ជំពូកទី ៦
ពួកសាសន៍នីហ្វៃប្រមូលគ្នាមកក្នុងដែនដីគូម៉ូរ៉ា ដើម្បីធ្វើការប្រយុទ្ធទាំងឡាយជាចុងក្រោយបំផុត — មរមនលាក់បញ្ជីពិសិដ្ឋទាំងឡាយនៅក្នុងភ្នំគូម៉ូរ៉ា — ពួកសាសន៍លេមិនមានជ័យជម្នះ ហើយសាសន៍នីហ្វៃត្រូវបំផ្លាញចោល — មនុស្សរាប់រយពាន់នាក់ ត្រូវប្រហារចោលដោយដាវ។ ប្រមាណជាឆ្នាំ ៣៨៥ គ.ស.។
១ហើយឥឡូវនេះ ខ្ញុំបង្ហើយបញ្ជីរបស់ខ្ញុំ អំពីការបំផ្លិចបំផ្លាញប្រជាជនខ្ញុំ គឺសាសន៍នីហ្វៃ។ ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានចេញទៅប្រយុទ្ធនឹងពួកសាសន៍លេមិន។
២ហើយខ្ញុំមរមនបានសរសេរសំបុត្រមួយច្បាប់ទៅស្ដេចរបស់ពួកសាសន៍លេមិន សូមឲ្យទ្រង់អនុញ្ញាតឲ្យពួកយើងអាចប្រមូលគ្នាមកឯដែនដីគូម៉ូរ៉ានៅត្រង់ភ្នំមួយ ដែលហៅថា ភ្នំគូម៉ូរ៉ា ហើយនៅទីនោះ យើងអាចច្បាំងនឹងពួកគេ។
៣ហេតុការណ៍បានកើតឡើងថា ស្ដេចរបស់ពួកសាសន៍លេមិន បានយល់ព្រមតាមសំណូមពររបស់ខ្ញុំ។
៤ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានដើរទៅដល់ដែនដីគូម៉ូរ៉ា ហើយយើងបានបោះត្រសាលនៅជុំវិញភ្នំគូម៉ូរ៉ា គឺជាទីដីមួយដែលមានទឹកជាច្រើន ទន្លេទាំងឡាយ និងជ្រោះទាំងឡាយ ហើយនៅទីនេះ ពួកយើងមានសង្ឃឹមថា នឹងមានប្រៀបទៅលើពួកសាសន៍លេមិន។
៥ហើយកាលបីរយប៉ែតសិបបួនឆ្នាំបានកន្លងផុតទៅ នោះពួកយើងបានប្រមូលប្រជាជន ដែលនៅសល់ទាំងប៉ុន្មានមកកាន់ដែនដី គូម៉ូរ៉ា។
៦ហើយហេតុការណ៍បានកើតឡើងថា កាលយើងបានប្រមូលប្រជាជនយើងទាំងអស់ចូលគ្នាមកកាន់ដែនដីគូម៉ូរ៉ាហើយ មើលចុះ ខ្ញុំមរមនបានចាប់ផ្ដើមមានវ័យចាស់ ហើយដោយដឹងថា នេះជាការតស៊ូចុងក្រោយបំផុតរបស់ប្រជាជនខ្ញុំ ហើយដោយបានទទួលបញ្ជាពីព្រះអម្ចាស់ថា ខ្ញុំពុំត្រូវទុកឲ្យបញ្ជីដ៏ពិសិដ្ឋទាំងឡាយ ហើយដែលបានទុកបន្តមកតាំងពីជំនាន់ពួកអយ្យកោយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិនឡើយ (ព្រោះពួកសាសន៍លេមិននឹងបំផ្លាញវត្ថុទាំងនោះចោល) ហេតុដូច្នេះហើយ ខ្ញុំបានធ្វើបញ្ជីនេះចេញពីផ្ទាំងនីហ្វៃ ហើយបានលាក់នៅក្នុងភ្នំគូម៉ូរ៉ានូវបញ្ជីទាំងអស់ ដែលបានប្រគល់មកដល់ខ្ញុំដោយព្រះហស្តនៃព្រះអម្ចាស់ លើកលែងតែផ្ទាំងទាំងប៉ុន្មាននេះ ដែលខ្ញុំឲ្យទៅកូនប្រុសខ្ញុំ គឺមរ៉ូណៃ។
