ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ


« មេរៀនទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

យុវមជ្ឈិមវ័យ​កំពុង​ដើរ និង​ជជែក​គ្នា

ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ

នៅក្នុង​ជំពូក​នេះ អ្នក​នឹង​មាន​ឱកាស​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​បង្កើន​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះ​បាន ។ ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​ការទុកចិត្ត​លើ​ព្រះ គឺ​ការរៀន​ស្ម័គ្រចិត្ត​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ តើ​អ្នក​ដាក់​ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ​សំខាន់​ប៉ុណ្ណា​ដែរ ? តើ​មាន​បទបញ្ញត្តិ​មួយ ដែល​អ្នក​ឃើញថា​វាពិបាក​ខ្លាំង​ដើម្បី​កាន់តាម​ដែរ​ឬទេ ? នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់ សូម​សញ្ជឹងគិត​ពី​គោលបំណង​នៃ​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ និង​ពរជ័យ​ទាំងឡាយ​ដែល​អ្នក​អាច​ទទួល​បាន នៅពេល​អ្នក​ព្យាយាម​ធ្វើតាម​គំរូ​អំពី​ការគោរព​ប្រតិបត្តិ​របស់​ព្រះអង្គ​សង្គ្រោះ ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​ការគោរព​ប្រតិបត្តិ​មកពី​ព្រះយេស៊ូវ​គ្រីស្ទ ?

ចេញពី​ព្រះគម្ពីរ​សញ្ញាថ្មី យើង​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទៅឯ យ៉ូហាន បាទីស្ទ ឲ្យ​លោក​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​ទ្រង់ ដើម្បី​ទ្រង់ និង​លោក​អាច « សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត » ( ម៉ាថាយ ៣:១៣–១៧ ) ។ ដូច​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន នីហ្វៃ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពុំ​មាន​អំពើបាប​សោះ​នោះ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល នីហ្វៃ​ទី​២ ៣១:៦–៧ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​២ ៣១:៦–៧, ១០ ហើយ​ស្វែងរក​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នីហ្វៃ​បាន​គូស​បញ្ជាក់​នោះ ។

យ៉ូហាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ​គ្រីស្ទ

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ​នៅ​ដែនដី​បរិបូរណ៍ នោះ​ទ្រង់​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះវរបិតា​ទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​សង្កេត​ឃើញ​ដូច្នេះ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ក្នុង​ចំណោម​សារលិខិត​ទាំងអស់​ដែល​អាច​ចេញ​មកពី​ក្រាំង​នៃ​ភាពអស់កល្ប​ជានិច្ច តើ [ ព្រះអង្គ​សង្គ្រោះ ] បាន​នាំយក​សេចក្ដី​ប្រកាស​អ្វី​មក ? ពួកសាសន៍​នីហ្វៃ​ដ៏​ស្មោះត្រង់​បាន​ស្ដាប់ កាល​ទ្រង់​បាន​មាន​បន្ទូល ៖ « យើង​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក ហើយ​យើង​បាន​ផឹក​នូវ​ពែង​ល្វីង ដែល​ព្រះវរបិតា​បាន​ប្រគល់​ដល់​យើង ហើយ​បាន​តម្កើង​ព្រះវរបិតា​ដោយ​បាន​ទទួល​មក​ដាក់​លើ​ខ្លួន​នូវ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំងអស់​ចាប់​តាំងពី​ដើមដំបូង​មក » [ នីហ្វៃ​ទី​៣ ១១:១១ ] ។ ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន ។ វា​ជា​សារ​ដ៏​សំខាន់​នៃ​បេសកកម្ម​លើ​ផែនដី​របស់​ទ្រង់ ។ ការគោរព​ប្រតិបត្តិ​តាម និង​ការស្មោះត្រង់​ចំពោះ​ព្រះទ័យ​នៃ​ព្រះវរបិតា មិន​ថា​ពែង​នោះ​លី្វង ឬ​ឈឺចាប់​យ៉ាងណា​នោះទេ ។( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥១ )

នៅ​ជិត​ចុងបញ្ចប់​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ព្រះអម្ចាស់​បាន​ប្រកាស​ថា « យើង​បាន​មក​ឯ​លោកិយ​នេះ ដើម្បី​ធ្វើតាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​របស់​យើង ពីព្រោះ​ព្រះវរបិតា​របស់​យើង​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក » ( នីហ្វៃ​ទី​៣ ២៧:១៣ ) ។

រូបតំណាងការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​អាច​រៀន​អ្វីខ្លះ​អំពី​ការគោរព​ប្រតិបត្តិ​មកពី​គំរូ​ព្រះយេស៊ូវ​គ្រីស្ទ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​មាន​ពរជ័យ​ដោយសារ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​តាម​របៀប​ណា ?

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​លីហៃ និង​ក្រុមគ្រួសារ​របស់​លោក​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម​ចូល​ទៅ​ទីរហោស្ថាន នោះ​លេមិន និង​លេមយួល​បាន​ចាប់ផ្ដើម​រអ៊ូរទាំ​ប្រឆាំង​នឹង​ឪពុក​របស់​ពួកគេ ។ ដោយ​កើតទុក្ខ​មកពី​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ នោះ​នីហ្វៃ​បាន​អធិស្ឋាន​សម្រាប់​បងប្រុស​របស់​លោក ។ ជា​ការឆ្លើយតប​ចំពោះ​ការអង្វរករ​របស់​លោក ព្រះអម្ចាស់​បាន​បង្រៀន​នីហ្វៃ​ពី​សេចក្ដីពិត​ដ៏​សំខាន់​មួយ​អំពី​ការគោរព​ប្រតិបត្តិ ។ ( សូម​មើល នីហ្វៃ​ទី​១ ២:១១–១២, ១៨–២១ ) ។

នីហ្វៃ​កំពុង​អធិស្ឋាន
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​១ ២:២០–២១ ហើយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​រៀន​អំពី​ការគោរព​ប្រតិបត្តិ ។

ដោយ​ថ្លែង​ពី​សេចក្ដី​សន្យា​នៅក្នុង​ព្រះគម្ពីរ​នេះ ប៊ីស្សព ហ្គែរ៉ល កូសសែ ដែល​ជា​ប៊ីស្សព​អធិបតី បាន​បង្រៀន​ថា

ប៊ីស្សព ហ្គែរ៉ល កូសសែ

សេចក្ដី​សន្យា​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ដំណើររឿង និង​ការបង្រៀន​នៃ​ព្រះគម្ពីរ​មរមន ។ វា​ប្រាកដ​ឡើង​នៅក្នុង​ខគម្ពីរ ១៨ ខុសគ្នា និង​ក្នុង​គម្ពីរ​ចំនួន​ប្រាំពីរ​ក្នុង​ចំណោម​គម្ពីរ ១៥ ។ ទោះបីជា​ពរជ័យ​នៃ​ការរីកចម្រើន​ដែល​បាន​លើក​ឡើង​នៅក្នុង​បទគម្ពីរ​ទាំងនេះ គឺ​ភាគច្រើន​កើត​ពី​និស្ស័យ​ខាង​វិញ្ញាណ​មែន ក៏​វា​រួមមាន​នូវ​លទ្ធភាព​ឲ្យ​ប្រជាជន​របស់​ព្រះ​រីករាយ​នឹង​ការរីកចម្រើន​ខាង​សេដ្ឋកិច្ច ហើយ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​សាច់ឈាម​ផងដែរ ។( « The Spiritual Foundations of Church Financial Self-Reliance » Ensign ខែ កក្កដា ឆ្នាំ ២០១៨ ទំព័រ ៤៦ )

ស្តេច​បេនយ៉ាមីន​កំពុង​បង្រៀន​ពី​លើ​ប៉ម

នៅពេល​ស្ដេច​បេនយ៉ាមីន​ជិត​ចូល​ទិវង្គត ទ្រង់​បាន​ប្រមូល​ប្រជាជន​របស់​ទ្រង់​មក​ជុំគ្នា ដើម្បី​ធ្វើ​ទេសនកថា​ចុងក្រោយ​មួយ ។ នៅក្នុង​ផ្នែក​មួយ​នៃ​ទេសនកថា​របស់​ទ្រង់ ទ្រង់​បាន​បង្រៀន​ថា យើង​ទាំងអស់​គឺជា « អ្នក​បម្រើ​ដ៏​ឥត​ប្រយោជន៍ » ហើយ​នឹង​ជាប់​ជំពាក់​គុណ​ដល់​ព្រះ​ជានិច្ច ( ម៉ូសាយ ២:២០–២១ ) ។ នៅក្នុង​បរិបទ​នៃ​ការជាប់​ជំពាក់​គុណ​របស់​យើង ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ពី​មូលហេតុ​ដែល​ព្រះ​តម្រូវ​ឲ្យ​យើង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ម៉ូសាយ ២:២២, ៤១ ហើយ​ពិចារណា​ពី​របៀប​ដែល​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ អនុញ្ញាត​ឲ្យ​យើង​ទទួលបាន​សេចក្ដី​ល្អ​របស់​ព្រះ ។

យុវជន​បញ្ចេញ​ស្នាមញញឹម

ដោយ​បញ្ចេញ​យោបល់​ពី​គោលបំណង​នៃ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នោះ​ប្រធាន ជីន ប៊ី ប៊ីងហាំ ដែល​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖

ប្រធាន ជីន ប៊ី ប៊ីងហាំ

ហេតុអ្វី​ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ? តើ​វា​ដើម្បី​បំបិទ​សិទ្ធិ​យើង ហើយ​ក្រាបលូន​ទៅរក​ទ្រង់​ឬ ? តើ​វា​ដើម្បី​ដក​យក​ឱកាស​សប្បាយ​នានា​ក្នុង​ពិភពលោក​នេះ​ឬ ? មិនមែន​ទេ ចម្លើយ​ផ្ទុយ​ពី​នេះ​គឺ​ពិត ៖ ព្រះ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ដោយសារ​ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​ចង់​ការពារ​យើង​ពី​ការឈឺចិត្ត ទុក្ខវេទនា និង​ការស្ដាយ​ក្រោយ ។ ទ្រង់​ញាណដឹង​ថា របៀប​តែមួយ​គត់​ដើម្បី​មាន​ភាពរីករាយ​យ៉ាង​ពិត​ប្រាកដ​នៅក្នុង​ជីវិត​នេះ និង​ទទួលបាន​អំណរ​ដ៏​គ្មាន​ព្រំដែន​នៅក្នុង​បរលោក​នាយ គឺ​តាមរយៈ​ការធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ស្ដីពី​ការគោរព​ប្រតិបត្តិ​តាម​ក្រិត្យវិន័យ​របស់​ព្រះ ។( « Obedience Brings Blessings » [ សុន្ទរកថា​នៅ​ឯ Brigham Young University–Hawaii commencement នៅ​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ speeches.byuh.edu )

រូបតំណាងការពិភាក្សា

ពិភាក្សា​ក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ពិភាក្សា​ជាមួយ​នឹង​មិត្ត ឬ​សមាជិក​គ្រួសារ​ម្នាក់ ពី​របៀប​ដែល​ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​ការគោរព​ប្រតិបត្តិ​មកពី​កងពល​កំលោះ ?

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ដោយ​ស្មោះត្រង់ គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ បន្ទាប់មក លោក​បាន​ចង្អុល​បង្ហាញ​ទៅ​កងពល​កំលោះ​ទុកជា​គំរូ​នៃ​ការគោរព​ប្រតិបត្តិ ហើយ​បាន​ពោល​ថា​យើង « គួរតែ​ខិតខំ​ដើម្បី​ក្លាយ​ដូចជា [ ពួកគេ ] » ( « Receive the Holy Ghost » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៦, ៩៧ ) ។

កងពល​កំលោះ​ទាំងនេះ​គឺជា​កូនៗ​របស់​ពួកសាសន៍​លេមិន ដែល​បាន​ប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់ ក្រោយពី​ពួកគេ​ត្រូវបាន​បង្រៀន​ដោយ​ពួកបុត្រា​របស់​ស្ដេច​ម៉ូសាយ ។ ពួកសាសន៍​លេមិន​ទាំងនេះ​ត្រូវបាន​ហៅ​ថា ប្រជាជន​អាំម៉ូន ឬ អាន់តៃ-នីហ្វៃ-លីហៃ ។ ក្រោយពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ​បាន​សន្យាថា ពួកគេ​នឹង​មិន​ប្រើ​គ្រឿង​សស្រា្ដវុធ​ពិជ័យ​សង្គ្រោះ​របស់​ពួកគេ​ម្ដងទៀត​ឡើយ ។ ( សូមមើល អាលម៉ា ២៣:៤–៧, ១៦–១៧ ) ។ ក្រោយមក ពួកកូនប្រុស​របស់​ពួកគេ​ដែល​មិន​បាន​ធ្វើ​សេចក្ដី​សញ្ញា​នេះ បាន​ជ្រើសរើស​ដើម្បី​ចូលរួម​នឹង​កងទ័ព​សាសន៍​នីហ្វៃ ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ ។ កងពល​កំលោះ​ដ៏​វ័យក្មេង​ទាំងនេះ​បាន​មាន​បំណង​ឲ្យ​ហេលេមិន​ធ្វើជា​មេដឹកនាំ​របស់​ពួកគេ ។ ពួកគេ​បាន​ប្រយុទ្ធ​ក្នុង​ចម្បាំង​ជាច្រើន​ប្រឆាំង​នឹង​ពួកសាសន៍​លេមិន ។ ខណៈ​ពួកគេ​បាន​រង​របួស​ជាច្រើន ប៉ុន្ដែ​ដោយ​អព្ភូតហេតុ​ពុំ​មាន​ពួកគេ​ណាម្នាក់​បាន​ស្លាប់​នៅក្នុង​ចម្បាំង​ឡើយ ។ ( សូមមើល អាលម៉ា ៥៣:១០–១៩; ៥៧:២២–២៥; ៥៨:៣៩ ) ។

កងពល​កំលោះ​ពីរពាន់​នាក់ ដោយ អាណុល ហ្វ្រីបើក
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន អាលម៉ា ៥៧:២១, ២៧; ៥៨:៤០ ។ ដោយ​មើល​ហួស​ពីបរិបទ​នៃ​វិបត្តិ​យោធា សូម​គិត​មើល​ថា តើ​អ្នក​អាច​រៀន​បាន​អ្វីខ្លះ​អំពី​ការគោរព​ប្រតិបត្តិ មកពី​គំរូ​របស់​កងពល​កំលោះ​ទាំងនេះ ។

ដោយ​ថ្លែង​ទៅកាន់​ឪពុក​ម្ដាយ អំពី​ការបង្រៀន​ពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ទៅដល់​កូនៗ​របស់​ពួកគេ នោះ​ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ការប្រឹក្សា​ដូច​ខាងក្រោម​នេះ ៖

ប្រធាន រ័សុល អិម ណិលសុន

សូម​បង្រៀន​អំពី​សេចក្ដី​ជំនឿ​ដើម្បី​កាន់តាម​ព្រះបញ្ញតិ្ត ទាំងអស់ របស់​ព្រះ ដោយ​ដឹង​ថា វា​ត្រូវបាន​ប្រទាន​មក​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​នាំឲ្យ​ពួកគេ​មាន​អំណរ [ សូមមើល នីហ្វៃ​ទី​២ ២:២៥ ] ។ សូម​ព្រមាន​ពួកគេ​ថា ពួកគេ​នឹង​ជួប​មនុស្ស​ដែល​រើស​ថា​បទបញ្ញត្តិ​មួយ​ណា​ដែល​ពួកគេ​នឹង​រក្សា ហើយ​មិន​អើពើ​នឹង​បទបញ្ញត្តិ​ផ្សេងទៀត ដែល​ពួកគេ​ជ្រើសរើស​មិន​គោរព​តាម ។ ខ្ញុំ​ហៅ​ការណ៍​នេះ​ថា ការគោរព​បញ្ញត្តិ​ដូចជា​ការហូប​អាហារ​ប៊ូហ្វេ ។ ការអនុវត្ត​នៃ​ការរើស​មួយ​ទុក​មួយ​នេះ​នឹង​គ្មាន​បាន​ការ​ទេ ។ វា​នឹង​នាំ​ទៅ​រក​សេចក្ដី​វេទនា ។ ដើម្បី​រៀបចំ​ខ្លួន​ទៅ​ជួប​នឹង​ព្រះ បុគ្គល​ម្នាក់​ត្រូវ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ទាំងអស់ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នឹង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​នោះ ។( « Face the Future with Faith » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៤ )

ពេលខ្លះ យើង​អាច​មាន​អារម្មណ៍​ថា​សន្ធប់ ពេល​យើង​ខិតខំ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ព្រះ​ដោយ​ឥត​ល្អៀង ។ ដើម្បី​ជួយ​យើង​ឲ្យ​យល់ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​គោរព​ប្រតិបត្តិ​តាម អែលឌើរ បែដណា បាន​បង្រៀន​ថា

អែលឌើរ ដេវីឌ អេ បែដណា

បងប្អូន​ប្រុស​ស្រី វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​ចងចាំ​ថា ការរីកចម្រើន​ទៅកាន់​កម្រិត​មួយ​ដែល​ខ្ពស់​ជាង និង​ពោរពេញ​ខាង​វិញ្ញាណ​ជាង មិនមែន​គ្រាន់តែ​ជា​បញ្ហា​ស្ដីពី​ការតាំងចិត្ត​ផ្ទាល់ខ្លួន​ខ្លាំង​ជាងមុន ចិត្ត​រឹង​ដូច​ថ្ម និង​ថាមពល​ខ្លាំង​ជាងមុន​នោះ​ទេ ប៉ុន្ដែ​វា​អាច​សម្រេច​បាន​តាមរយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ធ្វើឲ្យ​វា​កើតឡើង​បាន ។ ( « In a State of Happiness (Mormon 7:7) » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ Brigham Young University–Idaho នៅ​ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០០៤ ] នៅលើ​គេហទំព័រ byui.edu )

រូបតំណាងការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការគោរព​ប្រតិបត្តិ​នៅក្នុង​មេរៀន​នេះ តើ​អ្នក​នឹង​ផ្ដល់​ដំបូន្មាន​អ្វីខ្លះ ទៅកាន់​នរណាម្នាក់​ដែល​ពិបាក​នឹង​កាន់តាម​ព្រះបញ្ញតិ្ត ?