« មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ព្រះបញ្ញត្តិដែលឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពាសពេញលើផែនដី » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់
ព្រះបញ្ញត្តិដែលឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពាសពេញលើផែនដី
តើអ្នកមានសេចក្តីសង្ឃឹម ឬការព្រួយបារម្ភអ្វីខ្លះអំពីការមានកូន ? នៅពេលអ្នកសិក្សាឯកសារខាងក្រោមនេះ សូមអធិស្ឋានដើម្បីធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ អំពីគោលបំណងដ៏ពិសិដ្ឋដែលនឹងត្រូវបំពេញតាមផែនការរបស់ព្រះវរបិតាសួគ៌ នៅពេលដែលស្វាមី និងភរិយាជ្រើសរើសដើម្បីមានកូន ។ សូមពិចារណាពីរបៀបដែលស្វាមី និងភរិយាអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿបាន ដើម្បីគោរពតាមព្រះបញ្ញត្តិដ៏ទេវភាពឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពាសពេញលើផែនដី ។
ផ្នែកទី ១
តើការមានកូនដើរតួនាទីអ្វី នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ?
សូមគិតអំពីទស្សនៈផ្សេងៗ ដែលអ្នកបានឮមនុស្សនិយាយអំពីការមានកូន ។ អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយទស្សនវិស័យរបស់អ្នកម្ដាយម្នាក់ ៖
មានសំឡេងជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលបានបន្ថយសារៈសំខាន់នៃការមានកូន ឬស្នើឲ្យពន្យារពេល ឬដាក់កម្រិតលើចំនួនកូននៅក្នុងគ្រួសារ ។ កាលពីពេលថ្មីៗនេះ កូនស្រីរបស់ខ្ញុំបានឲ្យខ្ញុំមើលប្លក់មួយ ដែលបានសរសេរដោយអ្នកម្ដាយគ្រីស្ទានម្នាក់ ( មិនមែនក្នុងសាសនាចក្ររបស់យើងទេ ) ដែលមានកូនប្រាំនាក់ ។ គាត់បានបញ្ចេញមតិ ៖ « [ពេលធំ ] ឡើងនៅក្នុងវប្បធម៌នេះ វាពិបាកខ្លាំងណាស់ដើម្បីមានទស្សនវិស័យស្របតាមព្រះគម្ពីរប៊ីបស្ដីពីភាជាម្ដាយ ។ … ការមានកូននៅលេខរៀងក្រោមមហាវិទ្យាល័យឆ្ងាយណាស់ ។ ប្រាកដណាស់ គឺនៅពីក្រោមការដើរលេងជុំវិញពិភពលោក ។ មិនសំខាន់ដូចជាការចេញទៅក្រៅពេលយប់សម្រាប់ការសប្បាយនោះទេ ។ មិនសំខាន់ដូចជាការហាត់ប្រាណរបស់អ្នកនោះទេ ។ នៅក្រោមការងារនានាដែលអ្នកអាចមាន ឬសង្ឃឹមថានឹងទទួលបាន » ។ បន្ទាប់មក គាត់បន្ថែម ៖ « ភាពជាម្ដាយមិនមែនជាចំណង់ចំណូលចិត្តនោះទេ វាគឺជាការហៅមួយ ។ អ្នកមិនប្រមូលកូនៗមក ដោយសារអ្នកឃើញថា ពួកគេគួរឲ្យស្រឡាញ់ជាងតែមសំបុត្រនោះទេ ។ វាមិនមែនជាអ្វីដែលត្រូវធ្វើទេ ប្រសិនបើអ្នកបង្ខិតពេលវេលាចូលគ្នាដើម្បីមើលកូននោះ ។ វាគឺជាមូលហេតុដែលព្រះបានប្រទានពេលវេលាឲ្យអ្នក » [ Rachel Jankovic « Motherhood Is a Calling (and Where Your Children Rank) » ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១១ នៅលើគេហទំព័រ desiringgod.org ] ។ ( «Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ )
បន្ទាប់ពីព្រះបានបង្កើតលោកអ័ដាម និងនាងអេវ៉ា ហើយបានដាក់ពួកលោកជាមួយគ្នានៅក្នុងសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ នោះទ្រង់បានប្រទានបទបញ្ញត្តិមួយដល់ពួកលោក ។
ព្យាការីថ្ងៃចុងក្រោយបានសង្កត់ធ្ងន់ថា « ព្រះបញ្ញត្តិទីមួយ ដែលព្រះបានប្រទានដល់លោកអ័ដាម និងនាងអេវ៉ា គឺទាក់ទងទៅនឹងសមត្ថភាពរបស់ពួកគេសម្រាប់ភាពជាឪពុកម្ដាយ ក្នុងនាមជាស្វាមី និងភរិយា ។ យើងសូមប្រកាសថា ព្រះបញ្ញាត្តិរបស់ព្រះសម្រាប់កូនចៅរបស់ទ្រង់ ដើម្បីបង្កើតកូនចៅឲ្យចម្រើនជាច្រើនឡើងឲ្យមានពាសពេញលើផែនដីនោះ នៅតែឲ្យប្រតិបត្តិនៅឡើយ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សូមគិតអំពីមូលហេតុដែលបទបញ្ញត្តិនេះ ចាំបាច់ត្រូវបញ្ជាក់សាជាថ្មីនៅក្នុងជំនាន់របស់យើង ។ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀនថា « ការប្រឆាំងដ៏ខ្លាំងក្លារបស់សាតាំងត្រូវបានដាក់នៅត្រង់ចំណុចដែលសំខាន់បំផុតក្នុងផែនការរបស់ព្រះ » ។ ការផ្ទុយនេះរួមមានការខិតខំ « មិនលើកទឹកចិត្តឲ្យបង្កើតកូន—ជាពិសេសដល់ឪពុកម្ដាយ ដែលនឹងចិញ្ចឹមកូនចៅក្នុងសេចក្ដីពិត » ( « Truth and the Plan » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៧ ) ។
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប្រទានពរឲ្យយើងមានទស្សនវិស័យដ៏ទេវភាពអំពីសារៈសំខាន់នៃកូនៗ ( ឧទាហរណ៍ សូមមើល ទំនុកតម្កើង ១២៧:៣ និង ម៉ាថាយ ១៩:១៣–១៥ ) ។ អែលឌើរ អាន់ឌើរសិន បានបង្រៀន ៖
វាជាឯកសិទ្ធិដ៏វិសេសវិសាលមួយរបស់ស្វាមី និងភរិយាដែលអាចមានកូនបាន ដើម្បីផ្ដល់នូវរូបកាយនៃជីវិតរមែងស្លាប់ដល់បុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះទាំងនេះ ។ …
នៅពេលទារកចាប់កំណើតជាមួយស្វាមី និងភរិយាមួយគូ នោះពួកគេកំពុងតែបំពេញផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌យើង ដើម្បីនាំកូនៗមកកាន់ផែនដីហើយ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » [ ម៉ូសេ ១:៣៩ ] ។ មុនពេលមានអមតភាព នោះវាត្រូវតែមានជីវិតរមែងស្លាប់សិន ។ ( « Children » ទំព័រ ២៨ )
