ព្រះគម្ពីរ
អាលម៉ា 54


ជំពូក​ទី ៥៤

អាំម៉ូរ៉ុន និង​មរ៉ូណៃ ចរចា​ដើម្បី​ប្ដូរ​ឈ្លើយ​សង្គ្រាម — មរ៉ូណៃ​ទាមទារ​ឲ្យ​ពួក​លេមិន​ដកថយ​ចេញ ហើយ​បញ្ឈប់​ការ​វាយប្រហារ​ដែល​សម្លាប់​មនុស្ស​របស់​គេ — អាំម៉ូរ៉ុន​ទាមទារ​ឲ្យ​ពួក​នីហ្វៃ​ដាក់​អាវុធ​ចុះ ហើយ​ធ្វើ​ជា​ចំណុះ​ពួក​សាសន៍​លេមិន។ ប្រមាណ​ជា​ឆ្នាំ ៦៣ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​ម្ភៃ​ប្រាំបួន​នៃ​ពួក​ចៅក្រម នោះ​អាំម៉ូរ៉ុន​បាន​ចាត់​ឲ្យ​មនុស្ស​ទៅ​ស្នើ​មរ៉ូណៃ​ថា ទ្រង់​ចង់​ប្ដូរ​ឈ្លើយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​មាន​សេចក្ដី​អរ​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​ស្នើសុំ​នេះ ព្រោះ​លោក​មាន​បំណង​ចង់​បាន​ស្បៀង ដែល​យក​ទៅ​ចិញ្ចឹម​ពួក​ឈ្លើយ​សាសន៍​លេមិន​ទាំង​នេះ ដើម្បី​ទុក​ចិញ្ចឹម​ប្រជាជន​របស់​លោក​ផ្ទាល់ ហើយ​លោក​ក៏​មាន​បំណង​ចង់​បាន​ប្រជាជន​លោក​ផ្ទាល់​ផង ដើម្បី​ពង្រឹងកម្លាំង​កងទ័ព​របស់​លោក។

ឥឡូវ​នេះ ពួក​លេមិន​បាន​ចាប់​ពួក​ស្ត្រី និង​កូន​ក្មេង​ជា​ច្រើន ហើយ​គ្មាន​ស្ត្រី​ណា​ម្នាក់ ឬ​ក្មេង​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​ឈ្លើយ​ទាំង​អស់​របស់​មរ៉ូណៃ ឬ​ពួក​ឈ្លើយ​ដែល​ត្រូវ​មរ៉ូណៃ​ចាប់​នោះ​ឡើយ ហេតុ​ដូច្នេះ​ហើយ មរ៉ូណៃ​សម្រេច​ឧបាយ​សឹក​ថា នឹង​យក​ពួក​ឈ្លើយ​សាសន៍​នីហ្វៃ​ពី​ពួក​លេមិន​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​តាម​ដែល​អាច​ធ្វើ​បាន។

ហេតុ​ដូច្នេះ​ហើយ លោក​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ហើយ​បាន​ផ្ញើ​តាម​អ្នក​បម្រើ​របស់​អាំម៉ូរ៉ុន គឺជា​អ្នក​ដែល​បាន​នាំ​យក​សំបុត្រ​មួយ​មក​ឲ្យ​មរ៉ូណៃ​នោះ។ ឥឡូវ​នេះ នេះ​គឺជា​ពាក្យ​ទាំង​ឡាយ ដែល​លោក​បាន​សរសេរ​ទៅ​កាន់​អាំម៉ូរ៉ុន​ថា ៖

មើល​ចុះ អាំម៉ូរ៉ុន ទូលបង្គំ​បាន​សរសេរ​មក​ទ្រង់​នូវ​កិច្ចការ​ខ្លះ​អំពី​សង្គ្រាម​នេះ ដែល​ទ្រង់​បាន​បង្ក​ឡើង​ប្រឆាំង​នឹង​ប្រជាជន​ទូលបង្គំ ឬ​បើ​និយាយ​ឲ្យ​ចំ គឺ​ព្រះ​ជេដ្ឋា​របស់​ទ្រង់​បាន​បង្ក​ឡើង​ប្រឆាំង​នឹង​ពួក​គេ ហើយ​ជា​ចម្បាំង​ដែល​ទ្រង់ ក៏​នៅ​តែ​ប្ដេជ្ញា​នឹង​ធ្វើ​បន្ត​ទៅ​ទៀត បន្ទាប់​ពី​ព្រះ​ជេដ្ឋា​ទ្រង់​បាន​សុគត​ទៅ​ហើយ។

មើល​ចុះ ទូលបង្គំ​ចង់​ប្រាប់​ទ្រង់​ខ្លះ អំពី​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ និង​ដាវ​នៃ​ព្រះ​ពិរោធ​ដ៏​មាន​មហិទ្ធិឫទ្ធិ​របស់​ព្រះ ដែល​ព្យួរ​នៅ​ពីលើ​ទ្រង់ លើក​លែងតែ​ទ្រង់​ប្រែ​ចិត្ត ហើយ​ដក​ពល​ទ័ព​របស់​ទ្រង់​ថយ​ចេញ​ទៅ​ក្នុង​ដែនដី​ទ្រង់​វិញ ឬ​ដែនដី​ដែល​ជា​របស់​ផង​ទ្រង់ គឺជា​ដែនដី​នីហ្វៃ។

មែន​ហើយ ទូលបង្គំ​ចង់​ប្រាប់​ទ្រង់​ពី​ការណ៍​ទាំង​នេះ បើ​សិន​ជា​ទ្រង់​មាន​សមត្ថ​ភាព​ធ្វើ​តាម​វា មែន​ហើយ ទូលបង្គំ​ចង់​ប្រាប់​ទ្រង់​អំពី​ស្ថាន​នរក​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​នោះ ដែល​រង់ចាំ​ទទួល​ឃាតករ​ទាំង​ឡាយ​ដូច​ជា​រូប​ទ្រង់ និង​ព្រះ​ជេដ្ឋា​របស់​ទ្រង់​នេះ លើក​លែងតែ​ទ្រង់​ប្រែ​ចិត្ត ហើយ​ដក​ចេញ​នូវ​គោល​បំណង​សម្លាប់​មនុស្ស​របស់​ទ្រង់ ហើយ​ត្រឡប់​ជាមួយ​នឹង​ពល​ទ័ព​របស់​ទ្រង់ ទៅ​កាន់​ដែនដី​ផ្ទាល់​របស់​ទ្រង់​វិញ។

ប៉ុន្តែ ដូច​ជា​ទ្រង់​ធ្លាប់​បាន​បដិសេធ​ការណ៍​ទាំង​នេះ​ម្ដង​ទៅ​ហើយ ហើយ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រាស្ត្រ​នៃ​ព្រះ​អម្ចាស់​យ៉ាង​ណា នោះ​ទូលបង្គំ​អាច​សន្និដ្ឋាន​ថា ទ្រង់​ក៏​នឹង​ធ្វើ​យ៉ាង​នោះ​ទៅ​ទៀត​ដែរ។

ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​បាន​ប្រុងប្រៀប​ខ្លួន​ជាស្រេច ដើម្បី​ទទួល​ទ្រង់​ហើយ មែន​ហើយ ហើយ​លើក​លែងតែ​ទ្រង់​បោះបង់​ចោល​គោលបំណង​ទាំង​ឡាយ​របស់​ទ្រង់ បើ​ពុំ​នោះ​សោត​ទេ មើល​ចុះ ទ្រង់​នឹង​ទាញ​ចុះ​មក​នូវ​សេចក្ដី​ពិរោធ​របស់​ព្រះ​អង្គ​នោះ ដែល​ទ្រង់​បាន​បដិសេធ មក​លើ​ទ្រង់ គឺ​រហូត​ដល់​ការ​បំផ្លិចបំផ្លាញ​ដល់​ទ្រង់​ទាំង​ស្រុង។

១០ប៉ុន្តែ ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ នោះ​ពល​ទ័ព​របស់​យើង​នឹង​វាយប្រហារ​ទៅ​លើ​ទ្រង់ លើក​លែងតែ​ទ្រង់​ដក​ថយ​ចេញ ហើយ​សេចក្ដី​ស្លាប់​នឹង​មក​រក​ទ្រង់​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ​យើង​នឹង​រក្សាទុក​នូវ​ទី​ក្រុង​ទាំង​ឡាយ និង​ដែនដី​ទាំង​ឡាយ​របស់​យើង មែន​ហើយ ហើយ​យើង​នឹង​ទ្រ​ទ្រង់​នូវ​សាសនា​របស់​យើង និង​ឧត្ដម​គតិ​នៃ​ព្រះ​របស់​យើង។

១១ប៉ុន្តែ​មើល​ចុះ ទូលបង្គំ​សន្និដ្ឋាន​ថា ទូលបង្គំ​និយាយ​នឹង​ទ្រង់​អំពី​ការណ៍​ទាំង​នេះ ដោយ​ឥត​ប្រយោជន៍ ឬ​ក៏​ទូលបង្គំ​សន្និដ្ឋាន​ថា ទ្រង់​ជា​កូន​នៃ​ស្ថាន​នរក ហេតុ​ដូច្នេះ​ហើយ ទូលបង្គំ​នឹង​បញ្ចប់​សំបុត្រ​របស់​ទូលបង្គំ​ដោយ​ប្រាប់​ទ្រង់​ថា ទូលបង្គំ​នឹង​ពុំ​ប្ដូរ​ពួក​ឈ្លើយ​ទេ លើក​លែងតែ​ដោយ​លក្ខខណ្ឌ​ទាំង​ឡាយ​ថា ទ្រង់​នឹង​ដោះ​លែង​បុរស​ម្នាក់ និង​ប្រពន្ធ​របស់​គាត់ និង​កូន​ចៅ​របស់​គាត់​សម្រាប់​ឈ្លើយ​ម្នាក់ បើ​សិន​ជា​នេះ​ជា​ករណី​ដែល​ទ្រង់​នឹង​ធ្វើ នោះ​ទូលបង្គំ​នឹង​ប្ដូរ។

១២ហើយ​មើល​ចុះ បើ​សិន​ជា​ទ្រង់​មិន​ធ្វើ​ដូច្នេះ​ទេ ទូលបង្គំ​នឹង​វាយប្រហារ​ទ្រង់​ដោយ​ពល​ទ័ព​របស់​ទូលបង្គំ មែន​ហើយ គឺ​ទូលបង្គំ​នឹង​ប្រដាប់​អាវុធ​ឲ្យ​ពួក​ស្ត្រី​របស់​ទូលបង្គំ និង​កូន​ចៅ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​វាយប្រហារ​ទ្រង់ ហើយ​ទូលបង្គំ​នឹង​តាម​ទ្រង់​រហូត​ដល់​ក្នុង ដែនដី​ផ្ទាល់​របស់​ទ្រង់ ដែល​ជា​ដែនដី​កេរ្តិ៍​អាករ​ដំបូង​របស់​យើង មែន​ហើយ ហើយ​នឹង​យក​ឈាម​ប្ដូរ​ឈាម មែន​ហើយ ជីវិត​ប្ដូរ​ជីវិត ហើយ​ទូលបង្គំ​នឹង​ច្បាំង​នឹង​ទ្រង់ រហូត​ដល់​ទ្រង់​ត្រូវ​បំផ្លាញ​ចេញ​ពីលើ​ផ្ទៃ​ផែនដី​នេះ​ទៅ។

១៣មើល​ចុះ ទូលបង្គំ​កំពុង​ខឹង ហើយ​ប្រជាជន​របស់​ទូលបង្គំ​ក៏​ដូច្នោះ​ដែរ ទ្រង់​បាន​រក​កាប់​សម្លាប់​ពួក​យើង ហើយ​យើង​គ្រាន់តែ​រក​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ។ ប៉ុន្តែ​មើល​ចុះ បើ​សិន​ជា​ទ្រង់​រក​បំផ្លាញ​យើង​ថែម​ទៀត នោះ​យើង​នឹង​រក​បំផ្លាញ​ទ្រង់​វិញ មែន​ហើយ ហើយ​យើង​នឹង​ស្វែងរក​ដែនដី​យើង គឺជា​ដែនដី​កេរ្តិ៍​អាករ​ដំបូង​របស់​យើង។

១៤ឥឡូវ​នេះ ទូលបង្គំ​សូម​បញ្ចប់​សំបុត្រ​របស់​ទូលបង្គំ​ហើយ។ ទូលបង្គំ​ជា​មរ៉ូណៃ ទូលបង្គំ​ជា​មេដឹកនាំ​ម្នាក់​របស់​ប្រជាជន​នីហ្វៃ។

១៥ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អាំម៉ូរ៉ុន កាល​ទ្រង់​បាន​ទទួល​សំបុត្រ​នេះ​ហើយ ក៏​មាន​ព្រះ​ទ័យ​ខ្ញាល់ ហើយ​ទ្រង់​បាន​សរសេរ​សំបុត្រ​មួយ​ទៀត​ទៅ​ឲ្យ​មរ៉ូណៃ ហើយ​នេះ​គឺជា​ពាក្យ​ទាំង​ឡាយ ដែល​ទ្រង់​បាន​សរសេរ​ថា ៖

១៦យើង​ជា​អាំម៉ូរ៉ុន ជា​ស្ដេច​របស់​ពួក​សាសន៍​លេមិន យើង​ជា​ព្រះ​អនុជ​របស់​អាម៉ាលិកាយ ដែល​អ្នក​បាន​ធ្វើ​ឃាត​នោះ។ មើល​ចុះ យើង​នឹង​សង​ឈាម​ឲ្យ​ទ្រង់​ទៅ​លើ​អ្នក មែន​ហើយ ហើយ​យើង​នឹង​វាយ​អ្នក​ដោយ​ពល​ទ័ព​របស់​យើង ព្រោះ​យើង​មិន​ខ្លាច​ពាក្យ​គំរាមកំហែង របស់​អ្នក​ទេ។

១៧ត្បិត​មើល​ចុះ ពួក​អយ្យកោ​អ្នក​បាន​ធ្វើ​ខុសឆ្គង​ជាមួយ​នឹង​បង​ប្អូន​គេ រហូត​ដល់​ពួក​គេ​បាន​ប្លន់​យក​សិទ្ធិ​របស់​គេ​ក្នុង​រដ្ឋាភិបាល នៅ​ពេល​តាម​ច្បាប់ វា​ជា​របស់​ពួក​គេ។

១៨ហើយ​ឥឡូវ​នេះ មើល​ចុះ បើ​សិន​ជា​អ្នក​នឹង​ដាក់​អាវុធ​ចុះ ហើយ​ប្រគល់​ខ្លួន​ជា​ចំណុះ ក្រោម​ការ​អភិបាល​នៃ​អ្នក​ទាំង​ឡាយ ដែល​មាន​សិទ្ធិ​អភិបាល​ពេល​នោះ យើង​នឹង​បញ្ជា​ឲ្យ​ទ័ព​យើង ដាក់​គ្រឿង​សស្ត្រាវុធ​គេ​ចុះ​ដែរ ហើយ​ឈប់​ធ្វើ​សង្គ្រាម​ត​ទៅ​ទៀត។

