ជំនួយ​ការសិក្សា
ក.យ.ស., វិវរណៈ 12


ក.យ.ស., វិវរណៈ ១២:១–១៧ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​វិវរណៈ ១២:១–១៧; គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៧៧)

(ស្ត្រី [សាសនាចក្រ], កូន [នគរ​ព្រះ] ដំបង​ដែក [ព្រះបន្ទូល​នៃ​ព្រះ] នាគ [អារក្ស​សាតាំង] និង​មីកែល ត្រូវ​បាន​ពន្យល់​ប្រាប់។ សង្គ្រាម​នៅ​លើ​ស្ថាន​សួគ៌​ត្រូវ​បាន​បន្ត​នៅ​លើ​ផែនដី)។

ហើយ​មាន​ទី​សំគាល់​មួយ​យ៉ាង​ធំ​នៅ​លើ​ស្ថាន​សួគ៌ គឺ​ដែល​មាន​រូបរាង​ដូច​ជា​អ្វី​ៗ​នៅ​លើ​ផែនដី មាន​ស្ត្រី​ម្នាក់​ប្រដាប់​ខ្លួន​ដោយ​ព្រះអាទិត្យ ហើយ​មាន​ព្រះ​ចន្ទ​នៅ​ក្រោម​ជើង​នាង ហើយ​នៅ​លើ​ក្បាល​នាង នោះ​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​១២។

ហើយ​ស្ត្រី​នោះ​មាន​គភ៌ ក៏​ស្រែ​ក​ដោយ​រៀប​នឹង​សម្រាល​ចេញ ទាំង​ឈឺ​ចាប់​នឹង​បង្កើត​កូន​មក។

ហើយ​នាង​បង្កើត​មាន​កូន​ប្រុស​មួយ ដែល​ត្រួតត្រា​លើ​អស់​ទាំង​សាសន៍ ដោយ​ដំបង​ដែក ហើយ​កូន​នាង​ត្រូវ​បាន​នាំ​ឡើង​ទៅ​ឯ​ព្រះ និង​បល្ល័ង្ក​របស់​ទ្រង់។

ហើយ​ក៏​ឃើញ​មា​នទី​សំគាល់​មួយ​ទៀត​នៅ​ស្ថាន​សួគ៌ ហើយ​មើល​ចុះ មាន​នាគ​ដ៏​ធំ​មួយ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ និង​ស្នែង​១០ ហើយ​មាន​មកុដ​៧​នៅ​លើ​ក្បាល​វា។ ហើយ​កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ ហើយ​ក្រវាត់​ចោល​ទៅ​លើ​ផែនដី។ ហើយ​នាគ​នោះ​ក៏​ស្ថិតនៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សម្រាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង​ក្នុង​កាលដែល​សម្រាល​ចេញ​មក។

ហើយ​ស្ត្រី​នោះ​ក៏​រត់​ទៅ​ឯ​ទី​រហោស្ថាន នៅ​ទី​នោះ​នាង​មាន​កន្លែង​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ទុក​ដោយ​ព្រះ ដើម្បី​ឲ្យ​ពួក​គេ​ចិញ្ចឹម​នាង​នៅ​ទី​នោះ អស់​រយៈ ១២៦០ ឆ្នាំ។

ហើយ​មាន​សង្គ្រាម​នៅ​លើ​ស្ថាន​សួគ៌ មីកែល និង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ពួក​ទេវតា​របស់​វា​ក៏​ច្បាំង​នឹង​មីកែល​ដែរ

ហើយ​នាគ​មិន​បាន​ឈ្នះ​លើ​មីកែល ឬ​លើ​កូន ឬ​លើ​ស្ត្រី​ដែល​ជា​សាសនាចក្រ​នៃ​ព្រះ ដែល​ត្រូវ​បាន​រួច​ផុត​ពី​ការ​ឈឺ​ចាប់​របស់​នាងទេ ហើយ​ដែល​បាន​នាំ​នគរ​នៃ​ព្រះ​របស់​យើង និង​ព្រះគ្រីស្ទ​របស់​ទ្រង់​ចេញ​មក។

