« មេរៀនទី ២៨ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការមានសេចក្ដីសង្ឃឹមក្នុងការបង្កើតគ្រួសារដ៏អស់កល្បជានិច្ច » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២៨ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២៨ ឯកសាររៀបចំសម្រាប់ថ្នាក់
ការមានសេចក្ដីសង្ឃឹមក្នុងការបង្កើតគ្រួសារដ៏អស់កល្បជានិច្ច
សូមគិតអំពីអ្វីដែលអ្នកបានរៀន និងបានដកពិសោធន៍នៅក្នុងការសិក្សារបស់អ្នកស្ដីពីគ្រួសារដ៏អស់កល្បជានិច្ចអំឡុងវគ្គសិក្សានេះ ។ តើការបង្រៀនទាំងនេះបានជះឥទ្ធិពលដល់ទីបន្ទាល់ បំណងប្រាថ្នា និងសកម្មភាពរបស់អ្នកយ៉ាងដូចម្ដេច ? នៅពេលអ្នកសិក្សាមេរៀនចុងក្រោយនេះ សូមពិចារណាពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើ ដើម្បីអ្នកអាចរស់នៅដោយមានសេចក្ដីសង្ឃឹមដ៏ធំ ពេលអ្នកខិតខំបង្កើត និងពង្រឹងគ្រួសារដ៏អស់កល្បជានិច្ចរបស់អ្នកផ្ទាល់ ។
ផ្នែកទី ១
ហេតុអ្វីខ្ញុំអាចមានសេចក្ដីសង្ឃឹមក្នុងការបង្កើតគ្រួសារដ៏អស់កល្បជានិច្ចមួយ ?
ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានបង្រៀនថា យើងអាចមានសេចក្ដីសង្ឃឹមក្នុងការបង្កើតគ្រួសារដ៏អស់កល្បជានិច្ចដែលពេញដោយសេចក្ដីស្រឡាញ់មួយបាន ៖
យើងទាំងអស់គ្នាសង្ឃឹមចង់បានអំណរនៃការរស់នៅក្នុងក្រុមគ្រួសារដែលពេញដោយសេចក្ដីស្រឡាញ់ ។ សម្រាប់ពួកយើងមួយចំនួន វាគឺជាអារម្មណ៍មួយដែលយើងពុំធ្លាប់មានបទពិសោធន៍—ជាអារម្មណ៍មួយដែលយើងដឹងថាអាចមាន ប៉ុន្តែពុំទាន់ក្លាយជាការពិតនៅឡើយ ។ យើងអាចនឹងបានឃើញវានៅក្នុងជីវិតរបស់មនុស្សដទៃទៀត ។ សម្រាប់ពួកយើងមួយចំនួនទៀត សេចក្ដីស្រឡាញ់ក្នុងគ្រួសារហាក់ដូចជាមានពិតជាក់ស្ដែង និងមានតម្លៃ នៅពេលដែលសេចក្ដីស្លាប់បានបំបែកយើងពីកូន ពីម្ដាយ ពីឪពុក ពីបងប្អូនប្រុស ពីបងប្អូនស្រី ឬជីដូនជីតាជាទីស្រឡាញ់ និងសំណព្វរបស់យើង ។ …
… ប្រសិនបើយើងត្រូវបានប្រទានពរឲ្យរកឃើញដំណឹងល្អដែលបានស្ដារឡើងវិញ នោះយើងអាចជ្រើសរើសដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះដែលនាំឲ្យយើងស័ក្ដិសមនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ នៅពេលយើងស៊ូទ្រាំដោយស្មោះត្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ពីសេចក្ដីសង្ឃឹម និងទំនុកចិត្តថា យើងកំពុងស្ថិតនៅលើផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីរស់នៅជាក្រុមគ្រួសារជារៀងរហូតនៅក្នុងនគរសេឡេស្ទាល ។ ( « The Hope of Eternal Family Love » Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៤ )
សេចក្ដីជំនឿរបស់យើងលើផែនការរបស់ព្រះវរបិតាសួគ៌ និងលើព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ អាចផ្ដល់សេចក្ដីសង្ឃឹមដល់យើងថា យើងអាចបង្កើតគ្រួសារដ៏នៅអស់កល្បជានិច្ចមួយបាន ។ ព្រះអម្ចាស់សព្វព្រះទ័យចង់ជួយយើង ហើយតាមរយៈព្រះចេស្ដារបស់ទ្រង់ យើងអាចយកឈ្នះលើឧបសគ្គនានាបាន ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងអានពីរបៀបដែលអេលីសាបិតបានមានគ៌តលើសវ័យដែលអាចមានកូនបាន ហើយម៉ារាជាស្ត្រីព្រហ្មចារីម្នាក់បានក្លាយជាមាតារបស់ព្រះរាជបុត្រានៃព្រះ ។ ស្ត្រីទាំងនេះបានជួបនឹងស្ថានភាពខុសៗគ្នា ប៉ុន្តែពួកគាត់ទាំងពីរនាក់បានយល់ថា « ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ » ( លូកា ១:៣៧ ) ។
ផ្នែកទី ២
តើខ្ញុំអាចមានសេចក្ដីសង្ឃឹមក្នុងការបង្កើតគ្រួសារដ៏នៅអស់កល្បជានិច្ចមួយបានដោយរបៀបណា ប្រសិនបើខ្ញុំមិនបានកើតចេញពីគ្រួសារមួយដែលរឹងមាំក្នុងការធ្វើតាមព្រះអង្គសង្គ្រោះផងនោះ ?
យុវមជ្ឈិមវ័យមួយចំនួនមិនបានដកពិសោធន៍ ឬបានឃើញនូវគន្លងគ្រួសារសុចរិតនៅក្នុងក្រុមគ្រួសាររបស់ពួកគេនោះទេ ។ ខ្លះទៀតបានចាំមើលអាពាហ៍ពិពាហ៍របស់ឪពុកម្ដាយពួកគេបញ្ចប់ដោយការលែងលះគ្នា ។ អស់អ្នកដែលបានដកពិសោធន៍ស្ថានភាពលំបាកទាំងនេះ ឬស្ថានភាពផ្សេងទៀតអាចនឹងងឿងឆ្ងល់ថា តើពួកគេពិតជាអាចបង្កើតគ្រួសារដ៏នៅអស់កល្បជានិច្ចមួយបានដែរឬទេ ។
អែលឌើរ យូន វ៉ាន ឆោវ នៃពួកចិតសិបនាក់បានបង្រៀនអំពីភាពខុសគ្នានៃការជ្រើសរើសរបស់យើងសម្រាប់គ្រួសារដ៏អស់កល្បជានិច្ចរបស់យើង ៖
យើងទាំងអស់គ្នាស្ថិតនៅចំកណ្ដាលនៃគ្រួសារដ៏នៅអស់កល្បមួយ ។ តួនាទីរបស់យើងអាចជាចំណុចរបត់មួយដែលការផ្លាស់ប្ដូរដ៏សំខាន់អាចកើតឡើងបានតាមរបៀបវិជ្ជមាន ឬអវិជ្ជមាន ។ …
… មានជំនាន់ពីមុនយើង និងជំនាន់ក្រោយយើងដែលពឹងផ្អែកលើយើងឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងអាចក្លាយជាគ្រួសារដ៏នៅអស់កល្បមួយរបស់ព្រះ ។ ( « Don’t Look Around, Look Up! » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩១, ៩២ )
ព្យាការីអ័ប្រាហាំគឺជាគំរូដ៏មានអានុភាពមួយនៃរបៀបដែលយើងអាចជ្រើសរើសធ្វើជា « ចំណុចបង្វែរ » ដ៏វិជ្ជមានសម្រាប់គ្រួសាររបស់យើងផ្ទាល់ ។ គ្រួសារមួយចំនួនរបស់អ័ប្រាហាំ រួមទាំងឪពុករបស់លោកផ្ទាល់បានងាកចេញពីបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ពួកគេបានជ្រើសរើសថ្វាយបង្គំព្រះក្លែងក្លាយជំនួសវិញ ។ ( សូមមើល អ័ប្រាហាំ ១:៥–៦ ) ។
នៅពេលពួកសង្ឃទុច្ចរិតព្យាយាមបូជាអ័ប្រាហាំថ្វាយដល់ព្រះក្លែងក្លាយរបស់ពួកគេ នោះព្រះអម្ចាស់បានសង្គ្រោះអ័ប្រាហាំដោយអព្ភូតហេតុ ។ ក្រោយមកទៀត ទ្រង់បានដឹកនាំអ័ប្រាហាំ និងសមាជិកគ្រួសារលោកមួយចំនួនទៅកាន់ដែនដីមួយទៀត ។ ខណៈដែលពួកគេនៅទីនោះ ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំនូវពរជ័យដ៏សំខាន់ៗជាច្រើន រួមទាំងពរជ័យនៃគ្រួសារដ៏នៅអស់កល្បជានិច្ចផងដែរ ។ ( សូមមើល អ័ប្រាហាំ ១:៧–១៨; ២:៣–៤, ៨–១១ ) ។
ដូចជាអ័ប្រាហាំដែរ យើងអាចស្វែងរកពរជ័យនៃគ្រួសារដ៏អស់កល្បជានិច្ច ហើយទទួលបានជំនួយរបស់ព្រះអម្ចាស់នៅក្នុងការបង្កើតគ្រួសារមួយ ទោះជាស្ថានភាពគ្រួសាររបស់យើងពីមុនយ៉ាងណាក្ដី ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ ៖
ចំពោះកូនៗដែលស្ថិតនៅក្នុងគ្រួសារដែលមានបញ្ហា យើងសូមនិយាយទៅបងប្អូនថា បងប្អូនពុំមែនគ្មានតម្លៃដោយសាររឿងនោះឡើយ ។ ជួនកាល បញ្ហានានាគឺជាសញ្ញាអំពីការទុកចិត្តរបស់ព្រះអម្ចាស់ទៅលើបងប្អូន ។ ទ្រង់អាចជួយបងប្អូនបាន ទាំងដោយផ្ទាល់ និងតាមរយៈអ្នកដទៃ ដើម្បីប្រឈមមុខនឹងអ្វីដែលបងប្អូនជួបប្រទះ ។ បងប្អូនអាចក្លាយទៅជាជំនាន់មួយ ប្រហែលជាជំនាន់ដំបូងក្នុងគ្រួសាររបស់បងប្អូន ដែលពិតជាមានលំនាំដ៏ទេវភាព ដែលព្រះបានតែងតាំងសម្រាប់ក្រុមគ្រួសារ ហើយប្រទានពរដល់ជំនាន់ក្រោយៗរបស់បងប្អូន ។ ( « Fathers » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៦ )
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយបទពិសោធន៍របស់លោកផ្ទាល់ជាមួយនឹងការជ្រើសរើសបង្កើតគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ឬ ស្ដាប់វា ដោយចាប់ផ្ដើមនៅលេខកូដម៉ោង ២៥:៤៧ និងបញ្ចប់នៅ ២៨:១៥ ។
ដោយមានជំនួយពីព្រះអម្ចាស់ បងប្អូនអាចមានគ្រួសារដ៏នៅអស់កល្បមួយបាន ទោះជាបងប្អូនពុំបានកើតចេញមកពីគ្រួសារពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ល្អ ដែលពេលខ្លះបានបង្ហាញឲ្យឃើញនៅលើគម្របនៃទស្សនាវដ្ដី [ សាសនាចក្រ ] ក្ដី ។ សូមចាំជានិច្ចថា វាចាប់ផ្ដើមជាមួយនឹងបងប្អូន !
ដោយសារខ្ញុំពុំមានគន្លងគ្រួសារដ៏សុចរិតកាលពីក្មេងនោះហើយ ទើបធ្វើឲ្យខ្ញុំមានបំណងប្រាថ្នាដ៏មុតមាំមួយរួបរួមនឹងស៊ូសានដើម្បីធ្វើឲ្យប្រាកដថា គន្លងនេះគឺជាផ្នែកមួយដែលយើងគ្រួសារបង្កើតរួមគ្នាជានិច្ច ។ ពេលយើងប្រឹក្សាជាមួយគ្នា ហើយទូលសូមជំនួយនៅក្នុងការអធិស្ឋានរបស់យើង នោះយើងទទួលបានការបំផុសគំនិត ហើយមានពរដើម្បីជួយកូនៗរបស់យើងឲ្យរៀនអំពីគោលការណ៍នៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ ពិតណាស់ យើងពុំមែនជាឪពុកម្ដាយដ៏ឥតខ្ចោះនោះទេ ប៉ុន្តែយើងទទួលអំណោយទានខាងវិញ្ញាណដែលយើងត្រូវការ ហើយរកឃើញជំនួយ « …លើសពីកម្លាំង [ យើង ] ធ្វើបាន » [ « ខ្ញុំនឹងដើរតាមព្រះអម្ចាស់ » ទំនុកតម្កើង ល.រ. ១៣៥ ] ។
បងប្អូន និងខ្ញុំពុំជាប់ឃាំងនៅក្នុងបទពិសោធន៍អតីតកាលរបស់យើងឡើយ ។ យើងពុំមែនជាជនរងគ្រោះទាំងស្រុងនៃកាលៈទេសៈបច្ចុប្បន្នរបស់យើង ឬទាសភាពនៃមជ្ឈដ្ឋានរបស់យើងឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនយើងគ្រប់រឿងដែលយើងគួរធ្វើ រួមទាំងគន្លងនៃសេចក្ដីសុចរិតជាគ្រួសារដែលយើងពុំធ្លាប់មានពីមុនផងដែរ ។ វាចាប់ផ្ដើមជាមួយនឹងបងប្អូន ! ហើយដោយមានជំនួយពីព្រះអម្ចាស់ នោះបងប្អូនអាចធ្វើវាបាន ។
បងប្អូនមួយចំនួនធ្លាប់ឈឺចាប់ដោយសារតែសមាជិកគ្រួសារ ឬថ្នាក់ដឹកនាំដែលគួរឲ្យគោរពពុំឲ្យតម្លៃដល់សេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ដ៏ពិសិដ្ឋ ។ បងប្អូនអាចនឹងសួរខ្លួនឯងថា « បើឪពុកម្ដាយខ្ញុំ និងគូស្វាមីភរិយាផ្សេងដែលខ្ញុំស្គាល់ដែលបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ហើយអាពាហ៍ពិពាហ៍ពួកគេពុំទទួលបានជោគជ័យផង តើខ្ញុំសង្ឃឹមថាអាចធ្វើឲ្យអាពាហ៍ពិពាហ៍របស់ខ្ញុំបន្ដមានយូរអង្វែងបានយ៉ាងណា ? »
ចំពោះបងប្អូនដែលបានជួបការឈឺចាប់ដោយសារការលះលែងគ្នានៅក្នុងគ្រួសាររបស់បងប្អូន ឬឈឺចាប់ដោយសារការបំពានទំនុកចិត្ត សូមចាំថា វាចាប់ផ្ដើមជាថ្មីម្ដងទៀតជាមួយនឹងបងប្អូន ! ចំណងភ្ជាប់មួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់បងប្អូនអាចនឹងត្រូវផ្ដាច់ ប៉ុន្តែចំណងភ្ជាប់សុចរិតផ្សេងទៀត និងអ្វីដែលនៅសេសសល់នៃតំណភ្ជាប់នោះគឺមានសារៈសំខាន់ដ៏នៅអស់កល្ប ។ បងប្អូនអាចបន្ថែមកម្លាំងដល់តំណភ្ជាប់របស់បងប្អូន ហើយប្រហែលជាជួយស្ដារចំណងដែលដាច់នោះឡើងវិញផង ។ កិច្ចការនោះអាចសម្រេចបានម្ដងមួយៗ ។ ( « A Welding Link » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
ផ្នែកទី ៣
តើអ្នកបានរៀន និងដកពិសោធន៍អ្វីខ្លះនៅក្នុងការសិក្សារបស់អ្នកអំពីគ្រួសារដ៏អស់កល្បជានិច្ច ។
នៅពលអ្នកហៀបនឹងបញ្ចប់វគ្គសិក្សានេះ សូមពិចារណាពីអ្វីដែលអ្នកបានរៀនអំពីសារៈសំខាន់នៃគ្រួសារនៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ និងនៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។
ប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីសារៈសំខាន់នៃក្រុមគ្រួសារ ៖
បងប្អូនប្រុសស្រី បុព្វហេតុ ដែលសំខាន់បំផុតនៃជីវិតយើងគឺក្រុមគ្រួសាររបស់យើង ។ បើយើងនឹងលះបង់ខ្លួនយើងដើម្បីបុព្វហេតុនេះ នោះយើងនឹងកែលម្អរាល់ទិដ្ឋភាពដទៃទៀតទាំងអស់ក្នុងជីវិតរស់នៅរបស់យើង ហើយនឹងប្រែក្លាយជាគំរូ និងជាពន្លឺដឹកនាំមួយចំពោះមនុស្សទាំងអស់នៅលើផែនដីនេះ ក្នុងនាមជាប្រជាជន និងជាសាសនាចក្រមួយ ។ ( « That the Lost May Be Found » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៨ )