ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះចេស្ដា​ដែល​ធ្វើ​ឲ្យ​រឹងមាំ​របស់​ព្រះយេស៊ូវគ្រីស្ទ


« មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះចេស្ដា​ដែល​ធ្វើ​ឲ្យ​រឹងមាំ​របស់​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ព្រះចេស្ដា​ដែល​ធ្វើ​ឲ្យ​រឹងមាំ​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះហស្ដ​របស់​ទ្រង់​នៅតែ​ឈោង​មក ដោយ អេលីហ្សាប៊ែត ថេយើរ

សូម​គិត​រយៈពេល​មួយ​នាទី ដល់​ពេលវេលា​ដែល​អ្នក​បាន​មាន​ការលំបាក​ខាង​រាងកាយ ខាង​ស្មារតី ខាង​សតិ​អារម្មណ៍ ឬ​ខាង​វិញ្ញាណ ។ សូម​គិត​ផងដែរ​អំពី​អារម្មណ៍​ទន់ខ្សោយ ឬ​មិន​គ្រប់គ្រាន់​របស់​អ្នក ។ ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​សង្កេត​ឃើញ​ថា « ដោយសារ​ដង្វាយ​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះចេស្តា​ដើម្បី​ជួយ—ប្រទាន​ជំនួយ—ដល់​ការឈឺចាប់ និង​ការរងទុក្ខ​នៃ​ជីវិត​រមែង​ស្លាប់​គ្រប់​បែប​យ៉ាង » ( « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦២ ) ។ នៅពេល​អ្នក​សិក្សា​បន្ថែម​ទៀត​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ ហើយ​នឹង​បន្ដ​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​ការឈឺចាប់ ហើយ​យកឈ្នះ​ភាពទន់ខ្សោយ​នៅក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ១

តើ​ព្រះអង្គ​សង្រ្គោះ​អាច​ជួយ​ខ្ញុំ​ជាមួយ​នឹង​ការឈឺចាប់ និង​ការរងទុក្ខ​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

ប្រធាន ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ បាន​ថ្លែង​ពី​ទំហំ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​នេះ ៖

ប្រធាន ថាត អរ ខាលីស្ទើរ

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ … [ បាន ] ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ហើយ​មាន​អំណរ​ដ៏​ពេញលេញ​មួយ ។ ការណ៍​នេះ​អាច​សម្រេច​បាន​តាមរយៈ​ការយក​ឈ្នះ​លើ​ឧបសគ្គ​បួន​យ៉ាង ៖

  1. សេចក្ដីស្លាប់​ខាង​រាងកាយ

  2. សេចក្ដីស្លាប់​ខាង​វិញ្ញាណ ដែល​កើត​មាន​ដោយសារ​អ័ដាម និង​ដោយសារ​អំពើបាប​របស់​យើង

  3. ទុក្ខវេទនា និង​ជំងឺ​របស់​យើង

  4. ភាពទន់ខ្សោយ និង​ភាពពុំ​ល្អ​ឥត​ខ្ចោះ​របស់​យើង

( « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥ )

នៅក្នុង​មេរៀន​ទី ៦ « ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវគ្រីស្ទ » យើង​បាន​និយាយ​ពី​ឧបសគ្គ​ពីរ​ដំបូង ។ ឥឡូវ សូម​ពិចារណា​ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​យកឈ្នះ​លើ​ឧបសគ្គ​ទី​បី និង​ទីបួន ។

