៉ុនណាចំពោះទ្រង់ទាំងទ្វេ ។ សូមពង្រឹងសេចក្តីជំនឿរបស់ពួកគេថា តាមរយៈគុណធម៌នៃដង្វាយធួនដ៏ល្អឥតខ្ចោះរបស់ទ្រង់ នោះព្រះយេស៊ូវគ្រីស្ទគឺជាមធ្យោបាយតែមួយគត់ដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាវិញ ។ សូមផ្តល់ឱកាសឲ្យសិស្សទទួលទីបន្ទាល់មកពីព្រះវិញ្ញាណបរិសុទ្ធដែល « ថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងអំពីព្រះរាជបុត្រា » ( ម៉ូសេ ៥:៩ ) ។
ជួយសិស្សឲ្យមានចេតនាខិតខំប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ
ទីបំផុត ការរៀនអំពីព្រះយេស៊ូវគ្រីស្ទបំផុសគំនិតយើងឲ្យប្រែក្លាយកាន់តែដូចទ្រង់ ។ ប៉ុន្តែការប្រែក្លាយដូចជាទ្រង់អាចកើតឡើងបាន លុះត្រាតែយើងធ្វើសកម្មភាពដោយសេចក្ដីជំនឿ ទាំងនៅក្នុង និងនៅក្រៅថ្នាក់រៀន ធ្វើការជ្រើសរើសដោយចេតនា ដើម្បីធ្វើតាមគំរូរបស់ទ្រង់ ហើយទទួលព្រះគុណរបស់ទ្រង់ ។ សូមអញ្ជើញសិស្សស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរកឲ្យឃើញរបៀបនានាដែលពួកគេអាចប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះ ។ សូមផ្តល់ការណែនាំ និងការជួយជ្រោមជ្រែង ពេលសិស្សព្យាយាមប្រែក្លាយដូចជាទ្រង់នៅក្នុងការព្យាយាមធ្វើតាមពេញមួយជីវិត ។
យ៉ាកុបបានបង្រៀនថា « អស់ទាំងអ្វីដែលព្រះទ្រង់បានប្រទានចាប់តាំងពីកំណើតលោកិយមក » អាចបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ ( នីហ្វៃទី ២ ១១:៤ ) ។ ការបង្រៀនរបស់អ្នកអាចជាអ្វីមួយក្នុងចំណោមអ្វីៗទាំងអស់នោះ ។ សូមផ្តោតលើព្រះយេស៊ូវគ្រីស្ទជាចំណុចសំខាន់នៃបទពិសោធន៍ក្នុងការបង្រៀន និងការរៀនសូត្រនីមួយៗ ។ នៅពេលអ្នក និងសិស្ស « និយាយអំពីព្រះគ្រីស្ទ … អររីករាយក្នុងព្រះគ្រីស្ទ … ផ្សាយអំពីព្រះគ្រីស្ទ » ( នីហ្វៃទី ២ ២៥:២៦ ) នោះព្រះវិញ្ញាណបរិសុទ្ធអាចបណ្តុះទីបន្ទាល់មួយអំពីព្រះអង្គសង្គ្រោះចូលជ្រៅទៅក្នុងគំនិត និងដួងចិត្តរបស់បុគ្គលម្នាក់ៗ ។ នៅពេលអ្នកជួយសិស្សឲ្យមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយខ្លួនពួកគេ នោះពួកគេទំនងនឹងងាកទៅរកទ្រង់ទាំងទ្វេសម្រាប់ជំនួយ សេចក្តីសង្ឃឹម និងការព្យាបាលពេញមួយជីវិតរបស់ពួកគេ ។