« មេរៀនទី ១៨ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាម » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៨ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៨ ឯកសាររៀបចំសម្រាប់ថ្នាក់
ការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាម
ព្រះអម្ចាស់យកព្រះទ័យទុកដាក់លើសុខុមាលភាពខាងសាច់ឈាម ឬខាងរូបកាយរបស់យើង ។ ទ្រង់បានបើកសម្ដែងសេចក្ដីពិត ដែលអាចជួយអ្នកឲ្យផ្គត់ផ្គង់ដល់តម្រូវការខាងរាងកាយរបស់អ្នកផ្ទាល់ និងគ្រួសាររបស់អ្នក តាមរបៀបដែលនឹងជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណផងដែរ ។ នៅពេលអ្នកសិក្សាឯកសារនេះ សូមពិចារណាពីរបៀបដែលអ្នកអាចអនុវត្តតាមសេចក្ដីពិតទាំងនេះឲ្យបានកាន់តែប្រសើរឡើង ។
ផ្នែកទី ១
តើខ្ញុំមានទំនួលខុសត្រូវអ្វីខ្លះ ក្នុងការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាមរបស់គ្រួសារខ្ញុំ ?
មិនយូរប៉ុន្មានក្រោយពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានស្ដារឡើងវិញ នោះព្រះអម្ចាស់បានបើកសម្ដែងនូវទំនួលខុសត្រូវខាងសាច់ឈាមមួយចំនួនរបស់សមាជិកសាសនាចក្រ ។
តាមរយៈព្យាការីថ្ងៃចុងក្រោយ ព្រះអម្ចាស់បានបញ្ជាក់សាជាថ្មីថា « ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្ដីស្រឡាញ់ និងសេចក្ដីសុចរិត [ ហើយ ] ផ្គត់ផ្គង់សេចក្ដីត្រូវការទាំងខាងរូបកាយ និងខាងវិញ្ញាណរបស់ពួកគេ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ដើម្បីបំពេញកាតព្វកិច្ចក្នុងការផ្គត់ផ្គង់ដល់តម្រូវការរាងកាយរបស់កូនៗខ្លួន នោះឪពុកម្ដាយត្រូវតែរៀនមានភាពខ្លួនទីពឹងខ្លួន ។ ភាពខ្លួនទីពឹងខ្លួនគឺជាគោលការណ៍គ្រឹះនៃដំណឹងល្អ ។ វាគឺជា « លទ្ធភាព ការតាំងចិត្ត និងកិច្ចខិតខំដើម្បីផ្តល់សេចក្តីត្រូវការចាំបាច់នៃជីវិតសម្រាប់ខ្លួន និងក្រុមគ្រួសារ » ( Providing in the Lord’s Way: Summary of a Leader’s Guide to Welfare [ ឆ្នាំ ២០០៩ ] ទំព័រ ១ ) ។
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីគោលការណ៍ដូចតទៅនេះអំពីភាពខ្លួនទីពឹងខ្លួន ៖
ភាពខ្លួនទីពឹងខ្លួនគឺជាការមានទំនួលខុសត្រូវលើសុខុមាលភាពខាងវិញ្ញាណ និងខាងសាច់ឈាមរបស់យើងផ្ទាល់ និងរបស់អស់អ្នកដែលព្រះវរបិតាសួគ៌បានទុកព្រះទ័យឲ្យយើងមើលថែទាំ ។ ទាល់តែយើងមានភាពខ្លួនទីពឹងខ្លួនសិន ទើបយើងពិតជាអាចធ្វើត្រាប់តាមព្រះអង្គសង្រ្គោះក្នុងការបម្រើ និងការផ្ដល់ពរជ័យដល់អ្នកដទៃបាន ។
វាសំខាន់ដើម្បីយល់ថា ភាពខ្លួនទីពឹងខ្លួនគឺជាមធ្យោបាយមួយ ដែលជួយយើងឲ្យសម្រេចគោលដៅ ។ គោលដៅចុងក្រោយរបស់យើងគឺដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ហើយគោលដៅនោះត្រូវបានពង្រឹង តាមរយៈការបម្រើដល់អ្នកដទៃដោយមិនអាត្មានិមយ ។ សមត្ថភាពរបស់យើងក្នុងការបម្រើនឹងកើនឡើង ឬថយចុះ អាស្រ័យលើកម្រិតនៃភាពខ្លួនទីពឹងខ្លួនរបស់យើង ។ ( « A Gospel Vision of Welfare: Faith in Action » នៅក្នុង Basic Principles of Welfare and Self-Reliance [ ការប្រជុំបំពាក់បំប៉នថ្នាក់ដឹកនាំទូទាំងពិភពលោក ឆ្នាំ ២០០៩ ] ទំព័រ ១–២; សូមមើលផងដែរនៅលើគេហទំព័រ ChurchofJesusChrist.org )
សូមពិចារណាពីសារៈសំខាន់នៃការណែនាំខាងក្រោមនេះអំពីភាពខ្លួនទីពឹងខ្លួន ៖
នៅពេលដែលអ្នកមានភាពខ្លួនទីពឹងខ្លួន អ្នកប្រើពរជ័យ និងសមត្ថភាពទាំងឡាយដែលព្រះបានប្រទានដល់អ្នកមកថែរក្សាខ្លួនអ្នក និងគ្រួសារអ្នក និងដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់អ្នកផ្ទាល់ ។ ភាពខ្លួនទីពឹងខ្លួនមិនមែនមានន័យថា អ្នកត្រូវតែមានលទ្ធភាពធ្វើអ្វីៗទាំងអស់ដោយខ្លួនអ្នកផ្ទាល់នោះទេ ។ ដើម្បីមានភាពខ្លួនទីពឹងខ្លួនពិតប្រាកដ នោះអ្នកត្រូវតែរៀនពីរបៀបធ្វើការជាមួយនឹងអ្នកដទៃ ហើយងាកទៅរកព្រះអម្ចាស់ដើម្បីបានជំនួយ និងកម្លាំងរបស់ទ្រង់ ។ ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៤១ )
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា « គ្មានពួកបរិសុទ្ធថ្ងៃចុងក្រោយពិតប្រាកដណាម្នាក់ នឹងស្ម័គ្រចិត្តផ្ទេរបន្ទុកផ្នែកសុខុមាលភាពរបស់គាត់ [ ឬរបស់នាង ] ផ្ទាល់ ឬរបស់គ្រួសារគាត់ [ ឬនាង ] ទៅឲ្យនរណាម្នាក់ទៀតឡើយ បើពួកគេនៅមានសមត្ថភាពខាងរូបកាយ ឬសតិអារម្មណ៍នៅឡើយនោះ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦ ] ទំព័រ ១១៦; សូមមើលផងដែរ ធីម៉ូថេ ទី២ ៥:៨ ) ។ សូមដឹងថា ព្រះអម្ចាស់នឹងជួយអ្នកក្នុងកិច្ចខិតខំរបស់អ្នកដើម្បីមានភាពខ្លួនទីពឹងខ្លួន ។ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា « តាមរយៈទិព្វញ្ញាណរបស់ [ ទ្រង់ ] » នោះសាសនាចក្រអាច « ឈរដោយឡែក » ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៤ ) ។ ដូចគ្នានេះដែរ « តាមរយៈទិព្វញ្ញាណរបស់ [ ទ្រង់ ] » ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យមានភាពខ្លួនទីពឹងខ្លួនបាន និងអាចផ្គត់ផ្គង់ដល់ខ្លួនឯង និងគ្រួសាររបស់អ្នកបាន ។
ផ្នែកទី ២
តើមានអ្វីខ្លះដែលអាចជួយខ្ញុំឲ្យអភិវឌ្ឍភាពខ្លួនទីពឹងខ្លួន ហើយក្លាយជាអ្នកផ្គត់ផ្គង់ដ៏កាន់តែប្រសើរជាងនេះ ?
ក្រមសីលធម៌ការងារដ៏ឧស្សាហ៍ព្យាយាម គឺចាំបាច់សម្រាប់ការអភិវឌ្ឍភាពខ្លួនទីពឹងខ្លួន និងក្នុងការផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់យើង ។ ចាប់តាំងពីលោកអ័ដាមរហូតមក ព្រះវរបិតាសួគ៌របស់យើងបានបង្គាប់បុត្រាបុត្រីរបស់ទ្រង់ឲ្យធ្វើការ ( សូមមើល ម៉ូសេ ៤:២៥, ២៩; ថែស្សាឡូនិច ទី២ ៣:១០–១៣ ) ។ ការខិតខំធ្វើការ និងការឧស្សាហ៍ព្យាយាមគឺជាបុគ្គលិកលក្ខណៈរបស់ព្រះ និងរបស់អ្នកដែលខិតខំព្យាយាមធ្វើតាមទ្រង់ ( សូមមើល នីហ្វៃទី២ ៥:១៧; ម៉ូសាយ ២៧:៣–៤ ) ។
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការខិតខំធ្វើការងារ នៅពេលលោកបានបង្រៀន ៖
ព្រះបានរៀបចំជីវិតរមែងស្លាប់នេះ ដើម្បីតម្រូវឲ្យមានការខិតខំប្រឹងប្រែងជាប្រចាំ ។ … តាមរយៈការងារ យើងទ្រទ្រង់ និងចម្រើនដល់ជីវិតយើង ។ វាអាចឲ្យយើងរួចផុតពីការខកចិត្ត និងសោកនាដកម្មនៃបទពិសោធន៍ជីវិតរមែងស្លាប់នេះ ។ សមិទ្ធផលដែលសម្រេចបានយ៉ាងលំបាកលំបិន ធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនយើងមានតម្លៃ ។ ការងារជួយកសាង និងកែលម្អបុគ្គលិកលក្ខណៈ បង្កើតភាពស្រស់ស្អាត និងជាឧបករណ៍ក្នុងការបម្រើរបស់យើងដល់គ្នាទៅវិញទៅមក និងដល់ព្រះ ។ ជីវិតដែលបានញែកចេញគឺពោរពេញទៅដោយការងារ ជួនកាលការងារដដែលៗ ជួនកាលការងារតូចតាច ជួនកាលការងារដែលគ្មាននរណាដឹងគុណ ប៉ុន្ដែគឺការងារជានិច្ចដែលធ្វើឲ្យយើងប្រសើរឡើង បញ្ជា គាំទ្រ លើកស្ទួយ ផ្ដល់ការងារបម្រើ និងមានចិត្តប្រាថ្នាចង់បានអ្វីមួយ ។ ( « Reflections on a Consecrated Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៧ )
ក្រៅពីការទទួលខុសត្រូវដែលឪពុកម្តាយមាន « ដើម្បីផ្គង់ផ្គង់សេចក្ដីត្រូវការទាំងខាងរូបកាយ និងខាងវិញ្ញាណរបស់ [ កូន ] ពួកគេ » ហើយ នោះ « តាមការរៀបចំដ៏ទេវភាពនេះ ឪពុក … មានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត … ក្រុមគ្រួសារខ្លួនផង » ( ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ អែលឌើរ គ្រីស្តូហ្វឺសិន បានលើកទឹកចិត្តដល់អស់អ្នកដែលកំពុងត្រៀមខ្លួនធ្វើជាឪពុក នៅពេលលោកមានប្រសាសន៍ ៖
ចូររៀបចំពីពេលឥឡូវនេះ ដោយការឧស្សាហ៍ព្យាយាមនៅក្នុងការសិក្សា ហើយរៀបចំសម្រាប់ការបំពាក់បំប៉នបន្ទាប់ពីអនុវិទ្យាល័យ ។ ការអប់រំ ទោះជានៅសាកលវិទ្យាល័យ សាលាបច្ចេកទេស ការហ្វឹកហ្វឺន ឬកម្មវិធីស្រដៀងគ្នានេះ គឺជាគន្លឹះដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពដែលអ្នកនឹងត្រូវការចាំបាច់ ។ ( Fathers » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៦ )
ដំបូន្មានឲ្យខិតខំស្វែងរកការអប់រំគឺសំខាន់សម្រាប់ពួកសិស្សទាំងអស់របស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់ទ្រង់បង្គាប់យើងឲ្យ « ស្វែងរកការរៀនសូត្រគឺ ដោយសារការសិក្សា និងដោយសារសេចក្តីជំនឿផង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨; សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១៥ ) ។ ទាក់ទងនឹងការទទួលខុសត្រូវនេះ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ដោយសារតែការគោរពដ៏ពិសិដ្ឋរបស់យើងចំពោះបញ្ញារបស់មនុស្សម្នាក់ៗ នោះយើងចាត់ទុកថា ការទទួលបានការអប់រំគឺជាការទទួលខុសត្រូវខាងសាសនាមួយ ។ … អង្គបង្កបង្កើតរបស់យើងរំពឹងថា បុត្រាបុត្រីរបស់ទ្រង់នៅគ្រប់ទីកន្លែងនឹងអប់រំខ្លួនឯង ។ ( « Where Is Wisdom? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៦ )
សូមពិចារណាអំពីពរជ័យដ៏មានសក្តានុពលផ្សេងទៀតនៃការអប់រំ ដែលមានហួសពីការជួយយើងឲ្យអាចផ្គត់ផ្គង់ដល់តម្រូវការហិរញ្ញវត្ថុរបស់គ្រួសារយើងបានកាន់តែប្រសើរទៅទៀត ។ ការទទួលបានការអប់រំអាចនាំមកនូវការបំពេញផ្ទាល់ខ្លួន និងអាចជួយយើងឲ្យបំពេញតាមការរំពឹងទុករបស់ព្រះអម្ចាស់ក្នុងការអភិវឌ្ឍ និងការប្រើអំណោយទាន និងសមត្ថភាពដែលទ្រង់បានប្រទានឲ្យយើង ( សូមមើល ម៉ាថាយ ២៥:១៤–៣០ ) ។ ការទទួលបានការអប់រំអាចបង្កើនសមត្ថភាពរបស់យើង ក្នុងការដឹងពីរបៀបឆ្លងកាត់ឧបសគ្គក្នុងជីវិតនេះ ។ ការអប់រំក៏បង្កើនសមត្ថភាពរបស់យើងដើម្បីបម្រើដល់អ្នកដទៃ និងកសាងនគររបស់ព្រះអម្ចាស់ផងដែរ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖
ទេពកោសល្យរបស់អ្នកនឹងពង្រីក នៅពេលដែលអ្នកសិក្សា និងរៀនសូត្រ ។ អ្នកនឹងអាចជួយក្រុមគ្រួសាររបស់អ្នកបានកាន់តែប្រសើរឡើងក្នុងការរៀនសូត្ររបស់ពួកគេ ហើយអ្នកនឹងមានសេចក្ដីសុខនៅក្នុងចិត្ត ដោយដឹងថា អ្នកបានត្រៀមខ្លួនជាស្រេចសម្រាប់ព្រឹត្តិការណ៍ដែលអ្នកអាចនឹងជួបប្រទះក្នុងជីវិត ។ ( « Three Goals to Guide You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១១៩ )