១៩មើល​ចុះ អ្នក​បាន​ហា​មាត់​បញ្ចេញ​នូវ​ការ​គំរាមកំហែង​ជា​ច្រើន​ទាស់​នឹង​យើង និង​ប្រជាជន​យើង ប៉ុន្តែ​មើល​ចុះ យើង​មិន​ខ្លាច​ពាក្យ​គំរាមកំហែង​របស់​អ្នក​ទេ។

២០ក៏​ប៉ុន្តែ យើង​នឹង​អនុញ្ញាត​ឲ្យ​ប្ដូរ​ឈ្លើយ តាម​សេចក្ដី​ស្នើ​របស់​អ្នក​ដោយ​រីករាយ ដើម្បី​យើង​អាច​សន្សំទុក​នូវ​ស្បៀងអាហារ​សម្រាប់​ពួក​មនុស្ស​ថ្នឹក​ចម្បាំង​របស់​យើង ហើយ​យើង​នឹង​បង្ក​សង្គ្រាម​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​ដាក់​ពួក​សាសន៍​នីហ្វៃ ជា​ចំណុះ​ក្រោម​អំណាច​យើង ឬ​ក៏​ឲ្យ​ពួក​គេ​វិនាស​សាបសូន្យ​អស់​កល្ប​ជានិច្ច​ទៅ។

២១រីឯ​អំពី​ព្រះ​ដែល​អ្នក​និយាយ​ថា យើង​បាន​បដិសេធ​នោះ មើល​ចុះ យើង​ពុំ​ស្គាល់​តួអង្គ​បែប​នោះ​ឡើយ ឯ​អ្នក​ក៏​មិន​ស្គាល់​ដែរ ប៉ុន្តែ​ប្រសិន​បើ​មាន​តួអង្គ​បែប​នោះ​មួយ​មែន យើង​ពុំ​ដឹង​អ្វី​ក្រៅ​ពី​ថា ទ្រង់​បាន​បង្កើត​យើង​មក ដូច​ជា​បាន​បង្កើត​អ្នក​មក​ដូច្នោះ​ដែរ។

២២ហើយ​បើ​សិន​ជា​មាន​អារក្ស​មួយ និង​ស្ថាន​នរក​មួយ មើល​ចុះ តើ​វា​នឹង​ពុំ​បញ្ជូន​អ្នក​ទៅ​ទី​នោះ ដើម្បី​រស់នៅ​ជាមួយ​ព្រះ​ជេដ្ឋា​របស់​យើង ដែល​អ្នក​បាន​ធ្វើ​ឃាត ដែល​អ្នក​បាន​ប្រាប់​ថា ទ្រង់​បាន​ទៅ​កន្លែង​នោះ​ទេ​ឬ​អី? ប៉ុន្តែ​មើល​ចុះ ការណ៍​ទាំង​នេះ​មិន​ជា​អ្វី​ទេ។

២៣យើង​ជា​អាំម៉ូរ៉ុន ហើយ​ជា​ពូជ​របស់​សូរាំ​ម្នាក់ ដែល​ពួក​អយ្យកោ​របស់​អ្នក បាន​បង្ខំ ហើយ​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម​មក។

២៤ហើយ​មើល​ចុះ ឥឡូវ​នេះ យើង​ជា​សាសន៍​លេមិន​ដ៏​ក្លាហាន​ម្នាក់ មើល​ចុះ សង្គ្រាម​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដើម្បី​សងសឹក​ដល់​អំពើ​ខុសឆ្គង​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​ដើម្បី​ទ្រ​ទ្រង់ និង​ដើម្បី​យក​សិទ្ធិ​ទាំង​ឡាយ​របស់​គេ​ក្នុង​រដ្ឋាភិបាល​វិញ ហើយ​យើង​បញ្ចប់​សំបុត្រ​របស់​យើង​ទៅ​កាន់​មរ៉ូណៃ៕