« បង្រៀនគោលលទ្ធិ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅគេហដ្ឋាន និងសាសនាចក្រ ( ឆ្នាំ ២០២២ )
« បង្រៀនគោលលទ្ធិ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
បង្រៀនគោលលទ្ធិ
ទោះបីជាព្រះយេស៊ូវបានរីកចម្រើននៅក្នុងប្រាជ្ញា និងចំណេះដឹងពេញមួយព្រះជន្មរបស់ទ្រង់ក្តី ក៏ទ្រង់មិនបានទទួលការអប់រំជាផ្លូវការដូចអ្នកដឹកនាំសាសនាដទៃទៀតនៅក្នុងសម័យរបស់ទ្រង់ឡើយ ។ ប៉ុន្តែនៅពេលទ្រង់បានបង្រៀន នោះមនុស្សបានស្ងើចសរសើរដោយនិយាយថា « ធ្វើដូចម្តេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រសោះ ? » ហេតុអ្វីការបង្រៀនរបស់ទ្រង់មានឥទ្ធិពលខ្លាំងម៉្លេះ ? ព្រះអង្គសង្គ្រោះបានពន្យល់ថា « សេចក្តីដែលខ្ញុំបង្រៀននេះមិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ » ( យ៉ូហាន ៧:១៥–១៦ ) ។ គោលលទ្ធិគឺជាសេចក្តីពិតដ៏នៅអស់កល្បជានិច្ច—ដែលមាននៅក្នុងព្រះគម្ពីរ និងប្រសាសន៍នៃពួកព្យាការីថ្ងៃចុងក្រោយ—ដែលបង្ហាញយើងអំពីរបៀប ដើម្បីប្រែក្លាយដូចជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ហើយត្រឡប់ទៅកាន់ទ្រង់វិញ ។ ដោយមិនគិតពីបទពិសោធន៍ដែលអ្នកមានក្នុងនាមជាគ្រូបង្រៀន នោះអ្នកអាចបង្រៀនដោយអនុភាព ដូចព្រះអង្គសង្គ្រោះបានបង្រៀន តាមរយៈការបង្រៀនគោលលទ្ធិរបស់ព្រះវរបិតា ។ អ្នក និងអស់អ្នកដែលអ្នកបង្រៀននឹងស្ងើចចំពោះពរជ័យដែលព្រះបានប្រទានមក នៅពេលការបង្រៀន និងការរៀនសូត្ររបស់អ្នកផ្អែកទៅលើព្រះបន្ទូលរបស់ទ្រង់ ។
ព្រះអង្គសង្គ្រោះបានរៀនគោលលទ្ធិ
វាហាក់ដូចជាច្បាស់ថា ព្រះអង្គសង្គ្រោះបានរៀនមកពីព្រះគម្ពីរនៅក្នុងយុវវ័យរបស់ទ្រង់ នៅពេលទ្រង់បានកាន់តែធំ « ប្រកបដោយប្រាជ្ញា … ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ » ( លូកា ២:៥២ ) ។ ការយល់ដឹងដ៏ជ្រាលជ្រៅរបស់ទ្រង់អំពីគោលលទ្ធិរបស់ព្រះវរបិតាបានប្រែជាជាក់ស្តែង នៅពេលមាតាបិតារបស់ទ្រង់បានរកទ្រង់ឃើញនៅក្នុងព្រះវិហារបរិសុទ្ធតាំងពីទ្រង់នៅក្មេង កំពុងបង្រៀនពួកគ្រូសាសន៍យូដា និងឆ្លើយសំណួររបស់ពួកគេ ( សូមមើល ការបកប្រែយ៉ូសែប ស៊្មីធ លូកា ២:៤៦ [ នៅក្នុង លូកា ២:៤៦ ] ) ។ ក្រោយមក ពេលសាតាំងបានបង្ហាញទ្រង់នូវការល្បួងដ៏ខ្លាំងក្លានៅក្នុងទីរហោស្ថាន នោះចំណេះដឹងរបស់ព្រះយេស៊ូវអំពីគោលលទ្ធិនៅក្នុងព្រះគម្ពីរ បានជួយទ្រង់ឲ្យទប់ទល់នឹងការល្បួងនោះ ( សូមមើល លូកា ៤:៣–១២ ) ។
