សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
« ផ្ចង់​ចិត្តអ្នក​ឲ្យ​បាន​យល់ » ។


2:3

« ផ្ចង់​ចិត្តអ្នក​ឲ្យ​បាន​យល់ » ។

ជំនួប​ពេលល្ងាច​ជាមួយនឹង​ពួកអ្នកមានសិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៨  ខែ​កុម្ភៈ ឆ្នាំ ២០១៩•រោង​ឧបោសថ ទីក្រុង សលត៍ លេក

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ខ្ញុំ​អើយ វា​ជា​អំណរមួយ​ដើម្បី​បម្រើ​ជាមួយ​នឹង​បងប្អូន​នៅក្នុង​កិច្ចការ​ដ៏​មហិមា​នេះ ។ ខ្ញុំ​សូម​សម្ដែង​ក្ដី​ស្រឡាញ់ និង​ការ​ដឹងគុណ​ចំពោះ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំងអស់​ដែល​បងប្អូន​បាន​ធ្វើ​ដើម្បី​ជួយ​ដល់​ជំនាន់​ដែល​កំពុង​ពេញវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​រៀន​កាន់តែ​ជ្រៅជ្រះ​នៅក្នុង​ដំណឹងល្អ​នៃព្រះយេស៊ូវ​គ្រីស្ទ ។

នៅពេល​ការរៀនដំណឹងល្អ​មានភាព​ជ្រៅជ្រះ នោះ​សិស្ស​របស់​យើង​រីកចម្រើន​នៅក្នុង ៖ (១) ចំណេះដឹង និងការ​យល់ដឹង (២) សមត្ថភាព​ដើម្បី​ធ្វើ​សកម្មភាព​សុចរិត​ដោយ​មានប្រសិទ្ធភាព និង (៣) ប្រែក្លាយ​កាន់តែដូចជា​ព្រះអង្គសង្គ្រោះ និង​ព្រះវរបិតាសួគ៌​របស់​យើង ។

ការ​យល់ដឹង​ពី​ដំណឹងល្អ​គឺ​ជា​បណ្ដាញ​ដ៏​សំខាន់​មួយ​រវាង​ចំណេះដឹង​នៃ​ដំណឹងល្អ និង​សកម្មភាពសុចរិត​ដ៏​មានប្រសិទ្ធភាព ។ ខ្ញុំ​ចង់​ចែកចាយ​នឹង​បងប្អូន​នា​យប់នេះ​នូវ​គំនិតសង្ខេប​ខ្លះៗ​អំពី​អ្វី​ដែល​យើង​ចង់ធ្វើ​ដើម្បីជួយ​សិស្ស​របស់​យើង​រីកចម្រើន​នៅ​ក្នុងការ​យល់ដឹង​របស់​ពួកគេ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​នឹង​ឃ្លា​ដ៏​អស្ចារ្យ​ដែល​អ័ប៊ីណាដៃ​បាន​ប្រើ​វាយ​ផ្ចាល​ទៅ​ពួក​សង្ឃ​របស់​ស្ដេច​ណូអេ ៖ « អ្នករាល់គ្នា​ពុំ​បាន​តាំង​ចិត្ត​រៀន​ឲ្យ​យល់ ហេតុដូច្នេះហើយ អ្នករាល់គ្នា​ពុំ​មានប្រាជ្ញា​ទេ » ។

ពួក​សង្ឃ​មាន​បទគម្ពីរ ហើយពួកគេ​បាន​ដឹង​អំពី​ច្បាប់ និង​ពួក​ព្យាការី ប៉ុន្តែ​ពួកគេ​ពុំ​ផ្ចង់​ចិត្ត​ពួកគេឲ្យ​បាន​យល់​ទេ ។ ដួងចិត្ត​គឺ​ជា​និមិត្តរូប​សំខាន់​នៃ​ឆន្ទៈ​របស់​យើង បំណង​ប្រាថ្នា ការតាំងចិត្ត គុណតម្លៃ អាទិភាព អារម្មណ៍ និង​ទីបន្ទាល់​អំពី​សេចក្ដីពិតរបស់​យើង ។

