ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ភាពជាដៃគូ​ស្មើភាពគ្នា​នៅ​ក្នុងអាពាហ៍ពិពាហ៍


« មេរៀន​ទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ភាពជាដៃគូ​ស្មើភាពគ្នា​នៅ​ក្នុងអាពាហ៍ពិពាហ៍ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

ស្វាមី និង​ភរិយា​មួយ​គូ​ចម្អិន​អាហារ​រួមគ្នា

មេរៀនទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ភាពជាដៃគូ​ស្មើភាពគ្នា​នៅ​ក្នុងអាពាហ៍ពិពាហ៍

នៅ​ក្នុង​គ្រួសារ ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​បុរស និង​ស្ត្រី​នូវ « តួនាទីខុសគ្នា ប៉ុន្តែ​មាន​សារៈសំខាន់​ស្មើ​គ្នា [ ដែល ] ជួយ​គ្នា​ទៅវិញ​ទៅ​មក » ( អិម រ័សុល បាឡឺដ « The Sacred Responsibilities of Parenthood » Ensign ខែ មីនា ឆ្នាំ ២០០៦ ទំព័រ ២៩ ) ។ ព្យាការី​បាន​បង្រៀន​ថា « នៅក្នុង​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​ទាំងនេះ ឪពុក និង​ម្តាយ​មាន​កាតព្វកិច្ច​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅមក​ជា​ដៃគូ​ស្មើគ្នា » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ការទទួល​ខុស​ត្រូវ​ទាំង​នេះ​នឹង​យក​មក​ពិភាក្សា​កាន់​តែ​ស៊ីជម្រៅ​នៅពីរ​បី​មេរៀន​បន្ទាប់ទៀត ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ធ្វើ​ជា​ដៃគូ​ស្នើភាព​គ្នា​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​ដោយ​របៀប​ណា ?

យើង​អាច​រៀន​ពី​សេចក្ដីពិត​ដ៏​សំខាន់​អំពី​ទំនាក់ទំនង​ដែល​ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​សម្រាប់​ស្វាមី​ម្នាក់ និង​ភរិយា​ម្នាក់ មក​ពី​របៀប​ដែល​ទ្រង់​បាន​ពិពណ៌នា​ពី​ការបង្កើត​អេវ៉ា ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង​គម្ពីរ​ម៉ូសេ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសេ ៣:១៨, ២១–២៣ ហើយ​គិត​អំពី​អត្ថន័យ​នៃ​និមិត្តរូប​ដែល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​ការបង្កបង្កើត​របស់​អេវ៉ា ។

លោក​អ័ដាម និង​នាង​អេវ៉ា ដោយ ឡូវែល ប្រូស បែនណិត

ការពិពណ៌នា​អំពី​ការបង្កបង្កើត​របស់​អេវ៉ា​ចេញ​ពី​ឆ្អឹង​ជំនីរបស់​អ័ដាម​គឺជា​ការ​ប្រៀបធៀប ( សូមមើល ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « The Blessings and Responsibilities of Womanhood » Ensign ខែ មីនា ឆ្នាំ ១៩៧៦ ទំព័រ ៧១ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ពី​អត្ថន័យ​ជា​និមិត្តរូប​ដែល​អាច​មាន​អំពី​ឆ្អឹង​ជំនីរ​នេះ ៖

ប្រធាន រ័សុល អិម ណិលសុន

ដោយសារ​វា​ស្ថិត​នៅ​ផ្នែក​ចំហៀង នោះ​ឆ្អឹង​ជំនីរ​គឺ​ទំនង​ជា​សញ្ញាសម្គាល់​នៃ​ភាពជាដៃគូ ។ ឆ្អឹង​ជំនីរ​ពុំ​មែន​មានន័យ​ថា​អំណាច​ត្រួតត្រា ហើយ​ក៏​ពុំមែន​ជា​ការនៅ​ក្រោម​អំណាច​នោះ​ដែរ ប៉ុន្តែ​ជា​ទំនាក់ទំនង​មួយ​ស្មើ​ភាព​គ្នា​ក្នុង​នាម​ជា​ដៃគូ​ដើម្បី​ធ្វើ​កិច្ចការ និង​រស់នៅ​ទន្ទឹម​គ្នា ។ ( « Lessons from Eve » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៨៧ ) ។