អ្នកក៏អាចស្វែងរកការរៀនសូត្រអំពីគោលលទ្ធិពិតឲ្យកាន់តែស៊ីជម្រៅផងដែរ ពីមុនអ្នកបង្រៀនគោលលទ្ធិនោះ ។ នៅពេលអ្នករៀបចំខ្លួនដើម្បីបង្រៀន និងរៀនជាមួយអ្នកដទៃ សូមរកមើលដោយយកចិត្តទុកដាក់នូវអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល អំពីសេចក្តីពិតដែលអ្នកកំពុងបង្រៀន ។ សូមស្រាវជ្រាវខគម្ពីរ និងប្រសាសន៍របស់ព្យាការីនៅរស់សម្រាប់ការពន្យល់ និងការទូន្មាន ។ ការរស់នៅ និងការអនុវត្តសេចក្តីពិតដែលអ្នកសិក្សានឹងអញ្ជើញព្រះវិញ្ញាណឲ្យបង្រៀនអ្នកនូវគោលលទ្ធិ ក្នុងរបៀបមួយឲ្យកាន់តែស៊ីជម្រៅ និងដើម្បីបញ្ជាក់ពីភាពពោរពេញនៃសេចក្តីពិតរបស់គោលលទ្ធិ នៅក្នុងចិត្តនៃអស់អ្នកដែលអ្នកបង្រៀន ។
សំណួរពិចារណា ៖ ហេតុអ្វីវាសំខាន់ដើម្បីយល់សេចក្តីពិតនៃដំណឹងល្អសម្រាប់ខ្លួនឯង ? តើអ្នកបានទទួលការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្ដីពិតនៃដំណឹងល្អតាមរបៀបណា ? តើអ្នកទទួលបានការបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីកែលម្អការសិក្សាព្រះគម្ពីររបស់អ្នក និងប្រសាសន៍របស់ពួកព្យាការីនៅរស់ ?
ចេញមកពីព្រះគម្ពីរ ៖ សុភាសិត ៧:១–៣; នីហ្វៃទី ២ ៤:១៥–១៦; គោលលទ្ធិ និងសេចក្តីសញ្ញា ១១:២១; ៨៨:១១៨
ព្រះអម្ចាស់បានបង្រៀនចេញពីព្រះគម្ពីរ
បន្ទាប់ពីព្រះអង្គសង្គ្រោះសុគត សិស្សរបស់ទ្រង់ពីរនាក់បានដើរបណ្តើរ និងជជែកគ្នាបណ្តើរដោយមានលាយឡំជាមួយការកើតទុក្ខ និងក្តីភ្ញាក់ផ្អើលនៅក្នុងដួងចិត្តរបស់ពួកគេ ។ តើពួកគេអាចយល់អំពីអ្វីដែលបានកើតឡើងយ៉ាងដូចម្តេច ? ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាមនុស្សដែលពួកគេបានទុកចិត្ត ដើម្បីធ្វើជាអង្គប្រោសលោះរបស់ពួកគេ បានសុគតអស់រយៈពេលបីថ្ងៃហើយមកទល់ពេលនេះ ។ ហើយក្រោយមកមានគេរាយការណ៍ថា ផ្នូររបស់ទ្រង់នៅទទេស្អាត ដោយមានទេវតាបានប្រកាសថា ទ្រង់បានមានព្រះជន្មរស់ឡើងវិញហើយ ។ នៅគ្រាដ៏សំខាន់នេះនៅក្នុងសេចក្តីជំនឿរបស់ពួកសិស្សទាំងនេះ នោះមានជនមិនស្គាល់មុខម្នាក់បានចូលរួមធ្វើដំណើរជាមួយពួកគេ ។ ទ្រង់បានទូន្មានពួកគេដោយ « ស្រាយន័យ [ សេចក្តី ] ដែលតម្រូវដល់ [ ព្រះអង្គសង្គ្រោះ ] ពីក្នុងគម្ពីរទាំងឡាយឲ្យគេស្តាប់ » ។ ទីបំផុតអ្នកធ្វើដំណើរនោះបានដឹងថា គ្រូបង្រៀនរបស់ពួកគេគឺជាព្រះយេស៊ូវគ្រីស្ទផ្ទាល់ ហើយទ្រង់ពិតជាមានព្រះជន្មរស់ឡើងវិញមែន ។ តើពួកគេបានស្គាល់ទ្រង់ដោយរបៀបណា ? ក្រោយមកពួកគេបានសញ្ជឹងគិតថា « តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានព្រះបន្ទូលនឹងយើង ហើយសម្តែងពីគម្ពីរតាមផ្លូវនោះទេឬអី ? » ( លូកា ២៤:២៧, ៣២ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « គោលបំណងសំខាន់នៃព្រះគម្ពីរទាំងអស់គឺដើម្បីបំពេញព្រលឹងរបស់យើងជាមួយនឹងសេចក្តីជំនឿលើព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ » ( « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ ) ។ ពេញក្នុងការងារបម្រើរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានប្រើបទគម្ពីរដើម្បីបង្រៀន កែប្រែ និងបំផុសគំនិតអ្នកដទៃទៀត ។ សូមប្រាកដថា ការបង្រៀនរបស់អ្នកមិនងាកចេញឆ្ងាយពីបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីឡើយ ។ នៅពេលអ្នកពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះដោយស្មោះត្រង់ក្នុងការបង្រៀនរបស់អ្នក នោះអ្នកអាចធ្វើនូវអ្វីៗសម្រាប់អ្នកដទៃ ដូចព្រះអង្គសង្គ្រោះបានធ្វើដែរ ។ អ្នកអាចជួយពួកគេឲ្យស្គាល់ទ្រង់ ដ្បិតយើងទាំងអស់គ្នាត្រូវការសេចក្តីជំនឿរបស់យើងលើព្រះអង្គសង្គ្រោះ ។ សេចក្តីស្រឡាញ់របស់អ្នកចំពោះបទគម្ពីរនឹងក្លាយជាភស្តុតាងជាក់ស្តែងដល់អស់អ្នកដែលអ្នកបង្រៀន ហើយការបង្រៀនរបស់អ្នកនឹងអញ្ជើញព្រះវិញ្ញាណ មកបណ្តាលឲ្យដួងចិត្តរបស់ពួកគេខ្មួលខ្មាញ់ជាមួយនឹងទីបន្ទាល់មួយអំពីព្រះវរបិតា និងព្រះរាជបុត្រា ។
សំណួរពិចារណា ៖ តើអ្នកធ្លាប់បានទទួលឥទ្ធិពលពីគ្រូបង្រៀនដែលប្រើបទគម្ពីរ ដើម្បីជួយអ្នកឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់យ៉ាងដូចម្តេច ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីពឹងផ្អែកកាន់តែខ្លាំងលើព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីនៅពេលអ្នកបង្រៀននោះ ? តើអ្នកអាចជួយអស់អ្នកដែលអ្នកបង្រៀនឲ្យស្គាល់ និងស្រឡាញ់ព្រះបន្ទូលរបស់ព្រះដោយរបៀបណា ?
