មេរៀនទី ៨
សេចក្ដីសង្គ្រោះបានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ
សេចក្ដីផ្ដើម
ការប្រឹងប្រែងរបស់យើងដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ គឺចាំបាច់ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យយើងសក្ដិសមនឹងទទួលសេចក្ដីសង្គ្រោះឡើយ ។ សេចក្ដីសង្គ្រោះរបស់យើងអាចកើតឡើងបានមានតែតាមរយៈបុណ្យគុណ សេចក្ដីមេត្តាករុណា និងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ គោលលទ្ធិរបស់ព្រះគ្រីស្ទជួយយើងឲ្យយល់ថា តាមរយៈព្រះគុណរបស់ទ្រង់ នោះយើងអាចរៀនដំណឹងល្អ ទទួលពិធីបរិសុទ្ធ និងឈានទៅមុខនៅលើផ្លូវដែលដឹកនាំយើងទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
ការអានពីសាវតា
-
ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧–១០ ។
-
អិល ថម ភែរី « The Gospel of Jesus Christ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤៤–៤៦ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី២ ២:៦–៩, ២៥:២៣, ម៉ូសាយ ៤:៦–៨
សេចក្ដីសង្គ្រោះអាចកើតឡើងបានដោយសារព្រះយេស៊ូវគ្រីស្ទ
សូមបង្ហាញ និងអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« មនុស្សជាច្រើនឆ្ងល់ថា ‹ តើយើងបានមកពីណា ? ហេតុអ្វីយើងនៅទីនេះ ? តើយើងនឹងទៅណា ? › ព្រះវរបិតាដ៏អស់កល្បរបស់យើង ពុំបញ្ជូនយើងមកផែនដី មកនៅលើដំណើរមួយដែលគ្មានគោលបំណង និងគ្មានន័យនោះទេ ។ ទ្រង់បានប្រទានផែនការមួយឲ្យយើងធ្វើតាម ។ ទ្រង់គឺអង្គនិពន្ធនៃផែនការនោះ ។ វាត្រូវបានរៀបចំឡើងដើម្បីនាំឲ្យមានការរីកចម្រើន និងសម្រាប់សេចក្ដីសង្គ្រោះ និងការលើកតម្កើងដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្ស » ( « The Plan of Salvation » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៩-៧០ ) ។
-
ពេលមនុស្សដឹងថា ព្រះពុំបានទុកពួកគេឲ្យវង្វេងតែឯងក្នុងជីវិតរមែងស្លាប់ តែបានប្រទានដល់ពួកគេនូវផែនការមួយសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេ នោះតើអ្នកគិតថា ពួកគេអាចនឹងមានអារម្មណ៍យ៉ាងណាដែរ ?
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី២ ២:៦-៩ ដោយស្វែងរកអ្វីដែលព្យាការីលីហៃបានមានប្រសាសន៍ពីការធ្វើឲ្យសេចក្ដីសង្គ្រោះកើតមានបាន ។
-
យោងតាមលីហៃ តើអ្វីដែលធ្វើឲ្យសេចក្ដីសង្គ្រោះកើតឡើងបានក្នុងផែនការរបស់ព្រះ ? ( សិស្សគួរតែរកឃើញនូវអ្វីដែលមានដូចតទៅនេះ ៖ យើងអាចត្រូវបានសង្គ្រោះ តែតាមរយៈបុណ្យគុណ សេចក្ដីមេត្តាករុណា និងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ ។ អ្នកអាចចែកចាយនិយមន័យដូចតទៅនេះ អំពីអត្ថន័យនៃការដែលត្រូវបានសង្គ្រោះ ឬទទួលសេចក្ដីសង្គ្រោះ ៖ « សេចក្ដីសង្គ្រោះ ក្នុងន័យពិត និងពេញលេញរបស់វា គឺជាសទិសន័យនឹង ភាពលើកតម្កើង ឬ ជីវិតដ៏នៅអស់កល្បជានិច្ច ហើយរួមសំខាន់នោះគឺ ការទទួលមរតកនៅក្នុងស្ថានដ៏ខ្ពស់បំផុតនៃស្ថានសួគ៌ទាំងបីនៅក្នុងនគរសេឡេស្ទាល ។ នេះហើយជាសេចក្ដីសង្គ្រោះដែលព្រះគម្ពីរលើកឡើង ដោយមានការលើកលែងតែបន្តិចប៉ុណ្ណោះ » [ Bruce R. McConkie, Mormon Doctrine ការកែសម្រួលលើកទីពីរ ( ឆ្នាំ ១៩៦៦ ) ទំព័រ ៦៧០ ] ) ។
-
តើអ្វីទៅជាអត្ថន័យនៃ បុណ្យគុណ សេចក្ដីមេត្តាករុណា និងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ? ( បុណ្យគុណនៃព្រះយេស៊ូវគ្រីស្ទ គឺជាទង្វើដ៏សុចរិតរបស់ទ្រង់ ជាពិសេសគឺដង្វាយធួនរបស់ទ្រង់ ។ សេចក្ដីមេត្តាករុណា សំដៅដល់សេចក្ដីអាណិតអាសូរ និងការអត់ធន់ ដែលទ្រង់ប្រទានដល់យើង ថ្វីបើយើងមានអំពើបាបក៏ដោយ ។ ព្រះគុណ សំដៅដល់ជំនួយដែលទ្រង់ប្រទានដល់យើង ក្នុងទម្រង់នៃសេចក្ដីមេត្តាករុណា សេចក្ដីស្រឡាញ់ សេចក្ដីសណ្ដោស និងព្រះចេស្ដាដ៏ជាជំនួយដែលអនុញ្ញាតឲ្យយើងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច និងភាពលើកតម្កើង បន្ទាប់ពីយើងបានពង្រីកការប្រឹងប្រែងរបស់យើងឲ្យអស់ពីសមត្ថភាពរបស់យើង ។ សូមមើល Bible Dictionary « Grace » ) ។
ដើម្បីជួយឲ្យការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅអំពីគោលលទ្ធិនេះ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ហើយឲ្យសិស្សម្នាក់អានវាឮៗ ៖
« យើងពុំអាចរកវិធីរបស់យើងត្រឡប់ទៅស្ថានសួគ៌វិញទេ ការទាមទារនៃសេចក្ដីយុត្តិធម៌ឈរជារនាំង ដែលយើងគ្មានអំណាចដើម្បីយកឈ្នះដោយខ្លួនឯងឡើយ ។
« ប៉ុន្តែ មនុស្សគ្រប់រូបមិនវិនាសបង់ឡើយ ។
« ព្រះគុណនៃព្រះគឺជាសេចក្ដីសង្ឃឹមដ៏ធំ និងគ្មានទីបំផុត ។
« តាមរយៈពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ផែនការនៃសេចក្ដីមេត្តាករុណា ធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ [ សូមមើល អាលម៉ា ៤២:១៥ ] » ( « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ ) ។
-
ហេតុអ្វីក៏សេចក្ដីសុចរិតផ្ទាល់របស់មនុស្សម្នាក់ មិនគ្រប់គ្រាន់សម្រាប់ « ការទាមទារទាំងឡាយនៃសេចក្ដីយុត្តិធម៌ » ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ? ( ថ្វីបើក្នុងពេលដែលយើងអាចនឹងរៀនរស់នៅតាមព្រះបញ្ញត្តិដោយឥតខ្ចោះក្ដី ក៏គ្មាននរណាម្នាក់ធ្លាប់បានរស់នៅក្នុងជីវិតមួយដ៏ឥតខ្ចោះឡើយ លើកលែងតែព្រះអង្គសង្គ្រោះប៉ុណ្ណោះ [ សូមមើល រ៉ូម ៣:២៣ ] ។ ទោះបីជាយើងអាចនឹងឈប់ធ្វើអំពើបាប តែយើងពុំអាចលុបចេញនូវអំពើអាក្រក់ ឬកំហុសនៃសកម្មភាពអតីតកាលរបស់យើងឡើយ ។ នេះជាមូលហេតុដែលដង្វាយធួន និងព្រះគុណគឺជាការចាំបាច់ ) ។
សូមរំឭកសិស្សថា ខណៈដែលយើងត្រូវបានសង្គ្រោះតែតាមរយៈបុណ្យគុណ សេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ នោះពួកព្យាការីនៅក្នុងព្រះគម្ពីរមរមនបានបង្រៀនពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានអំណាចដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ូសាយ ៤:៦-៨ ឮៗ ហើយឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលស្ដេចបេនយ៉ាមីនបានបង្រៀនថា យើងត្រូវតែធ្វើដើម្បីទទួលបានសេចក្ដីសង្គ្រោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
-
យោងតាមស្ដេចបេនយ៉ាមីន តើយើងត្រូវតែធ្វើអ្វីខ្លះ ដើម្បីទទួលបានសេចក្ដីសង្គ្រោះតាមរយៈដង្វាយធួន ? ( មានការចេះដឹងអំពីព្រះ និងដង្វាយធួន ដាក់ទីទុកចិត្តរបស់យើងទៅលើព្រះ កាន់តាមព្រះបញ្ញត្តិដោយឧស្សាហ៍ព្យាយាម និងបន្តដោយស្មោះត្រង់ទៅដល់ទីបញ្ចប់នៃជីវិតយើង ) ។
សូមឲ្យសិស្សអាន នីហ្វៃទី២ ២៥:២៣ ។
-
តើគោលលទ្ធិអ្វី ដែលនីហ្វៃបានបង្រៀនស្ដីអំពីសេចក្ដីសង្គ្រោះរបស់យើង ? ( សិស្សគួរតែរកឃើញគោលលទ្ធិដូចតទៅនេះ ៖ ដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានសង្គ្រោះដោយព្រះគុណ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ។ សូមជួយសិស្សឲ្យយល់ថា មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលយើងអាចក្លាយជាបរិសុទ្ធ ហើយដូចជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌បាន ) ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលលទ្ធិនេះកាន់តែច្បាស់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) ឮៗ ៖
« ‹ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន › រួមមានការពង្រីកនូវការប្រឹងប្រែងរបស់យើងឲ្យអស់ពីសមត្ថភាព ។ វារួមមានទាំងការរស់នៅតាមព្រះបញ្ញត្តិទាំងឡាយ ។
« ‹ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន › រួមមានការស្រឡាញ់អ្នកជិតខាងយើង និងការអធិស្ឋានសម្រាប់ពួកអ្នកដែលចាត់ទុកយើងថាជាមារសត្រូវរបស់គេ ។ វាមានន័យថា ស្លៀកពាក់ឲ្យអ្នកអាក្រាត ផ្ដល់ចំណីដល់អ្នកអត់ឃ្លាន សួរសុខទុក្ខអ្នកឈឺ និង ‹ ជួយដល់អស់អ្នកណាដែលត្រូវការជំនួយពី [ យើង ] › ( ម៉ូសាយ ៤:១៦ )—ដោយចងចាំថា អ្វីដែលយើងធ្វើដល់មនុស្សម្នាក់ដ៏តូចបំផុតរបស់ព្រះ គឺយើងបានធ្វើដល់ទ្រង់ ។
« ‹ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន › មានន័យថាការដឹកនាំជីវិតដែលបរិសុទ្ធ ស្អាតស្អំ ត្រឹមត្រូវ ដោយទៀងត្រង់យ៉ាងល្អិតល្អន់នៅក្នុងគ្រប់អ្វីទាំងអស់ដែលយើងដោះស្រាយ និងប្រព្រឹត្តចំពោះអ្នកដទៃទៀត តាមរបៀបដែលយើងចង់ឲ្យគេប្រព្រឹត្តនឹងយើងវិញ » ( « Redemption through Christ after All We Can Do » Liahona ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។
-
តើនៅក្នុងរបៀបណាខ្លះ ដែលអ្នកបានទទួលបទពិសោធន៍ពីព្រះគុណរបស់ព្រះអង្គសង្គ្រោះ ជួយអ្នកលើសពីសមត្ថភាពរបស់អ្នកផ្ទាល់ ពេលដែលអ្នកបានពង្រីកការប្រឹងប្រែងរបស់អ្នកដោយអស់ពីសមត្ថភាពអ្នកដើម្បីមកឯទ្រង់នោះ ?
សូមប្រើប្រាស់សេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ផងដែរ ដើម្បីជួយសិស្សពិចារណាពីសំណួរនេះមុនពេលពួកគេឆ្លើយតប ៖
« ក្នុងនាមជាសាសនាចក្រមួយ យើងយល់ស្របជាមួយនឹងនីហ្វៃ ដែលលោកបានមានប្រសាសន៍ថា ‹ មានតែដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន › ( នីហ្វៃទី២ ២៥:២៣ ) ។ …
« ដោយសារព្រះគុណ ព្រះអង្គសង្គ្រោះបានសម្រេចនូវការពលិកម្មដ៏ធួនរបស់ទ្រង់ ដើម្បីឲ្យមនុស្សលោកទាំងអស់នឹងទទួលបានអមតភាព ។
« ដោយព្រះគុណទ្រង់ និងដោយសារសេចក្ដីជំនឿរបស់យើងទៅលើដង្វាយធួនរបស់ទ្រង់ ព្រមទាំងការប្រែចិត្តពីអំពីបាបរបស់យើង នោះយើងទទួលបានកម្លាំងដើម្បីធ្វើកិច្ចការទាំងឡាយដែលចាំបាច់ ដែលយើងពុំអាចធ្វើបានដោយអំណាចរបស់យើងផ្ទាល់ ។
« ដោយសារព្រះគុណទ្រង់ នោះយើងទទួលបាននូវអំណោយទានពិសិដ្ឋនៃពរជ័យ និងកម្លាំងខាងវិញ្ញាណ ដែលនៅទីបំផុតដឹកនាំយើងទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ប្រសិនបើយើងស៊ូទ្រាំដល់ទីបំផុត ។
« ដោយសារព្រះគុណទ្រង់ នោះយើងប្រែកាន់តែមានបុគ្គលិកលក្ខណៈដ៏ទេវភាពដូចទ្រង់ » ( « Redemption through Christ after All We Can Do » ទំព័រ ៤–៥ ) ។
-
តើអ្នកគិតថា យើងអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញការដឹងគុណរបស់យើងចំពោះអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យកើតឡើងបាននោះ ?
សូមថ្លែងទីបន្ទាល់ថា មានតែតាមរយៈព្រះគុណដែលកើតមានឡើងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលយើងអាចយកឈ្នះលើឥទ្ធិពលនៃការធ្លាក់របស់អ័ដាម និងអេវ៉ា ទទួលបានការផ្ដាច់បាប យកឈ្នះលើភាពមិនឥតខ្ចោះ និងរីកលូតលាស់ឆ្ពោះទៅរកភាពឥតខ្ចោះបាន ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាថា ពួកគេកំពុងធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើដើម្បីទទួលបានពរជ័យនៃព្រះគុណរបស់ព្រះអម្ចាស់ឬទេ ។
នីហ្វៃទី២ ៣១:២, ១០–២១, នីហ្វៃទី៣ ១១:៣១–៤០, នីហ្វៃទី៣ ២៧:១៣–២២
គោលលទ្ធិនៃព្រះគ្រីស្ទ
សូមសរសេរបទគម្ពីរយោងខាងក្រោមនេះនៅលើក្ដារខៀន ៖
សូមចាត់សិស្សក្នុងថ្នាក់មួយក្រុមឲ្យសិក្សា នីហ្វៃទី២ ៣១:២, ១០-២១ ហើយសិស្សក្រុមទីពីរសិក្សា នីហ្វៃទី៣ ១១:៣១-៤០ និងសិស្សក្រុមទីបីសិក្សា នីហ្វៃទី៣ ២៧:១៣-២២ ។ មុនពេលសិស្សចាប់ផ្ដើម សូមចង្អុលបង្ហាញថា វគ្គបទគម្ពីរទាំងនេះមាននូវវាក្យសព្ទ « គោលលទ្ធិនៃព្រះគ្រីស្ទ » « គោលលទ្ធិរបស់យើង » ឬ « ដំណឹងល្អរបស់យើង » ។ សូមពន្យល់ថា គោលលទ្ធិ ឬដំណឹងល្អនៃព្រះគ្រីស្ទ រួមមាននូវអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ហើយបន្តធ្វើ ដើម្បីនាំយើងទៅកាន់ព្រះវរបិតាវិញ ។ វាក៏រួមមាននូវអ្វីដែលយើងត្រូវតែធ្វើ ដើម្បីទទួលបានពរជ័យទាំងឡាយនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យរកមើល និងគូសចំណាំអ្វីដែលខគម្ពីររបស់ពួកគេបង្រៀន អំពីគោលលទ្ធិនៃព្រះគ្រីស្ទ—គឺអ្វីដែលព្រះគ្រីស្ទបានធ្វើ និងអ្វីដែលយើងត្រូវធ្វើ ។
បន្ទាប់ពីសិស្សមានពេលពីរបីនាទីដើម្បីសិក្សាពីវគ្គបទគម្ពីរដែលបានចាត់ដល់ពួកគេហើយ សូមឲ្យពួកគេសរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេរកឃើញ នៅក្បែរបទគម្ពីរយោងនីមួយៗ ។ បន្ទាប់មកសូមសួរ ៖
-
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វី ដើម្បីនាំយើងទៅឯព្រះវរបិតា ?
-
តើមានការណ៍មួយចំនួនអ្វីខ្លះ ដែលយើងត្រូវតែធ្វើ ដើម្បីទទួលបានពរជ័យទាំងឡាយនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ? ( យើងត្រូវតែមានសេចក្ដីជំនឿ ប្រែចិត្ត ទទួលបុណ្យជ្រមុជក្នុងទឹក ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ស៊ូទ្រាំដល់ទីបំផុត ហើយទទួល និងប្រតិបត្តិតាមវិវរណៈផ្ទាល់ខ្លួន ) ។
-
តើអ្នកអាចសង្ខេបយ៉ាងដូចម្ដេច អំពីសារៈសំខាន់នៃការរស់នៅតាមគោលលទ្ធិ ឬដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ? ( សិស្សគួររកឃើញគោលការណ៍មួយដែលស្រដៀងគ្នានឹងគោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងរស់នៅស្របតាមគោលលទ្ធិនៃព្រះគ្រីស្ទ នោះយើងនឹងទទួលបានពរជ័យនៃដង្វាយធួន និងជីវិតដ៏នៅអស់កល្បជានិច្ច ) ។
យោងតាមសេចក្ដីត្រូវការរបស់សិស្សអ្នក សូមគិតពីការសួរសំណួរដូចខាងក្រោម ដើម្បីជួយពួកគេវិភាគកាន់តែជ្រៅអំពីវគ្គបទគម្ពីរដែលពួកគេបានអាន ៖
-
តើឃ្លាមួយណានៅក្នុង នីហ្វៃទី២ ៣១:២០ ដែលមានន័យពិសេសចំពោះអ្នក ហើយថាតើវាជួយអ្នកឲ្យទទួលបានពរជ័យនៃដង្វាយធួនយ៉ាងដូចម្ដេច ?
