កណ្ឌទី ១១១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងសាឡិម រដ្ឋម៉ាស្សាជូសសែត្ស ថ្ងៃទី៦ ខែសីហា ឆ្នាំ១៨៣៦ (History of the Church, ២:៤៦៥–៤៦៦)។ នៅគ្រានេះ ពួកមេដឹកនាំសាសនាចក្រត្រូវជាប់បំណុលជាច្រើន ដោយព្រោះតែការងារបម្រើរបស់ពួកគេ។ ដោយបានឮថាមានប្រាក់ចំនួនច្រើននៅក្រុងសាឡិម រដ្ឋម៉ាស្សាជូសសែត្ស ដែលពួកគេអាចយកបាន ទើបព្យាការី, ស៊ីឌនី រិកដុន, ហៃរុម ស៊្មីធ, និង អូលីវើរ ខៅឌើរី បានធ្វើដំណើរពីក្រុងខឺតឡង់ រដ្ឋអូហៃអូ ដើម្បីទៅស៊ើបមើលការរាយការណ៍នេះ ព្រមទាំងទៅផ្សាយដំណឹងល្អផង។ ពួកបងប្អូនក្នុងសាសនាបានសម្រេចកិច្ចការនៃសាសនាចក្រ ហើយបានផ្សាយសាសនាខ្លះៗ។ នៅពេលបានឃើញថាគ្មានប្រាក់ឯណាដល់ពួកគេ ទើបពួកគេវិលទៅក្រុងខឺតឡង់វិញ។ ប្រការសំខាន់ៗដ៏ក្រែល អំពីព្រឹត្តិការណ៍ ត្រូវបានថ្លែងប្រាប់នៅក្នុងពាក្យពេចន៍នៃវិវរណៈនេះ។
១–៥, ព្រះអម្ចាស់ទ្រង់ថែរក្សានូវសេចក្ដីត្រូវការខាងសាច់ឈាមរបស់ពួកអ្នកបម្រើរបស់ទ្រង់; ៦–១១, ទ្រង់នឹងបង្ហាញសេចក្ដីមេត្តាករុណាដល់ស៊ីយ៉ូន ហើយរៀបចំគ្រប់អ្វីៗទាំងអស់ សម្រាប់សេចក្ដីល្អដល់ពួកអ្នកបម្រើរបស់ទ្រង់។
១យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក មិនមែនមិនសព្វព្រះហឫទ័យប៉ុន្មានទេក្នុងការធ្វើដំណើរនេះ សូម្បីតែការចម្កួតរបស់អ្នកក៏ដោយ។
២យើងមានទ្រព្យសម្បត្តិជាច្រើននៅក្នុងទីក្រុងនេះសម្រាប់អ្នក សម្រាប់ផលប្រយោជន៍ដល់ស៊ីយ៉ូន និងមនុស្សជាច្រើននៅក្នុងទីក្រុងនេះ ដែលយើងនឹងប្រមូលនៅពេលកំណត់ សម្រាប់ផលប្រយោជន៍ដល់ស៊ីយ៉ូន តាមរយៈគ្រឿងឧបករណ៍របស់អ្នក។
៣ហេតុដូច្នេះហើយ ជាការចាំបាច់ ដែលអ្នកត្រូវរាក់ទាក់ជាមួយមនុស្សនៅក្នុងទីក្រុងនេះ តាមដែលអ្នកនឹងត្រូវបានណែនាំ ហើយតាមដែលនឹងបានប្រទានដល់អ្នក។
៤ហើយហេតុការណ៍នឹងកើតឡើង នៅពេលកំណត់ថា យើងនឹងប្រទានទីក្រុងនេះទៅក្នុងកណ្ដាប់ដៃអ្នក ទើបអ្នកនឹងមានអំណាចលើទីក្រុង ដរាបណាដែលពួកគេនឹងមិនរកឃើញផ្នែកសម្ងាត់ទាំងឡាយរបស់អ្នក ហើយទ្រព្យនៃទីក្រុង ជាមាស និងប្រាក់ នឹងទៅជារបស់ផងអ្នក។
៥ចូរកុំអំពល់ខ្លួនអំពីបំណុលទាំងឡាយរបស់អ្នកឡើយ ព្រោះយើងនឹងប្រទានអំណាចដល់អ្នកឲ្យសងបំណុលទាំងឡាយ។
៦ចូរកុំអំពល់ខ្លួនអំពីស៊ីយ៉ូនឡើយ ព្រោះយើងនឹងមានសេចក្ដីមេត្តាករុណាដល់នាង។
៧ចូរនៅទីនេះ និងនៅភូមិភាគជុំវិញនេះចុះ
៨ហើយនៅកន្លែងណាដែលយើងសព្វព្រះហឫទ័យឲ្យអ្នកនៅភាគច្រើន នោះនឹងត្រូវបានប្រាប់ដល់អ្នក ដោយសេចក្ដីសុខសាន្ត និងព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង ដែលនឹងហូរទៅរកអ្នក។
៩នៅកន្លែងនេះ អ្នកអាចបានដោយជួល។ ហើយចូរខំសាកសួរពីបណ្ដាជនពីបុរាណកាល និងពួកអ្នកដែលរកឃើញទីក្រុងនេះ
១០ត្បិតនៅក្នុងទីក្រុងនេះ មានទ្រព្យសម្បត្តិលើសទៅទៀតសម្រាប់អ្នក។
១១ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាមានប្រាជ្ញាដូចជាពស់ តែឥតបាប ហើយយើងនឹងរៀបចំគ្រប់អ្វីៗទាំងអស់ សម្រាប់សេចក្ដីល្អដល់អ្នកយ៉ាងលឿនតាមដែលអ្នកអាចទទួលរបស់ទាំងនោះបាន។ អាម៉ែន៕