« មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការប្រែចិត្ត និងការអភ័យទោសនៅក្នុងជីវិតគ្រួសារ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់
ការប្រែចិត្ត និងការអភ័យទោសនៅក្នុងជីវិតគ្រួសារ
« អាពាហ៍ពិពាហ៍ និងគ្រួសារដែលមានជោគជ័យនោះ គឺត្រូវស្ថាបនា និងថែរក្សានៅលើគោលការណ៍ » នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ គោលការណ៍ពីរក្នុងចំណោមគោលការណ៍ទាំងនេះគឺការប្រែចិត្ត និងការអភ័យទោស ។ តើគោលការណ៍ទាំងនេះដើរតួនាទីអ្វីខ្លះនៅក្នុងជីវិតគ្រួសាររបស់អ្នក ? នៅពេលអ្នកសិក្សាឯកសារនេះ សូមពិចារណាពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកនៅក្នុងការខិតខំរបស់អ្នកដើម្បីប្រែចិត្តពីអំពើខុសឆ្គង ឬការអាក់អន់ចិត្តដែលអ្នកបានប្រព្រឹត្តដាក់សមាជិកគ្រួសាររបស់អ្នក ។ សូមពិចារណាផងដែរអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យអភ័យទោសដល់សមាជិកគ្រួសារដែលអាចធ្វើឲ្យអ្នកអាក់អន់ចិត្ត ឬឈឺចាប់ ។
ផ្នែកទី ១
តើការប្រែចិត្តរបស់ខ្ញុំអាចប្រទានពរដល់គ្រួសាររបស់ខ្ញុំយ៉ាងដូចម្ដេច ?
កាលកំពុងបម្រើនៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ នោះ ស៊ីស្ទើរ ឆារិល អេ អេសព្លិន បានបង្រៀន ៖
ក្រុមគ្រួសារគឺជារោងជាងរបស់ព្រះអម្ចាស់នៅលើផែនដីដើម្បីជួយយើងឲ្យរៀន និងរស់នៅតាមដំណឹងល្អ ។ ( « Filling Our Homes with Light and Truth » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៨ )
នៅពេលយើងខិតខំរៀនសូត្រ ហើយរស់នៅតាមដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនៅក្នុងគេហដ្ឋានរបស់យើង នោះនឹងមានពេលជាច្រើនដែលយើងនឹងធ្វើខុស ។ ទោះជាការមិនចុះសម្រុងគ្នា និងការអាក់អន់ចិត្តកើតមាននៅគ្រប់ក្រុមគ្រួសារក្ដី ក៏វាមិនមានន័យថា សមាជិកគ្រួសារអាចដោះសាមិនព្រមធ្វើដូចជាព្រះគ្រីស្ទក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះគ្នានោះដែរ ។ ផ្ទុយទៅវិញ កំហុសរបស់យើងផ្ដល់ឱកាសឲ្យយើងអនុវត្តតាមគោលការណ៍នៃដំណឹងល្អស្ដីពីការប្រែចិត្ត និងការអភ័យទោសនៅក្នុងក្រុមគ្រួសាររបស់យើង ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីអត្ថន័យនៃការប្រែចិត្តថា
ការប្រែចិត្តមានន័យថា ការផ្លាស់ប្ដូរគំនិត និងដួងចិត្ត—យើងឈប់ធ្វើអ្វីៗដែលខុស ហើយយើងចាប់ផ្ដើមធ្វើអ្វីៗដែលត្រឹមត្រូវវិញ ។ វានាំមកឲ្យយើងនូវឥរិយាបថថ្មីចំពោះព្រះ ខ្លួនឯង និងជីវិតជាទូទៅ ។ ( « Point of Safe Return » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០០ )
ព្រះអង្គសង្គ្រោះបានមានបន្ទូលប្រាប់នូវពាក្យប្រៀបប្រដូចមួយអំពីកូនប្រុសម្នាក់ដែលត្រូវប្រែចិត្ត ដោយសារតែការជ្រើសរើសបំផ្លាញខ្លួនគាត់ និងគ្រួសាររបស់គាត់ ។ កូនប្រុសម្នាក់នេះបានយកមរតករបស់គាត់មុន ហើយបានខ្ជះខ្ជាយវាដោយការរស់នៅដោយមិនប្រុងប្រយ័ត្ន ។ ដោយភាពខ្វះខាត និងការស្រេកឃ្លាន គាត់បានចាប់ផ្ដើមធ្វើការដោយចិញ្ចឹមសត្វជ្រូក ហើយថែមទាំងចង់បរិភោគចំណីរបស់សត្វជ្រូកយ៉ាងខ្លាំង ។ ( សូមមើល លូកា ១៥:១១–១៦ ) ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីរបៀបដែលយើង និងសមាជិកគ្រួសារយើងអាចមានពរជ័យតាមរយៈការប្រែចិត្តរបស់យើង ៖
ការប្រែចិត្តមិនគ្រាន់តែផ្លាស់ប្ដូរយើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ពរជ័យដល់ក្រុមគ្រួសារយើង និងមនុស្សដែលយើងស្រឡាញ់ផងដែរ ។ ជាមួយនឹងការប្រែចិត្តដ៏សុចរិតរបស់យើង ស្របតាមកាលវេលារបស់ព្រះអម្ចាស់ នោះព្រះហស្ដដែលលាតសន្ធឹងរបស់ព្រះអង្គសង្គ្រោះនឹងមិនគ្រាន់តែឱបក្រសោបយើងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឱបក្រសោបជីវិតនៃកូនចៅ និងពូជពង្សរបស់យើងផងដែរ ។ ជានិច្ចកាល ការប្រែចិត្តតែងតែមានន័យថា មានសុភមង្គលដ៏ធំនៅខាងមុខ ។ ( « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ )
កាលបម្រើជាសមាជិកមួយរូបនៃពួកចិតសិបនាក់ អែលឌើរ អិល វិតនី ក្លេតុន បានបង្រៀនពីរបៀបដែលការវាយតម្លៃខ្លួនឯងជាទៀងទាត់ និងការប្រែចិត្តភ្លាមៗអាចផ្ដល់ពរជ័យដល់អាពាហ៍ពិពាហ៍ ។ សូមពិចារណាពីរបៀបដែលការអនុវត្តទាំងនេះអាចជួយនៅគ្រប់ទំនាក់ទំនងគ្រួសាររបស់អ្នក ៖
ខ្ញុំបានដឹងថា អាពាហ៍ពិពាហ៍រីករាយអាស្រ័យលើអំណោយទាននៃការប្រែចិត្ត ។ វាគឺជាធាតុសំខាន់មួយនៃទំនាក់ទំនងអាពាហ៍ពិពាហ៍ដ៏ល្អទាំងអស់ ។ ស្វាមីភរិយាដែលធ្វើការត្រួតពិនិត្យខ្លួនឯងដោយស្មោះត្រង់ជាទៀងទាត់ ហើយទទួលយកជំហានចាំបាច់ដើម្បីប្រែចិត្ត និងកែលម្អភ្លាមៗ នឹងទទួលបានថ្នាំផ្សះផ្សានៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ។ ( « Marriage: Watch and Learn » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៤ )
ផ្នែកទី ២
តើខ្ញុំអាចអភ័យទោសឲ្យសមាជិកគ្រួសារម្នាក់ដែលបានធ្វើខុសចំពោះខ្ញុំដោយរបៀបណា ?
នៅក្នុងពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះស្ដីពីកូនប្រុសខ្ជះខ្ជាយ នោះកូនប្រុសច្បងបានបដិសេធមិនចូលរួមពិធីអបអរដែលបានធ្វើឡើង ដើម្បីផ្ដល់កិត្តិយសដល់ការត្រឡប់មកវិញរបស់ប្អូនប្រុសគាត់ឡើយ ( សូមមើល លូកា ១៥:២៥–៣២ ) ។ ដូចជាកូនប្រុសច្បងរូបនេះដែរ មានពេលខ្លះយើងចាំបាច់ត្រូវអនុវត្តការប្រឹក្សាដូចតទៅនេះមកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ចូរឲ្យមនុស្សប្រែចិត្ត ។ ចូរឲ្យមនុស្សរីកចម្រើនឡើង ។ ចូរជឿថាមនុស្សអាចផ្លាស់ប្តូរ ហើយកែខ្លួនឲ្យប្រសើរឡើងបាន ។ ( « ‘Remember Lot’s Wife’: Faith Is for the Future » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០០៩ ] នៅលើគេហទំព័រ speeches.byu.edu )
ដូចជាពេលខ្លះដែលអ្នកចាំបាច់ត្រូវស្វែងរកការអភ័យទោសពីសមាជិកគ្រួសារម្នាក់ដែរ នោះពេលខ្លះទៀតអ្នកអាចផ្ដល់ការអភ័យទោសដល់សមាជិកគ្រួសារម្នាក់ដែលបានធ្វើឲ្យអ្នកអាក់អន់ចិត្ត ឬឈឺចាប់ ។
បន្ទាប់ពីដកស្រង់ផ្នែកនៃវគ្គបទគម្ពីរនេះ នោះអែលឌើរ ហូឡិន បានពន្យល់ ៖
វា … សំខាន់សម្រាប់អ្នកដែលរស់នៅក្នុងការថ្នាំងថ្នាក់ចិត្តឲ្យពិចារណាអំពីអ្វីដែល [ ព្រះអម្ចាស់ ] ពុំបាន មានព្រះបន្ទូល ។ ទ្រង់ ពុំបាន មានព្រះបន្ទូលថា « អ្នកពុំត្រូវបានអនុញ្ញាតឲ្យមានអារម្មណ៍ឈឺចាប់ពិតប្រាកដ ឬកើតទុក្ខពិតប្រាកដ ដោយសារតែជួបនឹងការបំផ្លិចបំផ្លាញដោយស្នាដៃមនុស្សដទៃនោះទេ » ។ ហើយទ្រង់ ក៏ពុំបាន មានព្រះបន្ទូលថា « ដើម្បីមានការអភ័យទោសទាំងស្រុង អ្នកត្រូវត្រឡប់ទៅរកទំនាក់ទំនងដ៏ឈឺចាប់ ឬត្រឡប់ទៅរកកាលៈទេសៈរំលោភបំពាន បំផ្លិចបំផ្លាញ » នោះវិញដែរ ។ ប៉ុន្តែទោះបីជាមានការខកចិត្តខ្លាំងប៉ុណ្ណាអាចកើតឡើងចំពោះយើងក្តី ក៏យើងអាចដោះស្រាយក្តីឈឺចាប់របស់យើងបានដែរ ប៉ុន្ដែតែនៅពេលយើងឈានជើងដើរលើផ្លូវឆ្ពោះទៅរកការព្យាបាលពិតប្រាកដប៉ុណ្ណោះ ។ ផ្លូវនេះគឺការអភ័យទោសដែលព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត បានអំពាវនាវដល់ពួកយើងម្នាក់ៗថា « ចូរមកតាមខ្ញុំ » [ លូកា ១៨:២២ ] ។ ( « The Ministry of Reconciliation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៩ )
ពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ស្ទាក់ស្ទើរ ឬមិនអាចអភ័យទោសឲ្យបាន ។ ឬអ្នកប្រហែលជាមានអារម្មណ៍ថា គន្លាតទំនាក់ទំនងរវាងអ្នក និងសមាជិកគ្រួសារម្នាក់គឺពិបាកនឹងផ្សះផ្សាណាស់ ។ សូមពិចារណាពីរបៀបដែលការប្រឹក្សាដូចតទៅនេះមកពីប្រធាន ជេមស៍ អ៊ី ហ្វោស ក្នុងគណៈប្រធានទីមួយអាចជួយអ្នកនៅក្នុងការខិតខំរបស់អ្នកដើម្បីអភ័យទោស ៖
យើងត្រូវដឹង ហើយទទួលស្គាល់នូវអារម្មណ៍ខឹងសម្បារទាំងឡាយ ។ វាត្រូវការការបន្ទាបខ្លួនដើម្បីធ្វើវា ប៉ុន្តែបើសិនយើងនឹងលុតជង្គង់ចុះ ហើយទូលសូមព្រះវរបិតាសួគ៌ឲ្យប្រទានអារម្មណ៍នៃការអភ័យទោស នោះទ្រង់នឹងជួយយើង ។ …
… វាមិនងាយស្រួលនឹងទុកឲ្យវាចប់ទៅ ហើយកម្ចាត់ចេញនូវការអន់ចិត្តដែលកើតឡើងចេញពីដួងចិត្តរបស់យើងនោះទេ ។ ព្រះអង្គសង្រ្គោះបានប្រទានដល់យើងទាំងអស់គ្នានូវសេចក្ដីសុខសាន្តដ៏មានតម្លៃតាមរយៈដង្វាយធួនរបស់ទ្រង់ ប៉ុន្តែវាអាចមានដល់យើង ពេលដែលយើងមានឆន្ទៈលះបង់នូវអារម្មណ៍អវិជ្ជមាននៃកំហឹង គំនុំ ឬការសងសឹកប៉ុណ្ណោះ ។ ( « The Healing Power of Forgiveness » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៦៩ )
អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ នៃពួកចិតសិបនាក់ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្ដោតលើព្រះអង្គសង្គ្រោះផងដែរ ៖
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ បើបងប្អូនកំពុងតែពិបាកក្នុងការស្វែងរកកម្លាំងដើម្បីអភ័យទោស សូមកុំគិតអំពីអ្វីដែលមនុស្សដទៃបានធ្វើចំពោះបងប្អូន ប៉ុន្តែចូរគិតអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់បងប្អូនវិញ ហើយបងប្អូននឹងរកឃើញភាពសុខសាន្តនៅក្នុងពរជ័យដ៏ប្រោសលោះនៃដង្វាយធួនរបស់ទ្រង់ ។ ( « Pure Love: The True Sign of Every True Disciple of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨២ )
ការអភ័យទោស និងការព្យាបាលអាចត្រូវការពេលវេលា ។ ចូរមានចិត្តអត់ធ្មត់ចំពោះខ្លួនឯង ពេលអ្នកស្វែងរកជំនួយរបស់ព្រះអម្ចាស់ និងអំណោយទាននៃការព្យាបាលរបស់ទ្រង់ ។