« មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ អំណោយទានដ៏ទេវភាព និងការទទួលខុសត្រូវដ៏ពិសិដ្ឋនៃភាពសិទ្ធិស្នាលខាងផ្លូវភេទ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់
អំណោយទានដ៏ទេវភាព និងការទទួលខុសត្រូវដ៏ពិសិដ្ឋនៃភាពសិទ្ធិស្នាលខាងផ្លូវភេទ
ទំនាក់ទំនងផ្លូវភេទរបស់មនុស្សគឺជាអំណោយទានដ៏ពិសិដ្ឋ ដែលមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។ ទោះយ៉ាងណា នៅក្នុងពិភពលោកមួយដែលជោគជាំទៅដោយរូបភាពផ្លូវភេទ និងសារដ៏ជ្រួលជ្រើម នោះវាអាចងាយនឹងមានអារម្មណ៍មិនប្រាកដប្រជា ឬភាន់ច្រឡំអំពីអត្ថន័យ និងគោលបំណងនៃទំនាក់ទំនងផ្លូវភេទ ។ នៅពេលអ្នកសិក្សា សូមព្យាយាមស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីតួនាទីដ៏ពិសិដ្ឋ និងសារៈសំខាន់នៃភាពជិតស្និទ្ធខាងផ្លូវភេទ នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ហើយពិចារណាពីរបៀបដែលចំណេះដឹងនេះអាចផ្ដល់ពរជ័យដល់ជីវិតរបស់អ្នក ។
ផ្នែកទី ១
តើខ្ញុំអាចមានពរជ័យតាមរយៈការយល់ដឹងថា ភាពស្និទ្ធស្នាលខាងផ្លូវភេទអាចជាផ្នែកមួយដ៏ស្រស់ស្អាត និងពិសិដ្ឋនៅក្នុងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្តេច ?
ព្រះវរបិតាសួគ៌របស់យើងបានប្រទានចំណង់ខាងផ្លូវភេទ និងអំណាចនៃការបង្កើតកូនចៅដល់យើង ។ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានពន្យល់ថា « អំណាចដើម្បីបង្កើតជីវិតរមែងស្លាប់ គឺជាអំណាចដ៏លើកតម្កើងបំផុតដែលព្រះបានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ » ( « The Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧៤ ) ។ អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងស៊ីស្ទើរ រូស លីបឺត រេនឡាន់ បានបង្រៀនថា « ការបង្ហាញមតិខាងផ្លូវភេទដ៏ត្រឹមត្រូវរបស់យើង ធ្វើឲ្យផែនការរបស់ព្រះអាចបើកសម្ដែងឡើងបាននៅលើផែនដី និងនៅក្នុងភាពអស់កល្បជានិច្ច ដែលធ្វើឲ្យស័ក្ដិសមនឹងក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង » ( « The Divine Purposes of Sexual Intimacy,” Ensign ខែ សីហា ឆ្នាំ ២០២០ ទំព័រ ១៦ ) ។
នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ « ភាពស្និទ្ធស្នាលខាងរូបកាយរវាងស្វាមី និងភរិយាមានគោលបំណងធ្វើឲ្យមានភាពស្រស់ស្អាត និងពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះដើម្បីបង្កើតកូនចៅ និងដើម្បីបង្ហាញសេចក្ដីស្រឡាញ់រវាងស្វាមី និងភរិយា » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ៣៨.៦.៥ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏បានពន្យល់ផងដែរថា « ទំនាក់ទំនងជិតស្និទ្ធជា … ការសម្ដែងនូវមនោសញ្ចេតនាមួយដ៏ធំធេងនៃលក្ខណៈ និងសក្ដានុភាពដ៏ទេវភាពរបស់យើង និងជាវិធីមួយនៃការពង្រឹងនូវចំណងផ្លូវចិត្ត និងខាងវិញ្ញាណរវាងប្ដីប្រពន្ធ » ( « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។
