ឱកាស និងការទទួលខុសត្រូវរបស់គ្រូបង្រៀន ស៊ី.អ៊ី.អេស នៅក្នុងសតវត្សរ៍ទី ២១
ល្ងាចមួយជាមួយនឹងអែលឌើរ អិម រ័សុល បាឡឺដ
សុន្ទរកថាទៅកាន់គ្រូបង្រៀនសាសនា ស៊ី.អ៊ី.អេស• ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦• រោងឧបោសថទីក្រុងសលត៍ លេក
បងប្អូនប្រុសស្រីជាទីស្រឡាញ់ អរគុណចំពោះការខិតខំដ៏អស្ចារ្យរបស់បងប្អូនដើម្បីប្រទានពរដល់ជីវិតនៃសមាជិកវ័យក្មេងក្នុងសាសនាចក្ររបស់យើង ។
ថ្មីៗនេះ ខ្ញុំបានមើលសៀវភៅ ដោយការសិក្សា និងដោយសេចក្ដីជំនឿ ៖ រយៈពេលមួយរយឆ្នាំនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ។ វាគឺជារឿងដ៏អស្ចារ្យ ! នៅពេលខ្ញុំអានវា ខ្ញុំកត់សម្គាល់ពីតួនាទីរបស់ជីតាទួតរបស់ខ្ញុំ ឈ្មោះ យ៉ូសែប អែហ្វ ស៊្មីធ និងតារបស់ខ្ញុំឈ្មោះ មែលវិន ជេ បាឡឺដ នៅក្នុងការបង្កើត និងការពង្រីកការអប់រំរបស់សាសនាចក្រ ។
ថ្ងៃនេះ ខ្ញុំកំពុងបម្រើនៅកន្លែងដែលពួកគាត់បានបម្រើនាពេលនោះ ដោយសារតែទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំនឹងបងប្អូន ។ ចាប់តាំងពីឆ្នាំ ១៩៨៥ ខ្ញុំមានឯកសិទ្ធិនៃការបម្រើក្នុងគណៈកម្មការអប់រំអស់រយៈពេល ១៤ ឆ្នាំ ដែលខ្ញុំនៅក្នុងគណៈកម្មការប្រតិបត្តិអប់រំរយៈពេល ៧ ឆ្នាំ ហើយខ្ញុំបានបម្រើជាប្រធានជិតរយៈពេល ៤ ឆ្នាំក្នុងឆ្នាំទាំងនោះ ។
អំឡុងជំនាន់របស់ខ្ញុំនៅក្នុងគណៈកម្មការ ខ្ញុំបានអរគុណយ៉ាងខ្លាំងចំពោះប្រព័ន្ធអប់រំរបស់សាសនាចក្រ ។ នាយប់នេះ ខ្ញុំនិយាយជំនួសឪពុកម្ដាយ និងជីដូនជីតា និងជីដូនជីតាទួតនៅក្នុងសាសនាចក្រ នៅពេលខ្ញុំថ្លែងអំណរគុណដល់គ្រូបង្រៀន និងអ្នកគ្រប់គ្រង និងគ្រួសាររបស់អ្នកចំពោះការបម្រើដ៏ស្មោះត្រង់របស់អ្នក ។ អ្វីដែល ស៊ី.អ៊ី.អេស សម្រេចបាននៅក្នុងរយៈពេល ១០០ ឆ្នាំកន្លងទៅ គឺអស្ចារ្យណាស់ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំកាន់តែមានចំណាប់អារម្មណ៍នៅក្នុងរយៈពេល ១០០ ឆ្នាំទៅមុខទៀត និងរបៀបដែលបងប្អូនអាចជួយឲ្យសិស្សរបស់បងប្អូនប្រឈមមុខនឹងឧបសគ្គដែលបន្ដផ្លាស់ប្ដូរមិនឈប់ឈរនៃសតវត្សរ៍ទី ២១ នេះ ។
នៅក្នុងការប្រជុំបំពាក់បំប៉នអ្នកមានសិទ្ធិអំណាចទូទៅមួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនអំពីប្រធានបទ « ការរក្សាគោលលទ្ធិឲ្យបរិសុទ្ធ នោះសាសនាចក្រនឹងស្ថិតនៅលើផ្លូវត្រឹមត្រូវ » ។ លោកបានថ្លែងថា « យើងត្រូវប្រយ័ត្នឲ្យខ្លាំង ។ យើងត្រូវតែមើលថា យើងមិនចាកចេញពី [ផ្លូវ] ឡើយ ។ នៅក្នុងការខិតខំរបស់យើងដើម្បីស្ថិតនៅក្នុងភាពដើម ស្រស់ស្រាយ និងភាពខុសប្លែកពីគេ នោះយើងអាចនឹងមិនបង្រៀនរឿងដែលត្រូវគ្នាទាំងស្រុងនឹងគោលលទ្ធិមូលដ្ឋាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនេះ ។ … យើងត្រូវតែយកចិត្តទុកដាក់បន្ថែម ។ … យើងត្រូវតែធ្វើជាអ្នកយាមនៅលើប៉ម » ។១
នៅពេលការអប់រំរបស់សាសនាចក្រឆ្ពោះទៅមុខនៅក្នុងសតវត្សន៍ទី ២១ នោះអ្នករាល់គ្នាម្នាក់ៗចាំបាច់ត្រូវពិចារណាអំពីការផ្លាស់ប្ដូរនានាដែលអ្នកគួរធ្វើក្នុងរបៀបដែលអ្នករៀបចំខ្លួនដើម្បីបង្រៀន របៀបដែលអ្នកបង្រៀន និងអ្វីដែលអ្នកបង្រៀន ប្រសិនបើអ្នកស្ថាបនាជំនឿដ៏ខ្ជាប់ខ្ជួននៅក្នុងជីវិតរបស់យុវវ័យដ៏មានតម្លៃរបស់យើង ។
ពេលវេលាកន្លងផុតទៅហើយ ពេលសិស្សម្នាក់បានសួរសំណួរស្មោះត្រង់មួយ ហើយគ្រូបង្រៀនបានឆ្លើយតបថា « កុំបារម្ភអំពីវា ! » ពេលវេលាកន្លងផុតទៅហើយ ពេលសិស្សម្នាក់បានលើកចម្ងល់ដោយស្មោះឡើង រួចគ្រូបង្រៀនថ្លែងទីបន្ទាល់របស់គាត់ ជាចម្លើយមួយដើម្បីចៀសវាងពីបញ្ហា ។ ពេលវេលាកន្លងផុតទៅហើយ ពេលសិស្សត្រូវបានការពារពីមនុស្សដែលវាយប្រហារលើសាសនាចក្រ ។ ជាកុសលល្អ ព្រះអម្ចាស់បានប្រទានការប្រឹក្សាទាន់ពេល និងគ្រប់ពេលវេលាដល់គ្រូបង្រៀន ៖ « ហើយដូចជាមនុស្សពុំមានសេចក្តីជំនឿទាំងអស់គ្នា នោះចូរអ្នករាល់គ្នាព្យាយាមស្វែងរក ហើយបង្រៀនគ្នាទៅវិញទៅមក នូវពាក្យសម្តីនៃប្រាជ្ញាវាងវៃ មែនហើយ ចូរអ្នករាល់គ្នាស្វែងរកពាក្យសម្តីនៃប្រាជ្ញាវាងវៃចេញពីសៀវភៅដ៏ល្អៗបំផុត ចូរស្វែងរក ការរៀនសូត្រ ដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង » ។ ២
រឿងនេះគឺអនុវត្តជាពិសេសនាសព្វថ្ងៃនេះ ពីព្រោះថាមិនមែនគ្រប់សិស្សរបស់អ្នកមានសេចក្ដីជំនឿចាំបាច់ដើម្បីប្រឈមមុខនឹងឧបសគ្គដែលនៅខាងមុខនោះទេ ដោយសារមានពួកគេជាច្រើនបានជួបនឹងកម្លាំងបំផ្លាញកាន់តែខ្លាំងនៃលោកិយរួចទៅហើយតាមអ៊ិនធើរណិត ដែលវាជាសត្រូវនឹងសេចក្ដីជំនឿ គ្រួសារ និងបទដ្ឋានដំណឹងល្អ ។ អ៊ិនធើរណិតកំពុងតែពង្រីកឥទ្ធិពលរបស់វានៅទូទាំងពិភពលោកស្ទើរតែគ្រប់ផ្ទះ និងគ្រប់ដៃ គ្រប់គំនិតរបស់សិស្សអ្នក ។
