ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ពេល​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ឬ​ការមាន​កូន​ត្រូវ​បាន​ពន្យារ​ពេល


« មេរៀនទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ពេល​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ឬ​ការមាន​កូន​ត្រូវ​បាន​ពន្យារ​ពេល » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

យុវមជ្ឈិមវ័យ​ម្នាក់​កំពុង​មើល​ទៅ​ព្រះវិហារ​បរិសុទ្ធ

មេរៀនទី ២៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ពេល​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ឬ​ការមាន​កូន​ត្រូវ​បាន​ពន្យារ​ពេល

មនុស្ស​ជាច្រើន​ជួបប្រទះ​នឹង​ភាពយឺតយ៉ាវ​ក្នុងការទទួល​បាន​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​សុចរិត​របស់​ពួកគេ​សម្រាប់​អាពាហ៍ពិពាហ៍ ឬ​ការមាន​បុត្រធីតា ហើយ​ការពន្យារ​ទាំងនេះ​អាច​នាំ​ឲ្យ​មាន​ការបាក់​ទឹកចិត្ត ការព្រួយបារម្ភ ឬ​ការឈឺចាប់​ក្នុងចិត្ត ។ នៅពេល​អ្នក​សិក្សា​ឯកសារ​មេរៀន​នេះ សូម​គិត​អំពី​មូលហេតុ​ដែល​យើង​អាច​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​បំពេញ​នូវ​ពរជ័យ​ដែល​ទ្រង់​បានសន្យា​សម្រាប់​ក្រុម​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ប្រសិនបើ​យើង​ស្មោះត្រង់​ចំពោះ​ទ្រង់​នោះ ។ សូម​ពិចារណា​ផងដែរ​អំពី​មូលហេតុ​ដែល​ពួកយើង​ទាំង​អស់​គ្នា​ត្រូវ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ និង​នៅក្នុង​ផែនការ​របស់ព្រះ ទោះបីជា​កាលៈទេសៈ​គ្រួសារ​របស់យើង​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏​ដោយ ។

ផ្នែក​ទី ១

ចុះ​បើ​កាលៈទេសៈ​របស់ខ្ញុំ​មិន​ត្រូវគ្នា​នឹង​អ្វី​ដែល​បាន​ពិពណ៌នា​នៅក្នុង​សេចក្តី​ប្រកាស​អំពី​ក្រុមគ្រួសារ​វិញ ?

ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​បង្រៀន​ពី​គំនិត​ដ៏​ឧត្តម​អំពី​ជីវិត​គ្រួសារ ។ ពួកលោក​ក៏​ជ្រាប​ផងដែរថា មិន​មែន​មនុស្ស​គ្រប់គ្នា​នឹង​ដក​ពិសោធន៍​គំនិត​ដ៏ឧត្តម​ទាំងនេះ​នោះ​ទេ ។ ឧទាហរណ៍ នៅក្នុង​សេចក្តីប្រកាស​នេះ ព្យាការី​ទាំងឡាយ​បង្រៀន​ថា « កាលៈទេសៈ​ផ្សេងៗទៀត អាចនឹង​ត្រូវ​សម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គលម្នាក់ៗ » នៅក្នុង​ការបំពេញ​ទំនួល​ខុសត្រូវ​គ្រួសារ​ដ៏​ពិសិដ្ឋ ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ទទួល​ស្គាល់​ថា សមាជិក​សាសនាចក្រ​ដែល​ស្មោះត្រង់​នឹង​ដកពិសោធន៍​នូវ​កាលៈទេសៈ​គ្រួសារ​ជាច្រើន ៖

អែលឌើរ នែល អិល អាន់ឌើរសិន

មាន​មនុស្ស​ជាច្រើន​ទាំង​ក្មេង​ទាំង​ចាស់ ដែល​ស្មោះត្រង់ និង​ពិត​ចំពោះ​ការបង្រៀន​របស់​ព្យាការី ទោះជា​បទពិសោធន៍​ថ្មីៗ​ផ្ទាល់​ខ្លួន​គេ​មិន​ដូច​នឹង​សេចក្តី​ប្រកាស​អំពី​ក្រុមគ្រួសារ​នេះ​ក្ដី ៖ កុមារាកុមារី​ដែល​ប៉ះ​ទង្គិច​ជីវិត​ដោយ​ការលែងលះ ។ … ស្ដ្រី និង​បុរសដែល​លែងលះគ្នា ដែល​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ពី​ភាពមិន​ស្មោះត្រង់​របស់​ស្វាមីភរិយា ។ ស្វាមី និង​ភរិយា​ដែល​មិន​អាច​មាន​កូន​បាន ។ … ស្ដ្រី និង​ប្រុស​នៅ​លីវ​ដែល​មិន​អាច​រៀបការ​បាន​ដោយសារ​ហេតុផល​ផ្សេងៗ ។ ( « The Eye of Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៦ )

