« មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ពេលពរជ័យនៃអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច ឬការមានកូនត្រូវបានពន្យារពេល » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់
ពេលពរជ័យនៃអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច ឬការមានកូនត្រូវបានពន្យារពេល
មនុស្សជាច្រើនជួបប្រទះនឹងភាពយឺតយ៉ាវក្នុងការទទួលបានសេចក្ដីប៉ងប្រាថ្នាដ៏សុចរិតរបស់ពួកគេសម្រាប់អាពាហ៍ពិពាហ៍ ឬការមានបុត្រធីតា ហើយការពន្យារទាំងនេះអាចនាំឲ្យមានការបាក់ទឹកចិត្ត ការព្រួយបារម្ភ ឬការឈឺចាប់ក្នុងចិត្ត ។ នៅពេលអ្នកសិក្សាឯកសារមេរៀននេះ សូមគិតអំពីមូលហេតុដែលយើងអាចទុកចិត្តថា ព្រះអម្ចាស់នឹងបំពេញនូវពរជ័យដែលទ្រង់បានសន្យាសម្រាប់ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចរបស់យើង ប្រសិនបើយើងស្មោះត្រង់ចំពោះទ្រង់នោះ ។ សូមពិចារណាផងដែរអំពីមូលហេតុដែលពួកយើងទាំងអស់គ្នាត្រូវនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ និងនៅក្នុងផែនការរបស់ព្រះ ទោះបីជាកាលៈទេសៈគ្រួសាររបស់យើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ។
ផ្នែកទី ១
ចុះបើកាលៈទេសៈរបស់ខ្ញុំមិនត្រូវគ្នានឹងអ្វីដែលបានពិពណ៌នានៅក្នុងសេចក្តីប្រកាសអំពីក្រុមគ្រួសារវិញ ?
ថ្នាក់ដឹកនាំក្នុងសាសនាចក្របង្រៀនពីគំនិតដ៏ឧត្តមអំពីជីវិតគ្រួសារ ។ ពួកលោកក៏ជ្រាបផងដែរថា មិនមែនមនុស្សគ្រប់គ្នានឹងដកពិសោធន៍គំនិតដ៏ឧត្តមទាំងនេះនោះទេ ។ ឧទាហរណ៍ នៅក្នុងសេចក្តីប្រកាសនេះ ព្យាការីទាំងឡាយបង្រៀនថា « កាលៈទេសៈផ្សេងៗទៀត អាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ » នៅក្នុងការបំពេញទំនួលខុសត្រូវគ្រួសារដ៏ពិសិដ្ឋ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានទទួលស្គាល់ថា សមាជិកសាសនាចក្រដែលស្មោះត្រង់នឹងដកពិសោធន៍នូវកាលៈទេសៈគ្រួសារជាច្រើន ៖
មានមនុស្សជាច្រើនទាំងក្មេងទាំងចាស់ ដែលស្មោះត្រង់ និងពិតចំពោះការបង្រៀនរបស់ព្យាការី ទោះជាបទពិសោធន៍ថ្មីៗផ្ទាល់ខ្លួនគេមិនដូចនឹងសេចក្តីប្រកាសអំពីក្រុមគ្រួសារនេះក្ដី ៖ កុមារាកុមារីដែលប៉ះទង្គិចជីវិតដោយការលែងលះ ។ … ស្ដ្រី និងបុរសដែលលែងលះគ្នា ដែលរងរបួសយ៉ាងធ្ងន់ធ្ងរពីភាពមិនស្មោះត្រង់របស់ស្វាមីភរិយា ។ ស្វាមី និងភរិយាដែលមិនអាចមានកូនបាន ។ … ស្ដ្រី និងប្រុសនៅលីវដែលមិនអាចរៀបការបានដោយសារហេតុផលផ្សេងៗ ។ ( « The Eye of Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៦ )
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មជ្ឈិមវ័យក្នុងសាសនាចក្រជាងពាក់កណ្ដាលនៅសព្វថ្ងៃនេះគឺជាស្រ្តីមេម៉ាយ ជាពោះម៉ាយ លែងលះគ្នា ឬមិនទាន់រៀបការ ។ មនុស្សមួយចំនួនឆ្ងល់ពីឱកាស និងទីតាំងរបស់ខ្លួននៅក្នុងផែនការរបស់ព្រះ និងក្នុងសាសនាចក្រនេះ ។ យើងគួរតែយល់ថា ជីវិតដ៏អស់កល្បមិនមែនគ្រាន់តែជាសំណួរមួយអំពីស្ថានភាពអាពាហ៍ពិពាហ៍បច្ចុប្បន្ននោះទេ ប៉ុន្ដែពីភាពជាសិស្ស និងការមានចិត្ត « ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧៩; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:២៩ ] ។ …
… មនុស្សទាំងអស់ដែលទទួលយកអំណោយទានដ៏រុងរឿងនៃការប្រែចិត្តរបស់ព្រះអង្គសង្គ្រោះ ហើយរស់នៅតាមបទបញ្ញតិ្តរបស់ទ្រង់ នឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ទោះជាពួកគេមិនទទួលបានលក្ខណៈសម្បត្តិ និងភាពល្អឥតខ្ចោះទាំងអស់ក្នុងជីវិតរមែងស្លាប់នេះក្ដី ។ ( « Hope in Christ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៥ )
មនុស្សមួយចំនួនអាចឆ្ងល់ថា ហេតុអ្វីបានជាថ្នាក់ដឹកនាំសាសនាចក្របន្តបង្រៀនអំពីគំនិតដ៏ឧត្តមនៃជីវិតគ្រួសារនេះ នៅពេលដែលសមាជិកសាសនាចក្រជាច្រើនមិនបានជួបប្រទះនឹងគំនិតដ៏ឧត្តមទាំងនេះផង ។
ស៊ីស្ទើរ សារ៉ុន អ៊ូបែង នៃគណៈប្រធានសមាគមសង្គ្រោះបានចែកចាយពីបទពិសោធន៍របស់គាត់ និងការយល់ដឹងក្នុងនាមជាមជ្ឈិមវ័យនៅលីវម្នាក់ ៖
ក្នុងនាមជាអ្នកនៅលីវខ្លួនឯង ខ្ញុំយល់ពីអារម្មណ៍នេះ ។ អ្នកគ្មានដៃគូ ការអង្គុយនៅក្នុងព្រះវិហារហាក់ដូចជាឆ្គងៗ ការមានដៃគូហាក់ដូចជាសម្ពាធ សាច់ញាតិមានអារម្មណ៍ថាពួកគេអាចផ្តល់ជាយោបល់ នៅពេលដែលមិនគួរមាននរណាម្នាក់និយាយពាក្យមួយម៉ាត់ឡើយ ។ …
ការតម្រូវតាមសាសនាចក្រដែលផ្ដោតលើគ្រួសារក៏អាចជាបញ្ហាប្រឈមផងដែរ ។ ប៉ុន្តែការពិតនោះគឺថាសមាជិកសាសនាចក្រភាគច្រើនពុំបានរស់នៅក្នុងស្ថានភាពគ្រួសារដែលល្អឥតខ្ចោះនោះទេ ។ ខ្ញុំមិនប្រាកដថា មនុស្សគ្រប់គ្នា រស់នៅក្នុងគ្រួសារដ៏ល្អឧត្តុង្គឧត្តម និងឥតខ្ចោះនោះទេ ។ ដូច្នេះហេតុអ្វីត្រូវរក្សាគំនិតនេះ ? ដោយសារតែគ្រួសារគឺជាជោគវាសនារបស់យើង ហើយយើងនៅលើផែនដីនេះដើម្បីរៀនជំនាញនៃទំនាក់ទំនងគ្រួសារដ៏រឹងមាំ មិនថាយើងស្ថិតក្នុងស្ថានភាពបែបណានោះទេ ។ ( « A Letter to a Single Sister » Ensign ខែ តុលា ឆ្នាំ ២០១៩ ទំព័រ ៤០ )
ផ្នែកទី ២
តើខ្ញុំអាចឈានទៅមុខបានដោយសេចក្ដីជំនឿតាមរបៀបណា ពេលពរជ័យដែលចង់បានត្រូវបានពន្យារ ?