ការយល់​ពី​ដំណឹងល្អ​គឺ​មាន​លើសពីការ​គ្រាន់តែជា​បទពិសោធន៍​ខាង​អារម្មណ៍ ។ ​ វា​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើជា​សាក្សី​អំពី​សេចក្ដីពិត បំភ្លឺ​គំនិត​របស់​យើង ហើយ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង ។ ការយល់ក្នុង​ដួងចិត្ត គឺ​ជា​អំណោយទាន​ខាង​វិញ្ញាណ​មួយ ។

នៅពេល​សិស្ស​ម្នាក់​របស់​បងប្អូន​មានបំណង​ដើម្បី​ផ្ចង់ចិត្ត​ឲ្យ​បាន​យល់​គោលការណ៍​ដំណឹងល្អ ដូចជា​មានសេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​នាង​ត្រូវ​អនុវត្ត​សិទ្ធិសេរីភាព​របស់​នាង ដើម្បី​ជ្រើសរើស​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់នៅ​តាម​គោលការណ៍​នោះ ។ បទពិសោធន៍​របស់​នាង​ជាមួយ​នឹង​គោលការណ៍​នេះ គឺជា​ច្រកទ្វារ​ទៅកាន់​ដួងចិត្ត​នាង ។ សកម្មភាព​របស់​នាង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែងទីបន្ទាល់ បំភ្លឺ និង​ផ្លាស់ប្ដូរ​របៀប​ដែល​ដួងចិត្ត​នាង​ឱបក្រសោប​យក​ព្រះអម្ចាស់ និង​គោលការណ៍​នោះ ។ នៅពេល​នាង​បន្ដ​រស់នៅ​តាម​គោលការណ៍ ឆ្លុះបញ្ចាំង​ទៅលើ​បទពិសោធន៍​របស់នាង ហើយ​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែលនាង​ដឹង​ជាការពិត នោះ​ការយល់ដឹង​អំពី​សេចក្ដីជំនឿ​របស់​នាង​នឹង​រីកចម្រើន ហើយ​ដួងចិត្ត​នាង​នឹង​ផ្លាស់ប្ដូរ ៖

  • ឆន្ទៈ បំណងប្រាថ្នា និង​អាទិភាព​របស់​នាង​អំពី​ការធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះអង្គសង្គ្រោះ​កាន់តែ​ស្របទៅនឹង​ព្រះឆន្ទៈ​របស់​ទ្រង់ ។

  • សេចក្ដីសញ្ញា​របស់នាង​ជាមួយ​ព្រះអម្ចាស់​កំណត់​ពី​ការ​តាំងចិត្ត​កាន់​តែ​ខ្លាំង​នៅក្នុង​ដួងចិត្ត​នាង​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​នៅក្នុងទ្រង់ ។

  • អារម្មណ៍​នៃ​ក្ដីស្រឡាញ់ ការលះបង់ អំណរ និង​ជំនឿ​ទៅលើ​ព្រះអម្ចាស់​របស់​នាង កាន់តែ​ជ្រៅជ្រះ និងកាន់តែខ្លាំងឡើងៗ ។

  • ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់នាង​អំពី​សេចក្ដីពិតនៃ​សេចក្ដីជំនឿទៅលើ​ព្រះយេស៊ូវ គ្រីស្ទ និង​ព្រះចេស្ដា ​និង​ក្ដី​ស្រឡាញ់របស់​ទ្រង់​​​នឹង​រីកចម្រើន ។

តើ​បងប្អូន និង​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ក្នុង​នាម​ជា​គ្រូបង្រៀននៃ​ដំណឹងល្អ ដើម្បីជួយ​សិស្ស​របស់​យើង​ឲ្យ​ផ្ចង់ចិត្ត​របស់​ពួកគេ​ឲ្យ​បាន​យល់​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? ខ្ញុំ​សូម​ចែកចាយ​នឹង​បងប្អូននូវ​រឿង​មួយ​ដែល​ខ្ញុំ​ជឿ ដែល​មាន​យោបល់​ដ៏​សំខាន់​ចំពោះ​យើង ។

