« មេរៀនទី ៧ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ព្រះចេស្ដាដែលធ្វើឲ្យរឹងមាំរបស់ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ៧ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ៧ ឯកសាររៀបចំសម្រាប់ថ្នាក់
ព្រះចេស្ដាដែលធ្វើឲ្យរឹងមាំរបស់ព្រះយេស៊ូវគ្រីស្ទ
សូមគិតរយៈពេលមួយនាទី ដល់ពេលវេលាដែលអ្នកបានមានការលំបាកខាងរាងកាយ ខាងស្មារតី ខាងសតិអារម្មណ៍ ឬខាងវិញ្ញាណ ។ សូមគិតផងដែរអំពីអារម្មណ៍ទន់ខ្សោយ ឬមិនគ្រប់គ្រាន់របស់អ្នក ។ ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានសង្កេតឃើញថា « ដោយសារដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះមានព្រះចេស្តាដើម្បីជួយ—ប្រទានជំនួយ—ដល់ការឈឺចាប់ និងការរងទុក្ខនៃជីវិតរមែងស្លាប់គ្រប់បែបយ៉ាង » ( « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦២ ) ។ នៅពេលអ្នកសិក្សាបន្ថែមទៀតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ សូមពិចារណាពីរបៀបដែលព្រះអម្ចាស់បានជួយ ហើយនឹងបន្ដជួយអ្នកឲ្យស៊ូទ្រាំនឹងការឈឺចាប់ ហើយយកឈ្នះភាពទន់ខ្សោយនៅក្នុងជីវិតរបស់អ្នក ។
ផ្នែកទី ១
តើព្រះអង្គសង្រ្គោះអាចជួយខ្ញុំជាមួយនឹងការឈឺចាប់ និងការរងទុក្ខរបស់ខ្ញុំយ៉ាងដូចម្តេច ?
ប្រធាន ថាត អរ ខាលីស្ទើរ អតីតប្រធានសាលាថ្ងៃអាទិត្យទូទៅ បានថ្លែងពីទំហំនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះតាមរបៀបនេះ ៖
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ … [ បាន ] ធ្វើឲ្យយើងអាចត្រឡប់ទៅវត្តមានរបស់ព្រះវិញ ប្រែក្លាយកាន់តែដូចជាទ្រង់ ហើយមានអំណរដ៏ពេញលេញមួយ ។ ការណ៍នេះអាចសម្រេចបានតាមរយៈការយកឈ្នះលើឧបសគ្គបួនយ៉ាង ៖
សេចក្ដីស្លាប់ខាងរាងកាយ
សេចក្ដីស្លាប់ខាងវិញ្ញាណ ដែលកើតមានដោយសារអ័ដាម និងដោយសារអំពើបាបរបស់យើង
ទុក្ខវេទនា និងជំងឺរបស់យើង
ភាពទន់ខ្សោយ និងភាពពុំល្អឥតខ្ចោះរបស់យើង
( « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥ )
នៅក្នុងមេរៀនទី ៦ « ដង្វាយធួនដ៏និរន្ដរ៍របស់ព្រះយេស៊ូវគ្រីស្ទ » យើងបាននិយាយពីឧបសគ្គពីរដំបូង ។ ឥឡូវ សូមពិចារណាពីរបៀបដែលដង្វាយធួនរបស់ព្រះអង្គសង្រ្គោះយកឈ្នះលើឧបសគ្គទីបី និងទីបួន ។
នៅប្រហែលឆ្នាំ ៨៣ មុន គ.ស. អាលម៉ាជាកូនបានលាលែងតំណែងជាមេចៅក្រម ដើម្បីលោកអាចបង្រៀនព្រះបន្ទូលរបស់ព្រះនៅទូទាំងដែនដី ។ នៅទីក្រុងគេឌាន អាលម៉ាបានព្យាករថា ព្រះប្រោសលោះនឹងប្រសូតមកនៅលើផែនដីនេះ ហើយរស់នៅក្នុងចំណោមប្រជាជនរបស់ទ្រង់ ហើយថាទ្រង់នឹងដកពិសោធន៍នូវការឈឺចាប់ ការរងទុក្ខ និងការល្បួងទាំងអស់ក្នុងជីវិតរមែងស្លាប់នេះ ។
ក្នុងការបង្រៀនអំពីព្រះគម្ពីរមរមនដ៏ប្លែកនេះ ប៊ីស្សពជាអធិបតី ហ្គែរ៉ល កូសសែ បានសង្កេតឃើញថា
បន្ថែមលើការរែកបន្ទុកអំពើបាបរបស់យើង ព្រះគ្រីស្ទបានលើកដាក់មកលើព្រះអង្គទ្រង់នូវទុក្ខព្រួយ ការឈឺចាប់ ការរងទុក្ខ និងជំងឺ និងទុក្ខវេទនាទាំងអស់ដែលកើតមាននៅក្នុងស្ថានភាពរមែងស្លាប់របស់មនុស្សលោក ។ គ្មានការថប់បារម្ភ ការឈឺចាប់ ឬទុក្ខព្រួយណាដែលទ្រង់មិនបានរងទុក្ខសម្រាប់យើងនោះទេ [ សូមមើល អាលម៉ា ៧:១១–១២ ] ។ ( «A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៩ )
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក៏បានបង្រៀនផងដែរ ៖
នៅក្នុងគ្រានៃភាពទន់ខ្សោយមួយ យើងអាចនឹងស្រែកឡើងថា « គ្មាននរណាម្នាក់ស្គាល់ពីអារម្មណ៍នេះទេ ។ គ្មាននរណាម្នាក់យល់ទេ » ។ ប៉ុន្តែព្រះរាជបុត្រានៃព្រះត្រាស់ដឹង និងយល់ដ៏ឥតខ្ចោះ ដ្បិតទ្រង់បានដឹង និងរែកបន្ទុករបស់យើងម្នាក់ៗ ។ ហើយព្រោះតែពលិកម្មដ៏និរន្តរ៍ និងដ៏អស់កល្បជានិច្ចរបស់ទ្រង់ ( សូមមើល អាលម៉ា ៣៤:១៤ ) នោះទើបទ្រង់មានការយល់ដឹងដ៏ឥតខ្ចោះ ហើយអាចលាតព្រះហស្ដនៃសេចក្តីមេត្តាកុរណារបស់ទ្រង់មករកយើង ។ ទ្រង់អាចឈោងព្រះហស្ដ ប៉ះ ជួយសង្គ្រោះ ប្រោស និងពង្រឹងយើង ហួសពីអ្វីៗដែលយើងអាចធ្វើបាន ហើយជួយយើងឲ្យធ្វើអ្វីដែលយើងមិនអាចធ្វើបាន បើយើងពឹងទៅលើអំណាចយើងផ្ទាល់នោះ ។( « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០)
ផ្នែកទី ២
តើព្រះអង្គសង្គ្រោះអាចជួយខ្ញុំពីភាពទន់ខ្សោយ និងភាពមិនឥតខ្ចោះរបស់ខ្ញុំយ៉ាងដូចម្ដេច ?
ក្នុងនាមជាអ្នកនិពន្ធគម្ពីរចុងក្រោយគេនៅក្នុងព្រះគម្ពីរមរមន មរ៉ូណៃបានបញ្ចូលសេចក្តីសង្ខេបនៃផ្ទាំងគម្ពីរអេធើរ ដែលរួមមានដំណើររឿងអំពីពួកសាសន៍យ៉ារេឌ និងការសរសេរអំពីបងប្រុសរបស់យ៉ារេឌ ។ មរ៉ូណៃ បានស្ងប់ស្ងែងនឹងអានុភាពនៃការសរសេររបស់បងប្រុសរបស់យ៉ារេឌ ហើយបានបង្ហាញកង្វល់របស់លោកអំពីភាពទន់ខ្សោយ ដែលលោកដឹងថាមាននៅក្នុងការសរសេររបស់លោកផ្ទាល់ និងក្នុងការសរសេររបស់ព្យាការីផ្សេងទៀតនៅក្នុងព្រះគម្ពីរមរមន ។
ដោយដាក់ភាពទន់ខ្សោយ និងភាពពុំល្អឥតខ្ចោះរបស់យើងនៅក្នុងទស្សនវិស័យដ៏អស់កល្បមួយ ស៊ិស្ទើរ មីឈែល ឌី ក្រេហ្គ ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវនារីទូទៅបានបង្រៀន ៖
ពិតណាស់ យើងទាំងអស់គ្នានឹងពុំអាចបំពេញនូវសក្ដានុពលដ៏ទេវភាពរបស់យើងបានទេ ហើយមានសេចក្ដីពិតខ្លះនៅក្នុងការយល់ដឹងថា យើង តែម្នាក់ឯង គឺពុំគ្រប់គ្រាន់ឡើយ ។ ប៉ុន្តែសារដ៏ល្អនៃដំណឹងល្អគឺថា ដោយមានព្រះគុណរបស់ព្រះ នោះយើង មាន ល្មមគ្រប់គ្រាន់ ។ …
សេចក្ដីពិតដ៏គួរឲ្យភ្ញាក់ផ្អើលគឺថា ភាពទន់ខ្សោយរបស់យើងអាចជាពរជ័យមួយ នៅពេលវាធ្វើឲ្យយើងរាបសា ហើយបង្វែរយើងទៅរកព្រះគ្រីស្ទ ។ …
ពិតណាស់ អព្ភូតហេតុរបស់ព្រះយេស៊ូវ ជារឿយៗ ចាប់ផ្ដើមជាមួយនឹងការទទួលស្គាល់នៃការចង់បាន សេចក្ដីត្រូវការ ភាពបរាជ័យ ឬភាពទន់ខ្សោយ ។ ( « Divine Discontent » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៤ ) ។
ផ្នែកទី ៣
តើខ្ញុំអាចយាងព្រះគុណរបស់ព្រះអម្ចាស់មានកាន់តែពេញលេញនៅក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ?
នៅក្នុងការសរសេររបស់លោក នីហ្វៃបានថ្លែងទីបន្ទាល់ថា ម៉ូសេបានដឹកនាំកូនចៅអ៊ីស្រាអែលចេញពីសេវកភាពតាមរយៈព្រះចេស្ដា និងព្រះគុណនៃព្រះ ។ នីហ្វៃបានសរសេរថា « ហើយប្រាកដដូចជាព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះជន្មរស់នៅ គឺគ្មាននាមណាទៀតនៅក្រោមមេឃនេះ ក្រៅពីព្រះយេស៊ូវគ្រីស្ទ … ដែលមនុស្សអាចបានសង្គ្រោះនោះឡើយ » ( នីហ្វៃទី២ ២៥:២០ ) ។ នីហ្វៃបានបង្រៀនប្រជាជនរបស់លោកថា មានតែព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ មិនមែនតែតាមរយៈការគោរពប្រតិបត្តិតាមក្រឹត្យវិន័យម៉ូសេតែមួយមុខទេ ដែលអាចសង្គ្រោះពួកគេបាន ។ ព្រះគុណគឺជា « ជំនួយ ឬកម្លាំងរបស់ព្រះដែលបានប្រទានឲ្យតាមរយៈសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះយេស៊ូវគ្រីស្ទ » ( Bible Dictionary « Grace » ) ។
ឃ្លា « បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ( នីហ្វៃទី២ ២៥:២៣ ) អាចមានអារម្មណ៍ថាលើសលុប ។ សូមពិចារណាពីរបៀបដែលសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពីសមាជិកពីររូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អាចជួយយើងឲ្យយល់ពីអត្ថន័យនៃឃ្លានេះ ។
យើងពុំចាំបាច់ទទួលបានសមត្ថភាព ឬសេចក្ដីល្អក្នុងកម្រិតទាបបំផុត មុនពេលព្រះនឹងជួយនោះទេ—ជំនួយព្រះអាចជារបស់យើងនៅគ្រប់ម៉ោងរាល់ថ្ងៃ មិនថាយើងនៅកន្លែងណា នៅលើផ្លូវនៃការគោរពប្រតិបត្តិនោះទេ ។ ប៉ុន្តែខ្ញុំដឹងថា ក្រៅពីសេចក្តីប្រាថ្នាចង់បានជំនួយរបស់ទ្រង់ យើងត្រូវប្រើខ្លួនយើង យើងប្រែចិត្ត ហើយជ្រើសរើសយកព្រះ ដើម្បីទ្រង់អាចធ្វើកិច្ចការក្នុងជីវិតយើង ស្របនឹងសេចក្ដីយុត្តិធម៌ និងសិទ្ធិជ្រើសរើសខាងសីលធម៌ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Free Forever, to Act for Themselves » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៩ )
ព្រះអម្ចាស់នឹងជួយយើងម្នាក់ៗឲ្យលីឈើឆ្កាងរបស់យើង និងសម្រាលបន្ទុកយើងឲ្យស្រាលតាមរយៈព្រះគុណទ្រង់ ។ … សូមកុំចុះចាញ់ឡើយ ក្រោយពីបរាជ័យច្រើនដង ហើយកុំគិតថាបងប្អូនមិនអាចបោះបង់អំពើបាប និងយកឈ្នះលើការញៀននោះបានឡើយ ។ បងប្អូនមិនអាចឈប់ព្យាយាម រួចហើយបន្ដក្នុងភាពទន់ខ្សោយ និងអំពើបាបបានទេ ! សូមខិតខំធ្វើឲ្យអស់ពីសមត្ថភាពជានិច្ច ដោយបង្ហាញពីបំណងដើម្បីសម្អាតខាងក្នុងចិត្តដូចបានបង្រៀនដោយព្រះអង្គសង្គ្រោះ ។ ពេលខ្លះដំណោះស្រាយចំពោះបញ្ហាមួយចំនួនកើតមានរាប់ខែក្រោយពីការខិតខំដ៏ខ្ជាប់ខ្ជួន ។ សេចក្ដីសន្យាដែលមានក្នុងព្រះគម្ពីរមរមនថា « មានតែដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន » [ នីហ្វៃទី២ ២៥:២៣ ] អនុវត្តបានក្នុងករណីទាំងនេះ ។ សូមចងចាំថា អំណោយទាននៃព្រះគុណរបស់ព្រះអង្គសង្គ្រោះ « មិនមានកាលកំណត់ទេ ‹ បន្ទាប់ពី › អ្វីទាំងអស់ដែលយើងអាចធ្វើបាននោះ ។ យើងអាចទទួលបានព្រះគុណរបស់ទ្រង់ពីមុន អំឡុងពេល និងក្រោយពេលដែលយើងពង្រីកការខិតខំរបស់យើងផ្ទាល់ » [ សូមមើល ប្រ៊ូស ស៊ី ហាហ្វិន The Broken Heart: Applying the Atonement to Life’s Experiences ( ឆ្នាំ ១៩៨៩ ) ទំព័រ ១៥៥–៥៦ ] ។ ( អូលីសេស សូរ៉េស « Take Up Our Cross » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៣–១៤ )