ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម


« មេរៀនទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

គ្រួសារ​វ័យក្មេង​រីករាយ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយគ្នា

មេរៀន​ទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម

ព្រះអម្ចាស់​យក​ព្រះទ័យ​ទុកដាក់​លើ​សុខុមាលភាព​ខាង​សាច់ឈាម ឬ​ខាង​រូបកាយ​របស់​យើង ។ ទ្រង់​បាន​បើក​សម្ដែង​សេចក្ដីពិត ដែល​អាច​ជួយ​អ្នក​ឲ្យ​ផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​រាងកាយ​របស់​អ្នក​ផ្ទាល់ និង​គ្រួសារ​របស់​អ្នក តាម​របៀប​ដែល​នឹង​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ​ផងដែរ ។ នៅពេល​អ្នក​សិក្សា​ឯកសារ​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​សេចក្ដីពិត​ទាំងនេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

ផ្នែក​ទី ១

តើ​ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​អ្វីខ្លះ ក្នុង​ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​គ្រួសារ​ខ្ញុំ ?

មិន​យូរ​ប៉ុន្មាន​ក្រោយពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​ឡើងវិញ នោះ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​នូវ​ទំនួល​ខុសត្រូវ​ខាង​សាច់ឈាម​មួយ​ចំនួន​របស់​សមាជិក​សាសនាចក្រ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៥:២៨–២៩; ៨៣:៤ ហើយ​សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះឱវាទ​របស់​ព្រះអម្ចាស់​អនុវត្ត​ចំពោះ​អ្នក ។

តាមរយៈ​ព្យាការី​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​បាន​បញ្ជាក់​សាជា​ថ្មី​ថា « ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្ដី​ស្រឡាញ់ និង​សេចក្ដី​សុចរិត [ ហើយ ] ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​របស់​ពួកគេ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុង​ការផ្គត់ផ្គង់​ដល់​តម្រូវការ​រាងកាយ​របស់​កូនៗ​ខ្លួន នោះ​ឪពុក​ម្ដាយ​ត្រូវតែ​រៀន​មាន​ភាព​ខ្លួនទីពឹង​ខ្លួន ។ ភាព​ខ្លួនទីពឹង​ខ្លួន​គឺជា​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ ។ វា​គឺជា « លទ្ធភាព ការតាំង​ចិត្ត និង​កិច្ច​ខិតខំ​ដើម្បី​ផ្តល់​សេចក្តី​ត្រូវការ​ចាំបាច់​នៃ​ជីវិត​សម្រាប់​ខ្លួន និង​ក្រុមគ្រួសារ » ( Providing in the Lord’s Way: Summary of a Leader’s Guide to Welfare [ ឆ្នាំ ២០០៩ ] ទំព័រ  ) ។

យុវមជ្ឈិមវ័យ​ម្នាក់​កំពុង​រៀបចំ​អាហារ​នៅឯ​ភោជនីយដ្ឋាន

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​គោលការណ៍​ដូច​តទៅ​នេះ​អំពី​ភាពខ្លួន​ទីពឹង​ខ្លួន ៖

អែលឌើរ រ៉ូបឺត ឌី ហែល

ភាព​ខ្លួន​ទីពឹង​ខ្លួន​គឺជា​ការមាន​ទំនួល​ខុសត្រូវ​លើ​សុខុមាលភាព​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​យើង​ផ្ទាល់ និង​របស់​អស់​អ្នក​ដែល​ព្រះវរបិតា​សួគ៌​បាន​ទុក​ព្រះទ័យ​ឲ្យយើង​មើល​ថែទាំ ។ ទាល់តែ​យើង​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​សិន ទើប​យើង​ពិតជា​អាច​ធ្វើត្រាប់​តាម​ព្រះអង្គ​សង្រ្គោះ​ក្នុង​ការបម្រើ និង​ការផ្ដល់​ពរជ័យ​ដល់​អ្នក​ដទៃ​បាន ។