ចេញមកពីព្រះគម្ពីរ ៖ លូកា ៤:១៤–២១; អាលម៉ា ៣១:៥; ហេលេមិន ៣:២៩–៣០;នីហ្វៃទី ៣ ២៣
ព្រះអង្គសង្គ្រោះបានជួយមនុស្សឲ្យស្វែងរក ទទួលស្គាល់ និងយល់សេចក្តីពិត
មានគ្រាមួយអ្នកច្បាប់ម្នាក់បានសួរព្រះយេស៊ូវថា « ឱលោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានជីវិតរស់អស់កល្បជានិច្ច ? » នៅក្នុងការឆ្លើយតប ព្រះអង្គសង្គ្រោះបានណែនាំអ្នកសួរសំណួរនោះទៅរកបទគម្ពីរ ៖ « ក្នុងក្រឹត្យវិន័យតើមានកត់ទុកយ៉ាងដូចម្តេចខ្លះ ? តើអ្នកមើលយល់ដូចម្តេច ? » ការណ៍នេះមិនគ្រាន់តែបាននាំបុរសនោះឲ្យទទួលចម្លើយរបស់គាត់គឺ—« ត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ជាព្រះនៃឯង … អ្នកជិតខាង » នោះទេ—ប៉ុន្តែក៏បានដឹកនាំគាត់ទៅដល់សំណួរតាមដានថា ៖ « ហើយតើនរណាខ្លះជាអ្នកជិតខាងរបស់ខ្ញុំ ? » ផងដែរ ។ ព្រះអង្គសង្គ្រោះបានឆ្លើយសំណួរនេះជាមួយរឿងប្រៀបប្រដូចមួយ អំពីបុរសបីនាក់ដែលបានឃើញអ្នកធ្វើដំណើរដូចគ្នាម្នាក់ត្រូវការជំនួយ ។ មានតែបុរសម្នាក់ក្នុងចំណោមអ្នកទាំងបីនាក់នោះប៉ុណ្ណោះគឺសាសន៍សាម៉ារី ដែលពួកសាសន៍យូដាស្អប់ខ្ពើម ដោយសារមកពីកន្លែងដែលគាត់ចេញមកនោះ បានឈប់ហើយជួយ ។ បន្ទាប់មកព្រះយេស៊ូវបានអញ្ជើញអ្នកច្បាប់នោះឲ្យឆ្លើយសំណួរផ្ទាល់ខ្លួនគាត់ ដោយសួរថា ៖ « ដូច្នេះក្នុងបីនាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្សនោះ ? » ( សូមមើល លូកា ១០:២៥–៣៧ ) ។
ហេតុអ្វីអ្នកគិតថា ព្រះអង្គសង្គ្រោះបានបង្រៀនតាមរបៀបនេះ—ឆ្លើយតបសំណួរដោយមានការអញ្ជើញឲ្យស្រាវជ្រាវ ពិចារណា និងស្វែងរក ? ផ្នែកនៃចម្លើយនោះគឺថា ព្រះអម្ចាស់ឲ្យតម្លៃលើកិច្ចខិតខំនៃការស្វែងរកសេចក្តីពិត ។ ទ្រង់បានអញ្ជើញម្តងហើយម្តងទៀតឲ្យ « ចូររក នោះតែងនឹងឃើញ » ( សូមមើលឧទាហរណ៍ ម៉ាថាយ ៧:៧; លូកា ១១:៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៤:៧ ) ។ ទ្រង់ប្រទានរង្វាន់ដល់សកម្មភាពនៃសេចក្តីជំនឿ និងភាពអត់ធ្មត់របស់អ្នកស្វែងរក ។
ដូចជាព្រះអង្គសង្គ្រោះដែរ អ្នកអាចជួយអស់អ្នកដែលអ្នកបង្រៀនឲ្យទទួលស្គាល់ និងយល់ពីសេចក្តីពិត ។ ឧទាហរណ៍ព្រះគម្ពីរមានពេញដោយសេចក្តីពិតនៃដំណឹងល្អ ប៉ុន្តែជួនកាលវាតម្រូវឲ្យមានការខិតខំប្រកបដោយស្មារតីស្វែងរកសេចក្តីពិតនោះ ។ នៅពេលអ្នកកំពុងរៀនជាមួយគ្នាពីបទគម្ពីរ សូមឈប់ ហើយសួរអស់អ្នកដែលអ្នកបង្រៀនអំពីសេចក្តីពិតនៃដំណឹងល្អអ្វីខ្លះដែលពួកគេកត់សម្គាល់ឃើញ ។ សូមជួយពួកគេឲ្យឃើញពីរបៀបដែលសេចក្តីពិតទាំងនេះជាប់ទាក់ទងនឹងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ ជួនកាលសេចក្តីពិតដ៏អស់កល្បជានិច្ចបានចែងនៅក្នុងបទគម្ពីរ ហើយជួនកាលវាបានបង្ហាញនៅក្នុងរឿង និងជីវិតមនុស្សដែលយើងបានអាន ។ វាអាចមានប្រយោជន៍ ដើម្បីឈ្វេងយល់ជាមួយគ្នាអំពីប្រវត្តិសាស្ត្រនៃខគម្ពីរដែលអ្នកកំពុងអាន ព្រមទាំងអត្ថន័យនៃខគម្ពីរទាំងនោះ និងរបៀបដែលវាអនុវត្តចំពោះពួកយើង ។
សំណួរពិចារណា ៖ តើអ្នករកសេចក្តីពិតអស់កល្បជានិច្ចនៅក្នុងខគម្ពីរ ឬប្រសាសន៍របស់ពួកព្យាការីដែលកំពុងនៅរស់ដូចម្តេច ? តើសេចក្តីពិតទាំងនោះកំពុងផ្តល់ពរដល់ជីវិតរបស់អ្នកដោយរបៀបណា ? តើមានរបៀបណាខ្លះដែលអ្នកអាចជួយសិស្សឲ្យទទួលស្គាល់ និងយល់ពីសេចក្តីពិតដែលនឹងផ្តល់អត្ថន័យដល់ពួកគេ ហើយនាំពួកគេឲ្យខិតកាន់តែជិតព្រះ ?
ចេញមកពីព្រះគម្ពីរ ៖ យ៉ូហាន ៥:៣៩; នីហ្វៃទី ១ ១៥:១៤; គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១២
ព្រះអង្គសង្គ្រោះបានបង្រៀនសេចក្តីពិតដែលនាំទៅការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿ
នៅថ្ងៃឈប់សម្រាកមួយ ព្រះអង្គសង្គ្រោះ និងពួកសិស្សរបស់ទ្រង់បានដើរកាត់វាលស្រែ ដោយឃ្លានអាហារ ហើយពួកសិស្សទ្រង់តាំងចាប់បូតគួរស្រូវហូប ។ ពួកផារិស៊ីតែងតែចង់គូសបញ្ជាក់អំពីចំណុចពិសេសនៃក្រឹត្យវិន័យម៉ូសេ ដោយបានចង្អុលបង្ហាញថា ការចាប់បូតគួរស្រូវគឺតាមលក្ខណៈបច្ចេកទេសវាជាទម្រង់មួយនៃការធ្វើការងារ ដែលវាត្រូវបានហាមឃាត់នៅថ្ងៃឈប់សម្រាក ( សូមមើល ម៉ាកុស ២:២៣–២៤ ) ។ បើប្រើឃ្លារបស់ព្យាការីយ៉ាកុបនៅក្នុងព្រះគម្ពីរមរមន នោះពួកផារិស៊ីគឺ « មើលហួសទីដៅ » ( យ៉ាកុប ៤:១៤ ) ។ ម្យ៉ាងវិញទៀត ពួកគេផ្តោតចិត្តទុកដាក់ខ្លាំងទៅលើការបកស្រាយតាមប្រពៃណីអំពីបទបញ្ញត្តិនានា ដែលពួកគេភ្លេចពីគោលបំណងដ៏ទេវភាពនៃបទបញ្ញត្តិទាំងនោះ—ដើម្បីនាំយើងខិតកាន់តែជិតព្រះ ។ ប្រាកដណាស់ ពួកផារិស៊ីពុំទាំងបានដឹងថា អង្គដែលប្រទានបទបញ្ញត្តិឲ្យគោរពដល់ថ្ងៃឈប់សម្រាកនោះ កំពុងគង់នៅចំពោះមុខពួកគេឡើយ ។
ព្រះអង្គសង្គ្រោះបានយកឱកាសនោះថ្លែងទីបន្ទាល់អំពីអត្តសញ្ញាណនៃភាពជាព្រះរបស់ទ្រង់ ហើយបង្រៀនអំពី មូលហេតុ ដែលថ្ងៃឈប់សម្រាកសំខាន់ ។ ថ្ងៃឈប់សម្រាកត្រូវបានបង្កើតឡើងសម្រាប់យើង ទុកជាថ្ងៃមួយដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃថ្ងៃឈប់សម្រាក គឺព្រះយេស៊ូវគ្រីស្ទផ្ទាល់តែម្តង ( សូមមើល ម៉ាកុស ២:២៧–២៨ ) ។ សេចក្តីពិតបែបនោះជួយយើងឲ្យយល់ថា បទបញ្ញត្តិរបស់ព្រះគឺវាលើសពីឥរិយាបថខាងក្រៅរបស់យើងទៅទៀត ។ បទបញ្ញត្តិគឺជួយយើងផ្លាស់ប្តូរដួងចិត្តយើង ហើយប្រែជាកាន់តែប្រែចិត្តជឿពេញលេញ ។
សូមពិចារណាដោយយកចិត្តទុកដាក់អំពីគោលលទ្ធិ និងគោលការណ៍ដែលអ្នកសម្រេចចិត្តផ្តោតលើ ។ ខណៈដែលមានសេចក្តីពិតជាច្រើននៅក្នុងខគម្ពីរដែលអាចយកមកពិភាក្សាក្តី វាជាការល្អបំផុតដើម្បីផ្តោតលើសេចក្តីពិតនៃដំណឹងល្អដែលដឹកនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីពិតសាមញ្ញ សេចក្តីពិតជាមូលដ្ឋានដែលព្រះអង្គសង្គ្រោះបានបង្រៀន និងធ្វើជាគំរូដ៏មានអនុភាពខ្លាំងក្លាបំផុតដើម្បីផ្លាស់ប្តូរជីវិតរបស់ពួកយើង—គឺជាសេចក្តីពិតអំពីដង្វាយធួនរបស់ទ្រង់ ផែនការនៃសេចក្តីសង្គ្រោះ បទបញ្ញត្តិដើម្បីឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើងជាដើម ។ អញ្ជើញព្រះវិញ្ញាណឲ្យថ្លែងទីបន្ទាល់អំពីសេចក្តីពិតទាំងនេះ ដោយការជួយឲ្យសេចក្តីពិតទាំងឡាយនោះចូលទៅកាន់ដួងចិត្តនៃអស់អ្នកដែលអ្នកបង្រៀនឲ្យកាន់តែស៊ីជម្រៅ ។
សំណួរពិចារណា ៖ តើមានសេចក្តីពិតណាខ្លះនៃដំណឹងល្អដែលបានជួយអ្នកឲ្យកាន់តែប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ហើយមានសេចក្តីជំនឿលើទ្រង់កាន់តែខ្លាំងឡើង ? តើគ្រូបង្រៀនម្នាក់បានជួយអ្នកឲ្យផ្តោតលើសេចក្តីពិតដ៏ចាំបាច់បំផុតនៃដំណឹងល្អយ៉ាងដូចម្តេច ? តើអ្នកអាចបង្រៀនអ្វីខ្លះ ដែលនឹងជួយអ្នកដទៃកាន់តែប្រែចិត្តជឿដល់ព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែស៊ីជម្រៅ ?
ចេញមកពីព្រះគម្ពីរ ៖ នីហ្វៃទី ២ ២៥:២៦; នីហ្វៃទី ៣ ១១:៣៤–៤១; គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:៣១–៣២; ៦៨:២៥–២៨; ១៣៣:៥៧; ម៉ូសេ ៦:៥៧–៦២
ព្រះអង្គសង្គ្រោះបានជួយមនុស្សឲ្យស្វែងរកគារវភាពផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិរបស់ទ្រង់
នោះពួកផារិស៊ី បានឌុកដាន់អំពីព្រះយេស៊ូវថា « អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង »—ដោយថ្លែងបញ្ឆិតបញ្ឆៀងថា ឥរិយាបថនេះមិនសមរម្យសម្រាប់គ្រូបង្រៀនខាងវិញ្ញាណទេ ( លូកា ១៥:២ ) ។ ព្រះយេស៊ូវបានឃើញថា នេះគឺជាឱកាសមួយដើម្បីបង្រៀនពួកគេនូវសេចក្តីពិតខាងវិញ្ញាណមួយចំនួនឲ្យកាន់តែស៊ីជម្រៅ ។ តើទ្រង់ធ្វើបែបនេះដោយរបៀបណា ? តើទ្រង់បានជួយពួកផារិស៊ីឲ្យឃើញថា នោះគឺមកពីចិត្តរបស់ពួកគេ—មិនមែនព្រះទ័យរបស់ទ្រង់ទេ—ដែលមិនបរិសុទ្ធ ហើយត្រូវការការព្យាបាលដោយរបៀបណា ? តើទ្រង់បានប្រើគោលលទ្ធិរបស់ទ្រង់ ដើម្បីបង្ហាញពួកគេថា គំនិត និងឥរិយាបថរបស់ពួកគេត្រូវតែផ្លាស់ប្តូរដោយរបៀបណា ?
ទ្រង់ធ្វើដូចនេះតាមរយៈការមានព្រះបន្ទូលទៅកាន់ពួកគេអំពីចៀមមួយដែលវង្វេងចេញពីហ្វូងចៀម និងប្រាក់កាក់មួយដែលបានបាត់ ។ ទ្រង់បានមានព្រះបន្ទូលអំពីកូនប្រុសបះបោរម្នាក់ដែលបានស្វែងរកការអភ័យទោស និងបានថ្លែងអំពីបងប្រុសដែលបដិសេធមិនទទួលប្អូនប្រុសខ្លួន ឬបរិភោគជាមួយគាត់ ។ រឿងប្រៀបប្រដូចនីមួយៗទាំងនេះមាននូវសេចក្តីពិតដែលទាក់ទងនឹងរបៀបដែលពួកផារិស៊ីមានទស្សនៈចំពោះមនុស្សដទៃ ដោយបង្រៀនពួកគេថា គ្រប់ព្រលឹងទាំងអស់គឺមានតម្លៃមហិមាណាស់ ( សូមមើល លូកា ១៥ ) ។ ព្រះអង្គសង្គ្រោះពុំបានប្រាប់ពួកផារិស៊ី—ឬពួកយើងណាម្នាក់—អំពីបុគ្គលដែលត្រូវកំណត់អត្តសញ្ញាណនៅក្នុងរឿងប្រៀបប្រដូចរបស់ទ្រង់ឡើយ ។ ជួនកាលយើងគឺជាឪពុកដែលយកចិត្តទុកដាក់នោះ ។ ជួនកាលយើងគឺជាបងប្អូនដែលមានចិត្តច្រណែននោះ ។ ជារឿយៗពួកយើងគឺជាចៀមដែលវង្វេង ឬកូនប្រុសល្ងីល្ងើនោះ ។ ប៉ុន្តែមិនថាកាលៈទេសៈយើងមានស្ថានភាពបែបណានោះទេ តាមរយៈរឿងប្រៀបប្រដូចរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះអញ្ជើញពួកយើងឲ្យស្វែងរកភាពជាប់ទាក់ទងនៅក្នុងការបង្រៀនរបស់ទ្រង់—ដើម្បីស្វែងរកអ្វីដែលទ្រង់សព្វព្រះទ័យចង់ឲ្យពួកយើងរៀន និងអ្វីដែលយើងអាចត្រូវតែផ្លាស់ប្តូរនៅក្នុងគំនិត និងឥរិយាបថផ្ទាល់របស់យើង ។