-
ដូចមានបង្រៀននៅក្នុង នីហ្វៃទី២ ៣១:១៣–១៤, ១៧ តើវាមានន័យយ៉ាងណាដែលត្រូវបានជ្រមុជ « ដោយភ្លើង » ? ( មនុស្សម្នាក់ទទួលការផ្ដាច់បាប និងការសម្អាត ដែលបានមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ) ។
-
យោងតាម នីហ្វៃទី៣ ១១:៣៩-៤០ តើហេតុអ្វីវាសំខាន់ចំពោះមនុស្សម្នាក់ៗ ដើម្បីទទួលយកគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ? ( អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យធ្វើសេចក្ដីយោងវគ្គបទគម្ពីរនេះជាមួយនឹង ហេលេមិន ៥:១២ ) ។
-
យោងតាម នីហ្វៃទី៣ ២៧:១៤-១៦ តើអ្វីកើតឡើងចំពោះយើង ពេលយើងរស់នៅតាមគោលលទ្ធិ ឬដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?
សូមបញ្ចប់ដោយការបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះចេញពី ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ សូមអញ្ជើញសិស្សឲ្យអានវា ហើយរកមើលរបៀបទាំងឡាយ ដែលការរស់នៅតាមគោលលទ្ធិនៃព្រះគ្រីស្ទ អាចផ្ដល់ពរជ័យដល់ពួកគេអស់ពេញជីវិតគេ ។
« បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ នឹងចាប់ផ្តើមធ្វើតាមគំរូព្រះយេស៊ូវគ្រីស្ទ នៅពេលដែលពួកគេអនុវត្តសេចក្តីជំនឿលើទ្រង់ ហើយប្រែចិត្តពីអំពើបាបរបស់ពួកគេ ។ ពួកគេទទួលការរំដោះបាបតាមរយៈពិធីបុណ្យជ្រមុជទឹក និងដោយការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធពីមនុស្សម្នាក់ដែលមានសិទ្ធិអំណាចមកពីព្រះ ដើម្បីធ្វើពិធីបរិសុទ្ធទាំងនេះ ។ បន្ទាប់មក ពួកគេស៊ូទ្រាំដល់ទីបំផុត ឬអាចនិយាយបានថា ពួកគេត្រូវបន្តរហូតអស់មួយជីវិត នៅក្នុងការអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទ ដោយការប្រែចិត្ត និងការរំឭកសេចក្តីសញ្ញាដែលពួកគេបានធ្វើ ។ ទាំងអស់នេះមិនមែនជាជំហានដែលពួកគេគ្រាន់តែធ្វើតែម្តងក្នុងមួយជីវិតនោះទេ ប៉ុន្តែនៅពេលដែលពួកគេធ្វើម្តងហើយម្តងទៀត នោះគោលការណ៍ទាំងនេះនឹងក្លាយទៅជាគំរូនៃរង្វាន់សម្រាប់ជីវិតកាន់តែប្រសើរឡើង ។ ជាការពិត នេះគឺជាវិធីតែមួយគត់នៃការរស់នៅ ដែលនឹងនាំមកនូវភាពសុខសាន្តនៃមនសិការ ហើយអាចធ្វើឲ្យកូនចៅព្រះវិរបិតាសួគ៌ អាចត្រឡប់ទៅរស់នៅក្នុងទីវត្តមានរបស់ទ្រង់ » ( ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ ២០០៤ ] ទំព័រ ៦ ) ។
-
តើតាមរបៀបណាខ្លះ ដែលការរស់នៅតាមគោលលទ្ធិរបស់ព្រះគ្រីស្ទ « ក្លាយទៅជាគំរូនៃរង្វាន់សម្រាប់ជីវិតកាន់តែប្រសើរឡើង » សម្រាប់អ្នក ?
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិត ថាតើពួកគេកំពុងរស់នៅតាមគោលលទ្ធិរបស់ព្រះគ្រីស្ទបានល្អប៉ុណ្ណា ។ សូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេអាចធ្វើប្រសើរជាងនេះ ដើម្បីទទួលបានពរជ័យនៃការរស់នៅតាមគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
ការអានរបស់សិស្ស
-
នីហ្វៃទី២ ២:៦–៩, ២៥:២៣, ៣១:២–២១, ម៉ូសាយ ៤:៦–៨, នីហ្វៃទី៣ ១១:៣១–៤០, ២៧:១៣–២២ ។
-
ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧–១០ ។