« មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការទទួលបានសុភមង្គលនៅក្នុងជីវិតគ្រួសារតាមរយៈព្រះយេស៊ូវគ្រីស្ទ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់
ការទទួលបានសុភមង្គលនៅក្នុងជីវិតគ្រួសារតាមរយៈព្រះយេស៊ូវគ្រីស្ទ
សូមពិចារណារយៈពេលមួយនាទី អំពីគ្រាដែលអ្នកមានអារម្មណ៍ថាមានសុភមង្គល និងសេចក្ដីសុខសាន្តនៅក្នុងជីវិតរបស់អ្នក ។ ខណៈកំពុងបម្រើជាសមាជិកក្នុងគណៈប្រធាននៃពួកចិតសិបនាក់ អែលឌើរ រីឆាត ជេ ម៉េណេស បានបង្រៀនថា « អំណរដែលយើងដកពិសោធន៍ក្នុងជីវិតនេះ នឹងសមាមាត្រដោយផ្ទាល់ទៅនឹងរបៀបដែលយើងផ្ដោតទៅលើការបង្រៀន គំរូ និងពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទបានល្អប៉ុណ្ណា » ( « The Joy of Living a Christ-Centered Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៨ ) ។ នៅពេលអ្នកសិក្សាដើម្បីត្រៀមខ្លួនសម្រាប់ថ្នាក់រៀន សូមពិចារណាពីរបៀបដែលការស្ថាបនាជីវិតផ្ទាល់ខ្លួន និងជីវិតគ្រួសាររបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ អាចនាំឲ្យអ្នកមានសុភមង្គល សេចក្ដីសុខសាន្ត និងស្ថិរភាពកាន់តែខ្លាំង មិនថាអ្នកស្ថិតក្នុងកាលៈទេសៈបែបណានោះទេ ។
ផ្នែកទី ១
តើគ្រួសាររបស់ខ្ញុំ និងខ្ញុំអាចស្ថាបនាគ្រឹះខាងវិញ្ញាណនៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
នៅពេលគេសាងសង់អគារមួយ នោះគេយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នលើគ្រឹះរបស់វា និងប្រភេទដីដែលនៅពីក្រោមគ្រឹះនោះ ។ គ្រឹះសុវត្ថិភាពមួយនឹងធ្វើឲ្យអគារមានស្ថិរភាព និងការពារអគារនោះពីកម្លាំងធម្មជាតិ និងភាពតានតឹងនៃការប្រើប្រាស់ប្រចាំថ្ងៃ ។ តើគោលគំនិតនេះអាចទាក់ទងនឹងអ្នកយ៉ាងដូចម្ដេច នៅពេលអ្នកស្ថាបនាជីវិតផ្ទាល់ខ្លួន និងជីវិតគ្រួសាររបស់អ្នក ?
ព្យាការីហេលេមិនបានបង្រៀនកូនប្រុសៗរបស់លោក អំពីភាពចាំបាច់ដើម្បីសង់គ្រឹះខាងវិញ្ញាណរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ។
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមស្វែងរករបៀបដែលយើងអាចស្ថាបនាគ្រឹះនៃជីវិតផ្ទាល់ខ្លួន និងជីវិតគ្រួសាររបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ៖
ពិធីបរិសុទ្ធ និងសេចក្តីសញ្ញានានាគឺជាដុំឥដ្ឋដែលយើងប្រើ ដើម្បីសង់ជីវិតរបស់យើងនៅលើគ្រឹះនៃព្រះគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ យើងត្រូវបានភ្ជាប់ដោយសុវត្ថិភាពជាមួយព្រះអង្គសង្គ្រោះ នៅពេលយើងទទួលពិធីបរិសុទ្ធ និងចូលទៅក្នុងសេចក្តីសញ្ញានានាដោយស័ក្តិសម ចងចាំ និងគោរពតាមការតាំងចិត្តដ៏ពិសិដ្ឋទាំងនោះដោយស្មោះត្រង់ ហើយរស់នៅស្របតាមកាតព្វកិច្ចនានា ដែលយើងបានទទួលដោយអស់ពីសមត្ថភាពរបស់យើង ។ ហើយកិច្ចសន្យានោះគឺជាប្រភពនៃកម្លាំង និងស្ថិរភាពខាងវិញ្ញាណនៅក្នុងគ្រប់រដូវកាលទាំងឡាយនៃជីវិតរបស់យើង ។ ( « Therefore They Hushed Their Fears » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤៨ )
ខណៈកំពុងបម្រើក្នុងគណៈប្រធាននៃពួកចិតសិបនាក់ អែលឌើរ ដូណល អិល ហលស្ត្រម បានបង្រៀនដូចខាងក្រោមអំពីការសង់នៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ ៖
ឧបករណ៍ទាំងអស់ដែលអ្នកត្រូវសាងសង់ ជួសជុល ឬពង្រឹងគ្រឹះរបស់អ្នក គឺមានសម្រាប់អ្នក ។ … វារួមមានការអធិស្ឋានដ៏ខ្ជាប់ខ្ជួន និងមានគុណភាព ការសិក្សាដំណឹងល្អប្រចាំថ្ងៃតាមរយៈព្រះគម្ពីរ ការចូលរួមយ៉ាងសកម្មនៅក្នុងការប្រជុំរបស់សាសនាចក្រ ជាពិសេសដោយការទទួលទានសាក្រាម៉ង់ដោយមានគោលបំណងពិតប្រាកដ ការបម្រើដោយមិនគិតពីខ្លួនឯងជាបន្តបន្ទាប់ និងការរក្សាសេចក្តីសញ្ញាយ៉ាងឧស្សាហ៍ព្យាយាម ។
ឧបករណ៍ដ៏ចាំបាច់មួយទៀតគឺ ដំបូន្មានរបស់ព្យាការីដែលនៅរស់ ។ ( « Jesus Christ: Our Firm Foundation » Ensign ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៦១ )
ផ្នែកទី ២
តើខ្ញុំ និងគ្រួសារខ្ញុំនឹងមានពរជ័យអ្វីខ្លះ ប្រសិនបើយើងជ្រើសរើសស្ថាបនាគ្រឹះរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ?
ព្យាការីថ្ងៃចុងក្រោយបានប្រកាសថា « សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
នៅពេលដែលមនុស្សមួយក្រុម ដូចជាគ្រួសារជាដើម សម្រេចចិត្តស្ថាបនាជីវិតរបស់ពួកគេនៅលើព្រះអង្គសង្រ្គោះ និងការបង្រៀនរបស់ទ្រង់ នោះពួកគេអាចដកពិសោធន៍ពរជ័យដ៏អស្ចារ្យជាច្រើន ។ នេះគឺជាមូលហេតុមួយ ដែលគោលគំនិតនៃស៊ីយ៉ូន ដែលជាប្រជាជនដែល « មានចិត្តតែមួយ និងគំនិតតែមួយ ហើយ [ រស់នៅ ] ក្នុងសេចក្ដីសុចរិត » ( ម៉ូសេ ៧:១៨ ) មានភាពស្រស់ស្អាត និងមានអានុភាពយ៉ាងខ្លាំង ។ គំរូមួយនៃប្រជាជនបែបនេះអាចរកឃើញនៅក្នុងព្រះគម្ពីរមរមន ។ បន្ទាប់ពីព្រះអង្គសង្គ្រោះបានយាងទៅសួរសុខទុក្ខប្រជាជននៅទ្វីបអាមេរិកហើយ នោះប្រជាជននេះបានប្តេជ្ញាចិត្តរួមគ្នា ដើម្បីរស់នៅតាមការបង្រៀនរបស់ទ្រង់ ។
ផ្នែកទី ៣
តើមានឧបសគ្គអ្វីខ្លះ ដែលអាចរារាំងខ្ញុំ និងគ្រួសាររបស់ខ្ញុំមិនឲ្យសង់គ្រឹះនៅលើព្រះយេស៊ូវគ្រីស្ទ ?
អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងអំពីរបៀបដែលពួកសត្រូវព្យាយាមរារាំងយើងពីការស្ថាបនាជីវិតរបស់យើងនៅលើព្រះអង្គសង្រ្គោះ និងការបង្រៀនរបស់ទ្រង់ ៖
សាតាំង និងពួកពលបរិវាររបស់វានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងអ្នកពីការទទួលបានពិធីបរិសុទ្ធ ដែលតម្រូវឲ្យមានសម្រាប់គ្រួសារដ៏ល្អ ។ វានឹងព្យាយាមរំខានអ្នកពីការផ្តោតចិត្ត និងគំនិតរបស់អ្នកទៅលើការចិញ្ចឹមបីបាច់ឲ្យមានគ្រួសារដ៏រឹងមាំមួយ ដែលជាការចិញ្ចឹមកូនៗរបស់អ្នកដូចដែលព្រះអម្ចាស់តម្រូវឲ្យធ្វើ ។
… សាតាំងមានឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីប្រើប្រឆាំងនឹងមនុស្សល្អ ។ វាគឺជាការរំខាន ។ វានឹងបំពេញជីវិតរបស់មនុស្សល្អៗទៅដោយ « រឿងដែលល្អ តែមិនសំខាន់ » ដូច្នេះ ពួកគេគ្មានកន្លែងសម្រាប់រឿងដែលសំខាន់នោះទេ ។ ( « First Things First » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧ )
សូមគិតអំពី « រឿងដែលល្អ » មួយចំនួន ដែលអ្នកបានឃើញថា វារំខានមនុស្សមិនឲ្យផ្តោតអារម្មណ៍ទៅលើអ្វីដែលចាំបាច់ក្នុងជីវិតផ្ទាល់ខ្លួន ឬជីវិតគ្រួសាររបស់ពួកគេ ។
ពួកយើងមួយចំនួនប្រហែលជាមានទំនៀមទម្លាប់វប្បធម៌ ឬទម្លាប់គ្រួសារ ឬការអនុវត្តដែលរារាំងយើងមិនឲ្យសង់គ្រឹះរបស់យើងយ៉ាងរឹងមាំនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៣៩ ) ។ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀន ៖
ដើម្បីជួយសមាជិករបស់ខ្លួននៅទូទាំងពិភពលោក នោះសាសនាចក្របង្រៀនយើងឲ្យបោះបង់ចោលប្រពៃណី ឬទំនៀមទម្លាប់ផ្ទាល់ខ្លួន ឬមកពីគ្រួសារនានា ដែលផ្ទុយទៅនឹងការបង្រៀនរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និងវប្បធម៌ដំណឹងល្អនេះ ។ ( « The Gospel Culture » Ensign ខែ មីនា ឆ្នាំ ២០១២ ទំព័រ ៤២ )
សូមពិចារណាអំពីឧបសគ្គផ្សេងទៀតណាខ្លះ ដែលអាចនឹងរារាំងអ្នក ឬគ្រួសាររបស់អ្នកមិនឲ្យសង់គ្រឹះរបស់អ្នកបានកាន់តែពេញលេញនៅលើព្រះអង្គសង្គ្រោះ ។
បន្ទាប់ពីបានពិភាក្សាអំពីកិច្ចការដែលក្រុមការងារសំណង់ត្រូវធ្វើដើម្បីពង្រឹង និងជួសជុលគ្រឹះ និងរចនាសម្ព័ន្ធព្រះវិហារបរិសុទ្ធ សលត៍ លេករួចហើយ នោះអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់យោបល់ដូចខាងក្រោម ៖
ការពិនិត្យមើលខ្លួនឯងដោយហ្មត់ចត់មួយអាចបង្ហាញថា យើង និងក្រុមគ្រួសារយើងអាចទទួលបានប្រយោជន៍មកពីការថែរក្សា និងការជួសជុលដ៏ចាំបាច់មួយចំនួនរបស់យើងផងដែរ សូម្បីតែការរញ្ជួយផែនដីក្ដី ! យើងអាចចាប់ផ្ដើមដំណើរការបែបនេះដោយការសួរថា
« តើគ្រឹះរបស់ខ្ញុំមានស្ថានភាពបែបណាដែរ ? »
« តើអ្វីទៅដែលទាក់ទងនឹងថ្មគ្រឹះដ៏រឹងមាំ ហើយក្រាស់ដែលជាផ្នែកនៃគ្រឹះផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលទីបន្ទាល់របស់ខ្ញុំសង់លើ ? »
« តើអ្វីទៅជាធាតុដ៏សំខាន់នៃបុគ្គលិកលក្ខណៈខាងវិញ្ញាណ និងខាងផ្លូវចិត្តរបស់ខ្ញុំ ដែលវានឹងអនុញ្ញាតឲ្យខ្ញុំ និងគ្រួសារខ្ញុំបន្តរឹងមាំ ហើយស្ថិតស្ថេរ ថែមទាំងអាចទ្រាំទ្រនឹងការរញ្ជួយដី និងព្រឹត្តិការណ៍រញ្ជួយដីដ៏ចលាចលដែលនឹងកើតមាននៅក្នុងជីវិតរបស់យើងផងដែរនោះ ? » ( « A Good Foundation against the Time to Come » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥០ )