ព្រះគម្ពីរ
អេធើរ 9


ជំពូក​ទី ៩

នគរ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​ការ​បន្ត​ឲ្យ​កូន​ចៅ កូដោបាយ និង​ឃាតកម្ម — អេមើរ​បាន​ឃើញ​ព្រះ​រាជ​បុត្រា​នៃ​សេចក្ដី​សុចរិត — ព្យាការី​ជា​ច្រើន​ស្រែកហៅ​ឲ្យ​ប្រែ​ចិត្ត — អំណត់​អត់ និង​ពស់​អ​សិរ​ពិស បៀតបៀន​ដល់​ប្រជាជន។

ហើយ​ឥឡូវ​នេះ ខ្ញុំ មរ៉ូណៃ បន្ត​បញ្ជី​របស់​ខ្ញុំ​ទៀត។ ហេតុ​ដូច្នេះ​ហើយ មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ដោយ​សារ​បក្សព័ន្ធ​សម្ងាត់​របស់​អ័គីស និង​ពួក​មិត្ត​របស់​វា មើល​ចុះ ពួក​គេ​បាន​រំលំ​នគរ​របស់​អូមើរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​អម្ចាស់​ទ្រង់​អាណិតអាសូរ​ដល់​អូមើរ និង​ពួក​បុត្រា​បុត្រី​ទាំង​ឡាយ​របស់​ទ្រង់​ដែរ ដែល​មិន​បាន​ស្វែងរក​ការ​បំផ្លិចបំផ្លាញ​ទ្រង់​ចោល។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​ព្រមាន​ដល់​អូមើរ​នៅ​ក្នុង​សុបិន​មួយ​ថា ទ្រង់​ត្រូវ​ចាក​ចេញ​ពី​ដែនដី​ទៅ ហេតុ​ដូច្នោះ​ហើយ អូមើរ​បាន​ចាក​ចេញ​ពី​ដែនដី​ទៅ​ជាមួយ​នឹង​រាជ​វង្សា​នុវង្ស​របស់​ទ្រង់ ហើយ​បាន​ធ្វើ​ដំណើរ​អស់​ជា​ច្រើន​ថ្ងៃ ហើយ​បាន​ដើរកាត់​តាម​ភ្នំ​ស៊ិម ហើយ​កាត់​តាម​ជិត​កន្លែង​ដែល​ពួក​សាសន៍​នីហ្វៃ​ត្រូវ​បំផ្លាញ​បង់ ហើយ​ចាប់​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ហើយ​ទៅ​ដល់​កន្លែង​មួយ ដែល​ហៅ​ថា អាប់ឡុម នៅ​ជិត​ឆ្នេរសមុទ្រ ហើយ​នៅ​ទី​នោះ ទ្រង់​បាន​បោះ​ត្រសាល ព្រម​ទាំង​បុត្រា​បុត្រី​ទាំង​ឡាយ​របស់​ទ្រង់​ផង និង​រាជ​វង្សា​នុវង្សរបស់​ទ្រង់​ទាំង​អស់​ផង លើក​លែងតែ​យ៉ារេឌ និង​គ្រួសារ​លោក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យ៉ារេឌ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជាជន​ដោយ​ដៃ​នៃ​អំពើ​ទុច្ចរិត ហើយ​ទ្រង់​ប្រគល់​បុត្រី​ទៅ​ឲ្យ​អ័គីស​ធ្វើ​ជា​ប្រពន្ធ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ័គីស​បាន​ស្វែងរក​ជីវិត​ឪពុកក្មេក​របស់​ខ្លួន ហើយ​គាត់​បាន​សូម​ជំនួយ​ពី​ពួក​អ្នក​ដែល​គាត់​បាន​ធ្វើ​ពិធី​ស្បថ ដោយ​សម្បថ​នៃ​ពួក​ចាស់​បុរាណ ហើយ​ពួក​គេ​យក​បាន​ព្រះ​សិរ​របស់​ឪពុកក្មេក​គាត់ នៅ​ពេល​ទ្រង់​អង្គុយ​នៅ​លើ​បល្ល័ង្ក​ធ្វើ​សវនាការ​ដល់​ប្រជាជន​របស់​គេ។

