មេរៀនទី ៦
ព្រះគម្ពីរមរមនត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង
សេចក្ដីផ្ដើម
ព្រះគម្ពីរមរមន និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាផ្នែកនៃ « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក » ដែលព្រះបានមានព្រះបន្ទូលនៅក្នុងថ្ងៃចុងក្រោយ ( នីហ្វៃទី២ ២៥:១៧ ) ។ ដោយសារព្រះគម្ពីរមរមនរួមមាននូវភាពពេញលេញនៃដំណឹងល្អ នោះវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការយកឈ្នះលើការក្បត់សាសនា និងការនាំព្រលឹងទាំងឡាយមកឯព្រះគ្រីស្ទ ។ មេរៀននេះសង្កត់ធ្ងន់ថា បញ្ជីដ៏ពិសិដ្ឋនេះត្រូវបានសរសេរដោយអ្នកនិពន្ធដ៏ប្រកបដោយការបំផុសគំនិត ដែលបានឃើញពីជំនាន់របស់យើង ។
ការអានពីសាវតា
-
ជែហ្វ្រី អ័រ ហូឡិន « Safety for the Soul » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៨–៩០ ។
-
« Flooding the Earth and Our Lives with the Book of Mormon » ជំពូកទី ១០ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៣៧–៤៥ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី២ ២៧:៦, ២៩–៣០, ៣៥, នីហ្វៃទី៣ ២៩:១–២, ម៉ូសេ ៧:៦២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤
តួនាទីនៃព្រះគម្ពីរមរមននៅក្នុងថ្ងៃចុងក្រោយ
សូមពន្យល់សិស្សថា ព្រះគម្ពីរមរមនកត់ត្រានូវការព្យាករណ៍ទាំងឡាយដែលថា មានភាពទុច្ចរិត និងការក្បត់សាសនានៅលើផែនដីនៅក្នុងថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី២ ២៧:១, ៤-៥ ) ។ ព្រះគម្ពីរមរមនក៏មានកត់ត្រានូវដំណោះស្រាយរបស់ព្រះអម្ចាស់ចំពោះបញ្ហាទាំងនេះផងដែរ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី២ ២៧:៦, ២៩-៣០, ៣៥ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលដំណោះស្រាយរបស់ព្រះអម្ចាស់ ។
-
ស្របតាមខទាំងនេះ តើព្រះអម្ចាស់នឹងធ្វើអ្វីនៅក្នុងថ្ងៃចុងក្រោយ ដើម្បីទាស់នឹងភាពទុច្ចរិត និងការក្បត់សាសនា ?
-
តើតាមរបៀបណាខ្លះ ដែលព្រះគម្ពីរមរមនផ្ដល់ដំណោះស្រាយមួយចំពោះភាពទុច្ចរិតក្នុងថ្ងៃចុងក្រោយនេះ ?
សូមប្រាប់សិស្សថា មរមនបានកត់ត្រាការព្យាករមួយអំពីតួនាទីបន្ថែមមួយទៀតដែលព្រះគម្ពីរមរមនមាននៅក្នុងថ្ងៃចុងក្រោយ ។ សូមទុកពេលឲ្យសិស្សពីរបីនាទី ដើម្បីសិក្សា នីហ្វៃទី៣ ២៩:១–២ ហើយរកមើលការព្យាករនោះ ។ អ្នកអាចចង្អុលបង្ហាញថាឃ្លា « ពាក្យទាំងឡាយនេះ » សំដៅដល់ព្រះគម្ពីរមរមន ។
-
តើកិច្ចការសំខាន់អ្វី ដែលនឹងចាប់ផ្ដើមជាមួយនឹងការលេចមកនៃព្រះគម្ពីរមរមន ? ( ការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល ) ។
សូមពន្យល់ថា ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) បានពិពណ៌នាពីតួនាទីដ៏សំខាន់នៃព្រះគម្ពីរមរមននៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អ និងការចាប់ផ្ដើមនៃកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមឲ្យឮៗ ៖
« [ ព្រះគម្ពីរមរមន ] ត្រូវបានបោះពុម្ពតែពីរបីថ្ងៃមុនសាសនាចក្រត្រូវបានបង្កើតឡើងតែប៉ុណ្ណោះ ។ ពួកបរិសុទ្ធត្រូវបានផ្តល់ព្រះគម្ពីរមរមនឲ្យអាន មុនពេលពួកគេត្រូវបានផ្តល់ឲ្យវិវរណៈនានា ដែលជាគោលលទ្ធិដ៏អស្ចារ្យ ដូចជាកម្រិតនៃភាពរុងរឿងទាំងបី អាពាហ៍ពិពាហ៍សេឡេស្ទាល ឬកិច្ចការសម្រាប់មរណជន ។ វាបានកើតមុនកូរ៉ុមបព្វជិកភាព និងការរៀបចំសាសនាចក្រ ។ តើការណ៍នេះមិនបានប្រាប់យើងអ្វីមួយ អំពីរបៀបដែលព្រះអម្ចាស់បង្ហាញកិច្ចការពិសិដ្ឋនេះទេឬអី ? » (« The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានការលេចចេញមកនៃព្រះគម្ពីរមរមន បានកើតឡើងមុនព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតជាច្រើននៃការស្ដារឡើងវិញ ហើយសំខាន់ខ្លាំងម៉្លេះដល់កិច្ចការរបស់ព្រះអម្ចាស់ ក្នុងការប្រមូលផ្ដុំវង្សអ៊ីស្រាអែល និងយកឈ្នះភាពទុច្ចរិតនៅក្នុងថ្ងៃចុងក្រោយ ?
