បណ្ណាល័យ
ឱកាស និង​ការ​ទទួលខុសត្រូវ​របស់​គ្រូបង្រៀន ស៊ី.អ៊ី.អេស នៅក្នុង​សតវត្សរ៍​ទី ២១


ឱកាស និង​ការ​ទទួលខុសត្រូវ​របស់​គ្រូបង្រៀន ស៊ី.អ៊ី.អេស នៅក្នុង​សតវត្សរ៍​ទី ២១

ល្ងាច​មួយជា​មួយ​នឹង​អែលឌើរ អិម  រ័សុល បាឡឺដ

សុន្ទរកថា​ទៅកាន់​គ្រូបង្រៀន​សាសនា ស៊ី.អ៊ី.អេស• ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦• រោង​ឧបោសថ​ទីក្រុង​សលត៍ លេក​

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ អរគុណ​ចំពោះ​ការ​ខិតខំ​ដ៏អស្ចារ្យ​របស់បងប្អូន​ដើម្បី​ប្រទានពរ​ដល់ជីវិត​នៃ​សមាជិក​វ័យ​ក្មេង​ក្នុងសាសនាចក្រ​របស់​យើង ។

ថ្មីៗ​នេះ ខ្ញុំ​បាន​មើល​សៀវភៅ ដោយ​ការ​សិក្សា និង​ដោយ​សេចក្ដីជំនឿ ៖ រយៈពេល​មួយរយ​ឆ្នាំ​នៃ​ថ្នាក់​សិក្ខាសាលា​ និង​ថ្នាក់វិទ្យាស្ថាន​សាសនា ។ វា​គឺជា​រឿង​ដ៏​អស្ចារ្យ ! នៅពេលខ្ញុំ​អាន​វា ខ្ញុំ​កត់សម្គាល់​ពី​តួនាទី​របស់ជីតាទួត​របស់ខ្ញុំ ឈ្មោះ យ៉ូសែប  អែហ្វ ស៊្មីធ និង​តា​របស់​ខ្ញុំឈ្មោះ មែលវិន  ជេ បាឡឺដ នៅក្នុងការ​បង្កើត​ និងការ​ពង្រីក​ការ​អប់រំ​របស់សាសនាចក្រ ។

ថ្ងៃនេះ ខ្ញុំ​កំពុង​បម្រើ​នៅ​កន្លែង​​ដែលពួកគាត់​បានបម្រើ​​នាពេល​នោះ ដោយសារ​តែ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​នឹង​បងប្អូន ។ ចាប់​តាំងពី​ឆ្នាំ ១៩៨៥ ខ្ញុំ​មានឯកសិទ្ធិ​នៃ​ការបម្រើ​ក្នុងគណៈ​កម្មការ​អប់រំ​អស់រយៈពេល ១៤  ឆ្នាំ ដែល​ខ្ញុំ​នៅក្នុងគណៈកម្មការ​ប្រតិបត្តិ​អប់រំ​រយៈពេល ៧  ឆ្នាំ ហើយ​ខ្ញុំបានបម្រើ​ជា​ប្រធាន​ជិត​រយៈពេល ៤ ឆ្នាំ​ក្នុង​ឆ្នាំ​ទាំងនោះ ។

អំឡុង​ជំនាន់​របស់ខ្ញុំ​នៅក្នុងគណៈ​កម្មការ ខ្ញុំ​បាន​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​អប់រំ​របស់សាសនាចក្រ ។ នាយប់នេះ ខ្ញុំ​និយាយ​ជំនួស​ឪពុក​ម្ដាយ និង​ជីដូនជីតា​ និងជីដូនជីតាទួត​នៅក្នុង​សាសនាចក្រ នៅពេល​ខ្ញុំ​ថ្លែង​អំណរគុណ​ដល់គ្រូបង្រៀន និងអ្នកគ្រប់គ្រង និងគ្រួសារ​របស់អ្នក​ចំពោះ​ការ​បម្រើ​ដ៏ស្មោះត្រង់​របស់អ្នក ។ អ្វី​ដែល​ ស៊ី.អ៊ី.អេស សម្រេច​បាន​នៅ​ក្នុងរយៈពេល​ ១០០ ឆ្នាំកន្លង​ទៅ គឺ​អស្ចារ្យ​ណាស់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​កាន់តែ​មានចំណាប់អារម្មណ៍​នៅក្នុងរយៈពេល ១០០  ឆ្នាំ​ទៅ​មុខ​ទៀត និងរបៀប​ដែល​បងប្អូនអាច​ជួយ​ឲ្យសិស្ស​របស់បងប្អូន​ប្រឈមមុខ​នឹងឧបសគ្គ​ដែល​បន្ដ​ផ្លាស់ប្ដូរ​មិនឈប់ឈរ​នៃ​សតវត្សរ៍​ទី ២១ នេះ ។

នៅក្នុង​ការ​ប្រជុំ​បំពាក់បំប៉ន​អ្នកមានសិទ្ធិ​អំណាច​ទូទៅ​មួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​អំពី​ប្រធានបទ « ការរក្សា​គោលលទ្ធិ​ឲ្យបរិសុទ្ធ នោះ​សាសនាចក្រ​នឹង​ស្ថិតនៅលើ​ផ្លូវ​ត្រឹមត្រូវ » ។ លោក​បានថ្លែង​ថា « យើងត្រូវ​ប្រយ័ត្ន​ឲ្យខ្លាំង ។ យើង​ត្រូវតែមើលថា យើង​មិន​ចាក​ចេញ​ពី [ផ្លូវ] ឡើយ ។ នៅក្នុងការ​ខិតខំ​របស់​យើង​ដើម្បី​ស្ថិត​នៅក្នុងភាពដើម ស្រស់ស្រាយ និងភាពខុស​ប្លែកពីគេ នោះ​យើងអាច​នឹង​មិន​បង្រៀន​រឿង​ដែល​​ត្រូវគ្នា​ទាំង​ស្រុង​នឹង​គោលលទ្ធិ​មូលដ្ឋាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែលបាន​ស្ដារឡើងវិញ​នេះ ។ … យើង​ត្រូវ​តែ​យកចិត្តទុកដាក់បន្ថែម ។ … យើង​ត្រូវ​តែ​ធ្វើជា​អ្នកយាម​នៅលើ​ប៉ម » ។

នៅពេល​ការ​អប់​រំរបស់សាសនាចក្រឆ្ពោះទៅមុខ​នៅក្នុង​សតវត្សន៍​ទី ២១  នោះ​អ្នករាល់គ្នាម្នាក់ៗ​ចាំបាច់​ត្រូវ​ពិចារណា​អំពីការ​ផ្លាស់ប្ដូរ​នានា​ដែលអ្នកគួរ​ធ្វើក្នុង​របៀប​ដែល​អ្នករៀបចំ​ខ្លួន​ដើម្បីបង្រៀន របៀប​ដែលអ្នកបង្រៀន និង​អ្វី​ដែលអ្នកបង្រៀន ប្រសិន​បើអ្នក​​​ស្ថាបនា​ជំនឿ​ដ៏​ខ្ជាប់ខ្ជួន​​​នៅក្នុង​ជីវិត​របស់​យុវវ័យ​​​ដ៏​មានតម្លៃ​របស់​យើង ។

ពេលវេលា​កន្លង​ផុតទៅហើយ ពេល​សិស្ស​ម្នាក់​បានសួរ​សំណួរ​ស្មោះត្រង់មួយ ហើយគ្រូបង្រៀន​បាន​ឆ្លើយ​តបថា « កុំ​បារម្ភ​អំពីវា ! » ពេលវេលា​កន្លង​ផុត​ទៅហើយ ពេល​សិស្ស​ម្នាក់​បាន​លើក​ចម្ងល់​ដោយស្មោះឡើង រួច​គ្រូបង្រៀន​ថ្លែង​ទីបន្ទាល់​របស់គាត់ ជា​ចម្លើយ​មួយដើម្បីចៀស​វាងពី​បញ្ហា ។ ពេលវេលា​កន្លង​ផុត​ទៅហើយ ពេល​សិស្សត្រូវ​បាន​ការ​ពារ​ពីមនុស្ស​ដែល​វាយប្រហារ​លើ​សាសនាចក្រ ។ ជាកុសល​ល្អ ព្រះអម្ចាស់​បាន​ប្រទាន​ការ​ប្រឹក្សា​ទាន់ពេល និង​គ្រប់ពេល​វេលា​ដល់​គ្រូបង្រៀន ៖ « ហើយ​ដូច​ជា​មនុស្ស​ពុំមាន​សេចក្តី​ជំនឿ​ទាំងអស់​គ្នា នោះ​ចូរអ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរអ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពីសៀវភៅ​ដ៏​ល្អៗ​បំផុត ចូរស្វែងរក ការរៀនសូត្រ ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តីជំនឿផង » ។

រឿង​នេះគឺ​អនុវត្តជាពិសេស​នាសព្វថ្ងៃនេះ ពីព្រោះ​ថា​មិនមែនគ្រប់សិស្ស​របស់អ្នក​មានសេចក្ដីជំនឿ​ចាំបាច់​ដើម្បីប្រឈម​មុខ​នឹង​ឧបសគ្គ​ដែលនៅ​ខាង​មុខនោះទេ ដោយសារ​មានពួកគេ​ជាច្រើន​បាន​ជួប​នឹងកម្លាំង​បំផ្លាញកាន់តែ​ខ្លាំង​​នៃ​លោកិយ​រួច​ទៅហើយ​តាម​អ៊ិនធើរណិត​ ដែល​វា​ជាសត្រូវ​នឹង​សេចក្ដីជំនឿ​ គ្រួសារ និង​បទដ្ឋាន​ដំណឹងល្អ ។ អ៊ិនធើរណិត​កំពុង​តែ​ពង្រីក​ឥទ្ធិពល​របស់​វា​នៅ​ទូទាំង​ពិភពលោក​ស្ទើរ​តែគ្រប់ផ្ទះ និងគ្រប់​ដៃ គ្រប់គំនិត​របស់​សិស្ស​អ្នក ។

អ្នកអាច​ជួយសិស្ស​ដោយការ​បង្រៀន​ពួកគេ​អំពីអត្ថន័យ​នៃការ​បង្រួម​ការ​សិក្សា​ជាមួយ​នឹង​សេចក្ដីជំនឿ​នៅពេលពួកគេ​រៀន ។ បង្រៀនពួកគេ​តាមរយៈ​ការបង្ហាញ​ជា​គំរូ​នូវ​ជំនាញ និងមធ្យោបាយ​នេះ​ក្នុងថ្នាក់រៀន ។

ប្រធាន ហារ៉ូល ប៊ី លី បាន​សង្កេត​ឃើញ​ថា ៖

« យើងនឹង​រំឭក​បងប្អូនថា តម្រូវការ​ឲ្យមានចំណេះដឹង​តាមរយៈ​សេចក្ដីជំនឿ គឺ​ពុំ​មែនជា​ផ្លូវងាយស្រួល​ដើម្បី​រៀនសូត្រ​នោះទេ ។ វា​ត្រូវការ​នូវការ​ខិតខំ​យ៉ាង​ខ្លាំង ហើយ​ព្យាយាម​ជា​បន្ដ​បន្ទាប់​ដោយ​សេចក្ដី​ជំនឿ ។ …

« សរុបសេចក្ដី​ទៅ ការ​រៀន​ដោយ​សេចក្ដីជំនឿ គឺ​ពុំ​មែន​ជា​កិច្ចការ​សម្រាប់​បុរស​​ខ្ជិល​ច្រអូស​ [ឬ​ស្ត្រី] នោះ​ទេ ។ មាន​មនុស្ស​ម្នាក់បាន​និយាយថា ដំណើរ​ការ​ដូច្នេះ​តម្រូវ​ឲ្យ​មាន​ការ​ចុះចូល​នៃព្រលឹង​ទាំងមូល ដែល​តភ្ជាប់​គំនិត និងអារម្មណ៍​ក្នុង​ខ្លួន​មនុស្ស​ទៅនឹង​ព្រះ-- ទំនាក់ទំនង​ត្រឹមត្រូវ​ត្រូវតែ​បង្កើតឡើង ។ បន្ទាប់ពី​នោះ​ទើប​កើតមាន​នូវ ‹ ចំណេះដឹង​ដោយ​សេចក្ដីជំនឿ ›» ។

ចំណេះដឹង​ដោយសេចក្ដីជំនឿ​នឹង​បង្កើត​ជាទីបន្ទាល់​បរិសុទ្ធ ហើយទីបន្ទាល់បរិសុទ្ធ​មាន​អំណាច​ផ្លាស់ប្ដូរ​ជីវិត​ ដូច​បាន​បង្ហាញ​ក្នុងរឿងសង្ខេប​ទាំង​បី​នេះ ។

ទីមួយ ផូប ខាធើរ បាន​ចាកចេញពី​ផ្ទះ​ដើម្បី​ទៅ​ជួបជុំ​នឹង​ពួកបរិសុទ្ធ​ក្នុង​ឆ្នាំ ១៨៣០ ។ គាត់បាន​រំឭកថា « មិត្ត​របស់ខ្ញុំ​ស្ងើច​ចំពោះ​ដំណើរ​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ងើច​ខ្លួន​ឯង​ដែរ ប៉ុន្តែ​មានអ្វី​មួយ​ក្នុងខ្លួនខ្ញុំ​ដែល​ជម្រុញ​ឲ្យខ្ញុំ​ធ្វើ ។ ការ​សោក​សៅ​របស់ម្ដាយខ្ញុំ ចំពោះការ​ចាកចេញ​ពីផ្ទះ​របស់ខ្ញុំ គឺ​មាន​លើសលប់​​ស្ទើរ​តែ​ខ្ញុំពុំ​អាច​ទ្រាំទ្របាន ហើយបើ​ពុំ​ដោយសារ​ព្រះវិញ្ញាណ​​​ដែល​មាន​នៅក្នុង​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពុំ​ចាកចេញទៅទេ » ។

ផូប បានធ្វើ​តាម​ព្យាការី ហើយបាន​ជួបជុំ​នឹង​ពួកបរិសុទ្ធ​នៅ​អូហៃអូ ហើយទីបំផុត​នៅរដ្ឋ​យូថាហ៍ ជាកន្លែង​ដែលគាត់​ទទួលមរណភាព​ជាពួកបរិសុទ្ធថ្ងៃចុង​ក្រោយស្មោះត្រង់ ហើយបាន​ទទួលនឹម​ស្មើគ្នាក្នុង​នាមជា​ភរិយា​គាត់របស់​ ​ប្រធាន​សាសនាចក្រ វិលហ្វូឌ វូឌដ្រុព្វ ។

រឿង​បន្ទាប់​នេះ​ចេញមកពីជីវប្រវត្តិ​របស់​ ម៉ារុន  ជី រ៉មនី ។

ក្នុងនាមជា​និសិត្ស​នៅ​មហាវិទ្យាល័យ Marion បាន​សម្រេច​ចិត្ត​ថា​គាត់​មិនអា​ច​បម្រើ​បេសកកម្ម​បានទេ ដោយសារ​តែ​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​របស់គាត់ ។ មានគ្រា​មួយ គាត់បាន​ស្ដាប់​ឮអែលឌើរ មែលវិន ជេ បាឡឺដ ថ្លែង ។ ជីវប្រវត្តិកត់ចំណាំថា « [ម៉ារុន] ពុំ​បាន​ដឹង​នៅពេល​នោះ​ថា ផ្លូវជីវិត​របស់​គាត់ហៀប​នឹង​ផ្លាស់ប្ដូរ​ទាំងស្រុង​ក្នុង​ពេល​មួយរំពេច​ភ្នែកនោះទេ » ។

រឿង​បានបន្ដ ៖ « [ឪពុក​របស់ ម៉ារុន] បានប្រាប់​កូនៗ​គាត់​ថា …មានភាព​ខុសគ្នា​យ៉ាង​ច្រើន​រវាង​មនុស្ស​ដែល​រស់នៅ​ក្រោម​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ និង​មនុស្ស​ដែល​មិនមាន វាដូចជា​ដើមឈើ​ដែល​ដុះលូតលាស់ និង​ដើមឈើ​រួញតឿ​ដែរ ។ នោះជា​លើក​ដំបូង​ដែល ម៉ារុន… បាន​យល់​យ៉ាងពេញលេញ​ថា [ដូចជា] ត្រូវ​បាន​ស្ថិត​នៅក្រោម​ឥទ្ធិពល​នៃ​ការ​បំផុសគំនិត ។ អារម្មណ៍​ចាក់ក្នុងចិត្ត និង​ឆេះឆួល​ក្នុង​ចិត្ត​បាន​បំពេញ​ក្នុងព្រលឹង​របស់​គាត់ ។ គាត់… ពុំ​ដែល​រំជួល​ក្នុងដួងចិត្ត​យ៉ាង​ខ្លាំង​ដូច​ពេលនេះទេ ពេលស្ដាប់​ឮ​ពាក្យ​សម្ដី​របស់សាវក​ថ្មីបំផុត​រូបនេះ ។ …

« យុវជន ម៉ារុន … បាន​ទទួលឥទ្ធិពល​ដ៏មានអានុភាព ។ ពន្លឺ​នៃ​ទឹកមុខរបស់សាវក និងភាព​ស្មោះត្រង់​នៃ​ទីបន្ទាល់​របស់គាត់​បាន​បំពេញ​ក្នុងខ្លួន​គាត់​នូវ​​បំណង​ប្រាថ្នាដ៏​ខ្លាំង​មួយ​ដើម្បីចេញទៅ​បំពេញបេសកកម្ម ។ … គាត់បាន​ដឹង​ថា ផែនការ​របស់គាត់​ដើម្បី​បន្ដ​ការ​សិក្សា​ត្រូវ​តែ​ផ្អាក » ។

មិនយូរប៉ុន្មាន ម៉ារុន បាន​ធ្វើដំណើរ​ទៅ​ប្រទេស អូស្ត្រាលី ជាកន្លែង​ដែលគាត់​បានបម្រើ​ដោយ​ស្មោះត្រង់ ។ ក្រោយមក គាត់​បាន​ក្លាយជា​សាវក​ដ៏​អស្ចារ្យ​ម្នាក់ និង​ជា​សមាជិក​នៃ​គណៈ​ប្រធាន​ទីមួយ ។

រឿង​ចុង​ក្រោយ​ត្រូវ​បានប្រាប់​ដោយ​ប្រធាន ប្រធាន ប៊យដ៏  ឃេ ផាកកឺ អំពី​ឥទ្ធិពល​របស់គ្រូបង្រៀន​វ័យចំណាស់​មួយរូប​​មានទៅលើ​ វិល្លាម អ៊ី. បារ៉ែត ។ គ្រូបង្រៀន ជាអ្នក​​ផ្លាស់ប្រែចិត្តជឿ​ម្នាក់​មកពី​ប្រទេស​ ​ណរវ៉េ មាន​ជំនាញ​ភាសា​អង់គ្លេស​ពុំ​សូវ​ល្អ​ទេ ។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ មិន​ថា​គ្រូបង្រៀនមាន​កម្រិត​កំណត់អ្វីនោះទេ ប្រធាន ផាកកឺ បាន​រំឭក​ថា « បងប្រុស បារ៉ែត បានថ្លែង​ទីបន្ទាល់ជា​ច្រើនដង​ថា ‹ យើងអាច​កម្ដៅ​ដៃ​របស់​យើង​ដោយ​ភ្លើង​នៃ​សេចក្ដីជំនឿ​របស់គាត់​បាន ›» ។ 

