ព្រះគម្ពីរ
អេធើរ 11


ជំពូក​ទី ១១

សង្គ្រាម ការ​បែកបាក់ និង​អំពើ​ទុច្ចរិត គ្រប់​គ្រង​លើ​ជីវភាព​របស់​សាសន៍​យ៉ារេឌ — ពួក​ព្យាការី​ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​ដល់​ពួក​សាសន៍​យ៉ារេឌ លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត — ប្រជាជន​បដិសេធ​ពាក្យ​របស់​ព្យាការី។

ហើយ​នៅ​សម័យ កុម នោះ​មាន​ព្យាការី​ជា​ច្រើន ហើយ​បាន​ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​ប្រជាជន​ដ៏​ធំ​នេះ លើក​លែង​ពួក​គេ​ប្រែ​ចិត្ត ហើយ​បែរ​មក​រក​ព្រះ​អម្ចាស់ ហើយ​លះបង់​ចោល​អំពើ​ឃាតកម្ម និង​អំពើ​ទុច្ចរិត​របស់​ពួក​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​ព្យាការី​ត្រូវ​ប្រជាជន​បដិសេធ ហើយ​ពួក​គេ​បាន​រត់​ទៅ​រក​កុម សូម​សេចក្ដី​ការ​ពារ ត្បិត​ប្រជាជន​បាន​ស្វែងរក​បំផ្លាញ​ពួក​គេ​ចោល។

ហើយ​ពួក​គេ​បាន​ព្យាករ​ដល់ កុម នូវ​ការណ៍​ជា​ច្រើន ហើយ​ទ្រង់​បាន​ពរ​អស់​មួយ​ជីវិត​របស់​ទ្រង់។

ហើយ​ទ្រង់​មាន​ព្រះ​ជន្មាយុ​រស់នៅ​រហូត​ដល់​វ័យ​ចាស់ ហើយ​បង្កើត​បាន​ស៊ិបឡោម ហើយ​ស៊ិបឡោម​បាន​សោយរាជ្យ​ជំនួស​ទ្រង់។ ហើយ​ព្រះ​អនុជ​របស់​ស៊ិបឡោម បាន​បះបោរ​ប្រឆាំង​នឹង​ទ្រង់ ហើយ​ក៏​ចាប់​ផ្ដើម​មាន​សង្គ្រាម​មួយ​ដ៏​ធំ​ក្រៃលែង​នៅ​លើ​អស់​ទាំង​ដែនដី។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អនុជ​របស់​ស៊ិបឡោម​បាន​បញ្ជា​ថា ពួក​ព្យាការី​ទាំង​អស់ ដែល​បាន​ព្យាករ​នូវ​ការ​បំផ្លិច​បំផ្លាញ​ដល់​ប្រជាជន ត្រូវ​យក​ទៅ​សម្លាប់​ចោល។

ហើយ​ក៏​មាន​គ្រោះ​ដ៏​ធំ​នៅ​លើ​អស់​ទាំង​ដែនដី ត្បិត​ពួក​គេ​បាន​ធ្វើ​បន្ទាល់​ថា ពាក្យ​បណ្ដាសា​ដ៏​ធំ​មួយ​នឹង​មក​លើ​ដែនដី​នេះ ហើយ​មក​លើ​ប្រជាជន​នេះ​ផង ហើយ​ថា នឹង​មាន​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ​មួយ​នៅ​ក្នុង​ចំណោម​ពួក​គេ គឺជា​ការ​បំផ្លាញ​មួយ​មិនដែល​មាន​នៅ​លើ​ផ្ទៃ​ផែនដី​នេះ ហើយ​ឆ្អឹង​របស់​ពួក​គេ​នឹង​គរ​ដូច​គំនរ​ដី​នៅ​លើ​ផ្ទៃ​ដែនដី លើក​លែងតែ​ពួក​គេ​នឹង​ប្រែ​ចិត្ត ពី​អំពើ​ទុច្ចរិត​របស់​គេ។

ហើយ​ពួក​គេ​ពុំ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់​ឡើយ ដោយ​ព្រោះ​តែ​បក្សព័ន្ធ​ទុច្ចរិត​របស់​ពួក​គេ ហេតុ​ដូច្នោះ​ហើយ ក៏​ចាប់​ផ្ដើម​មាន​សង្គ្រាម និង​ការ​ទាស់ទែង​គ្នា​នៅ​លើ​អស់​ទាំង​ដែនដី ហើយ​មាន​អំណត់​អត់ និង​ជំងឺ​អាសន្នរោគ ដរាប​ដល់​មាន​ការ​បំផ្លិចបំផ្លាញ​មួយ​យ៉ាង​ធំ ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​លើ​ផ្ទៃ​ផែនដី ហើយ​ការណ៍​អស់​ទាំង​នេះ​បាន​កើត​ឡើង​នៅ​សម័យ​ស៊ិបឡោម។

ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​ប្រែ​ចិត្ត​ពី​អំពើ​ទុច្ចរិត​របស់​ពួក​គេ ហើយ​ដរាបណា​ពួក​គេ​ប្រែ​ចិត្ត នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​សេចក្ដី​មេត្តាករុណា​ដល់​ពួក​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស៊ិបឡោម​ត្រូវ​បាន​សុគត​ទៅ ហើយ​សេត​ត្រូវ​បាន​នាំ​ទៅ​ក្នុង​ការ​ជាប់​ឃុំឃាំង ហើយ​បាន​រស់នៅ​ក្នុង​ការ​ជាប់​ឃុំ​ឃាំង​អស់​មួយ​ជីវិត​ទ្រង់។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អេហា​ជា​បុត្រ​របស់​លោក យក​បាន​នគរ​មក​វិញ ហើយ​ទ្រង់​បាន​សោយរាជ្យ​លើ​ប្រជាជន​អស់​មួយ​ជីវិត​ទ្រង់។ ហើយ​ទ្រង់​បាន​ធ្វើ​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ជីវិត​ទ្រង់ ហេតុ​នេះ​ហើយ ទ្រង់​បាន​ធ្វើ​ការ​ខ្ចាយ​ឈាម​ជា​ច្រើន ហើយ​ជីវិត​ទ្រង់​បាន​ទៅ​ជា​ខ្លី។