ដើម្បីជួយឆ្លើយសំណួរនេះ សូមឲ្យសិស្សម្នាក់អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់រកមើលអ្វីដែលមាននៅក្នុងព្រះគម្ពីរមរមន ។
-
តើមានអ្វីនៅក្នុងព្រះគម្ពីរមរមន ? ( សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ព្រះគម្ពីរមរមនមាននូវភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ) ។
-
តើអ្វីជាអត្ថន័យនៃការប្រកាសរបស់មរ៉ូណៃដែលថា ព្រះគម្ពីរមរមនមាននូវ « ភាពពោរពេញនៃដំណឹងល្អដ៏អស់កល្បជានិច្ច » ?
ដើម្បីជួយឆ្លើយនឹងសំណួរនេះ សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ព្រះអម្ចាស់ទ្រង់ផ្ទាល់បានថ្លែងថា ព្រះគម្ពីរមរមនមាននូវ ‹ ភាពពោរពេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ › ( គ. និង ស. ២០:៩ ) ។ នោះមិនមែនមានន័យថា ព្រះគម្ពីរមរមនមានគ្រប់ទាំងការបង្រៀន គ្រប់ទាំងគោលលទ្ធិដែលធ្លាប់បានបើកសម្តែងនោះឡើយ ។ តែវាមានន័យថា ក្នុងព្រះគម្ពីរមរមន យើងនឹងរកឃើញភាពពេញលេញនៃគោលលទ្ធិទាំងនោះ ដែលតម្រូវឲ្យមានសម្រាប់សេចក្តីសង្គ្រោះរបស់យើង ។ ហើយគោលលទ្ធិទាំងនោះត្រូវបានបង្រៀនយ៉ាងច្បាស់ និងសាមញ្ញ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៣១ ) ។
-
តើអ្វីខ្លះជា « គោលលទ្ធិទាំងឡាយ ដែលតម្រូវឲ្យមានសម្រាប់សេចក្តីសង្គ្រោះរបស់យើង » ដែលមាននៅក្នុងព្រះគម្ពីរមរមននោះ ? ( គោលលទ្ធិទាំងនេះ រួមមានដង្វាយធួន សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមពន្យល់ថា ព្រះអម្ចាស់បានបង្រៀនព្យាការីហេណុក អំពីសារៈសំខាន់នៃព្រះគម្ពីរមរមននៅក្នុងថ្ងៃចុងក្រោយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ូសេ ៧:៦២ ឮៗ ។ ( អ្នកអាចនឹងចង់សរសេរនៅលើក្ដារខៀនថា « សេចក្ដីសុចរិតនោះ [ បានចាត់ ] ឲ្យចុះមកពីស្ថានសួគ៌ » សំដៅដល់វិវរណៈដែលបានធ្វើឲ្យការស្ដារឡើងវិញកើតឡើងបាន ហើយ « សេចក្ដីពិតនោះ [ បានចាត់ ] ឲ្យចេញពីផែនដីទៅ » សំដៅដល់ព្រះគម្ពីរមរមន ។ សូមលើកទឹកចិត្តដល់សិស្សឲ្យសរសេរនិយមន័យទាំងនេះនៅលើគែមព្រះគម្ពីររបស់ពួកគេ ឬបង្កើតជាកំណត់ចំណាំមួយនៅក្នុងព្រះគម្ពីរអេឡិចត្រូនិចរបស់ពួកគេ ) ។
-
យោងតាមខគម្ពីរនេះ តើព្រះគម្ពីរមរមននឹងត្រូវបានប្រើប្រាស់យ៉ាងដូចម្ដេចនៅក្នុងថ្ងៃចុងក្រោយ ? ( ដើម្បីជួយប្រមូលផ្ដុំអ្នកជម្រើសរបស់ព្រះចូលក្នុងសាសនាចក្រ ពីគ្រប់ទិសទាំងបួននៃផែនដី ) ។
-
តើពេលណា ដែលអ្នកបានឃើញថា ព្រះគម្ពីរមរមនបានជួយមនុស្សម្នាក់ឲ្យប្រែចិត្តជឿទៅលើដំណឹងល្អ ហើយចូលរួមសាសនាចក្ររបស់ព្រះអម្ចាស់ ?
