« មេរៀនទី ២៧ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការលើកកម្ពស់ និងការការពារគ្រួសារជាអង្គភាពដ៏សំខាន់នៃសង្គម » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២៧ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២៧ ឯកសាររៀបចំសម្រាប់ថ្នាក់
ការលើកកម្ពស់ និងការការពារគ្រួសារជាអង្គភាពដ៏សំខាន់នៃសង្គម
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ពិភពលោកត្រូវដឹងពីអ្វីដែលសេចក្តីប្រកាស [ ក្រុមគ្រួសារ ] នេះបង្រៀន ពីព្រោះគ្រួសារគឺជាអង្គភាពគ្រឹះនៃសង្គម សេដ្ឋកិច្ច វប្បធម៌របស់យើង និងរដ្ឋាភិបាលរបស់យើង ។ ហើយដូចដែលពួកបរិសុទ្ធថ្ងៃចុងក្រោយដឹងថា គ្រួសារក៏ជាអង្គភាពគ្រឹះនៅក្នុងនគរសេឡេស្ទាលផងដែរ » ( « What Matters Most Is What Lasts Longest » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤២ ) ។ នៅពេលអ្នកគិតអំពីតួនាទីជាមូលដ្ឋានគ្រឹះដែលគ្រួសារដើរតួក្នុងសង្គម និងភាពអស់កល្បជានិច្ច សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើបានដើម្បីលើកកម្ពស់ និងការពារគ្រួសារ ។
ផ្នែកទី ១
តើឥទ្ធិពលអ្វីខ្លះដែលរួមចំណែកដល់ការបែកបាក់គ្រួសារ ?
មានកត្តាជាច្រើនកំពុងធ្វើឲ្យគ្រួសារចុះខ្សោយនៅក្នុងសង្គមសម័យទំនើបនេះ ។ ដោយសារព្រះអម្ចាស់ស្រឡាញ់ និងចង់ប្រទានពរដល់យើង នោះទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីទាំងឡាយ ដើម្បីព្រមានយើងអំពីគ្រោះថ្នាក់ទាំងនេះ និងគ្រោះថ្នាក់ផ្សេងទៀត ។ ព្យាការីថ្ងៃចុងក្រោយទាំងឡាយបានព្រមានថា « ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្ដរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុនដោយពួកព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ភស្តុតាងនៃ « ការបែកបាក់នៅក្នុងគ្រួសារ » មាននៅជុំវិញយើង ។ ឧទាហរណ៍ យើងឃើញ
-
ការកើនឡើងនៃការរួមរស់ជាមួយគ្នាដោយមិនបានរៀបការ កុមារដែលកើតក្រៅចំណងអាពាហ៍ពិពាហ៍ និងក្នុងក្រុមគ្រួសារដែលមានតែឪពុក ឬម្តាយ
-
អាត្រាអាពាហ៍ពិពាហ៍ និងកំណើតថយចុះ
-
អត្រាការរម្លូតកូន ការលែងលះ ការរំលោភបំពាន និងភាពមិនដំណើរការក្នុងជីវិតគ្រួសារកើនឡើង និង
-
គោលនយោបាយសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយដែលធ្វើឲ្យខូចខាតដល់គ្រួសារ ។
( សូមមើល ប្រូស ស៊ី ហាហ្វិន « The Proclamation on the Family: Transcending the Cultural Confusion » Ensign ខែ សីហា ឆ្នាំ ២០១៥ ទំព័រ ៥៤; ដាល្លិន អេក អូក « Protect the Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤៣; « Divorce » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧០; ជូលី ប៊ី ប៊េក « Teaching the Doctrine of the Family » Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១៤ ) ។
សាវកប៉ុលបានព្រមានអំពីគ្រោះថ្នាក់ដែលនឹងមាននៅថ្ងៃចុងក្រោយនេះ ។
អែលឌើរ ប្រ៊ូស ឌី ផតធ័រ អតីតពួកចិតសិបនាក់បានពិភាក្សាពីមូលហេតុមួយដែលបុរស និងស្រ្តីប្រែទៅជា « ស្រឡាញ់តែខ្លួនឯង » ( ធីម៉ូថេ ៣:២ ) ៖
ការបែកបាក់ក្រុមគ្រួសាររាប់លានបានកើតឡើង ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌ដ៏ពេញនិយមបានលើកតម្កើងការគិតតែពីខ្លួនឯង ៖ នៃបុគ្គលដែលបំពេញសម្រាប់តែខ្លួនឯងមិនទាក់ទងនឹងកាតព្វកិច្ចសង្គម ឬសីលធម៌ មានសេរីភាពក្នុងការបន្តធ្វើអ្វីដែលខ្លួនជ្រើសរើស ដរាបណាវាមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ។ ( « Defending the Family in a Troubled World » Ensign ខែ មិថុនា ឆ្នាំ ២០១១ ទំព័រ ១៥ )
ផ្នែកទី ២
តើទំនួលខុសត្រូវអ្វីដែលខ្ញុំមានដើម្បីលើកកម្ពស់ និងការពារគ្រួសារ ?