វា​សំខាន់​ដើម្បី​យល់​ថា ភាព​ខ្លួន​ទីពឹង​ខ្លួន​គឺជា​មធ្យោបាយ​មួយ ដែល​ជួយ​យើង​ឲ្យ​សម្រេច​គោលដៅ ។ គោលដៅ​ចុងក្រោយ​របស់​យើង​គឺ​ដើម្បី​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ហើយ​គោលដៅ​នោះ​ត្រូវបាន​ពង្រឹង តាមរយៈ​ការបម្រើ​ដល់​អ្នកដទៃ​ដោយ​មិន​អាត្មា​និមយ ។ សមត្ថភាព​របស់​យើង​ក្នុង​ការបម្រើ​នឹង​កើនឡើង ឬ​ថយចុះ អាស្រ័យ​លើ​កម្រិត​នៃ​ភាពខ្លួន​ទី​ពឹង​ខ្លួន​របស់យើង ។ ( « A Gospel Vision of Welfare: Faith in Action » នៅក្នុង Basic Principles of Welfare and Self-Reliance [ ការប្រជុំ​បំពាក់​បំប៉ន​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក ឆ្នាំ ២០០៩ ] ទំព័រ ១–២; សូមមើល​ផងដែរ​នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សូម​ពិចារណា​ពី​សារៈសំខាន់​នៃ​ការណែនាំ​ខាងក្រោម​នេះ​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន ៖

នៅពេល​ដែល​អ្នក​មាន​ភាពខ្លួន​ទីពឹង​ខ្លួន អ្នក​ប្រើ​ពរជ័យ និង​សមត្ថភាព​ទាំងឡាយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​មក​ថែរក្សា​ខ្លួន​អ្នក និង​គ្រួសារ​អ្នក និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​អ្នក​ផ្ទាល់ ។ ភាពខ្លួន​ទីពឹង​ខ្លួន​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវតែ​មាន​លទ្ធភាព​ធ្វើ​អ្វីៗ​ទាំងអស់​ដោយ​ខ្លួន​អ្នក​ផ្ទាល់​នោះ​ទេ ។ ដើម្បី​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ពិត​ប្រាកដ នោះ​អ្នក​ត្រូវតែ​រៀន​ពី​របៀប​ធ្វើការ​ជាមួយ​នឹង​អ្នក​ដទៃ ហើយ​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​បាន​ជំនួយ និង​កម្លាំង​របស់​ទ្រង់ ។ ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៤១ )

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « គ្មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពិត​ប្រាកដ​ណា​ម្នាក់ នឹង​ស្ម័គ្រចិត្ត​ផ្ទេរ​បន្ទុក​ផ្នែក​សុខុមាលភាព​របស់​គាត់ [ ឬ​របស់​នាង ] ផ្ទាល់ ឬ​របស់​គ្រួសារ​គាត់ [ ឬ​នាង ] ទៅឲ្យ​នរណា​ម្នាក់​ទៀត​ឡើយ បើ​ពួកគេ​នៅមាន​សមត្ថភាព​ខាង​រូបកាយ ឬ​សតិ​អារម្មណ៍​នៅឡើយ​នោះ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ​២០០៦ ] ទំព័រ ១១៦; សូមមើល​ផងដែរ ធីម៉ូថេ ទី២ ៥:៨ ) ។ សូម​ដឹង​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ក្នុង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា « តាមរយៈ​ទិព្វញ្ញាណ​របស់ [ ទ្រង់ ] » នោះ​សាសនាចក្រ​អាច « ឈរ​ដោយ​ឡែក » ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១៤ ) ។ ដូចគ្នា​នេះ​ដែរ « តាមរយៈ​ទិព្វញ្ញាណ​របស់ [ ទ្រង់ ] » ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​បាន និង​អាច​ផ្គត់ផ្គង់​ដល់​ខ្លួនឯង និង​គ្រួសារ​របស់​អ្នក​បាន ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​យ៉ាងណា​ដែរ អំពី​ទំនួល​ខុសត្រូវ​ក្នុង​ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​គ្រួសារ​អ្នក ?