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ប្រធាន អិម រ័សុល បាឡឺដ

មជ្ឈិមវ័យ​ក្នុង​សាសនាចក្រ​ជាង​ពាក់​កណ្ដាល​នៅ​សព្វថ្ងៃ​នេះ​គឺជា​ស្រ្តីមេម៉ាយ ជាពោះម៉ាយ លែងលះ​គ្នា ឬ​មិន​ទាន់​រៀបការ ។ មនុស្ស​មួយ​ចំនួន​ឆ្ងល់ពី​ឱកាស និង​ទីតាំង​របស់​ខ្លួន​នៅក្នុង​ផែនការ​របស់​ព្រះ និង​ក្នុង​សាសនាចក្រ​នេះ ។ យើង​គួរតែ​យល់​ថា ជីវិត​ដ៏​អស់កល្ប​មិនមែន​គ្រាន់តែ​ជា​សំណួរ​មួយ​អំពី​ស្ថានភាព​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​នោះ​ទេ ប៉ុន្ដែ​ពី​ភាពជា​សិស្ស និង​ការមាន​ចិត្ត « ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » [ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៧៩; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:២៩ ] ។ …

… មនុស្ស​ទាំងអស់​ដែល​ទទួលយក​អំណោយ​ទាន​ដ៏​រុងរឿង​នៃ​ការប្រែចិត្ត​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​រស់នៅ​តាម​បទបញ្ញតិ្ត​របស់​ទ្រង់ នឹង​ទទួលបាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ទោះជា​ពួកគេ​មិន​ទទួលបាន​លក្ខណៈ​សម្បត្តិ និង​ភាពល្អ​ឥតខ្ចោះ​ទាំងអស់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ក្ដី ។ ( « Hope in Christ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៥ )

យុវមជ្ឈិមវ័យម្នាក់​កំពុង​ដើរ​នៅលើ​ផ្លូវ

មនុស្ស​មួយ​ចំនួន​អាច​ឆ្ងល់ថា ហេតុអ្វី​បានជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បន្ត​បង្រៀន​អំពី​គំនិត​ដ៏ឧត្តម​នៃ​ជីវិតគ្រួសារ​នេះ នៅពេល​ដែល​សមាជិក​សាសនាចក្រ​ជាច្រើន​មិន​បាន​ជួបប្រទះ​នឹង​គំនិត​ដ៏ឧត្តម​ទាំង​នេះ​ផង ។

ស៊ីស្ទើរ សារ៉ុន អ៊ូបែង នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​បាន​ចែកចាយ​ពី​បទពិសោធន៍​របស់​គាត់ និង​ការយល់ដឹង​ក្នុងនាម​ជា​មជ្ឈិមវ័យ​នៅលីវ​ម្នាក់ ៖

ស៊ិស្ទើរ សារ៉ុន អូប៊ែង

ក្នុងនាម​ជា​អ្នក​នៅលីវ​ខ្លួនឯង ខ្ញុំ​យល់​ពីអារម្មណ៍​នេះ ។ អ្នក​គ្មាន​ដៃគូ ការអង្គុយ​នៅក្នុង​ព្រះវិហារ​ហាក់​ដូចជា​ឆ្គងៗ ការមាន​ដៃគូ​ហាក់​ដូចជា​សម្ពាធ សាច់ញាតិ​មាន​អារម្មណ៍​ថា​ពួកគេ​អាច​ផ្តល់​ជា​យោបល់ នៅ​ពេល​ដែល​មិន​គួរ​មាន​នរណា​ម្នាក់​និយាយ​ពាក្យ​មួយ​ម៉ាត់​ឡើយ ។ …