១១ហើយ​អេថិម ដែល​ជា​ពូជ​ពង្ស​របស់​អេហា យក​បាន​នគរ ហើយ​ទ្រង់​ក៏​បាន​ធ្វើ​អំពើ​ទុច្ចរិត នៅ​ក្នុង​ជីវិត​ទ្រង់​ដែរ។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​សម័យ​អេថិម នោះ​មាន​ព្យាការី​ជា​ច្រើន​ដែល​បាន​មក ហើយ​បាន​ព្យាករ​ដល់​ប្រជាជន​ទៀត មែន​ហើយ ពួក​គេ​បាន​ព្យាករ​ថា ព្រះ​អម្ចាស់​ទ្រង់​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​អស់​ពីលើ​ផ្ទៃ​ផែនដី​ចោល លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​បាន​ធ្វើ​ចិត្ត​រឹងទទឹង ហើយ​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​ពេចន៍​របស់​ពួក​គេ​ឡើយ ហើយ​ពួក​ព្យាការី​បាន​កើត​ទុក្ខ ហើយ​បាន​ថយ​ចេញ​ពី​ចំណោម​ប្រជាជន​ទៅ។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អេថិម បាន​អនុវត្ត​សេចក្ដី​ជំនុំ​ជំរះ​ដោយ​នូវ​សេចក្ដី​ទុច្ចរិត​អស់​មួយ​ជីវិត​ទ្រង់ ហើយ​ទ្រង់​បង្កើត​បាន​ម៉ូរ៉ុន។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូរ៉ុន បាន​សោយរាជ្យ​ជំនួស​ទ្រង់ ហើយ​ម៉ូរ៉ុន​បាន​ធ្វើ​ការ​ទុច្ចរិត​នៅ​ចំពោះ​ព្រះ​អម្ចាស់។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ការ​បះបោរ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន ដោយ​ព្រោះ​តែ​បក្សព័ន្ធ​សម្ងាត់​នោះ ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​យក​អំណាច និង​កម្រៃ ហើយ​មាន​មនុស្ស​ខ្លាំង​ពូកែ​ម្នាក់​បាន​ផុស​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ ក្នុង​អំពើ​ទុច្ចរិត ហើយ​បាន​ច្បាំង​នឹង​ម៉ូរ៉ុន ហើយ​ទ្រង់​បាន​រំលំ​នគរ​មួយ​ចំហៀង ហើយ​ទ្រង់​បាន​ត្រួតត្រា​នគរ​មួយ​ចំហៀង​នោះ​អស់​ជា​ច្រើន​ឆ្នាំ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូរ៉ុន បាន​រំលំ​ទ្រង់ ហើយ​យក​បាន​នគរ​មក​វិញ។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ខ្លាំង​ពូកែ​ម្នាក់​ទៀត​បាន​ផុស​ឡើង ហើយគាត់​ជា​ពូជ​ពង្ស​នៃ​បង​របស់​យ៉ារេឌ។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គាត់​បាន​រំលំ​ម៉ូរ៉ុន ហើយ​យក​នគរ​បាន ហេតុ​ដូច្នោះ​ហើយ ម៉ូរ៉ុន​បាន​រស់នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង​អស់​មួយ​ជីវិត​ទ្រង់ ហើយ​ទ្រង់​បង្កើត​បាន​កូរីអានតើរ។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូរីអានតើរ​បាន​រស់នៅ​ក្នុង​ការ​ជាប់​ឃុំ​ឃាំង​អស់​មួយ​ជីវិត​លោក។

២០ហើយ​នៅ​សម័យ​កូរីអានតើរ នោះ​មាន​ព្យាការី​ជា​ច្រើន​ដែល​បាន​មក ហើយ​បាន​ព្យាករ​អំពី​រឿង​ដ៏​ធំ និង​អស្ចារ្យ ហើយ​បាន​ស្រែកហៅ​ប្រជាជន​ឲ្យ​មាន​ការ​ប្រែ​ចិត្ត ហើយ​លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ព្រះ​អម្ចាស់​ទ្រង់​នឹង​អនុវត្ត​សេចក្ដី​ជំនុំ​ជំរះ​ទាស់​នឹង​ពួក​គេ ដោយ​នូវ​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​ដល់​ពួក​គេ។

២១ហើយ​ថា ព្រះ​អម្ចាស់ ទ្រង់​នឹង​ចាត់ ឬ​នាំ​ប្រជាជន​មួយ​ទៀត​មក​យក​ដែនដី​នេះ ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់ តាម​របៀប​ដែល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​ពួក​គេ​មក​ដូច្នោះ។

២២ហើយ​ពួក​គេ​បាន​បដិសេធ​ពាក្យ​ទាំង​អស់​របស់​ពួក​ព្យាការី ដោយ​ព្រោះ​តែ​សង្គម​សម្ងាត់ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូរីអានតើរ បង្កើត​បាន​អេធើរ ហើយ​លោក​ក៏​ស្លាប់​ទៅ​ដោយ​បាន​រស់នៅ​ក្នុង​កា​រ​ជាប់​ឃុំ​ឃាំង​អស់​មួយ​ជីវិត​លោក៕