ភាពស្និទ្ធស្នាលខាងផ្លូវភេទគឺជារបៀបដ៏សំខាន់មួយដើម្បីចងភ្ជាប់ភរិយា និងស្វាមីឲ្យកាន់តែនៅកៀកកើយនឹងគ្នាកាន់តែខ្លាំងឡើង ។ ភាពស្និទ្ធស្នាលនេះក៏សំដៅទៅលើភាពជិតដិតខាងបញ្ញា ខាងសតិអារម្មណ៍ និងខាងវិញ្ញាណផងដែរ ។
នៅក្នុងសួនច្បារអេដែន លោកអ័ដាម និងនាងអេវ៉ាបានចាប់ផ្ដើមរៀនអំពីសារៈសំខាន់នៃភាពស្និទ្ធស្នាលនៅក្នុងចំណងអាពាហ៍ពិពាហ៍ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមនេះអំពីការក្លាយជា « សាច់តែមួយសុទ្ធ » នៅក្នុងចំណងអាពាហ៍ពិពាហ៍ ៖
ភាពស្និទ្ធស្នាលរបស់មនុស្សត្រូវបានរក្សាទុកសម្រាប់តែគូស្វាមីភរិយាដែលបានរៀបការ ដោយសារវាគឺជានិមិត្តរូបដ៏ខ្ពស់បំផុតនៃការរួបរួមដ៏ពេញលេញ ភាពពេញទាំងស្រុងមួយ និងជាការរួបរួមមួយដែលត្រូវបានតែងតាំង និងផ្ដល់និយមន័យដោយព្រះ ។ តាំងពីជំនាន់សួនច្បារអេដែនមក អាពាហ៍ពិពាហ៍មានបំណងដើម្បីបំពេញភាពពេញលេញទាំងស្រុងនៃបុរសម្នាក់ និងស្ដ្រីម្នាក់—ដួងចិត្ត សេចក្ដីសង្ឃឹម ជីវិត សេចក្ដីស្រឡាញ់ គ្រួសារ អនាគត និងអ្វីៗគ្រប់យ៉ាងរបស់ពួកគេ ។ លោកអ័ដាមបាននិយាយអំពីអេវ៉ាថា នាងគឺជាឆ្អឹងពីឆ្អឹងរបស់លោក ហើយជាសាច់ពីសាច់របស់លោក ហើយថាពួកគេជា « សាច់តែមួយសុទ្ធ » នៅក្នុងជីវិតរួមគ្នារបស់ពួកលោក [ សូមមើល លោកុប្បត្តិ ២:២៣–២៤ ] ។ ( « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ )
ផ្នែកទី ២
តើការមើលទៅរូបកាយសាច់ឈាម ដូចដែលព្រះទតមើលនោះ អាចបង្កើនបំណងប្រាថ្នា និងការតាំងចិត្តរបស់យើងដើម្បីរស់នៅតាមច្បាប់ព្រហ្មចារីភាពដោយរបៀបណា ?
ដោយសារតែតួនាទីដ៏ស្រស់ត្រកាល និងដ៏ពិសិដ្ឋ ដែលព្រះបានតែងតាំងដល់ភាពស្និទ្ធស្នាលខាងផ្លូវភេទនៅក្នុងចំណងអាពាហ៍ពិពាហ៍នេះ នោះ « [ ទ្រង់ ] បានបញ្ជាថា អំណាចពិសិដ្ឋនៃការបង្កើតកូន គឺត្រូវបានប្រើតែរវាងបុរស និងស្ត្រីដែលបានរៀបអាពាហ៍ពិពាហ៍យ៉ាងស្របច្បាប់ជាប្ដី និងប្រពន្ធប៉ុណ្ណោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ព្រះអម្ចាស់បញ្ជាយើងឲ្យមានភាពស្អាតស្អំខាងសីលធម៌ ទាំងនៅក្នុងគំនិត បំណងប្រាថ្នា និងសកម្មភាពរបស់យើង ។ ការណ៍នេះរួមមានការចៀសឆ្ងាយពីសកម្មភាពផ្លូវភេទមុនពេលរៀបការ និងការនៅស្មោះត្រង់ទាំងស្រុងនៅក្នុងចំណងអាពាហ៍ពិពាហ៍ ( សូមមើល និក្ខមនំ ២០:១៤; អាលម៉ា ៣៩:៣–៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៦ ) ។ បទបញ្ញត្តិនេះត្រូវបានគេស្គាល់ថាជា ច្បាប់ព្រហ្មចារីភាព ។
