ជំពូកទី ១១
សង្គ្រាម ការបែកបាក់ និងអំពើទុច្ចរិត គ្រប់គ្រងលើជីវភាពរបស់សាសន៍យ៉ារេឌ — ពួកព្យាការីព្យាករអំពីការបំផ្លិចបំផ្លាញទាំងស្រុងដល់ពួកសាសន៍យ៉ារេឌ លើកលែងតែពួកគេប្រែចិត្ត — ប្រជាជនបដិសេធពាក្យរបស់ព្យាការី។
១ហើយនៅសម័យ កុម នោះមានព្យាការីជាច្រើន ហើយបានព្យាករអំពីការបំផ្លិចបំផ្លាញប្រជាជនដ៏ធំនេះ លើកលែងពួកគេប្រែចិត្ត ហើយបែរមករកព្រះអម្ចាស់ ហើយលះបង់ចោលអំពើឃាតកម្ម និងអំពើទុច្ចរិតរបស់ពួកគេ។
២ហើយហេតុការណ៍បានកើតឡើងថា ពួកព្យាការីត្រូវប្រជាជនបដិសេធ ហើយពួកគេបានរត់ទៅរកកុម សូមសេចក្ដីការពារ ត្បិតប្រជាជនបានស្វែងរកបំផ្លាញពួកគេចោល។
៣ហើយពួកគេបានព្យាករដល់ កុម នូវការណ៍ជាច្រើន ហើយទ្រង់បានពរអស់មួយជីវិតរបស់ទ្រង់។
៤ហើយទ្រង់មានព្រះជន្មាយុរស់នៅរហូតដល់វ័យចាស់ ហើយបង្កើតបានស៊ិបឡោម ហើយស៊ិបឡោមបានសោយរាជ្យជំនួសទ្រង់។ ហើយព្រះអនុជរបស់ស៊ិបឡោម បានបះបោរប្រឆាំងនឹងទ្រង់ ហើយក៏ចាប់ផ្ដើមមានសង្គ្រាមមួយដ៏ធំក្រៃលែងនៅលើអស់ទាំងដែនដី។
៥ហើយហេតុការណ៍បានកើតឡើងថា ព្រះអនុជរបស់ស៊ិបឡោមបានបញ្ជាថា ពួកព្យាការីទាំងអស់ ដែលបានព្យាករនូវការបំផ្លិចបំផ្លាញដល់ប្រជាជន ត្រូវយកទៅសម្លាប់ចោល។
៦ហើយក៏មានគ្រោះដ៏ធំនៅលើអស់ទាំងដែនដី ត្បិតពួកគេបានធ្វើបន្ទាល់ថា ពាក្យបណ្ដាសាដ៏ធំមួយនឹងមកលើដែនដីនេះ ហើយមកលើប្រជាជននេះផង ហើយថា នឹងមានការបំផ្លិចបំផ្លាញដ៏ធំមួយនៅក្នុងចំណោមពួកគេ គឺជាការបំផ្លាញមួយមិនដែលមាននៅលើផ្ទៃផែនដីនេះ ហើយឆ្អឹងរបស់ពួកគេនឹងគរដូចគំនរដីនៅលើផ្ទៃដែនដី លើកលែងតែពួកគេនឹងប្រែចិត្ត ពីអំពើទុច្ចរិតរបស់គេ។
៧ហើយពួកគេពុំស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ឡើយ ដោយព្រោះតែបក្សព័ន្ធទុច្ចរិតរបស់ពួកគេ ហេតុដូច្នោះហើយ ក៏ចាប់ផ្ដើមមានសង្គ្រាម និងការទាស់ទែងគ្នានៅលើអស់ទាំងដែនដី ហើយមានអំណត់អត់ និងជំងឺអាសន្នរោគ ដរាបដល់មានការបំផ្លិចបំផ្លាញមួយយ៉ាងធំ ដែលមិនធ្លាប់មានពីមុនមកនៅលើផ្ទៃផែនដី ហើយការណ៍អស់ទាំងនេះបានកើតឡើងនៅសម័យស៊ិបឡោម។
៨ហើយប្រជាជនបានចាប់ផ្ដើមប្រែចិត្តពីអំពើទុច្ចរិតរបស់ពួកគេ ហើយដរាបណាពួកគេប្រែចិត្ត នោះព្រះអម្ចាស់ទ្រង់បានមានសេចក្ដីមេត្តាករុណាដល់ពួកគេ។
៩ហើយហេតុការណ៍បានកើតឡើងថា ស៊ិបឡោមត្រូវបានសុគតទៅ ហើយសេតត្រូវបាននាំទៅក្នុងការជាប់ឃុំឃាំង ហើយបានរស់នៅក្នុងការជាប់ឃុំឃាំងអស់មួយជីវិតទ្រង់។
១០ហើយហេតុការណ៍បានកើតឡើងថា អេហាជាបុត្ររបស់លោក យកបាននគរមកវិញ ហើយទ្រង់បានសោយរាជ្យលើប្រជាជនអស់មួយជីវិតទ្រង់។ ហើយទ្រង់បានធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាងនៅក្នុងជីវិតទ្រង់ ហេតុនេះហើយ ទ្រង់បានធ្វើការខ្ចាយឈាមជាច្រើន ហើយជីវិតទ្រង់បានទៅជាខ្លី។
១១ហើយអេថិម ដែលជាពូជពង្សរបស់អេហា យកបាននគរ ហើយទ្រង់ក៏បានធ្វើអំពើទុច្ចរិត នៅក្នុងជីវិតទ្រង់ដែរ។
១២ហើយហេតុការណ៍បានកើតឡើងថា នៅសម័យអេថិម នោះមានព្យាការីជាច្រើនដែលបានមក ហើយបានព្យាករដល់ប្រជាជនទៀត មែនហើយ ពួកគេបានព្យាករថា ព្រះអម្ចាស់ទ្រង់នឹងបំផ្លាញពួកគេឲ្យអស់ពីលើផ្ទៃផែនដីចោល លើកលែងតែពួកគេប្រែចិត្តពីអំពើទុច្ចរិតទាំងឡាយរបស់ពួកគេ។
១៣ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនបានធ្វើចិត្តរឹងទទឹង ហើយមិនព្រមស្ដាប់តាមពាក្យពេចន៍របស់ពួកគេឡើយ ហើយពួកព្យាការីបានកើតទុក្ខ ហើយបានថយចេញពីចំណោមប្រជាជនទៅ។
១៤ហើយហេតុការណ៍បានកើតឡើងថា អេថិម បានអនុវត្តសេចក្ដីជំនុំជំរះដោយនូវសេចក្ដីទុច្ចរិតអស់មួយជីវិតទ្រង់ ហើយទ្រង់បង្កើតបានម៉ូរ៉ុន។ ហើយហេតុការណ៍បានកើតឡើងថា ម៉ូរ៉ុន បានសោយរាជ្យជំនួសទ្រង់ ហើយម៉ូរ៉ុនបានធ្វើការទុច្ចរិតនៅចំពោះព្រះអម្ចាស់។
១៥ហើយហេតុការណ៍បានកើតឡើងថា មានការបះបោរមួយបានកើតឡើងនៅក្នុងចំណោមប្រជាជន ដោយព្រោះតែបក្សព័ន្ធសម្ងាត់នោះ ដែលត្រូវបានបង្កើតឡើង ដើម្បីយកអំណាច និងកម្រៃ ហើយមានមនុស្សខ្លាំងពូកែម្នាក់បានផុសឡើងនៅក្នុងចំណោមពួកគេ ក្នុងអំពើទុច្ចរិត ហើយបានច្បាំងនឹងម៉ូរ៉ុន ហើយទ្រង់បានរំលំនគរមួយចំហៀង ហើយទ្រង់បានត្រួតត្រានគរមួយចំហៀងនោះអស់ជាច្រើនឆ្នាំ។
១៦ហើយហេតុការណ៍បានកើតឡើងថា ម៉ូរ៉ុន បានរំលំទ្រង់ ហើយយកបាននគរមកវិញ។
១៧ហើយហេតុការណ៍បានកើតឡើងថា មានមនុស្សខ្លាំងពូកែម្នាក់ទៀតបានផុសឡើង ហើយគាត់ជាពូជពង្សនៃបងរបស់យ៉ារេឌ។
១៨ហើយហេតុការណ៍បានកើតឡើងថា គាត់បានរំលំម៉ូរ៉ុន ហើយយកនគរបាន ហេតុដូច្នោះហើយ ម៉ូរ៉ុនបានរស់នៅក្នុងការជាប់ឃុំឃាំងអស់មួយជីវិតទ្រង់ ហើយទ្រង់បង្កើតបានកូរីអានតើរ។
១៩ហើយហេតុការណ៍បានកើតឡើងថា កូរីអានតើរបានរស់នៅក្នុងការជាប់ឃុំឃាំងអស់មួយជីវិតលោក។
២០ហើយនៅសម័យកូរីអានតើរ នោះមានព្យាការីជាច្រើនដែលបានមក ហើយបានព្យាករអំពីរឿងដ៏ធំ និងអស្ចារ្យ ហើយបានស្រែកហៅប្រជាជនឲ្យមានការប្រែចិត្ត ហើយលើកលែងតែពួកគេប្រែចិត្ត បើពុំនោះសោតទេ ព្រះអម្ចាស់ទ្រង់នឹងអនុវត្តសេចក្ដីជំនុំជំរះទាស់នឹងពួកគេ ដោយនូវការបំផ្លិចបំផ្លាញទាំងស្រុងដល់ពួកគេ។
២១ហើយថា ព្រះអម្ចាស់ ទ្រង់នឹងចាត់ ឬនាំប្រជាជនមួយទៀតមកយកដែនដីនេះ ដោយព្រះចេស្ដារបស់ទ្រង់ តាមរបៀបដែលទ្រង់បាននាំពួកអយ្យកោពួកគេមកដូច្នោះ។
២២ហើយពួកគេបានបដិសេធពាក្យទាំងអស់របស់ពួកព្យាការី ដោយព្រោះតែសង្គមសម្ងាត់ និងអំពើគួរខ្ពើមឆ្អើមដ៏ទុច្ចរិតទាំងឡាយរបស់ពួកគេ។
២៣ហើយហេតុការណ៍បានកើតឡើងថា កូរីអានតើរ បង្កើតបានអេធើរ ហើយលោកក៏ស្លាប់ទៅដោយបានរស់នៅក្នុងការជាប់ឃុំឃាំងអស់មួយជីវិតលោក៕