-
តើមានរបៀបណាខ្លះ ដែលយើងអាច « បោសផែនដី » ជាមួយនឹងសុចរិតភាព ហើយសារដំណឹងនៃព្រះគម្ពីរមរមន « ដូចជាទឹកជំនន់ » ?
សូមអញ្ជើញសិស្សឲ្យតាំងចិត្តធ្វើអ្វីមួយ ដើម្បីឲ្យដួងចិត្ត គេហដ្ឋានរបស់ពួកគេ និងផែនដីនេះ « ត្រូវលិចលង់ » ដោយសារដំណឹងនៃព្រះគម្ពីរមរមន អំឡុងសប្ដាហ៍ខាងមុខនេះ ។
នីហ្វៃទី៣ ២១:៩-១១
សេចក្ដីពិតនៃព្រះគម្ពីរមរមនទប់ទល់នឹងសេចក្ដីជំទាស់
សូមឲ្យសិស្សពិចារណាពីពេលមួយ ដែលពួកគេបានការពារព្រះគម្ពីរមរមន ឬសារដំណឹងនៃការស្ដារឡើងវិញនៃដំណឹងល្អ ទាស់នឹងសេចក្ដីជំទាស់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី៣ ២១:៩-១១ ឮៗ ។ មុនពេលសិស្សចាប់ផ្ដើមអាន សូមពន្យល់ថា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានរកឃើញអត្តសញ្ញាណនៃពាក្យ « អ្នកបម្រើ » នៅក្នុងខគម្ពីរទាំងនេះថាជា ព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៨៧-៨៨ ) ។
-
តើព្យាការី យ៉ូសែប ស៊្មីធ ត្រូវនឹងការពិពណ៌នាដែលមានក្នុងខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ?
-
យោងតាមខគម្ពីរទាំងនេះ តើព្រះអង្គសង្គ្រោះនឹងបង្ហាញអ្វីដល់ប្រជាជនដែលទាស់នឹង យ៉ូសែប ស្ម៊ីធ និងព្រះគម្ពីរមរមននៅថ្ងៃចុងក្រោយ ? ( សូមជួយសិស្សឲ្យរកឃើញគោលលទ្ធិដូចតទៅនេះ ៖ ព្រះប្រាជ្ញារបស់ព្រះគឺធំជាងល្បិចកលរបស់អារក្ស ) ។
-
តើព្រះគម្ពីរមរមនជួយបង្ហាញថា « ប្រាជ្ញា [ របស់ព្រះ ] ធំជាងល្បិចកលរបស់អារក្ស » យ៉ាងដូចម្ដេចដែរ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អស់ពេលជាច្រើនឆ្នាំ [ ជាង ១៨០ ឆ្នាំ ] ព្រះគម្ពីរនេះត្រូវបានគេពិនិត្យមើល ហើយវាយប្រហារ ត្រូវបានគេបដិសេធ និងបំផ្លាញ ត្រូវបានគេយកធ្វើជាផ្ទាំងស៊ីប ហើយត្រូវបានហែកកំទេចដែលប្រហែលជាពុំដូចជាព្រះគម្ពីរដទៃទៀតឡើយនៅក្នុងប្រវត្តិសាស្ត្រសាសនាសម័យទំនើបនេះ—ប្រហែលជាពុំដូចជាព្រះគម្ពីរដទៃទៀតនៅប្រវត្តិសាស្ត្រសាសនាណាមួយឡើយ ។ ហើយវានៅតែឈរយ៉ាងរឹងមាំ ។ ទ្រឹស្តីខុសឆ្គងអំពីប្រភពដើមរបស់វាបានកើតឡើង ហើយត្រាប់តាម ហើយក៏រលត់បាត់ទៅ ។ … គ្មានចម្លើយណាមួយនៃចម្លើយដ៏គួរឲ្យរំភើបទាំងនេះ សម្រាប់គម្ពីរនេះ ដែលឆ្លងកាត់ផុតការត្រួតពិនិត្យនោះទេ ព្រោះគ្មានចម្លើយណាផ្សេងទៀត ជាងចម្លើយដែលយ៉ូសែប បានផ្ដល់ឲ្យក្នុងនាមជាអ្នកបកប្រែវ័យក្មេងដែលគ្មានការអប់រំនោះទេ ។ ក្នុងការណ៍នេះ ខ្ញុំសូមឈរជាមួយជីតាទួតរបស់ខ្ញុំដែលបានមានប្រសាសន៍តែប៉ុណ្ណេះថា ‹ គ្មានមនុស្សទុច្ចរិតណាអាចសរសេរសៀវភៅដូចនេះបានឡើយ ហើយក៏ពុំមានមនុស្សសុចរិតណានឹងសរសេរវាដែរ លុះត្រាណាតែវាជាការពិត ហើយគាត់ត្រូវបានបញ្ជាដោយព្រះឲ្យធ្វើដូច្នោះប៉ុណ្ណោះ › » ( « Safety for the Soul » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៩ ) ។
-
តើអ្នកគិតថាហេតុអ្វីបានជាមានការជំទាស់នឹងព្រះគម្ពីរមរមនច្រើនម៉្លេះ ?
-
តើបទពិសោធន៍អ្វីខ្លះ ដែលបានបង្រៀនអ្នកថាព្រះគម្ពីរមរមនអាចទប់ទប់នឹងការជំទាស់ ?
-
តើអ្នកបានមានអារម្មណ៍យ៉ាងណា ហើយអ្វីដែលអ្នកបានរៀន ពេលដែលអ្នកបានបង្រៀនអ្នកផ្សេងទៀតអំពីព្រះគម្ពីរមរមន ឬបានការពារពីភាពពេញលេញរបស់វា ?
មរមន ៨:១-៥, ២៦-៣៥
ព្រះគម្ពីរមរមនត្រូវបានសរសេរឡើង សម្រាប់ជំនាន់របស់យើង
សូមរំឭកសិស្សថា មរ៉ូណៃបានឃើញពីការបំផ្លិចបំផ្លាញអារ្យធម៌របស់លោក ។ សូមឲ្យសិស្សអាន មរមន ៨:១-៥ ហើយពិចារណាពីអ្វីដែលមរ៉ូណៃ អាចត្រូវបានតម្រូវឲ្យធ្វើដើម្បីការពារផ្ទាំងមាស ។
-
សូមស្រមៃថា អ្នកជាមរ៉ូណៃ ។ តើមានមូលហេតុអ្វីខ្លះ ដែលអ្នកចង់ឲ្យអ្នកដទៃអានបញ្ជីរបស់អ្នក ?
សូមឲ្យសិស្សអាន មរមន ៨:២៦-៣៥ ដោយរកមើលអ្វីដែលមរ៉ូណៃបានព្យាករអំពីលក្ខខណ្ឌទាំងឡាយនៅអំឡុងពេលដែលព្រះគម្ពីរមរមននឹងចេញមក ។ អ្នកអាចលើកទឹកចិត្តដល់សិស្សឲ្យគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
តើមរ៉ូណៃបានពិពណ៌នាយ៉ាងណា ពីពេលវេលាដែលព្រះគម្ពីរមរមន នឹងត្រូវបាននាំចេញមក ? ( វានឹងជាគ្រានៃការក្បត់សាសនា និងទុច្ចរិតភាព ) ។
-
ដោយផ្អែកលើ ខ ៣៥ តើអ្នកអាចធ្វើការសន្មតបានយ៉ាងណា ? ( អ្នកអាចនឹងចង្អុលបង្ហាញថា ជាការបន្ថែមដល់មរ៉ូណៃ ព្យាការីផ្សេងៗទៀត រួមទាំងនីហ្វៃ យ៉ាកុប និងមរមន បានថ្លែងថា ពួកលោកបានសរសេរសម្រាប់ជំនាន់ក្នុងពេលអនាគត ។ សូមគិតពីការឲ្យសិស្សធ្វើខគម្ពីរយោង ខ ៣៥ ជាមួយនឹង នីហ្វៃទី២ ២៥:២១-២២ និង មរមន ៧:១ ) ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើង ដើម្បីដឹងថា មរ៉ូណៃ និងអ្នកនិពន្ធព្រះគម្ពីរមរមនផ្សេងៗទៀត បានជ្រាបដឹងពីបញ្ហាដែលយើងជួបនាសព្វថ្ងៃនេះ ? ( នៅពេលអ្នកពិភាក្សាពីសំណួរនេះ សូមសង្កត់ធ្ងន់ពីសេចក្ដីពិតដូចតទៅនេះ ៖ ការបង្រៀនទាំងឡាយនៅក្នុងព្រះគម្ពីរមរមន មានតម្លៃមហិមាដល់យើងសព្វថ្ងៃនេះ ព្រោះអ្នកនិពន្ធបានជ្រាបដឹងពីបញ្ហាដែលយើងនឹងប្រឈមជាមួយ ) ។