ផ្នែក​ទី ២

តើ​មាន​អ្វីខ្លះ​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​អភិវឌ្ឍ​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​ក្លាយជា​អ្នកផ្គត់ផ្គង់​ដ៏កាន់តែ​ប្រសើរ​ជាង​នេះ ?

ក្រម​សីលធម៌​ការងារ​ដ៏ឧស្សាហ៍​ព្យាយាម គឺ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ភាព​ខ្លួន​ទីពឹង​ខ្លួន និង​ក្នុង​ការផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​របស់​យើង ។ ចាប់​តាំងពី​លោក​អ័ដាម​រហូត​មក ព្រះវរបិតា​សួគ៌​របស់​យើង​បាន​បង្គាប់​បុត្រា​បុត្រី​របស់​ទ្រង់​ឲ្យ​ធ្វើការ ( សូមមើល ម៉ូសេ ៤:២៥, ២៩; ថែស្សាឡូនិច ទី២ ៣:១០–១៣ ) ។ ការខិតខំ​ធ្វើការ និង​ការឧស្សាហ៍​ព្យាយាម​គឺជា​បុគ្គលិក​លក្ខណៈ​របស់​ព្រះ និង​របស់​អ្នក​ដែល​ខិតខំ​ព្យាយាម​ធ្វើតាម​ទ្រង់ ( សូមមើល នីហ្វៃ​ទី​២ ៥:១៧; ម៉ូសាយ ២៧:៣–៤ ) ។

យុវមជ្ឈិមវ័យ​ម្នាក់​ធ្វើការ​នៅរោង​បូម​ទឹក​ដោះគោ

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការខិតខំ​ធ្វើ​ការងារ នៅពេល​លោក​បាន​បង្រៀន ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ព្រះ​បាន​រៀបចំ​ជីវិត​រមែង​ស្លាប់​នេះ ដើម្បី​តម្រូវ​ឲ្យមាន​ការខិតខំ​ប្រឹងប្រែង​ជាប្រចាំ ។ … តាមរយៈ​ការងារ យើង​ទ្រទ្រង់ និង​ចម្រើន​ដល់​ជីវិត​យើង ។ វា​អាចឲ្យ​យើង​រួច​ផុតពី​ការខកចិត្ត និង​សោកនាដកម្ម​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​នេះ ។ សមិទ្ធផល​ដែល​សម្រេច​បាន​យ៉ាង​លំបាក​លំបិន ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​យើង​មាន​តម្លៃ ។ ការងារ​ជួយ​កសាង និង​កែលម្អ​បុគ្គលិក​លក្ខណៈ បង្កើត​ភាពស្រស់​ស្អាត និង​ជា​ឧបករណ៍​ក្នុង​ការបម្រើ​របស់​យើង​ដល់​គ្នា​ទៅវិញ​ទៅមក និង​ដល់​ព្រះ ។ ជីវិត​ដែល​បាន​ញែកចេញ​គឺ​ពោរពេញ​ទៅ​ដោយ​ការងារ ជួនកាល​ការងារ​ដដែលៗ ជួនកាល​ការងារ​តូចតាច ជួនកាល​ការងារ​ដែល​គ្មាន​នរណា​ដឹងគុណ ប៉ុន្ដែ​គឺ​ការងារ​ជានិច្ច​ដែល​ធ្វើឲ្យ​យើង​ប្រសើរ​ឡើង បញ្ជា គាំទ្រ លើកស្ទួយ ផ្ដល់​ការងារ​បម្រើ និង​មាន​ចិត្ត​ប្រាថ្នា​ចង់​បាន​អ្វីមួយ ។ ( « Reflections on a Consecrated Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៧ )