ប្រធាន លីនដា ខេ ប៊ើតុន អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន​ដូចតទៅ​នេះ​អំពី​អត្ថន័យ​នៃ ជំនួយ ៖

ប្រធាន លីនដា ខេ ប៊ើតុន

ពាក្យ​ថា ជំនួយ មានន័យ​ថា​ជា « អ្នកជំនួយ​ម្នាក់​ដែល​ត្រូវ ឬ​ស័ក្ដិសម​នឹង​គាត់ » [ លោកុប្បត្តិ ២:១៨ ] ។ ឧទាហរណ៍ ដៃទាំងពីរ​របស់​យើង​ស្រដៀង​គ្នា ប៉ុន្តែ​មិន​ដូចគ្នា​បេះបិទ​នោះទេ ។ តាមពិត វាមិន​ដូចគ្នា​ទេ ប៉ុន្តែ​វា​ជួយគ្នា​ទៅវិញទៅ​មក ហើយ​ស័ក្ដិសម​នឹង​គ្នា ។ ដោយ​ធ្វើ​ការ​រួម​គ្នា នោះ​វា​កាន់តែរឹង​មាំ ។ ( « We’ll Ascend Together » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣០ )

ជំនឿ និង​អាកប្បកិរិយា​ខាង​វប្បធម៌ ឬ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​អាច​រារាំង​យើង​ពី​ការធ្វើ​ជា​ដៃគូស្មើ​ភាព​គ្នា​នៅ​ក្នុង​អាពាហ៍ពិពាហ៍ ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​រៀបរាប់​ពី​កាលៈទេសៈ​ទាំង​នេះ​មួយ​ចំនួន និង​របៀប​ដើម្បី​ជម្នះ​វា ៖

ប្រធាន ដាល្លិន អេក អូក

… ស្វាមី​មួយ​ចំនួន​បាន​គិត​ខុស​ថា ស្វាមី​ត្រូវ​សម្រាក​ខណៈដែល​ភរិយា​ធ្វើការងារ​ជាច្រើន​នៅ​ក្នុង​ផ្ទះ ឬ​ថា​ភរិយា និង​កូនៗ​គ្រាន់​តែ​ជា​អ្នកបម្រើ​របស់​ស្វាមី​ប៉ុណ្ណោះ ។ ការណ៍​នេះ​ពុំ​បាន​ធ្វើ​ឲ្យ​ព្រះអម្ចាស់​រីករាយ​ព្រះទ័យ​ឡើយ ដោយសារ​វា​រារាំង​ដល់​របៀប​នៃ​ប្រភេទ​ទំនាក់ទំនង​គ្រួសារ​ដែល​ត្រូវ​តែ​កើត​មាន​នៅ​ក្នង​ភាពអស់កល្ប​ជានិច្ច ហើយ​វា​គ្រង​នូវ​ប្រភេទ​នៃ​ការរីកចម្រើន​ដែល​ត្រូវ​តែ​កើត​ឡើង​នៅ​លើ​ផែនដី​នេះ ប្រសិន​បើ​យើង​ចង់​មាន​គុណសម្បត្តិ​ទទួល​បាន​ពរជ័យ​នៃ​ភាពអស់កល្ប​ជានិច្ច ។ សូម​សិក្សា​បទគម្ពីរ ហើយ​បងប្អូន​នឹង​ឃើញ​ថា អ័ដាម និង​អេវ៉ា ដែល​ជា​ឪពុកម្ដាយ​ដំបូង​របស់យើង ហើយជា​គំរូ​សម្រាប់​យើង​គ្រប់គ្នា​បាន​អធិស្ឋាន​រួម​គ្នា និង​បាន​ធ្វើ​ការ​រួម​គ្នា ( សូមមើល ម៉ូសេ ៥:១, ៤, ១០–១២, ១៦, ២៧ ) ។ ការណ៍​នោះ​គួរ​តែ​ជា​គំរូ​របស់​យើង​សម្រាប់​ជីវិត​គ្រួសារ—គឺ​ការ​គោរព​គ្នា និង​ការ​ធ្វើ​ការ​រួម​គ្នា​ដោយ​សេចក្ដីស្រឡាញ់ ។ ( « The Gospel Culture » Ensign ខែ មីនា ឆ្នាំ ២០១២ ទំព័រ ៤៤ )

ស្វាមី និង​ភរិយា​មួយ​គូ​ធ្វើ​ការរួម​គ្នា​នៅឯ​ផ្ទះ​បាយ
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ពរជ័យ​អ្វីខ្លះ​អាច​កើត​មាន​ចំពោះ​អាពាហ៍ពិពាហ៍ ប្រសិន​បើ​ស្វាមី និង​ភរិយា​មើល​ឃើញ ហើយ​គាំទ្រ​គ្នា​ជា​ដៃគូ​ស្មើភាព​គ្នា​នោះ ?

ផ្នែក​ទី ២

តើ​ការធ្វើ​ជា​អធិបតី​លើ​គ្រួសារ​មាន​ន័យ​ដូចម្ដេច ?

ព្រះអម្ចាស់​បាន​ចាត់តាំង​ការទទួល​ខុស​ត្រូវ​ខុស​គ្នា​សម្រាប់​ស្វាមី និង​ភរិយា​នៅ​ក្នុង​គ្រួសារ ប៉ុន្តែ « វា​មាន​គុណតម្លៃ និង​សារៈសំខាន់​ស្មើគ្នា » ( ឃ្វីនថិន អិល ឃុក « Great Love for Our Father’s Children » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៩ ) ។ ការទទួល​ខុសត្រូវ​ទាំង​នេះ​មួយ​ចំនួន​នឹង​ត្រូវបាន​ពិភាក្សា​នៅ​ក្នុង​មេរៀន​បន្ទាប់ ។ ប៉ុន្តែ​គំរូ​មួយ​គឺជា​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​ដូច​តទៅ​នេះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ស្វាមី និង​ឪពុក​ទាំងឡាយ ៖ « តាម​ការរៀបចំ​ដ៏ទេវភាព​នេះ ឪពុក​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​នៅក្នុង​គ្រួសារ​របស់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុចរិត » ( ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅពេល​អវត្តមាន​របស់​ស្វាមី ឬ​ឪពុក នោះ​ភរិយា ឬម្ដាយ​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​គេហដ្ឋាន​នោះ​( សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៩ ) ។

ឪពុក និង​ម្តាយ​អានព្រះគម្ពីរ​ជាមួយ​នឹង​កូនៗ​របស់​ពួកគេ

សូម​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​ដូច​ខាងក្រោម​នេះ អាច​បន្ថែម​ដល់​ការយល់ដឹង​របស់​អ្នក​អំពី​របៀប​ដែល​ឪពុក​ម្នាក់​អាច​ធ្វើ​ជា​អធិបតី​លើ​គ្រួសារ​របស់​គាត់​ដោយ​សេចក្ដីស្រឡាញ់ និង​សេចក្ដី​សុចរិត ៖

ការធ្វើជា​អធិបតី​នៅក្នុង​គ្រួសារ​គឺជា​ទំនួលខុសត្រូវ ដើម្បី​ជួយ​ដឹកនាំ​សមាជិក​គ្រួសារ​ឲ្យ​ត្រឡប់​ទៅរស់នៅ​ក្នុង​វត្តមាន​របស់ព្រះវិញ ។ ការណ៍​នេះ​អាច​ធ្វើ​ទៅបាន​តាមរយៈ​ការបម្រើ និង​ការបង្រៀន​ដោយ​ភាពទន់ភ្លន់ សុភាព​រាបសា និង​សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ ដោយ​ការធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ាថាយ ២០:២៦–២៨ ) ។ ការធ្វើ​ជា​អធិបតី​នៅក្នុង​គ្រួសារ​រួមមាន​ការដឹកនាំ​សមាជិក​គ្រួសារ​ឲ្យ​មាន​ការអធិស្ឋាន​ជាប្រចាំ ការសិក្សា​ដំណឹងល្អ និង​ទិដ្ឋភាព​នៃ​ការថ្វាយបង្គំ​ដទៃទៀត ។ ឪពុកម្តាយ​ធ្វើការ​រួមគ្នា​ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ​ទាំងនេះ ។ ( « ឪពុកម្ដាយ និង​កូនៗ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ២.១.៣ )

សាវក​ប៉ុល​បាន​បង្រៀន​អំពី​ការទទួល​ខុសត្រូវ​របស់​ស្វាមី​ក្នុង​ការ​ធ្វើ​ជា​អធិបតី​ដោយ​មិន​គិត​ពី​ខ្លួន​ឯង ពេល​លោក​បាន​ថ្លែង​ថា « ប្តី​ជា​ក្បាលនៃ​ប្រពន្ធ ដូច​ជា​ព្រះគ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ។ … បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ផង » ( អេភេសូរ ៥:២៣, ២៥ ) ។ បន្ទាប់​ពី​ដកស្រង់ អេភេសូរ ៥:២៣ ហើយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​គូស​បញ្ជាក់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​អំពី​របៀប​ធ្វើជា​អធិបតី ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

នោះ​គឺ​ជា​គំរូ​ដែល​យើង​ត្រូវ​ធ្វើតាម នៅក្នុង​តួនាទី​របស់​យើង​ក្នុងការ​ធ្វើ​ជា​អធិបតី​នៅក្នុង​គេហដ្ឋាន ។ យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​ព្រះហស្ដ​ដ៏​ឃោរឃៅ ឬ​គ្មាន​មេត្តា​ឡើយ ។ យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ប្រព្រឹត្ត​ចំពោះ​សាសនាចក្រ​របស់​ទ្រង់​ដោយ​ការមិន​គោរព ឬ​មិន​អើពើ​ឡើយ ។ យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ប្រើ​កម្លាំង ឬ​ការបង្ខិត​បង្ខំ ដើម្បី​សម្រេច​នូវ​ព្រះរាជបំណង​របស់​ទ្រង់​ឡើយ ។ មិន​មាន​នៅ​កន្លែង​ណា​សោះ​ដែល​យើង​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ធ្វើ​អ្វី​ក្រៅ​តែ​ពី​ប្រៀន​ប្រដៅ លើក​ទឹកចិត្ត លួងលោម និង​លើកតម្កើង​ពួកជំនុំ ។ បងប្អូន​ប្រុស ខ្ញុំ​សូម​និយាយ​ទៅ​កាន់​បងប្អូន​ដោយ​អស់ពីចិត្ត​ថា ទ្រង់គឺជា​គំរូ​ដែល​យើង​ត្រូវ​តែ​ធ្វើ​តាម នៅពេល​យើង​ធ្វើ​ការ​ដឹកនាំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ក្រុមគ្រួសារ​របស់​យើង ។ ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៩៦ )

នៅ​ក្នុង​សំបុត្រ​ដ៏​បំផុស​គំនិត​មួយ​ទៅ​កាន់​សមាជិក​សាសនាចក្រ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពិពណ៌នា​អំពី​សារៈសំខាន់​នៃ​ការបង្ហាញ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ នៅពេល​ដឹកនាំ​មនុស្ស​ដទៃ ។ គុណលក្ខណៈ​ទាំងនេះ​ក៏​អនុវត្ត​ចំពោះ​ការ​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​គ្រួសារ​ដែរ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៤១–៤៣ ហើយ​ពិចារណា​គូស​ចំណាំ​ពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​អ្នក​រកឃើញ ។

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ជ្រើសរើស​យក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​មួយ​ដែល​អ្នក​ស្គាល់ ឬ​បាន​គូស​ចំណាំ ហើយ​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​មួយ ឬ​ច្រើន​ដូចតទៅ​នេះ ៖ ហេតុអ្វី​គុណលក្ខណៈ​នេះ​សំខាន់​ចំពោះ​ការ​ធ្វើ​ជា​អធិបតី​លើ​គ្រួសារ ? តើ​គុណលក្ខណៈ​នេះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ដៃគូ​ស្នើភាព​គ្នា​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​ដោយ​របៀប​ណា ? តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​គំរូ​អំពី​គុណលក្ខណៈ​នេះ​នៅ​ក្នុង​តួនាទី​ធ្វើ​ជា​អធិបតី​របស់​ទ្រង់​នៅពេល​ណា ? សូម​ត្រៀមខ្លួន​ចែកចាយ​គំនិត​របស់​អ្នក​នៅក្នុង​ថ្នាក់រៀន ។

ផ្នែក​ទី ៣

តើ​ស្វាមី​ភរិយា​អាច​ប្រឹក្សា​រួម​គ្នា​ដោយ​សុចរិត​នៅ​ក្នុង​ការ​ដឹកនាំ​គ្រួសារ​របស់​ពួកគេ​បាន​ដោយ​របៀបណា ?

អត្ថន័យ​នៃ « ការធ្វើជា​អធិបតី​លើ​គ្រួសារ » អាច​មាន​ការយល់ខុស ។ ឧទាហរណ៍ មាន​មនុស្ស​មួយ​ចំនួន​បាន​បកស្រាយ​ខុស​នូវ​ភាសា​នៃ​វគ្គ​បទគម្ពីរ​ដូចជា លោកុប្បត្តិ ៣:១៦ ( ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​ប្រាប់​អេវ៉ា​ថា អ័ដាម​នឹង « ត្រួតត្រា​លើ » នាង ) ទៅ​ជា​មានន័យ​ថា ស្វាមី​អាច​ប្រើ​អំណាច ឬ​គ្រប់គ្រង ដែល​វា​គឺជា​រឿង​ខុសឆ្គង ។ ផ្ទុយទៅវិញ សេចក្ដីបង្គាប់​នេះ​មក​ពី​ព្រះអម្ចាស់​ទាក់ទង​នឹង​ការ​ទទួល​ខុសត្រូវ​របស់​ស្វាមី​ដើម្បី​ធ្វើ​ជា​អធិបតីដោយ​សេចក្ដីស្រឡាញ់ និង​សេចក្ដីសុចរិត ។ ដូច​ដែល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ទាក់ទង​នឹង​អត្ថន័យ​នៃ​ឃ្លា​នៃ​ការធ្វើជា​អធិបតី​នេះ គឺ​វា​ជា « ការទទួល​ខុសត្រូវ​របស់​ស្វាមី​ដើម្បី​ផ្គត់ផ្គង់ ការពារ ពង្រឹង ហើយ​ថែរក្សា​ភរិយា » ( « Daughters of God » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៩៩; សូមមើល​ផង​ដែរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « The Blessings and Responsibilities of Womanhood » Ensign ខែ មីនា ឆ្នាំ ១៩៧៦ ទំព័រ ៧២ ) ។

ប្រធាន រីឆាដ ជី ស្កត បានបង្រៀន​អំពី​ការ​អនុវត្ត​មិន​សុចរិត​របស់​ស្វាមី​ក្នុង​ការប្រើ​អំណាច ឬ​ការគ្រប់គ្រង​ថា

អែលឌើរ រីឆាដ ជី ស្កត

តើ​វប្បធម៌​របស់​បងប្អូន​គឺជា​វប្បធម៌​ដែល​ស្វាមី​ប្រើ​អំណាច ទទួល​បាន​សិទ្ធិ​ធ្វើ​រាល់​ការ​សម្រេចចិត្ត​សំខាន់ៗ​សម្រាប់​គ្រួសារ​ដែរឬទេ ? គន្លង​នោះ​ត្រូវ​តែ​លុបបំបាត់​ចោល​ដើម្បី​ឲ្យ​ស្វាមី និង​ភរិយា​ធ្វើ​ជា​ដៃគូ​ស្មើភាព​គ្នា គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​សាមគ្គីភាព​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ​របស់​ពួកគេ ។ គ្មាន​គ្រួសារ​ណា​មួយ​អាច​ស៊ូទ្រាំ​បាន​យូរ​នៅ​ក្រោម​ភាព​ភ័យខ្លាច ឬ​ការ​បង្ខិតបង្ខំ ដែល​ដឹកនាំ​ទៅ​រក​ការ​ឈ្លោះ​ប្រកែក​គ្នា និង​ការ​បះបោរ​នោះ​ទេ ។ សេចក្ដីស្រឡាញ់​គឺជាគ្រឹះនៃគ្រួសារ​ដ៏​រីករាយ ។ ( « Removing Barriers to Happiness » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៨៦ )

