« បង្រៀនដោយព្រះវិញ្ញាណ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅគេហដ្ឋាន និងសាសនាចក្រ ( ឆ្នាំ ២០២២ )
« បង្រៀនដោយព្រះវិញ្ញាណ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
បង្រៀនដោយព្រះវិញ្ញាណ
នៅពេលព្រះអង្គសង្គ្រោះបានត្រាស់បង្គាប់ឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ នោះទ្រង់បានសន្យានឹងពួកលោកថា « ព្រះវិញ្ញាណបរិសុទ្ធនឹងត្រូវចាត់ឲ្យមក ដើម្បីថ្លែងទីបន្ទាល់អំពីអ្វីៗទាំងអស់ ដែលអ្នករាល់គ្នាត្រូវនិយាយ » ( គោលលទ្ធិ និងសេចក្តីសញ្ញាត ១០០:៨; សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១៥–១៧; ៥០:១៧–២២ ) ។ ការសន្យាដូចគ្នានេះអនុវត្តចំពោះអស់អ្នកដែលបង្រៀនដំណឹងល្អ រួមមានទាំងអ្នកផងដែរ ។ នៅពេលអ្នកបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះអ្នកអាចមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នក ដើម្បីណែនាំអ្នក ហើយថ្លែងទីបន្ទាល់អំពីសេចក្តីពិត ទៅកាន់គំនិត និងចិត្តនៃអស់អ្នកដែលអ្នកបង្រៀន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២ ) ។ អ្នកមិននៅឯកោទេ នៅពេលអ្នកបង្រៀន « ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ » ( ម៉ាកុស ១៣:១១ ) ។
ព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូបង្រៀនពិតប្រាកដ ។ គ្មានគ្រូបង្រៀនណាក្នុងជីវិតរមែងស្លាប់នេះ ទោះបីគ្រូបង្រៀននោះមានជំនាញ ឬបទពិសោធន៍ខ្លាំងប៉ុនណាក្តី ក៏ពុំអាចជំនួសតួនាទីរបស់ទ្រង់នៅក្នុងការថ្លែងទីបន្ទាល់អំពីសេចក្តីពិត ការថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ និងការផ្លាស់ប្តូរដួងចិត្តបានឡើយ ។ ប៉ុន្តែគ្រូបង្រៀនទាំងអស់អាចធ្វើជាឧបករណ៍ក្នុងការជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀនសូត្រដោយព្រះវិញ្ញាណ ។
ព្រះអង្គសង្រ្គោះបានរៀបចំព្រះកាយទ្រង់ខាងវិញ្ញាណដើម្បីបង្រៀន
ដើម្បីរៀបចំសម្រាប់ការងារបម្រើរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានចំណាយពេលអស់ ៤០ ថ្ងៃនៅក្នុងទីរហោស្ថាន « ដើម្បីនៅជាមួយព្រះ » ( ការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៤:១ [ នៅក្នុង ម៉ាថាយ ៤:១ ] ) ។ ប៉ុន្តែការរៀបចំព្រះកាយទ្រង់ខាងវិញ្ញាណបានចាប់ផ្តើមពីមុនយូរមកហើយ ។ ពេលសាតាំងបានល្បួងទ្រង់ នោះទ្រង់អាចទាញយក « ព្រះបន្ទូលទាំងឡាយខាងជីវិត » ដែលទ្រង់បានរក្សាទុកសម្រាប់ « ចំម៉ោងនោះឯង » ពេលទ្រង់នឹងត្រូវការព្រះបន្ទូលទាំងនោះ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៥ ) ។ សូមគិតអំពីការប្រឹងប្រែងផ្ទាល់របស់អ្នកដើម្បីរៀបចំខ្លួនរបស់អ្នកខាងវិញ្ញាណដើម្បីបង្រៀន ។ តើអ្នករៀនអ្វីខ្លះចេញពី ម៉ាថាយ ៤:១–១១ អំពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងការរៀបចំខ្លួនខាងវិញ្ញាណរបស់អ្នក ?
ព្រះវិញ្ញាណគឺជាគ្រូបង្រៀនដ៏ពិត ហើយជាប្រភពដ៏ពិតនៃការប្រែចិត្តជឿ ។ ការបង្រៀនដំណឹងល្អប្រកបដោយអានុភាពពុំគ្រាន់តែជាការរៀបចំមេរៀនមួយតែប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំខ្លួនរបស់អ្នកខាងវិញ្ញាណឲ្យបានល្អ ពីមុនអ្នកចាប់ផ្តើមបង្រៀន ។ បើសិនអ្នកបានរៀបចំខ្លួនខាងវិញ្ញាណជាស្រេច នោះអ្នកនឹងអាចស្តាប់ឮ និងធ្វើតាមការណែនាំពីព្រះវិញ្ញាណបានកាន់តែប្រសើរ នៅពេលអ្នកបង្រៀន ។ របៀបដើម្បីអញ្ជើញព្រះវិញ្ញាណបរិសុទ្ធចូលមកក្នុងការបង្រៀនរបស់អ្នក គឺការអញ្ជើញទ្រង់ចូលមកក្នុងជីវិតរបស់អ្នក ។ ការណ៍នេះរួមទាំងការព្យាយាមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយឧស្សាហ៍ព្យាយាម និងរស់នៅតាមដំណឹងល្អរបស់ទ្រង់ដោយអស់ពីចិត្តរបស់អ្នក ។ ហើយដោយសារគ្មានពួកយើងណាម្នាក់អាចធ្វើកិច្ចការនេះបានល្អឥតខ្ចោះ នោះវាក៏មានន័យថា យើងត្រូវប្រែចិត្តរៀងរាល់ថ្ងៃដែរ ។
សំណួរពិចារណា ៖ តើការរៀបចំខ្លួនរបស់អ្នកខាងវិញ្ញាណ ដើម្បីបង្រៀនមានន័យដូចម្តេចចំពោះអ្នក ? តើអ្នកទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីកែលម្អរបៀបដែលអ្នករៀបចំខ្លួនរបស់អ្នកខាងវិញ្ញាណ ? តើអ្នកគិតថា ការរៀបចំខ្លួនខាងវិញ្ញាណអាចធ្វើឲ្យមានការផ្លាស់ប្តូរមួយនៅក្នុងការបង្រៀនរបស់អ្នកដូចម្តេច ?
ចេញមកពីព្រះគម្ពីរ ៖ អែសរ៉ា ៧:១០; លូកា ៦:១២; អាលម៉ា ១៧:២–៣, ៩; គោលលទ្ធិ និងសេចក្តីសញ្ញា ១១:២១; ៤២:១៣–១៤
ព្រះអង្គសង្គ្រោះត្រៀមព្រះកាយរួចស្រេចជានិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដទៃ
យ៉ៃរ៉ុសជាមេសាលាប្រជុំបានទម្លាក់ខ្លួនក្រាបនៅទៀបព្រះបាទព្រះយេស៊ូវ សូមអង្វរទ្រង់ឲ្យជួយកូនស្រីដែលស្លាប់របស់គាត់ ។ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានកំពុងប្រជ្រៀតធ្វើដំណើរតាមផ្លូវកាត់ហ្វូងមនុស្ស ដើម្បីទៅផ្ទះរបស់យ៉ៃរ៉ុស រំពេចនោះព្រះយេស៊ូវបានឈប់ ។ « អ្នកណាពាល់អាវខ្ញុំ ? » ទ្រង់បានទូលសួរ ។ វាហាក់ដូចជាសំណួរចម្លែកមួយ—នៅក្នុងការប្រជ្រៀតគ្នាបែបនេះ តើនរណា មិន បានពាល់ទ្រង់នោះ ? ប៉ុន្តែព្រះអង្គសង្គ្រោះបានជ្រាបដឹងថា នៅក្នុងបណ្តាជននោះ មាននរណាម្នាក់បានពាល់ទ្រង់ដោយមានតម្រូវការពិសេសមួយ និងមានសេចក្តីជំនឿ ដើម្បីទទួលបានការព្យាបាលដែលទ្រង់បានប្រទានឲ្យ ។ នៅមានពេលដែលត្រូវទៅជួបកូនស្រីរបស់យ៉ៃរ៉ុស ។ ប៉ុន្តែដំបូងទ្រង់បានមានបន្ទូលទៅស្ត្រីដែលបានពាល់ព្រះពស្ត្រទ្រង់ថា « ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្តីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ » ( សូមមើល លូកា ៨:៤១–៤៨ ) ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ជួនកាលអ្នកអាចឃើញថា ខ្លួនឯងមានការប្រញាប់ប្រញាល់ដើម្បីបង្រៀនអ្វីៗទាំងអស់ដែលអ្នកបានរៀបចំដើម្បីបង្រៀន ។ ទោះបីការធ្វើបែបនោះសំខាន់ក្តី សូមប្រាកដថា នៅក្នុងការប្រញាប់ប្រញាល់របស់អ្នក នោះអ្នកមិនប្រញាប់រហូតដល់មើលរំលងពីតម្រូវការចាំបាច់របស់នរណាម្នាក់ ដែលអ្នកកំពុងបង្រៀនដោយអចេតនានោះឡើយ ។ ក្រៅពីការណែនាំខាងវិញ្ញាណដែលអ្នកបានស្វែងរក នៅពេលអ្នក បានរៀបចំខ្លួន ដើម្បីបង្រៀន នោះសូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ខណៈ អ្នកកំពុងបង្រៀន ។ សូមព្យាយាមស្គាល់ពីតម្រូវការ សំណួរ និងចំណាប់អារម្មណ៍របស់សិស្ស ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យញែកដឹងរបៀបដែលសិស្សម្នាក់កំពុងទទួល ឬយល់ដឹងអ្វីមួយដែលអ្នកបានបង្រៀន ។ ទ្រង់អាចបំផុសគំនិតអ្នកជាច្រើនលើកច្រើនគ្រា ដើម្បីកែសម្រួលផែនការរបស់អ្នក ។ ឧទាហរណ៍ អ្នកអាចត្រូវបានបំផុសគំនិតឲ្យចំណាយពេលច្រើនជាងអ្វីដែលអ្នកមានបំណងចង់ធ្វើទៅលើប្រធានបទមួយ ឬទុកការពិភាក្សាមួយចំនួនទៅពេលក្រោយទៀត ដើម្បីជាគុណប្រយោជន៍ដល់អ្វីមួយដែលសំខាន់ជាងដល់សិស្សក្នុងគ្រាឥឡូវនេះ ។
សំណួរពិចារណា ៖ តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា មាតាបិតា ឬគ្រូបង្រៀនផ្សេងទៀតបានដឹងពីតម្រូវការរបស់អ្នកក្នុងនាមជាសិស្សម្នាក់ ? តើអស់អ្នកដែលអ្នកបង្រៀនដឹងថា អ្នកចាប់អារម្មណ៍លើការរៀនសូត្ររបស់ពួកគេ ជាជាងការខំបញ្ចប់តែមេរៀនដែរឬទេ ? តើអ្នកអាចបង្ហាញចំណាប់អារម្មណ៍របស់អ្នកឲ្យបានកាន់តែប្រសើរឡើងតាមរបៀបណា ?
ចេញមកពីព្រះគម្ពីរ ៖ ពេត្រុសទី ១ ៣:១៥; អាលម៉ា ៣២:១–៩; ៤០:១; ៤១:១; ៤២:១
ព្រះអង្គសង្គ្រោះបានប្រទានឱកាសនានាដល់មនុស្សដើម្បីឲ្យព្រះវិញ្ញាណបង្រៀនពួកគេ
វាមានការលំបាកណាស់សម្រាប់មនុស្សជាច្រើននៅសម័យព្រះយេស៊ូវ ដើម្បីយល់ថា ទ្រង់គឺជានរណាឲ្យពិតប្រាកដ ប៉ុន្តែមានគំនិតជាច្រើនអំពីរឿងនេះ ។ ពួកសិស្សទ្រង់បានរាយការណ៍ថា « ខ្លះថាជា យ៉ូហាន-បាទីស្ទ ខ្លះទៀតថាជា អេលីយ៉ា ហើយខ្លះទៀតថាជា យេរេមា ឬហោរាណាមួយ » ។ ប៉ុន្តែក្រោយមកព្រះយេស៊ូវបានសួរសំណួរមួយ ដែលបានអញ្ជើញពួកសិស្សរបស់ទ្រង់ ដើម្បីដាក់គំនិតរបស់អ្នកដទៃមួយអន្លើសិន ហើយមើលទៅក្នុងចិត្តរបស់ពួកគេផ្ទាល់ថា ៖ « ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា ? » ទ្រង់មានព្រះទ័យចង់ឲ្យពួកគេស្វែងរកចម្លើយរបស់ពួកគេ មិនមែនមកពី « សាច់ឈាម » ទេ ប៉ុន្តែមកដោយផ្ទាល់ពី « ព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ » ។ វាជាទីបន្ទាល់បែបនេះ—វិវរណៈផ្ទាល់ខ្លួនមកពីព្រះវិញ្ញាណបរិសុទ្ធ—ដែលឲ្យពេត្រុសប្រកាសថា « ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ( សូមមើល ម៉ាថាយ ១៦:១៣–១៧ ) ។
ដើម្បីរស់រានមានជីវិតខាងវិញ្ញាណនៅថ្ងៃចុងក្រោយនេះ មនុស្សដែលអ្នកបង្រៀននឹងត្រូវការទីបន្ទាល់ខាងវិញ្ញាណមួយអំពីសេចក្តីពិត ។ អ្នកពុំអាចឲ្យវាទៅពួកគេបានទេ ប៉ុន្តែអ្នកអាចអញ្ជើញ លើកទឹកចិត្ត បំផុសគំនិត និងបង្រៀនពួកគេឲ្យស្វែងរកវា ។ អ្នកអាចធ្វើឲ្យមានភាពច្បាស់លាស់—តាមរយៈពាក្យសម្តី និងទង្វើរបស់អ្នក—ថាព្រះវិញ្ញាណបរិសុទ្ធមានភាពចាំបាច់ខ្លាំងប៉ុនណាចំពោះការរៀនសូត្រដំណឹងល្អ ។ ឧទាហរណ៍ សូមពិចារណាពីបរិយាកាសរៀនសូត្រមួយដែល អ្នកបង្កើត និងលើកទឹកចិត្តឲ្យមាន ។ ជាអ្វីដែលមានលក្ខណៈសាមញ្ញៗដូចជាការរៀបចំកៅអីអង្គុយនៅក្នុងថ្នាក់រៀន ឬរបៀបដែលអ្នកស្វាគមន៍ និងទំនាក់ទំនងជាមួយសិស្ស ដែលបង្កើតនូវអារម្មណ៍ខាងវិញ្ញាណសម្រាប់បទពិសោធន៍ដែលសិស្សនឹងមាន ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យរៀបចំខ្លួនពួកគេខាងវិញ្ញាណដើម្បីរៀន គឺដូចជាអ្នករៀបចំខ្លួនខាងវិញ្ញាណដើម្បីបង្រៀនអ៊ីចឹងដែរ ។ សូមឲ្យពួកគេទទួលខុសត្រូវចំពោះស្មារតីដែលពួកគេនាំយកមក ។ ហើយអ្នកអាចផ្តល់ឱកាសនានាដល់ពួកគេ ឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ទីបន្ទាល់នោះនឹងក្លាយជា « ថ្មដា » សម្រាប់ពួកគេ « ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះ [ ពួកគេ ] ឡើយ » ( ម៉ាថាយ ១៦:១៨ ) ។
សំណួរពិចារណា ៖ តើអ្នកបានអង្កេតមើលឃើញអ្វីខ្លះដែលរួមចំណែកដល់បរិយាកាសខាងវិញ្ញាណសម្រាប់ការរៀនសូត្រដំណឹងល្អ ? តើមានអ្វីខ្លះដែលធ្វើឲ្យវាចុះខ្សោយ ? តើមានអ្វីខ្លះដែលជួយមនុស្សដែលអ្នកបង្រៀនរៀនពីព្រះវិញ្ញាណ ? សូមគិតអំពីបរិយាកាសនៃទីកន្លែងដែលជារឿយៗអ្នកបង្រៀនច្រើនបំផុត ។ តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកបានទៅដល់កន្លែងនោះ ? តើអ្នកអាចអញ្ជើញព្រះវិញ្ញាណឲ្យមានវត្តមាននៅកន្លែងនោះឲ្យកាន់តែមានប្រសិទ្ធភាពយ៉ាងដូចម្តេច ?
ចេញមកពីព្រះគម្ពីរ ៖ លូកា ២៤:៣១–៣២; យ៉ូហាន ១៤:២៦; ១៦:១៣–១៥; មរ៉ូណៃ ១០:៤–៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១៦–១៧; ៥០:១៣–២៤
ព្រះអង្គសង្គ្រោះបានជួយអ្នកដទៃឲ្យស្វែងរក ទទួលស្គាល់ និងធ្វើសកម្មភាពតាមវិវរណៈផ្ទាល់ខ្លួន
ព្រះអម្ចាស់សព្វព្រះទ័យទាក់ទងជាមួយពួកយើង—ហើយទ្រង់សព្វព្រះទ័យឲ្យយើងដឹងថា ទ្រង់កំពុងទាក់ទងជាមួយយើង ។ នៅក្នុងឆ្នាំ ១៨២៩ គ្រូបង្រៀននៅសាលាម្នាក់ដែលមានអាយុ ២២ ឆ្នាំឈ្មោះ អូលីវើរ ខៅឌើរី កំពុងរៀនអំពីគោលលទ្ធិដ៏អង់អាច រំភើបមួយដែលថាមនុស្សគ្រប់គ្នាអាចទទួលបានវិវរណៈផ្ទាល់ខ្លួន ។ ប៉ុន្តែគាត់មានសំណួរស្រដៀងទៅនឹងអ្វីដែលពួកយើងជាច្រើននាក់បានសួរផងដែរគឺ ៖ « តើព្រះអម្ចាស់ពិតជាព្យាយាមមានព្រះបន្ទូលមកកាន់ខ្ញុំឬ ? ហើយតើខ្ញុំអាចដឹងនូវអ្វីដែលទ្រង់កំពុងមានព្រះបន្ទូលដោយរបៀបណា ? » ដើម្បីឆ្លើយសំណួរទាំងនេះ ព្រះយេស៊ូវគ្រីស្ទបានអញ្ជើញ អូលីវើរ ឲ្យគិតត្រឡប់ក្រោយវិញពីគ្រានៃការស្រាវជ្រាវខាងវិញ្ញាណពេលលោកនៅតែឯង ។ « តើយើងពុំបាននិយាយដោយភាពសុខសាន្តដល់គំនិតរបស់អ្នកទេឬអី ? » ទ្រង់បានសួរ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២១–២៤ ) ។ ក្រោយមកទ្រង់បានបង្រៀន អូលីវើរ អំពីរបៀបផ្សេងទៀតដែលព្រះវិញ្ញាណអាចមានបន្ទូលទៅកាន់លោក ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៣; ៩:៧–៩ សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១២–១៤ ) ។
ការរស់នៅក្នុងពិភពលោកដែលជារឿយៗមិនខ្វល់ខ្វាយនឹងរឿងខាងវិញ្ញាណ នោះយើងទាំងអស់គ្នាត្រូវការជំនួយដើម្បីទទួលស្គាល់ព្រះសូរសៀងនៃព្រះវិញ្ញាណ ។ យើងអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណ ដោយពុំដឹងថាជាព្រះវិញ្ញាណផងក៏មាន ។ ហើយយើងទាំងអស់គ្នាអាចរៀនកាន់តែច្រើនអំពីរបៀបស្វែងរកព្រះវិញ្ញាណ ទទួលស្គាល់ឥទ្ធិពលរបស់ទ្រង់ និងធ្វើសកម្មភាពតាមការបំផុសគំនិតដែលទ្រង់បានប្រទានដល់ពួកយើង ។ ពេលអ្នកបង្រៀន សូមជួយសិស្សឲ្យស្វែងរករបៀបនានាដែលព្រះវិញ្ញាណអាចទាក់ទងមកពួកគេ—និងរបៀបដែលទ្រង់បានទាក់ទងជាមួយពួកគេ ។ « អំណោយទានដ៏មហិមាបំផុតមួយ ដែលអ្នកអាចផ្តល់ឲ្យក្នុងនាមជាគ្រូបង្រៀន គឺជួយអស់អ្នកដែលអ្នកបង្រៀនឲ្យរីកចម្រើន នៅក្នុងការស្វែងរកវិវរណៈផ្ទាល់ខ្លួនពេញមួយជីវិត ។
សំណួរពិចារណា ៖ ហេតុអ្វីវាសំខាន់ដើម្បីរៀនទទួលវិវរណៈផ្ទាល់ខ្លួន ? តើធ្លាប់មាននរណាម្នាក់បានជួយអ្នកឲ្យយល់ពីរបៀបស្វែងរក និងទទួលស្គាល់វិវរណៈដែរឬទេ ? តើអ្នកអាចលើកទឹកចិត្តដល់អស់អ្នកដែលអ្នកបង្រៀនឲ្យស្វែងរក ទទួលស្គាល់ និងអនុវត្តតាមវិវរណៈមកពីព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
ចេញមកពីព្រះគម្ពីរ ៖ កាឡាទី ៥:២២–២៣; អាលម៉ា ៥:៤៥–៤៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៦១; ១២១:៣៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–២០
ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់ទៅកាន់អស់អ្នកដែលទ្រង់បានបង្រៀន
អំឡុងគ្រាដ៏ទន់ភ្លន់ និងពិសេសមួយនៃការបង្រៀន និងការផ្តល់ការងារបម្រើ នោះព្រះយេស៊ូវបានព្យាយាមលួងលោមមិត្តរបស់ទ្រង់គឺ ម៉ាថា ដែលប្អូនប្រុសរបស់គាត់បានស្លាប់ ។ ទ្រង់បានចែកចាយជាមួយគាត់នូវទីបន្ទាល់ដ៏សាមញ្ញមួយអំពីសេចក្តីពិតដ៏នៅអស់កល្បជានិច្ច ៖ « ប្អូននាងនឹងរស់ឡើងវិញ » ( យ៉ូហាន ១១:២៣ ) ។ ទីបន្ទាល់របស់ទ្រង់បានបំផុសគំនិតដល់ម៉ាថា ឲ្យចែកចាយទីបន្ទាល់ផ្ទាល់របស់គាត់ថា ៖ « ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ » ( យ៉ូហាន ១១:២៤ ) ។ សូមកត់សម្គាល់អំពីរបៀបដែលលំនាំនេះមានជាថ្មីម្តងទៀតនៅក្នុង យ៉ូហាន ១១:២៥–២៧ ។ តើមានអ្វីដែលអ្នកចាប់អារម្មណ៍អំពីគំរូរបស់ព្រះអង្គសង្គ្រោះ ? ហេតុអ្វីការចែកចាយទីបន្ទាល់អំពីសេចក្តីពិតនៃដំណឹងល្អ គឺជាផ្នែកមួយសំខាន់យ៉ាងនេះក្នុងការការបង្រៀន ?
ទីបន្ទាល់របស់អ្នកអាចមានឥទ្ធិពលដ៏មានអានុភាពមួយទៅលើអស់អ្នកដែលអ្នកបង្រៀន ។ វាពុំត្រូវការឲ្យមានពេលវេលាច្រើន ឬការស្ទាត់ជំនាញទេ ។ វាមិនចាំបាច់ចាប់ផ្ដើមដោយឃ្លាថា « ខ្ញុំចង់ថ្លែងទីបន្ទាល់របស់ខ្ញុំ » នោះឡើយ ។ សូមចែកចាយយ៉ាងសាមញ្ញអំពីអ្វីដែលអ្នកដឹងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ ទីបន្ទាល់នៃសេចក្តីពិតមានអានុភាពបំផុត នៅពេលវាមានលក្ខណៈចំៗ និងចេញពីចិត្ត ។ សូមថ្លែងទីបន្ទាល់ជារឿយៗអំពីព្រះអង្គសង្គ្រោះ ដំណឹងល្អរបស់ទ្រង់ និងព្រះចេស្តារបស់ទ្រង់ក្នុងជីវិតរបស់អ្នក ហើយលើកទឹកចិត្តដល់អស់អ្នកដែលអ្នកបង្រៀនឲ្យធ្វើដូច្នោះផងដែរ ។ ហើយសូមចាំថា ជួនកាលទីបន្ទាល់ដ៏មានអនុភាពបំផុតនោះ គឺមិនមែនត្រូវបានថ្លែងឡើងដោយគ្រូបង្រៀនទេ ប៉ុន្តែត្រូវបានថ្លែងឡើងដោយសិស្សគ្នាឯងវិញ ។
សំណួរពិចារណា ៖ សូមរកមើលគំរូនានានៅក្នុងព្រះគម្ពីរដែលបង្ហាញអំពីឥទ្ធិពលដ៏មានអនុភាពរបស់បុគ្គលម្នាក់ដែលថ្លែងទីបន្ទាល់ ។ តើអ្នករៀនអ្វីខ្លះពីគំរូទាំងនោះ ? តើពេលណាដែលអ្នកត្រូវបានប្រទានពរតាមរយៈទីបន្ទាល់របស់បុគ្គលម្នាក់នោះ ? តើការចែកចាយទីបន្ទាល់របស់អ្នកបានជះឥទ្ធិពលដល់អស់អ្នកដែលអ្នកបង្រៀនដូចម្តេច ? តើវាបានជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្តេច ?
ចេញមកពីព្រះគម្ពីរ ៖ កិច្ចការ ២:៣២–៣៨; ម៉ូសាយ ៥:១–៣; អាលម៉ា ៥:៤៥–៤៨; ១៨:២៤–៤២; ២២:១២–១៨; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:១៣–១៤; ៦២:៣