ក្រៅពី​ការទទួល​ខុសត្រូវ​ដែល​ឪពុក​ម្តាយ​មាន « ដើម្បី​ផ្គង់ផ្គង់​សេចក្ដី​ត្រូវការ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​របស់ [ កូន ] ពួកគេ » ហើយ នោះ « តាម​ការរៀបចំ​ដ៏ទេវភាព​នេះ ឪពុក … មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុង​ជីវិត … ក្រុមគ្រួសារ​ខ្លួន​ផង » ( ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ អែលឌើរ គ្រីស្តូហ្វឺសិន បាន​លើក​ទឹកចិត្ត​ដល់​អស់​អ្នក​ដែល​កំពុង​ត្រៀម​ខ្លួន​ធ្វើជា​ឪពុក នៅពេល​លោក​មាន​ប្រសាសន៍ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ចូរ​រៀបចំ​ពី​ពេល​ឥឡូវនេះ ដោយ​ការឧស្សាហ៍​ព្យាយាម​នៅក្នុង​ការសិក្សា ហើយ​រៀបចំ​សម្រាប់​ការបំពាក់​បំប៉ន​បន្ទាប់ពី​អនុវិទ្យាល័យ ។ ការអប់រំ ទោះជា​នៅ​សាកល​វិទ្យាល័យ សាលា​បច្ចេកទេស ការហ្វឹកហ្វឺន ឬ​កម្មវិធី​ស្រដៀង​គ្នា​នេះ គឺជា​គន្លឹះ​ដើម្បី​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ដែល​អ្នក​នឹង​ត្រូវការ​ចាំបាច់ ។ ( Fathers » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៦ )

យុវមជ្ឈិមវ័យ​កំពុង​ធ្វើការ

ដំបូន្មាន​ឲ្យ​ខិតខំ​ស្វែងរក​ការអប់រំ​គឺ​សំខាន់​សម្រាប់​ពួកសិស្ស​ទាំងអស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអម្ចាស់​ទ្រង់​បង្គាប់​យើង​ឲ្យ « ស្វែងរក​ការរៀនសូត្រ​គឺ ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តី​ជំនឿ​ផង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១៥ ) ។ ទាក់ទង​នឹង​ការទទួល​ខុសត្រូវ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

ដោយសារ​តែ​ការគោរព​ដ៏​ពិសិដ្ឋ​របស់​យើង​ចំពោះ​បញ្ញា​របស់​មនុស្ស​ម្នាក់ៗ នោះ​យើង​ចាត់ទុក​ថា ការទទួល​បាន​ការអប់រំ​គឺជា​ការទទួល​ខុសត្រូវ​ខាង​សាសនា​មួយ ។ … អង្គបង្កបង្កើត​របស់​យើង​រំពឹង​ថា បុត្រា​បុត្រី​របស់​ទ្រង់​នៅ​គ្រប់​ទីកន្លែង​នឹង​អប់រំ​ខ្លួនឯង ។ ( « Where Is Wisdom? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៦ )

សូម​ពិចារណា​អំពី​ពរជ័យ​ដ៏មាន​សក្តានុពល​ផ្សេងទៀត​នៃ​ការអប់រំ ដែល​មាន​ហួសពី​ការជួយ​យើង​ឲ្យអាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​ហិរញ្ញវត្ថុ​របស់​គ្រួសារ​យើង​បាន​កាន់តែ​ប្រសើរ​ទៅទៀត ។ ការទទួល​បាន​ការអប់រំ​អាច​នាំមក​នូវ​ការបំពេញ​ផ្ទាល់ខ្លួន និង​អាច​ជួយ​យើង​ឲ្យ​បំពេញ​តាម​ការរំពឹង​ទុក​របស់​ព្រះអម្ចាស់​ក្នុង​ការអភិវឌ្ឍ និង​ការប្រើ​អំណោយ​ទាន និង​សមត្ថភាព​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង ( សូម​មើល ម៉ាថាយ ២៥:១៤–៣០ ) ។ ការទទួល​បាន​ការអប់រំ​អាច​បង្កើន​សមត្ថភាព​របស់​យើង ក្នុង​ការដឹង​ពី​របៀប​ឆ្លង​កាត់​ឧបសគ្គ​ក្នុង​ជីវិត​នេះ ។ ការអប់រំ​ក៏​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ និង​កសាង​នគរ​របស់​ព្រះអម្ចាស់​ផងដែរ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