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ការមានកូនគឺជាផ្នែកមួយនៃគោលបំណងនៃជីវិតរមែងស្លាប់ ៖
គោលបំណងនៃជីវិតរមែងស្លាប់គឺ ដើម្បីក្លាយកាន់តែដូចជាព្រះ តាមរយៈការទទួលបានរូបកាយខាងសាច់ឈាម ការអនុវត្តសិទ្ធិជ្រើសរើស និងការទទួលយកតួនាទីដែលពីមុនជារបស់ព្រះមាតាបិតានៅលើស្ថានសួគ៌តែប៉ុណ្ណោះ—ជាតួនាទីរបស់ស្វាមី ភរិយា និងឪពុក ឬម្ដាយ ។ …
… គោលបំណងដ៏សំខាន់មួយនៃជីវិតរមែងស្លាប់គឺថា យើងអាចចម្លងបទពិសោធន៍គ្រួសារនោះដោយខ្លួនឯង ដែលមានតែពេលនេះទេដើម្បីក្លាយជាឪពុកម្ដាយបាន ជាជាងគ្រាន់តែធ្វើជាកូនៗ ។ …
ព្រះវរបិតាសួគ៌ាសព្វព្រះទ័យឲ្យយើង … គោរពតាមបទបញ្ញត្តិទីមួយរបស់ទ្រង់ឲ្យ « បង្កើតកូនជាច្រើនឡើង »—មិនត្រឹមតែដើម្បីបំពេញតាមផែនការរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីរកឃើញអំណរ ដែលផែនការរបស់ទ្រង់មានបំណងចង់ប្រទានដល់បុត្រា និងបុត្រីរបស់ទ្រង់ផងដែរ ។ ( « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួបជាមួយអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
ផ្នែកទី ២
តើស្វាមី ឬភរិយារបស់ខ្ញុំ និងខ្ញុំអាចសម្រេចចិត្តថាត្រូវមានកូននៅពេលណា និងមានកូនប៉ុន្មាននាក់យ៉ាងដូចម្ដេចទៅ ?
គូស្វាមីភរិយាដែលរៀបការរួច ប្រឈមមុខនឹងសំណួរសំខាន់ៗអំពីពេលវេលាដើម្បីមានកូន និងចំនួនកូនប៉ុន្មាននាក់ ។
អែលឌើរ អែនឌើរសិន បានលើកឡើងពីសារៈសំខាន់នៃការប្រឹក្សាយោបល់ជាមួយព្រះអម្ចាស់ ពេលធ្វើការសម្រេចចិត្តទាំងនេះ ៖
ពេលវេលាដើម្បីមានកូន និងចំនួនកូនដែលត្រូវមាន គឺជាការសម្រេចចិត្តដ៏សម្ងាត់ដែលត្រូវធ្វើឡើងរវាងស្វាមី និងភរិយា និងព្រះអម្ចាស់ ។ ការសម្រេចចិត្តទាំងនេះគឺជាការសម្រេចចិត្តដ៏ពិសិដ្ឋ—ជាការសម្រេចចិត្តដែលគួរតែធ្វើដោយការអធិស្ឋានដ៏ស្មោះសរ និងធ្វើសកម្មភាពដោយសេចក្ដីជំនឿយ៉ាងខ្លាំង ។ …
បងប្អូនប្រុសស្រី យើងមិនគួរវិនិច្ឆ័យគ្នាទៅវិញទៅមកក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋ និងឯកជននេះទេ ។ ( « Children » ទំព័រ ២៨, ៣០ )
មនុស្សមួយចំនួនដែលចង់មានកូនដោយសុចរិត អាចគ្មានឱកាសនៅក្នុងជីវិតនេះទេ ។ ទាក់ទងនឹងរឿងនេះ អែលឌើរ អាន់ឌើរសិន បានបង្រៀន ៖
ការមានកូនអាច … ជាប្រធានបទដ៏ឈឺចាប់មួយសម្រាប់គូស្វាមីភរិយាដ៏សុចរិតដែលរៀបការរួច ហើយដឹងថា ពួកគេមិនអាចមានកូនដែលពួកគេបានរំពឹងទុកយ៉ាងអន្ទះសា ឬសម្រាប់ស្វាមី និងភរិយាដែលមានគម្រោងចង់មានគ្រួសារធំមួយ ប៉ុន្តែត្រូវបានប្រទានពរឲ្យមានគ្រួសារតូចទៅវិញ ។