ការតម្រូវ​តាម​សាសនាចក្រ​ដែល​ផ្ដោត​លើ​គ្រួសារ​ក៏​អាច​ជា​បញ្ហា​ប្រឈម​ផងដែរ ។ ប៉ុន្តែ​ការពិត​នោះ​គឺ​ថា​សមាជិក​សាសនាចក្រ​ភាគច្រើន​ពុំ​បានរស់នៅ​ក្នុង​ស្ថានភាព​គ្រួសារ​ដែល​ល្អឥតខ្ចោះ​នោះ​ទេ ។ ខ្ញុំ​មិនប្រាកដ​ថា មនុស្ស​គ្រប់គ្នា រស់នៅ​ក្នុង​​គ្រួសារ​ដ៏​ល្អ​ឧត្តុង្គ​ឧត្តម និង​ឥត​ខ្ចោះ​នោះ​ទេ ។ ដូច្នេះ​ហេតុអ្វី​ត្រូវ​រក្សា​គំនិត​នេះ ? ដោយសារ​តែ​គ្រួសារ​គឺជា​ជោគវាសនា​របស់យើង ហើយ​យើង​នៅលើ​ផែនដី​នេះ​ដើម្បី​រៀន​ជំនាញ​នៃ​ទំនាក់ទំនង​គ្រួសារ​ដ៏រឹងមាំ មិនថា​យើង​ស្ថិតក្នុង​ស្ថានភាព​បែបណា​នោះទេ ។ ( « A Letter to a Single Sister » Ensign ខែ តុលា ឆ្នាំ ២០១៩ ទំព័រ ៤០ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​យើង​អាច​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់​មកលើ​គ្រួសារ​តាម​របៀប​ណាខ្លះ បើទោះបី​ជា​កាលៈទេសៈ​គ្រួសារ​របស់យើង​មិន​អំណោយផល​ក៏ដោយ​នោះ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ឈាន​ទៅ​មុខ​បាន​ដោយ​សេចក្ដី​ជំនឿ​តាម​របៀប​ណា ពេល​ពរជ័យ​ដែល​ចង់​បាន​ត្រូវ​បាន​ពន្យារ ?

អ័ប្រាហាំនៅ​លើ​វាល​ទំនាប​ម៉ាមរេ​ដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន

អ័ប្រាហាំ និង​សារ៉ា​បាន​ដឹង​ថា ការទទួល​ពរជ័យ​ដែល​ប្រាថ្នា​ចង់បាន​ដែល​ត្រូវបាន​ពន្យារ​នោះ​មាន​លក្ខណៈ​បែប​ណា ហើយ​ពរជ័យ​ខ្លះ​ទៀត​មិនបាន​បំពេញ​ក្នុង​ជីវិត​នេះ​ផង ។ នៅពេល អ័ប្រាហាំ មាន​អាយុ ៧៥ ឆ្នាំ លោក និង​សារ៉ា គ្មាន​កូន​នោះ​ទេ ( សូមមើល លោកុប្បត្តិ ១១:២៩–៣០; ១២:៤ ) ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​សន្យា​នឹង​លោក​ថា « យើង​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចម្រើន​ឡើង​ដូច​ជា​ធូលី​ដី » ( លោកុប្បត្តិ ១៣:១៦ ) ។ ព្រះអម្ចាស់​ក៏​បានសន្យា​ថា អ័ប្រាហាំ និង​កូនចៅ​របស់​លោក​នឹង​ទទួលបាន​ស្រុក​កាណាន​ជា​កេរ្ដិ៍អាករ ( សូមមើល លោកុប្បត្តិ ១៧:៨ ) ។ ក្រោយមក​នៅពេល​អ័ប្រាហាំ មាន​អាយុ ១០០ ឆ្នាំ ហើយ​សារ៉ា​មាន​អាយុ ៩០ ឆ្នាំ ពួកលោក​ទទួលបាន​ការសន្យា​ថា​នឹង​មាន​កូនប្រុស​ម្នាក់​ដែល​ត្រូវ​ដាក់​ឈ្មោះ​ថា អ៊ីសាក ( សូមមើល លោកុប្បត្តិ ១៧:១៧, ១៩ ) ។ ទោះបីជា​ការសន្យា​នេះ និង​ការសន្យា​មួយចំនួន​ទៀត​ចំពោះ​ពួកលោក​បាន​បំពេញ​ក៏ដោយ ប៉ុន្តែ​ការសន្យា​របស់​ព្រះអម្ចាស់​ដែល​ថា ពួកលោក​នឹង​មាន​កូនចៅ​រាប់មិនអស់ ហើយ​ទទួល​បាន​ដែនដីសន្យា​នោះ​មិន​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ័ប្រាហាំ និង​សារ៉ា​នោះទេ ។