ក៏​មិន​ឃើញ​មាន​កន្លែង​ណា​នៅ​លើ​ស្ថាន​សួគ៌​សម្រាប់​នាគ​ដ៏​ធំ​នោះ ដែល​ត្រូវ​បាន​បោះ​ទំលាក់​ទៅ ឯ​ពស់​ពី​ចាស់​បុរាណ​នោះ​ត្រូវ បាន​ហៅថា អារក្ស ហើយ​ក៏​ត្រូវ​បាន​ហៅថា សាតាំង​ផង ដែល​បាន​បញ្ឆោត​លោកិយ​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទំលាក់​ទៅ​ផែនដី ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទំលាក់​ទៅ​ជា​មួយ​វា​ដែរ។

ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​ស្ថាន​សួគ៌​ថា ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ និង​ព្រះ​ចេស្ដា និង​នគរ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា ហើយ​អំណាច​នៃ​ព្រះគ្រីស្ទ​របស់​ទ្រង់ បាន​មក​ដល់​ហើយ

១០ត្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា នោះ​ត្រូវ​បាន​បោះ​ទំលាក់​ទៅ​ហើយ ដែល​ចេះតែ​ចោទ​ពី​គេ​នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ។

១១ត្បិត​គេ​បាន​ឈ្នះ​វា ដោយ​សារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយ​សារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​គេ ព្រោះ​គេ​ពុំ​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​ឡើយ តែ​បាន​កាន់​សេចក្ដី​បន្ទាល់​នោះ​ដរាប​ដល់​ស្លាប់។ ដោយ​ហេតុ​នោះ ឱ​ស្ថាន​សួគ៌ និង​ពួក​អ្នក​ដែល​នៅ​ស្ថាន នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង។

១២ហើយ​បន្ទាប់​ពី​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ទៀត​ថា វេទនា​ដល់​បណ្ដាជន​ដែល​នៅ​លើ​ផែនដី មែន​ហើយ និង​ដល់​ពួក​អ្នក​ដែល​នៅ​លើ​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ​ផង ! ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា វា​មាន​តែ​ពេល​វេលា​ដ៏​ខ្លី​ប៉ុណ្ណោះ។

១៣ត្បិត​កាល​នាគ​ឃើញ​ថា វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​ហើយ នោះ​វា​ក៏​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស​នោះ។

១៤ដូច្នេះ​ហើយ ស្ត្រី​នោះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​ស្លាប​ពីរ ដូច​ជា​ស្លាប​នៃ​សត្វ​ឥន្ទ្រី​ដ៏​ធំ ដើម្បី​ឲ្យ​នាង​បាន​ហើរ​ទៅ​នៅ​កន្លែង​របស់​នាង​នៅ​ទី​រហោស្ថាន ជា​កន្លែង​ដែល​នាង​នឹង​ត្រូវ​បាន​ចិញ្ចឹម​អស់​មួយ​ខួប ពីរ​ខួប ហើយ​កន្លះ​ខួប​ផង ឲ្យ​ឃ្លាត​ពីមុខ​សត្វ​នាគ​នោះ​ចេញ។

១៥រួច​ពស់​វា​ព្រួសទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទន្លេ ឲ្យ​ហូរ​ទៅ​តាម​ស្ត្រី​នោះ ដើម្បី​នឹង​បន្សាត់​នាង​ឲ្យ​បាត់​តាម​ទន្លេ​នោះ​ទៅ។

១៦ហើយ​ផែនដី​បាន​ជួយ​ស្ត្រី​នោះ ហើយ​ផែនដី​បាន​ហារ​មាត់ ហើយ​លេប​ទឹក ដែល​នាគ​ព្រួស​ចេញ​ពី​មាត់​វា​ទៅ​បាត់។

១៧ដូច្នេះ​ហើយ នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ដែល​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ។