ព្រះយេស៊ូវ គ្រីស្ទគឺជាចម្លើយ
ជំនួបពេលល្ងាចជាមួយនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ • ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩ • នៅរោងឧបោសថ ទីក្រុង សលត៍ លេក
បងប្អូនប្រុសស្រីដែលនៅទីនេះក្នុងរោងឧបោសថនៅវិសាលនដ្ឋាននៃព្រះវិហារបរិសុទ្ធ និងអស់បងប្អូនដែលជួបជុំនៅជុំវិញពិភពលោក ស៊ីស្ទើរ រ៉ាសបាន និងខ្ញុំមានកិត្តិយសណាស់ដែលបាននៅជាមួយបងប្អូននៅទីនេះ ។ ខ្ញុំក្រឡេកមើលក្រោយពីឥទ្ធិពលផ្លាស់ប្ដូរជីវិតដែលគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានបានមានមកលើខ្ញុំ ។ មកដល់ថ្ងៃនេះ ខ្ញុំបានឃើញឥទ្ធិពលគ្រូបង្រៀនរបស់ខ្ញុំមានមកលើរបៀបដែលខ្ញុំសិក្សាបទគម្ពីរ ជាពិសេស ខ្ញុំស្រឡាញ់ព្រះគម្ពីរមរមនដល់កម្រិតណា ។
ខ្ញុំក៏បានឲ្យតម្លៃដល់បទពិសោធន៍ក្នុងសង្គមដែលខ្ញុំស្ថិតនៅកន្លែងសុវត្ថិភាពជាមួយមិត្តខ្ញុំ ដែលយើងចូលចិត្តនៅជាមួយគ្នាក្នុងបរិដ្ឋានដែលមានដំណឹងល្អ ។ ពួកយើងជួបជុំគ្នានៅក្នុងអគារថ្នាក់សិក្ខាសាលានៅវិទ្យាល័យ ហើយថ្នាក់វិទ្យាស្ថាននៅមហាវិទ្យាល័យ ។ ជាពិសេសខ្ញុំទន្ទឹងចាំដើម្បីនាំ ម៉ាឡានី ថ្វីចឆល ទៅចូលរួមពិធីរាំរបស់ថ្នាក់វិទ្យាស្ថាន ។ ឥឡូវ ម៉ាឡានី ជាភរិយាដ៏ល្អ ស្រស់ស្អាតរបស់ខ្ញុំ ។
ក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន បងប្អូនខិតខំធ្វើការដើម្បីនាំព្រលឹងទាំងឡាយមករកព្រះយេស៊ូវ គ្រីស្ទ ។ បងប្អូនអធិស្ឋានឲ្យសិស្សបងប្អូន បងប្អូនសិក្សាដើម្បីបងប្អូនអាចឆ្លើយសំណួររបស់ពួកគេ បងប្អូនរៀបចំខ្លួនខាងវិញ្ញាណដើម្បីបង្រៀនដោយព្រះវិញ្ញាណ បងប្អូនលើកទឹកចិត្ត និងដាក់បញ្ចូលពួកគេ ហើយបំភ្លឺពីសេចក្ដីពិតនៃដំណឹងល្អ ។
នៅពេលព្រះអម្ចាស់ស្វែងរកអស់អ្នកដែលអាចជួយដល់សិស្សម្នាក់ដែលកំពុងមានបញ្ហា យុវវ័យម្នាក់ដែលមិនសូវមានទីបន្ទាល់ ជាកូនដ៏មានតម្លៃម្នាក់របស់ទ្រង់ ដែលកំពុងធ្លាក់ទីបន្ទាល់ និងការយល់ដឹង នោះទ្រង់បានរៀបចំបងប្អូនឲ្យបោះជំហានជាមួយនឹងឪពុកម្ដាយ និងថ្នាក់ដឹកនាំសាសនាចក្រដើម្បីជួយ ។ បងប្អូនឈរនៅចំពោះសិស្សរបស់បងប្អូន ហើយបញ្ជាក់អះអាងសេចក្ដីពិតម្តងទៀតថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្ម ថាព្រះវរបិតាសួគ៌ស្រឡាញ់យើងម្នាក់ៗ ហើយយើងមានចំណែកនៅក្នុងផែនការដ៏អស់កល្បរបស់ទ្រង់ ។ ហើយសំខាន់បំផុតនោះ គឺបងប្អូនជឿពិត ។
ដូចអែលឌើរ ជែហ្វ្រី អរ ហូឡិន ជាញឹកញាប់បានថ្លែងថា បងប្អូន « ជាគ្រូបង្រៀនមកពីព្រះ » ។១
« តើមានមនុស្សប៉ុន្មាននាក់ … ត្រូវបាននាំមកច្រៀងចម្រៀងក្ដីស្រឡាញ់ប្រោសលោះ ហើយរឿងនេះដោយសារតែព្រះចេស្ដានៃព្រះបន្ទូលទ្រង់ដែលមាននៅក្នុង [ បងប្អូន ] ហេតុដូច្នេះហើយ តើ [ បងប្អូន ] គ្មានហេតុដ៏អស្ចារ្យដើម្បីរីករាយទេឬអី ?
« មែនហើយ [ បងប្អូន] មានហេតុដើម្បីសរសើរទ្រង់ជារៀងរហូត ដ្បិតទ្រង់គឺជាព្រះដ៏ខ្ពស់បំផុត » ។២
ប៉ុន្តែជួនកាលទម្ងល់នៃការលើកកម្ពស់ ការបង្រៀន និងការលើកទឹកចិត្តដល់យុវវ័យ គឺមានទម្ងន់ស្ទើរតែបងប្អូនរែកពុំរួច ។ ព្រះអម្ចាស់ដឹងថាកិច្ចការនៃការនាំព្រលឹងមកកាន់ទ្រង់នេះ អាចជាការលំបាក ។ ខ្ញុំបានរៀនកាលពីខ្ញុំធ្វើជាប្រធានបេសកកម្មនៅទីក្រុងញ៉ូវយ៉ក នៅពេលបទគម្ពីរក្នុងអាលម៉ានេះត្រូវនឹងព្រលឹងខ្ញុំ ៖ « ឥឡូវនេះ កាលណាយើងនឿយណាយក្នុងចិត្ត ហើយយើងសឹងតែត្រឡប់ទៅវិញ មើលចុះ ព្រះអម្ចាស់ទ្រង់បានកម្សាន្ដចិត្តយើង ហើយមានព្រះបន្ទូលថា ៖ ចូរទៅក្នុងចំណោមបងប្អូនអ្នក… ហើយចូរទ្រាំដោយសេចក្ដីអត់ធ្មត់នូវការទុក្ខវេទនាទាំងឡាយរបស់អ្នកចុះ ហើយយើងនឹងប្រទានដល់អ្នកនូវជ័យជម្នះ » ។៣
មារសត្រូវបានពុំស្កប់នឹងឥទ្ធិពលអវិជ្ជមានដែលវាមានចំពោះនគររបស់ព្រះនៅលើផែនដីនេះទេ ។ វាចង់បានបន្ថែមទៀត ។ វាឈ្លានពាន ហើយគ្មានមេត្តា ។ វាប្រមាញ់រកអ្នកដែលបងប្អូនមើលថែ យើងកំពុងមើលឃើញក្នុងមនុស្សមួយចំនួន « ស្រយុតចិត្តដោយភ័យ » ។ ៤
សិស្សមួយចំនួនបានភ្លាត់ចេញពីផ្លូវ ប៉ុន្តែដោយមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះបងប្អូនអាចជួយពួកគេត្រឡប់មកលើផ្លូវវិញ ។ សូមចាំសម្ដីរបស់សាវកប៉ុលថា ៖ « ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិន តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ » ។៥
ហេតុអ្វីទៅ ?
ដោយសារតែបុព្វហេតុនៃព្រះគ្រីស្ទ បានអញ្ជើញដោយការសន្យាដ៏អស់កល្បថា ៖ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក» ។៦
ទ្រង់បានមានបន្ទូលថា « ហេតុដូច្នោះហើយ ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ដ្បិតយើងជាព្រះអម្ចាស់គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក ហើយអ្នកនឹងថ្លែងទីបន្ទាល់អំពីយើងគឺព្រះយេស៊ូវគ្រីស្ទ ថាយើងជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ ថាយើងគង់នៅតាំងពីដើម ហើយយើងនៅឥឡូវនេះ ហើយថាយើងត្រូវយាងមកទៀត » ។៧
យើងពុំអាច « សង្ឃឹមឡើយ » ៨ហើយជាប់នៅក្នុងភាពភ័យខ្លាចនោះទេ ។ ទាំងពីរនេះ —សង្ឃឹម និង ភ័យខ្លាច— គឺពុំអាចនៅក្នុងខ្លួនយើងក្នុងពេលតែមួយទេ ។ ហើយបើយើងធ្វើតាមបញ្ញត្តិរបស់ព្រះអម្ចាស់— បើយើងមានសង្ឃឹម— យើងនឹងត្រៀមថ្លែងទីបន្ទាល់អំពីទ្រង់ ព្រះអង្គសង្គ្រោះនៃពិភពលោក ។ យើងនឹងស្គាល់ទ្រង់ថាជានរណា ហើយស្គាល់តួនាទីដ៏សំខាន់ដែលទ្រង់លើកយើងឡើងហួសពីបញ្ហានៃលោកិយ ។
ដើម្បីមានសង្ឃឹម គឺទុកចិត្តទ្រង់ នៅពេលរឿងទាំងឡាយមិនដំណើរការតាមអ្វីដែលយើងរៀបចំ ។ វាមានន័យថាឲ្យស៊ូទ្រាំនៅពេលស្ថានភាពលំបាក និងផ្លាស់ប្ដូរជីវិតយើងទៅទិសដៅដែលពុំបានរំពឹងទុក នៅពេលសោកនាដកម្ម និងការលំបាកបំផ្លាញក្ដីសុបិនរបស់យើង ។ ប៉ុន្តែព្រះអម្ចាស់រំឭកយើងថា « ដ្បិតនៅក្នុងពិភពលោកនេះ អំណររបស់អ្នកពុំបានពោរពេញទេ ប៉ុន្តែនៅក្នុងយើង ទើបអំណររបស់អ្នកបានពោរពេញ » ។៩
នៅក្នុងថ្នាក់បងប្អូន បងប្អូនអាចដឹងថាសិស្សណាមាន« សង្ឃឹម » ។ ពួកគេនៅតែមានបញ្ហា និងឧបសគ្គ ប៉ុន្តែពួកគេប្រឈមនឹងវាដោយជំនឿ និងការទុកចិត្តទៅលើព្រះ ។ ពួកគេអង្គុយនៅក្នុងថ្នាក់ ចង់បានចម្លើយចំពោះសំណួរនានា ដោយសង្ឃឹមថានឹងដឹងសេចក្ដីពិតដែលនឹងបង្រៀនដល់ពួកគេ ហើយមានទំនុកចិត្តលើខ្លួនគេ ។ ពីព្រោះពួកគេ « ខ្ញុំជាកូនរបស់ព្រះ » ១០គឺទាំងជាចំណេះដឹង និងសុវត្ថិភាព ពុំគ្រាន់តែជាការចងចាំមកពីការច្រៀងចម្រៀងក្នុងថ្នាក់កុមារនោះទេ ។ ពួកគេមកស្វែងរកបទពិសោធន៍ខាងវិញ្ញាណ គំនិត និងបរិបទដែលនឹងជួយពួកគេរកចម្លើយរបស់ពួកគេ ។ ពួកគេចង់ពង្រឹងក្ដីសង្ឃឹម នៅពេលពួកគេធ្វើដំណើរក្នុងពិភពលោកដែលមានការឈ្លោះទាស់ទែង ហើយមិនថាសម្ពាធរបស់ពួកគេយ៉ាងណាទេ ពន្លឺនៅក្នុងភ្នែករបស់ពួកគេយកឈ្នះលើភាពនឿយហត់ក្នុងជីវិតពីមួយថ្ងៃទៅមួយថ្ងៃ ។
កាលសម័យខ្ញុំនៅរៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន— វាដូចជាយូរមកហើយ ខ្ញុំអាចនិយាយថា—សិស្សមកក្នុងថ្នាក់ដោយការជឿ ឬចំពោះខ្ញុំវាមើលទៅដូច្នោះ ។ ពួកគេពុំពោរពេញដោយការសង្ស័យដោយអ្វីដែលពួកគេរកឃើញនៅក្នុងអ៊ិនធើរណិត ពីព្រោះគ្មានអ៊ិនធើរណិតទេ ។ ពួកគេពុំមានកង្វល់ដូចជាយើង ដែលធ្វើឲ្យគេគិតអំពីសាសនា វិវរណៈ ពួកព្យាការី ឬជឿទៅលើព្រះទេ ។
ហើយចុះចំណែកឯសិស្សយកសៀវភៅបាំងមុខដេកអង្គុយជួរក្រោយគេ ? ឬយុវនារីដែលទើបតែកាត់សក់អស់ ហើយពុំមើលមុខអ្នក ? សិស្សពីរនាក់នេះដែលធ្លាប់តែដើរក្នុងថ្នាក់និយាយគ្នា ហើយឥឡូវពុំដែលនិយាយរកគ្នាសោះ ? ចុះចំណែកឯសិស្សល្បីដែលហាក់ដូចជាពុំចាប់អារម្មណ៍ក្នុងការពិភាក្សាដំណឹងល្អ ហើយកំពុងតែខកខានលើសពីអវត្តមានទៅទៀតនោះឥឡូវនេះ ? ចុះមនុស្សមួយចំនួនដែលមើលទៅអស់សង្ឃឹម ហើយគ្មានទាំងកម្លាំងផងនោះ ? សិស្សខ្លះមកថ្នាក់ អង្គុយចុះ …បន្ទាប់មកដើរចេញទៅដោយពុំយកអ្វីទាំងអស់ទៅជាមួយ—សូម្បីតែព្រះវិញ្ញាណ ។ ការថប់បារម្ភ ភាពភ័យខ្លាច ការល្បួង វិបត្តិ និងការខកចិត្តបានគ្រប់គ្រងជីវិតដ៏មានតម្លៃរបស់ពួកគេ ។
តើបងប្អូនធ្លាប់សួរខ្លួនឯងថា « តើមានរឿងអ្វីកើតឡើងនៅទីនេះ » ដែរឬទេ ? ខ្ញុំធ្លាប់ !
ភាពភ័យខ្លាច និងភាពអស់សង្ឃឹម ៖ នោះគឺជាអ្វីដែលកំពុងកើតមានឡើង ។ ភ័យខ្លាចថាគ្មានមិត្តភក្ដិរាប់រក ។ ភ័យខ្លាចការសិក្សា សម្ពាធ និងបញ្ហានៅផ្ទះដែលពួកគេមិនអាចដោះស្រាយ ។ ភ័យខ្លាចថាពួកគេពុំអាចទុកចិត្តនរណា ហើយគ្មាននរណាទុកចិត្តពួកគេ ។ ភ័យខ្លាចភាពឯកោ ហើយខ្លាចនៅក្នុងក្រុម ។ ភ័យខ្លាចថា ពួកគេជាបន្ទុកដល់អ្នកដទៃ ។ ភ័យខ្លាចចំពោះសាសនាដែលរៀបចំឡើង ឬសាសនានានា ។ ភ័យខ្លាចថាគ្មានដំណោះស្រាយ ឬសម្រាលការឈឺចាប់របស់ពួកគេ ។ ការភ័យខ្លាចនាំមកនូវការបាក់ទឹកចិត្ត និងក្ដីអស់សង្ឃឹម ការរន្ធត់ចិត្ត និងជំងឺធ្លាក់ទឹកចិត្ត ការភ័យខ្លាចបង្កើតជាការមួរម៉ៅដែលនាំទៅរកផលមិនល្អ ។ ការភ័យខ្លាចធ្វើឲ្យជឿថាគ្មាននរណាម្នាក់យល់ ហើយដែលកាន់តែអាក្រក់ទៅទៀត ដែលគ្មាននរណាម្នាក់សួរថា « មានរឿងអ្វីហ្នឹង ? »
ជាអកុសល ការភ័យខ្លាចជាច្រើនបង្ហាញពីការបញ្ចប់ដ៏ឃោរឃៅបំផុតគឺ— ការសម្លាប់ខ្លួន ។
នៅពេលអភិបាលរដ្ឋយូថាហ៍បង្កើតក្រុមការងារពិសេសមួយកាលពីឆ្នាំមុនដើម្បីថ្លែងពីកំណើននៃការសម្លាប់ខ្លួនរបស់យុវវ័យ គាត់បានសូមឲ្យប្រធាន រ័សុល អិម ណិលសុន ចាត់ថ្នាក់ដឹកនាំសាសនាចក្រម្នាក់ឲ្យចូលក្រុមនោះ ។ ប្រធាន ណិលសុន បានចាត់ការទទួលខុសត្រូវដ៏សំខាន់នោះដល់ខ្ញុំ ។ ខ្ញុំបានដឹងថាគ្មាននរណាម្នាក់អាចគេចរួចទេ ។ ការសម្លាប់ខ្លួនរបស់យុវវ័យ គឺជាវិបត្តិមួយដែលវាយលុកទៅទូទាំងពិភពលោក ។ ស្ថិតិបង្ហាញថា ការសម្លាប់ខ្លួនឥឡូវនេះស្ថិតនៅលេខបីនៃបុព្វហេតុនៃការស្លាប់របស់យុវវ័យអាយុពី ១៥ ឆ្នាំ ដល់ ២៤ ឆ្នាំ ។ ហើយនេះ ៖ « ការប៉ុនប៉ងសំឡាប់ខ្លួនគឺមាន ២០ ដងញឹកញាប់ជាងការសំឡាប់ខ្លួនតែម្ដង » ។ ១១ បងប្អូនប្រុសស្រីជាទីស្រឡាញ់ នោះគឺជាស្ថិតិដែលឃោរឃៅណាស់ ។
យើងត្រូវតែប្រឈមមុខនឹងរឿងទាំងនេះ ។ នៅក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងត្រូវតែតាំងចិត្តធ្វើអ្វីៗដែលយើងអាចធ្វើទៅបាន ដើម្បីកែទម្រង់ការគិតដែលថា ការសម្លាប់ខ្លួនគឺជាចម្លើយ ជាការឆ្លើយតបមួយដែលអាចដោះស្រាយបញ្ហាបាន ។ យើងត្រូវតែនិយាយទៅកាន់យុវវ័យអំពីការសម្លាប់ខ្លួន ហើយស្រឡាញ់ពួកគេដើម្បីកុំឲ្យពួកគេគិតថាការសម្លាប់ខ្លួនអាចដោះស្រាយការឈឺចាប់របស់ពួកគេបាន ។ ជីវប្រវត្តិរបស់ប្រធាន ថូម៉ាស អេស ម៉នសុន ជាគំរូដ៏ល្អនៃឃ្លា « ទៅជួយសង្គ្រោះ » ។ យើងត្រូវទទួលយកវាជាការទទួលខុសត្រូវរបស់យើង ។
នោះគឺជាអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងទាំងអស់គ្នា ។ ទ្រង់យាងមកជួយសង្គ្រោះយើងតាមរយៈដង្វាយធួន ហើយទ្រង់បន្ដបង្ហាញក្ដីស្រឡាញ់ដ៏អស្ចារ្យដោយព្យាបាលយើង លើកទឹកចិត្តយើង ហើយនាំភាពសុខសាន្ដដល់យើង បើយើងនឹងងាកទៅរកទ្រង់នោះ ។
យើងអាចបង្ហាញក្ដីស្រឡាញ់បើនោះជាអ្វីដែលយុវវ័យត្រូវការ ស្វែងរកមិត្តឲ្យពួកគេ ស្ដាប់ពួកគេ ហើយទៅរកពួកគេដោយសម្ដី និងកាយវិការល្អ ។ យើងអាចចាំបាច់ត្រូវធ្វើការជាមួយនឹងឪពុកម្ដាយ និងប៊ីស្សពរបស់ពួកគេដើម្បីផ្ដល់ការប្រឹក្សាចំពោះឧបសគ្គ ការបាក់ទឹកចិត្ត ឬជំងឺសតិអារម្មណ៍ផ្សេងៗទៀត ។ យើងអាចធ្វើឲ្យមានភាពខុសប្លែកគ្នាក្នុងជីវិតពួកគេ ។ ការឈឺចាប់ជាពិសេសចំពោះការសម្លាប់ខ្លួន គឺយុវវ័យ និងយុវមជ្ឈិមវ័យទាំងឡាយដែលមានបញ្ហាខាងភេទ ។ ពួកគេត្រូវការព្រះហស្ដឱបក្រសោបរបស់ព្រះអង្គសង្គ្រោះ ហើយដឹងថាពួកគេមានអ្នកស្រឡាញ់ ។ ជាញឹកញាប់ ព្រះអម្ចាស់ហៅរកយើង ទ្រង់រំពឹងយើងឲ្យធ្វើជាព្រះហស្ដស្វាគមន៍ និងព្រះហស្ដនៃក្ដីស្រឡាញ់របស់ទ្រង់ ។ យើងត្រូវលើកទឹកចិត្តមិត្តរបស់ពួកគេឲ្យធ្វើដូចគ្នា ។
ការសម្លាប់ខ្លួនគឺភ្ជាប់ទៅនឹងការឈឺចាប់ដែលគ្មានចម្លើយ ភាពសោកសៅ ទុក្ខព្រួយ តើអ្វីនឹងកើតឡើង បើខុសពីនេះ ហើយតើពួកគេធ្វើយ៉ាងណាឥឡូវនេះ ។ ការបាត់បង់ជីវិតទាំងនេះ គឺជាសោកនាដកម្មគួរឲ្យភ័យខ្លាចដែលយើងក្នុងនាមជាប្រជាជនមួយត្រូវតែឈោងទៅជួយតាមរបៀបថ្មី និងកាន់តែមានប្រសិទ្ធភាពដើម្បីប្រឹក្សា បង្ហាញក្ដីស្រឡាញ់ និងខ្វល់ខ្វាយ ហើយនៅជិត និងគាំទ្រដល់យុវវ័យរបស់យើង ។ សូមព្យាយាមថ្លែងព្រះនាម « ព្រះយេស៊ូវ គ្រីស្ទ » ក្នុងពេលដែលនរណាម្នាក់បាត់បង់ក្ដីសង្ឃឹម ។ ការទូលទៅទ្រង់ ដោយគារវភាព អាចធ្វើឲ្យមានភាពខុសប្លែកក្នុងគ្រាលំបាកមួយ ។
សហគមន៍មួយចំនួនកំពុងប្រឈមមុខនឹងអ្វីដែលគេហៅថា « ចង្កោម » នៃការសម្លាប់ខ្លួន ដែលយុវវ័យម្នាក់ធ្វើសកម្មភាពដ៏ធ្ងន់ធ្ងរ ហើយអ្នកដទៃមើលថាវាគឺជាជម្រើសមួយ ហើយធ្វើតាម ។
ខ្ញុំសូមចែកចាយជាមួយនឹងបងប្អូននូវរឿងអំពីយុវវ័យជនជាតិអង់គ្លេសម្នាក់ដែលត្រូវបានចាក់ផ្សាយនៅលើសារព័ត៌មាន ប៊ីប៊ីស៊ី នៅខែមេសា ឆ្នាំ ២០១៨ ។ ដំណើររឿងនោះគឺអំពីយុវវ័យ ហាទី ស្ពែរ៉េ សៅត អាយុប្រហែលជា ១៦ ឆ្នាំ ដែលបានប៉ុនប៉ងធ្វើអត្ថឃាតខ្លួនឯង ។ ហើយនាងបានព្យាយាមម្ដងទៀត ហើយប្រហែលជាវានឹងបានសម្រេច បើគ្រូបង្រៀនម្នាក់ពុំកត់សម្គាល់ឃើញថានាងពុំសប្បាយចិត្តសោះនោះ » ។ មិត្តបីនាក់របស់នាងបានសម្លាប់ខ្លួនឯងរួចទៅហើយ ។ នាងបានរងទុក្ខនឹងជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលពីរឆ្នាំ ។
ហាទី បាននិយាយថា « ខ្ញុំសោកសៅខ្លាំងណាស់ ។ ហើយខ្ញុំដេកមិនលក់សោះ » ។ ភាពខ្មៅងងឹតចេះតែបន្ដ ។ ឪពុកម្ដាយនាងលែងលះគ្នា ហើយម្ដាយនាងមានបញ្ហាសុខភាពចេញចូលមន្ទីរពេទ្យជាញឹកញាប់ ។ មនុស្សគ្រប់គ្នាចាប់អារម្មណ៍ទៅលើម្ដាយនាង ហើយគ្មាននរណាម្នាក់បានកត់សម្គាល់ឃើញភាពខ្មៅងងឹតនៅក្នុងកែវភ្នែកហាទីទេ ។ គ្មាននរណាម្នាក់បានសួរថា « តើឯងមិនអីទេឬ ? តើឯងមានអារម្មណ៍យ៉ាងណាដែរ ?
ថ្ងៃមួយពេលនាងដើរចូលក្នុងថ្នាក់ពាក់អាវយឺតដែលគួរឲ្យខ្លាច ហើយនាងទើបកាត់សក់អស់ថ្មីៗ ។ គ្រូរបស់នាងបានសួរថា « ឯងមិនអីទេឬ? តើឯងយ៉ាងម៉េចហើយ ?
ហាទីបានតបថា « មិនអីទេ » ។ ប៉ុន្តែគាត់ពុំឈប់នៅត្រឹមនោះទេ ។ មានមនុស្សម្នាក់បានកត់សម្គាល់នាង ។ នាងបាននិយាយថា « តាមពិតទៅខ្ញុំមានអារម្មណ៍មិនល្អទេ » ។ « ខ្ញុំមានអារម្មណ៍សោកសៅណាស់ ។ ហើយខ្ញុំបន្ដយំ » ។
បន្ទាប់មកហៃទីយំកាន់តែខ្លាំងឡើងរហូតធ្វើឲ្យការផាត់មុខរបស់នាងប្រឡាក់ពេញមុខ ។ ប៉ុន្តែវាមិនសំខាន់ទេ ឥឡូវព្រោះមានមនុស្សម្នាក់បានឈោងទៅជួយនាង ។
គ្រូបង្រៀនរូបនេះបានសួរសំណួរសាមញ្ញមួយដែលគាត់បានសួរដល់ក្មេងៗជាច្រើន ។ ប៉ុន្ដែដោយមានសញ្ញាថាគាត់ខ្វល់ខ្វាយ ហាទីបានទទួលយកជំនួយ ។ ហើយហាទីបានទទួលជំនួយ ។
ក្រោយមកនាងបានពន្យល់ថា « វាគ្រាន់តែជារឿងតូចមួយ ប៉ុន្តែវាមានឥទ្ធិពលដ៏មិនគួរឲ្យជឿ នៅពេលអ្នកនិយាយទៅក្មេងម្នាក់ថា ‹ សុខសប្បាយទេ ?› នៅពេលពួកគេមកក្នុងថ្នាក់រៀន ហើយអ្នកដឹងទេ ទោះជាពួកគេនិយាយថា ‹ សុខសប្បាយ › ក្ដី ក៏ពួកគេនឹងស្ដាប់អ្នកដែរ » ។១២
បងប្រុសជាទីស្រឡាញ់របស់ខ្ញុំ ជែហ្វ្រី អរ. ហូឡិន បានមានប្រសាសន៍ថា «បងប្អូនប្រុសស្រី មិនថាភាពស្មុគស្មាញរបស់អ្នកជាអ្វីនោះទេ---ទោះជាផ្នែកស្មារតី ឬ អារម្មណ៍ ឬ ខាងរូបកាយ ឬទោះជាអ្វីក្តី-សូមកុំបោះបង់ចោលអ្វីដែលមានតម្លៃបំផុតក្នុងជីវិត ដោយការបញ្ចប់វាឡើយ ! សូមទុកចិត្តលើព្រះ ។ សូមតោងឲ្យជាប់នឹងសេចក្តីស្រឡាញ់ទ្រង់ ។ សូមគិតថា នៅថ្ងៃណាមួយ ភាពខ្មៅងងឹតនឹងចេញជាពន្លឺ ហើយស្រមោលនៃជីវិតរមែងស្លាប់នឹងបាត់ទៅ ។ ទោះបីជាយើងអាចមានអារម្មណ៍ថា « ដូចជាឆ្នាំងដែលបែកធ្លាយ » ដូចដែលទំនុកដំកើងបាននិយាយក្ដី សូមឲ្យយើងចងចាំថា ឆ្នាំងនោះគឺក្នុងព្រះហស្ដនៃអ្នកស្មូនឆ្នាំងដ៏ទេវភាព » ។១៣
គ្មានផ្លូវងាយណាដើម្បីប្រាប់ពីអ្នកទាំងឡាយដែលស្ថិតក្នុងគ្រោះថ្នាក់នោះទេ ។ យុវវ័យទាំងនេះលេងឧបករណ៍តន្ត្រី ច្រៀងក្នុងក្រុមចម្រៀង លេងបាល់ទាត់ ឬធ្វើការច្រកឥវ៉ាន់បន្ទាប់ពីរៀន ។ ពួកគេមកព្រះវិហារ— ពួកគេមួយចំនួន— ពួកគេជាមិត្តរបស់អ្នកដែលមកថ្នាក់របស់អ្នក តែអ្នកខ្លះទៀតពុំបានមកចូលរួមក្នុងសាសនាយូរមកហើយ ។ ប៉ុន្ដែមានរឿងជាទូទៅដូចជា ៖ ការខកចិត្ត ការប្រឡងធ្លាក់ ការបែកបាក់ ការចំអកជាច្រើនប្រភេទ ការថប់បារម្ភក្នុងការសិក្សា និងអ្វីដែលយើងហៅថា ទុក្ខវេទនារបស់មនុស្សវ័យជំទង់ ។
សាសនាចក្របានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការសម្លាប់ខ្លួនរបស់យុវវ័យ ដោយបង្កើតជាគេហទំព័រមួយដែលមានព័ត៌មាន វីដេអូលើអ៊ិនធើរណិត ជួយដល់អ្នកដែលមានអារម្មណ៍ឯកោ បង្កើតជំនួយតាមទូរសព្ទ និងបញ្ជីអំពីសញ្ញាព្រមានដូចជា ហាទី គឺត្រូវស្វែងរកជំនួយ ។
សូមស្គាល់ធនធានទាំងនេះ ហើយបងប្អូននឹងបំពេញការហៅបន្ថែមរបស់បងប្អូនក្នុងនាមជា « គ្រូបង្រៀនមកពីព្រះ » ។១៤
តើយើងអាចទាក់ទងទៅនរណាម្នាក់ដែលកំពុងរងទុក្ខ ហើយប្រាប់ថាព្រះអម្ចាស់ដឹងពីអារម្មណ៍របស់អ្នកតាមរបៀបណា ? ទ្រង់បានលើកដាក់លើព្រះអង្គទ្រង់នូវបញ្ហា និងកំហុសផ្ទាល់ខ្លួនរបស់បងប្អូន ។ ទ្រង់បានរែកជំនួសបងប្អូនដើម្បីបងប្អូននឹងមានអង្គមួយដែលនឹងបម្រើដោយការដឹងយ៉ាងពេញលេញអំពីការឈឺចាប់នោះ និងហេតុអ្វីបានជាដូច្នោះ ។
ការយល់ដឹងកាន់តែច្រើនអំពីព្រះយេស៊ូវគ្រីស្ទ នឹងជួយដល់អស់អ្នកដែលអស់សង្ឃឹម ។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ និងទីកន្លែងដ៏ល្អ និងលើកតម្កើង ដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៅភាពអស់កល្បជានិច្ច គឺជាសារលិខិតនៃក្ដីសង្ឃឹម ។ ទ្រង់ស្រឡាញ់ពួកគេ ។ ពួកគេចាំបាច់ត្រូវដឹងរឿងនោះ ។ បទគម្ពីរបានថ្លែងថា « យើងជាព្រះអម្ចាស់គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក » ។១៥ការសន្យារបស់ទ្រង់នៅទីនោះ គឺពុំមែនជាការថ្លែងទុកសម្រាប់អ្នកដែលគ្មានបញ្ហា ឬសមាជិកនៅក្នុងក្រុមប្រឹក្សាថ្នាក់សិក្ខាសាលាប៉ុណ្ណោះទេ ។ ទ្រង់នឹងឈរនៅជិតយុវវ័យរបស់យើងម្នាក់ៗ— យើងម្នាក់ៗចំពោះរឿងនោះ— នៅក្នុងម៉ោងដ៏ងងឹតបំផុតរបស់យើង ។ នោះគឺជាអំណាចនៃដង្វាយធួន ហើយយើងចាំបាច់ត្រូវបង្រៀនវាដោយកម្លាំងនោះ ដើម្បីវាឈោងទៅដល់អស់អ្នកដែលកំពុងរងទុក្ខ ។
សូមជួយសិស្សឲ្យស្គាល់ « បទគម្ពីរការពារ » មួយ ដែលពួកគេអាចនឹកឃើញក្នុងគំនិត នៅពេលពួកគេស្ថិតនៅក្នុងស្ថានភាពពិបាក ឬត្រូវការកម្លាំងដើម្បីដើរចេញ ។ « ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ដ្បិតយើងជាព្រះអម្ចាស់គង់នៅជាមួយនឹងអ្នក » ១៦គឺជាបទគម្ពីរល្អមួយ ។
ជីវិតគឺតែងតែជួបបញ្ហា ។ គ្មាននរណាម្នាក់ជៀសផុតឡើយ។ ពុំមែនជាបងប្អូន ពុំមែនជាខ្ញុំ ហើយពុំមែនជាពួកគេ ។ យុវវ័យមួយចំនួនរងទុក្ខដោយសារតែពួកគេគិតថាពួកគេគឺជាមនុស្សតែម្នាក់ដែលមានបញ្ហានោះ ។ អ្នកផ្សេងទៀតហាក់ដូចជាគ្មានបញ្ហាសោះ ។ ពួកគេជឿដោយខុសឆ្គងថា បើបងប្អូនសិក្សាគម្ពីរ រក្សាបទបញ្ញត្តិ ហើយអធិស្ឋានប្រចាំថ្ងៃ នោះការឈឺចាប់ ចលាចល ការគ្មានប្រជាប្រិយភាព និងឧប្បទ្ទវហេតុនឹងបានកន្លងផុតទៅ ។ វាពុំគ្រាន់តែកើតឡើងតាមវិធីនោះទេ ។ ការសាកល្បងកើតមានចំពោះយើងគ្រប់រូប ។
បញ្ហា ឧបសគ្គ ការសាកល្បង ទុក្ខព្រួយ ការលំបាក ភាពសោកសៅ—អ្វីទាំងអស់ដែលអ្នកនឹងគិតដល់— គឺជាចំណែកនៃបទពិសោធន៍ក្នុងជីវិតរមែងស្លាប់នេះដើម្បីធ្វើឲ្យយើងរឹងមាំ និងស្ថាបនាយើងឡើង ។ ពរជ័យគឺថាតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចនៅតែ « មានសង្ឃឹមឡើង » ។១៧
សូមកុំឲ្យតម្រូវការនៃសិក្សាធិការនៃការបង្រៀនដំណឹងល្អមករារាំងព្រះចេស្ដានៃព្រះវិញ្ញាណដើម្បីមានឥទ្ធិពល និងលើកទឹកចិត្តដល់សិស្សរបស់បងប្អូនឡើយ ។ សូមរៀបចំពួកគេឲ្យទទួលការបំផុសគំនិត ហើយធ្វើតាម ។ សូមរៀបចំពួកគេឲ្យទទួលវិវរណៈផ្ទាល់ខ្លួនដូចជាប្រធាន ណិលសុន បានគូសបញ្ជាក់ ។១៨
នៅពេលពួកគេធ្វើដូចនោះ ពួកគេនឹងទទួលបទពិសោធន៍អព្ភូតហេតុនៃការដឹកនាំ និងការណែនាំរបស់ព្រះអម្ចាស់ ជាទម្រង់ពិតនៃក្ដីស្រឡាញ់របស់ទ្រង់ ។
ហេតុអ្វីក៏ខ្ញុំជ្រើសរើសនិយាយអំពីការសម្លាប់ខ្លួន និងដៃគូវា —ជាភាពភ័យខ្លាច ភាពឯកោ ភាពអស់សង្ឃឹម និងការឈឺចាប់— ក្នុងទីតាំងដ៏មានគារវភាពដូចនេះដូច្នេះ ? បងប្អូនប្រុសស្រីជាទីស្រឡាញ់ ដោយសារតែបងប្អូននៅក្នុងក្រុម « ជំនួយដំបូងគេ » ហើយបើមិនដូច្នោះទេ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យធ្វើវា ។ ការសម្លាប់ខ្លួន និងដៃគូខ្មៅងងឹតរបស់វា គឺមានពិត ។ វាកំពុងបង្កើនខ្លួននៅក្នុងចំណោមយុវវ័យរបស់យើងដែលនាំទុក្ខទោស ហើយបញ្ឆោតយុវវ័យជម្រើសគ្រប់រូប ហើយបំពេញដោយការសន្យាឲ្យជឿថាជីវិតពួកគេគ្មានគោលបំណងអ្វីទេ ។ គ្មានអ្វីអាចបន្ថែមហួសពីសេចក្ដីពិតនេះទេ ។
ជីវិតគឺងាយបាក់បែក ។ យើងមិនដឹងថានៅពេលណាមានអ្វីមួយនឹងកើតឡើងចំពោះនរណាម្នាក់នោះទេដែលធ្វើឲ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ យើងមានអារម្មណ៍ថាពុំបានត្រៀមខ្លួន ហើយមិនដឹងថាត្រូវធ្វើយ៉ាងណា ។ ប៉ុន្តែបើពួកគេមកពីគេហដ្ឋានដែលមានការអធិស្ឋានជាគ្រួសារ សិក្សាព្រះគម្ពីរ និងរាត្រីជួបជុំក្រុមគ្រួសារ នោះឧបករណ៍សម្រាប់ « កាន់ខ្ជាប់ » គឺមានភាពរឹងមាំជាង ។ សូមកុំយល់ខុស ទោះជាយ៉ាងណា យុវវ័យរបស់យើងដែលបានធ្វើនូវរឿងទាំងនេះនឹងពុំស្ថិតនៅក្នុងគ្រោះថ្នាក់នេះឡើយ ។ យុវជនម្នាក់បានឆ្លើយតបទៅសកម្មភាពរាត្រីជួបជុំក្រុមគ្រួសារថា សុំឲ្យសមាជិកគ្រួសារម្នាក់ៗសរសេរនូវអ្វីមួយដែលសំខាន់ចំពោះពួកគេ ។ យុវជនអាយុ ១៤ ឆ្នាំ ដែលហាក់ដូចជាមានអ្វីៗដែលគាត់ត្រូវការ គាត់បានសរសេរដូចនេះថា « ចង់ដឹងថាមានរណាម្នាក់នៅក្បែរខ្ញុំ » ។
ខ្ញុំមានមិត្តជិតស្និតម្នាក់ដែលពុំចូលរៀនថ្នាក់សិក្ខាសាលា រហូតដល់បាក់ឌុប ។ គាត់ពុំទៅព្រះវិហារ គាត់ពុំបានទៅតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ ។ ដោយសារគាត់ជាអ្នកចម្រៀង គាត់បានសម្រេចចិត្តសាកល្បងចូលក្រុមចម្រៀងថ្នាក់សិក្ខាសាលា ហើយគាត់ធ្វើបាន ។ ( មនុស្សគ្រប់គ្នាធ្វើជាក្រុមចម្រៀងថ្នាក់សិក្ខាសាលា ) ។ គាត់ពុំចាំមេរៀនអ្វីសោះនៅក្នុងថ្នាក់ ។ ទោះជាយ៉ាងណាក៏ដោយ រាល់ពេលដែលពួកគេច្រៀង ព្រះវិញ្ញាណបានបំពេញក្នុងបន្ទប់ ហើយគាត់បានដឹងថាវាខុសប្លែកពីក្រុមចម្រៀងនៅសាលារៀនដែលគាត់ច្រៀងនៅទល់មុខនោះ ។ គាត់ទទួលអារម្មណ៍អ្វីមួយដែលគាត់ពុំធ្លាប់មានពីមុន ។ គាត់បានទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ គាត់ពុំស្គាល់ព្រះវិញ្ញាណទេ ពីព្រោះគាត់រស់នៅផ្ទះដែលពុំមានការបង្រៀនដំណឹងល្អ ។ គាត់បានរីករាយ ហើយពឹងផ្អែកនឹងព្រះវិញ្ញាណ ។ គាត់រឹងមាំនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយសារ « មាននរណាម្នាក់នៅជិតគាត់ » ។ ហើយជាច្រើនឆ្នាំក្រោយមក គាត់នៅតែនិយាយជារឿយៗជាមួយនឹងគ្រូថ្នាក់សិក្ខាសាលារបស់គាត់ ដែលជា « គ្រូបង្រៀនមកពីព្រះ » ។១៩
សម្រាប់សិស្សដែលបងប្អូនបង្រៀនដែលពុំមានបណ្ដាញគាំទ្រ កម្លាំងនៅគេហដ្ឋាន នោះការបង្រៀនរបស់បងប្អូនសំខាន់សម្រាប់សុខុមាលភាពរបស់ពួកគេ ។ ពួកគេអាចជាសិស្សដែលបងប្អូនសួរសំណួរជាឯកជនដើម្បីទំនាក់ទំនងនៅក្នុងការពិភាក្សាដំណឹងល្អបន្ថែម ដោយសារនោះជាពេលតែមួយគត់ដែលពួកគេមានទំនាក់ទំនងខាងវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ។ សូមរក្សាឱកាសទាំងនោះ ហើយចំណាយពេលជាមួយពួកគេ ។
ការព្យាបាលកើតមានតាមរយៈព្រះអង្គសង្គ្រោះ ដែល « បានយាងចុះក្រោមគ្រប់ទាំងអស់ » ២០ដើម្បីទ្រង់អាចដឹង « ស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ។២១
សូមពិចារណាអំពីគ្រាដែលព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់ដោយមានតែត្រី និងនំប៉័ងពីរបីដុំដែលជាអាហារថ្ងៃត្រង់របស់ក្មេងប្រុសម្នាក់ បន្ទាប់មកបានចេញទៅឡើងលើភ្នំតែអង្គឯងអធិស្ឋាន ។ ពួកសិស្សរបស់ទ្រង់ ចេញដំណើរទៅសមុទ្រកាលីឡេ ហើយពេលយប់មកដល់ ព្រះយេស៊ូវបានចេញទៅជួបពួកគេដោយយាងដើរនៅលើទឹក ។ នៅពេលឃើញទ្រង់ ពួកគេ « ស្រែកឡើងដោយសេចក្ដីតក់ស្លុត » ២២ហើយទ្រង់បានតបថា « ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ » ។ ២៣
នៅពេលពេត្រុសលោតឡើងទៅចំហៀងទូកនៅយប់នោះ ព្រះអម្ចាស់បានអញ្ជើញឲ្យគាត់ដើរនៅលើទឹក គាត់បានពេញដោយសង្ឃឹមរហូតដល់ពេលគាត់មើលចុះក្រោម ក៏បានឃើញសមុទ្រកួច បោកបក់ ។ បន្ទាប់មកគាត់បានស្រែកឡើងទាំងភ័យខ្លាច ។
ព្រះយេស៊ូវបានឈោងទៅជួយគាត់ដោយក្ដីមេត្តាករុណា ពុំដោយកំហឹងទេ ។ មរ៉ូណៃ បានពិពណ៌នាអំពីភាពមិនជឿជាក់ផ្ទាល់ខ្លួនរបស់យើង « សូមឲ្យព្រះគ្រីស្ទលើកអ្នកឡើង ហើយសូមឲ្យការរងទុក្ខ និងការសុគត…និងក្ដីមេត្តាករុណារបស់ទ្រង់ និងការអត់ធ្មត់និង សេចក្ដីសង្ឃឹមទៅលើសិរីល្អរបស់ទ្រង់ និងជីវិតអស់កល្បជានិច្ចចាំដក់ជាប់នៅក្នុងគំនិតរបស់អ្នកជារៀងរហូត » ។២៤
បងប្អូនប្រុសស្រីទាំងឡាយ ទ្រង់កំពុងមានបន្ទូលមកកាន់យើង ដោយសារតែយើងទាំងអស់គ្នាចេញទៅក្នុងទឹក ។
នៅក្នុងស្ថានភាពមួយទៀតមកពីព្រះគម្ពីរសញ្ញាថ្មី ក្រុមមួយបានជួបជុំគ្នានៅជុំវិញបុរស « ស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមកឯទ្រង់ » ។២៥ព្រះអម្ចាស់យេស៊ូវ ទតមើលទៅលើអ្នកជំងឺ ហើយដឹងពីសេចក្ដីជំនឿនៃមនុស្សដែលនៅជុំវិញ រួចមានបន្ទូលថា « ចូរមានសង្ឃឹមឡើង » ។២៦
នៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ព្រះយេស៊ូវ គ្រីស្ទ បានថ្លែងបន្ទូលតាមរយៈយ៉ូសែប ស្ម៊ីធ ទៅកាន់ពួកអ្នកបម្រើទ្រង់ដែលបានចេញទៅបេសកកម្ម ហើយប្រឈមមុខនឹងគ្រោះថ្នាក់ និងជំងឺនានាថា « ចូរសង្ឃឹមឡើង កូនតូចអើយ ដ្បិតយើងនៅកណ្ដាលពួកអ្នក » ។២៧
យ៉ូសែប ស៊្មីធ បានឃើញនៅក្នុងការនិមិត្តអំពីពួកសាវកនៅក្នុងបេសកកម្មរបស់ពួកគេនៅប្រទេសអង់គ្លេស « ឈរជុំគ្នាជារង្វង់នឿយហត់ជាខ្លាំង សម្លៀកបំពាក់ពួកគេរយ៉េរយ៉ៃ ជើងហើម ភ្នែកពួកគេឈ្ងោកចុះ ហើយព្រះយេស៊ូវគង់នៅកណ្ដាលពួកគេ ហើយពួកគេពុំមើលឃើញទ្រង់ឡើយ ។ ព្រះអង្គសង្គ្រោះទតមើលលើពួកគេ ហើយព្រះកន្សែង » ។២៨
តើបងប្អូនអាចឃើញលំនាំនេះឬទេ ? អំណាចដែលធ្វើឲ្យកើតមានរបស់ព្រះគ្រីស្ទ បានបង្ហាញដោយសាមញ្ញថា ទ្រង់គង់នៅទីនោះសម្រាប់យើង—ជានិច្ច ។ មិនថាមានរឿងអ្វីទេ ទ្រង់នឹងគង់នៅនឹងយើង ទ្រង់នឹងលួងលោមយើង ហើយទ្រង់នឹងដឹកនាំយើង បើយើងមករកទ្រង់ ហើយទាញយកព្រះចេស្ដាទ្រង់ដើម្បីសង្គ្រោះយើង ។ ជាញឹកញាប់បំផុត ទ្រង់បានព្យាបាលបេះដូងរងរបួស ។ យើងសួរថា តើវាកើតឡើងយ៉ាងម៉េច ? ដោយព្រះចេស្ដានៃដង្វាយធួនអនុវត្តនៅក្នុងជីវិតយើងសព្វថ្ងៃ ពុំមែននៅចុងបញ្ចប់ពីខាងមុខការជំនុំជម្រះចុងក្រោយទេ ប៉ុន្តែជារៀងរាល់ថ្ងៃ យើងព្យាយាមប្រែក្លាយដូចជាទ្រង់ ស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ ធ្វើតាមពួកព្យាការីជម្រើសរបស់ទ្រង់ ។
នៅពេលខ្ញុំសិក្សាដង្វាយធួន ខ្ញុំព្យាយាមនឹកស្រមៃអំពីស្ថានភាពអាក្រក់នៃរឿងនានាដែលកើតឡើងជុំវិញព្រះអង្គសង្គ្រោះ នៅពេលទ្រង់លុតជង្គង់នៅសួនច្បារគេតសេម៉ានី ។ នៅពេលខ្ញុំសិក្សាអំពីដង្វាយធួន ខ្ញុំព្យាយាមនឹកស្រមៃអំពីស្ថានភាពនៃរឿងឈឺចាប់ នៅពេលព្រះអង្គសង្គ្រោះលុតជង្គង់នៅក្នុងសួនច្បារគេតសេម៉ានី ហើយអធិស្ឋានថា « ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឬទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឬទ័យទ្រង់វិញ » ។២៩ ទ្រង់មានបន្ទូលអំពីការរងទុក្ខរបស់ទ្រង់ថា ៖ « ឈឺដល់ណានោះអ្នកមិនដឹងទេ ជ្រួតជ្រាបដល់ណា នោះអ្នកមិនដឹងទេ មែនហើយ ធ្ងន់ធ្ងរដល់ណា នោះអ្នកមិនដឹងទេ » ។ ៣០ យុវវ័យរបស់យើងចាំបាច់ត្រូវយល់អំពីសេចក្ដីថ្លែងដ៏អស្ចារ្យនេះ ។
« នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចម្រើនកម្លាំងថ្វាយ » ។៣១
តាមតម្រូវការទ្រង់ ពេលលើកទម្ងន់នៃអំពើបាបរបស់យើងសេចក្ដីអាក្រក់រាល់ថ្ងៃរបស់យើង ភាពទន់ខ្សោយ និងការខកចិត្តរបស់ដាក់លើទ្រង់ នោះពួកគេទេវតាលេចចេញមកចម្រើនកម្លាំងថ្វាយទ្រង់ ។ បងប្អូនប្រុសស្រីទាំងឡាយ នៅក្នុងគ្រាលំបាករបស់បងប្អូន ព្រះអម្ចាស់បានប្រទាន « ពួកទេវតាមកនៅជុំវិញបងប្អូន ដើម្បីលើកបងប្អូនឡើង » ។៣២គ្រូបង្រៀនជាទីស្រឡាញ់ បងប្អូនអាចជាទេវតានោះ ។
ព្រះអង្គសង្គ្រោះបានបញ្ជាក់កាលពីដើមនៅក្នុងយប់អាហារថ្ងៃចុងក្រោយអំពីបេសកកម្ម និងភាពសុខសាន្ដដែលបានសន្យា ដោយមានបន្ទូលថា « នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ » ។៣៣ទ្រង់ស្គាល់ច្បាស់នូវអ្វីដែលមាននៅខាងមុខ ស្គាល់ច្បាស់នូវចំណែករបស់ទ្រង់ក្នុងការប្រតិបត្តិផែនការនៃសេចក្ដីសង្គ្រោះដ៏មហិមា ដែលទ្រង់បានលើកទឹកចិត្តដល់សិស្សរបស់ទ្រង់ឲ្យ « សង្ឃឹមចុះ » ។
អែលឌើរ ណែល អេ ម៉ាកស្វែល បានសង្កេតថា ៖ « ការរងទុក្ខនៅសួនច្បារគេតសេម៉ានីដែលគ្មានអ្វីប្រៀបផ្ទឹមនោះ គឺហៀបនឹងមកគ្របលើព្រះយេស៊ូវហើយ ឯការក្បត់របស់យូដាស គឺហៀបកើតឡើងដែរ ។ បន្ទាប់មកនឹងកើតមាននូវការចាប់ខ្លួន និងការកាត់ទោសព្រះយេស៊ូវ ពួកដប់ពីរនាក់ត្រូវខ្ចាត់ព្រាត់ដូចជាកូនចៀម ការធ្វើទុក្ខដល់ព្រះអង្គសង្គ្រោះយ៉ាងឃោរឃៅ ការកាត់ក្ដីអយុត្តិធម៌ ពួកមនុស្សកំណាចស្រែកយ៉ាងគ្រលួចឲ្យដោះលែងបារ៉ាបាសជំនួសព្រះយេស៊ូវ បន្ទាប់មកមានការឆ្កាងដ៏ឃោរឃៅនៅលើភ្នំកាលវ៉ារី ។ តើនោះជាអ្វីដែលត្រូវរីករាយឬ? ដូចជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលថា ៖ ទ្រង់បានយកឈ្នះលោកិយហើយ ! ដង្វាយធួនហៀបនឹងស្ដែងឡើងហើយ ។ ការរស់ឡើងវិញរបស់មនុស្សលោក ត្រូវបានអះអាង ។ សេចក្ដីស្លាប់នឹងត្រូវបានយកឈ្នះហើយ— សាតាំងបរាជ័យក្នុងការបញ្ឈប់ដង្វាយធួន » ។៣៤
យើងអាចបង្រៀនសេចក្ដីពិតដែលបានថ្លែងដោយប្រធាន រ័សុល អិម ណិលសុន ៖ « បើគ្មានដង្វាយធួនជានិរន្តររបស់ព្រះដ៏ប្រោសលោះនៃយើងទេ នោះក៏គ្មានយើងណាម្នាក់មានសង្ឃឹមនឹងត្រឡប់ទៅឯព្រះវរបិតាសួគ៌នៃយើងបានឡើយ ។ បើគ្មានការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ទេ នោះសេចក្ដីស្លាប់នឹងជាចុងបញ្ចប់ ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនៃយើងបានធ្វើឲ្យជីវិតអស់កល្បជានិច្ច និងអតមភាពអាចកើតមានដល់យើងគ្រប់គ្នា » ។ ៣៥
សូមពិចារណាអំពីរបៀបដែលបងប្អូនអាចបញ្ចូលទៅក្នុងដួងចិត្តរបស់សិស្សនូវកម្លាំងរបស់ព្រះអង្គសង្គ្រោះ ស្រឡាញ់ពួកយើងគ្រប់គ្នា ហើយគោរពតាមផែនការដ៏ទេវភាពរបស់ព្រះវរបិតា ។ សូមអធិស្ឋានជួយឲ្យពួកគេស្គាល់ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ គឺសម្រាប់ពួកគេ ហើយវាមាន័យយ៉ាងណានៅក្នុងជីវិតដ៏ស្មុគស្មាញរបស់ពួកគេ ។
សូមលើកទឹកចិត្តឲ្យបម្រើនៅក្នុងនគរនៃព្រះ ដែលនាំមកនូវព្រះវិញ្ញាណនៃព្រះ ។
ដោយបានបម្រើ និងដឹកនាំនៅក្នុងការិយាល័យព្រះវិហារបរិសុទ្ធរបស់សាសនាចក្រអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំរីករាយនឹងចូលរួមក្នុងព្រះវិហារបរិសុទ្ធ ហើយមើលឃើញយុវវ័យ —យុវជន និងយុវនារី— ឈរជាជួរៗទៅព្រះវិហារបរិសុទ្ធដើម្បីធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកស្លាប់ ។ នៅពេលបងប្អូនគូសបញ្ជាក់អំពីព្រះចេស្ដានៃព្រះវិហាបរិសុទ្ធនៅក្នុងការបង្រៀនរបស់បងប្អូន នោះបងប្អូនកំពុងពង្រឹងឱកាសដ៏អស្ចារ្យនេះថា ពួកគេត្រូវតែមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ដើម្បីស្គាល់ទ្រង់ថាជាប្រភពនៃ « ក្ដីសង្ឃឹមរបស់ពួកគេ » ។
ខ្ញុំមានអំណរចំពោះកំណើននៃយុវមជ្ឈិមវ័យរបស់យើងដែលទើបទទួលអំណោយទានពិសិដ្ឋថ្មីៗ ដែលកំពុងបម្រើជាអ្នកធ្វើការនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពួកគេទាំងអស់ស្លៀកពាក់ពណ៌ស នៅក្នុងទីតាំងដ៏សុខសាន្ដ និងស្ងប់សុខ ពួកគេឈរនៅលើដីបរិសុទ្ធថ្លែងបន្ទាល់អំពីទ្រង់ ថាទ្រង់គឺជានរណាពីមុន ទ្រង់ជានរណាក្នុងពេលឥឡូវនេះ ហើយទ្រង់ជានរណានៅពេលខាងមុខ ។៣៦ការបម្រើរបស់យើងចំពោះព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ គឺជារបៀបតែម្យ៉ាងដើម្បីដឹងថាព្រះអង្គសង្គ្រោះគង់នៅជិត ។
សូមលើកទឹកចិត្តសិស្សរបស់បងប្អូនឲ្យមានប័ណ្ណចូលព្រះវិហារបរិសុទ្ធសុពលភាពជានិច្ច—ទាំងប័ណ្ណមានកម្រិត និងប័ណ្ណធម្មតាអាស្រ័យទៅតាមអាយុ និងស្ថានភាព— បន្ទាប់មកចែកចាយអារម្មណ៍របស់ពួកគេអំពីការនៅក្នុងព្រះវិហាបរិសុទ្ធ វិវរណៈ និងការបំផុសគំនិតដែលកើតមាន នៅពេលពួកគេទៅហួសពីជីវិតនេះ « សម្រាប់អ្វីៗដ៏ល្អប្រសើរមួយ » ៣៧ដើម្បីបម្រើដល់អស់អ្នកទាំងឡាយដែលពុំអាចធ្វើពិធីបរិសុទ្ធដោយខ្លួនគេផ្ទាល់ ។
ប្រធាន ណិលសុន ជាទីស្រឡាញ់បានមានប្រសាសន៍ថា « ពេលយើងផ្ដោតជីវិតរបស់យើងលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ… និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ យើងអាចមាននូវអំណរ ទោះជាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងក៏ដោយ » ។៣៨
នៅពេលខ្ញុំត្រូវបានតែងតាំងជាសាវក ប្រធានម៉នសុនជាទីស្រឡាញ់ បានថ្លែងថា ខ្ញុំគឺជាសាក្សីពិសេសម្នាក់នៃព្រះនាមព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពលោកនេះទាំងមូល ។ ខ្ញុំពុំគួរធ្វេសប្រហែសចំពោះការទទួលខុសត្រូវនេះឡើយ ។ ខ្ញុំបានសិក្សាបទគម្ពីរដែលប្រាប់អំពីព្រះអម្ចាស់តាមព្រះនាម និងងាររបស់ទ្រង់យ៉ាងយកចិត្តទុកដាក់ ។ អ្វីៗទាំងអស់នេះដែលខ្ញុំនឹងចែកចាយដល់បងប្អូនគឺមកពីបទគម្ពីរ ដែលរំឭកយើងអំពីក្ដីសង្ឃឹមរបស់យើងចំពោះទ្រង់ ។ ទ្រង់គឺជា ៖
-
សង្ឃឹមអ៊ីស្រាអែល ។៣៩
-
ផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង ។ ៤០
-
អ្នកគង្វាលល្អ ។ ៤១
-
ព្រះដ៏ជួយគំនិត ។៤២
-
ម្ចាស់នៃមេត្រីភាព ។៤៣
-
ព្រះដ៏ប្រោសគេឲ្យរួច ។ ៤៤
-
ពន្លឺលោកីយ៍ ។ ៤៥
-
ធ្វើជាសម្តេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក ។៤៦
-
ទ្រង់មានឫទ្ធិនឹងសង្គ្រោះ ។៤៧
-
អ្នកដែលមានអស់ទាំងព្រះចេស្ដា ។ ៤៨
ឥទ្ធិពលរបស់ព្រះគ្រីស្ទគឺហ៊ុមព័ទ្ធទាំងស្រុង ។ ទ្រង់គង់នៅទីនោះ នៅពេលយើងពុះពារ និងព្យាយាមដើម្បីដើរឆ្ពោះទៅមុខ ។ ហើបើយើងរអិលដួល « ពន្លឺរបស់ទ្រង់ដែលបំភ្លឺនៅក្នុងទីងងឹត » ( ៤៩ ) —ព្រះនាមមួយទៀតរបស់ទ្រង់— គឺកាន់តែភ្លឺឡើង ។ ទ្រង់ស្រឡាញ់យើងទាំងនៅពេលល្អ និងពេលអាក្រក់របស់យើង ។
ការធ្វើជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ គឺពុំមែនជាការស្មានទេ ។ ផ្លូវរបស់ទ្រង់ត្រូវបានគូសយ៉ាងល្អដោយដានព្រះបាទាទ្រង់ ។ នៅពេលយើងធ្វើតាមទ្រង់ យើងកាន់តែស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ ។ នៅពេលយើងរំឭកសេចក្ដីសញ្ញារបស់យើងជាមួយទ្រង់រាល់សប្ដាហ៍ដោយការទទួលទានសាក្រាម៉ង់ដ៏បរិសុទ្ធ នោះយើងចម្រើននៅក្នុងការយល់ដឹងអំពីទ្រង់ ជាព្រះប្រោសលោះនៃពិភពលោក ៥០ព្រះវិញ្ញាណនៃសេចក្ដីពិត ៥១នៃពិភពលោក ។ ៥២
បង្រៀនអំពីអំណាចនៃសាក្រាម៉ង់ដល់សិស្សរបស់បងប្អូន ជាពិសេសអ្នកដែលកំពុងវិលវល់ និងអ្នកដែលកំពុងតែមិនយល់អំពីពិធីបរិសុទ្ធដ៏មានតម្លៃនេះ ។ សូមឲ្យពរជ័យនៃសាក្រាម៉ង់ដើម្បី « មានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយ [យើង] ជានិច្ច » ៥៣ជាអ្វីមួយដែលបងប្អូនថ្លែងអំពីវា ដើម្បីប្រើអំណាចនៃការព្យាបាលរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈដង្វាយធួនរបស់ទ្រង់ គឺមានពិត ។
បន្ថែមពីលើនោះ ព្រះអង្គសង្គ្រោះសំដៅទៅលើព្រះអង្គទ្រង់តាមរយៈសេចក្ដីថ្លែងទាំងស្រុងដែលបើកសម្ដែងទាំងលក្ខណៈដ៏ទេវភាពរបស់ទ្រង់ និងតួនាទីដ៏អស់កល្បរបស់ទ្រង់ដូចនេះ ៖
-
« ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ » ។៥៤
-
« យើងអាចធ្វើឲ្យអ្នកក្លាយទៅជាបរិសុទ្ធបាន » ។៥៥
-
« យើងបានមកតាមបំណងព្រះហឬទ័យ [ របស់ព្រះវរបិតា ] » ។៥៦
-
« ដ្បិតព្រះអម្ចាស់… សព្វព្រះហឬទ័យនឹងឲ្យកិត្តិយសដល់អស់អ្នកណាដែលបម្រើយើង » ។៥៧
-
« គុណរបស់យើងមានគ្រប់គ្រាន់សម្រាប់អ្នក » ។៥៨
-
« អ្នកនឹងបានសេចក្ដីសុខសាន្តក្នុងយើង » ។៥៩
-
« កុំឲ្យខ្លាចឡើយ… ដ្បិតអ្នករាល់គ្នាជារបស់ផងយើង » ។ ៦០
មិត្តជាទីស្រឡាញ់ បងប្អូនប្រុសស្រីទាំងឡាយ នោះគឺជាព្រះអង្គសង្គ្រោះដែលខ្ញុំស្គាល់ ដែលខ្ញុំស្រឡាញ់ ហើយគោរពអស់ពីដួងចិត្ត ។ ចេញពីជម្រៅនៃព្រលឹងខ្ញុំ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីទ្រង់ និងសេចក្ដីល្អ និងក្ដីមេត្តាករុណារបស់ទ្រង់ ។ ទ្រង់បានសន្យាថា « ដ្បិតអ្នកជាមិត្តរបស់យើង ហើយអ្នករាល់គ្នាមានកេរមរតកនៅជាមួយនឹងយើងដែរ » ។៦១
តាមពិតទៅ បងប្អូនប្រុសស្រី ព្រះយេស៊ូវគ្រីស្ទតែងតែជាចម្លើយ ។ ពេលយល់ដឹងអំពីបេសកកម្ម និងដំណឹងល្អរបស់ទ្រង់ ក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ហើយជំនឿរបស់យើង និងការពឹងផ្អែកទៅលើទ្រង់ប្រទានកម្លាំងដល់យើង ។
ហេលេមិនពិពណ៌នាយ៉ាងល្អថា « ចូរចងចាំចុះ ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់កួច មែនហើយ កាលណាព្រិល និងខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ » ។៦២
ខ្ញុំសូមបន្សល់ពរជ័យរបស់ខ្ញុំ សូមឲ្យបងប្អូននឹងទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់បងប្អូន ហើយបងប្អូននឹងជួយសិស្សរបស់បងប្អូនមានអារម្មណ៍ដូចគ្នានេះ ។ ខ្ញុំប្រទានពរដល់បងប្អូនឲ្យមានក្ដីសង្ឃឹម ហើយ « សង្ឃឹមឡើង » ថាព្រះវិញ្ញាណនៃព្រះអម្ចាស់អាចគង់នៅជាមួយ បំផុសគំនិត និងលើកបងប្អូនឡើង ។ ខ្ញុំប្រទានពរដល់បងប្អូនឲ្យស្ដាប់ដល់សិស្សៗ ដើម្បីដឹងនូវអ្វីដែលពួកគេធ្វើ ពុំមែននិយាយទេ ក៏ដូចជាអ្វីដែលពួកគេបង្ហាញ ហើយមានការបំផុសគំនិតដើម្បីដឹងនូវអ្វីដែលព្រះអម្ចាស់នឹងឲ្យបងប្អូនធ្វើ ។ ខ្ញុំប្រទានពរដល់គ្រួសារ ភរិយា និងស្វាមីរបស់បងប្អូន ។ សូមឲ្យបងប្អូនបានដឹងថាបងប្អូនប្រុសរបស់ខ្ញុំ និងខ្ញុំ គោរព ពឹងផ្អែក និងស្រឡាញ់បងប្អូន និងកិច្ចការសំខាន់ដែលបងប្អូនធ្វើដើម្បីនាំព្រលឹងទាំងឡាយមករកព្រះយេស៊ូវគ្រីស្ទ ។ ហើយសូមឲ្យបងប្អូនបានដឹងថាព្រះអម្ចាស់គង់នៅជិតបងប្អូន នៅពេលបងប្អូនថ្លែងបន្ទាល់អំពីទ្រង់ ព្រះអង្គសង្គ្រោះនៃពិភពលោក ។ ព្រះយេស៊ូវគ្រីស្ទតែងតែជាចម្លើយ ។
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2019 by Intellectual Reserve, Inc. All rights reserved. កំណែថ្មីទី ៖ ១១/១៨ ។ ការបកប្រែនៃ « Jesus Christ Is the Answer » ។ Cambodian ។ PD60007796 258