វាជាការសំខាន់ដើម្បីចងចាំថា រូបកាយរបស់យើងមិនមែនឯករាជ្យពីវិញ្ញាណរបស់យើងនោះទេ ។ ព្រះអម្ចាស់បានបង្រៀនថា « វិញ្ញាណ និងរូបកាយគឺជាព្រលឹងមនុស្ស » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៥ ) ។ ទាក់ទងទៅនឹងការភ្ជាប់គ្នារវាងរូបកាយ និងវិញ្ញាណ នោះអែលឌើរ ហូឡិន បានបង្រៀន ៖
រូបរាងកាយគឺជាផ្នែកមួយដ៏សំខាន់នៃដួងព្រលឹង ។ គោលលទ្ធិដ៏ជាក់លាក់ និងដ៏សំខាន់របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយសង្កត់ធ្ងន់ទៅលើមូលហេតុ ដែលអំពើបាបខាងផ្លូវភេទគឺជាអំពើបាបដ៏ធ្ងន់ធ្ងរ ។ យើងសូមប្រកាសថា អស់អ្នកដែលប្រើប្រាស់រូបកាយរបស់អ្នកដទៃដែលព្រះបានប្រទានមកនេះ ដោយគ្មានការយល់ព្រមដ៏ទេវភាព កំពុងតែបំពានលើព្រលឹងរបស់បុគ្គលនោះ ហើយបំពានលើគោលបំណង និងដំណើរការដ៏សំខាន់បំផុតនៃជីវិតនេះ ។ ( « Personal Purity » ទំព័រ ៧៦ )
សាវកប៉ុលបានផ្ដល់ការពន្យល់បន្ថែមទៀត អំពីការភ្ជាប់គ្នាដ៏ពិសិដ្ឋរវាងរូបកាយ និងវិញ្ញាណ នៅពេលលោកបានបង្រៀនថា « ឯរូបកាយមិនមែនសម្រាប់ការកំផិតទេ [ សកម្មភាពផ្លូវភេទនៅក្រៅចំណងអាពាហ៍ពិពាហ៍ ] គឺសម្រាប់តែព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ » ( កូរិនថូស ទី១ ៦:១៣ ) ។
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំដើម្បីរស់នៅតាមច្បាប់ព្រហ្មចារីភាព ?
ដូចបទបញ្ញត្តិទាំងអស់របស់ព្រះដែរ ច្បាប់ព្រហ្មចារីភាពមានគោលបំណងដើម្បីផ្ដល់ដល់យើងនូវសេចក្ដីសុខសាន្ដ និងសុភមង្គលដ៏ធំ ។ ឧទាហរណ៍ ព្រះគម្ពីរជួយយើងឲ្យយល់ថា ការរស់នៅតាមច្បាប់ព្រហ្មចារីភាពអាចបង្កើននូវទំនុកចិត្តរបស់យើងនៅក្នុងវត្តមានរបស់ព្រះ ការពារយើងពីការងទុក្ខខាងសតិអារម្មណ៍ និងទំនាក់ទំនងបែកបាក់ ហើយរារាំងកុំឲ្យបាត់បង់ព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៥; យ៉ាកុប ២:៣១–៣៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២៣; ៦៣:១៦ ) ។ ការកាន់តាមច្បាប់ព្រហ្មចារីភាពក៏អាចការពារយើងពីការឆ្លងជំងឺដ៏គ្រោះថ្នាក់ ហើយធានាថា កូនៗនឹងកើតមកក្នុងចំណងអាពាហ៍ពិពាហ៍ផងដែរ ។
ការមានអារម្មណ៍ផ្លូវភេទគឺជារឿងធម្មតា ។ វាជាការសំខាន់ដើម្បីរៀនពីរបៀបសម្រួលអារម្មណ៍ទាំងនេះ តាមរបៀបដែលព្រះអម្ចាស់សព្វព្រះហឫទ័យ ។ សូម្បីតែអ្នកមានបំណងដ៏ល្អបំផុតក្ដី ក៏អាចមានពេលខ្លះ អ្នកមានអារម្មណ៍ល្បួងឲ្យធ្វើតាមចំណង់ខាងផ្លូវភេទដ៏មិនសមរម្យដែរ ។ នៅពេលអ្នកមានអារម្មណ៍ល្បួងដូច្នេះ សូមងាកទៅរកព្រះអម្ចាស់ ហើយទ្រង់នឹង « រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន » ( កូរិនថូស ទី១ ១០:១៣; សូមមើលផងដែរ អាលម៉ា ១៣:២៨ ) ។
សូមចងចាំថា « ព្រះយេស៊ូវគ្រីស្ទ … ជ្រាបនូវសេចក្ដីកម្សោយនៃមនុស្ស និងចេះជួយពួកគេដែលត្រូវល្បួង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦២:១ ) ។ នៅពេលអ្នកងាកទៅរកជំនួយពីព្រះអម្ចាស់ សូមស្វែងរកការណែនាំរបស់ទ្រង់ទាក់ទងទៅនឹងជំហានដែលត្រូវអនុវត្ត ដែលអ្នកអាចធ្វើតាមបានដើម្បី « ទប់អស់ទាំងតណ្ហារបស់កូន ដើម្បីឲ្យកូនអាចបានពោរពេញ ទៅដោយសេចក្ដីស្រឡាញ់ » ( អាលម៉ា ៣៨:១២ ) ។
ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន ដែលជាភរិយារបស់ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ភាពបរិសុទ្ធផ្ទាល់ខ្លួនគឺជាគន្លឹះទៅកាន់សេចក្ដីស្រឡាញ់ដ៏ពិត ។ កាលណាគំនិត និងអារម្មណ៍ ពាក្យសម្ដី និងទង្វើរបស់បងប្អូនកាន់តែបរិសុទ្ធ នោះបងប្អូនកាន់តែមានសមត្ថភាពដើម្បីផ្ដល់ ហើយទទួលនូវសេចក្ដីស្រឡាញ់ពិត ។ …
… សូមធ្វើអ្វីក៏ដោយដែលត្រូវធ្វើ ដើម្បីរក្សាគំនិត អារម្មណ៍ ពាក្យសម្ដី និងទង្វើរបស់បងប្អូនឲ្យបានបរិសុទ្ធ ។ សូមអញ្ជើញព្រះវិញ្ញាណឲ្យដឹកនាំបងប្អូន ។ ទ្រង់នឹងជួយបងប្អូន ! …
… សេចក្ដីពិតគឺថា កាលណាបងប្អូនកាន់តែបរិសុទ្ធ នោះភាពជិតសិ្នទ្ធក្នុងអាពាហ៍ពិពាហ៍របស់បងប្អូននឹងកាន់តែអស្ចារ្យ ។ ( « Love and Marriage » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ការប្រឹក្សាដូចតទៅនេះទៅកាន់បុគ្គលទាំងឡាយ ដែលមានទំនាក់ទំនងកាន់តែជ្រាលជ្រៅទៅៗ ៖
បងប្អូនដឹងថា បងប្អូនមានអារម្មណ៍ និងចំណង់ខាងរូបកាយខ្លាំង ដែលត្រូវតែគ្រប់គ្រង និងការពារដោយប្រុងប្រយ័ត្ន ។ … សូមដាក់ដែនកំណត់របស់បងប្អូន ។ សូមដាំដែនកំណត់ទាំងនោះឲ្យបានជ្រៅ ទៅក្នុងអ្វីៗទាំងអស់ដែលបងប្អូនធ្វើរួមគ្នា ដើម្បីកុំឲ្យបងប្អូនអាចរំលងបាន ឬដកចេញបាន នៅពេលបងប្អូនមានអារម្មណ៍ខ្លាំងចំពោះគ្នាទៅវិញទៅមក ។ ( « Complete Honesty, Unselfish Humility » [ ការប្រជុំធម្មនិដ្ឋាននៅ Brigham Young University–Idaho នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ ] នៅលើគេហទំព័រ byui.edu )
ប្រសិនបើអ្នកបានបំពានច្បាប់ព្រហ្មចារីភាព នោះសូមចងចាំថា តាមរយៈសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តដោយស្មោះសរ នោះព្រះអម្ចាស់អាចអភ័យទោសឲ្យអ្នកបាន ហើយធ្វើឲ្យអ្នកបានស្អាតស្អំម្ដងទៀត ( សូមមើល អេសាយ ១:១៦–១៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២–៤៣ ) ។ អ្នកក៏នឹងត្រូវទៅជួបជាមួយនឹងប៊ីស្សព ឬប្រធានសាខារបស់អ្នកផងដែរ ។ គាត់មានសិទ្ធិអំណាច ដើម្បីជួយអ្នកឲ្យដោះស្រាយអំពើបាបនេះជាមួយនឹងព្រះអម្ចាស់ ហើយគាត់អាចផ្ដល់ជំនួយ និងការគាំទ្របន្ថែមទៀតដល់អ្នកបាន ។