អ័ប្រាហាំ និងសារ៉ាបានដឹងថា ការទទួលពរជ័យដែលប្រាថ្នាចង់បានដែលត្រូវបានពន្យារនោះមានលក្ខណៈបែបណា ហើយពរជ័យខ្លះទៀតមិនបានបំពេញក្នុងជីវិតនេះផង ។ នៅពេល អ័ប្រាហាំ មានអាយុ ៧៥ ឆ្នាំ លោក និងសារ៉ា គ្មានកូននោះទេ ( សូមមើល លោកុប្បត្តិ ១១:២៩–៣០; ១២:៤ ) ។ ប៉ុន្តែព្រះអម្ចាស់បានសន្យានឹងលោកថា « យើងនឹងធ្វើឲ្យពូជឯងបានចម្រើនឡើងដូចជាធូលីដី » ( លោកុប្បត្តិ ១៣:១៦ ) ។ ព្រះអម្ចាស់ក៏បានសន្យាថា អ័ប្រាហាំ និងកូនចៅរបស់លោកនឹងទទួលបានស្រុកកាណានជាកេរ្ដិ៍អាករ ( សូមមើល លោកុប្បត្តិ ១៧:៨ ) ។ ក្រោយមកនៅពេលអ័ប្រាហាំ មានអាយុ ១០០ ឆ្នាំ ហើយសារ៉ាមានអាយុ ៩០ ឆ្នាំ ពួកលោកទទួលបានការសន្យាថានឹងមានកូនប្រុសម្នាក់ដែលត្រូវដាក់ឈ្មោះថា អ៊ីសាក ( សូមមើល លោកុប្បត្តិ ១៧:១៧, ១៩ ) ។ ទោះបីជាការសន្យានេះ និងការសន្យាមួយចំនួនទៀតចំពោះពួកលោកបានបំពេញក៏ដោយ ប៉ុន្តែការសន្យារបស់ព្រះអម្ចាស់ដែលថា ពួកលោកនឹងមានកូនចៅរាប់មិនអស់ ហើយទទួលបានដែនដីសន្យានោះមិនបានបំពេញនៅក្នុងជីវិតរបស់អ័ប្រាហាំ និងសារ៉ានោះទេ ។
នៅក្នុងគម្ពីរហេព្រើរ សាវកប៉ុលបានយោងការសន្យាទាំងនេះទៅកាន់អ័ប្រាហាំ និងសារ៉ា ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានពន្យល់ថា « សេចក្តីជំនឿមានន័យថា ការទុកចិត្ត—ទុកចិត្តលើព្រះឆន្ទៈរបស់ព្រះ ទុកចិត្តលើរបៀបដែលទ្រង់ធ្វើកិច្ចការនានា ហើយទុកចិត្តលើតារាងពេលវេលារបស់ទ្រង់ » ( « Timing » Ensign ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។
ការរង់ចាំពរជ័យដែលយើងប្រាថ្នាចង់បានពីព្រះអម្ចាស់អាចសាកល្បងលើការអត់ធ្មត់ និងការគោរពប្រតិបត្តិរបស់យើង ។ កាលកំពុងបម្រើជាសមាជិកម្នាក់នៃពួកចិតសិប អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី បានចែកចាយ ៖
ជួនកាល នៅក្នុងការអត់ធ្មត់របស់យើងនៅលើផែនដីនេះ យើងអាចមិនបានគិតដល់សេចក្តីសន្យាដ៏មានតម្លៃរបស់ព្រះអម្ចាស់ទេ ហើយផ្តាច់ការគោរពប្រតិបត្តិរបស់យើងពីការបំពេញការសន្យាទាំងនេះ ។ ( « Claim the Exceeding Great and Precious Promises » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១៧ )
ប្រធាន បាឡឺដ បានបង្រៀនស្រដៀងគ្នាដូចតទៅនេះ អំពីការរង់ចាំព្រះអម្ចាស់ ៖