នៅ​ប្រហែល​ឆ្នាំ ៨៣ មុន គ.ស. អាលម៉ា​ជា​កូន​បាន​លាលែង​តំណែង​ជា​មេ​ចៅក្រម ដើម្បី​លោក​អាច​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ​នៅ​ទូទាំង​ដែនដី ។ នៅ​ទីក្រុង​គេឌាន អាលម៉ា​បាន​ព្យាករ​ថា ព្រះប្រោសលោះ​នឹង​ប្រសូត​មក​នៅលើ​ផែនដី​នេះ ហើយ​រស់នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​ដក​ពិសោធន៍​នូវ​ការឈឺចាប់ ការរងទុក្ខ និង​ការល្បួង​ទាំងអស់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ៧:១១–១២ ហើយ​រកមើល​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​លើក​ដាក់​បទពិសោធន៍​រមែង​ស្លាប់​ទាំងនេះ​មកលើ​ព្រះអង្គ​ទ្រង់ ។

ព្រះគ្រីស្ទ​នៅ​សួនច្បារ​គែតសេម៉ានី ដោយ ហែនរិច ហូហ្វម៉ាន់

ក្នុង​ការបង្រៀន​អំពី​ព្រះគម្ពីរ​មរមន​ដ៏​ប្លែក​នេះ ប៊ីស្សព​ជា​អធិបតី ហ្គែរ៉ល កូសសែ បាន​សង្កេត​ឃើញ​ថា

ប៊ីស្សព ហ្គែរ៉ល កូសសែ

បន្ថែម​លើ​ការរែក​បន្ទុក​អំពើ​បាប​របស់​យើង ព្រះគ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​ទុក្ខព្រួយ ការឈឺចាប់ ការរងទុក្ខ និង​ជំងឺ និង​ទុក្ខវេទនា​ទាំងអស់​ដែល​កើត​មាន​នៅ​ក្នុង​ស្ថានភាព​រមែង​ស្លាប់​របស់​មនុស្ស​លោក ។ គ្មាន​ការថប់បារម្ភ ការឈឺចាប់ ឬ​ទុក្ខព្រួយ​ណា​ដែល​ទ្រង់​មិន​បាន​រងទុក្ខ​សម្រាប់​យើង​នោះ​ទេ [ សូមមើល អាលម៉ា ៧:១១–១២ ] ។ ( «A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៩ )

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ក៏​បាន​បង្រៀន​ផងដែរ ៖

អែលឌើរ ដេវីឌ អេ បែដណា

នៅក្នុង​គ្រា​នៃ​ភាពទន់ខ្សោយ​មួយ យើង​អាច​នឹង​ស្រែក​ឡើង​ថា « គ្មាន​នរណា​ម្នាក់​ស្គាល់​ពី​អារម្មណ៍​នេះ​ទេ ។ គ្មាន​នរណា​ម្នាក់យល់​ទេ » ។ ប៉ុន្តែ​ព្រះរាជបុត្រា​នៃ​ព្រះ​ត្រាស់​ដឹង និង​យល់​ដ៏​ឥត​ខ្ចោះ ដ្បិត​ទ្រង់​បាន​ដឹង និង​រែក​បន្ទុក​របស់​យើង​ម្នាក់ៗ ។ ហើយ​ព្រោះតែ​ពលិកម្ម​ដ៏និរន្តរ៍ និង​ដ៏​អស់កល្ប​ជានិច្ច​របស់ទ្រង់ ( សូម​មើល អាលម៉ា ៣៤:១៤ ) នោះ​ទើប​ទ្រង់​មាន​ការយល់​ដឹង​ដ៏​ឥតខ្ចោះ ហើយ​អាច​លាត​ព្រះហស្ដ​នៃ​សេចក្តី​មេត្តា​កុរណា​របស់​ទ្រង់​មក​រកយើង ។ ទ្រង់​អាច​ឈោង​ព្រះហស្ដ ប៉ះ ជួយ​សង្គ្រោះ ប្រោស និង​ពង្រឹង​យើង ហួស​ពី​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន បើ​យើង​ពឹង​ទៅ​លើ​អំណាច​យើង​ផ្ទាល់​នោះ ។( « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០)

ស្ត្រី​កំពុង​ពិចារណា
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់អ្នក

តើ​វា​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ពេល​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​យល់​ពី​ការរងទុក្ខ និង​ការឈឺចាប់​ទាំងអស់​របស់​អ្នក ? តើ​អ្នក​មាន​អារម្មណ៍​ថា​ទ្រង់​ឈោង​មក​ជួយ លួងលោម ឬ​ពង្រឹង​អ្នក ពេល​អ្នក​បាន​ជួប​នឹង​ឧបសគ្គ​ក្នុង​ជីវិត​របស់​អ្នក​នៅពេល​ណា​ដែរ ?