នៅក្នុង​គម្ពីរ​ហេព្រើរ សាវក​ប៉ុល​បានយោង​ការសន្យា​ទាំងនេះ​ទៅកាន់​អ័ប្រាហាំ និង​សារ៉ា ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន ហេព្រើរ ១១:៨, ១១–១៣ ហើយ​សូម​ពិចារណា​អ្វី​ដែល​អ្នក​អាច​រៀន​បាន​ចេញពី​គំរូ​របស់ អ័ប្រាហាំ និង​សារ៉ា អំពី​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ដែល​ពរជ័យ​ដែល​ចង់បាន​ត្រូវ​ពន្យារ​ពេល ឬ​មិនបាន​បំពេញ​នៅ​ជីវិត​នេះ​នោះ ។

ម្តាយ​ម្នាក់​អធិស្ឋាន​ជាមួយ​កូន​តូចៗ​របស់​គាត់

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ថា « សេចក្តីជំនឿ​មាន​ន័យ​ថា ការទុកចិត្ត—ទុក​ចិត្ត​លើ​ព្រះឆន្ទៈ​របស់​ព្រះ ទុក​ចិត្ត​លើ​របៀប​ដែល​ទ្រង់​ធ្វើ​កិច្ចការ​នានា ហើយ​ទុកចិត្ត​លើ​តារាងពេលវេលា​របស់​ទ្រង់ » ( « Timing » Ensign ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។

ការរង់ចាំ​ពរជ័យ​ដែល​យើងប្រាថ្នា​ចង់បាន​ពី​ព្រះអម្ចាស់​អាច​សាកល្បង​លើ​ការអត់ធ្មត់ និង​ការគោរព​ប្រតិបត្តិ​របស់យើង ។ កាល​កំពុង​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​ពួក​ចិត​សិប អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី បាន​ចែកចាយ ៖

អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី

ជួនកាល នៅក្នុង​ការអត់ធ្មត់​របស់យើង​នៅលើ​ផែនដី​នេះ យើង​អាច​មិនបាន​គិត​ដល់​សេចក្តីសន្យា​ដ៏​មាន​តម្លៃ​របស់​ព្រះអម្ចាស់​ទេ ហើយ​ផ្តាច់​ការគោរព​ប្រតិបត្តិ​របស់យើង​ពី​ការបំពេញ​ការសន្យា​ទាំង​នេះ ។ ( « Claim the Exceeding Great and Precious Promises » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១៧ )

ប្រធាន បាឡឺដ បានបង្រៀន​ស្រដៀងគ្នា​ដូច​តទៅ​នេះ អំពី​ការរង់ចាំ​ព្រះអម្ចាស់ ៖

ប្រធាន អិម រ័សុល បាឡឺដ

ការរង់ចាំ​ព្រះអម្ចាស់​មាន​ន័យ​ថា ការបន្ដ​គោរព​ប្រតិបត្តិ និង​រីក​ចម្រើន​ខាង​វិញ្ញាណ​ឆ្ពោះ​ទៅកាន់​ទ្រង់ ។ ការរង់ចាំ​មិនមែន​មាន​ន័យ​ថា ការទន្ទឹង​ចាំ​ដោយ​គ្មាន​សកម្មភាព​នោះ​ទេ ។ បងប្អូន​មិនគួរ​មាន​អារម្មណ៍​ថា បងប្អូន​ស្ថិត​ក្នុង​បន្ទប់ រង់ចាំ នោះទេ ។ …

ការរីកចម្រើន​ផ្ទាល់ខ្លួន​ដែល​បុគ្គល​ម្នាក់​អាច​សម្រេច​បាន​នាពេល​នេះ ខណៈ​រង់ចាំ​ដល់​ព្រះអម្ចាស់ និង​ការសន្យា​របស់​ទ្រង់ គឺជា​ធាតុ​ដ៏​មាន​តម្លៃ និង​ពិសិដ្ឋ​មួយ​នៅក្នុង​ផែនការ​របស់​ទ្រង់​សម្រាប់​ពួកយើង​ម្នាក់ៗ ។ … ព្រះអម្ចាស់​សាទរ​ដល់​អស់​អ្នក​ដែល​បម្រើ ហើយ​រង់ចាំ​ដល់​ទ្រង់​ដោយ​ការអត់ធ្មត់ និង​សេចក្ដី​ជំនឿ [ សូមមើល អេសាយ ៦៤:៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤៥ ] ។ ( « Hope in Christ » ទំព័រ ៥៥ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​កត់ត្រា​បទពិសោធន៍ ឬ​ការបង្រៀន​ដែល​ស្ថាបនា​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​របស់ទ្រង់ ទោះបីជា​ពរជ័យ​ទាំងឡាយ​ត្រូវបាន​ពន្យារ​ពេល​ក៏​ដោយ ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​រួម​ចំណែក​ដល់សាសនាចក្រ​របស់​ព្រះអម្ចាស់​ដោយ​មិន​គិតពី​កាលៈទេសៈ​គ្រួសារ​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

