ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​យើង


« មេរៀន​ទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​យើង » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

យុវនារី​ម្នាក់​សម្លឹង​មើលទៅ​ដើមឈើ

មេរៀន​ទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​យើង

សំណួរ​ដ៏សំខាន់​បំផុត​មួយ​ចំនួន​ដែល​យើង​មាន​នៅក្នុង​ជីវិត ទាក់ទង​ទៅនឹង​ប្រភពដើម និង​ជោគវាសនា​របស់​យើង—ថា​យើង​គឺជា​នរណា​ឲ្យ​ពិតប្រាកដ និងថា​តើ​យើង​មាន​សក្ដានុពល​អ្វីខ្លះ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ខ្លួនឯង និង​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ទៀត ។ តើ​ការណ៍​នេះ​អាច​ផ្លាស់ប្ដូរ​ដោយ​របៀប​ណា ប្រសិនបើ​អ្នក​ចងចាំ​ពី​និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​អ្នក​ជានិច្ច​នោះ ?

ផ្នែក​ទី ១

តើ​ខ្ញុំ​ជា​នរណា ?

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « ប្រសិនបើ​មនុស្ស​មិន​យល់ពី​លក្ខណៈ​របស់​ព្រះ​ទេ នោះ​ពួកគេ​ក៏​មិន​យល់ពី​ខ្លួនគេ​ដែរ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤០ ) ។ ព្រះគម្ពីរ​ផ្ដល់ជា​ទីបន្ទាល់​ដ៏មាន​អានុភាព​ថា ព្រះ​ជា​នរណា និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន កិច្ចការ ១៧:២៩, ហេព្រើរ ១២:៩ និង យ៉ូហាន ទី១ ៣:២ ដោយ​រកមើល​ថា ព្រះ​ជា​នរណា ហើយ​តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ដូច្នេះ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

យើង​ទាំងអស់​គ្នា​ត្រូវបាន​បង្កើត​ឡើង​ដោយ​ព្រះ​ដ៏មាន​មហិទ្ធិឬទ្ធិ ។ ទ្រង់​ជា​ព្រះវរបិតាសួគ៌​របស់​យើង ។ យើង​គឺជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ យើង​ត្រូវបាន​បង្កើត​ឡើង​ដោយ​សម្ភារ​ដ៏ទេវភាព​ដែល​មាន​តម្លៃ​ជាងគេ និង​ត្រូវបាន​ដុស​ខាត់​ជា​ពិសេស ហើយ​យើង​បាន​នាំ​ធាតុផ្សំ​ដ៏​ទេវភាព​ទាំងនេះ​មក​ជាមួយ​ខ្លួន​យើង ។

ទោះជា​យ៉ាងណា​ក្តី នៅលើ​ផែនដី​នេះ គំនិត និង​សកម្មភាព​របស់​យើង​បាន​ទទួល​ឥទ្ធិពល​អវិជ្ជមាន​ដែល​ពុក​រលួយ មិន​បរិសុទ្ធ និង​មិន​ស្អាតស្អំ ។ ធូលី​ដី និង​ភាពកខ្វក់​នៃ​លោកិយ​ទាំងនោះ​ធ្វើ​ឲ្យ​ប្រឡាក់​ព្រលឹង​របស់​យើង ដែល​ធ្វើឲ្យ​មាន​ការពិបាក​ដើម្បី​ស្គាល់ និង​ចងចាំ​ពី​កំណើត​ពិត និង​គោលបំណង​របស់​យើង ។

ប៉ុន្តែ​ការណ៏​អស់​ទាំងនេះ​មិនបាន​ផ្លាស់ប្តូរ​ការពិត​ថា យើង​ជា​នរណា​នោះ​ឡើយ ។ មូលដ្ឋានគ្រឹះ​ដ៏ទេវភាព​ពី​ធម្មជាតិ​របស់​យើង​នៅតែ​បន្ត​មាន ។ ( « He Will Place You on His Shoulders and Carry You Home » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៤ )

សូម​មើល​វីដេអូ « Your True Identity » ( ០:២៩ ) រួចហើយ​គិត​ថា តើ​អ្នក​ជា​នរណា ហើយ​តើ​អ្នក​បាន​មកពី​ទីណា ។

0:30

ព្យាការី និង​ពួកសាវក​បាន​បញ្ជាក់​ថា « មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​ដូច​ខាងក្រោម​នេះ អាច​បន្ថែម​ដល់​ការយល់ដឹង​របស់​អ្នក​អំពី​ព្រះមាតា​បិតា​សួគ៌​របស់​អ្នក ៖

បុរស និង​ស្ត្រី​ទាំងអស់​គឺ​មាន​រូបរាង​ដូចជា​មាតា​បិតា​នៃ​សាកលលោក​របស់​មនុស្ស​ជាតិ ហើយ​ពិតជា​បុត្រា និង​បុត្រី​នៃ​ព្រះ ។ …

កាល​ជា​វិញ្ញាណ មនុស្ស​គឺជា​បុត្រ​សំណព្វ ហើយ​កើតពី​ព្រះមាតា​បិតា​សួគ៌ា ហើយ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ឲ្យ​ធំ​ក្នុង​វិមាន​ដ៏អស់កល្ប​របស់​ព្រះវរបិតា ពីមុន​មក​កើត​លើ​ផែនដី​នៅក្នុង​រូបកាយ [ សាច់ឈាម ] បណ្ដោះ​អាសន្ន​មួយ ។ ( « Gospel Classics: The Origin of Man » Ensign ខែ កុម្ភៈ ឆ្នាំ ២០០២ ទំព័រ ៣០ )

ប្រធាន ហារ៉ូល ប៊ី លី បាន​ថ្លែង​ថា « យើង​ភ្លេច​ថា យើង​មាន​ព្រះវរបិតា​សួគ៌ និង​ព្រះមាតា​សួគ៌ ដែល​ខ្វល់​ព្រះទ័យ​អំពី​យើង ប្រហែល​ខ្លាំងជាង​ឪពុក​ម្ដាយ​នៅលើ​ផែនដី​របស់​យើង​ទៅទៀត ហើយ​ឥទ្ធិពល​ពីសួគ៌ា​នោះ​កំពុង​ខិតខំ​ព្យាយាម​ជួយ​យើង​ដោយ​ឥត​ឈប់ឈរ នៅពេល​យើង​ធ្វើ​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន​ហើយ » [ ហារ៉ូល ប៊ី លី « The Influence and Responsibility of Women » Relief Society Magazine ខែ កុម្ភៈ ឆ្នាំ ១៩៦៤ ទំព័រ ៨៥ ] ។ ( Gospel Topics « Mother in Heaven » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏បាន​បង្រៀន​ផងដែរ​ថា « ជា​បឋម និង​សំខាន់​បំផុត​នោះ អ្នក​គឺជា ហើយ​តែងតែ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ​ជានិច្ច » ( « Children of Heavenly Father » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ] ទំព័រ ២ នៅលើ​គេហទំព័រ speeches.byu.edu ) ។ ប្រធាន អុជដូហ្វ បាន​បង្រៀន​ថា សេចក្ដីពិត​ត្រង់ៗ​ដែល​ថា យើង​គឺជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ « គួរតែ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើលមក​ខ្លួនឯង បងប្អូន​ប្រុសស្រី​របស់​យើង និង​ជិវិត​នេះ » ( « Four Titles » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៨ ) ។

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

នៅក្នុង​សៀវភៅ​កំណត់​ចំណាំ ឬ​កម្មវិធី​កំណត់​ចំណាំ​មួយ សូម​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ៖

  • តើ​ការយល់ដឹង​ពី​និស្ស័យ​នៃ​ព្រះ​របស់​យើង អាច​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ខ្លួនយើង និង​មនុស្ស​ដទៃទៀត​យ៉ាង​ដូចម្ដេច ? តើ​នៅពេល​ណា​ដែល​អ្នក​បាន​មាន​បទពិសោធន៍​មួយ ដែល​អ្នក​អាច​មើល​រំលង​អាកប្បកិរិយា ឬ​ឥរិយាបថ​គំរោះ​គំរើយ​របស់​នរណាម្នាក់ ហើយ​មើលឃើញ​និស្ស័យ​នៃ​ព្រះ​របស់​ពួកគេ​វិញ​នោះ ?

  • តើ​គំរូ​ណាខ្លះ​ចេញពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ថា ទ្រង់​បាន​យល់ពី​និស្ស័យ​នៃ​ព្រះ​របស់​មនុស្ស​ដទៃ ? តើ​អ្នក​អាច​ធ្វើត្រាប់​តាម​ទ្រង់​ក្នុង​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ បាន​កាន់តែ​ប្រសើរ​ឡើង​ដោយ​របៀប​ណា ?

