គ្រូបង្រៀនមកពីព្រះ
ល្ងាចមួយជាមួយនឹងអែលឌើរ អិម រ័សុល បាឡឺដ
សុន្ទរកថាទៅកាន់គ្រូបង្រៀនសាសនា ស៊ី.អ៊ី.អេស• ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦• រោងឧបោសថទីក្រុងសលត៍ លេក
ប្អូនៗប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណដែលនៅជាមួយបងប្អូនយប់នេះ ។ ជាពិសេសខ្ញុំចង់សម្ដែងការដឹងគុណចំពោះគ្រូបង្រៀនទាំងអស់ ព្រមទាំងស្វាមីភរិយារបស់ពួកគាត់ និងអស់អ្នកដែលគាំទ្រដល់បងប្អូនទាំងឡាយដែលបង្រៀន ។ ខ្ញុំមានកូនប្រសារម្នាក់ដែលជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាពេលព្រឹកព្រលឹម ហើយដូច្នេះខ្ញុំដឹងអំពីការពលិកម្ម និងការលះបង់ដើម្បីបង្រៀនថ្នាក់សិក្ខាសាលាពេលព្រឹកព្រលឹម ហើយខ្ញុំបានឃើញឥទ្ធិពលដែលគ្រូបង្រៀនពេញម៉ោងមានទៅលើជំនាន់ដែលកំពុងពេញវ័យ រួមទាំងចៅៗខ្ញុំផងដែរ ។ សូមឲ្យព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នាចំពោះអ្វីដែលបងប្អូនធ្វើ ។
កាលពីខែសីហាមុន ខ្ញុំបានថ្លែងទៅកាន់បងប្អូនអំពីតម្រូវការរបស់យើងដើម្បីលើកកម្ពស់ការទទួលខុសត្រូវដ៏មហិមា ដែលយើងមាននោះ ។ យើងចាំបាច់ត្រូវបង្រៀនដល់ជំនាន់ដែលកំពុងពេញវ័យ ឲ្យកាន់តែស៊ីជម្រៅ និងកាន់តែមានអំណាច ជាងដែលយើងធ្លាប់បានធ្វើពីមុន ។ នោះគឺមានន័យថា យើងទាំងអស់គ្នាចាំបាច់ត្រូវល្អប្រសើរជាង ឬធ្វើល្អប្រសើរជាងដែលយើងធ្លាប់ធ្វើពីមុន ។
នៅពេលខ្ញុំគិតអំពីទំនួលខុសត្រូវមកពីព្រះអម្ចាស់ និងឱកាសដើម្បីនិយាយពីរបីម៉ាត់នាយប់នេះ គំនិតខ្ញុំបានគិតអំពីដំណើររឿងនៃព្រះអង្គសង្គ្រោះយាងទៅជួបនីកូដេមនាយប់មួយ ដូចបានកត់ត្រានៅក្នុងជំពូកទីបី នៃគម្ពីរយ៉ូហាន ។ នីកូដេមបាននិយាយ ៖ « លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើ ទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែ ព្រះគង់នៅជាមួយប៉ុណ្ណោះ » ។១
សេចក្ដីថ្លែងនោះមិនគ្រាន់តែប្រកាសថាព្រះយេស៊ូវជា--គ្រូបង្រៀនមកពីព្រះប៉ុណ្ណោះទេ--ប៉ុន្តែក៏បានប្រាប់ពីអ្វីដែលគ្រូបង្រៀនដែលមកពីព្រះធ្វើផងដែរ ៖ ពួកគេធ្វើអព្ភូតហេតុនៅក្នុងជីវិតនៃអ្នកទាំងឡាយដែលពួកគេបង្រៀន ដោយសារព្រះគង់នៅជាមួយពួកគេ ។
ខ្ញុំស្គាល់គ្រូបង្រៀនដូច្នោះច្បាស់ណាស់ ។ ខ្ញុំចង់ចែកចាយរឿងប្រៀបធៀបមួយអំពីគាត់ជាមួយនឹងបងប្អូននាយប់នេះ ។ វាត្រូវបានហៅថា « រឿងប្រៀបធៀបនៃអ្នកដឹកនាំថ្នាក់ទារកដ្ឋាន » ។
មានបងស្រីម្នាក់ត្រូវបានហៅឲ្យធ្វើជាអ្នកដឹកនាំថ្នាក់ទារកដ្ឋានក្នុងវួដគាត់ ។ គាត់ទទួលបានការបំពាក់បំប៉នយ៉ាងល្អនៅសាកលវិទ្យាល័យ ហើយគាត់មានគំនិតសម្រាប់សកម្មភាព និងហត្ថកម្មជាច្រើនសម្រាប់កុមារតូចៗធ្វើ ។ គាត់បានសម្រេចចិត្តថាធ្វើឲ្យថ្នាក់ទារកដ្ឋានក្លាយជាគំរូគេមួយ ។
ជាច្រើនសប្ដាហ៍ក្រោយមក គាត់បានបាក់ទឹកចិត្ត ។ ថ្នាក់ទារកដ្ឋានគឺជាបន្ទុកមួយ ។ គាត់ខ្លាចក្នុងការនៅជាមួយកុមារតូចៗ ។ ខុសពីផែនការរបស់គាត់ កុមារតូចៗបានឈ្លោះគ្នា យំ ហើយមិនខ្វល់ពីគាត់រាល់សប្ដាហ៍ ។ គ្មានអ្វីដំណើរការសោះ ។ រាល់សប្ដាហ៍គាត់មកផ្ទះវិញទាំងទឹកភ្នែក ។
គាត់បានយំដោយមួរម៉ៅថា « ខ្ញុំបានធ្វើអស់ហើយ ! តើខ្ញុំអាចធ្វើអ្វីទៀត ?»
រួចក៏មានគំនិតមួយក្នុងចិត្តគាត់ ៖ ចូរទូលសួរដល់ព្រះវរបិតាសួគ៌នូវអ្វីដែលអ្នកគួរធ្វើ ។ គាត់បានជូតទឹកភ្នែក រួចលុតជង្គង់ចុះអធិស្ឋាន ។ គាត់បានអធិស្ឋានអំពីថ្នាក់ទារកដ្ឋាន អំពីក្ដីសង្ឃឹម ការមួរម៉ៅ និងការខកចិត្តរបស់គាត់ ។ គាត់បានអធិស្ឋានសុំជំនួយ និងការណែនាំរបស់ទ្រង់ ។
ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់គាត់ ។ ចំណាប់អារម្មណ៍ដ៏ខ្លាំងមួយបានផុសឡើង ៖ ផែនការមេរៀនរបស់អ្នក គឺអំពី អ្នក ។ ចូរផ្ដោតទៅលើកុមារតូច រៀនស្គាល់ពួកគេ ហើយស្រឡាញ់ពួកគេវិញ ។
វាគឺជាការប្រឹក្សាដ៏ល្អ ជាសារលិខិតដ៏ល្អមួយ ប៉ុន្តែពិបាកស្ដាប់ឮ ។ បងស្រីនោះបានដឹងថា គាត់ត្រូវប្រែចិត្ត ។ គាត់ត្រូវការអាកប្បកិរិយាថ្មី និងមធ្យោបាយថ្មីសម្រាប់ថ្នាក់ទារកដ្ឋាន ។ គាត់បានអធិស្ឋាន ហើយបានសិក្សាបទគម្ពីរសុំការបំផុសគំនិត ។
នៅពេលគ្រូបង្រៀននោះបានត្រឡប់ទៅថ្នាក់ទារកដ្ឋាននាថ្ងៃអាទិត្យក្រោយ គាត់ពុំមានអារម្មណ៍ភ័យខ្លាចទៀតឡើយ ។ គាត់បានទុកចិត្តលើព្រះអម្ចាស់ ។ គាត់បានជួបកុមារតូចៗនៅមាត់ទ្វារ ហើយបានលុតជង្គង់ចុះត្រឹមកំពស់ពួកគេ ហើយស្វាគមន៍ពួកគេតាមឈ្មោះ ។ គាត់បាននិយាយនឹងពួកគេអំពីក្រុមគ្រួសារពួកគេ អាហារឆ្ងាញ់ៗ និងអ្វីៗជាច្រើនទៀត ។ គាត់មានពេលច្រៀង និងអានរឿង ។ កុមារមួយចំនួនបានយំ ហើយបានឈ្លោះគ្នា ប៉ុន្តែវាមានអារម្មណ៍ខុសប្លែកមួយនៅក្នុងថ្នាក់ទារកដ្ឋាននាសប្ដាហ៍នោះ ។ ហើយនៅពេលវាកន្លងហួស បងស្រីនោះនឿយហត់ ប៉ុន្តែពុំភ័យខ្លាចទេ ។
បន្ដិចៗម្ដងៗ នៅពេលបងស្រីល្អរូបនេះកាន់តែស្គាល់កុមារតូចៗ នោះអារម្មណ៍របស់គាត់អំពីពួកគេបានផ្លាស់ប្ដូរ ។ អ្នកដឹកនាំថ្នាក់ទារកដ្ឋាននោះទន្ទឹងរង់ចាំឲ្យតែដល់ថ្ងៃអាទិត្យ ។ គាត់រំភើបចិត្ត ហើយរីករាយដើម្បីនៅជាមួយកុមារថ្នាក់ទារកដ្ឋានរបស់គាត់ ។ គាត់ស្រឡាញ់ពួកគេ ។
ហើយ … ការបំផុសគំនិតបានមកដល់ ។ នៅសប្ដាហ៍មួយ គាត់បានយកម៉ាស៊ីនថតទៅថ្នាក់ទារកដ្ឋាន ហើយថតរូបរបស់កុមារម្នាក់ៗ ។ គាត់បានរៀបចំក្ដារខៀនរូបភាព ដាក់រូបថតកុមារម្នាក់ៗនៅលើក្ដារខៀន ហើយយកក្ដារខៀនទៅកាន់ថ្នាក់ទារកដ្ឋានរាល់សប្ដាហ៍ ។ កុមារតូចៗចូលចិត្តមើលឃើញរូបពួកគេនៅលើក្ដារខៀន ។ ពួកគេពុំគ្រាន់តែមានអារម្មណ៍ថាសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ទៀតផង ។
បន្ទាប់ពីមួយរយៈមក អ្នកដឹកនាំថ្នាក់ទារកដ្ឋានបានប្រើសកម្មភាព និងគម្រោងរបស់គាត់ដើម្បីបង្រៀនដល់កុមារតូចៗ ។ កុមារតូចៗចូលចិត្តវា ។ តាមពិតកុមារតូចៗចូលចិត្តថ្នាក់ទារកដ្ឋានខ្លាំងណាស់ ដែលពួកគេនឹងរត់ទៅថ្នាក់ទារកដ្ឋានភ្លាមបន្ទាប់ពីម៉ោងសាក្រាម៉ង់ ។ កុមារតូចៗចូលចិត្តនៅក្នុងថ្នាក់ទារកដ្ឋាន ។ ពួកគេស្រឡាញ់អ្នកដឹកនាំថ្នាក់ទារកដ្ឋាន ហើយគាត់ស្រឡាញ់ពួកគេ ។
មានគោលការណ៍ជាច្រើនដែលមនុស្សម្នាក់អាចរៀនមកពីរឿងប្រៀបធៀបនេះ ។ អ្វីដែលសំខាន់បំផុតគឺ សេចក្ដីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាសេចក្ដីជំនឿរបស់គ្រូបង្រៀន ដែលបាននាំគាត់ឲ្យលុតជង្គង់ចុះអធិស្ឋាន សេចក្ដីជំនឿបានជម្រុញគាត់ឲ្យប្រែចិត្ត ហើយសេចក្ដីជំនឿបានដឹកនាំគាត់ឲ្យបន្ដឆ្ពោះទៅមុខទោះពុំដឹងច្បាស់ពីអ្វីដែលគាត់នឹងធ្វើ ។ សេចក្ដីជំនឿ គឺជាគោលការណ៍ទីមួយ ។
ទីពីរ គឺសេចក្ដីសង្ឃឹម ។ ការនៅក្នុងថ្នាក់ទារកដ្ឋាន អាចនឹងពិបាកសម្រាប់កុមារតូចៗ ។ ពួកគេមានអារម្មណ៍ភ័យខ្លាច ឯកោ ឬសូម្បីតែថាត្រូវគេបោះបង់ទៀតផង ។ ពួកគេអាចឆ្ងល់ ថាតើមានផ្លូវចេញដែរឬទេ ។ អ្នកដឹកនាំថ្នាក់ទារកដ្ឋាន បានមានអារម្មណ៍ដូចគ្នានោះ ប៉ុន្តែគាត់បានឆ្លងកាត់វា ហើយគាត់បានដឹងថាមានសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ ។ សេចក្ដីសង្ឃឹមរបស់គាត់មានភាព « រស់រវើក » « ភ្លឺថ្លា » ហើយ « ចិញ្ចាញចិញ្ចែង » ដែលកុមារតូចៗអាចដឹង ។
គោលការណ៍ទីបី គឺភាពរាបសារ ។ ភាពអំនួត និងការទុកចិត្តទៅលើសាច់ឈាម គឺជាគ្រោះថ្នាក់សម្រាប់គ្រូបង្រៀន ។ ភាពរាបសារ--ងាយប្រដៅ-- គឺជាថ្នាំផ្សះដ៏អស្ចារ្យចំពោះភាពអំនួត ។ អ្នកដឹកនាំថ្នាក់ទារកដ្ឋាន បានធ្វើសកម្មភាពដោយមានសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ ដើម្បីបន្ទាបខ្លួនគាត់ចំពោះព្រះវរបិតាសួគ៌របស់គាត់ ។ ទ្រង់បានបំភ្លឺគំនិតគាត់ ហើយបានប្រទានប្រាជ្ញាដល់គាត់តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
គោលការណ៍ទីបួន គឺសេចក្ដីស្រឡាញ់--សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ ។ នៅដើមដំបូង កុមារតូចៗពុំងាយស្រួលដើម្បីស្រឡាញ់ទេ ។ ប៉ុន្តែអ្នកដឹកនាំថ្នាក់ទារកដ្ឋានមានជំនឿទៅលើព្រះគ្រីស្ទ ហើយគាត់បានដើរឆ្ពោះទៅមុខដោយភាពរាបសារទាំងមានក្ដីសង្ឃឹមទៅលើទ្រង់ដើម្បីស្រឡាញ់កុមារតូចៗទាំងនោះ ។ ព្រះប្រទានពរគាត់ជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ ហើយកុមារតូចៗបានទទួលអារម្មណ៍ដឹង ។ តាមពិត អ្នកដឹកនាំថ្នាក់ទារកដ្ឋាន បានបង្កើតចំណងសប្បុរសធម៌ជាមួយនឹងកុមារតូចៗទាំងនោះ ។ ចំណងទាំងនោះ បានក្លាយទៅជាមធ្យោបាយខាងវិញ្ញាណតាមរយៈការរៀនសូត្រ ការលើកទឹកចិត្ត ហើយសេចក្ដីសង្ឃឹមអាចកើតមាន ។
បងប្អូនប្រុសស្រី ខ្ញុំអធិស្ឋានសុំឲ្យពរជ័យរបស់ព្រះមានមកលើបងប្អូន មិនថាយើងបង្រៀននៅកន្លែងណាទេ សូមឲ្យយើងទាំងអស់គ្នា អនុវត្តគោលការណ៍នៃសេចក្ដីជំនឿ សេចក្ដីសង្ឃឹម ភាពរាបសារ និងសេចក្ដីស្រឡាញ់ទាំងនេះ ជាមួយនឹងភាពឧស្សាហ៍ ភាពក្លាហាន និងភាពអត់ធ្មត់មានកាន់តែខ្លាំងជាងមុន ។ ខ្ញុំដឹងថា ប្រសិនបើយើងធ្វើ នោះព្រះគុណនៃព្រះគ្រីស្ទនឹងមាននៅជាមួយយើង ហើយយើងពិតជានឹងធ្វើជាគ្រូបង្រៀនដែលមកពីព្រះ ដោយធ្វើការអព្ភូតហេតុជាច្រើននៅក្នុងជីវិតរបស់សិស្សយើង ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2016 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុមតិជាភាសាអង់គ្លេស ៖ ១២/១៥។ អនុមតិឲ្យបកប្រែ ៖ ១២/១៥។ ការបកប្រែនៃ « Teachers Come from God » ។ Cambodian ។ PD60001102 258