ដើម្បីជួយសិស្សឲ្យយល់សេចក្ដីពិតនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ ដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« ព្រះគម្ពីរ មរមន … ត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង ។ ពួកសាសន៍នីហ្វៃពុំធ្លាប់មានព្រះគម្ពីរនេះឡើយ ពួកសាសន៍លេមិនពីជំនាន់បុរាណក៏គ្មានដែរ ។ វាគឺសម្រាប់យើង ។ មរមនបានសរសេរជិតចុងបញ្ចប់នៃអារ្យធម៌សាសន៍នីហ្វៃ ។ ក្រោមការបំផុតគំនិតនៃព្រះ ជាអ្នកដែលឃើញគ្រប់ការណ៍ទាំងអស់តាំងពីដំបូងមក លោកបានសង្ខេបនូវបញ្ជីទាំងឡាយ ការជ្រើសរើសរឿង ពាក្យពេចន៍ និងហេតុការណ៍ជាច្រើនដែលបានកត់ជាច្រើនសតវត្សរ៍ ដែលអាចជាជំនួយដ៏ខ្លាំងបំផុតចំពោះយើង ។
« អ្នកនិពន្ធដ៏សំខាន់ម្នាក់ៗនៃព្រះគម្ពីរមរមន បានធ្វើទីបន្ទាល់ថា លោកបានសរសេរសម្រាប់ជំនាន់ទាំងឡាយនាពេលអនាគត ។ … បើសិនជាពួកលោកបានឃើញសម័យរបស់យើង និងបានជ្រើសរើសការណ៍ទាំងនោះដែលអាចមានតម្លៃអស្ចារ្យបំផុតដល់យើង តើនោះមិនមែនជារបៀបដែលយើងគួរតែសិក្សាព្រះគម្ពីរមរមនទេឬអី ? យើងគួរតែសួរខ្លួនឯងឥតឈប់ឈរថា ‹ ហេតុអ្វីបានជាព្រះអម្ចាស់បំផុសគំនិតមរមន ( ឬមរ៉ូណៃ ឬអាលម៉ា ) ឲ្យបញ្ចូលការណ៍នោះក្នុងបញ្ជីរបស់លោក ? តើមេរៀនអ្វី ដែលខ្ញុំអាចរៀនចេញពីចំណុចនោះ ដើម្បីជួយខ្ញុំរស់នៅក្នុងសម័យកាលនេះ និងក្នុងស្ថានភាពនេះបាន › ? » ( Teachings: Ezra Taft Benson ទំព័រ ១៤០ ) ។
-
តើការចងចាំថា ព្រះគម្ពីរមរមនត្រូវបានសរសេរឡើងទុកសម្រាប់ជំនាន់របស់យើង អាចផ្លាស់ប្ដូររបៀបដែលយើងអានវាដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍ទាំងឡាយ អំពីរបៀបដែលព្រះគម្ពីរមរមនបានផ្ដល់ដល់ពួកគេនូវការដឹកនាំ ភាពរឹងមាំ ចម្លើយចំពោះសំណួរ ឬដំណោះស្រាយចំពោះបញ្ហានានាទាំងនោះ ។
ការអានរបស់សិស្ស
-
នីហ្វៃទី២ ២៥:១៧–១៨, នីហ្វៃទី៣ ២១:៩–១១, ២៩:១–៤, មរមន ៨:១–៥, ២៦–៣៥, អេធើរ ១២:២២–២៦, ម៉ូសេ ៧:៦២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤ ។
-
« Flooding the Earth and Our Lives with the Book of Mormon » ជំពូកទី ១០ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៣៧–៤៥ ។