ផ្នែក​ទី ២

តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ខ្ញុំ​ពី​ភាពទន់ខ្សោយ និង​ភាពមិន​ឥតខ្ចោះ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ក្នុង​នាមជា​អ្នកនិពន្ធ​គម្ពីរ​ចុងក្រោយ​គេ​នៅក្នុង​ព្រះគម្ពីរ​មរមន មរ៉ូណៃ​បាន​បញ្ចូល​សេចក្តី​សង្ខេប​នៃ​ផ្ទាំង​គម្ពីរ​អេធើរ ដែល​រួមមាន​ដំណើររឿង​អំពី​ពួកសាសន៍​យ៉ារេឌ និង​ការសរសេរ​អំពី​បងប្រុស​របស់​យ៉ារេឌ ។ មរ៉ូណៃ បាន​ស្ងប់ស្ងែង​នឹង​អានុភាព​នៃ​ការសរសេរ​របស់​បងប្រុស​របស់​យ៉ារេឌ ហើយ​បាន​បង្ហាញ​កង្វល់​របស់​លោក​អំពី​ភាពទន់ខ្សោយ ដែល​លោក​ដឹង​ថា​មាន​នៅក្នុង​ការសរសេរ​របស់​លោក​ផ្ទាល់ និង​ក្នុង​ការសរសេរ​របស់​ព្យាការី​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន ។

មរ៉ូណៃ​សរសេរ​នៅលើ​ផ្ទាំងមាស
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អេធើរ ១២:២៣–២៧ ហើយ​ពិចារណា​ពី​អារម្មណ៍​របស់​មរ៉ូណៃ​អំពី​ភាពមិន​គ្រប់គ្រាន់​របស់​លោក ។ សូម​ពិចារណា​អំពី​របៀប​ដែល​ចម្លើយ​របស់​ព្រះអម្ចាស់​អាច​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។

ដោយ​ដាក់​ភាពទន់ខ្សោយ និង​ភាព​ពុំ​ល្អ​ឥត​ខ្ចោះ​របស់​យើង​នៅក្នុង​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ស៊ិស្ទើរ មីឈែល ឌី ក្រេហ្គ ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​បាន​បង្រៀន ៖

ស៊ិស្ទើរ មីឈែល ឌី ក្រេហ្គ

ពិតណាស់ យើង​ទាំងអស់​គ្នា​នឹងពុំ​អាច​បំពេញ​នូវ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​បាន​ទេ ហើយ​មាន​សេចក្ដីពិត​ខ្លះ​នៅក្នុង​ការយល់​ដឹង​ថា យើង តែ​ម្នាក់​ឯង គឺ​ពុំ​គ្រប់​គ្រាន់​ឡើយ ។ ប៉ុន្តែ​សារ​ដ៏​ល្អ​នៃ​ដំណឹងល្អ​គឺ​ថា ដោយ​មាន​ព្រះគុណ​របស់​ព្រះ នោះ​យើង មាន ល្មម​គ្រប់​គ្រាន់ ។ …

សេចក្ដីពិត​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​គឺ​ថា ភាពទន់​ខ្សោយ​របស់​យើង​អាច​ជា​ពរជ័យ​មួយ នៅពេល​វា​ធ្វើ​ឲ្យ​យើង​រាបសា ហើយ​បង្វែរ​យើង​ទៅ​រក​ព្រះគ្រីស្ទ ។ …