អ្នកអាចជួយសិស្សដោយការបង្រៀនពួកគេអំពីអត្ថន័យនៃការបង្រួមការសិក្សាជាមួយនឹងសេចក្ដីជំនឿនៅពេលពួកគេរៀន ។ បង្រៀនពួកគេតាមរយៈការបង្ហាញជាគំរូនូវជំនាញ និងមធ្យោបាយនេះក្នុងថ្នាក់រៀន ។
ប្រធាន ហារ៉ូល ប៊ី លី បានសង្កេតឃើញថា ៖
« យើងនឹងរំឭកបងប្អូនថា តម្រូវការឲ្យមានចំណេះដឹងតាមរយៈសេចក្ដីជំនឿ គឺពុំមែនជាផ្លូវងាយស្រួលដើម្បីរៀនសូត្រនោះទេ ។ វាត្រូវការនូវការខិតខំយ៉ាងខ្លាំង ហើយព្យាយាមជាបន្ដបន្ទាប់ដោយសេចក្ដីជំនឿ ។ …
« សរុបសេចក្ដីទៅ ការរៀនដោយសេចក្ដីជំនឿ គឺពុំមែនជាកិច្ចការសម្រាប់បុរសខ្ជិលច្រអូស [ឬស្ត្រី] នោះទេ ។ មានមនុស្សម្នាក់បាននិយាយថា ដំណើរការដូច្នេះតម្រូវឲ្យមានការចុះចូលនៃព្រលឹងទាំងមូល ដែលតភ្ជាប់គំនិត និងអារម្មណ៍ក្នុងខ្លួនមនុស្សទៅនឹងព្រះ-- ទំនាក់ទំនងត្រឹមត្រូវត្រូវតែបង្កើតឡើង ។ បន្ទាប់ពីនោះទើបកើតមាននូវ ‹ ចំណេះដឹងដោយសេចក្ដីជំនឿ ›» ។៣
ចំណេះដឹងដោយសេចក្ដីជំនឿនឹងបង្កើតជាទីបន្ទាល់បរិសុទ្ធ ហើយទីបន្ទាល់បរិសុទ្ធមានអំណាចផ្លាស់ប្ដូរជីវិត ដូចបានបង្ហាញក្នុងរឿងសង្ខេបទាំងបីនេះ ។
ទីមួយ ផូប ខាធើរ បានចាកចេញពីផ្ទះដើម្បីទៅជួបជុំនឹងពួកបរិសុទ្ធក្នុងឆ្នាំ ១៨៣០ ។ គាត់បានរំឭកថា « មិត្តរបស់ខ្ញុំស្ងើចចំពោះដំណើរជីវិតខ្ញុំ ហើយខ្ញុំក៏ស្ងើចខ្លួនឯងដែរ ប៉ុន្តែមានអ្វីមួយក្នុងខ្លួនខ្ញុំដែលជម្រុញឲ្យខ្ញុំធ្វើ ។ ការសោកសៅរបស់ម្ដាយខ្ញុំ ចំពោះការចាកចេញពីផ្ទះរបស់ខ្ញុំ គឺមានលើសលប់ស្ទើរតែខ្ញុំពុំអាចទ្រាំទ្របាន ហើយបើពុំដោយសារព្រះវិញ្ញាណដែលមាននៅក្នុងខ្លួនខ្ញុំ នោះខ្ញុំនឹងពុំចាកចេញទៅទេ » ។៤
ផូប បានធ្វើតាមព្យាការី ហើយបានជួបជុំនឹងពួកបរិសុទ្ធនៅអូហៃអូ ហើយទីបំផុតនៅរដ្ឋយូថាហ៍ ជាកន្លែងដែលគាត់ទទួលមរណភាពជាពួកបរិសុទ្ធថ្ងៃចុងក្រោយស្មោះត្រង់ ហើយបានទទួលនឹមស្មើគ្នាក្នុងនាមជាភរិយាគាត់របស់ ប្រធានសាសនាចក្រ វិលហ្វូឌ វូឌដ្រុព្វ ។
រឿងបន្ទាប់នេះចេញមកពីជីវប្រវត្តិរបស់ ម៉ារុន ជី រ៉មនី ។
ក្នុងនាមជានិសិត្សនៅមហាវិទ្យាល័យ Marion បានសម្រេចចិត្តថាគាត់មិនអាចបម្រើបេសកកម្មបានទេ ដោយសារតែស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់គាត់ ។ មានគ្រាមួយ គាត់បានស្ដាប់ឮអែលឌើរ មែលវិន ជេ បាឡឺដ ថ្លែង ។ ជីវប្រវត្តិកត់ចំណាំថា « [ម៉ារុន] ពុំបានដឹងនៅពេលនោះថា ផ្លូវជីវិតរបស់គាត់ហៀបនឹងផ្លាស់ប្ដូរទាំងស្រុងក្នុងពេលមួយរំពេចភ្នែកនោះទេ » ។
រឿងបានបន្ដ ៖ « [ឪពុករបស់ ម៉ារុន] បានប្រាប់កូនៗគាត់ថា …មានភាពខុសគ្នាយ៉ាងច្រើនរវាងមនុស្សដែលរស់នៅក្រោមការបំផុសគំនិតមកពីព្រះវិញ្ញាណ និងមនុស្សដែលមិនមាន វាដូចជាដើមឈើដែលដុះលូតលាស់ និងដើមឈើរួញតឿដែរ ។ នោះជាលើកដំបូងដែល ម៉ារុន… បានយល់យ៉ាងពេញលេញថា [ដូចជា] ត្រូវបានស្ថិតនៅក្រោមឥទ្ធិពលនៃការបំផុសគំនិត ។ អារម្មណ៍ចាក់ក្នុងចិត្ត និងឆេះឆួលក្នុងចិត្តបានបំពេញក្នុងព្រលឹងរបស់គាត់ ។ គាត់… ពុំដែលរំជួលក្នុងដួងចិត្តយ៉ាងខ្លាំងដូចពេលនេះទេ ពេលស្ដាប់ឮពាក្យសម្ដីរបស់សាវកថ្មីបំផុតរូបនេះ ។ …
« យុវជន ម៉ារុន … បានទទួលឥទ្ធិពលដ៏មានអានុភាព ។ ពន្លឺនៃទឹកមុខរបស់សាវក និងភាពស្មោះត្រង់នៃទីបន្ទាល់របស់គាត់បានបំពេញក្នុងខ្លួនគាត់នូវបំណងប្រាថ្នាដ៏ខ្លាំងមួយដើម្បីចេញទៅបំពេញបេសកកម្ម ។ … គាត់បានដឹងថា ផែនការរបស់គាត់ដើម្បីបន្ដការសិក្សាត្រូវតែផ្អាក » ។៥
មិនយូរប៉ុន្មាន ម៉ារុន បានធ្វើដំណើរទៅប្រទេស អូស្ត្រាលី ជាកន្លែងដែលគាត់បានបម្រើដោយស្មោះត្រង់ ។ ក្រោយមក គាត់បានក្លាយជាសាវកដ៏អស្ចារ្យម្នាក់ និងជាសមាជិកនៃគណៈប្រធានទីមួយ ។
រឿងចុងក្រោយត្រូវបានប្រាប់ដោយប្រធាន ប្រធាន ប៊យដ៏ ឃេ ផាកកឺ អំពីឥទ្ធិពលរបស់គ្រូបង្រៀនវ័យចំណាស់មួយរូបមានទៅលើ វិល្លាម អ៊ី. បារ៉ែត ។ គ្រូបង្រៀន ជាអ្នកផ្លាស់ប្រែចិត្តជឿម្នាក់មកពីប្រទេស ណរវ៉េ មានជំនាញភាសាអង់គ្លេសពុំសូវល្អទេ ។ តែទោះជាយ៉ាងណាក៏ដោយ មិនថាគ្រូបង្រៀនមានកម្រិតកំណត់អ្វីនោះទេ ប្រធាន ផាកកឺ បានរំឭកថា « បងប្រុស បារ៉ែត បានថ្លែងទីបន្ទាល់ជាច្រើនដងថា ‹ យើងអាចកម្ដៅដៃរបស់យើងដោយភ្លើងនៃសេចក្ដីជំនឿរបស់គាត់បាន ›» ។ ៦
ក្រោយមក វីល្លាម បានក្លាយទៅជាអ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា ថ្នាក់វិទ្យាស្ថាន និងសាលារបស់សាសនាចក្រ ។
ចំពោះ ផូប, ម៉ារុន, និង វិល្លាម ដែលបានស្ដាប់ឮទីបន្ទាល់ដ៏បរិសុទ្ធមួយ បានក្លាយទៅជាកាតាលីករដែលផ្លាស់ប្ដូរជីវិតរបស់ពួកគេជារៀងរហូត ។ វាក៏មានពិតដូចគ្នានេះចំពោះសិស្សរបស់អ្នកផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែភាពពិតនៃពិភពលោកសព្វថ្ងៃនេះ ទីបន្ទាល់បរិសុទ្ធអាចនឹងមិនមានល្មមគ្រប់គ្រាន់ជានិច្ចនោះទេ ។ ផូប, ម៉ារុន, និង វិល្លាម មានភាពស្អាតស្អំ និងបរិសុទ្ធ ហើយពុំមានជាប់ជំពាក់នឹងរឿងអាសគ្រាម និងភាពស្មោគគ្រោកនៃលោកិយនោះទេ នៅពេលពួកគេអង្គុយនៅជិតនឹងជើងនៃអ្នកផ្សព្វផ្សាយសាសនា គ្រូបង្រៀន និងអ្នកដឹកនាំដ៏បំផុសគំនិតនោះ ។ ព្រះវិញ្ញាណងាយនឹងចាក់ចូលទៅក្នុងដួងចិត្តដ៏ទន់ភ្លន់ និងបរិសុទ្ធរបស់ពួកគេ ។
សព្វថ្ងៃនេះ រឿងគឺមានភាពខុសគ្នាខ្លាំង ព្រោះសិស្សរបស់អ្នកមួយចំនួនអាចនឹងត្រូវរងឥទ្ធិពលដោយរូបអាសគ្រាម និងរឿងស្មោគគ្រោកខាងលោកិយរួចទៅហើយ ពីមុនពួកគេមកដល់ថ្នាក់របស់អ្នក ។
គ្រាន់តែមួយជំនាន់កន្លងទៅ ដែលមនុស្សវ័យក្មេងរបស់យើងអាចចូលទៅកាន់ព័ត៌មានអំពីប្រវត្តិ គោលលទ្ធិ និងការអនុវត្តរបស់យើង ត្រូវបានកំណត់ចំពោះតែឯកសារបោះពុម្ពដោយសាសនាចក្រប៉ុណ្ណោះ ។ សិស្សមួយចំនួនតូចជួបនឹងការបកស្រាយផ្ទុយ ។ ភាគច្រើន មនុស្សវ័យក្មេងរបស់យើងបានរស់នៅក្នុងជីវិតដែលបានការពារ ។
កម្មវិធីសិក្សារបស់យើងនៅពេលនោះ ទោះជាបង្កើតឡើងក្នុងបំណងល្អក្ដី ក៏ពុំបានរៀបចំសិស្សសម្រាប់ជំនាន់បច្ចុប្បន្នដែរ--ជាជំនាន់មួយដែលសិស្សអាចចូលទៅកាន់អ្វីៗដែលប្រកបដោយគុណធម៌អំពីសាសនាចក្រមកពីគ្រប់ស្ថានភាពដោយភ្លាមៗ ។ សព្វថ្ងៃនេះ អ្វីដែលពួកគេមើលឃើញនៅក្នុងទូរសព្ទដៃរបស់ពួកគេ គឺមានជាឧបសគ្គចំពោះសេចក្ដីជំនឿច្រើនដូចជាការលើកទឹកចិត្តដល់សេចក្ដីជំនឿដែរ ។ មនុស្សវ័យក្មេងរបស់យើងជាច្រើនស្គាល់ Google ច្រើនជាងពួកគេស្គាល់ដំណឹងល្អ ទទួលយកអ៊ិនធើរណិតច្រើនជាងការបំផុសគំនិត ហើយកាន់តែចូលរួមក្នុង Facebook ច្រើនជាងសេចក្ដីជំនឿ ។
នៅក្នុងពន្លឺនៃឧបសគ្គទាំងនេះ គណៈកម្មការអប់រំ ថ្មីៗនេះបានអនុមតិឲ្យមានការចាប់ផ្ដើមមួយនៅក្នុងថ្នាក់សិក្ខាសាលាដែលហៅថា ចំណេះចំណានខាងគោលលទ្ធិ ។ ជាការស្ថាបនានៅលើអ្វីដែលមានរួចទៅហើយនៅក្នុងចំណេះចំណានបទគម្ពីរ នោះការចាប់ផ្ដើមថ្មីនេះ នឹងផ្ដោតទៅលើការស្ថាបនា និងការពង្រឹងដល់សេចក្ដីជំនឿរបស់សិស្សយើងទៅលើព្រះយេស៊ូវគ្រីស្ទ ហើយការពារពួកគេដោយសមត្ថភាពកាន់តែខ្លាំងដើម្បីរស់នៅ និងអនុវត្តដំណឹងល្អនៅក្នុងជីវិតពួកគេ ។ ពេលប្រើបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ពួកគេនឹងរៀនអំពីរបៀបដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿទៅលើព្រះគ្រីស្ទដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ និងការយល់ដឹងអំពីដំណឹងល្អរបស់ទ្រង់ ។ ហើយពួកគេនឹងមានឱកាសដើម្បីរៀនអំពីរបៀបអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទ និងគោលការណ៍ដំណឹងល្អចំពោះសំណួរ និងឧបសគ្គនានាដែលពួកគេស្ដាប់ឮ និងមើលឃើញជារៀងរាល់ថ្ងៃនៅក្នុងចំណោមមិត្តភក្ដិ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ការចាប់ផ្ដើមនេះ គឺបំផុសគំនិត និងចំពេលវេលា ។ វានឹងមានឥទ្ធិពលដ៏អស្ចារ្យមួយចំពោះមនុស្សវ័យក្មេងរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃចំណេះចំណានខាងគោលលទ្ធិ និងកម្មវិធីសិក្សាផ្សេងៗទៀតទាំងអស់នៅក្នុង ស៊ី.អ៊ី.អេស នឹងអាស្រ័យយ៉ាងសំខាន់ទៅលើអ្នក ។
នៅក្នុងការប្រឈមមុខនឹងឧបសគ្គទាំងនេះ តើឱកាស និងការទទួលខុសត្រូវរបស់អ្នកក្នុងនាមជាគ្រូបង្រៀន ស៊ី.អ៊ី.អេស ក្នុងសតវត្សរ៍ទី ២១ មានអ្វីខ្លះ ? ជាក់ស្ដែង អ្នកត្រូវតែស្រឡាញ់ព្រះអម្ចាស់ ស្រឡាញ់សាសនាចក្រទ្រង់ ហើយស្រឡាញ់សិស្សរបស់អ្នក ។ អ្នកត្រូវតែថ្លែងទីបន្ទាល់បរិសុទ្ធដោយស្មោះត្រង់ និងជាញឹកញាប់ផងដែរ ។ បន្ថែមពីលើនោះទៀត ច្រើនជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់យើង សិស្សរបស់អ្នកត្រូវការពរជ័យដោយការរៀនមាតិកា និងបរិបទខាងគោលលទ្ធិ ឬប្រវត្តិសាស្ត្រតាមរយៈការសិក្សា និងសេចក្ដីជំនឿ អមជាមួយនឹងទីបន្ទាល់បរិសុទ្ធ ដើម្បីពួកគេអាចមានបទពិសោធន៍ផ្លាស់ប្រែចិត្តជឿចាស់ទុំ និងយូរអង្វែងក្នុងដំណឹងល្អ និងមានការតាំងចិត្តចំពោះព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។ ការផ្លាស់ប្រែចិត្តជឿចាស់ទុំ និងយូរអង្វែង មានន័យថា ពួកគេនឹង « ស្ថិតនៅលើទូក ហើយតោងជាប់នឹងទូក » ពេញមួយជីវិត របស់ពួកគេ ។៧
ដើម្បីឲ្យ អ្នក យល់អំពីមាតិកា និងបរិបទខាងគោលលទ្ធិនៃបទគម្ពីរ និងខាងប្រវត្តិសាស្ត្រនៃប្រវត្តិរបស់យើង នោះអ្នកនឹងចាំបាច់ត្រូវសិក្សាចេញមកពី « សៀវភៅល្អៗ » ដូចដែលព្រះអម្ចាស់បានដឹកនាំ ។ « សៀវភៅល្អៗ » រួមមានបទគម្ពីរ ការបង្រៀនរបស់ពួកព្យាការី និងពួកសាវកបច្ចុប្បន្ន និងការសិក្សា អិល.ឌី.អេស ល្អៗបំផុតដែលមាន ។ តាមរយៈការខិតខំដោយឧស្សាហ៍របស់អ្នកដើម្បីរៀនដោយការសិក្សា និងដោយសេចក្ដីជំនឿ នោះអ្នកនឹងអាចជួយសិស្សរបស់អ្នករៀនជំនាញ និងអាកប្បកិរិយាដែលចាំបាច់ដើម្បីញែកដឹងរវាងព័ត៌មានដែលអាចពឹងផ្អែកបាន ដែលនឹងជួយលើកពួកគេឡើង ពីព័ត៌មានដែលមានសេចក្ដីពិតពាក់កណ្ដាល និងការបកប្រែគោលលទ្ធិ ប្រវត្តិសាស្ត្រ និងការអនុវត្តដោយពុំត្រឹមត្រូវ ដែលនឹងនាំពួកគេឲ្យធ្លាក់ចុះ ។
សូមបង្រៀនពួកគេអំពីឧបសគ្គនានាដែលពួកគេប្រឈមមុខ នៅពេលពួកគេពឹងផ្អែកទៅលើអ៊ិនធើរណិតដើម្បីឆ្លើយនឹងសំណួរអំពីសារៈសំខាន់ដ៏អស់កល្បជានិច្ច ។ សូមរំឭកពួកគេថា យ៉ាកុបពុំបាននិយាយថា « បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ Google នោះទេ ! »៨
មនុស្សឈ្លាសវៃពុំពឹងផ្អែកទៅលើអ៊ិនធើរណិតដើម្បីធ្វើការវិភាគ ហើយព្យាបាលបញ្ហាសុខភាពខាងសតិអារម្មណ៍ ខាងស្មារតី និងខាងរូបកាយនោះទេ ជាពិសេសបញ្ហាដែលគម្រាមគំហែងដល់ជីវិត ។ ផ្ទុយទៅវិញ ពួកគេស្វែងរកអ្នកជំនាញខាងសុខភាព ជាអ្នកទាំងឡាយដែលបានបំពាក់បំប៉ន និងទទួលបានអាជ្ញាបណ្ណដោយបានទទួលស្គាល់មកពីគណៈកម្មការវេជ្ជសាស្ត្ររដ្ឋ ។ ទោះជាយ៉ាងនោះក្ដី មនុស្សដែលប្រុងប្រយ័ត្នស្វែងរកគំនិតទីពីរ ។
បើនោះជាផ្លូវត្រូវដើម្បីស្វែងរកចម្លើយចំពោះបញ្ហាសុខភាពខាងសតិអារម្មណ៍ ខាងស្មារតី និងខាងរូបកាយ ហើយវាគួរតែដូច្នោះនៅពេលជីវិតខាងវិញ្ញាណស្ថិតក្នុងហានិភ័យ ។ នៅពេលមានអ្វីមួយមានការគម្រាមគំហែងខ្លាំងចំពោះជីវិតខាងវិញ្ញាណរបស់យើង ដល់ទំនាក់ទំនងក្រុមគ្រួសារដ៏មានតម្លៃបំផុតរបស់យើង និងសមាជិកភាពនៅក្នុងនគររបស់យើង នោះយើងគួរតែស្វែងរកអ្នកដឹកនាំសាសនាចក្រដែលយល់ចិត្ត និងស្មោះត្រង់ដើម្បីជួយយើង ។ ហើយបើចាំបាច់ យើងគួរតែសុំជំនួយពីអ្នកទាំងឡាយដែលមានការបំពាក់បំប៉នវិជ្ជាជីវៈត្រឹមត្រូវ មានបទពិសោធន៍ និងមានជំនាញ ។
នេះជាអ្វីដែលខ្ញុំធ្វើ នៅពេលខ្ញុំត្រូវការចម្លើយចំពោះសំណួរផ្ទាល់ខ្លួនដែលខ្ញុំពុំអាចឆ្លើយដោយខ្លួនឯង ។ ខ្ញុំស្វែងរកជំនួយមកពីបងប្អូនប្រុសក្នុងកូរ៉ុមដប់ពីរនាក់របស់ខ្ញុំ និងមកពីអ្នកទាំងឡាយដែលមានជំនាញនៅក្នុងជំនាញប្រវត្តិសាស្ត្រ និងគោលលទ្ធិសាសនាចក្រ ។
អ្នកគួរតែស្ថិតក្នុងចំណោមមនុស្សដំបូងគេ ក្រៅពីក្រុមគ្រួសារសិស្សរបស់អ្នក ដែលត្រូវណែនាំអំពីប្រភពសិទ្ធិអំណាចចំពោះប្រធានបទដែលមិនសូវមានគេស្គាល់ ឬចម្រូងចម្រាស ដូច្នេះសិស្សរបស់អ្នកនឹងវាស់វែងតាមអ្វីដែលពួកគេស្ដាប់ឮ ឬអាននៅពេលក្រោយទៅនឹងអ្វីដែលអ្នកបានបង្រៀនពួកគេរួចទៅហើយនោះ ។
អ្នកបានដឹងថាយើងផ្ដល់នូវការចាក់ថ្នាំបង្ការដល់អ្នកផ្សព្វផ្សាយសាសនាដ៏មានតម្លៃរបស់យើងពីមុនបញ្ជូនពួកគេឲ្យទៅតំបន់បេសកកម្ម ដូច្នេះពួកគេនឹងត្រូវបានការពារទប់ទល់នឹងជំងឺដែលអាចនឹងសំឡាប់ ឬធ្វើឲ្យពួកគេគ្រោះថ្នាក់ ។ ស្រដៀងគ្នានេះដែរ ពីមុនអ្នកបញ្ជូនពួកគេទៅក្នុងលោកិយ សូមចាក់ថ្នាំបង្ការសិស្សរបស់អ្នកដោយការផ្ដល់នូវការបកស្រាយគោលលទ្ធិដំណឹងល្អ បទគម្ពីរ ប្រវត្តិរបស់យើង និងប្រធានបទទាំងឡាយដោយស្មោះត្រង់ ចេះគិតគូរ និងត្រឹមត្រូវ ដែលពេលខ្លះមានការភាន់ច្រឡំ ។
ដើម្បីរៀបរាប់អំពីប្រធានបទមួយចំនួនដែលពុំសូវមានគេស្គាល់ ឬចម្រូងចម្រាស់ ខ្ញុំកំពុងនិយាយអំពីពហុពន្ធភាព ត្បូងអ្នកមើលឆុត ដំណើររឿងខុសគ្នាអំពីការនិមិត្តដំបូង ដំណើរការនៃការបកប្រែព្រះគម្ពីរមរមន ឬគម្ពីរអ័ប្រាហាំ បញ្ហារឿងភេទ ពូជសាសន៍ និងបព្វជិតភាព ឬព្រះមាតាសួគ៌ ។
កិច្ចខិតខំដើម្បីចាក់ថ្នាំបង្ការដល់មនុស្សវ័យក្មេងរបស់យើង ជាញឹកញាប់នឹងស្ថិតនៅលើអ្នកដែលជាគ្រូបង្រៀន ស៊ី.អ៊ី.អេស ។ ដោយមានគំនិតនោះក្នុងចិត្ត សូមរកពេលគិតអំពីឱកាស និងការទទួលខុសត្រូវរបស់អ្នក ។
សព្វថ្ងៃនេះដោយបានដឹងយ៉ាងពេញលេញអំពីការចូលទៅកាន់ព័ត៌មានដោយគ្មានដែនកំណត់របស់យើង នោះយើងកំពុងធ្វើការខិតខំយ៉ាងខ្លាំងបំផុតដើម្បីផ្ដល់នូវបរិបទ និងការយល់ដឹងត្រឹមត្រូវអំពីការបង្រៀនអំពីការស្ដារឡើងវិញ ។ ឧទាហរណ៍ដ៏សំខាន់មួយអំពីកិច្ចខិតខំនេះគឺ សំណេរប្រធានបទដំណឹងល្អ ចំនួន ១១ នៅលើគេហទំព័រ LDS.org ដែលផ្ដល់នូវការបកស្រាយដែលមានតុល្យភាព និងដែលអាចពឹងផ្អែកបានអំពីភាពពិតចំពោះប្រធានបទដែលទាក់ទងនឹងភាពចម្រូងចម្រាស់ និងការមិនស្គាល់សាសនាចក្រ ។
វាសំខាន់ដែលអ្នកត្រូវស្គាល់មាតិកានៅក្នុងសំណេរទាំងនេះយ៉ាងច្បាស់លាស់ ។ ប្រសិនបើអ្នកមានសំណួរអំពីវា ចូរសួរដល់នរណាម្នាក់ដែលបានសិក្សាវា ហើយយល់អំពីវា ។ ម្យ៉ាងទៀត « ចូរស្វែងរកការរៀនសូត្រ ដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង » នៅពេលអ្នកចេះស្ទាត់អំពីមាតិកានៃសំណេរទាំងនេះ ។
អ្នកគួរតែស្គាល់គេហទំព័រអំពីឯកសាររបស់យ៉ូសែប ស្ម៊ីធ និងផ្នែកប្រវត្តិសាសនាចក្រនៅលើ LDS.org និង ធនធានដទៃទៀតដោយអ្នកប្រាជ្ញ អិល.ឌី.អេស ស្មោះត្រង់ផងដែរ ។
កិច្ចខិតខំដើម្បីធ្វើឲ្យមានតម្លាភាពដំណឹងល្អ និងការចាក់ថ្នាំបង្ការខាងវិញ្ញាណ តាមរយៈការសិក្សាដោយគិតគូរអំពីគោលលទ្ធិ និងប្រវត្តិសាស្ត្រ គួបផ្សំនឹងទីបន្ទាល់ដែលឆេះសន្ធោរសន្ធៅ នោះគឺជាថ្នាំបន្សាបដ៏ល្អបំផុតដែលយើងមានដើម្បីជួយដល់សិស្សឲ្យចៀសវាង និង/ឬ ដោះស្រាយនឹងសំណួរ ការសង្ស័យ ឬវិបត្តិនៃសេចក្ដីជំនឿដែលពួកគេអាចប្រឈមមុខនៅក្នុងជំនាន់ដែលពោរពេញដោយព័ត៌មាននេះ ។
នៅពេលអ្នកជាគ្រូបង្រៀនបង់ថ្លៃដើម្បីមានការយល់ដឹងកាន់តែល្អប្រសើរអំពីប្រវត្តិ គោលលទ្ធិ និងការអនុវត្តរបស់យើង--ច្រើនជាងដែលអ្នកដឹងនាពេលនេះ--នោះអ្នកនឹងត្រៀមខ្លួនដើម្បីផ្ដល់នូវចម្លើយចំពោះសំណួររបស់សិស្សអ្នកដោយចេះគិតគូរ ប្រុងប្រយ័ត្ន និងដ៏បំផុសគំនិត ។
របៀបមួយដើម្បីដឹងថាសំណួរណាដែលសិស្សរបស់អ្នកមាន គឺត្រូវស្ដាប់ពួកគេដោយយកចិត្តទុកដាក់ ។
កូនស្រីតូចច្បងគេរបស់យើង ពេលនាងមានអាយុប្រាំឆ្នាំ នាងបានឡើងជិះលើភ្លៅរបស់ខ្ញុំ ពេលខ្ញុំកំពុងអានកាសែត ។ នាងប្រាប់ខ្ញុំអំពីអ្វីមួយដែលសំខាន់ចំពោះនាង ហើយខ្ញុំពុំយកចិត្តទុកដាក់ ។ ដូច្នេះនាងបានយកដៃតូចៗរបស់នាងមកទាញកាសែតចេញ ចាប់មុខរបស់ខ្ញុំក្នុងដៃតូចៗរបស់នាង មើលមកចំខ្ញុំ ហើយនិយាយថា « ប៉ាប៉ា មិនស្ដាប់កូនសោះ ! » ។ នាងនិយាយត្រូវ--ហើយខ្ញុំខុសដែលមិនស្ដាប់នាង ។ គ្រប់គ្រូបង្រៀនល្អត្រូវធ្វើជាអ្នកស្ដាប់ដ៏ល្អ ។
បន្ថែមពីលើការស្ដាប់សិស្សរបស់អ្នក សូមលើកទឹកចិត្តពួកគេនៅក្នុងថ្នាក់ ឬអញ្ជើញជាឯកជនឲ្យសួរសំណួរដល់អ្នកអំពីប្រធានបទ អ្វីក៏បាន ។
សំណួរសំខាន់បំផុតមួយដែលសិស្សរបស់អ្នកអាចសួរគឺ « ហេតុអ្វី ? »
នៅពេលសួរដោយបំណងស្មោះដើម្បីយល់ពី « ហេតុអ្វី ? » គឺជាសំណួរដ៏ល្អមួយ ។ វាគឺជាសំណួរដែលអ្នកផ្សព្វផ្សាយសាសនាចង់ឲ្យអ្នករៀនរបស់ពួកគេសួរ ។ ហេតុអ្វីយើងនៅទីនេះ ? ហេតុអ្វីក៏មានរឿងអាក្រក់កើតឡើងចំពោះមនុស្សល្អ ? ហេតុអ្វីយើងគួរតែអធិស្ឋាន ? ហេតុអ្វីយើងគួរតែធ្វើតាមព្រះគ្រីស្ទ ? ជាញឹកញាប់សំណួរ « ហេតុអ្វី » នាំទៅរកការបំផុសគំនិត និងវិវរណៈ ។ ការស្គាល់អំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌របស់យើង នឹងជួយឆ្លើយសំណួរ « ហេតុអ្វី » បានច្រើនបំផុត ។ ខ្ញុំនឹងនិយាយបន្ថែមអំពីរឿងនេះនៅក្នុងគ្រាបន្ដិចនេះ ។
នេះគឺជាកំណត់ចំណាំចុងក្រោយមួយអំពីការឆ្លើយសំណួរ ។ វាសំខាន់ដើម្បីបង្រៀនសិស្សរបស់អ្នកថា ទោះបីជាដំណឹងល្អផ្ដល់ចម្លើយជាច្រើន ចំពោះសំណួរសំខាន់បំផុតនៃជីវិត ទោះជាមិនទាំងអស់ក្ដី ក៏សំណួរខ្លះមិនអាចត្រូវបានឆ្លើយនៅក្នុងជីវិតរមែងស្លាប់នេះដែរ ដោយសារយើងខ្វះព័ត៌មានដែលចាំបាច់ដើម្បីឆ្លើយឲ្យត្រឹមត្រូវ ។ ដូចយើងបានរៀននៅក្នុងយ៉ាកុប ៖ « មើលចុះ កិច្ចការទាំងឡាយនៃព្រះអម្ចាស់សុទ្ធតែធំ ហើយអស្ចារ្យមែន ។ ឯជម្រៅនៃសេចក្ដីអាថ៌កំបាំងទាំងឡាយរបស់ទ្រង់ ក៏ពុំអាចរកឃើញដែរ ហើយមនុស្សគ្មានលទ្ធភាពនឹងរកឃើញផ្លូវរបស់ទ្រង់បានអស់ឡើយ ។ ហើយគ្មានអ្នកណាម្នាក់ស្គាល់ផ្លូវទាំងឡាយរបស់ទ្រង់ទេ លើកលែងតែបានសម្ដែងដល់អ្នកនោះប៉ុណ្ណោះ » ។៩
ឥឡូវនេះជាពាក្យដាស់តឿនមួយ ៖ សូមទទួលស្គាល់ថា អ្នកអាចនឹងជឿ ដូចជាសិស្សជាច្រើនរបស់អ្នកដែរថា អ្នក គឺជាអ្នកជំនាញខាងបទគម្ពីរ ខាងគោលលទ្ធិ និងខាងប្រវត្តិសាស្ត្រ ។ ការសិក្សាថ្មីៗមួយបានបង្ហាញថា « កាលណាមនុស្សកាន់តែគិតថាគេស្គាល់ប្រធានបទមួយ នោះគេទំនងជាអះអាងថាខ្លួនយល់ច្រើនជាងអ្វីដែលគេចេះ ទាំងអះអាងថាមានចំណេះដឹងអំពីអ្វីដែលមិនពិត ឬព័ត៌មានបំភ្លើសផង » ។១០
គ្រូបង្រៀន ស៊ី.អ៊ី.អេស ត្រូវតែចៀសវាងពីការល្បួងនេះ ដែលត្រូវបានហៅថា « ការអះអាងហួសហេតុ » នោះ ។ វានឹងមិនអីទេដើម្បីនិយាយថា « ខ្ញុំមិនដឹងទេ » ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនិយាយដូច្នោះ អ្នកមានការទទួលខុសត្រូវមួយដើម្បីស្វែងរកចម្លើយល្អបំផុតចំពោះសំណួរដែលសិស្សរបស់អ្នកសួរនោះ ។១១
នៅក្នុងការបង្រៀនសិស្សរបស់អ្នក និងនៅក្នុងការឆ្លើយចំពោះសំណួររបស់ពួកគេ ខ្ញុំសូមព្រមានអ្នកថា អ្នកមិនត្រូវចែកចាយរឿង ឬកត្តាដែលចង់បង្កើនសេចក្ដីជំនឿ ប៉ុន្តែមិនបញ្ជាក់អំពីសេចក្ដីពិត ឬការយល់ដឹង និងការពន្យល់ដែលមិនត្រូវអំពីគោលលទ្ធិ និងការអនុវត្តមកពីអតីតកាលរបស់យើងឡើយ ។ វាតែងតែឈ្លាសវៃជានិច្ចដើម្បីធ្វើឲ្យការសិក្សាពាក្យសម្ដីរបស់ពួកព្យាការី និងពួកសាវកនៅរស់ក្លាយជាការអនុវត្តមួយ បន្ដមានបច្ចុប្បន្នភាពចំពោះបញ្ហានានា គោលនយោបាយ និងសេចក្ដីថ្លែងរបស់សាសនាចក្រថ្មីៗតាមរយៈ mormonnewsroom.org និង LDS.org ហើយពិគ្រោះពីកិច្ចការរបស់ពួកអ្នកប្រាជ្ញ អិល.ឌី.អេស ដែលបានទទួលស្គាល់ គិតគូ និងស្មោះត្រង់ ដើម្បីប្រាកដថាអ្នកមិនបង្រៀនអ្វីដែលមិនពិត ហួសសម័យ ឬចម្លែក និង ខុសពីធម្មតា ។
អ្នកនិពន្ធអំពីការសិក្សាទៅលើ « ការអះអាងហួសហេតុ » បានកត់ចំណាំថា « ទំនោរមួយដើម្បីអះអាងហួសហេតុ ជាពិសេសអ្នកដែលគិតថាខ្លួនជាអ្នកជំនាញ អាចនឹងបំបាក់ទឹកចិត្តដល់បុគ្គលនោះពីការអប់រំខ្លួនគេនៅក្នុងផ្នែកជាក់លាក់ទាំងឡាយដែលពួកគេគិតថាខ្លួនគេចេះដឹងនោះ » ។
អនុប្រធានសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ បានផ្ដល់មតិថា « ការធ្វើជាអ្នកជំនាញនៅលើប្រធានបទមួយ វាអាចនឹងជាការរំភើប ជាពិសេសនៅពេលសិស្សយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើអ្វីៗដែលយើងនិយាយ ។ ទោះជាយ៉ាងណាក៏ដោយ បើគ្មានការប្ដេជ្ញាយ៉ាងខ្លាំងដើម្បីរៀនសូត្រជាបន្ដបន្ទាប់ទេ នោះយើងនឹងធ្លាក់ទៅជាជនរងគ្រោះចំពោះការអះអាងហួសហេតុ ហើយគ្មាននរណាម្នាក់ចូលចិត្ត ‹ មនុស្សដែលចេះអ្វីៗទាំងអស់ ›» នោះទេ ។12
ខ្ញុំសូមនិយាយពាក្យព្រមានរបស់ប្រធាន ហ៊ិងគ្លី ជាថ្មីថា « យើងត្រូវប្រយ័ត្នឲ្យខ្លាំង ។ យើងត្រូវតែមើលថា យើងមិនចាកចេញពី [ផ្លូវ] ឡើយ ។១៣
បន្ថែមពីលើការធ្វើជាអ្នករៀនពេញមួយជីវិត នោះអ្នកត្រូវតែធ្វើនូវរឿងទាំងនោះក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ ដែលអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងខ្លួនអ្នក ។ រឿងដូច្នោះរួមមាន ការអធិស្ឋានប្រចាំថ្ងៃដោយស្មោះត្រង់ ការតមអាហារដោយស្មោះត្រង់ ការសិក្សា និងការពិចារណាបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការីនៅរស់ជាទៀងទាត់ ការធ្វើឲ្យថ្ងៃឈប់សម្រាកជាទីរីករាយ ការទទួលទានសាក្រាម៉ង់ដោយរាបសារ និងការចងចាំព្រះអង្គសង្គ្រោះជានិច្ច ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ហើយទីបញ្ចប់ ការឈោងទៅជួយដល់អ្នកខ្វះខាត អ្នកក្រីក្រ និងឯកោ--ទាំងអ្នកដែលជិតស្និត និងនៅទូទាំងពិភពលោក ។
គ្រូបង្រៀនជាទីស្រឡាញ់របស់ខ្ញុំអើយ ដើម្បីបំពេញនូវឱកាស និងការទទួលខុសត្រូវរបស់អ្នកដោយត្រឹមត្រូវ អ្នកត្រូវតែអនុវត្តនូវអ្វីដែលអ្នកផ្សាយ !
ចូរក្លាហានក្នុងការស្វែងរកការប្រឹក្សា និងការកែតម្រូវមកពីអ្នកទាំងឡាយដែលអ្នកទុកចិត្ត--ជាស្វាមី ឬភរិយា ជាអ្នកដឹកនាំបព្វជិតភាព ឬអ្នកគ្រប់គ្រង ។ ចូរសួរពួកគេថាអ្នកអាចកែលម្អនៅត្រង់ចំណុចណាក្នុងភាពជាសិស្សផ្ទាល់ខ្លួនរបស់អ្នក ។ រឿងនេះសំខាន់ជាពិសេសចំពោះបុគ្គលិកពេញម៉ោងរបស់យើង ជាអ្នកទាំងឡាយដែលត្រូវបានឧបត្ថម្ភដោយមូលនិធិដង្វាយមួយភាគដប់ដ៏ពិសិដ្ឋរបស់សាសនាចក្រ ។ អ្នកត្រូវចៀសវាងពីអ្វីៗដែលបណ្ដេញព្រះវិញ្ញាណចេញ ។
បន្ថែមពីលើនោះ ខ្ញុំសូមផ្ដល់យោបល់ឲ្យអ្នកសម្ភាសខ្លួនឯងម្ដងម្កាល ហើយរំឭកនីហ្វៃទី ២ ២៦:២៩–៣២, អាលម៉ា ៥:១៤–៣០និងគោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៣–៤៦។ នោះនឹងជួយអ្នកឲ្យស្គាល់ប្រភេទនៃការល្បួងដែលយើងទាំងអស់គ្នាអាចនឹងជួប ។ ប្រសិនបើមានអ្វីមួយចាំបាច់ត្រូវផ្លាស់ប្ដូរនៅក្នុងជីវិតអ្នក សូមដោះស្រាយដើម្បីជួសជុលវា ។
ចៀសវាងពីការល្បួងឲ្យឆ្ងល់អំពីអារម្មណ៍របស់អ្នករួមការងារអ្នក ។ ផ្ទុយទៅវិញ ចូរមើលឲ្យជ្រៅទៅក្នុងដួងចិត្តរបស់អ្នកផ្ទាល់ ហើយស្រាវជ្រាវរកបំណងប្រាថ្នា និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ។ មានតែពេលនោះហើយដែលព្រះអង្គសង្គ្រោះអាចផ្លាស់ប្ដូរដួងចិត្តអ្នក ហើយសម្របបំណងប្រាថ្នា និងអារម្មណ៍ របស់អ្នក ទៅនឹងទ្រង់ ។
ជំនាន់កំពុងពេញវ័យ ចាំបាច់ត្រូវដឹង យល់ ឱបក្រសោបយក និងចូលរួមនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ ។ ការយល់អំពីផែនការនឹងផ្ដល់ដល់ពួកគេនូវយោបល់ដ៏ទេវភាពមួយ ដែលបង្ហាញពីខ្លួនគេក្នុងនាមជាបុត្រា និងបុត្រីរបស់ព្រះដែលផ្ដល់ដល់ពួកគេនូវកែវភ្នែកដើម្បីយល់ដឹងស្ទើរតែគ្រប់គោលលទ្ធិ ការអនុវត្ត និងគោលនយោបាយរបស់សាសនាចក្រ ។
ក្នុងនាមជាគ្រូបង្រៀន ស៊ី.អ៊ី.អេស សព្វថ្ងៃនេះ អ្នកចាំបាច់ត្រូវទទួលយកឱកាស និងការទទួលខុសត្រូវដើម្បីបង្រៀនមនុស្សវ័យក្មេងសតវត្សរ៍ទី ២១ នូវគោលការណ៍ត្រឹមត្រូវអំពីអាពាហ៍ពិពាហ៍ដែលអនុមតិដោយព្រះ និងតួនាទីនៃគ្រួសារនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។១៤
គោលលទ្ធិនៃអាពាហ៍ពិពាហ៍អស់កល្បជានិច្ច និងគ្រួសារ គឺជាផ្នែកដ៏សំខាន់មួយនៃផែនការនៃសុភមង្គលរបស់ព្រះ ។ វារួមមានក្រុមគ្រួសារដែលបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់យើង ជាចំណែកនៃគ្រួសារដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌នៅក្នុងនគរសេឡេស្ទាល ។ ដោយសារវាទាក់ទងដោយផ្ទាល់ទៅនឹងគ្រួសាររបស់ទ្រង់ផ្ទាល់ និងកូនចៅវិញ្ញាណរបស់ទ្រង់ផ្ទាល់ នោះយើងត្រូវបានបង្រៀននៅក្នុងលោកុប្បត្តិថា « ក៏បង្កើតគេឡើងជាប្រុសជាស្រី » ហើយថាទ្រង់បានបញ្ជាឲ្យលោកឪពុកអ័ដាម និងអ្នកម្ដាយ អេវ៉ា ឲ្យ « បង្កើតកូនឲ្យចម្រើនជាច្រើនឡើង » ។១៥
ដូចបាននិយាយថា ផែនការនៃសុភមង្គលចាប់ផ្ដើម ហើយបញ្ចប់ជាមួយនឹងគ្រួសារ ។ ប្រាកដណាស់ ការចាប់ផ្ដើមគ្រួសារ គឺមាននៅក្នុងពិភពមុនជីវិតនេះ ដែលយើងបានរស់នៅក្នុងនាមជាសមាជិកនៃគ្រួសាររបស់ព្រះបិតាសួគ៌របស់យើង ។ ហើយនៅចុងបញ្ចប់ ការតាំងចិត្ត និងទំនាក់ទំនងក្ដីស្រឡាញ់ជាគ្រួសារ នឹងមិនគ្រាន់តែបន្ដមានប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចម្រើនឡើងនៅក្នុងដំណើរការនៃការបង្កើតកូនចៅផងដែរ ។១៦
ធាតុសំខាន់ដែលភ្ជាប់វាទាំងអស់ជាមួយគ្នា--ទៅនឹងផែនការរបស់ព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង គឺវាអាស្រ័យ និងស្ថិតនៅលើ--ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ពលិកម្មដ៏ធួនរបស់ទ្រង់ធ្វើឲ្យអ្វីៗគ្រប់យ៉ាងអាចកើតឡើងបានដោយគ្មានកំណត់ រួមមានទាំងសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងអាពាហ៍ពិពាហ៍ និងគ្រួសារអស់កល្បជានិច្ច ។
ព្រះអម្ចាស់បង្រៀនយើងថា គ្មានមនុស្សនៅលីវណាម្នាក់ អាចទទួលបាននូវអ្វីៗទាំងអស់ដែលព្រះបិតាសួគ៌របស់យើងប្រទានដល់កូនចៅរបស់ទ្រង់ឡើយ មិនថាសេចក្ដីសុចរិតរបស់គាត់យ៉ាងណាទេ ។ បុគ្គលនៅលីវម្នាក់មានតែពាក់កណ្ដាលនៃអ្វីៗដែលត្រូវការ ពុំអាចរស់នៅក្នុងកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាលឡើយ ។១៧
សិស្សរបស់អ្នកចាំបាច់ត្រូវយល់ថាគោលបំណងនៃជីវិតរមែងស្លាប់គឺដើម្បីប្រែក្លាយកាន់តែដូចជាព្រះ តាមរយៈការទទួលរូបកាយសាច់ឈាម ការអនុវត្តសិទ្ធិជ្រើសរើស និងការបំពេញតួនាទីដែលពីមុនគឺជារបស់ផងព្រះបិតាមាតាសួគ៌តែប៉ុណ្ណោះ--គឺតួនាទីជាស្វាមី ភរិយា និងជាឪពុកម្ដាយ ។
ព្យាការីបានអះអាងថាអស់អ្នកទាំងឡាយណាដែលសក្ដិសម ហើយដែលពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទ តែពុំអាចផ្សារភ្ជាប់នឹងដៃគូ ឬមានកូនចៅនៅក្នុងជីវិតនេះ អាចមានឱកាសទាំងនោះនៅក្នុងជីវិតនាបរលោនាយ ។
សូមបង្រៀនមនុស្សវ័យក្មេងរបស់អ្នកថានៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ គឺស្វាគមន៍ដល់មនុស្សទាំងអស់ មកថ្វាយបង្គំ បម្រើ និងរីកចម្រើនជាមួយគ្នាក្នុងនាមជាបងប្អូនប្រុសស្រីនៅក្នុងដំណឹងល្អ ។ សូមរំឭកពួកគេនូវអ្វីដែលលីហៃបានបង្រៀនថា គោលដៅ និងក្ដីសង្ឃឹមរបស់ព្រះចំពោះយើង អាចពន្យល់ដោយសង្ខេបដូចតទៅ ៖ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយគមានមនុស្សលោក ដើម្បីឲ្យគេអាចមានអំណរ » ។១៨
ព្រះវរបិតាសួគ៌ចង់ឲ្យយើងទទួលយកនិយមន័យនៃអាពាហ៍ពិពាហ៍របស់ទ្រង់ ហើយគោរពតាមបទបញ្ញត្តិទីមួយរបស់ទ្រង់ឲ្យ « បង្កើតកូនជាច្រើនឡើង ហើយមានពេសពេញ » --មិនគ្រាន់តែដើម្បីបំពេញតាមផែនការរបស់ទ្រង់ទេ ប៉ុន្តែក៏ដើម្បីរកអំណរដែលផែនការទ្រង់បានរៀបចំឡើងដើម្បីប្រទានឲ្យបុត្រា និងបុត្រីរបស់ទ្រង់ផងដែរ ។
សមាជិកសាសនាចក្រ ពុំមែនជាមនុស្សដែលទទួលស្គាល់គោលការណ៍នេះតែឯងនោះទេ ។ អ្នកនិពន្ធរបស់ New York Times ឈ្មោះ ដេវីឌ ប្រ៊ូក បានសរសេរថា « មនុស្សពុំមានជីវិតកាន់តែប្រសើរទេ ពេលពួកគេឲ្យសេរីភាពផ្ទាល់ខ្លួនជាអតិបរិមាដើម្បីធ្វើអ្វីដែលពួកគេចង់បាននោះ ។ ពួកគេមានជីវិតល្អប្រសើរជាង ពេលពួកគេមានការតាំងចិត្តខ្លាំងជាងជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ—គឺជាការតាំងចិត្តចំពោះគ្រួសារ ព្រះ អាជីព និង ប្រទេសជាតិ » ។១៩
ក្នុងនាមជាគ្រូបង្រៀនរបស់សាសនាចក្រ សូមជួយដល់យុវវ័យរបស់យើងឲ្យមានការយល់ដឹងច្បាស់លាស់អំពីផែនការនៃសុភមង្គលរបស់ព្រះថាពិតជាមានអំណរកើតមានដល់កូនចៅរបស់ទ្រង់ ។ សូមជួយពួកគេដឹងរឿងនេះ ឱបក្រសោបយកវា ចូលរួមនឹងវា ហើយការពារវា ។ បទពិសោធន៍រយៈពេល ៤០ ឆ្នាំរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំដែលមានសិទ្ធិអំណាចទូទៅ ខ្ញុំបារម្ភថា សមាជិកសាសនាចក្ររបស់យើង ទាំងក្មេង និងចាស់ ដ៏ច្រើនពុំយល់អំពីផែនការសម្រាប់ជោគវាសនាដ៏អស់កល្ប និងដ៏ទេវភាពរបស់ពួកគេ ។
ដូច្នេះ គ្រូបង្រៀនរបស់ខ្ញុំអើយ យើងគួរតែស្វែងរក ហើយរីករាយនឹងឱកាសទាំងនេះដើម្បីពន្យល់អំពីខាងគោលលទ្ធិ និងខាងវិញ្ញាណ ថាហេតុអ្វីយើងជឿថាចំណេះដឹងអំពីផែនការសុភមង្គលដ៏អស្ចារ្យរបស់ព្រះ នឹងឆ្លើយចំពោះសំណួរ « ហេតុអ្វី » ភាគច្រើនដែលយើងត្រូវបានគេសួរ ។ ការបង្ហាញពីជំនឿរបស់យើងទៅលើជីវិតមុនជីវិតនេះ ដែលយើងបានរស់នៅជាកូនចៅវិញ្ញាណរបស់ព្រះវរបិតាសួគ៌ និងព្រះមាតាសួគ៌ អនុញ្ញាតឲ្យយើងពន្យល់ថាហេតុអ្វីផែនដីនេះត្រូវបានបង្កើតឡើង ។ គោលបំណងសំខាន់មួយនៃជីវិតរមែងស្លាប់ គឺថាយើងអាចចម្លងបទពិសោធន៍គ្រួសារនោះមកខ្លួនយើង ក្នុងគ្រានេះក្នុងនាមជាឪពុកម្ដាយ ជាជាងក្នុងនាមជាកូន ។ សូមរក្សាទុកនូវការយល់ដឹងគ្រឹះរបស់អ្នកអំពីគោលលទ្ធិ និងគោលបំណងនៃផែនការរបស់ព្រះវរបិតាសួគ៌របស់យើងដើម្បីសុភមង្គលដ៏អស់កល្បជានិច្ចរបស់យើង ។ ហើយបន្ដបង្រៀនអំពីវា ។
ដូច្នេះ ដើម្បីបញ្ចប់ និងសង្ខេប ៖ ចេញមកពីមតិពីខាងដើមរបស់អែលឌើរ គីម ប៊ី ក្លាក យើងបានរៀនថាអ្នកគឺជាគ្រូបង្រៀនបានបញ្ជូនមកពីព្រះ មានពេញដោយសេចក្ដីជំនឿ សេចក្ដីសង្ឃឹម ភាពរាបសារ និងសេចក្ដីស្រឡាញ់ ។ ២០
ចំណុចទាំងឡាយដែលខ្ញុំបានចែកចាយជាមួយនឹងអ្នកគឺ ៖
-
បង្រៀនសិស្សឲ្យដាក់បញ្ចូលការរៀនសូត្រដោយការសិក្សា និងសេចក្ដីជំនឿជាមួយនឹងទីបន្ទាល់បរិសុទ្ធ ។ សូមបង្រៀនពួកគេឲ្យបន្ដជិះនៅលើទូក ហើយតោងឲ្យជាប់ !
-
បង្រៀនសិស្សឲ្យគ្រប់គ្រងលើទូរសព្ទរបស់ពួកគេ ហើយផ្ដោតទៅលើទំនាក់ទំនងព្រះវិញ្ញាណបរិសុទ្ធឲ្យច្រើនជាងអ៊ិនធើរណិត ។
-
ចាក់ថ្នាំបង្ការដល់សិស្សជាមួយនឹងសេចក្ដីពិតនៃផែនការនៃសេចក្ដីសង្គ្រោះដែលរកបាននៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
រៀនឲ្យចេះស្ទាត់អំពីមាតិកានៃសំណេរប្រធានបទដំណឹងល្អ ។
-
សូមចងចាំថា « ហេតុអ្វី ? » អាចជាសំណួរដ៏អស្ចារ្យមួយ ដែលដឹកនាំទៅរកការយល់ដឹងអំពីដំណឹងល្អ ។
-
ចូរកុំអះអាងហួសហេតុ ហើយកុំខ្លាចនឹងនិយាយថា « ខ្ញុំមិនដឹង » ។
-
ចូរធ្វើជាអ្នករៀនសូត្រពេញមួយជីវិត ។
-
ស្វែងរកការប្រឹក្សា និងការកែលម្អមកពីអ្នកទាំងឡាយដែលអ្នកទុកចិត្ត ។
-
ពិចារណាធ្វើការសម្ភាសខ្លួនឯងម្ដងម្ដាលដើម្បីពិនិត្យមើលការរៀបចំខ្លួនខាងវិញ្ញាណ ភាពឧស្សាហ៍ព្យាយាម និងប្រសិទ្ធភាពរបស់អ្នក ។
-
បង្រៀនថា ផែនការនៃសុភមង្គលចាប់ផ្ដើម ហើយបញ្ចប់ជាមួយនឹងគ្រួសារ ។ ចាំទុកក្នុងចិត្តអំពីផែនការនៃសេចក្ដីសង្គ្រោះគ្រប់ពេល ។
-
បង្រៀនថា អាពាហ៍ពិពាហ៍ និងគ្រួសារនាំមកនូវអំណរដ៏យូរអង្វែង ។
-
សូមចងចាំ ការដាក់បញ្ចូលការរៀនសូត្រដោយការសិក្សា ដោយសេចក្ដីជំនឿ និងដោយទីបន្ទាល់បរិសុទ្ធ នាំមកនូវការផ្លាស់ប្រែចិត្តជឿពិត និងយូរអង្វែង ។
-
លើសពីនោះទៀត សេចក្ដីជំនឿរឹងមាំទៅលើដង្វាយធួននៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ គឺសំខាន់ចំពោះកម្លាំងខាងវិញ្ញាណ និងការរីកចម្រើនរបស់យើង ។
ឥឡូវគ្រូបង្រៀនជាទីស្រឡាញ់របស់ខ្ញុំ សូមឲ្យព្រះប្រទានពរដល់បងប្អូនគ្រប់រូបម្នាក់ៗ ។ មិនថាអ្នកកំពុងរែកបន្ទុកអ្វីទេ សូមឲ្យបន្ទុកនោះត្រូវបានសម្រាល ។ សូមឲ្យអ្នកមានអំណរ និងភាពសុខសាន្ដដែលកើតមានមកពីការដឹងថាការបង្រៀនរបស់អ្នកបានមានឥទ្ធិពលដល់ជីវិតមួយ អ្នកបានជួយដល់កូនម្នាក់របស់ព្រះវរបិតាសួគ៌ នៅលើដំណើរផ្លូវរបស់ពួកគេដើម្បីឲ្យថ្ងៃមួយត្រូវបានឱបក្រសោបនៅក្នុងវត្តមានរបស់ទ្រង់ម្ដងទៀត ។ ខ្ញុំសូមបន្សល់ទុកនូវសាក្សី និងទីបន្ទាល់របស់ខ្ញុំនឹងអ្នកថា យើងមានដំណឹងល្អដ៏អស់កល្បពេញលេញរបស់ព្រះយេស៊ូវគ្រីស្ទ ពេលបានសាងឡើងវិញតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ។ ភាពពេញលេញនៃដំណឹងល្អ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើង ។ យើងត្រូវតែដាក់វាចូលទៅក្នុងចិត្ត និងគំនិតរបស់យើង ហើយបង្រៀនវាដោយព្រះចេស្ដារ ។ សូមឲ្យព្រះប្រទានពរដល់យើងទាំងអស់គ្នាម្នាក់ៗ គឺជាការអធិស្ឋានដ៏រាបសារ និងការប្រទានពររបស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2016 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុមតិជាភាសាអង់គ្លេស ៖ ១២/១៥ ។ អនុមតិឲ្យបកប្រែ ៖ ១២/១៥ ។ ការបកប្រែនៃ «The Opportunities and Responsibilities of CES Teachers in the 21st Century » ។ Cambodian ។ PD60001102 258