គ្រូបង្រៀន​ម្នាក់​ប្រមូល​សិស្ស​ថ្នាក់ទីបួន​មួយក្រុម​មក ហើយ​បាន​និយាយ​ពីរបីនាទី​ប្រាប់​សិស្ស​អំពី ម៉ាទីន លូធើរ ជា​សង្ឃ​កាតូលិក​អាល្លឺម៉ង់​ម្នាក់ ដែល​ជា​មនុស្ស​សំខាន់​នៅក្នុងការ​ស្ដារ​និកាយ​ប្រូតេស្ដង់​នៅ​ទ្វីបអើរ៉ុប ។ បន្ទាប់មក​គាត់​បាន​ឲ្យ​ក្មេងៗ​ធ្វើ​លំហាត់​ខ្លី​មួយ ។ ទោះ​ជាយ៉ាងណា​ក៏ដោយ សិស្ស​បាន​ឆ្លើយ​សំណួរ​ដូចជា​ពួកគេ​ត្រូវ​បាន​បង្រៀន​អំពីស្ដេច ម៉ាទីន លូធើរ  ជុញ្ញ័រ ជា​អ្នកដឹកនាំ​សិទ្ធិស៊ីវិល​អាមេរិកកាំង​អញ្ចឹង ពួកគេ​ពុំបានឆ្លើយ​សំណួរ​ណា​ត្រឹមត្រូវទេ ។

បន្ទាប់មក គ្រូបង្រៀន​បាន​ប្រមូលក្រុមទីពីរ​នៃ​សិស្សថ្នាក់ទីបួនមក ។ ទោះជា​យ៉ាងណា លើក​នេះ គាត់បាន​ចាប់​ផ្ដើម​ដោយ​មានសំណួរ​ថា ៖ « តើ​ប្អូនៗ​ប៉ុន្មាននាក់​ស្គាល់ស្ដេច ម៉ាទីន លូធើរ  ជុញ្ញ័រ​ជានរណាទេ ? ដៃទាំងអស់​បាន​លើកឡើង ។ កុមារ​ទាំងនេះ​បាន​ស្គាល់​ច្រើន​អំពី​ស្ដេច ម៉ាទីន លូធើរ  ជុញ្ញ័រ ។ បន្ទាប់មក​គ្រូបង្រៀន​បាន​សួរ​ថា « តើ​អ្នក​ដឹង​ថា​ហេតុអ្វី​បានជា​ឪពុក​ម្ដាយ​របស់​ស្ដេច​ម៉ាទីន លូធើរ  ជុញ្ញ័រ បាន​ដាក់​ឈ្មោះ​គាត់​ថាជា​ម៉ាធីន លូធើរ—ជា​ស្ដេច​ឬទេ ? គ្មាន​នរណា​ម្នាក់ដឹង​ទេ ។ បន្ទាប់មក​គាត់ប្រាប់ថា « ខ្ញុំ​នឹង​ប្រាប់​ប្អូនៗ​ថា​ហេតុអ្វី » ។ បន្ទាប់មក​គាត់​បាន​បង្រៀន​ពួកគេ​អំពី​ម៉ាទីន លូធើរ ដោយប្រើ​ព័ត៌មាន​ដូចគ្នា​បេះបិទ​ដែល​គាត់បាន​ប្រាប់​ក្រុមទីមួយ ។ នៅពេល​គាត់ឲ្យ​លំហាត់​ដូចគ្នា​នោះទៅ​ពួកគេ ក្រុមទីពីរ​បាន​ឆ្លើយ​សំណួរ​ទាំងអស់​បាន​ត្រឹមត្រូវ ។

សិស្ស​ក្រុម​ទីមួយ​ពុំ​បានរៀន​អ្វីសោះ​អំពី​ម៉ាទីន លូធើរ ។ ប៉ុន្តែ​ក្រុមទីពីរ គ្រូបង្រៀន​បាន​ភ្ជាប់​ម៉ាទីន លូធើរ ទៅនឹង​ស្ដេច​ម៉ាទីន លូធើរ  ជុញ្ញ័រ ជា​មនុស្ស​ម្នាក់​ដែល​សិស្ស​បាន​ដឹង​យ៉ាង​ច្រើន ហើយចូលចិត្ត​ខ្លាំង​នោះ ។

សំណួរ​របស់​គ្រូបង្រៀន និងការ​ពិភាក្សា​របស់​គាត់​ជាមួយ​ពួកគេ​បើកគំនិត និង​ដួងចិត្ត​សិស្ស​ឲ្យ​ទទួល​ព័ត៌មាន និង​អារម្មណ៍​ថ្មី ។ ពួកគេ​ពុំ​គ្រាន់តែ​រៀន​អំពី​ម៉ាទីន លូធើរ ប៉ុន្តែ​ការ​រៀន​នោះ​បាន​ចម្រើន​ការ​យល់​ដឹង​របស់​ពួកគេ​អំពី​ស្ដេច ម៉ាទីន លូធើរ  ជុញ្ញ័រ ផងដែរ ។

រឿង​នេះបង្រៀន​យើង​ឲ្យ​ចេះ​បង្កើត​បទពិសោធន៍​ដែល​នឹង​ជួយ​សិស្ស​របស់​យើង​ផ្ចង់​ចិត្ត​ពួកគេ​ឲ្យ​យល់​គោលការណ៍​ដំណឹងល្អ ។ មាន​មេរៀនពីរ​សំខាន់​ចំពោះ​ខ្ញុំ ។

  1. មានអំណាច​ដ៏​មហិមា​នៅ​ក្នុង​ការ​ភ្ជាប់​គោលការណ៍​ទៅនឹង​បទពិសោធន៍​ពួកគេ​ផ្ទាល់ និង​អ្វី​ដែល​ពួកគេ​បាន​ដឹង និង​យល់​រួច​ហើយ ។ បទពិសោធន៍​ផ្ទាល់​ខ្លួន គឺ​ពិតជា​ច្រកទ្វារ​ទៅកាន់​ដួងចិត្ត​របស់ពួកគេ ។

  2. វា​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​ប្រើ​ ទាំង​សំណួរ ដែល យើងសួរ និង​សំណួរ ដែល សិស្សសួរ ។ សំណួរ​ចាក់​សោ​បើក​គំនិត និង​ដួងចិត្ត​របស់ពួកគេ ។

ទាំងនេះ​គឺជា​គំនិត​ដ៏​មាន​អានុភាព ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ប្រើ​វាភ្ជាប់​ជាមួយ​នឹង​ដំណើរ​ពីរ​ផ្សេងទៀត ៖​

  1. បង្រៀនអំពី​ដំណើរ​ការ​ដោយ​យកចិត្តទុកដាក់ ។ ការ​ផ្ចង់ចិត្ត​ដើម្បី​ឲ្យ​បាន​យល់​គឺ​ជា​ដំណើរ​ការ​ខាង​វិញ្ញាណ​មួយ ឯការ​យល់ក្នុង​ដួងចិត្ត​គឺ​ជា​អំណោយទាន​ខាង​វិញ្ញាណ​មួយ ។ សូម​បង្រៀនសិស្ស​អំពី​របៀប​ដែល​ដំណើរ​ការ​ធ្វើការ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​ការ​ទទួលខុសត្រូវ​របស់ពួកគេ​ក្នុង​ការ​ប្រើ​សិទ្ធិសេរីភាព​របស់ពួកគេ​ដើម្បីជ្រើសរើស​ព្រះអម្ចាស់ ហើយ​រស់នៅ​តាម​គោលការណ៍​នានា ។ បង្រៀន​ពួកគេ​ឲ្យ​នឹកគិត​អំពី​បទពិសោធន៍​របស់ពួកគេ ហើយ​ចែកចាយ​អ្វីដែលពួកគេ​បាន​រៀន ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ។ ព្រះគុណ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ នឹង​នៅ​ជាមួយ​ពួកគេ នៅពេល​ពួកគេ​បង្រៀន​គ្នា​ទៅវិញទៅមក ។ 

  2. ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ ។ គឺជា​គោលលទ្ធិ​ និង​ពន្លឺ និង​សេចក្ដីស្រឡាញ់ និង​អំណាច​របស់​ទ្រង់​ដែល​ពួកគេ​ត្រូវការ​អ្វី​គ្រប់យ៉ាង​មក​រួម​គ្នា​នៅក្នុង​ទ្រង់ ។ នៅពេល​យើង​ថ្លែង​ជា​សាក្សី​អំពី​ទ្រង់ ហើយ​ភ្ជាប់​គោលការណ៍​ទៅនឹង​ទ្រង់ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ថ្លែង​ជា​សាក្សី​អំពី​សេចក្ដីពិត បង្រៀន និង​បំភ្លឺ​គំនិត ។

នៅពេល​បងប្អូន​ធ្វើ​រឿង​ទាំងនេះ និង​អ្វីៗ​ជា​ច្រើន​ទៀត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជាសាក្សី​អំពី​សេចក្ដីពិត ជាពិសេស​ ព្រះ​យេស៊ូវ​ គឺ​ជាព្រះគ្រីស្ទ ។ ទ្រង់​នឹង​បង្រៀន​សិស្ស​របស់បងប្អូន​ម្ដងម្នាក់ៗ ។ ទ្រង់​នឹង​ផ្លាស់ប្ដូរ​ដួងចិត្ត​ពួកគេ ហើយពួកគេ​នឹង​រីកចម្រើន​នៅ​ក្នុង​ការ​យល់ដឹង​អំពី​ដំណឹងល្អនៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ដឹង​ថា​រឿង​នេះ​ពិត ។ ខ្ញុំ​បន្សល់​ទុក​នូវ​ក្ដីស្រឡាញ់ និងសាក្សីរបស់​ខ្ញុំ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ម៉ូសាយ ១២:២៧ ។

  2. សូមមើល​វចនានុក្រម Merriam-Webster.com, « Heart, »merriam-webster.com ។

  3. សម្រាប់​ការ​ពិភាក្សា​ទូលំទូលាយអំពី​ទំនាក់ទំនង​រវាង​ដួងចិត្ត និងការយល់ដឹង​ពី​ដំណឹងល្អ សូមមើល ដាវីឌ អេ. បែតណា,Increase in Learning ( ឆ្នាំ ២០១១ ), ទំព័រ ៦៦–៧០ ។

  4. គំនិត​របស់​យើង​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ដំណើរ​ការ​នេះ ជាប្រាកដ ។ ប៉ុន្តែ​បើ​យើង​គ្រាន់តែ​ប្រើ​គំនិត​យើង ហើយពុំ​បាន « ផ្ចង់ចិត្ត [ របស់​យើង ] ដើម្បី​ឲ្យ​បាន​យល់ » ទេ ( សុភាសិត ២:២) នោះ​យើង​នឹង​ពិតជាពុំ​យល់​អំពី​គោលការណ៍នោះទេ ។ យើង​នឹង​ដឹង​អំពី​វា ប៉ុន្តែ​យើង​នឹង​ពុំ​ដឹង​ពិត​តាម​របៀប​ដែល​ព្រះអម្ចាស់​ចង់​បាន​នោះទេ ។ លើសពីនោះទៅទៀត នៅពេល​យើងនិយាយ​អំពី​ការ​ចម្រើន​ការ​យល់​នៅ​ក្នុង​ដួងចិត្ត​យើង នោះ​យើង​កំពុង​និយាយ​អំពី​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង ។

  5. អែលឌើរ រីឆាដ  ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​គោលការណ៍​នេះ ៖ « ព្រះអម្ចាស់​នឹង​មិន​បង្ខំ​អ្នក​ឲ្យ​រៀន​នោះ​ទេ ។ អ្នក​ត្រូវ​តែ​អនុវត្ត​សិទ្ធិសេរីភាព​របស់​អ្នក​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បង្រៀន​ដល់​អ្នក ។ នៅពេល​អ្នកមាន​ទម្លាប់​ធ្វើដូចនេះ​នៅក្នុង​ជីវិត​របស់​អ្នក អ្នក​នឹង​កាន់តែ​ទទួល​យក​អារម្មណ៍​ដែល​កើត​មក​ជាមួយ​នឹង​ការ​ណែនាំ​ខាង​វិញ្ញាណ » («To Acquire Spiritual GuidanceEnsign,Liahona, ខែ​វិច្ឆិកា ឆ្នាំ ២០០៩, ទំព័រ ៨; សូមមើល​ផងដែរ ៦–៩ ) ។

  6. មាន​គោលការណ៍​សំខាន់ និង​មានអំណាច​បំផុតកំពុង​កើត​ឡើង​នៅ​ទីនេះ ។ ដូចជា​រឿងគ្រប់យ៉ាង ព្រះយេស៊ូវ​បាន​បង្ហាញ​ផ្លូវ​ដល់​យើង ។ ព្រះយេស៊ូវ​ដឹង​ដ៏​ឥតខ្ចោះ​អំពី​ភាព​ទន់ខ្សោយ និង​ជំងឺ​របស់​យើង ប៉ុន្ដែ​ទ្រង់​បាន​ជ្រើសរើស​ដើម្បី​រងទុក្ខ​ខាង​សាច់ឈាម ( សូមមើល អាលម៉ា ៧:១១) ។ ទ្រង់​បាន​ធ្វើ​ដូច​នេះ​ដើម្បី​ទ្រង់​អាច​យាង​ចុះ​ទាប​ជាង​អ្វីៗ​ទាំងអស់ ហើយ​ដឹង​គ្រប់​អ្វី​ទាំងអស់​ក្នុង​ដួងព្រះទ័យ​ទ្រង់ ដើម្បី​ទ្រង់​អាច​នឹង​បំពេញ​ដោយ​ក្ដីមេត្តាករុណា ហើយ​មាន​ក្ដី​អាណិត​អាសូរ​ដ៏​ឥតខ្ចោះ និង​អំណាច​ដើម្បី​ប្រោសលោះ ពង្រឹង និង​សង្គ្រោះ​យើង ។ គំនិតនេះ — គឺថា​នៅ​ក្នុងជម្រើស​របស់​ទ្រង់​ដើម្បី​លើក​ដាក់​ជំងឺ​របស់​យើង​ទៅលើ​សាច់ឈាម​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​បង្កើន​ការ​យល់ដឹង​ហួស​ពី​អ្វី​ដែល​ទ្រង់​បាន​ដឹង​ដោយបញ្ញា គំនិត​នេះ—​ត្រូវ​បាន​ថ្លែង​យ៉ាង​ល្អ​នៅក្នុង​សុន្ទរកថា​របស់​អែលឌើរ ណិល អេ. ម៉ាក់ស្វែល, « Willing to Submit » (Ensign,ខែ​ឧសភា ឆ្នាំ ១៩៨៥, ទំព័រ ៧០–៧៣ ) ។

    នៅក្នុង​សួនច្បារ​គែតសេម៉ានី ការរងទុក្ខ​របស់ព្រះយេស៊ូវ បាន​ចាប់​ផ្ដើម​មានការ « ឈឺចាប់​ខ្លាំង​បំផុត » ( ម៉ាកុស ១៤:៣៣) ឬ​នៅភាសាក្រិក « លើសលប់ » និង « ដ៏ញ័រ​រន្ធត់ » ។ សូម​ស្រមៃ​មើល ព្រះយេហូវ៉ា ដែលជា​អង្គបង្កបង្កើត​នៃ​ពិភពលោក​នេះ និង​ ពិភព​នានាដទៃទៀត « បាន​ញ័រ​រន្ធត់ » ! ព្រះយេស៊ូវ​បាន​ដឹងច្បាស់ក្នុង​ព្រះទ័យ​នូវ​អ្វី​ដែល​ទ្រង់​ត្រូវ​ធ្វើ ប៉ុន្តែពុំ​មានធ្លាប់​ជួបប្រទះ​នោះទេ ។ ទ្រង់​ពុំ​បាន​ដឹង​ជាមុនច្បាស់​អំពី​ដំណើរ​នៃ​ដង្វាយធួន​ថា​ឈឺចាប់​ប៉ុណ្ណា​ទេ ។ ដូច្នេះ នៅពេល​ការឈឺចាប់​បានដល់​កម្រិត​ពេញលេញ​របស់​វា វា​ធ្ងន់ធ្ងរ​ពេកក្រៃ ​ដុន​ដាបយ៉ាង​ខ្លាំង សូម្បីតែ​ទ្រង់​ដែល​មាន​ប្រាជ្ញា​វាងវៃ​ល្អឯក​មិន​អាចនឹក​ស្រមៃ​ដល់ ! វា​ពុំ​គួរ​ឲ្យ​ងឿង​ឆ្ងល់​ទេ​ថា ​ហេតុអ្វី​ទេវតាមួយអង្គ​លេច​មក​ដើម្បី​ចម្រើន​កម្លាំង​ដល់ទ្រង់ ( សូមមើល លូកា ២២:៤៣ ) ! ។

    មាន​បទគម្ពីរ​ជា​ច្រើន​ដែល​ប្រាប់​យ៉ាង​ច្បាស់​ថា យើង​ទទួលពរជ័យ​ទាំងឡាយ ( ដូចជា​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ការ​យល់​ដឹងគោលការណ៍​ដំណឹងល្អ ) តែ​បន្ទាប់ពី​យើង​ធ្វើ​សកម្មភាព​រស់នៅ​តាម​គោលការណ៍​ប៉ុណ្ណោះ ( សូមមើល យ៉ូហាន ៧:១៧យ៉ូហាន ៨:៣១–៣២អេភេសូរ ១:១៧–២១ម៉ូសាយ ១២:២៧អាលម៉ា ៣២:២៨អេធើរ ១២:៦គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៤គោលលទ្ធិ​និង​សេចក្ដីសញ្ញា ១៣០:១០–១១ ) ។

  7. ដំណើរ​រឿង​នេះ​ផ្ដោត​ទៅលើ ជេមស៍  អ៊ី ហ្សូល The Art of Changing the Brain: Enriching the Practice of Teaching by Exploring the Biology of Learning ( ឆ្នាំ ២០០២ ) ទំព័រ ១២៤-២៥ ។

  8. សិស្ស​នៅក្នុង​ក្រុម​ទីមួយ​តម្រង​យក​អ្វីៗ​ដែល​ពួកគេ​បាន​ស្ដាប់​ឮ​តាម​គ្រោង​ចំណេះដឹងរបស់​ពួកគេ​ដែលបាន​បង្កើតឡើង​អំពី​ស្ដេច​ម៉ាទីន លូធើរ  ជុញ្ញ័រ​ ។ នៅពេល​ពួកគេ​ស្ដាប់​ឮអំពី « ម៉ាទីន លូធើរ » ពួកគេ​ភ្ជាប់ពាក្យ​ទាំងនោះ​ទៅនឹង « ស្ដេច » ហើយចាប់​ផ្ដើម​ដំណើរ​ការតាម​ចំណេះដឹង​ដែល​ពួកគេ​មាន​នោះ ។ ពួកគេ​ពុំ​ទទួល​បាន​អ្វី​សោះ​អំពី​ម៉ាទីន លូធើរ ។

  9. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៧–៧៨ ។