អ្នកអាចកត់សម្គាល់ឃើញថា សិស្សខ្លះពុំបានយល់ឃើញថា ហេតុអ្វីសេចក្តីពិតមួយចំនួនសំខាន់ចំពោះពួកគេទេ ។ នៅពេលអ្នកពិចារណាអំពីតម្រូវការនៃអស់អ្នកដែលអ្នកបង្រៀន សូមគិតអំពីរបៀបដែលសេចក្តីពិតនៅក្នុងព្រះគម្ពីរអាចមានអត្ថន័យ និងប្រយោជន៍នៅក្នុងកាលៈទេសៈរបស់ពួកគេ ។ របៀបមួយដែលអ្នកអាចជួយសិស្សឲ្យឃើញភាពជាប់ទាក់ទងគ្នា អំពីសេចក្តីពិតដែលពួកគេកំពុងស្វែងរកនោះ គឺតាមរយៈការសួរសំណួរដូចជា « តើសេចក្តីពិតនេះអាចជួយអ្នកជាមួយអ្វីដែលអ្នកកំពុងដកពិសោធឥឡូវនេះយ៉ាងដូចម្តេច ? » « ហេតុអ្វីបានជាវាសំខាន់សម្រាប់អ្នកដើម្បីដឹងរឿងនេះ ? » « តើសេចក្តីពិតនេះបានធ្វើឲ្យមានភាពខុសប្លែកអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ? » ស្ដាប់ដល់អស់អ្នកដែលអ្នកបង្រៀន ។ អនុញ្ញាតឲ្យពួកគេសួរសំណួរ ។ លើកទឹកចិត្តពួកគេឲ្យភ្ជាប់ទំនាក់ទំនងរវាងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងជីវិតផ្ទាល់របស់ពួកគេ ។ អ្នកក៏អាចចែកចាយអំពីរបៀបដែលអ្នកបានរកឃើញភាពជាប់ទាក់ទងគ្នា ទៅនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងអ្វីដែលអ្នកកំពុងបង្រៀនផងដែរ ។ ការធ្វើបែបនេះអាចអញ្ជើញព្រះវិញ្ញាណឲ្យបង្រៀនសិស្សម្នាក់ៗផ្ទាល់ខ្លួន នូវរបៀបដែលគោលលទ្ធិអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់ពួកគេ ។
សំណួរពិចារណា ៖ តើអ្វីទៅដែលធ្វើឲ្យសេចក្តីពិតនៃដំណឹងល្អមានអត្ថន័យ និងមានប្រយោជន៍ចំពោះអ្នក ? តើមានអ្វីដែលជួយអ្នកឲ្យរកឃើញភាពជាប់ទាក់ទងផ្ទាល់ខ្លួន នៅពេលអ្នកសិក្សាដំណឹងល្អនោះ ? តើអ្នកកំពុងធ្វើអ្វីដើម្បីផ្តោតយកចិត្តទុកដាក់លើសេចក្តីពិតដែលទាក់ទងនឹងអស់អ្នកដែលអ្នកបង្រៀន ?
ចេញមកពីព្រះគម្ពីរ ៖ នីហ្វៃទី ១ ១៩:២៣; នីហ្វៃទី ២ ៣២:៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៣:៧–៩