សូម​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​គំនិត​មួយ​ចំនួន​របស់​អ្នក​នៅក្នុង​ថ្នាក់ ។

ផ្នែក​ទី ២

តើ​វា​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​អ្វីខ្លះ ពេល​ដឹង​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ ?

សូម​ពិចារណាពី​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ស៊ិស្ទើរ មីឈែល ឌី ក្រេហ្គ ទីប្រឹក្សា​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ៖

ស៊ិស្ទើរ មីឈែល ឌី ក្រេហ្គ

នៅពេល​បងប្អូន​កាន់តែ​ស្គាល់​អត្តសញ្ញាណ និង​គោលបំណង​ពិត​របស់​បងប្អូន កាន់តែ​ស៊ីជម្រៅ នោះ​វា​នឹង​មាន​ឥទ្ធិពល​ទៅ​លើអ្វីៗ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ( « Eyes to See » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៦ )

បទពិសោធន៍​មួយ​ដែល​ម៉ូសេ​មាន បន្ទាប់ពី​បាន​សន្ទនា​ជាមួយ​នឹង​ព្រះ​ប្រទល់​មុខ និង​បន្ទាប់ពី​បាន​រៀន​សូត្រពី​និស្ស័យ​នៃ​ព្រះ​របស់​លោក បង្ហាញពី​អំណាច​ដែល​ចំណេះដឹង​នេះ​អាច​មាន​មកលើ​យើង ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសេ ១:៣–៦, ១២–១៦ ដោយ​រកមើល​របៀប​ដែល​ម៉ូសេ​ត្រូវបាន​ពង្រឹង​ដោយ​ការទទួល​យក​និស្ស័យ​នៃ​ព្រះ​របស់​លោក ។

ម៉ូសេ​យកឈ្នះ​សាតាំង ដោយ យ៉ូសែប ប្រ៊ីកឃី

ម៉ូសេ​យកឈ្នះ​លើ​ការល្បួង​របស់​សាតាំង

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​ការយល់ដឹង​ពី​លក្ខណៈ និង​និស្ស័យ​នៃ​ព្រះ​របស់​អ្នក បាន​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ការកុហក និង​ការល្បួង​របស់​ពួកសត្រូវ ។

ផ្នែក​ទី ៣

តើ​ជោគវាសនា​ដ៏ទេវភាព​របស់​ខ្ញុំ​ជា​អ្វី ?

កូនក្មេង​រៀន​ដើរ​លើក​ដំបូង

សូម​ពិចារណា​ថា តើ​អ្នក​បាន​រៀនសូត្រ និង​បាន​ធំឡើង​ប៉ុណ្ណា​ហើយ ក្នុង​រយៈពេល ១០ ឆ្នាំ​មក​នេះ ។ ក្នុង​នាម​ជា​បុត្រា ឬ​បុត្រី​ម្នាក់​របស់​ព្រះមាតា​បិតា​សួគ៌ អ្នក​មាន​សមត្ថភាព​រីកចម្រើន​ដ៏មហិមា ។ តាមពិត​ទៅ អ្នក​មាន​ជោគវាសនា​ដ៏ទេវភាព​មួយ ។ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន រ៉ូម ៨:១៦–១៧ ដោយ​រកមើល​អ្វី​ដែល​សាវក​ប៉ុល​បាន​បង្រៀន​អំពី​ជោគវាសនា​ដ៏ទេវភាព​របស់​យើង ។

អ្នកគ្រង​មរតក​ជាមួយ​គ្នា គឺជា​បុគ្គល​ដែល​ទទួល​បាន​មរតក​ស្មើគ្នា​នឹង​អ្នកទទួល​មរតក​ដទៃ​ទៀត​ដែរ ។ ក្នុង​នាម​ជា​ព្រះរាជបុត្រា​ច្បង និង​តែមួយ​ដ៏ល្អ​ឥតខ្ចោះ​របស់​ព្រះវរបិតាសួគ៌ នោះ​វា​ជា​ព្រះរាជសិទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ការគ្រង​មរតក​ទាំងអស់​ដែល​ព្រះវរបិតា​មាន ។ អស់​អ្នក​ដែល​គោរព​ប្រតិបត្តិ ហើយ​ទទួល​ពរជ័យ​ពេញលេញ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ក៏​នឹង​បាន​គ្រង​មរតក​ទាំងអស់​ដែល​ព្រះវរបិតា​មាន​ផងដែរ ( សូមមើល រ៉ូម ៨:១៤–១៨; កាឡាទី ៣:២៦–២៩; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២១–២២ ) ។ ការណ៍​នេះ​មាន​ន័យ​ថា ពួកយើង​ទាំងអស់​គ្នា​មាន​សក្ដានុពល ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ។

ប្រធាន រ័សុល អិម ណិលសុន បាន​ជួយ​បញ្ជាក់​ពី​អត្ថន័យ​នៃ​ជោគវាសនា​ដ៏ទេវភាព​របស់​យើង ៖

ប្រធាន រ័សុល អិម ណិលសុន

យើង​ត្រូវ​រៀបចំ​សម្រាប់​ជោគវាសនា​ដ៏ទេវភាព​របស់​យើង​ផ្ទាល់—សិរីល្អ អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ពរជ័យ​ពីព្រះ​ទាំងនេះ​អាច​ជា​របស់​យើង​ទាំងអស់ តាមរយៈ​ភាពស្មោះត្រង់​របស់​យើង ។ ( « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៦ )

នៅ​មេរៀន​ក្រោយៗ អ្នក​នឹង​រៀន​បន្ថែម​ទៀត​អំពី​របៀប ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើឲ្យ​យើង​អាច​ឈាន​ទៅដល់​ជោគវាសនា​ដ៏ទេវភាព​របស់​យើង ក្នុងនាម​ជា​អ្នកគ្រង​មរតក​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ដូច​ដែល​ប្រធាន អុជដូហ្វ បាន​បង្រៀន​មក រឿង​នេះ​គឺជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​មួយ​ជំហាន​ម្ដងៗ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

យើង​ទាំងអស់​គ្នា​ធ្លាប់​ឃើញ​ក្មេងតូចៗ​រៀន​ដើរ ។ គេ​បោះ​ជំហាន​ខ្លីៗ​ទាំង​ឃ្លីងឃ្លោង ។ គេ​ដួល ។ តើ​យើង​ស្ដី​បន្ទោស​លើ​ការខិតខំ​បែបនេះ​ឬ ? ប្រាកដជា​អត់​ទេ ។ តើ​ឪពុក​នឹង​ដាក់ទោស​ក្មេងតូច​នោះ​ដែល​ជំពប់​ជើង​ដួល​យ៉ាង​ដូចម្ដេច ? យើង​លើក​ទឹកចិត្ត យើង​អបអរ ហើយ​យើង​សរសើរ ដោយសារ​ជំហាន​ខ្លីៗ​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​កូនក្មេង​នេះ​ប្រែក្លាយ​ដូចជា​ឪពុក​ម្ដាយ​របស់គេ​បាន ។

… បើ​ប្រៀប​នឹង​ភាពឥតខ្ចោះ​នៃ​ព្រះ នោះ​យើង​ជា​មនុស្ស​រមែង​ស្លាប់ មិន​សូវ​ខុស​ពី​ក្មេង​ដែល​ចេះ​ដើរ​តេះតះ​នោះ​ទេ ។ តែ​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​នៃ​យើង​ចង់​ឲ្យ​យើង​ប្រែក្លាយ​ដូចជា​ទ្រង់ ហើយ​… នោះ​គួរតែ​ជា​គោលដៅ​ដ៏​អស់កល្ប​របស់​យើង​ផងដែរ ។ ព្រះ​ជ្រាប​ថា យើង​មិន​អាច​ទៅ​ដល់​ទីនោះ​ភ្លាមៗ​បាន​ឡើយ ប៉ុន្តែ​ទៅបាន​ដោយ​ការបោះ​មួយ​ជំហាន​ម្ដងៗ ។ ( « Four Titles » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៨ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន អុជដូហ្វ ផ្លាស់ប្ដូរ​របៀប​ដែល​អ្នក​មើលទៅ​ជំហាន​ដ៏រអាក់​រអួល​ដូចជា​កូនក្មេង​កំពុង​រៀនដើរ​នោះ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​អាច​យាង​ព្រះអម្ចាស់​ឲ្យ​ជួយ​អ្នក​បន្ដ​ឆ្ពោះ​ទៅមុខ​តាម​របៀប​ណា ?