ក្រោយមក វីល្លាម បាន​ក្លាយទៅជា​អ្នកគ្រប់គ្រង​ថ្នាក់​សិក្ខាសាលា ថ្នាក់វិទ្យាស្ថាន និង​សាលា​របស់សាសនាចក្រ ។

ចំពោះ ផូប, ម៉ារុន, និង វិល្លាម ដែល​បានស្ដាប់​ឮទីបន្ទាល់​ដ៏បរិសុទ្ធ​មួយ បាន​ក្លាយទៅជា​កាតាលីករ​ដែល​ផ្លាស់ប្ដូរ​ជីវិត​របស់ពួកគេ​ជា​រៀងរហូត ។ វា​ក៏​មាន​ពិត​ដូច​គ្នា​នេះ​ចំពោះ​សិស្ស​របស់អ្នកផងដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​ភាពពិត​នៃ​ពិភពលោក​សព្វថ្ងៃនេះ ទីបន្ទាល់​បរិសុទ្ធ​អាច​នឹង​មិន​មាន​ល្មមគ្រប់គ្រាន់​ជានិច្ច​នោះទេ ។ ផូប, ម៉ារុន, និង វិល្លាម មានភាព​ស្អាតស្អំ និងបរិសុទ្ធ ហើយ​ពុំ​មានជាប់ជំពាក់​នឹង​រឿង​អាសគ្រាម និងភាព​ស្មោគគ្រោក​នៃ​លោកិយ​នោះទេ នៅពេល​ពួកគេ​អង្គុយ​នៅ​ជិត​នឹង​ជើង​នៃ​អ្នក​ផ្សព្វផ្សាយសាសនា​ គ្រូបង្រៀន និង​អ្នកដឹកនាំ​ដ៏បំផុសគំនិត​នោះ ។ ព្រះវិញ្ញាណ​ងាយ​នឹង​ចាក់ចូល​ទៅក្នុង​ដួងចិត្ត​ដ៏ទន់ភ្លន់ និងបរិសុទ្ធ​របស់ពួកគេ ។

សព្វថ្ងៃនេះ រឿង​គឺមានភាព​ខុសគ្នា​ខ្លាំង ព្រោះ​សិស្ស​របស់អ្នក​មួយចំនួន​អាច​នឹង​ត្រូវ​រងឥទ្ធិពល​ដោយ​រូបអាសគ្រាម និង​រឿង​ស្មោគគ្រោក​ខាង​លោកិយ​រួច​ទៅហើយ ពីមុន​ពួកគេ​មកដល់ថ្នាក់របស់អ្នក ។

គ្រាន់តែ​មួយ​ជំនាន់​កន្លង​ទៅ ដែល​មនុស្ស​វ័យ​ក្មេង​របស់​យើង​អាច​ចូល​ទៅកាន់ព័ត៌មាន​អំពី​ប្រវត្តិ គោលលទ្ធិ និង​ការ​អនុវត្ត​របស់​យើង ត្រូវ​បាន​កំណត់​ចំពោះ​តែ​ឯកសារ​បោះពុម្ព​ដោយសាសនាចក្រ​ប៉ុណ្ណោះ ។ សិស្សមួយចំនួន​តូច​ជួប​នឹង​ការបកស្រាយ​ផ្ទុយ ។ ភាគច្រើន ​មនុស្ស​វ័យ​ក្មេង​របស់​យើង​បាន​រស់នៅ​ក្នុងជីវិត​ដែល​បាន​ការ​ពារ ។

កម្មវិធីសិក្សា​របស់​យើង​នៅពេល​នោះ ទោះ​ជា​បង្កើត​ឡើង​ក្នុង​បំណង​ល្អ​ក្ដី ក៏​ពុំ​បាន​រៀបចំ​សិស្ស​សម្រាប់​ជំនាន់បច្ចុប្បន្នដែរ--ជាជំនាន់​មួយ​ដែល​សិស្ស​អាច​ចូលទៅកាន់​អ្វីៗ​ដែល​ប្រកប​ដោយគុណធម៌​អំពីសាសនាចក្រ​មកពីគ្រប់​ស្ថានភាព​ដោយភ្លាមៗ ។ សព្វ​ថ្ងៃ​នេះ អ្វីដែលពួកគេ​មើល​ឃើញនៅក្នុង​ទូរសព្ទ​ដៃ​របស់ពួកគេ គឺមាន​​ជាឧបសគ្គ​ចំពោះ​សេចក្ដីជំនឿច្រើន​​ដូចជា​ការ​លើក​ទឹកចិត្ត​ដល់សេចក្ដីជំនឿដែរ ។ មនុស្ស​វ័យ​ក្មេង​របស់​យើង​ជាច្រើន​ស្គាល់ Google ច្រើនជាងពួកគេ​ស្គាល់​​​ដំណឹងល្អ ទទួល​យក​អ៊ិនធើរណិត​ច្រើនជាង​ការ​បំផុសគំនិត ហើយ​កាន់តែ​ចូលរួម​ក្នុង Facebook ច្រើន​ជាង​សេចក្ដីជំនឿ ។

នៅក្នុង​ពន្លឺ​នៃ​ឧបសគ្គ​ទាំងនេះ គណៈកម្មការ​អប់រំ ថ្មីៗនេះ​បានអនុមតិ​ឲ្យ​មានការ​ចាប់​ផ្ដើមមួយ​នៅក្នុងថ្នាក់សិក្ខាសាលា​ដែល​ហៅ​ថា ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ជា​ការស្ថាបនា​នៅលើ​អ្វី​ដែល​មានរួច​ទៅហើយ​នៅក្នុង​ចំណេះចំណាន​បទគម្ពីរ នោះ​ការ​ចាប់​ផ្ដើម​ថ្មីនេះ នឹង​ផ្ដោត​ទៅលើ​ការ​ស្ថាបនា និងការ​ពង្រឹង​ដល់សេចក្ដីជំនឿ​របស់សិស្ស​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ការពារ​ពួកគេ​ដោយ​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​រស់នៅ និងអនុវត្ត​ដំណឹងល្អ​នៅក្នុងជីវិត​ពួកគេ ។ ពេល​ប្រើ​បទគម្ពីរ និង​ពាក្យសម្ដី​របស់ពួកព្យាការី ពួកគេ​នឹង​រៀន​អំពី​របៀប​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ​ដើម្បី​ទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង​ការ​យល់ដឹង​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ហើយ​ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​រៀន​អំពី​របៀប​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​គោលការណ៍​ដំណឹងល្អ​ចំពោះសំណួរ និង​ឧបសគ្គ​នានា​ដែលពួកគេ​ស្ដាប់​ឮ និង​មើល​ឃើញ​ជា​រៀង​រាល់ថ្ងៃ​នៅក្នុងចំណោម​មិត្តភក្ដិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

ការ​ចាប់​ផ្ដើម​នេះ គឺ​បំផុសគំនិត និង​ចំពេលវេលា ។ វា​នឹង​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​មួយ​ចំពោះ​មនុស្ស​វ័យ​ក្មេង​របស់​យើង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាពជោគជ័យ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​កម្មវិធី​​សិក្សា​ផ្សេងៗទៀត​ទាំងអស់នៅក្នុង​ ស៊ី.អ៊ី.អេស នឹង​អាស្រ័យ​យ៉ាង​សំខាន់​ទៅលើ​អ្នក ។

នៅក្នុងការ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងនេះ តើ​ឱកាស និងការ​ទទួលខុសត្រូវ​របស់​អ្នក​ក្នុងនាមជា​គ្រូបង្រៀន​ ស៊ី.អ៊ី.អេស ក្នុង​សតវត្សរ៍​ទី ២១ មានអ្វីខ្លះ ? ជាក់ស្ដែង អ្នកត្រូវ​តែ​ស្រឡាញ់​ព្រះអម្ចាស់ ស្រឡាញ់សាសនាចក្រ​ទ្រង់​ ហើយ​ស្រឡាញ់សិស្ស​របស់អ្នក ។ អ្នក​ត្រូវ​តែ​ថ្លែង​ទីបន្ទាល់​បរិសុទ្ធ​ដោយស្មោះត្រង់ និង​ជាញឹកញាប់​ផងដែរ ។ បន្ថែមពីលើនោះទៀត ច្រើនជាង​ពេលណាៗ​ទាំងអស់​ក្នុងប្រវត្តិសាស្ត្រ​របស់​យើង សិស្ស​របស់អ្នក​ត្រូវការ​ពរជ័យ​ដោយការ​រៀន​មាតិកា និង​បរិបទ​ខាងគោលលទ្ធិ ឬ​ប្រវត្តិសាស្ត្រ​តាមរយៈ​ការ​សិក្សា និង​សេចក្ដីជំនឿ អមជាមួយ​នឹង​ទីបន្ទាល់​បរិសុទ្ធ ដើម្បី​ពួកគេអាច​មានបទពិសោធន៍​​ផ្លាស់ប្រែចិត្តជឿ​ចាស់ទុំ និង​យូរអង្វែង​ក្នុង​ដំណឹងល្អ និង​មានការ​តាំងចិត្ត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយជីវិត ។ ការ​ផ្លាស់ប្រែចិត្តជឿ​ចាស់ទុំ និង​យូរអង្វែង មានន័យ​ថា ពួកគេ​នឹង « ស្ថិត​នៅលើ​ទូក ហើយ​តោង​ជាប់​នឹង​ទូក » ពេញមួយជីវិត របស់ពួកគេ ។

ដើម្បី​ឲ្យ ​អ្នក យល់​អំពី​មាតិកា និង​បរិបទ​ខាង​គោលលទ្ធិនៃ​បទគម្ពីរ និង​ខាង​ប្រវត្តិសាស្ត្រនៃ​ប្រវត្តិ​របស់​យើង នោះអ្នក​នឹង​ចាំបាច់​ត្រូវ​សិក្សា​ចេញមកពី​ « សៀវភៅ​ល្អៗ » ដូច​ដែលព្រះអម្ចាស់​បាន​ដឹកនាំ ។ « សៀវភៅ​ល្អៗ » រួមមាន​បទគម្ពីរ ការ​បង្រៀន​របស់ពួកព្យាការី​ និងពួកសាវក​បច្ចុប្បន្ន និង​ការសិក្សា​ អិល.ឌី.អេស ល្អៗបំផុត​ដែល​មាន ។ តាមរយៈ​ការ​ខិតខំ​ដោយ​ឧស្សាហ៍​របស់អ្នក​ដើម្បី​រៀន​ដោយ​ការ​សិក្សា និង​ដោយសេចក្ដីជំនឿ នោះ​អ្នក​នឹង​អាច​ជួយសិស្ស​របស់អ្នក​រៀន​ជំនាញ និង​អាកប្បកិរិយា​ដែលចាំបាច់​ដើម្បី​ញែក​ដឹង​រវាង​ព័ត៌មាន​ដែល​អាច​ពឹងផ្អែកបាន ដែលនឹង​ជួយលើក​ពួកគេ​ឡើង ពី​ព័ត៌មា​ន​ដែលមាន​សេចក្ដីពិត​ពាក់កណ្ដាល និងការ​បកប្រែ​គោលលទ្ធិ ប្រវត្តិសាស្ត្រ និង​ការ​អនុវត្ត​ដោយ​ពុំត្រឹមត្រូវ ដែលនឹង​នាំ​ពួកគេ​ឲ្យធ្លាក់ចុះ ។

សូមបង្រៀនពួកគេ​អំពី​ឧបសគ្គ​នានា​ដែលពួកគេ​ប្រឈម​មុខ នៅពេល​ពួកគេ​ពឹង​ផ្អែក​ទៅលើ​អ៊ិនធើរណិត​ដើម្បី​ឆ្លើយ​នឹង​សំណួរ​អំពី​សារៈសំខាន់​ដ៏អស់កល្បជានិច្ច ។ សូមរំឭក​ពួកគេ​ថា យ៉ាកុប​ពុំ​បាននិយាយថា « បើ​អ្នក​រាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់ Google នោះទេ ! »

មនុស្ស​ឈ្លាសវៃ​ពុំ​ពឹងផ្អែក​ទៅលើ​អ៊ិនធើរណិត​ដើម្បី​ធ្វើ​ការ​វិភាគ ហើយព្យាបាល​បញ្ហា​សុខភាព​ខាង​សតិអារម្មណ៍ ខាង​ស្មារតី និងខាង​រូបកាយ​នោះទេ ជាពិសេស​បញ្ហា​ដែលគម្រាមគំហែង​ដល់ជីវិត ។ ផ្ទុយទៅវិញ ពួកគេ​ស្វែងរក​អ្នកជំនាញ​ខាង​សុខភាព ជាអ្នកទាំងឡាយ​ដែល​បានបំពាក់បំប៉ន និង​ទទួលបាន​អាជ្ញាបណ្ណ​ដោយ​បានទទួលស្គាល់​មកពី​គណៈកម្មការ​វេជ្ជសាស្ត្រ​រដ្ឋ ។ ទោះជា​យ៉ាង​នោះក្ដី មនុស្សដែលប្រុងប្រយ័ត្ន​ស្វែងរក​គំនិត​ទីពីរ ។

បើ​នោះ​ជា​ផ្លូវត្រូវ​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​បញ្ហាសុខភាព​ខាងសតិអារម្មណ៍ ខាង​ស្មារតី និងខាង​រូបកាយ ហើយ​វា​គួរ​តែ​ដូច្នោះ​នៅពេលជីវិត​ខាង​វិញ្ញាណ​ស្ថិតក្នុងហានិភ័យ ។ នៅពេលមានអ្វីមួយ​មានការ​គម្រាមគំហែង​ខ្លាំង​ចំពោះជីវិត​ខាង​វិញ្ញាណ​របស់យើង ដល់​ទំនាក់ទំនង​ក្រុមគ្រួសារ​ដ៏​មានតម្លៃ​បំផុត​របស់​យើង និង​សមាជិក​ភាព​នៅក្នុងនគរ​របស់យើង នោះ​យើង​គួរ​តែ​ស្វែងរក​អ្នកដឹកនាំ​សាសនាចក្រ​​ដែល​យល់ចិត្ត និងស្មោះត្រង់​ដើម្បីជួយ​យើង ។ ហើយបើចាំបាច់ យើង​គួរ​តែ​សុំជំនួយពី​អ្នកទាំងឡាយ​ដែល​មាន​ការបំពាក់បំប៉ន​វិជ្ជាជីវៈ​ត្រឹមត្រូវ មានបទពិសោធន៍ និង​មានជំនាញ ។

នេះជា​អ្វីដែលខ្ញុំធ្វើ នៅពេលខ្ញុំ​ត្រូវការ​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​ពុំ​អាច​ឆ្លើយ​ដោយខ្លួន​ឯង ។ ខ្ញុំ​ស្វែងរក​ជំនួយមកពី​បងប្អូនប្រុស​ក្នុងកូរ៉ុម​ដប់ពីរនាក់​របស់ខ្ញុំ និង​មកពី​អ្នកទាំងឡាយ​ដែលមានជំនាញ​នៅក្នុងជំនាញ​ប្រវត្តិសាស្ត្រ​ និង​គោលលទ្ធិ​សាសនាចក្រ ។

អ្នកគួរ​តែស្ថិត​ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ ក្រៅពី​ក្រុមគ្រួសារ​សិស្ស​របស់​អ្នក ដែល​ត្រូវ​ណែនាំ​អំពីប្រភព​សិទ្ធិអំណាច​ចំពោះប្រធាន​បទ​ដែល​មិនសូវ​មានគេ​ស្គាល់ ឬ​ចម្រូងចម្រាស ដូច្នេះ​សិស្ស​របស់អ្នកនឹង​វាស់វែង​តាម​អ្វី​ដែលពួកគេ​ស្ដាប់​ឮ ឬ​អាន​នៅពេលក្រោយទៅ​​នឹង​អ្វី​ដែលអ្នក​បាន​បង្រៀនពួកគេ​រួច​ទៅហើយ​នោះ ។

អ្នក​បាន​ដឹង​ថា​​យើង​ផ្ដល់​នូវ​ការ​ចាក់ថ្នាំ​បង្ការ​ដល់អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​មាន​តម្លៃ​របស់​យើង​ពីមុន​បញ្ជូន​ពួកគេ​ឲ្យទៅ​តំបន់​បេសកកម្ម ដូច្នេះ​ពួកគេ​នឹង​ត្រូវបាន​ការពារ​ទប់ទល់​នឹង​ជំងឺ​ដែល​អាច​នឹង​សំឡាប់ ឬ​ធ្វើ​ឲ្យ​ពួកគេ​គ្រោះ​ថ្នាក់ ។ ស្រដៀងគ្នា​នេះ​ដែរ ពីមុន​អ្នក​បញ្ជូន​ពួកគេ​ទៅក្នុង​លោកិយ ​សូម​ចាក់​ថ្នាំ​បង្ការ​សិស្ស​របស់​អ្នក​ដោយ​ការ​ផ្ដល់​នូវការ​បកស្រាយ​គោលលទ្ធិ​​ដំណឹងល្អ បទគម្ពីរ ប្រវត្តិរបស់​យើង និងប្រធានបទ​ទាំងឡាយ​​​ដោយស្មោះត្រង់ ចេះគិតគូរ និង​ត្រឹមត្រូវ ដែល​ពេលខ្លះ​មានការ​ភាន់ច្រឡំ​ ។

ដើម្បី​រៀបរាប់​អំពីប្រធាន​បទ​មួយចំនួន​ដែល​ពុំ​សូវ​មានគេស្គាល់ ឬ​ចម្រូងចម្រាស់ ខ្ញុំ​កំពុង​និយាយអំពី​ពហុពន្ធភាព ត្បូង​អ្នក​មើល​ឆុត ដំណើរ​រឿង​ខុសគ្នា​អំពីការ​និមិត្តដំបូង ដំណើរ​ការ​នៃ​ការ​បកប្រែ​ព្រះគម្ពីរមរមន ឬ​គម្ពីរ​អ័ប្រាហាំ បញ្ហា​រឿង​ភេទ ពូជសាសន៍ និង​បព្វជិតភាព ឬ​ព្រះមាតាសួគ៌ ។

កិច្ចខិតខំ​ដើម្បី​ចាក់​ថ្នាំ​បង្ការ​ដល់​មនុស្ស​វ័យ​ក្មេង​របស់​យើង ជាញឹកញាប់​នឹង​ស្ថិត​នៅលើ​អ្នក​ដែល​ជា​​គ្រូបង្រៀន​ ស៊ី.អ៊ី.អេស ។ ដោយ​មាន​គំនិត​នោះ​ក្នុង​ចិត្ត សូម​រក​ពេល​គិត​អំពី​ឱកាស​ និង​ការ​ទទួលខុសត្រូវ​របស់​អ្នក ។

​សព្វ​ថ្ងៃ​នេះ​ដោយ​បានដឹងយ៉ាង​​ពេញលេញ​អំពី​ការ​ចូលទៅ​កាន់ព័ត៌មាន​ដោយគ្មាន​ដែនកំណត់របស់​យើង នោះ​យើង​កំពុង​​ធ្វើការខិតខំ​យ៉ាង​ខ្លាំង​បំផុត​​ដើម្បីផ្ដល់​នូវ​បរិបទ និងការ​យល់ដឹង​​ត្រឹមត្រូវ​អំពី​ការ​បង្រៀន​អំពី​ការ​ស្ដារឡើងវិញ ។ ឧទាហរណ៍​ដ៏​សំខាន់មួយ​អំពីកិច្ចខិតខំ​នេះ​គឺ សំណេរ​ប្រធានបទ​ដំណឹងល្អ​ ចំនួន​ ១១ នៅលើគេហទំព័រ LDS.org ដែល​ផ្ដល់​នូវការ​បកស្រាយ​ដែលមានតុល្យភាព និង​ដែលអាច​ពឹងផ្អែក​បាន​អំពី​ភាព​ពិត​ចំពោះ​ប្រធាន​បទ​ដែលទាក់ទង​នឹង​ភាព​ចម្រូង​ចម្រាស់ និង​ការ​មិនស្គាល់សាសនាចក្រ ។

វា​សំខាន់​ដែលអ្នក​ត្រូវ​ស្គាល់​មាតិកា​នៅក្នុង​សំណេរ​ទាំងនេះ​យ៉ាង​ច្បាស់លាស់ ។ ប្រសិន​បើ​អ្នកមានសំណួរ​អំពី​វា ចូរ​សួរ​ដល់នរណា​ម្នាក់​ដែល​បាន​សិក្សា​វា ហើយ​យល់​អំពី​វា ។ ម្យ៉ាងទៀត « ចូរស្វែងរក​ការរៀនសូត្រ ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តីជំនឿផង » នៅពេលអ្នក​ចេះ​ស្ទាត់​អំពីមាតិកា​នៃ​សំណេរទាំងនេះ ។

អ្នក​គួរ​តែស្គាល់​គេហទំព័រ​​អំពី​ឯកសារ​របស់​យ៉ូសែប ស្ម៊ីធ និង​ផ្នែក​ប្រវត្តិសាសនាចក្រ​នៅលើ LDS.org និង ធនធាន​ដទៃទៀត​ដោយ​អ្នកប្រាជ្ញ​ អិល.ឌី.អេស ស្មោះត្រង់​ផងដែរ ។

កិច្ចខិតខំ​ដើម្បីធ្វើឲ្យមានតម្លាភាព​ដំណឹងល្អ​ និង​ការចាក់ថ្នាំ​បង្ការ​ខាង​វិញ្ញាណ តាមរយៈ​ការ​សិក្សា​ដោយ​គិតគូរ​អំពីគោលលទ្ធិ និង​ប្រវត្តិសាស្ត្រ គួបផ្សំ​នឹង​ទីបន្ទាល់​ដែល​ឆេះសន្ធោរសន្ធៅ នោះគឺជា​ថ្នាំ​បន្សាប​ដ៏ល្អបំផុត​ដែល​យើងមានដើម្បី​ជួយ​ដល់សិស្ស​ឲ្យ​ចៀសវាង និង/ឬ ដោះស្រាយ​​នឹង​សំណួរ ការ​សង្ស័យ ឬវិបត្តិ​នៃ​​​សេចក្ដីជំនឿដែល​ពួកគេ​អាច​ប្រឈម​មុខ​នៅក្នុង​ជំនាន់​ដែល​ពោរពេញ​ដោយ​ព័ត៌មាន​នេះ ។

នៅពេលអ្នកជាគ្រូបង្រៀន​​​បង់ថ្លៃ​ដើម្បី​មាន​ការ​យល់ដឹង​កាន់តែ​ល្អ​ប្រសើរ​អំពី​ប្រវត្តិ គោលលទ្ធិ និង​ការ​អនុវត្ត​របស់យើង--ច្រើនជាង​ដែល​អ្នក​ដឹង​នា​ពេលនេះ--នោះ​អ្នក​នឹង​ត្រៀមខ្លួន​ដើម្បី​ផ្ដល់​នូវ​ចម្លើយ​ចំពោះសំណួ​រ​​របស់​សិស្ស​អ្នក​ដោយ​ចេះគិតគូរ ប្រុងប្រយ័ត្ន និង​ដ៏បំផុសគំនិត ។

របៀប​មួយ​ដើម្បី​ដឹងថា​សំណួរ​ណា​ដែលសិស្ស​របស់អ្នកមាន គឺ​ត្រូវ​ស្ដាប់​ពួកគេ​ដោយ​យកចិត្តទុកដាក់ ។

កូន​ស្រី​តូច​ច្បង​គេ​របស់​យើង ពេល​នាង​មាន​អាយុ​ប្រាំ​ឆ្នាំ នាង​បាន​ឡើង​ជិះ​លើភ្លៅ​របស់​ខ្ញុំ ពេល​ខ្ញុំ​កំពុង​អាន​កាសែត ។ នាង​ប្រាប់​ខ្ញុំអំពីអ្វីមួយ​ដែលសំខាន់ចំពោះ​នាង ហើយ​ខ្ញុំពុំ​យកចិត្តទុកដាក់ ។ ដូច្នេះ​នាង​បាន​យក​ដៃតូចៗ​របស់នាងមក​ទាញកាសែត​ចេញ ចាប់​មុខ​របស់​ខ្ញុំក្នុង​ដៃតូចៗ​របស់​​នាង មើល​មក​ចំ​ខ្ញុំ ហើយនិយាយ​ថា « ប៉ាប៉ា មិន​ស្ដាប់​កូន​សោះ ! » ។ នាង​និយាយ​ត្រូវ--ហើយ​ខ្ញុំ​ខុស​ដែល​មិនស្ដាប់​នាង ។ គ្រប់គ្រូបង្រៀន​ល្អ​​​ត្រូវ​ធ្វើជា​អ្នកស្ដាប់​ដ៏ល្អ ។

បន្ថែម​ពី​លើ​ការ​ស្ដាប់​សិស្ស​របស់អ្នក សូមលើក​ទឹកចិត្ត​​ពួកគេ​នៅក្នុងថ្នាក់ ឬ​​អញ្ជើញ​ជា​ឯកជន​​ឲ្យ​សួរ​សំណួរ​ដល់អ្នក​អំពីប្រធាន​បទ អ្វីក៏បាន ។

សំណួរ​សំខាន់បំផុត​មួយ​ដែល​សិស្ស​របស់អ្នក​អាច​សួរ​គឺ « ហេតុអ្វី ? »

នៅពេល​សួរ​ដោយ​បំណង​ស្មោះ​ដើម្បី​យល់​ពី « ហេតុអ្វី ? » គឺជា​សំណួរ​ដ៏ល្អ​មួយ ។ វា​គឺជា​សំណួរ​ដែល​អ្នក​ផ្សព្វផ្សាយសាសនា​ចង់​ឲ្យ​អ្នករៀន​របស់ពួកគេ​សួរ ។ ហេតុអ្វី​យើង​នៅ​ទីនេះ ? ហេតុអ្វី​ក៏មាន​រឿង​អាក្រក់​កើតឡើងចំពោះ​មនុស្ស​ល្អ ? ហេតុអ្វី​យើង​គួរ​តែ​អធិស្ឋាន ? ហេតុអ្វី​យើងគួរ​តែ​ធ្វើតាម​ព្រះគ្រីស្ទ ? ជាញឹកញាប់​សំណួរ « ​ហេតុអ្វី » នាំ​ទៅរក​ការ​បំផុសគំនិត និងវិវរណៈ ។ ការ​ស្គាល់​អំពីផែនការនៃសេចក្ដីសង្គ្រោះ​​របស់ព្រះវរបិតាសួគ៌​របស់​យើង នឹង​ជួយ​ឆ្លើយ​សំណួរ​ « ហេតុអ្វី​ » បានច្រើនបំផុត ។ ខ្ញុំ​នឹង​និយាយ​បន្ថែម​អំពី​រឿង​នេះ​នៅក្នុង​គ្រា​បន្ដិច​នេះ ។

នេះ​គឺជា​កំណត់ចំណាំ​ចុង​ក្រោយ​មួយ​អំពី​ការ​ឆ្លើយ​សំណួរ ។ វាសំខាន់​ដើម្បី​បង្រៀន​សិស្ស​របស់អ្នក​ថា ទោះបីជា​ដំណឹងល្អ​ផ្ដល់​ចម្លើយជា​ច្រើន ចំពោះ​សំណួរ​សំខាន់​បំផុត​នៃ​ជីវិត​ ​ទោះជា​មិន​ទាំងអស់ក្ដី ក៏សំណួរ​ខ្លះ​មិន​អាច​ត្រូវ​បាន​ឆ្លើយ​នៅក្នុងជីវិត​រមែង​ស្លាប់​នេះ​ដែរ ដោយសារ​យើង​ខ្វះ​ព័ត៌មាន​ដែលចាំបាច់​ដើម្បីឆ្លើយ​ឲ្យ​ត្រឹមត្រូវ ។ ដូច​យើង​បានរៀន​នៅ​ក្នុង​យ៉ាកុប ៖ « មើល​ចុះ កិច្ចការ​ទាំងឡាយ​នៃ​ព្រះអម្ចាស់​សុទ្ធ​តែធំ ហើយ​អស្ចារ្យ​មែន ។ ឯជម្រៅ​នៃ​សេចក្ដីអាថ៌កំបាំង​ទាំងឡាយ​របស់ទ្រង់​ ក៏ពុំអាច​រកឃើញ​ដែរ ហើយមនុស្ស​គ្មានលទ្ធភាព​នឹង​រកឃើញ​ផ្លូវ​របស់ទ្រង់បាន​អស់ឡើយ ។ ហើយគ្មាន​អ្នកណា​ម្នាក់​ស្គាល់​ផ្លូវ​ទាំងឡាយ​របស់ទ្រង់​ទេ លើក​លែង​តែ​បាន​សម្ដែង​ដល់អ្នក​នោះ​ប៉ុណ្ណោះ » ។

ឥឡូវ​នេះជា​ពាក្យ​ដាស់តឿនមួយ ៖ សូម​ទទួល​ស្គាល់​ថា អ្នកអាច​នឹ​ង​ជឿ ដូចជា​សិស្ស​ជាច្រើន​របស់អ្នក​ដែរ​ថា អ្នក គឺជាអ្នក​ជំនាញ​ខាង​បទគម្ពីរ ខាងគោលលទ្ធិ និង​ខាងប្រវត្តិសាស្ត្រ ។ ការ​សិក្សា​ថ្មីៗ​មួយ​បាន​បង្ហាញ​ថា « កាល​ណា​មនុស្ស​កាន់តែ​គិត​ថា​គេ​ស្គាល់​ប្រធាន​បទ​មួយ នោះ​គេ​ទំនង​ជាអះអាង​ថា​ខ្លួន​យល់​ច្រើន​ជាងអ្វី​ដែលគេចេះ ទាំង​​អះអាង​ថា​មានចំណេះដឹង​អំពី​អ្វី​ដែល​មិនពិត ឬ​ព័ត៌មានបំភ្លើសផង » ។១០

គ្រូបង្រៀន ស៊ី.អ៊ី.អេស ត្រូវ​តែ​ចៀសវាងពី​ការល្បួងនេះ ដែលត្រូវ​បាន​ហៅ​ថា « ការ​អះអាង​ហួសហេតុ » នោះ ។ វា​នឹង​មិនអីទេ​ដើម្បីនិយាយ​ថា « ខ្ញុំមិនដឹងទេ » ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេលដែល​និយាយ​ដូច្នោះ អ្នកមាន​ការ​ទទួលខុសត្រូវ​មួយ​ដើម្បី​ស្វែងរក​ចម្លើយល្អបំផុត​ចំពោះ​សំណួរ​ដែលសិស្ស​របស់អ្នក​សួរ​នោះ ។១១

នៅក្នុង​ការ​បង្រៀនសិស្ស​របស់អ្នក និង​នៅក្នុង​ការ​ឆ្លើយ​ចំពោះ​សំណួរ​របស់ពួកគេ ខ្ញុំ​សូមព្រមាន​អ្នកថា អ្នក​មិនត្រូវ​ចែកចាយ​រឿង​ ឬ​កត្តា​ដែលចង់​បង្កើន​សេចក្ដីជំនឿ ប៉ុន្តែ​មិន​បញ្ជាក់​អំពីសេចក្ដីពិត ឬ​ការ​យល់​ដឹង​ និងការ​ពន្យល់​​ដែល​មិន​ត្រូវ​​អំពី​គោលលទ្ធិ និង​ការអនុវត្ត​មកពី​អតីតកាល​របស់យើង​ឡើយ ។ វាតែងតែ​ឈ្លាសវៃ​ជានិច្ច​ដើម្បីធ្វើ​ឲ្យ​ការសិក្សា​ពាក្យសម្ដី​របស់ពួកព្យាការី និងពួកសាវក​នៅរស់​ក្លាយ​ជា​ការអនុវត្ត​មួយ បន្ដ​មាន​បច្ចុប្បន្នភាពចំពោះ​បញ្ហា​នានា គោលនយោបាយ និង​សេចក្ដីថ្លែង​​របស់​សាសនាចក្រ​ថ្មីៗតាមរយៈ mormonnewsroom.org និង LDS.org ហើយ​ពិគ្រោះ​ពី​កិច្ចការរបស់​ពួក​អ្នកប្រាជ្ញ​ អិល.ឌី.អេស ​ដែល​បាន​ទទួលស្គាល់ គិតគូ និងស្មោះត្រង់ ដើម្បី​ប្រាកដ​ថា​អ្នក​មិនបង្រៀន​អ្វី​ដែល​មិនពិត ហួស​សម័យ ឬ​ចម្លែក និង ខុស​ពីធម្មតា ។

អ្នកនិពន្ធ​អំពី​ការសិក្សា​ទៅលើ​ « ការ​អះអាងហួសហេតុ​ » បានកត់​ចំណាំ​ថា « ទំនោរ​មួយ​ដើម្បីអះអាង​ហួសហេតុ ជាពិសេស​អ្នក​ដែលគិត​ថា​ខ្លួន​ជា​អ្នកជំនាញ អាច​នឹង​បំបាក់ទឹកចិត្ត​ដល់បុគ្គល​នោះ​ពីការ​អប់រំ​ខ្លួនគេ​នៅក្នុង​ផ្នែកជាក់លាក់​​ទាំងឡាយ​ដែលពួកគេ​គិត​ថា​ខ្លួន​គេ​ចេះដឹង​នោះ » ។

អនុប្រធាន​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ បាន​ផ្ដល់មតិ​ថា « ការធ្វើជា​អ្នកជំនាញ​នៅ​លើ​ប្រធានបទ​មួយ វាអាច​នឹង​ជាការ​រំភើប​ ជាពិសេស​នៅពេល​សិស្ស​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើអ្វី​ៗ​ដែល​យើងនិយាយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើគ្មាន​ការ​ប្ដេជ្ញា​យ៉ាង​ខ្លាំង​ដើម្បីរៀនសូត្រ​ជាបន្ដ​បន្ទាប់​ទេ នោះយើងនឹង​ធ្លាក់ទៅជា​ជនរងគ្រោះ​ចំពោះ​ការ​អះអាង​ហួសហេតុ ហើយ​គ្មាននរណាម្នាក់ចូលចិត្ត ‹ មនុស្ស​ដែលចេះអ្វី​ៗទាំងអស់ ›» នោះទេ ។12

ខ្ញុំសូម​និយាយ​ពាក្យព្រមាន​របស់ប្រធាន ហ៊ិងគ្លី ជាថ្មីថា « យើងត្រូវ​ប្រយ័ត្ន​ឲ្យខ្លាំង ។ យើង​ត្រូវតែមើលថា យើង​មិន​ចាក​ចេញ​ពី [ផ្លូវ] ឡើយ ។១៣

បន្ថែម​ពី​លើ​ការ​ធ្វើជាអ្នករៀន​ពេញមួយជីវិត នោះ​អ្នក​ត្រូវ​តែ​ធ្វើ​នូវរឿង​ទាំងនោះ​ក្នុងជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ ដែល​អនុញ្ញាត​ឲ្យព្រះវិញ្ញាណបរិសុទ្ធ​ធ្វើការ​នៅក្នុង​ខ្លួន​អ្នក ។ រឿង​ដូច្នោះរួមមាន ការអធិស្ឋាន​ប្រចាំថ្ងៃ​ដោយ​ស្មោះត្រង់ ការ​តមអាហារ​ដោយស្មោះត្រង់ ការសិក្សា និងការ​ពិចារណា​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់ពួកព្យាការី​នៅ​រស់​​ជាទៀងទាត់ ការ​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់សម្រាក​ជា​ទីរីករាយ ការ​ទទួលទាន​សាក្រាម៉ង់​ដោយរាបសារ និង​ការចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច ការ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធឲ្យបាន​ញឹកញាប់តាមដែលអាច​ធ្វើទៅបាន ហើយ​ទីបញ្ចប់ ការ​ឈោងទៅជួយ​ដល់អ្នក​ខ្វះខាត អ្នកក្រីក្រ និងឯកោ--ទាំងអ្នក​ដែល​ជិតស្និត និង​នៅទូទាំង​ពិភពលោក ។

គ្រូបង្រៀន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ​ដើម្បី​បំពេញ​នូវឱកាស និងការ​ទទួលខុសត្រូវ​របស់​អ្នក​ដោយ​ត្រឹមត្រូវ អ្នក​ត្រូវ​តែ​អនុវត្ត​នូវ​អ្វី​ដែលអ្នក​ផ្សាយ !

ចូរ​ក្លាហាន​ក្នុងការ​ស្វែងរក​ការប្រឹក្សា និងការ​កែតម្រូវ​មកពីអ្នកទាំងឡាយ​ដែលអ្នកទុកចិត្ត--ជាស្វាមី ឬភរិយា ជាអ្នកដឹកនាំ​បព្វជិតភាព ឬអ្នកគ្រប់គ្រង ។ ចូរ​សួរ​ពួកគេ​ថា​អ្នកអាច​កែលម្អ​នៅត្រង់​ចំណុចណា​ក្នុងភាព​ជាសិស្ស​ផ្ទាល់ខ្លួន​របស់អ្នក ។ រឿង​នេះ​សំខាន់ជាពិសេស​ចំពោះ​បុគ្គលិក​ពេញម៉ោង​របស់​យើង ជាអ្នកទាំងឡាយ​ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​មូលនិធិ​ដង្វាយមួយភាគ​ដប់​ដ៏ពិសិដ្ឋ​របស់​សាសនាចក្រ ។ អ្នក​ត្រូវ​ចៀសវាង​ពីអ្វីៗ​ដែល​បណ្ដេញ​ព្រះវិញ្ញាណ​ចេញ ។

បន្ថែម​ពីលើ​នោះ ខ្ញុំ​សូម​ផ្ដល់​យោបល់​ឲ្យ​អ្នក​សម្ភាស​ខ្លួនឯង​ម្ដងម្កាល ហើយ​រំឭកនីហ្វៃទី ២ ២៦:២៩–៣២, អាលម៉ា ៥:១៤–៣០និងគោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៣៣–៤៦។ នោះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ប្រភេទ​នៃ​ការ​ល្បួង​ដែល​យើង​ទាំង​អស់​គ្នា​អាច​​នឹង​ជួប ។ ប្រសិន​បើ​មានអ្វីមួយ​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​នៅក្នុងជីវិត​អ្នក សូម​ដោះស្រាយ​ដើម្បី​ជួសជុលវា ។

ចៀសវាង​ពីការល្បួង​ឲ្យ​ឆ្ងល់​អំពី​អារម្មណ៍​របស់​អ្នករួមការងារ​អ្នក ។ ផ្ទុយទៅវិញ ចូរ​មើល​ឲ្យជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់អ្នក​ផ្ទាល់ ហើយ​ស្រាវជ្រាវ​រក​បំណង​ប្រាថ្នា​ និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់អ្នក ។ មាន​តែ​ពេល​នោះ​ហើយ​ដែល​ព្រះអង្គសង្គ្រោះ​អាច​ផ្លាស់ប្ដូរ​ដួងចិត្តអ្នក ហើយ​សម្របបំណង​ប្រាថ្នា និង​អារម្មណ៍ របស់​អ្នក ទៅនឹង​ទ្រង់ ។

ជំនាន់​កំពុង​ពេញ​វ័យ ចាំបាច់​ត្រូវ​ដឹង យល់ ឱប​ក្រសោប​យក និង​ចូលរួម​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះរបស់​ព្រះ ។ ការ​យល់​អំពី​ផែនការ​នឹង​ផ្ដល់​ដល់​ពួកគេ​នូវ​យោបល់​ដ៏ទេវភាព​មួយ ដែល​បង្ហាញពី​ខ្លួនគេ​ក្នុងនាមជា​បុត្រា និងបុត្រី​របស់ព្រះ​ដែល​​ផ្ដល់ដល់​ពួកគេ​​នូវ​កែវភ្នែក​ដើម្បី​យល់​ដឹង​ស្ទើរតែ​គ្រប់​គោលលទ្ធិ ការអនុវត្ត និង​គោលនយោបាយរបស់​សាសនាចក្រ ។

ក្នុងនាមជា​គ្រូបង្រៀន ស៊ី.អ៊ី.អេស សព្វថ្ងៃ​នេះ អ្នកចាំបាច់​ត្រូវ​​ទទួល​យក​ឱកាស និង​ការ​ទទួលខុសត្រូវ​ដើម្បីបង្រៀន​មនុស្សវ័យ​ក្មេង​​សតវត្សរ៍​ទី  ២១ នូវគោលការណ៍​ត្រឹមត្រូវ​អំពី​អាពាហ៍ពិពាហ៍​ដែល​អនុមតិ​ដោយព្រះ និង​តួនាទី​នៃគ្រួសារ​នៅក្នុងផែនការ​នៃ​សេចក្ដីសង្គ្រោះ ។១៤

គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​អស់កល្បជានិច្ច និង​គ្រួសារ គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ផែនការ​នៃសុភមង្គល​របស់ព្រះ ។ វា​រួម​មាន​ក្រុមគ្រួសារ​ដែល​បានផ្សារភ្ជាប់​នៅក្នុងព្រះវិហារបរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​យើង ជា​ចំណែក​នៃ​គ្រួសារ​ដ៏អស់កល្បជានិច្ច​របស់ព្រះវរបិតាសួគ៌​នៅក្នុងនគរ​សេឡេស្ទាល ។ ដោយសារ​វា​ទាក់ទង​ដោយផ្ទាល់​ទៅនឹង​គ្រួសារ​របស់ទ្រង់​ផ្ទាល់ និង​កូនចៅ​វិញ្ញាណរបស់ទ្រង់​ផ្ទាល់ នោះ​យើង​ត្រូវ​បាន​បង្រៀន​នៅក្នុង​លោកុប្បត្តិ​ថា « ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី » ហើយ​ថា​ទ្រង់​បាន​បញ្ជា​ឲ្យ​លោក​ឪពុក​អ័ដាម និង​អ្នកម្ដាយ អេវ៉ា ឲ្យ « ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង » ។១៥

ដូច​បាន​និយាយថា ផែនការ​នៃ​សុភមង្គល​​ចាប់ផ្ដើម ហើយបញ្ចប់​ជាមួយ​នឹងគ្រួសារ ។ ប្រាកដ​ណាស់ ការ​ចាប់​ផ្ដើម​គ្រួសារ គឺ​មាននៅក្នុង​ពិភព​មុនជីវិត​នេះ ដែល​យើង​បានរស់នៅ​ក្នុងនាមជា​សមាជិក​នៃគ្រួសារ​របស់​ព្រះបិតា​សួគ៌​របស់​យើង ។ ហើយ​នៅ​ចុង​បញ្ចប់ ការ​តាំង​ចិត្ត និងទំនាក់ទំនង​ក្ដីស្រឡាញ់ជាគ្រួសារ​ នឹង​មិន​គ្រាន់តែ​បន្ដ​មានប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​នឹង​ចម្រើនឡើង​នៅ​ក្នុង​ដំណើរការ​នៃ​ការបង្កើត​កូនចៅ​ផងដែរ ។១៦

ធាតុ​សំខាន់​ដែល​ភ្ជាប់​វា​ទាំងអស់​ជាមួយគ្នា--ទៅនឹងផែនការ​របស់ព្រះ និង​ជោគវាសនាដ៏​អស់កល្បជានិច្ច​​របស់​យើង គឺវាអាស្រ័យ និង​ស្ថិត​នៅលើ​--ព្រះអង្គសង្គ្រោះរបស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពលិកម្ម​ដ៏​ធួន​របស់ទ្រង់​ធ្វើ​ឲ្យអ្វីៗ​គ្រប់យ៉ាង​អាច​កើត​ឡើង​បានដោយ​គ្មាន​កំណត់​ រួមមានទាំង​សេចក្ដីស្រឡាញ់ ការ​យកចិត្តទុកដាក់ និង​អាពាហ៍ពិពាហ៍ និងគ្រួសារ​អស់កល្បជានិច្ច ។

ព្រះអម្ចាស់​បង្រៀន​យើង​ថា គ្មានមនុស្សនៅលីវ​​ណាម្នាក់ អាច​ទទួលបាន​នូវអ្វីៗ​ទាំងអស់​ដែល​ព្រះបិតាសួគ៌​របស់​យើង​ប្រទាន​ដល់កូនចៅ​របស់ទ្រង់ឡើយ មិន​ថា​សេចក្ដីសុចរិត​របស់គាត់​យ៉ាងណាទេ ។ បុគ្គលនៅលីវ​ម្នាក់​​មាន​តែ​ពាក់​កណ្ដាល​នៃ​អ្វីៗ​ដែលត្រូវការ ពុំ​​អាច​រស់នៅ​ក្នុងកម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​​នគរ​សេឡេស្ទាល​ឡើយ ។១៧

សិស្ស​របស់អ្នក​ចាំបាច់​ត្រូវ​យល់​ថា​​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ តាមរយៈ​ការ​ទទួល​រូបកាយ​សាច់ឈាម ការអនុវត្ត​សិទ្ធិ​ជ្រើសរើស និង​ការបំពេញ​តួនាទី​ដែល​ពីមុន​គឺជា​របស់​ផង​ព្រះបិតា​មាតា​សួគ៌​តែ​ប៉ុណ្ណោះ--គឺតួនាទីជា​ស្វាមី ភរិយា និង​ជាឪពុក​ម្ដាយ ។

ព្យាការី​បាន​អះអាង​ថាអស់​អ្នក​ទាំងឡាយណា​​ដែល​សក្ដិសម ហើយ​ដែល​ពឹង​ផ្អែក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ តែ​ពុំ​អាច​ផ្សារភ្ជាប់​នឹង​ដៃគូ ឬ​មានកូនចៅ​នៅក្នុងជីវិត​នេះ អាច​មានឱកាស​ទាំងនោះ​នៅក្នុង​ជីវិត​នាបរលោនាយ ។

សូម​បង្រៀន​មនុស្ស​វ័យ​ក្មេង​​​របស់អ្នក​ថា​នៅក្នុង​សាសនាចក្រ​របស់ព្រះអម្ចាស់ គឺ​ស្វាគមន៍​ដល់​​មនុស្ស​ទាំងអស់ ​មក​ថ្វាយបង្គំ បម្រើ និង​រីកចម្រើន​ជាមួយគ្នា​ក្នុងនាមជា​បងប្អូន​ប្រុស​ស្រី​នៅក្នុង​ដំណឹងល្អ ។ សូម​រំឭក​ពួកគេ​នូវ​អ្វី​ដែល​​​លីហៃ​បាន​បង្រៀន​ថា គោលដៅ និង​ក្ដី​សង្ឃឹម​របស់ព្រះ​ចំពោះ​យើង អាច​ពន្យល់​ដោយសង្ខេប​ដូច​តទៅ ៖ « លោកអ័ដាម​បានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយគមានមនុស្សលោក ដើម្បីឲ្យគេអាចមានអំណរ » ។១៨

​ព្រះ​វរបិតាសួគ៌​​ចង់​ឲ្យ​យើង​ទទួល​យក​និយមន័យ​នៃ​អាពាហ៍ពិពាហ៍​របស់​ទ្រង់ ហើយគោរព​តាម​បទបញ្ញត្តិទីមួយរបស់ទ្រង់​ឲ្យ « បង្កើត​កូន​ជា​ច្រើន​ឡើង ហើយ​មាន​ពេសពេញ » --មិនគ្រាន់តែ​ដើម្បី​បំពេញ​តាម​ផែនការ​របស់ទ្រង់ទេ ប៉ុន្តែ​ក៏​ដើម្បី​រក​អំណរ​ដែល​ផែនការ​ទ្រង់​បាន​រៀបចំ​ឡើង​ដើម្បី​ប្រទាន​ឲ្យ​បុត្រា និងបុត្រី​របស់ទ្រង់ផងដែរ ។

សមាជិក​​សាសនាចក្រ ពុំ​មែនជា​មនុស្ស​​ដែល​ទទួលស្គាល់​គោលការណ៍​នេះ​តែ​ឯង​នោះទេ ។ អ្នក​និពន្ធ​របស់ New York Times ​ឈ្មោះ ដេវីឌ ប្រ៊ូក បានសរសេរ​ថា​ « មនុស្ស​ពុំ​មាន​ជីវិត​កាន់តែ​ប្រសើរ​ទេ ពេល​ពួកគេ​ឲ្យ​​សេរីភាព​ផ្ទាល់​ខ្លួន​ជា​អតិបរិមា​ដើម្បី​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់បាន​នោះ ។ ពួកគេ​មាន​ជីវិតល្អ​​ប្រសើរ​ជាង ពេល​ពួកគេ​មានការតាំងចិត្តខ្លាំង​ជាង​ជម្រើស​ផ្ទាល់​ខ្លួនរបស់​ពួកគេ—គឺជា​ការតាំង​ចិត្ត​ចំពោះ​គ្រួសារ ព្រះ អាជីព និង ប្រទេស​ជាតិ » ។១៩

ក្នុងនាមជា​គ្រូបង្រៀន​របស់​សាសនាចក្រ សូមជួយ​ដល់​យុវវ័យ​របស់​យើង​ឲ្យ​មានការ​យល់ដឹង​ច្បាស់លាស់​អំពី​ផែនការ​នៃ​សុភមង្គល​របស់ព្រះថា​ពិតជា​មានអំណរ​កើតមាន​ដល់កូនចៅ​របស់ទ្រង់ ។ សូមជួយពួកគេ​ដឹង​រឿងនេះ ឱបក្រសោប​យកវា ចូលរួម​នឹង​វា ហើយ​ការពារ​វា ។ បទពិសោធន៍រយៈពេល ៤០ ឆ្នាំ​របស់​ខ្ញុំ​ក្នុងនាមជា​អ្នកដឹកនាំ​ដែលមានសិទ្ធិអំណាច​ទូទៅ ខ្ញុំ​បារម្ភ​ថា ​សមាជិក​សាសនាចក្រ​របស់​យើង ទាំង​ក្មេង និងចាស់​ ដ៏ច្រើន​ពុំ​យល់​អំពី​ផែនការ​សម្រាប់​ជោគវាសនា​ដ៏អស់កល្ប និង​ដ៏ទេវភាព​របស់ពួកគេ ។

ដូច្នេះ ​គ្រូបង្រៀនរបស់ខ្ញុំអើយ យើងគួរ​តែ​ស្វែងរក ហើយ​រីករាយ​នឹង​ឱកាស​ទាំងនេះ​ដើម្បីពន្យល់​អំពីខាង​គោលលទ្ធិ និង​ខាង​វិញ្ញាណ ថា​ហេតុអ្វី​យើង​ជឿ​ថា​ចំណេះដឹង​អំពីផែនការ​សុភមង្គល​ដ៏អស្ចារ្យ​របស់ព្រះ នឹង​ឆ្លើយ​ចំពោះ​សំណួរ​ « ហេតុអ្វី » ភាគច្រើន​ដែល​យើង​ត្រូវ​បាន​គេសួរ ។ ការ​បង្ហាញ​​ពីជំនឿ​របស់​យើង​ទៅលើ​ជីវិត​មុន​ជីវិតនេះ ដែល​យើង​បាន​រស់នៅ​ជា​កូនចៅ​វិញ្ញាណ​របស់ព្រះវរបិតាសួគ៌ និង​ព្រះមាតា​សួគ៌ អនុញ្ញាត​ឲ្យ​យើង​ពន្យល់​ថា​ហេតុអ្វី​ផែនដី​នេះ​ត្រូវ​បាន​បង្កើត​ឡើង ។ គោលបំណង​សំខាន់មួយ​នៃ​ជីវិត​រមែង​ស្លាប់ គឺ​ថា​យើង​អាច​ចម្លង​បទពិសោធន៍​គ្រួសារ​នោះ​មក​ខ្លួន​យើង ក្នុងគ្រា​នេះ​ក្នុងនាម​ជា​ឪពុក​ម្ដាយ ជាជាង​ក្នុងនាម​ជា​កូន ។ សូម​រក្សា​ទុក​នូវ​ការ​យល់ដឹង​គ្រឹះ​របស់អ្នក​អំពី​គោលលទ្ធិ និង​គោលបំណង​នៃ​ផែនការ​របស់ព្រះវរបិតាសួគ៌​របស់យើង​ដើម្បី​សុភមង្គល​ដ៏អស់កល្បជានិច្ច​របស់​យើង ។ ហើយ​បន្ដ​បង្រៀន​អំពីវា ។

ដូច្នេះ ដើម្បី​បញ្ចប់ និង​សង្ខេប ៖ ចេញមកពីមតិ​ពី​ខាង​ដើម​របស់​​អែលឌើរ គីម  ប៊ី ក្លាក យើង​បាន​រៀន​ថា​អ្នកគឺជា​គ្រូបង្រៀន​បានបញ្ជូន​មកពី​ព្រះ មានពេញ​ដោយសេចក្ដីជំនឿ សេចក្ដី​សង្ឃឹម ភាព​រាបសារ និង​សេចក្ដីស្រឡាញ់ ។ ២០

ចំណុច​ទាំងឡាយ​ដែល​ខ្ញុំបាន​ចែកចាយ​ជាមួយ​នឹង​អ្នក​គឺ​ ៖

  • បង្រៀនសិស្ស​ឲ្យ​ដាក់បញ្ចូល​ការរៀនសូត្រ​ដោយការ​សិក្សា និង​សេចក្ដីជំនឿ​ជាមួយ​នឹង​ទីបន្ទាល់​បរិសុទ្ធ ។ សូម​បង្រៀន​ពួកគេ​ឲ្យ​​បន្ដ​ជិះ​នៅលើ​ទូក ហើយ​តោង​ឲ្យជាប់ !

  • បង្រៀនសិស្ស​ឲ្យ​គ្រប់គ្រង​លើ​ទូរសព្ទរបស់ពួកគេ ហើយ​ផ្ដោត​ទៅលើ​ទំនាក់ទំនង​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យច្រើនជាង​អ៊ិនធើរណិត ។

  • ចាក់​ថ្នាំ​បង្ការ​ដល់សិស្ស​ជាមួយ​នឹង​សេចក្ដីពិត​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដែល​រកបាន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • រៀន​ឲ្យចេះស្ទាត់​អំពីមាតិកា​នៃ​សំណេរ​ប្រធានបទដំណឹងល្អ ។

  • សូមចងចាំថា « ហេតុអ្វី ? » អាច​ជា​សំណួរ​ដ៏​អស្ចារ្យ​មួយ ដែល​ដឹកនាំ​ទៅរក​ការ​យល់ដឹង​អំពីដំណឹងល្អ ។

  • ចូរ​កុំ​អះអាងហួសហេតុ ហើយ​កុំ​ខ្លាច​នឹង​និយាយថា « ខ្ញុំមិនដឹង » ។

  • ចូរ​ធ្វើជាអ្នករៀន​សូត្រ​ពេញមួយជីវិត ។

  • ស្វែងរក​ការ​ប្រឹក្សា និង​ការ​កែលម្អ​មកពី​អ្នកទាំងឡាយ​ដែលអ្នក​ទុកចិត្ត ។

  • ពិចារណា​ធ្វើការ​សម្ភាស​ខ្លួនឯង​ម្ដងម្ដាល​ដើម្បី​ពិនិត្យ​មើល​ការ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ភាព​ឧស្សាហ៍ព្យាយាម និង​ប្រសិទ្ធភាព​របស់​អ្នក ។

  • បង្រៀនថា ផែនការ​នៃ​សុភមង្គល​​​ចាប់ផ្ដើម ហើយបញ្ចប់​ជាមួយ​នឹងគ្រួសារ ។ ចាំទុក​ក្នុងចិត្ត​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​គ្រប់ពេល ។

  • បង្រៀន​ថា អាពាហ៍ពិពាហ៍ និង​គ្រួសារ​នាំមកនូវ​អំណរ​ដ៏យូរអង្វែង ។

  • សូមចងចាំ ការ​ដាក់បញ្ចូល​ការ​រៀនសូត្រ​ដោយ​ការ​សិក្សា ដោយសេចក្ដីជំនឿ និងដោយ​ទីបន្ទាល់បរិសុទ្ធ នាំមកនូវ​ការ​ផ្លាស់ប្រែចិត្តជឿ​ពិត និងយូរអង្វែង ។

  • លើស​ពីនោះទៀត សេចក្ដីជំនឿ​រឹងមាំ​ទៅលើ​ដង្វាយធួន​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ គឺ​សំខាន់​ចំពោះ​កម្លាំង​ខាងវិញ្ញាណ និងការ​រីកចម្រើន​របស់​យើង ។

ឥឡូវ​គ្រូ​បង្រៀន​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សូមឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​បងប្អូន​គ្រប់រូប​ម្នាក់ៗ ។ មិន​ថា​អ្នក​កំពុង​រែក​បន្ទុក​អ្វី​ទេ សូម​ឲ្យ​បន្ទុក​នោះ​ត្រូវ​បាន​សម្រាល ។ សូម​ឲ្យ​អ្នក​មាន​អំណរ និង​ភាព​សុខសាន្ដ​ដែល​កើត​មាន​មកពី​ការ​ដឹង​ថា​ការ​បង្រៀន​របស់អ្នក​បាន​មានឥទ្ធិពល​ដល់ជីវិតមួយ អ្នក​បាន​ជួយ​ដល់​កូន​ម្នាក់​របស់ព្រះវរបិតាសួគ៌ នៅ​លើ​ដំណើរ​ផ្លូវ​របស់​ពួកគេ​ដើម្បី​ឲ្យ​ថ្ងៃ​មួយ​ត្រូវ​បាន​ឱប​ក្រសោប​នៅ​ក្នុង​វត្តមាន​របស់ទ្រង់​ម្ដង​ទៀត ។ ខ្ញុំ​សូម​បន្សល់​ទុក​នូវ​សាក្សី និង​ទីបន្ទាល់​របស់ខ្ញុំ​នឹង​អ្នក​ថា យើង​មាន​ដំណឹង​ល្អ​​ដ៏អស់កល្ប​ពេញលេញ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ ពេល​បាន​សាងឡើង​វិញ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ភាព​ពេញលេញ​នៃ​ដំណឹងល្អ គឺស្ថិត​នៅក្នុង​កណ្ដាប់​ដៃ​របស់​យើង ។ យើង​ត្រូវ​តែ​ដាក់​វា​ចូល​ទៅក្នុងចិត្ត និងគំនិត​របស់​យើង ហើយ​បង្រៀន​វា​ដោយ​ព្រះចេស្ដារ ។ សូម​ឲ្យ​ព្រះ​ប្រទានពរ​ដល់​យើង​ទាំងអស់​គ្នា​ម្នាក់ៗ គឺជា​ការ​អធិស្ឋាន​ដ៏​រាបសារ និង​ការ​ប្រទានពរ​របស់ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បោះពុម្ព