៧ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនរបស់ខ្ញុំជាមួយនឹងប្រពន្ធរបស់គេ និងកូនចៅរបស់គេ ឥឡូវនេះ បានឈរមើលពលទ័ពរបស់ពួកសាសន៍លេមិន ដើរសំដៅមករកគេ ហើយដោយសេចក្ដីភិតភ័យចំពោះសេចក្ដីស្លាប់ដែលមានពោរពេញនៅក្នុងទ្រូងនៃពួកទុច្ចរិតទាំងអស់ នោះពួកគេបានរង់ចាំពួកលេមិន។
៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានមកច្បាំងនឹងពួកយើង ហើយមនុស្សគ្រប់រូបបានពោរពេញទៅដោយការតក់ស្លុត ពីព្រោះមកពីពួកលេមិនមានចំនួនច្រើនលើសលប់។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេវាយសម្រុកមកលើប្រជាជនខ្ញុំដោយដាវ និងដោយធ្នូ និងដោយព្រួញ និងដោយពូថៅ និងដោយអស់ទាំងគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមគ្រប់បែបយ៉ាង។
១០ហើយហេតុការណ៍បានកើតឡើងថា ទ័ពរបស់ខ្ញុំត្រូវកាប់រំលំ មែនហើយ ទាំងមនុស្សចំនួនមួយម៉ឺននាក់ដែលនៅជាមួយនឹងខ្ញុំ ហើយខ្ញុំត្រូវរបួសដួលចុះនៅកណ្ដាលហ្វូងមនុស្ស ហើយពួកគេបានដើរបង្ហួសខ្ញុំទៅដោយពុំបានផ្ដាច់ជីវិតខ្ញុំឡើយ។
១១ហើយកាលពួកគេបានទៅហួស ហើយបានកាប់រំលំប្រជាជនរបស់ខ្ញុំទាំងអស់ លើកលែងតែពួកយើងម្ភៃបួននាក់ប៉ុណ្ណោះ (នៅក្នុងចំណោមនោះ មានកូនប្រុសខ្ញុំឈ្មោះ មរ៉ូណៃ) ហើយដោយយើងបានរស់ក្នុងចំណោមសាកសពនៃប្រជាជនយើងដល់ស្អែកឡើង ក្នុងកាលពួកលេមិនបានត្រឡប់មកជំរំពួកគេវិញពីលើកំពូលភ្នំគូម៉ូរ៉ា នោះយើងបានឃើញប្រជាជនខ្ញុំចំនួនមួយម៉ឺននាក់ ដែលត្រូវកាប់សម្លាប់ដួលសន្ធឹងនៅពីមុខខ្ញុំ។
១២ហើយយើងក៏បានឃើញប្រជាជនខ្ញុំមួយម៉ឺននាក់ ដែលបានដឹកនាំដោយកូនប្រុសខ្ញុំ គឺមរ៉ូណៃ។
១៣ហើយមើលចុះ ទ័ពមួយម៉ឺននាក់របស់គីឌគីឌដូណាបានដួលស្លាប់ រីឯខ្លួនលោកក៏ដួលស្លាប់នៅកណ្ដាលពួកនោះដែរ។
១៤ហើយឡាម៉ាបានដួលស្លាប់ជាមួយនឹងទ័ពមួយម៉ឺននាក់របស់លោក ហើយគីលកាលបានដួលស្លាប់ជាមួយនឹងទ័ពមួយម៉ឺននាក់របស់លោក ហើយលិមហាបានដួលស្លាប់ជាមួយនឹងទ័ពមួយម៉ឺននាក់របស់លោក ហើយយេនេអ៊ុមបានដួលស្លាប់ជាមួយនឹងទ័ពមួយម៉ឺននាក់របស់លោក ហើយគូមេណៃហា និងមរ៉ូណៃហា និងអាន់ទីអូនុម និងស៊ិបឡោម និងសិម និងយ៉ូស ទាំងអស់នេះបានដួលស្លាប់ជាមួយនឹងទ័ពមួយម៉ឺននាក់រៀងៗខ្លួន។
១៥ហើយហេតុការណ៍បានកើតឡើងថា មានមនុស្សដប់នាក់ទៀត ដែលត្រូវដួលស្លាប់ដោយមុខដាវជាមួយនឹងទ័ពមួយម៉ឺននាក់រៀងៗខ្លួន មែនហើយ ប្រជាជនយើងទាំងអស់ត្រូវបានដួលស្លាប់ លើកលែងតែមនុស្សម្ភៃបួននាក់ដែលនៅជាមួយនឹងខ្ញុំ និងមួយចំនួនតូចដែលបានរត់ភៀសខ្លួនទៅស្រុកទាំងឡាយខាងត្បូង និងមួយចំនួនតូចដែលបានសុំចុះចូលពួកលេមិន ហើយសាច់ និងឆ្អឹង និងឈាមរបស់ពួកគេ ក្រាលនៅលើផ្ទៃផែនដី ត្រូវពួកដែលសម្លាប់គេទុកចោលឲ្យរលួយនៅលើដី ហើយឲ្យបែកធ្លាយ ហើយឲ្យត្រឡប់ទៅឯព្រះធរណីវិញ។
១៦ហើយព្រលឹងខ្ញុំប្រេះបែកដោយឈឺចាប់ ព្រោះការកាប់សម្លាប់នៃប្រជាជនខ្ញុំ ហើយខ្ញុំទួញថា ៖
១៧ឱពួកអ្នកដ៏ស្រស់ល្អអើយ ហេតុអ្វីបានជាអ្នកបង្វែរចេញពីផ្លូវទាំងឡាយនៃព្រះអម្ចាស់ដូច្នេះ! ឱពួកអ្នកដ៏ស្រស់ល្អអើយ ហេតុអ្វីបានជាអ្នកបដិសេធព្រះយេស៊ូវ ដែលទ្រង់បានឈរលាតព្រះពាហុចាំទទួលអ្នកដូច្នេះ?
១៨មើលចុះ បើសិនជាអ្នករាល់គ្នាពុំបានធ្វើដូច្នេះទេ នោះអ្នករាល់គ្នានឹងពុំបានដួលស្លាប់ឡើយ។ ប៉ុន្តែមើលចុះ អ្នករាល់គ្នាបានដួលស្លាប់ ហើយខ្ញុំទួញសោកដោយបាត់បង់អ្នករាល់គ្នា។
១៩ឱអ្នករាល់គ្នា ដែលជាកូនប្រុសកូនស្រីដ៏ស្រស់ល្អអើយ អ្នករាល់គ្នាដែលជាឪពុកម្ដាយ អ្នករាល់គ្នាដែលជាប្ដីប្រពន្ធ អ្នករាល់គ្នាដ៏ស្រស់ល្អអើយ ហេតុអ្វីក៏អ្នករាល់គ្នាត្រូវដួលស្លាប់យ៉ាងនេះហ្ន៎!
២០ប៉ុន្តែមើលចុះ អ្នករាល់គ្នាបានចាកចេញទៅហើយ ឯសេចក្ដីទុក្ខសោករបស់ខ្ញុំ ពុំអាចនាំអ្នកមកវិញបានទេ។
២១ហើយថ្ងៃនោះជិតមកដល់ ក្នុងកាលប្រាណដែលរមែងស្លាប់របស់អ្នក នឹងត្រូវប្រដាប់ដោយអមតភាពវិញ ហើយរូបកាយទាំងនេះ ដែលឥឡូវនេះកំពុងពុករលួយ មិនយូរប៉ុន្មានទេ នឹងក្លាយទៅជារូបកាយទាំងឡាយ ដែលមិនពុករលួយវិញ ហើយនៅពេលនោះ អ្នករាល់គ្នានឹងត្រូវឈរនៅចំពោះវេទិកាជំនុំជំរះនៃព្រះគ្រីស្ទ ដើម្បីទទួលការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយរបស់អ្នក ហើយប្រសិនបើអ្នករាល់គ្នាជាមនុស្សសុចរិត ពេលនោះ អ្នកនឹងបានពរជាមួយនឹងពួកអយ្យកោរបស់អ្នក ដែលបានចាកចេញទៅមុនអ្នក។
២២ឱគួរតែអ្នករាល់គ្នាប្រែចិត្តមុនការបំផ្លិចបំផ្លាញដ៏ធំនេះកើតឡើងដល់អ្នក។ ប៉ុន្តែមើលចុះ អ្នករាល់គ្នាបានចាកចេញទៅហើយ ហើយព្រះវរបិតា មែនហើយ ព្រះវរបិតាដ៏នៅអស់កល្បជានិច្ចនៃស្ថានសួគ៌ ទ្រង់ជ្រាបនូវស្ថានភាពរបស់អ្នក ហើយទ្រង់នឹងវិនិច្ឆ័យអ្នក ស្របតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ទ្រង់៕