ក្នុងករណីខ្លះ ដោយសារតែមរណភាព ឬការលែងលះ ឬកាលៈទេសៈដើម្បីជួយសម្រាលបន្ទុកផ្សេងទៀត នោះម្ដាយត្រូវតែផ្គត់ផ្គង់ដល់គ្រួសារ ( សូមមើល កថាខណ្ឌទី ៧ នៃការប្រកាសអំពីក្រុមគ្រួសារ ) ។ ក្នុងករណីផ្សេងទៀត ទាំងឪពុកទាំងម្ដាយត្រូវតែធ្វើការ ដើម្បីជួយបំពេញតម្រូវការមូលដ្ឋានរបស់គ្រួសារពួកគេ ។ ប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តល់បម្រាមដ៏សំខាន់ និងមានប្រយោជន៍មួយក្នុងការសម្រេចចិត្ត ទាក់ទងនឹងការធ្វើការរបស់ឪពុកម្ដាយទាំងពីរនាក់ ៖
សព្វថ្ងៃនេះ មានសម្ពាធយ៉ាងខ្លាំងមួយនៅក្នុងពិភពលោកសម្ភារនិយមរបស់យើងដើម្បីមាន និងចំណាយប្រាក់បន្ថែមទៀត ។ ជាអកុសល ការណ៍នេះបានទាក់ទាញម្តាយដែលបានរៀបការរួច ឲ្យធ្វើការនៅក្រៅផ្ទះដើម្បីផ្តល់ចំណូលបន្ថែមទៀត ។ នៅពេលស្វាមី ភរិយា និងកូនៗដឹងពីភាពខុសគ្នារវាងភាពចាំបាច់មូលដ្ឋាន និងការចង់បានតាមសម្ភារនិយម នោះពួកគេកាត់បន្ថយបន្ទុកហិរញ្ញវត្ថុគ្រួសារ និងរួមចំណែកក្នុងការជួយម្តាយឲ្យនៅផ្ទះ ។ ការសម្រេចចិត្តអំពីការធ្វើការនៅក្រៅផ្ទះគឺជាការលំបាក ហើយចាំបាច់ត្រូវធ្វើការអធិស្ឋានដោយចាំពីដំបូន្មានរបស់ព្យាការីដែលនៅរស់ស្ដីពីបញ្ហាដ៏ស្មុគស្មាញនេះ ។ ( « The Sacred Responsibilities of Parenthood » Ensign ខែ មីនា ឆ្នាំ ២០០៦ ទំព័រ ៣១; សូមមើលផងដែរ អាលម៉ា ៣៧:៣៧ )
ផ្នែកទី ៣
តើគោលការណ៍ហិរញ្ញវត្ថុអ្វីខ្លះ ដែលអាចណែនាំខ្ញុំឲ្យជួយផ្គត់ផ្គង់ដល់គ្រួសារខ្ញុំបាន ?
ផែនដីជារបស់ព្រះអម្ចាស់ ( សូមមើល ទំនុកតម្កើង ២៤:១ ) ។ ទ្រង់ប្រទានអំណាច និងសិទ្ធិប្រើប្រាស់ធនធានលើផែនដីទាំងនោះដល់យើង ដើម្បីផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើង ( សូមមើល ចោទិយកថា ៨:១០, ១៨; គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៨–២០ ) ។ ចំពោះព្រះអម្ចាស់ របស់គ្រប់យ៉ាងគឺជាវិញ្ញាណ សូម្បីតែក្រឹត្យវិន័យខាងសាច់ឈាមរបស់ទ្រង់ក្ដី ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៤ ) ។ ទ្រង់ញាណដឹងពីពរជ័យផង និងហានិភ័យខាងវិញ្ញាណដែលទាក់ទងនឹងការស្វែងរក និងការទទួលបានប្រាក់ និងទ្រព្យសម្បត្តិផង ។ ទ្រង់បានបើកសម្ដែងគោលការណ៍នានា ដើម្បីជួយយើងឲ្យគ្រប់គ្រងធនធានទាំងនេះបាន តាមរបៀបដែលអាចប្រទានពរ និងការពារយើងបានជាលក្ខណៈបុគ្គល និងជាក្រុមគ្រួសារ ។