សមាជិក​សាសនាចក្រ​មួយចំនួន​ដែល​កាលៈទេសៈ​គ្រួសារ​បច្ចុប្បន្ន​មិន​ស្របនឹង​អ្វី​ដែលបាន​ពិពណ៌នា​នៅក្នុង​សេចក្តី​ប្រកាស​អំពី​ក្រុមគ្រួសារ អាច​ងឿង​ឆ្ងល់​ថាតើ​ពួកគេ​ស័ក្តិសម​នៅក្នុង​សាសនាចក្រ​យ៉ាង​ដូចម្តេច ។ សាវក​ប៉ុល​បាន​ប្រៀបធៀប​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅនឹង​រូបកាយ ដើម្បី​បង្រៀន​យើង​ពី​មូលហេតុ​ដែល​សាសនាចក្រ​ត្រូវការ​សមាជិក​សាសនាចក្រ​ម្នាក់ៗ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន កូនរិនថូស ទី១ ១២:១២, ១៦–១៧, ២១, ២៥–២៧ ហើយ​សូម​គិត​អំពី​របៀប​ដែល​សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ​មាន​សារៈសំខាន់ និង​ចូលរួម​ចំណែក​នៅក្នុង​សាសនាចក្រ​ទាំងមូល ។

ក្រុមបុរស​កំពុង​ពិភាក្សា​នៅក្នុង​ការប្រជុំ​កូរ៉ុម​អែលឌើរ

កាលៈទេសៈ​ដ៏​ពិសេស​របស់យើង​អាចនាំ​មក​នូវ​តម្លៃ និង​បទពិសោធន៍​ដល់​ក្រុមគ្រួសារ​ក្នុង​វួដ ឬ​សាខា​របស់យើង​បាន ។ ប្រធាន បាឡឺដ មាន​គូស​បញ្ជាក់ ៖

ប្រធាន អិម រ័សុល បាឡឺដ

សូម​កុំភ្លេច​ថា បងប្អូន​គឺជា​បុត្រ​របស់​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង នៅពេល​នេះ និង​ជារៀង​រហូត​តទៅ ។ ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​សាសនាចក្រ​នេះ​ចង់​បាន​បងប្អូន និង​ត្រូវការ​បងប្អូន ។ មែនហើយ យើង​ត្រូវការ​បងប្អូន ! យើង​ត្រូវការ​មតិ ទេពកោសល្យ ជំនាញ សេចក្ដីល្អ និង​ភាពសុចរិត​របស់​បងប្អូន ។ ( « Hope in Christ » ទំព័រ ៥៥ )

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​បាន​បង្រៀន​ផងដែរ ៖

អែលឌើរ រ៉ូបឺត ឌី ហែល

ពួកយើង​ម្នាក់​ណា​ក៏​ដោយ​អាច​ផ្ដាច់​ខ្លួន​ចេញពី​គ្រួសារ​វួដ ដោយ​ផ្អែកលើ​ភាពខុសគ្នា​របស់​យើង​បាន ។ … ផ្ទុយទៅវិញ ចូរ​យើង​ចែកចាយ​អំណោយទាន និង​ទេពកោសល្យ​របស់​យើង​ជាមួយ​នឹង​អ្នកដទៃ ដោយ​នាំ​មក​នូវ​ភាពភ្លឺចែងចាំង​នៃ​សេចក្ដីសង្ឃឹម និង​សេចក្ដីអំណរ​ដល់​ពួកគេ ហើយ​ពេល​យើង​ធ្វើ​ដូច្នោះ នោះ​វា​នឹង​លើក​តម្កើង​ដល់​វិញ្ញាណ​របស់​យើង​ផ្ទាល់ ។ ( « Belonging to a Ward Family » Ensign ខែ មីនា ឆ្នាំ ១៩៩៦ ទំព័រ ១៦ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​សមាជិក​ផ្សេងទៀត​នៃ​វួដ ឬ​សាខា​របស់ខ្ញុំ ហើយ​ជួយ​ពួកគាត់​ឲ្យ​មាន​អារម្មណ៍​ថា​មាន​តម្លៃ និង​រាប់អាន ? ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​ទេ តើ​ខ្ញុំ​អាច​ធ្វើ​ដូចម្តេច​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​តម្លៃ និង​មាន​ទីកន្លែង​របស់ខ្ញុំ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ?