ព្រះគម្ពីរ
អេធើរ 14


ជំពូក​ទី ១៤

អំពើ​ទុច្ចរិត​របស់​ប្រជាជន នាំ​មក​នូវ​បណ្ដាសា​មួយ​លើ​ដែនដី — កូរីអានទុមើរ​ធ្វើ​សង្គ្រាម​នឹង​កាឡាត ហើយ​លិប និង​ស៊ិស — ឈាម និង​សាកសព​គ្រប​លើ​ដែនដី។

ហើយ​ឥឡូវ​នេះ ចាប់​ផ្ដើម​មាន​បណ្ដាសា​មួយ​យ៉ាង​ធំ​នៅ​លើ​អស់​ទាំង​ដែនដី ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត​របស់​ប្រជាជន ម្ល៉ោះ​ហើយ បើ​សិន​ជា​មនុស្ស​ណា​ម្នាក់​ដាក់​គ្រឿង​ឧបករណ៍​របស់​ខ្លួន ឬ​ដាវ​របស់​ខ្លួន​នៅ​លើ​ធ្នើរ​របស់​ខ្លួន ឬ​នៅ​លើ​ទីណា​ដែល​គេ​ចង់​ទុក​វា មើល​ចុះ ដល់​ស្អែក​ឡើង គេ​ពុំ​អាច​រក​វា​ឃើញ​សោះ គឺ​ធំ​ណាស់​ហ្ន៎​បណ្ដាសា​ដែល​ដាក់​លើ​ដែនដី​នេះ។

ហេតុ​ដូច្នោះ​ហើយ មនុស្ស​គ្រប់​រូប​បាន​កាន់​ជាប់​ក្នុង​ដៃ​នូវ​អ្វី​ដែល​ជា​របស់​ផង​ខ្លួន ហើយ​មិន​ខ្ចី ហើយ​ក៏​មិន​ឲ្យ​គេ​ខ្ចី​ដែរ ហើយ​មនុស្ស​គ្រប់​រូប​កាន់​ដង​ដាវ​របស់​ខ្លួន​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​គេ ដើម្បី​ការ​ពារ​ទ្រព្យ​របស់​គេ និង​ជីវិត​របស់​គេ​ផ្ទាល់ និង​ជីវិត​នៃ​ប្រពន្ធ និង​កូន​ចៅ​របស់​គេ។

ហើយ​ឥឡូវ​នេះ ពីរ​ឆ្នាំ​ក្រោយ​មក ហើយ​បន្ទាប់​ពី​ការ​ស្លាប់​របស់​សារេឌ មើល​ចុះ មាន​ប្អូន​របស់​សារេឌ​បាន​បះបោរ​ឡើង ហើយ​គាត់​បាន​ច្បាំង​នឹង​កូរីអានទុមើរ​ក្នុង​ចម្បាំង​នោះ កូរីអានទុមើរ​បាន​ឈ្នះ​លើ​គាត់ ហើយ​បាន​ដេញ​តាម​គាត់​ទៅ​ដល់​ទី​រហោស្ថាន អ័គីស។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្អូន​របស់​សារេឌ​បាន​ច្បាំង​នឹង​ទ្រង់​នៅ​ក្នុង​ទី​រហោស្ថាន​អ័គីស ហើយ​ការ​ប្រយុទ្ធ​នោះ បាន​ក្លាយ​ជា​ឃោរឃៅ​ជា​ខ្លាំង ហើយ​មនុស្ស​ជា​ច្រើន​ពាន់​បាន​ដួល​ចុះ​ដោយ​មុខ​ដាវ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូរីអានទុមើរ​បាន​ព័ទ្ធជុំវិញ​ទី​រហោស្ថាន ហើយ​ប្អូន​របស់​សារេឌ​បាន​លើក​ទ័ព​ចេញ​ពី​ទី​រហោស្ថាន​នៅ​ពេល​យប់ ហើយ​បាន​សម្លាប់​កងទ័ព​មួយ​ភាគ​របស់​កូរីអានទុមើរ នៅ​ពេល​ពួក​គេ​កំពុង​ស្រវឹង។

ហើយ​គាត់​បាន​មក​ដល់​ដែនដី​ម៉ូរ៉ុន ហើយ​បាន​តម្កើង​ខ្លួន​ឡើង​លើ​បល្ល័ង្ក​របស់​កូរីអានទុមើរ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូរីអានទុមើរ នៅ​ជាមួយ​នឹង​កងទ័ព​របស់​ទ្រង់ អាស្រ័យ​នៅ​ក្នុង​ទី​រហោស្ថាន​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ក្នុង​ពេល​នោះ ទ្រង់​បាន​ទទួល​កម្លាំង​ដ៏​ខ្លាំង​ដល់​កងទ័ព​របស់​ទ្រង់។

ឥឡូវ​នេះ ប្អូន​របស់​សារេឌ ដែល​មាន​ឈ្មោះ​ថា កាឡាត ក៏​បាន​ទទួល​កម្លាំង​យ៉ាង​ខ្លាំង ដល់​កងទ័ព​របស់​គាត់​ដែរ ពី​ព្រោះ​មក​ពី​បក្សព័ន្ធ​សម្ងាត់​ទាំង​ឡាយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សង្ឃ​ជាន់​ខ្ពស់​របស់​គាត់​បាន​ធ្វើ​ឃាត​គាត់​ចោល នៅ​ពេល​ដែល​គាត់​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មនុស្ស​ម្នាក់​ពី​បក្សព័ន្ធ​សម្ងាត់ បាន​ធ្វើ​ឃាត​គាត់​ចោល​តាម​ផ្លូវ​សម្ងាត់​មួយ ហើយ​បាន​ទទួល​យក​នគរ​ដល់​ខ្លួន ហើយ​គាត់​មាន​ឈ្មោះ​ថា លិប ហើយ​លិប​គឺជា​បុរស​ម្នាក់​មាន​មាឌ​ធំ ធំ​ជាង​បុរស​ណា​ទាំង​អស់​នៅ​ក្នុង​ចំណោម​ប្រជាជន។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី១​របស់​លិប កូរីអានទុមើរ​បាន​ឡើង​មក​ឯ​ដែនដី​ម៉ូរ៉ុន ហើយ​បាន​ច្បាំង​ជា​មួយ​នឹង​លិប។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​ប្រយុទ្ធ​ជាមួយ​នឹង​លិប នៅ​ក្នុង​នោះ លិប​បាន​វាយ​ត្រូវ​ដៃ​ទ្រង់​ធ្វើ​ឲ្យ​ទ្រង់​របួស ក៏​ប៉ុន្តែ​កងទ័ព​របស់​កូរីអានទុមើរ បាន​បន្ត​ការ​វាយប្រហារ​ទៅ​លើ​លិប ធ្វើ​ឲ្យ​គាត់​រត់គេច​ទៅ​តំបន់​ព្រំប្រទល់​ជិត​ឆ្នេរសមុទ្រ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូរីអានទុមើរ​បាន​ដេញ​តាម​គាត់ ហើយ​លិប​បាន​ច្បាំង​ជាមួយ​នឹង​ទ្រង់​នៅ​លើ​ឆ្នេរសមុទ្រ។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លិប​បាន​វាយ​កងទ័ព​របស់​កូរីអានទុមើរ ធ្វើ​ឲ្យ​ពួក​គេ​រត់គេច​ទៅ​កាន់​ទី​រហោស្ថាន​អ័គីស​វិញ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លិប បាន​ដេញ​តាម​ទ្រង់ រហូត​គាត់​បាន​មក​ដល់​ទី​វាល​អ័កូស។ ហើយ​កូរីអានទុមើរ បាន​នាំ​យក​ប្រជាជន​ទាំង​អស់​ទៅ​ជា​មួយ​ទ្រង់ នៅ​ពេល​ទ្រង់​រត់គេច​ពី លិប ទៅ​ក្នុង​នៃ​ដែនដី ដែល​ទ្រង់​រត់គេច​ទៅ​នោះ។

១៦ហើយ​កាល​ទ្រង់​បាន​មក​ដល់​ទី​វាល​អ័កូស​ហើយ នោះ​ទ្រង់​បាន​ច្បាំង​នឹង​លិប ហើយ​ទ្រង់​បាន​វាយ​គាត់​រហូត​ដល់​ស្លាប់ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ប្អូន​របស់​លិប​បាន​មក​ច្បាំង​នឹង​កូរីអានទុមើរ​ជំនួស​វិញ ហើយ​ចម្បាំង​នោះ​បាន​ក្លាយ​ទៅ​ជា​សាហាវ​ជា​ខ្លាំង​ក្រៃ ក្នុង​នោះ កូរីអានទុមើរ​បាន​រត់គេច​ពី​កងទ័ព​នៃ​ប្អូន​របស់​លិប​ទៀត។

១៧ឥឡូវ​នេះ ឈ្មោះ​របស់​ប្អូន​របស់​លិប​គឺ ស៊ិស។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស៊ិស បាន​ដេញ​តាម​កូរីអានទុមើរ ហើយ​គាត់​បាន​វាយ​យក​បាន​ទី​ក្រុង​ជា​ច្រើន ហើយ​គាត់​បាន​សម្លាប់​ទាំង​ពួក​ស្ត្រី និង​កូន​ក្មេង ហើយ​គាត់​បាន​ដុត​ទី​ក្រុង​ជា​ច្រើន​ចោល។

១៨ហើយ​ការ​ភ័យខ្លាច​ដល់​ស៊ិស បាន​ជ្រួត​ជ្រាប​ទូ​ទៅ​អស់​ទាំង​ដែនដី មែន​ហើយ សម្រែក​មួយ​បាន​បន្លឺ​ទូ​ទៅ​ទាំង​ដែនដី​ថា — តើ​អ្នក​ណា​អាច​ទប់​ទល់​នឹង​កងទ័ព​របស់​ស៊ិស​បាន? មើល​ចុះ គាត់​បោសសំអាត​ដី​ពី​ខាង​មុខ​គាត់!

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​បាន​ចាប់​ផ្ដើម​ប្រមូល​គ្នា​មក​ជា​ពល​ទ័ព​ទូ​ទៅ​អស់​ទាំង​ផ្ទៃ​ដែនដី។

២០ហើយ​ពួក​គេ​បាន​បែក​គ្នា ហើយ​ពួក​គេ​មួយ​ផ្នែក បាន​រត់​ទៅ​ខាង​កងទ័ព​របស់​ស៊ិស ហើយ​មួយ​ផ្នែក​ទៀត បាន​រត់​ទៅ​ខាង​កងទ័ព​របស់​កូរីអានទុមើរ។

២១ហើយ​សង្គ្រាម​នោះ​ធំ​ណាស់ ហើយ​អស់​ពេល​យ៉ាង​យូរ ហើយ​ឆាក​នៃ​ការ​ខ្ចាយ​ឈាម និង​ការ​កាប់​សម្លាប់​បន្ត​ទៅ​យ៉ាង​យូរ​យារ រហូត​ដល់​ផ្ទៃ​ដែនដី​ទាំង​មូល​គ្រប​ដណ្ដប់​ដោយ​សាកសព​នៃ​មនុស្ស​ស្លាប់។

២២ហើយ​សង្គ្រាម​នោះ កើត​ឡើង​យ៉ាង​ឆាប់​រហ័ស បណ្ដាល​ឲ្យ​គ្មាន​នរណា​ម្នាក់​នៅ​សល់ ដើម្បី​កប់​អ្នក​ស្លាប់​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​ដើរ​ចេញ​ពី​ការ​ខ្ចាយ​ឈាម​មួយ​ទៅ​ការ​ខ្ចាយ​ឈាម​មួយ​ទៀត ដោយ​ទុក​ចោល​សាកសព ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង រាយ​លើ​ផ្ទៃ​ដែនដី ឲ្យ​ក្លាយ​ទៅ​ជា​ចំណី​របស់​ដង្កូវ

២៣ហើយ​ក្លិនស្អុយ​ពាស​ពេញ​លើ​ផ្ទៃ​ដែនដី គឺ​លើ​អស់​ទាំង​ផ្ទៃ​ដែនដី ហេតុ​ដូច្នោះ​ហើយ ប្រជាជន​មាន​ការ​លំបាក​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សារ​ក្លិនស្អុយ​នោះ។

២៤ក៏​ប៉ុន្តែ​ស៊ិស​ដេញ​តាម​កូរីអានទុមើរ​មិន​ឈប់​ឈរ​សោះ ត្បិត​គាត់​បាន​ស្បថ​ថា​នឹង​សងសឹក​កូរីអានទុមើរ ដើម្បី​ឈាម​របស់​បង​គាត់ ដែល​ត្រូវ​បាន​ស្លាប់ ហើយ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​បាន​ប្រាប់​ដល់​អេធើរ​ថា កូរីអានទុមើរ​នឹង​ពុំ​ត្រូវ​ស្លាប់​ដោយ​ដាវ​ឡើយ។

២៥ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ព្រះ​អម្ចាស់ ទ្រង់​បាន​ដាក់​ទោស​ដល់​ពួក​គេ​ក្នុង​សេចក្ដី​ខ្ញាល់​ដ៏​ពេញ​ទំហឹង​របស់​ទ្រង់ ហើយ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ បាន​រៀបចំ​ផ្លូវ​ឲ្យ​ពួក​គេ​ទៅ​កាន់​សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​អស់​កល្ប​ជានិច្ច។

២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស៊ិស​បាន​ដេញ​តាម​កូរីអានទុមើរ ឆ្ពោះ​ទៅ​ទិស​ខាង​កើត រហូត​ដល់​តំបន់​ព្រំប្រទល់​ជិត​ឆ្នេរសមុទ្រ ហើយ​នៅ​ទី​នោះ ទ្រង់​បាន​ច្បាំង​នឹង​ស៊ិស អស់​រយៈ​ពេល​បី​ថ្ងៃ។

២៧ហើយ​ការ​បំផ្លិចបំផ្លាញ​ក្នុង​ចំណោម​ពល​ទ័ព​របស់​ស៊ិស នោះ​ឃោរឃៅ​ណាស់ ធ្វើ​ឲ្យ​ប្រជាជន​ចាប់​ផ្ដើម​ភិតភ័យ ហើយ​ចាប់​ផ្ដើម​រត់គេច​ចេញ​ពី​ពល​ទ័ព​របស់​កូរីអានទុមើរ ហើយ​ពួក​គេ​បាន​រត់​ទៅ​ដែនដី​កូរីហូរ ហើយ​បោសសំអាត​បណ្ដាជន​ដែល​នៅ​ពីមុខ​ពួក​គេ គឺ​អស់​អ្នក​ណា​ដែល​ពុំ​ព្រម​ចូល​រួម​ជាមួយ​នឹង​ពួក​គេ។

២៨ហើយ​ពួក​គេ​បាន​បោះ​ត្រសាល​របស់​គេ​នៅ​ក្នុង​ច្រក​ភ្នំ​កូរីហូរ ហើយ​កូរីអានទុមើរ​បាន​បោះ​ត្រសាល​របស់​ទ្រង់​នៅ​ក្នុង​ច្រក​ភ្នំ​សើរ។ ឥឡូវ​នេះ ច្រក​ភ្នំ​សើរ​គឺ​នៅ​ជិត​កូន​ភ្នំ​កុមណូរ ហេតុ​ដូច្នោះ​ហើយ កូរីអានទុមើរ​បាន​ប្រមូល​ពល​ទ័ព​របស់​ទ្រង់​នៅ​លើ​ភ្នំ កុមណូរ ហើយ​បាន​បន្លឺ​ត្រែ​ដល់​ពល​ទ័ព​របស់​ស៊ិស ហៅ​ពួក​គេ​ឲ្យ​មក​ច្បាំង។

២៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ចេញ​មក តែ​ត្រូវ​បាន​រុញច្រាន​ទៅ​វិញ ហើយ​ពួក​គេ​បាន​មក​ជា​លើក​ទី២ ហើយ​ពួក​គេ​ត្រូវ​បាន​រុញច្រាន​ទៅ​វិញ​ទៀត​ជា​លើក​ទី២។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​មក​ម្ដង​ទៀត​ជា​លើក​ទី៣ ហើយ​ការ​ប្រយុទ្ធ​បាន​ក្លាយ​ទៅ​ជា​សាហាវ​អស្ចារ្យ។

៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស៊ិស​បាន​វាយ​ត្រូវ​កូរីអានទុមើរ ធ្វើ​ឲ្យ​ទ្រង់​របួស​យ៉ាង​ជ្រៅ​ជា​ច្រើន​កន្លែង ហើយ កូរីអានទុមើរ ដោយ​អស់​ឈាម​ជា​ច្រើន ក៏​សន្លប់​ទៅ ហើយ​ត្រូវ​បាន​សែង​ចេញ ហាក់​ដូច​ជា​ទ្រង់​សុគត។

៣១ឥឡូវ​នេះ ការ​បាត់បង់មនុស្ស​ប្រុស ស្រី និង​កូន​ក្មេងៗ​ទាំង​សង​ខាង មាន​ចំនួន​ច្រើន​ណាស់ ទើប​ស៊ិស​បាន​បញ្ជា​ឲ្យ​ទ័ព​របស់​គាត់​ថា ពួក​គេ​មិន​ត្រូវ​ដេញ​តាម​ពល​ទ័ព​របស់​កូរីអានទុមើរ​ទៀត​ទេ ហេតុ​ដូច្នោះ ពួក​គេ​បាន​ត្រឡប់​ទៅ​ឯ​ជំរំ​របស់​គេ​វិញ៕