ក្រុមគ្រួសារ
ការប្រកាស ដល់ពិភពលោក
យើងជាគណះប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃ ព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ឋថ្ងៃចុងក្រោយ សូមប្រកាសជាឧឡារិកថា អាពាហ៍ពិពាហ៍ រវាងបុរស និងស្រី្ត គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយថាគ្រួសារជាផ្នែកដ៏សំខាន់មួយ នៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សំរាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់។
មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ។ មនុស្សម្នាក់ៗ សុទ្ឋតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ដូច្នេះហើយមនុស្សម្នាក់ៗមាន ចរិត និងគោលដោនៃព្រះ។ ភេទប្រុសស្រី គឺជាលក្ខណះពិសេសនៃអត្តសញ្ញាណ និង គោលបំណងរបស់បុគ្គលម្នាក់ៗ នៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងនៅអស់កល្បជានិច្ច។
នៅជីវិតមុនផែនដី បុត្រា និងបុត្រីខាងវិញ្ញាណទាំងឡាយបានស្គាល់ ហើយបានថ្វាយបង្គំព្រះ ជាព្រះវរបិតាដ៍នៅអស់កល្បជានិច្ចរបស់ពួកគេ ហើយបានទទួលផែនការរបស់ទ្រង់ ដែលនាំឱ្យកូនចៅទាំងឡាយ អាចទទួលរូបកាយ ហើយនឹងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចំរើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់ នឹងដឹងពីគោលបំណងដ៍ទេវភាពរបស់ពួកគេ ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក។ ផែនការនៃសុភមង្គលដ៍ទេវភាពនេះ ផ្តល់លទ្ឋភាពដល់ទំនាក់ទំនងក្រុមគ្រួសារចេះតែបន្តមានរហូតហួសពីសេចក្តីស្លាប់។ ពីធីបរិសុទ្ឋ និង សេចក្តីសញ្ញាពិសិដ្ឋនានា ដែលមាននៅក្នុងព្រះវិហារបរិសុទ្ឋ អាចធ្វើឱ្យបុគ្គលម្នាក់ៗត្រឡប់ទៅកាន់វត្តមាននៃព្រះរិញ ហើយដើម្បីឱ្យក្រុមគ្រួសារអាចត្រូវបានរួបរួមគ្នាដ៏អស់កល្បជានិច្ច។
ព្រះបញ្ញាត្តិ ទីមួយ ដែលព្រះបានប្រទានដល់លោកអ័ដាម និងនាងអេវ៉ា ទាក់ទងទៅនឹងសមត្ថភាពរបស់ពួកគេ សំរាប់ភាពជាឪពុកម្ដាយ ក្នុងនាមជាស្វាមី និងភរិយា។ យើងសូមប្រកាសថា ព្រះបញ្ញាត្តិរបស់ព្រះសំរាប់កូនចៅរបស់ទ្រង់ ដើម្បីបង្កើតកូនចៅឱ្យចំរើនជាច្រើនឡើង ឱ្យមានពាសពេញលើផែនដី នោះនៅតែឱ្យប្រតិបត្តិនៅឡើយ។ យើងសូមប្រកាសថែមទៀតថា ព្រះបានបញ្ជាថា អំណាចពិសិដ្ឋនៃការបង្កើតកូន គឺត្រូវបានប្រើរវាងតែបុរស និងស្ត្រី ដែលបានរៀបអាពាហ៏ពិពាហ៍យ៉ាងស្របច្បប់ជាប្តី និងប្រពន្ឋប៉ុណ្ណោះ។
យើងសូមប្រកាសថា មធ្យោបាយដើម្បីបង្កើតជីវិតរមែងស្លាប់នេះ គឺត្រូវបានតែងតាំងឡើងដោយព្រះ។ យើងសូមបញ្ជាក់នូវការញែកចេញជាបរិសុទ្ធនៃជីវិត និងសារៈសំខាន់នៃជីវិតនៅក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ។
ស្វាមី និងភរិយា មានការទទួលខុសត្រូវដ៏ឧឡារិកដើម្បីស្រឡាញ់ និងថែរក្សាគ្នាទៅរិញទៅមក ព្រមទាំងកូនចៅរបស់ខ្លួនផងដែរ។ « កូនចៅជាមរតកពីព្រះយេហូវ៉ា » (ទំនុកដំកើង ១២៧:៣)។ ឪពុកម្តាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្តីស្រឡាញ់ និងសេចក្ដីសុចរិត ផ្គត់ផ្គង់សេចក្តីត្រូវការ ទាំងខាងរូបកាយនិងខាងវិញ្ញាណរបស់ពួកគេ និងបង្រៀន ពួកគេឱ្យចេះស្រឡាញ់ និងបំរើគ្នាទៅវិញទៅមក ចេះគោរពព្រះបញ្ញាត្តិទាំងឡាយនៃព្រះ ហើយធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់គ្រប់ទីកន្លែង ដែលពួកគេរស់នៅ។ ស្វាមី និងភរិយា—ម្ដាយ និងឪពុក—នឹងទទួលខុសត្រូវនៅចំពោះព្រះភ័ក្រ្តព្រះ តាមការប្រតិបត្តិនៃភារកិច្ចទាំងឡាយនេះ។
ក្រុមគ្រួសារ ត្រូវបានតែងតាំងឡើងដោយព្រះ។ អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់។ កូនចៅមានសិទ្ឋនឹងទទួលកំណើតមក ក្នុងចំណងនៃអាពាហ៍ពិពាហ៍ ហើយនឹងត្រូវបានចិញ្ចឹមបីបាច់ដោយឪពុកម្តាយ ដែលគោរពប្រតិបត្តិតាមសច្ចានៃអាពាហ៍ពិពាហ៍ដោយស្មោះត្រង់ទាំងស្រុង។ សុភមង្គលនៅក្នុងជីវិតគ្រ្ផសារ អាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ អាពាហ៍ពិពាហ៍ និងគ្រួសារដែលមានជោគជ័យ នោះគឺត្រូវស្ថាបនា និងថែរក្សានៅលើគោលការណ៍នៃសេចក្តីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា ការងារ និងកម្មវិធីកំសាន្តល្អៗនានា។ តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឱ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្តីស្រឡាញ់ និងសេចក្តីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្តង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង។ ម្តាយមានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅបស់ខ្លួន។ នៅក្នុង ការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះ ឪពុក និងម្ដាយ មានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា។ ពិការភាព មរណភាព ឬកាលៈទេសៈផ្សេងៗទៀត អាចនឹងត្រូវសម្របទៅតាម ស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ។ ញាតិសន្តានក្រុមគ្រួសារ គួរតែជួយគាំទ្រ នៅពេលមានសេចក្តីត្រូវការ។
យើងសូមព្រមានថា បុគ្គលណាដែលបំពានលើសេចក្តីសញ្ញានៃព្រហ្មចារីភាព ដោយបានធ្វើបាបភរិយា ឬកូនចៅ ឬមិនបានបំពេញការទទួលខុសត្រូវក្នុងគ្រួសារ គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ។ លើសពីនេះទៅទៀត យើងសូមព្រមានថា ការបែកបាក់នៅក្នុងគ្រួសារ នឹងនាំមកនូវមហន្តរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុន ដោយពួកព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប។
យើងសូមអំពារនាវដល់ ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងឡាយនៅក្នុងរដ្ឋាភិបាល ដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែងទាំងអស់ សូមឱ្យគាំទ្រនូវអ្វីៗទាំងនេះ ដែលបានរៀបរាប់ឡើង ដើម្បីទ្រទ្រង់ និងធ្វើឱ្យក្រុមគ្រួសារមាំមួន ដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម។
ការប្រកាសនេះត្រូវបានអាន ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ជាផ្នែកនៃសារលិខិតរបស់លោក នៅក្នុងការប្រជុំសមាគមសង្គ្រោះទូទៅ ដែលបានធ្វើឡើងនៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុងទីក្រុងសលត៍ លេក រដ្ឋយូថាហ៍។