ដោយ​សារ​សង្គម​សម្ងាត់ និង​ទុច្ចរិត បាន​រាលដាល​យ៉ាង​ធំ​ក្រៃលែង នោះ​វា​បាន​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​ទាំង​អស់​ពុករលួយ ហេតុដូច្នេះ​ហើយ យ៉ារេឌ​ត្រូវ​គេ​ធ្វើ​ឃាត​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់ ហើយ​អ័គីស​សោយរាជ្យ​ជំនួស​ទ្រង់​វិញ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ័គីស​បាន​ចាប់​ផ្ដើម​ច្រណែន​នឹង​បុត្រ​របស់​ខ្លួន ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ឃាំង​បុត្រ​ទុក​នៅ​ក្នុង​គុក ហើយ​ឲ្យ​អាហារ​បន្តិចបន្តួច ឬ​ក៏​ពុំ​ឲ្យ​សោះ រហូត​ដល់​បុត្រ​ស្លាប់​ទៅ។

ហើយ​ឥឡូវ​នេះ ព្រះ​អនុជ​របស់​បុត្រ​ដែល​ត្រូវ​សុគត​នោះ (ហើយ​លោក​មាន​នាម​ថា នីមរ៉ា) ខឹង​នឹង​បិតា​ខ្លួន ដោយ​សារ​ការ​ដែល​បិតា​ខ្លួន​បាន​ធ្វើ​ដល់​ព្រះ​ជេដ្ឋា​លោក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីមរ៉ា​បាន​ប្រមូល​មនុស្ស​មួយ​ចំនួន​តូច​មក ហើយ​បាន​រត់​ចេញ​ពី​ដែនដី ហើយ​បាន​មក​នៅ​ជា​មួយ​នឹង​អូមើរ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ័គីស បង្កើត​បាន​បុត្រា​ទាំង​ឡាយ​ទៀត ហើយ​ពួក​គេ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន ទោះ​បី​ពួក​គេ​បាន​ស្បថ​ដល់​ទ្រង់​ថា នឹង​ធ្វើ​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង ស្រប​តាម​អ្វី​ដែល​ទ្រង់​ប្រាថ្នា​ក៏​ដោយ។

១១ឥឡូវ​នេះ ប្រជាជន​របស់​អ័គីស មាន​បំណង​ចង់​បាន​កម្រៃ ដូច​គ្នា​នឹង​អ័គីស​ចង់​បាន​អំណាច ហេតុ​ដូច្នោះ​ហើយ ពួក​បុត្រា​របស់​អ័គីស​បាន​ឲ្យ​ប្រាក់​ដល់​ពួក​គេ ដោយ​មធ្យោបាយ​នេះ ពួក​គេ​ទាក់​ទាញ​បាន​ប្រជាជន​ច្រើន​តាម​ពួក​គេ។

១២ហើយ​ក៏​ចាប់​ផ្ដើម​មាន​សង្គ្រាម​មួយ​រវាង​ពួក​បុត្រា​របស់​អ័គីស និង​អ័គីស ដែល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មែន​ហើយ នាំ​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ជិត​អស់​ទាំង​ប្រជាជន​នៅ​ក្នុង​នគរ មែន​ហើយ គឺ​ទាំង​អស់​គ្នា លើក​លែងតែ​សាមសិប​នាក់ និង​ពួក​ដែល​បាន​រត់​ទៅ​ជា​មួយ​នឹង​រាជ​វង្សា​នុវង្ស​របស់​អូមើរ។

១៣ហេតុ​ដូច្នោះ​ហើយ អូមើរ​ត្រូវ​បាន​តាំង​ឡើង​នៅ​ក្នុង​ដែនដី​កេរ្តិ៍​អាករ​របស់​ទ្រង់​វិញ។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អូមើរ​បាន​ចាប់​ផ្ដើម​មាន​ព្រះ​ជន្មាយុ​ចាស់ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​នៅ​ក្នុង​វ័យ​ចាស់​របស់​ទ្រង់​ទៅ​ហើយ នោះ​ទ្រង់​បង្កើត​បាន​អេមើរ​ដែរ ហើយ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​អេមើរ​ឲ្យ​ធ្វើ​ជា​ស្ដេច​សោយរាជ្យ​ជំនួស​ទ្រង់។