ពិតណាស់ អព្ភូតហេតុ​របស់​ព្រះយេស៊ូវ ជារឿយៗ ចាប់ផ្ដើម​ជាមួយ​នឹង​ការទទួល​ស្គាល់​នៃ​ការចង់​បាន សេចក្ដី​ត្រូវការ ភាពបរាជ័យ ឬ​ភាពទន់ខ្សោយ ។ ( « Divine Discontent » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៤ ) ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​បាន​ឃើញ​ភាពទន់ខ្សោយ​មួយ​ក្លាយជា​ពរជ័យ​នៅក្នុង​ជីវិត​របស់​អ្នក ឬ​នៅក្នុង​ជីវិត​របស់​នរណាម្នាក់​ដែល​អ្នក​ស្គាល់​នៅពេល​ណា​ដែរ ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​យាង​ព្រះគុណ​របស់​ព្រះអម្ចាស់​មាន​កាន់តែ​ពេញលេញ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

នៅក្នុង​ការសរសេរ​របស់​លោក នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​ថា ម៉ូសេ​បាន​ដឹកនាំ​កូនចៅ​អ៊ីស្រាអែល​ចេញពី​សេវកភាព​តាមរយៈ​ព្រះចេស្ដា និង​ព្រះគុណ​នៃ​ព្រះ ។ នីហ្វៃ​បាន​សរសេរ​ថា « ហើយ​ប្រាកដ​ដូចជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះជន្ម​រស់​នៅ គឺ​គ្មាន​នាម​ណា​ទៀត​នៅក្រោម​មេឃ​នេះ ក្រៅពី​ព្រះយេស៊ូវគ្រីស្ទ … ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នោះ​ឡើយ » ( នីហ្វៃ​ទី​២ ២៥:២០ ) ។ នីហ្វៃ​បាន​បង្រៀន​ប្រជាជន​របស់​លោក​ថា មាន​តែ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ មិន​មែន​តែ​តាម​រយៈ​ការគោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ម៉ូសេ​តែមួយ​មុខ​ទេ ដែល​អាច​សង្គ្រោះ​ពួកគេ​បាន ។ ព្រះគុណ​គឺ​ជា « ជំនួយ ឬ​កម្លាំង​របស់​ព្រះ​ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​ដ៏​សប្បុរស​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ( Bible Dictionary « Grace » ) ។

ព្រះគ្រីស្ទ​ជួប​ពួកសាសន៍​នីហ្វៃ ដោយ មីនើរវ៉ា ខេ ធៀឆើត
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​២ ២៥:២៣, ២៩ ដោយ​រកមើល​តួនាទី​របស់​អ្នក​ក្នុង​ការអញ្ជើញ​ព្រះគុណ​របស់​ព្រះអម្ចាស់​មកក្នុង​ជីវិត​របស់​អ្នក ។

ឃ្លា « បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃ​ទី​២ ២៥:២៣ ) អាច​មាន​អារម្មណ៍​ថា​លើសលុប ។ សូម​ពិចារណា​ពី​របៀប​ដែល​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី​សមាជិក​ពីរ​រូប​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ អាច​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

យើង​ពុំ​ចាំបាច់​ទទួលបាន​សមត្ថភាព ឬ​សេចក្ដីល្អ​ក្នុង​កម្រិត​ទាបបំផុត មុន​ពេល​ព្រះ​នឹង​ជួយ​នោះ​ទេ—ជំនួយ​ព្រះ​អាចជា​របស់​យើង​នៅ​គ្រប់​ម៉ោង​រាល់ថ្ងៃ មិន​ថា​យើង​នៅ​កន្លែងណា នៅលើ​ផ្លូវ​នៃ​ការគោរព​ប្រតិបត្តិ​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ក្រៅពី​សេចក្តី​ប្រាថ្នា​ចង់​បាន​ជំនួយ​របស់​ទ្រង់ យើង​ត្រូវ​ប្រើ​ខ្លួន​យើង យើង​ប្រែចិត្ត ហើយ​ជ្រើសរើស​យក​ព្រះ ដើម្បី​ទ្រង់​អាច​ធ្វើ​កិច្ចការ​ក្នុង​ជីវិត​យើង ស្របនឹង​សេចក្ដី​យុត្តិធម៌ និង​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Free Forever, to Act for Themselves » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៩ )

អែលឌើរ អូលីសេស សូរ៉េស

ព្រះអម្ចាស់​នឹង​ជួយ​យើង​ម្នាក់ៗ​ឲ្យ​លី​ឈើឆ្កាង​របស់​យើង និង​សម្រាល​បន្ទុក​យើង​ឲ្យ​ស្រាល​តាមរយៈ​ព្រះគុណ​ទ្រង់ ។ … សូម​កុំ​ចុះចាញ់​ឡើយ ក្រោយពី​បរាជ័យ​ច្រើនដង ហើយ​កុំ​គិត​ថា​បងប្អូន​មិន​អាច​បោះបង់​អំពើបាប និង​យកឈ្នះ​លើ​ការញៀន​នោះ​បាន​ឡើយ ។ បងប្អូន​មិន​អាច​ឈប់​ព្យាយាម រួច​ហើយ​បន្ដ​ក្នុង​ភាពទន់ខ្សោយ និង​អំពើបាប​បាន​ទេ ! សូម​ខិតខំ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ជានិច្ច ដោយ​បង្ហាញ​ពី​បំណង​ដើម្បី​សម្អាត​ខាង​ក្នុង​ចិត្ត​ដូច​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្គ្រោះ ។ ពេលខ្លះ​ដំណោះស្រាយ​ចំពោះ​បញ្ហា​មួយ​ចំនួន​កើតមាន​រាប់​ខែ​ក្រោយពី​ការខិតខំ​ដ៏​ខ្ជាប់ខ្ជួន ។ សេចក្ដី​សន្យា​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មរមន​ថា « មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន » [ នីហ្វៃ​ទី​២ ២៥:២៣ ] អនុវត្ត​បាន​ក្នុង​ករណី​ទាំងនេះ ។ សូម​ចងចាំ​ថា អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ « មិន​មាន​កាល​កំណត់​ទេ ‹ បន្ទាប់ពី › អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​នោះ ។ យើង​អាច​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់​ពីមុន អំឡុង​ពេល និង​ក្រោយ​ពេល​ដែល​យើង​ពង្រីក​ការខិតខំ​របស់​យើង​ផ្ទាល់ » [ សូមមើល ប្រ៊ូស ស៊ី ហាហ្វិន The Broken Heart: Applying the Atonement to Life’s Experiences ( ឆ្នាំ ១៩៨៩ ) ទំព័រ ១៥៥–៥៦ ] ។ ( អូលីសេស សូរ៉េស « Take Up Our Cross » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៣–១៤ )

រូបតំណាង​ការពិភាក្សា

ចែកចាយ​ការរៀនសូត្រ​របស់​អ្នក

សូម​ពិចារណា​ចែកចាយ​ជាមួយ​នឹង​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ឃ្លា​ថា « មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃ​ទី​២ ២៥:២៣ ) ។ តើ​អ្នក​គិត​ថា អ្នក​អាច​បន្ដ​អញ្ជើញ​ឲ្យ​មាន​ព្រះចេស្ដា​ដែល​ធ្វើ​ឲ្យ​រឹងមាំ​របស់​ព្រះអង្គ​សង្គ្រោះ​មកក្នុង​ជីវិត​របស់​អ្នក ដើម្បី​ជួយ​ដល់​ភាពទន់ខ្សោយ ឬ​ភាពមិន​គ្រប់គ្រាន់​ខ្លះៗ​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន​ដោយ​របៀប​ណា ?