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្តល់ឲ្យការទទួលខុសត្រូវនេះ ៖ « យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងឡាយនៅក្នុងរដ្ឋាភិបាលដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែងទាំងអស់ សូមឲ្យគាំទ្រនូវអ្វីៗទាំងនេះដែលបានរៀបរាប់ឡើង ដើម្បីទ្រទ្រង់ និងធ្វើឲ្យក្រុមគ្រួសារមាំមួនដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។
មានវិធីជាច្រើនដែលយើងអាចបំពេញការទទួលខុសត្រូវរបស់ព្យាការីនេះបាន ។ សូមពិចារណាអំពីគំនិតមួយចំនួនដូចខាងក្រោម ៖
-
ខិតខំពង្រឹងគ្រួសាររបស់អ្នក ។
-
រៀនពីបញ្ហាដែលគំរាមគំហែងគ្រួសារនៅកន្លែងដែលអ្នករស់នៅ ។
-
គាំទ្រ ឬការពារអ្នកដឹកនាំនយោបាយ អង្គការនានា និងគោលនយោបាយសាធារណៈដែលលើកកម្ពស់ដល់គ្រួសារ ។
-
ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជមានអំពីគ្រួសារ ។
-
ស្វែងរកឱកាសដើម្បីចែកចាយការបង្រៀនដំណឹងល្អ និងអារម្មណ៍របស់អ្នកអំពីគ្រួសារ ។
កាលៈទេសៈគ្រួសាររបស់យើងមិនចាំបាច់ត្រូវល្អឥតខ្ចោះសម្រាប់យើងដើម្បីលើកកម្ពស់ និងការពារគ្រួសារនោះទេ ។ សំឡេងរបស់យើងត្រូវការជាចាំបាច់ ទោះក្នុងកាលៈទេសៈណាក៏ដោយក្នុងគ្រួសាររបស់យើង ។
ខណៈកំពុងបម្រើក្នុងគណៈប្រធានយុវនារីទូទៅ ប្រធាន បូនី អិល អូស្ការសុន បានបង្រៀន ៖
យើងចាំបាច់ត្រូវការពារគោលលទ្ធិរបស់ព្រះអម្ចាស់ដែលបានបើកសម្ដែងដោយអង់អាច ដែលបានពិពណ៌នាអំពីអាពាហ៍ពិពាហ៍ ក្រុមគ្រួសារ តួនាទីដ៏ទេវភាពរបស់បុរស និងស្ត្រី និងសារៈសំខាន់នៃគេហដ្ឋានដែលជាកន្លែងពិសិដ្ឋ—ទោះជាពេលពិភពលោកកំពុងស្រែកដាក់ត្រចៀកយើងថា គោលការណ៍ទាំងនេះបានហួសសម័យ មានកម្រិត ឬឈប់ទាក់ទងហើយក្ដី ។ មនុស្សគ្រប់គ្នា មិនថាមានស្ថានភាពអាពាហ៍ពិពាហ៍យ៉ាងណា ឬមានកូនប៉ុន្មានទេ អាចធ្វើជាអ្នកការពារផែនការរបស់ព្រះអម្ចាស់ ដែលបានពិពណ៌នានៅក្នុងសេចក្ដីប្រកាសអំពីគ្រួសារបាន ។ ( « Defenders of the Family Proclamation » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៥ )
ប្រហែលជាមានពេលខ្លះដែលអ្នកមានអារម្មណ៍ភ័យខ្លាចក្នុងការលើកកម្ពស់ ឬការពារគ្រួសារដោយសារតែការប្រឆាំងដែលអ្នកប្រហែលជាអាចជួបប្រទះ ។ សូមពិចារណាពីរបៀបដែលអ្នកអាចទទួលបានកម្លាំងពីទង្វើរបស់មេទ័ពមរ៉ូណៃ និងពួកសាសន៍នីហ្វៃ ដែលបានក្រោកឈរឡើងដោយក្លាហានចំពោះការឈ្លានពានរបស់សាសន៍លេមិនដើម្បី « គាំទ្រដែនដីរបស់គេ ផ្ទះសំបែងរបស់គេ និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ » ( អាលម៉ា ៤៣:៩ ) ។
ផ្នែកទី ៣
តើខ្ញុំអាចមានទំនុកចិត្តកាន់តែខ្លាំងដើម្បីនិយាយជាមួយអ្នកដទៃអំពីការបង្រៀនរបស់ព្រះអម្ចាស់អំពីគ្រួសារដោយរបៀបណា ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានលើកឡើងថា ការបង្រៀននៅក្នុងការប្រកាសអំពីក្រុមគ្រួសារគឺ « មានភាពខុសគ្នាពីច្បាប់ ការអនុវត្ត និងការនិយាយគាំទ្រមួយចំនួនក្នុងពិភពលោកដែលយើងរស់នៅ » ( « The Plan and the Proclamation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៩ ) ។ នៅក្នុងដំណើរជីវិតរបស់អ្នក អ្នកហាក់នឹងពិភាក្សាអំពីប្រធានបទទាក់ទងនឹងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារជាមួយនឹងមនុស្សដែលមានទស្សនៈខុសពីអ្នក ។ នៅគ្រាបែបនោះ សូមជៀសវាងពីការប្រឈមមុខដាក់គ្នា ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:៣០ ) ។ ផ្ទុយទៅវិញ សូមព្យាយាមនៅក្នុងចំណោម « អ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្ត » វិញ ( មរ៉ូណៃ ៧:៣; សូមមើលផងដែរ ខទី ៤–៥ ) និងដើម្បី « [ និយាយ ] សេចក្តីពិតដោយសេចក្តីស្រឡាញ់វិញ » ( អេភេសូរ ៤:១៥ ) ។
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីគំរូដូចខាងក្រោមនេះអំពីព្រះយេស៊ូវគ្រីស្ទ អំពីរបៀបដែលយើងឆ្លើយតបទៅនឹងបុគ្គលដែលអាចនឹងជំទាស់ជំនឿរបស់យើង ៖
ការឆ្លើយតបតាមរបៀបដូចជាព្រះគ្រីស្ទគឺពុំអាចសរសេរទុកជាមុន ឬផ្អែកទៅលើរូបមន្ដមួយនោះទេ ។ ព្រះអង្គសង្គ្រោះបានឆ្លើយតបផ្សេងៗគ្នានៅក្នុងស្ថានភាពទាំងអស់ ។ នៅពេលទ្រង់ត្រូវប្រឈមនឹងស្ដេចហេរ៉ូឌទុច្ចរិត នោះទ្រង់នៅស្ងៀម ។ នៅពេលទ្រង់គង់នៅចំពោះលោកពីឡាត់ ទ្រង់បានថ្លែងទីបន្ទាល់សាមញ្ញ និងប្រកបដោយអានុភាពអំពីទេវភាព និងគោលបំណងរបស់ទ្រង់ ។ ពេលប្រឈមមុខនឹងអ្នកប្ដូរប្រាក់ ដែលបង្ខូចដល់ព្រះវិហារបរិសុទ្ធ នោះទ្រង់បានអនុវត្តការទទួលខុសត្រូវដ៏ទេវភាពរបស់ទ្រង់ដើម្បីរក្សា និងការពារអ្វីដែលពិសិដ្ឋ ។ កាលដែលគេលើកទ្រង់ឆ្កាងលើឈើឆ្កាង ទ្រង់បានថ្លែងនូវការឆ្លើយតបបែបគ្រិស្តសាសនិកដែលមិនអាចប្រៀបផ្ទឹមបាន ៖ « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង » ( លូកា ២៣:៣៤ ) ។
អ្នកខ្លះគិតខុសថា ការឆ្លើយតបដូចជា ការស្ងៀមស្ងាត់ ការសុភាពស្លូតបូត ការអភ័យទោស និងការថ្លែងទីបន្ទាល់ដ៏រាបសាគឺមិនសកម្ម ឬទន់ខ្សោយ ។ ប៉ុន្ដែការ ‹ ស្រឡាញ់សត្រូវ [ របស់យើង ] ប្រទានពរដល់ពួកគេ ដែលបានដាក់បណ្ដាសាដល់ [ យើង ] ធ្វើល្អដាក់ពួកគេដែលស្អប់ [ យើង ] ហើយអធិស្ឋានឲ្យពួកគេដែលប្រើ [ យើង ] ដោយមានគំនុំព្យាបាទ ហើយបៀតបៀន [ យើង ] › ( ម៉ាថាយ ៥:៤៤ ) វាត្រូវការសេចក្ដីជំនឿ កម្លាំង និងសំខាន់បំផុតនោះ វាត្រូវការសេចក្ដីក្លាហានក្នុងនាមជាពួកគ្រីស្ទាន ។ ( « Christian Courage: The Price of Discipleship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២ )
សូមពិចារណាអំពីរបៀបដែលគោលការណ៍ខាងក្រោមនេះអាចជួយអ្នកបាន នៅពេលអ្នកនិយាយជាមួយអ្នកដទៃអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ ៖
-
ធ្វើតាមព្រះវិញ្ញាណ ។ ព្រះវិញ្ញាណអាចជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលមិនត្រូវនិយាយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:៥–៦ ) ។ អានុភាពរបស់ទ្រង់ក៏អាចជួយអ្នកឲ្យគ្រប់គ្រងអារម្មណ៍របស់អ្នកបានផងដែរ ( សូមមើល កាឡាទី ៥៥:២២–២៣ ) ។
-
ធ្វើជាអ្នកស្តាប់ដ៏ផ្ចិតផ្ចង់ ។ សូមយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះអ្នកដទៃ នៅពេលពួកគេកំពុងនិយាយ ។ សូមចៀសវាងការរំខានពួកគេ ឬឆ្លើយតបក្នុងចិត្តរបស់អ្នក នៅពេលពួកគេនិយាយ ។ ដើម្បីធានាថាអ្នកយល់ពីអ្វីដែលពួកគេបាននិយាយ នោះអ្នកអាចសួរសំណួរឲ្យច្បាស់លាស់ ឬសង្ខេបអ្វីដែលអ្នកបានឮពួកគេនិយាយ ។
-
ព្យាយាមយល់ពីគ្នាទៅវិញទៅមក ។ សូមកុំបណ្តោយឲ្យភាពខុសគ្នារបស់អ្នកមកបិទបាំងអ្វីដែលអ្នកមានដូចគ្នាឡើយ ។ នៅពេលអ្នកនិយាយ សូមស្វែងរកមូលដ្ឋានរួម ហើយបង្កើតមូលដ្ឋាននោះឡើង ។
-
ចែកចាយការបង្រៀនរបស់ព្រះអម្ចាស់ជាភាសាសាមញ្ញៗ ច្បាស់លាស់ និងមិនប្រើពាក្យប្រៀបធៀបឡើយ ។ សូមចៀសវាងពាក្យដែលប្លែកសម្រាប់សមាជិកសាសនាចក្រ ( សូមមើល ដេវីឌ អេ អេដវើឌ « Communication Breakdown » New Era ខែ តុលា ឆ្នាំ ២០១២ ទំព័រ ៣២–៣៣ ) ។ ផ្ទុយទៅវិញ សូមប្រើពាក្យ និងឃ្លាដែលត្រឹមត្រូវដែល ជំរុញឲ្យមានការយល់ដឹង និងលើកកម្ពស់សុច្ឆន្ទៈ ។ ឆ្លើយឲ្យខ្លីៗ ។ សូមឲ្យសេចក្តីស្រឡាញ់បំពេញដួងចិត្តរបស់អ្នក ដើម្បីឲ្យសំឡេងរបស់អ្នកពេញដោយចិត្តសប្បុរស ។
-
ថ្លែងទីបន្ទាល់បរិសុទ្ធ និងសាមញ្ញៗ ។ ទីបន្ទាល់របស់អ្នកពុំចាំបាច់ជាបុព្វកថាដោយនិយាយថា « ខ្ញុំសូមថ្លែង…» នោះទេ ។ ផ្ទុយទៅវិញ អ្នកអាចនិយាយដូចជា « ជីវិតរបស់ខ្ញុំបានទទួលពរជ័យជាច្រើន ដោយសារ … » « ខ្ញុំមានអារម្មណ៍ថា … » ឬ « ការណ៍នេះសំខាន់ចំពោះខ្ញុំណាស់ ពីព្រោះ … »
-
នៅពេលអ្នកមិនយល់ស្រប សូមជ្រើសរើសកុំធ្វើមិនពេញចិត្ត ។ សូមរក្សាភាពស្ងប់ស្ងាត់ និងការគោរព ដើម្បីអ្នកអាចបង្កើតមិត្តភាព និងមិនបង្កើតសត្រូវ ។ អ្នកអាចបង្ហាញថា អ្នកគោរពទស្សនៈរបស់អ្នកដទៃខណៈដែលអ្នកក៏ទទួលស្គាល់ថា អ្នកទាំងពីរប្រហែលជាមិនយល់ស្របលើប្រធានបទជាក់លាក់ណាមួយឡើយ ។ សូមចងចាំថា រាល់វិញ្ញាណនៃការទាស់ទែងនឹងបណ្តាលឲ្យព្រះវិញ្ញាណយាងចេញ ( សូមមើល នីហ្វៃទី៣ ១១:២៩ ) ។