ដោយ​មាន​ចិត្ត​រាបសា ការ​គោរព និង​សេចក្ដីសប្បុរស នោះ​ស្វាមី​ភរិយា​គួរតែ​ប្រឹក្សា​រួម​គ្នា​នៅ​ក្នុង​ការសម្រេច​ចិត្ត​សម្រាប់​គ្រួសារ​របស់​ពួកគេ ។ អែលឌើរ ឃ្វីនថិន អិល ឃុក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​បង្រៀន ៖

អែលឌើរ ឃ្វីនថិន អិល ឃុក

ក្នុង​ការប្រជុំ​ប្រឹក្សា​គ្រួសារ ភរិយា និង​ស្វាមី​គឺជា​ដៃគូ​ស្មើភាពគ្នា​ក្នុង​ការសម្រេចចិត្ត​ដ៏​សំខាន់​បំផុត ។ ពួកគេ​សម្រេច​ពី​របៀប​ដែលកូនៗ​នឹងត្រូវបាន​បង្រៀន និង​លត់ដំ ការចំណាយប្រាក់ ទីកន្លែង​រស់នៅ និង​ការសម្រេចចិត្ត​ដទៃទៀត​ជាច្រើន ។ ការសម្រេចចិត្ត​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​រួមគ្នា បន្ទាប់ពី​បានស្វែងរក​ការណែនាំពី​ព្រះអម្ចាស់ ។ ( « The Lord Is My Light » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៦៤ )

ស្វាមី និង​ភរិយា​មួយ​គូ​លុត​ជង្គង់​អធិស្ឋាន​រួមគ្នា

សូម​គិត​ពី​សេចក្ដីពិត​បន្ថែម​ទៀត​ទាំង​នេះ​ដែល​ទាក់ទង​នឹង​ការប្រឹក្សា​រួម​គ្នា​ជា​ស្វាមី​ភរិយា និង​ការបង្កើន​ភាពជា​ដៃគូ​ស្មើភាព​គ្នា​ក្នុង​អាពាហ៍ពិពាហ៍ ។

  • ស្វាមី និង​ភរិយា​ត្រូវ​តែមាន « សំឡេង និង​សិទ្ធិ​ស្មើ​គ្នា » នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ទាំងឡាយ ( អិល វិតនី ក្លេតុន « Marriage: Watch and Learn » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៤ ) ។

  • ភរិយា​គឺ​ចាំបាច់​ត្រូវ « និយាយ​ជា​ដៃគូ ‹ ចូលរួម​ចំណែក និង ពេញលេញ › [ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Privileges and Responsibilities of Sisters » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៨ ទំព័រ ១០៦ ] ដូច​ដែល [ ពួកគេ ] សាមគ្គី​គ្នា​ជាមួយ​នឹង​ស្វាមី [ ខ្លួន ] នៅក្នុង​ការគ្រប់គ្រង​គ្រួសារ [ របស់​ពួកគេ ] ដែរ » ( រ័សុល អិម ណិលសុន « A Plea to My Sisters » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៧ ) ។

  • ស្វាមី និង​ភរិយា​មាន « អំណាច​ស្មើគ្នា​ដើម្បី​ទទួល​វិវរណៈ​សម្រាប់​គ្រួសារ​របស់​ពួកគេ » ( ឃ្វីនថិន អិល ឃុក « Great Love for Our Father’s Children » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៩ ) ។

  • ឪពុក​ម្ដាយ​អាច​ធ្វើ​ការប្រឹក្សា​គ្រួសារ​ជាមួយ​នឹង​កូនៗ​របស់​ពួកគេ​ដើម្បី​ប្រឹក្សា​រួម​គ្នា​អំពី​ការសម្រេច​ចិត្ត ឬ​ឧបសគ្គ​នានា​ដែល​អាច​ទាក់ទង​នឹង​គ្រួសារ​ទាំងមូល ( សូមមើល អិម រ័សុល បាឡឺដ « Family Councils » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥ ) ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការប្រឹក្សា​រួម​គ្នា​នៅ​ក្នុង​សេចក្ដីសុចរិត​អាច​ជួយ​ផ្ដល់​ពរជ័យ​ដល់​ស្វាមី​ភរិយា និង​កូនៗ​របស់​ពួកគេ​ដោយ​របៀបណា ?