ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៣ ៖ ការគោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ


មេរៀន​ទី ៣

ការគោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ

សេចក្ដីផ្ដើម

ការគោរព​ប្រតិបត្តិ​របស់​យើង​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ជា​របៀប​មួយ​ដែល​យើង​បង្ហាញ​ពី​ការដឹងគុណ​របស់​យើង​ចំពោះ​ពរជ័យ​ដ៏​អស្ចារ្យ​ទាំងឡាយ​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​ជា​គំរូ​ដ៏​ល្អឥតខ្ចោះ​អំពី​ការគោរព​ប្រតិបត្តិ ។ បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​គោរព​ប្រតិបត្តិ រីកចម្រើន​ឡើង ពេល​ដែល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​កើន​ឡើង ។ ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ធ្វើ​ឲ្យ​ព្រះ​អាច​ប្រទាន​ជំនួយ​ដែល​យើង​ត្រូវការ ពេល​យើង​ព្យាយាម​សម្រេច​នូវ​កិច្ចការ​ដ៏​ពិបាកៗ ។

ការអាន​ពី​សាវតា

  • ថូម៉ាស អេស ម៉នសន « Obedience Brings Blessings » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៩–៩២ ។

  • រ៉ូបឺត ឌី ហែល « If Ye Love Me, Keep My Commandments » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៣៥–៣៨ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី១ ២:២–៤, ៩–១៣, ១៦, ១៩–២០, ម៉ូសាយ ២:២០–២៤, ៤១

តាមរយៈ​ការគោរព​ប្រតិបត្តិ​របស់​យើង យើង​បង្ហាញ​ពី​ការដឹងគុណ​របស់​យើង​ចំពោះ​ព្រះ ហើយ​ទទួល​បាន​ពរជ័យ​កាន់តែ​ធំធេង​ពី​ទ្រង់ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« តើ​យើង​អាច​ថ្វាយសង​នូវ​បំណុល ដែល​យើង​ជំពាក់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្តេច​ទៅ ? ទ្រង់​បាន​សង​បំណុល​មួយ ដែល​ទ្រង់​ពុំ​បាន​ជំពាក់​សោះ ដើម្បី​ឲ្យ​យើង​បានរួច​ពី​បំណុល​មួយ ដែល​យើង​មិនអាច​សង​រួច​ឡើយ ។ ដោយសារ​ទ្រង់ នោះ​យើង​នឹង​រស់នៅ​ជា​រៀងរហូត ។ ដោយសារ​តែ​ដង្វាយធួន​ដ៏​ឥត​ព្រំដែន​របស់​ទ្រង់ នោះ​អំពើបាប​របស់​យើង​ត្រូវបាន​សម្អាត​ចេញ ដែល​អនុញ្ញាត​ឲ្យ​យើង​ដកពិសោធន៍​នូវ​អំណោយទាន​ដ៏​មហិមា​បំផុត​នៃ​គ្រប់​អំណោយទាន​ទាំងឡាយ​នៃ​ព្រះ ៖ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

« តើ​អំណោច​បែបនោះ អាច​មាន​ស្លាក​តម្លៃ​មួយ​ទេ ? តើ​យើង​អាច​សង​សំណង​ដល់​អំណោយ​បែប​នោះ​ឬ​ទេ ? » ( « Earthly Debts, Heavenly Debts » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៤៣ ) ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​មួយ​ភ្លែត ដើម្បី​ពិភាក្សា​ពី​ចម្លើយ​ដែល​អាច​មាន ចំពោះ​សំណួរ​ចុងក្រោយ​ដែល​បាន​សួរ​ដោយ​អែលឌើរ វ៉ឺតលីន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​គោលការណ៍ និង​គោលលទ្ធិ​នានា អំឡុង​ពេល​រៀន​មេរៀន​នេះ ដែល​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ូសាយ ២:២០-២៤ ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន បាន​បង្រៀន​អំពី​របៀប​ដែល​យើង​គប្បី​មើល​ខ្លួនយើង​នៅក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា មិនថា​យើង​ធ្វើ​អ្វី​នោះ​ទេ យើង​នៅតែ​ជា « អ្នកបម្រើ​ដ៏​ឥត​ប្រយោជន៍ » របស់​ព្រះ ?

  • ទោះបី​យើង​មិនដែល​អាច​សង​បំណុល​របស់​យើង​ចំពោះ​ព្រះ តើ​ខគម្ពីរ​ទាំងនេះ​ប្រាប់​យើង​ថា យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ទទួល​ស្គាល់​បំណុល​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​ចំពោះ​ព្រះ នោះ​យើង​មាន​បំណង​ប្រាថ្នា​ដើម្បី​បម្រើ​ទ្រង់ និង​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ) ។

សូម​ប្រាប់​សិស្ស​ថា ដំណើររឿង​មួយ​ដ៏​អស្ចារ្យ​នៅក្នុង​ព្រះគម្ពីរ ក្នុង​ចំណោម​ដំណើររឿង​ទាំងឡាយ​អំពី​ការគោរព​ប្រតិបត្តិ​ដល់​ព្រះ គឺ​មាន​នៅ​ជំពូក​ដំបូងៗ​នៃ​ព្រះគម្ពីរ​មរមន ដែល​កត់ត្រា​ពី​របៀប​ដែល​ព្យាការី​លីហៃ និង​ក្រុមគ្រួសារ​របស់​លោក​បាន​ឆ្លើយតប នៅពេល​ដែល​ពួកគេ​ត្រូវបាន​ស្នើ​ដោយ​ព្រះ ឲ្យ​ធ្វើ​អ្វី​ដែល​ពិបាក​ខ្លាំង​បំផុត ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី១ ២:២–៤ ឮៗ ។

  • ហេតុអ្វី​វា​អាច​ជា​ការពិបាក​សម្រាប់​ក្រុមគ្រួសារ​លីហៃ ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ដែល​តម្រូវ​ឲ្យ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី១ ២:៩-១៣, ១៦ ដោយ​រកមើល​ភាពខុសគ្នា​រវាង​លក្ខណៈ និង​ឥរិយាបថ​របស់​លេមិន និង​លេមយួល ជាមួយនឹង​របស់​នីហ្វៃ ក្នុង​ការឆ្លើយតប​ទៅ​នឹង​ព្រះបញ្ញត្តិ​នេះ ។ ( កំណត់ចំណាំ ៖ សកម្មភាព​នេះ​នឹង​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​អនុវត្ត​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​សំខាន់ គឺ​ការប្រៀបធៀប និង​ការធ្វើ​ឲ្យ​មាន​ភាព​ផ្ទុយ​គ្នា ) ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ ដែល​ពិពណ៌នា​អំពី​ការឆ្លើយតប​របស់​លេមិន និង​លេមយួល ? ( ពួកគេ​រឹងរូស ពួកគេ​រអ៊ូរទាំ ហើយ​ពួកគេ​ពុំ​ដឹង​ពី​ទំនាក់ទំនង​នៃ​ព្រះ ) ។

  • តើ​នីហ្វៃ​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច ទៅ​នឹង​ព្រះបញ្ញត្តិ​ដែល​ឲ្យ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ? ( លោក​បាន​បន្ទាបខ្លួន លោក​មាន​បំណង​ប្រាថ្នា​ចង់​ដឹង​ពី​ការណ៍​ទាំងឡាយ​របស់​ព្រះ លោក​មាន​សេចក្ដី​ជំនឿ​ទៅលើ​ពាក្យ​សម្ដី​របស់​ឪពុក​លោក ដែល​ជា​ព្យាការី​ម្នាក់ ហើយ​លោក​បាន​អធិស្ឋាន ) ។

  • ហេតុអ្វី​នីហ្វៃ​បានឆ្លើយ​តប​ទៅនឹង​ពាក្យ​សម្ដី​របស់​ឪពុក​លោក ខុសគ្នា​ពី​របៀប​ដែល​ពួក​បងប្រុស​លោក​ឆ្លើយ​តប ?

សូម​ទុកពេល​ឲ្យ​សិស្ស​មួយ​ភ្លែត ដើម្បី​សញ្ជឹងគិត​ថា​តើ​ពួកគេ​ដូច​ជា​លេមិន និង​លេមយួល​ជាង ឬ​ដូច​ជា​នីហ្វៃ​ជាង ពេល​ដែល​ពួកគេ​ត្រូវបាន​ស្នើ​ដោយ​ព្រះអម្ចាស់ ឬ​អ្នកដឹកនាំ​នៃ​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ធ្វើ​អ្វី​មួយ​ដែល​ពិបាក​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី១ ២:១៩–២០ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​ពី​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​នីហ្វៃ ។

  • តើ​សេចក្ដីថ្លែង​អ្វី​នៅក្នុង​ខ​គម្ពីរ​ទាំងនេះ ដែល​សង្ខេប​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​នីហ្វៃ ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ពី​គោលការណ៍​ដូច​តទៅនេះ ៖ ប្រសិនបើ​យើង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​ចម្រើន​ឡើង​នៅលើ​ដែនដី ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា នេះ​ជា​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ដែល​ត្រូវបាន​លើកឡើង​ដដែលៗ​យ៉ាង​ញឹកញាប់​បំផុត នៅក្នុង​ព្រះគម្ពីរ​មរមន ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​របៀប​ជា​ច្រើន ដែល​ប្រធានបទ​នេះ​ត្រូវបាន​លើកឡើង​ដដែលៗ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​មរមន ) ។

  • តើ​គុណសម្បត្តិ​អ្វី​ខ្លះ ដែល​​ព្រះអម្ចាស់​បានកោត​សរសើរ​នីហ្វៃ ? តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់ សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​មាន​គុណសម្បត្តិ​ទាំងនេះ នៅក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអម្ចាស់ ?

  • ថ្វីបើ​ការគោរព​ប្រតិបត្តិ មិន​តែងតែង​ទទួល​នូវ​លទ្ធផល​ជា​ការចម្រើន​ខាង​សាច់ឈាម​ក្ដី ប៉ុន្តែ​តើ​ពរជ័យ​អ្វី​ខ្លះ ដែល​យើង​អាច​រំពឹង​ថា​ជា​លទ្ធផល​នៃ​ការគោរព​ប្រតិបត្តិ​ដល់​ព្រះអម្ចាស់ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​គិត​ពី​ការអាន ម៉ូសាយ ២:៤១ ) ។

នីហ្វៃទី២ ៣១:៦–១០, ១៥–១៦, ម៉ូសាយ ១៥:៧, នីហ្វៃទី៣ ១១:១១, ១២:១៩–២០, ៤៨

ការធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​ការគោរព​ប្រតិបត្តិ ជួយ​យើង​ឲ្យ​មកឯ​ទ្រង់ និង​ព្រះវរបិតា

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហ៊ែល ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« មេរៀន​ទាំង​អម្បាលម៉ាន ដែល​យើង​រៀន​ចេញពី​ឆាក​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ គ្មាន​មេរៀន​ណា​មួយ​ដែល​ច្បាស់ និង​មាន​អំណាច​ជាង​មេរៀន​នៃ​ការគោរព​ប្រតិបត្តិ​ឡើយ » ( « If Ye Love Me, Keep My Commandments » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៣៥ ) ។

  • តើ​គំរូ​អ្វីខ្លះ​ចេញ​ពី​ឆាកជីវិត​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ពី​ការគោរព​ប្រតិបត្តិ​របស់​ទ្រង់ ?

ដើម្បី​ជួយ​សិស្ស​បន្ថែម​ទៀត សូម​ពិភាក្សា​សំណួរ​នេះ ហើយ​សុំ​ពួកគេ​ឲ្យ​អាន ម៉ូសាយ ១៥:៧ និង នីហ្វៃទី៣ ១១:១១ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​មាន​ព្រះឆន្ទៈ​នឹង​ធ្វើ ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្ដូរ​វេន​គ្នា​អាន នីហ្វៃទី២ ៣១:៦-១០, ១៥-១៦ ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​យើង​អាច​រៀន​ចេញពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ និង​ពរជ័យ​ដែល​បានមក​ពី​ការគោរព​ប្រតិបត្តិ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ មកពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ ? តើ​យើង​អាច​រៀន​អ្វីខ្លះ ចេញពី​គំរូ​របស់​ទ្រង់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​មក​ពី​ការគោរព​ប្រតិបត្តិ ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​គោលការណ៍​នេះ ៖ ពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ អំពី​ការគោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា​ទ្រង់ នោះ​យើង​នឹង​បន្ត​នៅលើ​ផ្លូវ​តូច​ចង្អៀត ដែល​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

អែលឌើរ រ៉ូបឺត ឌី ហែល

« ការគោរព​ប្រតិបត្តិ​ដែល​មាន​ភាពចាស់ទុំ​ខាង​វិញ្ញាណ គឺ ‹ ការគោរព​ប្រតិបត្តិ​របស់​ព្រះអង្គ​សង្គ្រោះ › ។ ការគោរព​ប្រតិបត្តិ​នោះ ត្រូវបាន​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ។ …សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ គឺជា​គន្លឹះ​ដើម្បី​គោរព​ប្រតិបត្តិ​ដូចជា​ព្រះអង្គ​សង្គ្រោះ » ( « If Ye Love Me, Keep My Commandments » ទំព័រ ៣៦–៣៧ ) ។

  • ហេតុអ្វី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ គឺជា « គន្លឹះ » ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ អំពី​គោលបំណង​ទាំងឡាយ​នៃ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី៣ ១២:១៩-២០, ៤៨ ដោយ​ស្ងាត់ស្ងៀម ដើម្បី​រកមើល​គោលបំណង​ទាំងនេះ ។

  • យោងតាម​ខ​ទាំងនេះ តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា អ្វី​ទៅ​ជា​មូលហេតុ​ដែល​យើង​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ព្រះបញ្ញត្តិ​ទាំងឡាយ​នេះ ? ( សិស្ស​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​តទៅនេះ ៖ ពេល​យើង​មកឯ​ព្រះគ្រីស្ទ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​អាច​ក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ និង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ) ។

  • តើ​ការគោរព​ប្រតិបត្តិ​របស់​អ្នក បាន​ជួយ​អ្នក​ឲ្យ​មកឯ​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណាខ្លះ ?

សូម​ទុក​ពេល​មួយ​ភ្លែត​ឲ្យ​សិស្ស ដើម្បី​សញ្ជឹង​គិត អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​កាន់តែ​មាន​ការគោរព​ដល់​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះវរបិតាសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​ក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ។

នីហ្វៃទី១ ៣:៤–៧, ១៥–១៦, ៤:១–២, ៧:១២, ១៧:១–៣១, ១៨:១–៤

ព្រះអម្ចាស់​ប្រទាន​ជំនួយ​ដល់​ពួកអ្នក​ទាំងឡាយ​ដែល​គោរព​ប្រតិបត្តិ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ពេល​មួយ ដែល​ការកាន់តាម​ព្រះបញ្ញត្តិ​ជាក់លាក់​មួយ​របស់​ព្រះ ហាក់ដូច​ជា​ពិបាក ឬ​ពេល​ដែល​ការបំពេញ​ការហៅ​បម្រើ ឬ​ការចាត់តាំង​មួយ​ក្នុង​សាសនាចក្រ​ជួប​នឹង​ឧបសគ្គ ។ សូម​រំឭក​សិស្ស​ថា នីហ្វៃ និង​ពួក​បងប្រុស​របស់​លោក​បានប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​អាច​ទាំង​ស្លាប់​ផង ពេលដែល​ព្រះ​បានបញ្ជា​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន​នោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នីហ្វៃទី១ ៣:៤-៧ ហើយ​រកមើល​គោលការណ៍​មួយ ដែល​ពួកគេ​បានរៀន​ចេញពី​គំរូ​របស់​នីហ្វៃ ដែល​អាច​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​ការគោរព​ប្រតិបត្តិ ។

  • តើ​គោលការណ៍​អ្វី ដែល​យើង​អាច​រៀន​ចេញពី​ការឆ្លើយតប​របស់​នីហ្វៃ ចំពោះ​ព្រះបញ្ញត្តិ​ដ៏​លំបាក​របស់​ព្រះ ? ( សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅ​លើ​ក្តារខៀន ពេល​ដែល​សិស្ស​រក​វា​ឃើញ ៖ ប្រសិន​បើ​យើង​ព្យាយាម​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​ដាក់​បញ្ញត្តិ នោះ​ទ្រង់​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​យើង ដើម្បី​សម្រេច​បាន​ការណ៍​នោះ ) ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​គោលការណ៍​នេះ សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ហើយ​ទុក​ពេល​ឲ្យ​សិស្ស​ស្រាវជ្រាវ​វា ដោយ​រកមើល​ពី​របៀប​ដែល​នីហ្វៃ​បាន​ឆ្លើយតប នៅពេល​កំពុង​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​ការណ៍​ដ៏​លំបាក ដែល​លោក​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ ៖ នីហ្វៃទី១ ៣:១៥–១៦, ៤:១–២, ៧:១២ ។ បន្ទាប់ពី​សិស្ស​ចែកចាយ​នូវ​អ្វី ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​ពន្យល់​ថា ក្រោយមក នីហ្វៃ​បាន​ពិពណ៌នា​ពី​របៀប​មួយ​ចំនួន ដែល​ព្រះអម្ចាស់​ជួយ​ដល់​ពួកអ្នក​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី១ ១៧:១–៤ ហើយ​រកមើល​របៀប​ទាំងឡាយ​ដែល​ព្រះអម្ចាស់​ជួយ​យើង ។ សូម​ឲ្យ​សិស្ស​គូស​ពណ៌​ចំណាំ​ផងដែរ នូវ​ឃ្លា​របស់​នីហ្វៃ​ដែល​ថា « ដូច្នេះ​ហើយ ទើប​យើង​ឃើញ​ថា » ដែល​ត្រូវបាន​ប្រើ​ពេញ​ក្នុង​ព្រះគម្ពីរ​មរមន ដើម្បី​រៀបចំ​អ្នក​អាន​ឲ្យ​ផ្ដល់​នូវ​ចំណាប់អារម្មណ៍​ជា​ពិសេស ដល់​ពាក្យពេចន៍​ដែល​មាន​បន្ទាប់​ពី​នោះ​ទៀត ។

នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​សរសេរ​ពាក្យពេចន៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖

ចិញ្ចឹម​បីបាច់

ពង្រឹង

ប្រទាន​មធ្យោបាយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​មើល​ត្រួសៗ​នូវ​ដំណើរ​រឿង​នៅក្នុង នីហ្វៃទី១ ១៧:៥-៣១; ១៨:១-៤ ដោយ​រកមើល​គំរូ​នានា​នៃ​របៀប​ដែល​ព្រះអម្ចាស់​បាន​ចិញ្ចឹម​បីបាច់ ពង្រឹង ឬ​ប្រទាន​ធម្យោបាយ​សម្រាប់​ក្រុមគ្រួសារ​លីហៃ ។

  • តើ​ព្រះអម្ចាស់​បាន​ចិញ្ចឹម​បីបាច់ ឬ​ពង្រឹង​ដល់​ក្រុមគ្រួសារ​របស់​លីហៃ តាម​របៀប​ណា​ខ្លះ ? តើ​ទ្រង់​បាន​ប្រទាន​មធ្យោបាយ​ដើម្បី​ជួយ​ពួកគេ​ដោយ​របៀប​ណា ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ត្រូវបាន​ប្រទាន​ដោយ​ព្រះអម្ចាស់​ដល់​ក្រុមគ្រួសារ​របស់​លីហៃ ដែល​ស្រដៀងគ្នា​ទៅ​នឹង​ពរជ័យ​ទាំងឡាយ​ដែល​យើង​ត្រូវការ​នា​ពេល​សព្វថ្ងៃ​នេះ ?

  • តើ​ពេលណា​ដែល​អ្នក​បាន​ទទួល​បទពិសោធន៍​នៃ​ជំនួយ​ពី​ព្រះអម្ចាស់ តាម​របៀប​មួយ​នៃ​របៀប​ទាំងឡាយ​នេះ ពេល​ដែល​អ្នក​បាន​ខំប្រឹងប្រែង​ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ?

សូម​រំឭក​សិស្ស​ថា ពេល​ព្រះអម្ចាស់​ស្នើ​យើង​ឲ្យ​មាន​ការគោរព​ប្រតិបត្តិ នោះ​គឺ​ដើម្បី​ទ្រង់​អាច​ប្រទាន​ដល់​យើង​នូវ​ពរជ័យ​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ ។ សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩-១៩៧៣ ) ៖

ប្រធាន ហារ៉ូល ប៊ី លី

« ក្នុង​ចំណោម​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ព្រះ ព្រះបញ្ញតិ​មួយ​ដែល​សំខាន់​បំផុត គឺជា​ព្រះបញ្ញត្តិ​មួយ​ដែល​អ្នក​មាន​ការពិបាក​បំផុត​ក្នុង​ការកាន់តាម​វា​នៅ​សព្វថ្ងៃ​នេះ​ឯង ។ … ដាក់​ព្រះបញ្ញត្តិ​នោះ​ឲ្យ​ត្រឹមត្រូវ ហើយ​បន្ទាប់​មក​អ្នក​ចាប់ផ្ដើម​គោរព​ព្រះបញ្ញត្តិ​បន្ទាប់​មួយ​ទៀត ដែល​ពិបាក​បំផុត​សម្រាប់​អ្នក​ដើម្បី​គោរព​តាម ។ នោះ​ជា​របៀប​ដើម្បី​ស្អាង​ខ្លួន​អ្នក​ឡើង ដោយ​ការរក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ » (Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ] ទំព័រ ៣០ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ព្រះបញ្ញត្តិ​មួយ ដែល​ពួកគេ​ឃើញ​ថា​មាន​ការពិបាក​យ៉ាង​ខ្លាំង​ដើម្បី​គោរព​ប្រតិបត្តិ​តាម ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​ផែនការ​មួយ​ដើម្បី​កាន់តែ​គោរព​ប្រតិបត្តិ​ច្រើន​ជាង​នេះ ដើម្បី​កាន់តែ​មាន​ភាពសក្ដិសម​ពេញលេញ ក្នុង​ការទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ។

ការអាន​របស់​សិស្ស