តន្ត្រី
អារម្ភកថារបស់គណៈប្រធានទីមួយ


អារម្ភកថារបស់គណៈប្រធានទីមួយ

បីខែក្រោយពីសាសនាចក្រត្រូវបានស្ថាបនាឡើង តាមរយៈព្យាការីយ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានណែនាំឱ្យភរិយារបស់លោកយ៉ូសែប គឺ អិមម៉ា ឱ្យចងក្រងទំនុកតម្កើងជម្រើសដ៏ពិសិដ្ឋសម្រាប់សាសនាចក្រ ៖ « ត្បិតព្រលឹងរបស់យើងត្រេកអរចំពោះបទចម្រៀងពីចិត្ត មែនហើយបទចម្រៀងនៃពួកសុចរិត គឺជាបទអធិស្ឋានដល់យើង ហើយនឹងបានឆ្លើយតបដោយនូវព្រះពរមកលើក្បាលរបស់ពួកគេ » (គ. និង ស. ២៥:១២ )។

ឥឡូវនេះ ១៥០ឆ្នាំហើយ ក្រោយពីទំនុកតម្កើងលើកដំបូងត្រូវបានបោះពុម្ពដោយសាសនាចក្រ យើងមានសេចក្តីរីករាយដើម្បីបង្ហាញនូវកំណែសារឡើងវិញនេះ ។ ទំនុកតម្កើងជាច្រើនដែលមាននៅក្នុងទំនុកតម្កើងចាស់របស់យើង ព្រមទាំងនៅក្នុងការបោះពុម្ពជាបន្តបន្ទាប់ គឺត្រូវបានបញ្ចូលជាមួយគ្នា ក៏ដូចជាទំនុកតម្កើងដែលទើបតែបន្ថែមថ្មីៗមួយចំនួនផងដែរ ។ ទំនុកតម្កើងទាំងអស់ គឺត្រូវបានជ្រើសរើសដើម្បីបំពេញតម្រូវការផ្សេងៗនៃសមាជិកទូទាំងពិភពលោករបស់សាសនាចក្រសព្វថ្ងៃនេះ ។

តន្ត្រីនៅក្នុងការប្រជុំក្នុងសាសនាចក្ររបស់យើង

តន្ត្រីដែលបំផុសគំនិតគឺជាផ្នែកដ៏សំខាន់នៅក្នុងការប្រជុំរបស់សាសនាចក្រយើង ។ ទំនុកតម្កើងអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ បង្កើតឲ្យមានអារម្មណ៍គារវភាព ធ្វើឲ្យមានសាមគ្គីភាពក្នុងនាមជាសមាជិក ហើយផ្តល់នូវរបៀបមួយដល់យើង ដើម្បីថ្វាយការសរសើរតម្កើងដល់ព្រះអម្ចាស់ ។

ទេសនកថាដ៏អស្ចារ្យបំផុតមួយចំនួន គឺត្រូវបានបង្រៀនតាមរយៈការច្រៀងទំនុកតម្កើង ។ ទំនុកតម្កើងជួយឲ្យយើងធ្វើការកែប្រែចិត្ត និងធ្វើការល្អ បង្កើនទីបន្ទាល់ និងសេចក្តីជំនឿ ជួយលួងលោមដល់អ្នកទន់ខ្សោយ លួងលោមដល់អ្នកមានទុក្ខ ហើយបំផុសយើងឲ្យតស៊ូដល់ទីបញ្ចប់ ។

យើងសង្ឃឹមថា នឹងឃើញការច្រៀងទំនុកតម្កើងមានការកើនឡើង នៅក្នុងក្រុមជំនុំរបស់យើង ។ យើងសូមលើកទឹកចិត្តសមាជិកទាំងអស់ ទោះជាមាននិស្ស័យនឹងចម្រៀង ឬអត់ក្តី សូមចូលរួមច្រៀងទំនុកតម្កើងជាមួយយើង ។ យើងសង្ឃឹមថា ថ្នាក់ដឹកនាំ គ្រូបង្រៀន និងសមាជិកទាំងឡាយដែលត្រូវបានហៅឲ្យឡើងនិយាយ នឹងបើកសៀវភៅទំនុកតម្កើងជាញឹកញាប់ ដើម្បីស្វែងរកទេសនកថាដែលពោរពេញអំណាច និងដែលល្អៗនៅក្នុងវគ្គនៃបទទំនុកតម្កើង ។

ពួកបរិសុទ្ធថ្ងៃចុងក្រោយមានទំនៀមទម្លាប់ជាយូរអង្វែងមកហើយ ពីការច្រៀងជាក្រុមចម្រៀងពិសេស ។ នៅគ្រប់វួដ និងសាខានៅក្នុងសាសនាចក្រ គួរតែមានក្រុមចម្រៀងមួយដែលសម្តែងជាទៀងទាត់ ។ យើងសូមលើកទឹកចិត្តដល់ក្រុមចម្រៀងឲ្យប្រើប្រាស់សៀវភៅទំនុកតម្កើងទុកជាធនធានគ្រឹះរបស់ពួកគេ ។

តន្រ្តីនៅក្នុងផ្ទះរបស់យើង

តន្រ្តីមានឥទ្ធិពលដែលគ្មានដែនកំណត់ ដើម្បីជម្រុញក្រុមគ្រួសារឆ្ពោះទៅរកជីវភាពខាងវិញ្ញាណ និងការពលិកម្មចំពោះដំណឹងល្អកាន់តែមហិមា ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយគួរតែបំពេញគេហដ្ឋានរបស់ខ្លួនដោយសំឡេងនៃតន្រ្តីដែលមានភាពសក្តិសម ។

សៀវភៅទំនុកតម្កើងរបស់យើងរៀបរៀងឡើងសម្រាប់គេហដ្ឋាន ក៏ដូចជាសាលាប្រជុំផងដែរ ។ យើងសង្ឃឹមថា សៀវភៅទំនុកតម្កើងនឹងដើរតួយ៉ាងសំខាន់នៅក្នុងចំណោមបទគម្ពីរ និងសៀវភៅផ្នែកសាសនាដទៃទៀត នៅក្នុងគេហដ្ឋានរបស់យើង ។ ទំនុកតម្កើងអាចនាំមកនូវវិញ្ញាណនៃភាពស្រស់ស្អាត និងសេចក្ដីសុខសាន្តដល់ក្រុមគ្រួសារ ហើយក៏អាចបំផុសនូវសេចក្តីស្រឡាញ់ និងសាមគ្គីភាពក្នុងចំណោមសមាជិកគ្រួសារផងដែរ ។

សូមបង្រៀនកូនៗរបស់អ្នកឲ្យចេះស្រឡាញ់ទំនុកតម្កើង ។ សូមច្រៀងវានៅថ្ងៃឈប់សម្រាក នៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ អំឡុងពេលសិក្សាព្រះគម្ពីរ នៅពេលអធិស្ឋាន ។ ច្រៀងពេលអ្នកធ្វើការ ពេលអ្នកលេង និងពេលអ្នកធ្វើដំណើរជាមួយគ្នា ។ ច្រៀងទំនុកតម្កើងជាបទបំពេរ ដើម្បីស្ថាបនាសេចក្តីជំនឿ និងទីបន្ទាល់នៅក្នុងចិត្តនៃកូនតូចៗរបស់អ្នក ។

តន្រ្តីនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង

ជាការបន្ថែមទៅលើការប្រទានពរជ័យដល់យើង ក្នុងនាមជាសមាជិកសាសនាចក្រ និងសមាជិកក្រុមគ្រួសារ នោះទំនុកតម្កើងអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់យើងជាបុគ្គលម្នាក់ៗ ។ ទំនុកតម្កើងអាចលើកស្ទួយដល់វិញ្ញាណរបស់យើង ផ្តល់ភាពក្លាហានដល់យើង ហើយនាំឲ្យយើងឈានទៅរកទង្វើដែលសុចរិត ។ វាអាចបំពេញដល់ព្រលឹងយើងនូវគំនិតសួគ៌ា និងនាំមកវិញ្ញាណនៃសេចក្ដីសុខសាន្ត ។

ទំនុកតម្កើងក៏អាចជួយយើងតទល់នឹងការល្បួងពីពួកមាសត្រូវផងដែរ ។ យើងសូមលើកទឹកចិត្តដល់អ្នកឲ្យធ្វើការទន្ទេញទំនុកតម្កើងដែលអ្នកចូលចិត្ត ហើយសិក្សានូវបទគម្ពីរដែលទាក់ទងនឹងទំនុកតម្កើង ។ បន្ទាប់មក ប្រសិនបើមានគំនិតដែលមិនសក្តិសមចូលមកក្នុងគំនិតអ្នក សូមច្រៀងទំនុកតម្កើងមួយបទ បណ្តេញអារក្សចេញដោយទង្វើល្អ ។

បងប្អូនប្រុសស្រីទាំងឡាយ សូមឲ្យយើងប្រើប្រាស់ទំនុកតម្កើង ដើម្បីអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់មកគង់នៅក្នុងក្រុមជំនុំរបស់យើង គេហដ្ឋានរបស់យើង និងក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង ។ សូមឲ្យយើងទន្ទេញ និងសញ្ជឹងគិតអំពីទំនុកតម្កើង ច្រៀងវាឲ្យចាំមាត់ ហើយទទួលទាននូវការបំប៉នខាងវិញ្ញាណ ។ សូមដឹងថា ចម្រៀងនៃពួកសុចរិត គឺជាការអធិស្ឋានដល់ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ « ហើយនឹងបានឆ្លើយតបដោយនូវព្រះពរ មកលើក្បាល [ របស់អ្នក ] »។

គណៈប្រធានទីមួយ

បោះពុម្ព