១៥ហើយ​ក្រោយ​ពី​ទ្រង់​បាន​ចាក់​ប្រេង​តាំង​អេមើរ​ឲ្យ​ធ្វើ​ជា​ស្ដេច​ស្រេច​ហើយ នោះ​ទ្រង់​បាន​ឃើញ​សន្តិ​ភាព​មាន​នៅ​ក្នុង​ដែនដី​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​ទ្រង់​ក៏​សុគត​ទៅ ក្រោយ​ពី​មាន​ព្រះ​ជន្មាយុ​ដ៏​វែង ដែល​ពោរ​ពេញ​ដោយ​ការ​សោកសៅ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អេមើរ​បាន​សោយរាជ្យ​ជំនួស​ទ្រង់ ហើយ​បាន​ដើរ​តាម​គន្លង​របស់​បិតា​ខ្លួន។

១៦ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ចាប់​ផ្ដើម​ដក​ពាក្យ​បណ្ដាសា​របស់​ទ្រង់ ចេញ​ពី​ដែនដី​ជា​ថ្មី ហើយ​រាជ​វង្សា​នុវង្ស​របស់​អេមើរ បាន​ចម្រើន​ឡើង​ជា​ខ្លាំង​នៅ​ក្នុង​រាជ្យ​របស់​អេមើរ ហើយ​ក្នុង​រយៈ​ពេល​ហុកសិប​ពីរ​ឆ្នាំ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ជា​អតិបរមា ដរាប​ដល់​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើសលប់ —

១៧ដោយ​មាន​គ្រប់​មុខ​នូវ​ផ្លែ​ឈើ និង​ធញ្ញជាតិ និង​ព្រែ និង​ក្រណាត់​ដ៏​ល្អ និង​មាស និង​ប្រាក់ ហើយ​និង​វត្ថុ​មាន​តម្លៃ​ផ្សេងៗ។

១៨ព្រម​ទាំង​មាន​គ្រប់​មុខ​នូវ​សត្វពាហណៈ គោ​ឈ្មោល និង​គោ​ញី និង​ចៀម និង​ជ្រូក និង​ពពែ ព្រម​ទាំង​សត្វ​ជា​ច្រើន​មុខ​ទៀត​ដែល​មាន​ប្រយោជន៍ សម្រាប់​ជា​អាហារ​ដល់​មនុស្ស។

១៩ហើយ​ពួក​គេ​ក៏​មាន​សេះ និង​លា ហើយ​មាន​ដំរី និង​គូរីឡុម និង​គូមុម សត្វ​ទាំង​អស់​នេះ មាន​ប្រយោជន៍​ដល់​មនុស្ស ហើយ​ជា​ពិសេស គឺ​ដំរី និង​គូរីឡុម និង​គូមុម។

២០ម្ល៉ោះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​បាន​ចាក់​ព្រះ​ពរ​ទាំង​ឡាយ​របស់​ទ្រង់ មក​លើ​ដែនដី​នេះ ដែល​ជា​ដែនដី​ជម្រើស​លើ​អស់​ទាំង​ដែនដី​ឯ​ទៀត ហើយ​ទ្រង់​បាន​បញ្ជា​ថា អស់​អ្នក​ណា​ដែល​យក​បាន​ដែនដី​នេះ គឺ​យក​វា​បាន​សម្រាប់​ព្រះ​អម្ចាស់ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ បំផ្លាញ​ចោល កាលណា​ពួក​គេ​ទុំ​សុស​នៅ​ក្នុង​អំពើ​ទុច្ចរិត ត្បិត​ចំពោះ​ពួក​នោះ​ហើយ​ដែល ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ចាក់​ទៅ​លើ​អ្នក​ទាំង​នោះ នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​ខ្ញាល់​របស់​យើង។

២១ហើយ​អេមើរ​បាន​អនុវត្ត​សេចក្ដី​ជំនុំ​ជំរះ ដោយ​នូវ​សេចក្ដី​សុចរិត​អស់​មួយ​ជីវិត​ទ្រង់ ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន ហើយ​ទ្រង់​បង្កើត​បាន​កូរីអានទុម ហើយ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​កូរីអានទុម​ឲ្យ​សោយរាជ្យ​ជំនួស​ទ្រង់។

២២ហើយ​បន្ទាប់​ពី​ទ្រង់​បាន​ចាក់​ប្រេង​តាំង​កូរីអានទុម​ឲ្យ​សោយរាជ្យ​ជំនួស​ទ្រង់​ហើយ នោះ​ទ្រង់​មាន​ព្រះ​ជន្មាយុ​រស់នៅ​បួនឆ្នាំ ហើយ​ទ្រង់​បាន​ឃើញ​សន្តិ​ភាព​នៅ​លើ​ដែនដី មែន​ហើយ ហើយ​ទ្រង់​ថែម​ទាំង​បាន​ឃើញ​ព្រះ​រាជ​បុត្រា​នៃ​សេចក្ដី​សុចរិត ហើយ​បាន​សប្បាយ ហើយ​រុងរឿង​នៅ​ក្នុង​សម័យ​របស់​ទ្រង់ ហើយ​ទ្រង់​បាន​សុគត​ទៅ​ដោយ​សុខសាន្ត។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូរីអានទុម​បាន​ដើរ​តាម​គន្លង​របស់​បិតា​ខ្លួន ហើយ​បាន​ស្ថាបនា​ទី​ក្រុង​ធំៗ​ជា​ច្រើន ហើយ​បាន​បង្រៀន​នូវ​អ្វីៗ​ដែល​ល្អ​ដល់​ប្រជាជន​ទ្រង់​អស់​មួយ​ជីវិត​ទ្រង់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​គ្មាន​បុត្រា​បុត្រី​សោះ រហូត​ដល់​ទ្រង់​មាន​ព្រះ​ជន្មាយុ​ចាស់​ជា​ខ្លាំង។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ភរិយា​ទ្រង់​បាន​សុគត​ទៅ​ក្នុង​ព្រះ​ជន្មាយុ​មួយ​រយ​ពីរ​ឆ្នាំ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូរីអានទុម​បាន​យក​ភរិយា​មួយ​នៅ​ក្នុង​ព្រះ​ជន្មាយុ​ចាស់​របស់​ទ្រង់ គឺជា​ស្ត្រី​ក្រមុំ​ម្នាក់ ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ទាំង​ឡាយ ហេតុ​ដូច្នោះ​ហើយ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ដល់​ជន្មាយុ​មួយ​រយ​សែសិប​ពីរ​ឆ្នាំ។

២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បង្កើត​បាន​កុម ហើយ​កុម​សោយរាជ្យ​ជំនួស​ទ្រង់ ហើយ​ទ្រង់​សោយរាជ្យ​បាន​សែសិប​ប្រាំបួន​ឆ្នាំ ហើយ​ទ្រង់​បង្កើត​បាន​ហេត ហើយ​ទ្រង់​ក៏​បង្កើត​បាន​បុត្រា​បុត្រី​ទាំង​ឡាយ​ទៀត។

២៦ហើយ​ប្រជាជន​បាន​រាលដាល​ពាស​ពេញ​លើ​អស់​ទាំង​ផ្ទៃ​ដែនដី ហើយ​បាន​ចាប់​ផ្ដើម​មាន​អំពើ​ទុច្ចរិត​ដ៏​ធំ​នៅ​លើ​ផ្ទៃ​ដែនដី​ទៀត ហើយ ហេត បាន​ចាប់​ផ្ដើម​ឱប​ក្រសោប​ផែនការ​សម្ងាត់​ទាំង​ឡាយ​ទៀត ដូច​ជំនាន់​ដើម​ដើម្បី​បំផ្លាញ​បិតា​ខ្លួន​ចោល។

២៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ទម្លាក់​បិតា​ខ្លួន​ពី​បល្ល័ង្ក ព្រោះ​លោក​បាន​សម្លាប់​ទ្រង់​ចោល​ដោយ​ដាវ​របស់​លោក​ផ្ទាល់ ហើយ​លោក​បាន​សោយរាជ្យ​ជំនួស​ទ្រង់។

២៨ហើយ​មាន​ពួក​ព្យាការី​មក​លើ​ដែនដី​ទៀត ដោយ​ស្រែកហៅ​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត — ថា​ពួក​គេ​ត្រូវ​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់ បើ​ពុំ​នោះ​សោត​ទេ នឹង​មាន​បណ្ដាសា​មួយ​នៅ​លើ​ផ្ទៃ​ដែនដី មែន​ហើយ គឺ​មាន​អំណត់​ដ៏​ធំ​មួយ នៅ​ក្នុង​នោះ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​បង់ បើ​សិន​ជា​ពួក​គេ​ពុំ​ប្រែ​ចិត្ត​ទេ។