យើងមិនអាចពន្យល់ពីការលំបាកនៃជីវិតរមែងស្លាប់របស់យើងបានជានិច្ចនោះទេ ។ ពេលខ្លះ ជីវិតហាក់ដូចជាអយុត្តិធម៌ណាស់—ជាពិសេសនៅពេលដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់យើងគឺ ដើម្បីធ្វើតាមអ្វីដែលព្រះអម្ចាស់បានបញ្ជានោះតែម្ដង ។ ក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ ខ្ញុំសូមធានាប្រាប់អ្នកថា សេចក្ដីសន្យានេះគឺប្រាកដជាក់លាក់ ៖ « សមាជិកស្មោះត្រង់ដែលស្ថានភាពរបស់ពួកគេមិនអនុញ្ញាតឲ្យពួកគេទទួលបានពរជ័យទាំងឡាយនៃអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច និងភាពជាឪពុកម្តាយនៅក្នុងជីវិតនេះ នឹងទទួលគ្រប់ពរជ័យដែលបានសន្យានៅក្នុងភាពដ៏នៅអស់កល្បជានិច្ច [ នៅពេល ] ពួកគេរក្សាសេចក្តីសញ្ញាទាំងឡាយ ដែលពួកគេបានធ្វើជាមួយនឹងព្រះ » [ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣៨.១.៤ នៅលើគេហទំព័រ ChurchofJesusChrist.org ] ។ ( «Children » ទំព័រ ៣០ )
ផ្នែកទី ៣
តើការយល់ដឹងពីភាពពិសិដ្ឋនៃជីវិតនៅក្នុងផែនការរបស់ព្រះ មានឥទ្ធិពលលើជម្រើសរបស់យើងយ៉ាងដូចម្ដេច ?
តាមរយៈព្យាការីដែលនៅរស់ ព្រះអម្ចាស់បានគូសបញ្ជាក់ពីភាពពិសិដ្ឋនៃជីវិតមនុស្ស និងអ្វីដែលកូនៗទាំងអស់មានសិទ្ធិ រួមទាំងអ្នកដែលមិនទាន់កើតផងដែរ ៖
យើងសូមបញ្ជាក់នូវការញែកចេញជាបរិសុទ្ធនៃជីវិត និងសារៈសំខាន់នៃជីវិតនៅក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ។ …
… កូនចៅមានសិទ្ធិនឹងទទួលកំណើតមកក្នុងចំណងនៃអាពាហ៍ពិពាហ៍ ហើយនិងត្រូវបានចិញ្ចឹមបីបាច់ដោយឪពុកម្តាយ ដែលគោរពប្រតិបត្តិតាមសច្ចានៃអាពាហ៍ពិពាហ៍ដោយស្មោះត្រង់ទាំងស្រុង ។ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » )
ទាក់ទងនឹងភាពបរិសុទ្ធនៃជីវិត ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
គ្មាននរណាម្នាក់អាចឱបទារកដែលគ្មានកំហុសមួយ មើលទៅភ្នែកដ៏ស្រស់ស្អាតទាំងនោះ ចាប់ម្រាមដៃតូចៗនោះ ហើយថើបថ្ពាល់របស់ទារកនោះ ដោយគ្មានគារវភាពយ៉ាងខ្លាំងចំពោះជីវិត និងចំពោះអង្គបង្កបង្កើតរបស់យើងបានឡើយ ។ ជីវិតកើតចេញពីជីវិត ។ វាមិនមែនចៃដន្យនោះទេ ។ វាជាអំណោយទានពីព្រះ ។ ( « Abortion: An Assault on the Defenseless » Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៣៧ )
សេចក្តីប្រកាសនៅក្នុងការប្រកាសអំពីក្រុមគ្រួសារថ្លែងប្រឆាំងនឹងការអនុវត្តផ្សេងៗ ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយនៅសព្វថ្ងៃនេះ ដូចជាការរម្លូតកូន និងការមានកូនក្រៅចំណងអាពាហ៍ពិពាហ៍ជាដើម ។ ទាក់ទងនឹងការរម្លូតកូន នៅតំបន់ជាច្រើនក្នុងពិភពលោកនេះ ការអនុវត្តនេះត្រូវបានគេចាត់ទុកថាអាចទទួលយកបាន ហើយមានការរម្លូតកូនរាប់លានដងក្នុងមួយឆ្នាំៗ ។
ថ្នាក់ដឹកនាំសាសនាចក្របានផ្ដល់ការណែនាំដូចខាងក្រោមអំពីការរម្លូតកូន ៖
ព្រះអម្ចាស់បានបញ្ជាថា « អ្នកមិនត្រូវ…សម្លាប់ឲ្យសោះ ឬប្រព្រឹត្តអំពើអ្វីដូចនោះឲ្យសោះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៦ ) ។ សាសនាចក្រជំទាស់នឹងជម្រើសនៃការរម្លូតកូន សម្រាប់ភាពងាយស្រួលរបស់បុគ្គល ឬសង្គម ។ សមាជិកមិនត្រូវចុះចូល ប្រព្រឹត្ត រៀបចំ បង់ថ្លៃ យល់ព្រម ឬលើកទឹកចិត្តឲ្យមានការរម្លូតកូនឡើយ ។ ករណីដែលអាចកើតមាន គឺតែនៅពេល ៖
ការមានផ្ទៃពោះដែលជាលទ្ធផលមកពីការចាប់រំលោភដោយបង្ខំ ឬអំពើសហាយស្មន់ ។
គ្រូពេទ្យមានសមត្ថភាពកំណត់ថា ជីវិត ឬសុខភាពរបស់ម្តាយស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
គ្រូពេទ្យមានសមត្ថភាពកំណត់ថា គ៌រមានការខ្វះខាតធ្ងន់ធ្ងរ ដែលនឹងមិនអនុញ្ញាតឲ្យទារកអាចរស់បានពេលកើតមក ។
សូម្បីតែការលើកលែងទាំងនេះ ក៏មិនបានបង្ហាញពីភាពត្រឹមត្រូវដោយស្វ័យប្រវត្តិចំពោះការរម្លូតកូនបានដែរ ។ ការរម្លូតកូនគឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយ ហើយគួរតែត្រូវបានពិចារណា តែបន្ទាប់ពីពេលដែលបុគ្គលដែលមានទំនួលខុសត្រូវនោះ បានពិគ្រោះជាមួយនឹងប៊ីស្សពរបស់ពួកគេ ហើយទទួលបានការបញ្ជាក់ដ៏ទេវភាព តាមរយៈការអធិស្ឋានតែប៉ុណ្ណោះ ។ ( ក្បួនខ្នាតទូទៅ ៣៨.៦.១ )
ឪពុកម្តាយដែលមិនបានរៀបការមួយចំនួនជ្រើសរើសយកការរម្លូតកូន ពីព្រោះពួកគេមានអារម្មណ៍ថា មិនអាចផ្ដល់ដល់កូនរបស់ពួកគេនូវ « ទំនាក់ទំនងដែលមានសុវត្ថិភាព ប្រកបដោយការថែទាំបីបាច់ និងដ៏ខ្ជាប់ខ្ជួន » ដែលកូននោះត្រូវការ ។ នៅក្នុងកាលៈទេសៈនេះ ការសុំកូនចិញ្ចឹមអាចជា « ការសម្រេចចិត្តមួយដែលមិនអាត្មានិមយ និងពេញដោយសេចក្តីស្រឡាញ់ ដែលផ្ដល់ពរជ័យដល់កូននេះ ឪពុកម្ដាយបង្កើត និងឪពុកម្តាយចិញ្ចឹមនៅក្នុងជីវិតនេះ និងពេញទាំងភាពអស់កល្បជានិច្ច » ( សេចក្ដីថ្លែងការណ៍របស់គណៈប្រធានទីមួយ ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០០៦ ដូចដែលបានដកស្រង់នៅក្នុង Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៣៧ ) ។