ការរង់ចាំព្រះអម្ចាស់មានន័យថា ការបន្ដគោរពប្រតិបត្តិ និងរីកចម្រើនខាងវិញ្ញាណឆ្ពោះទៅកាន់ទ្រង់ ។ ការរង់ចាំមិនមែនមានន័យថា ការទន្ទឹងចាំដោយគ្មានសកម្មភាពនោះទេ ។ បងប្អូនមិនគួរមានអារម្មណ៍ថា បងប្អូនស្ថិតក្នុងបន្ទប់ រង់ចាំ នោះទេ ។ …
ការរីកចម្រើនផ្ទាល់ខ្លួនដែលបុគ្គលម្នាក់អាចសម្រេចបាននាពេលនេះ ខណៈរង់ចាំដល់ព្រះអម្ចាស់ និងការសន្យារបស់ទ្រង់ គឺជាធាតុដ៏មានតម្លៃ និងពិសិដ្ឋមួយនៅក្នុងផែនការរបស់ទ្រង់សម្រាប់ពួកយើងម្នាក់ៗ ។ … ព្រះអម្ចាស់សាទរដល់អស់អ្នកដែលបម្រើ ហើយរង់ចាំដល់ទ្រង់ដោយការអត់ធ្មត់ និងសេចក្ដីជំនឿ [ សូមមើល អេសាយ ៦៤:៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤៥ ] ។ ( « Hope in Christ » ទំព័រ ៥៥ )
ផ្នែកទី ៣
តើខ្ញុំអាចរួមចំណែកដល់សាសនាចក្ររបស់ព្រះអម្ចាស់ដោយមិនគិតពីកាលៈទេសៈគ្រួសាររបស់ខ្ញុំយ៉ាងដូចម្តេច ?
សមាជិកសាសនាចក្រមួយចំនួនដែលកាលៈទេសៈគ្រួសារបច្ចុប្បន្នមិនស្របនឹងអ្វីដែលបានពិពណ៌នានៅក្នុងសេចក្តីប្រកាសអំពីក្រុមគ្រួសារ អាចងឿងឆ្ងល់ថាតើពួកគេស័ក្តិសមនៅក្នុងសាសនាចក្រយ៉ាងដូចម្តេច ។ សាវកប៉ុលបានប្រៀបធៀបសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទទៅនឹងរូបកាយ ដើម្បីបង្រៀនយើងពីមូលហេតុដែលសាសនាចក្រត្រូវការសមាជិកសាសនាចក្រម្នាក់ៗ ។
កាលៈទេសៈដ៏ពិសេសរបស់យើងអាចនាំមកនូវតម្លៃ និងបទពិសោធន៍ដល់ក្រុមគ្រួសារក្នុងវួដ ឬសាខារបស់យើងបាន ។ ប្រធាន បាឡឺដ មានគូសបញ្ជាក់ ៖
សូមកុំភ្លេចថា បងប្អូនគឺជាបុត្ររបស់ព្រះ ជាព្រះវរបិតាដ៏អស់កល្បរបស់យើង នៅពេលនេះ និងជារៀងរហូតតទៅ ។ ទ្រង់ស្រឡាញ់បងប្អូន ហើយសាសនាចក្រនេះចង់បានបងប្អូន និងត្រូវការបងប្អូន ។ មែនហើយ យើងត្រូវការបងប្អូន ! យើងត្រូវការមតិ ទេពកោសល្យ ជំនាញ សេចក្ដីល្អ និងភាពសុចរិតរបស់បងប្អូន ។ ( « Hope in Christ » ទំព័រ ៥៥ )
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏បានបង្រៀនផងដែរ ៖
ពួកយើងម្នាក់ណាក៏ដោយអាចផ្ដាច់ខ្លួនចេញពីគ្រួសារវួដ ដោយផ្អែកលើភាពខុសគ្នារបស់យើងបាន ។ … ផ្ទុយទៅវិញ ចូរយើងចែកចាយអំណោយទាន និងទេពកោសល្យរបស់យើងជាមួយនឹងអ្នកដទៃ ដោយនាំមកនូវភាពភ្លឺចែងចាំងនៃសេចក្ដីសង្ឃឹម និងសេចក្ដីអំណរដល់ពួកគេ ហើយពេលយើងធ្វើដូច្នោះ នោះវានឹងលើកតម្កើងដល់វិញ្ញាណរបស់យើងផ្ទាល់ ។ ( « Belonging to a Ward Family » Ensign ខែ មីនា ឆ្នាំ ១៩៩៦ ទំព័រ ១៦ )