២៩ប៉ុន្តែ​ប្រជាជន​មិន​ជឿ​តាម​ពាក្យ​ពេចន៍​របស់​ពួក​ព្យាការី​ទេ តែ​ពួក​គេ​បាន​បណ្ដេញ​ពួក​ព្យាការី​ចេញ​វិញ ហើយ​មាន​ខ្លះ ត្រូវ​ពួក​គេ​បោះ​ទៅ​ក្នុង​រណ្ដៅ ហើយ​ទុក​ឲ្យ​ពួក​គេ​វិនាស​បង់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ធ្វើ​ការណ៍​អស់​ទាំង​នេះ ស្រប​តាម​បញ្ជា​របស់​ស្ដេច​ហេត។

៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ក៏​ចាប់​ផ្ដើម​មាន​អំណត់​មួយ​យ៉ាង​ធំ​នៅ​លើ​ដែនដី ហើយ​បណ្ដាជន​បាន​ចាប់​ផ្ដើម​ត្រូវ​បំផ្លាញ​យ៉ាង​ឆាប់​រហ័ស ដោយ​សារ​អំណត់ ដោយ​ព្រោះ​គ្មាន​ភ្លៀង​នៅ​លើ​ផ្ទៃ​ផែនដី។

៣១ហើយ​មាន​ពស់​អ​សិរ​ពិស​ទាំង​ឡាយ បាន​ចេញ​មក​ផង​នៅ​លើ​ផ្ទៃ​ដែនដី ហើយ​បាន​ចឹក​មនុស្ស​ជា​ច្រើន។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហ្វូង​សត្វ​របស់​ពួក​គេ​បាន​ចាប់​ផ្ដើម​រត់គេច​ពី​សត្វ​ពស់​អ​សិរ​ពិស ឆ្ពោះ​ទៅ​ដែនដី​ដែល​នៅ​ទិស​ខាង​ត្បូង ដែល​ពួក​សាសន៍​នីហ្វៃ​ហៅ​ថា សារ៉ាហិមឡា

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សត្វ​ជា​ច្រើន​ត្រូវ​វិនាស​នៅ​តាម​ផ្លូវ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​មាន​ខ្លះ​បាន​រត់​ចូល​ទៅ​ដែនដី ដែល​នៅ​ទិស​ខាង​ត្បូង។

៣៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​ពស់​ឈប់​ដេញ​តាម​ពួក​សត្វ​ទាំង​នេះ​ទៀត ប៉ុន្តែ​ពស់​ទាំង​នោះ​ត្រូវ​ឃាំង​ផ្លូវ​កុំ​ឲ្យ​មនុស្ស​អាច​ឆ្លង​បាន​ថា បើ​សិន​ជា​អ្នក​ណា​ខិតខំ​ឆ្លងកាត់ ត្រូវ​ស្លាប់​ដោយ​ពស់​អ​សិរ​ពិស។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​បាន​ទៅ​តាម​ផ្លូវ​នៃ​ពួក​សត្វ ហើយ​បាន​បរិភោគ​សាកសព​របស់​ពួក​សត្វ ដែល​បាន​វិនាស​នៅ​តាម​ផ្លូវ រហូត​ដល់​ពួក​គេ​បាន​បរិភោគ​អស់​សាកសព​ទាំង​នោះ។ ឥឡូវ​នេះ កាល​ប្រជាជន​បាន​ឃើញ​ថា ពួក​គេ​ត្រូវ​ស្លាប់ នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​ប្រែ​ចិត្ត​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​គេ ហើយ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់។

៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​បន្ទាប​ខ្លួន​គ្រប់​គ្រាន់​នៅ​ចំពោះ​ព្រះ​អម្ចាស់​ហើយ នោះ​ទ្រង់​បាន​ចាត់​ឲ្យ​មាន​ភ្លៀង​មក​លើ​ផ្ទៃ​ផែនដី ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​មាន​កម្លាំង​ឡើង​វិញ ហើយ​បាន​ចាប់​ផ្ដើម​មាន​ផ្លែ​ឈើ​នៅ​ស្រុក​ផ្នែក​ខាង​ជើង និង​នៅ​អស់​ទាំង​ស្រុក​ជុំវិញ។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដល់​ពួក​គេ ដោយ​រក្សា​ពួក​គេ​ពី​អំណត់៕