ទេពកោសល្យ​របស់​អ្នក​នឹង​ពង្រីក នៅពេល​ដែល​អ្នក​សិក្សា និង​រៀនសូត្រ ។ អ្នក​នឹង​អាច​ជួយ​ក្រុមគ្រួសារ​របស់​អ្នក​បាន​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការរៀនសូត្រ​របស់​ពួកគេ ហើយ​អ្នក​នឹង​មាន​សេចក្ដីសុខ​នៅក្នុង​ចិត្ត ដោយ​ដឹង​ថា អ្នក​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ព្រឹត្តិការណ៍​ដែល​អ្នក​អាច​នឹង​ជួបប្រទះ​ក្នុង​ជីវិត ។ ( « Three Goals to Guide You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១១៩ )

យុវមជ្ឈិមវ័យ​ធ្វើ​កិច្ចការ​សាលា​ជាមួយ​គ្នា

ក្នុង​ករណី​ខ្លះ ដោយសារ​តែ​មរណភាព ឬ​ការលែងលះ ឬ​កាលៈទេសៈ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ផ្សេងទៀត នោះ​ម្ដាយ​ត្រូវតែ​ផ្គត់ផ្គង់​ដល់​គ្រួសារ ( សូម​មើល កថាខណ្ឌ​ទី ៧ នៃ​ការប្រកាស​អំពី​ក្រុមគ្រួសារ ) ។ ក្នុង​ករណី​ផ្សេងទៀត ទាំង​ឪពុក​ទាំង​ម្ដាយ​ត្រូវតែ​ធ្វើការ ដើម្បី​ជួយ​បំពេញ​តម្រូវការ​មូលដ្ឋាន​របស់​គ្រួសារ​ពួកគេ ។ ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្តល់​បម្រាម​ដ៏សំខាន់ និង​មាន​ប្រយោជន៍​មួយ​ក្នុង​ការសម្រេច​ចិត្ត ទាក់ទង​នឹង​ការធ្វើការ​របស់​ឪពុក​ម្ដាយ​ទាំង​ពីរ​នាក់ ៖

ប្រធាន អិម រ័សុល បាឡឺដ

សព្វថ្ងៃ​នេះ មាន​សម្ពាធ​យ៉ាង​ខ្លាំង​មួយ​នៅក្នុង​ពិភពលោក​សម្ភារ​និយម​របស់​យើង​ដើម្បី​មាន និង​ចំណាយ​ប្រាក់​បន្ថែម​ទៀត ។ ជាអកុសល ការណ៍នេះ​បាន​ទាក់ទាញ​ម្តាយ​ដែល​បាន​រៀបការ​រួច ឲ្យ​ធ្វើការ​នៅក្រៅ​ផ្ទះ​ដើម្បី​ផ្តល់​ចំណូល​បន្ថែម​ទៀត ។ នៅពេល​ស្វាមី ភរិយា និង​កូនៗ​ដឹងពី​ភាពខុសគ្នា​រវាង​ភាពចាំបាច់​មូលដ្ឋាន និង​ការចង់​បាន​តាម​សម្ភារ​និយម នោះ​ពួកគេ​កាត់​បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​គ្រួសារ និង​រួម​ចំណែក​ក្នុង​ការជួយ​ម្តាយ​ឲ្យ​នៅ​ផ្ទះ ។ ការសម្រេច​ចិត្ត​អំពី​ការធ្វើការ​នៅក្រៅ​ផ្ទះ​គឺជា​ការលំបាក ហើយ​ចាំបាច់​ត្រូវ​ធ្វើ​ការអធិស្ឋាន​ដោយ​ចាំ​ពី​ដំបូន្មាន​របស់​ព្យាការី​ដែល​នៅរស់​ស្ដីពី​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ ។ ( « The Sacred Responsibilities of Parenthood » Ensign ខែ មីនា ឆ្នាំ ២០០៦ ទំព័រ ៣១; សូមមើល​ផងដែរ អាលម៉ា ៣៧:៣៧ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ព្រះអម្ចាស់​បាន​ជួយ​អ្នក ឬ​តើ​ទ្រង់​អាច​ជួយ​អ្នក​ឲ្យមាន​ក្រម​សីលធម៌​ការងារ​ដ៏ឧស្សាហ៍ ឬ​ទទួល​បាន​ការអប់រំ​បន្ថែម​ទៀត​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តើ​គោលការណ៍​ហិរញ្ញវត្ថុ​អ្វី​ខ្លះ ដែល​អាច​ណែនាំ​ខ្ញុំ​ឲ្យជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​ខ្ញុំ​បាន ?

ផែនដី​ជា​របស់​ព្រះអម្ចាស់ ( សូមមើល ទំនុកតម្កើង ២៤:១ ) ។ ទ្រង់​ប្រទាន​អំណាច និង​សិទ្ធិ​ប្រើប្រាស់​ធនធាន​លើ​ផែនដី​ទាំងនោះ​ដល់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​យើង ( សូមមើល ចោទិយកថា ៨:១០, ១៨; គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៨–២០ ) ។ ចំពោះ​ព្រះអម្ចាស់ របស់​គ្រប់យ៉ាង​គឺជា​វិញ្ញាណ សូម្បីតែ​ក្រឹត្យវិន័យ​ខាង​សាច់ឈាម​របស់​ទ្រង់​ក្ដី ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៤ ) ។ ទ្រង់​ញាណដឹង​ពី​ពរជ័យ​ផង និង​ហានិភ័យ​ខាង​វិញ្ញាណ​ដែល​ទាក់ទង​នឹង​ការស្វែងរក និង​ការទទួល​បាន​ប្រាក់ និង​ទ្រព្យ​សម្បត្តិ​ផង ។ ទ្រង់​បាន​បើក​សម្ដែង​គោលការណ៍​នានា ដើម្បី​ជួយ​យើង​ឲ្យ​គ្រប់គ្រង​ធនធាន​ទាំងនេះ​បាន តាម​របៀប​ដែល​អាច​ប្រទាន​ពរ និង​ការពារ​យើង​បាន​ជា​លក្ខណៈ​បុគ្គល និង​ជា​ក្រុមគ្រួសារ ។

យុវមជ្ឈិមវ័យ​អង្គុយ​នៅ​តុ​ធ្វើការ
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ជ្រើសរើស​យ៉ាង​ហោច​ណាស់​វគ្គ​បទគម្ពីរ​ចំនួន​ពីរ​នៅ​ខាងក្រោម​នេះ ឬ​រកមើល​វគ្គ​បទគម្ពីរ​ចំនួន​ពីរ​ដោយ​ខ្លួនអ្នក​ផ្ទាល់ ហើយ​កំណត់ពី​គោលការណ៍​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ ដែល​បទគម្ពីរ​ទាំងនោះ​បង្រៀន ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ពិភាក្សា​ពី​អ្វី​ដែល​អ្នក​បាន​រកឃើញ ។

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​សរសេរ​ជម្រើស​ដ៏​ឈ្លាសវៃ​មួយ​ចំនួន​ដែល​អ្នក​បាន​ជ្រើសរើស ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​អ្នក ព្រមទាំង​វិធី​មួយ​ចំនួន​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​កែលម្អ​បាន​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​អ្នក ។