សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ៖ ខ្ញុំ​ជា​នំបុ័ង​ជីវិត


32:50

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ៖ ខ្ញុំ​ជា​នំបុ័ង​ជីវិត

ល្ងាច​ជួប​ជាមួយ​នឹង​អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង

សុន្ទរកថា​ទៅ​កាន់​អ្នក​អប់រំ​សាសនា​របស់ ស៊ី.អ៊ី.អែស •  ថ្ងៃ​ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ • រោង​ឧបោសថ​ទីក្រុង សលត៍ លេក

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ នេះ​ជា​ឯកសិទ្ធិ​ពិសេស​ដើម្បី​ជួប​គ្នា​នា​ល្ងាច​នេះ ។ អរគុណ​បងប្អូន​សម្រាប់​សារលិខិត​នៃ​សេចក្ដីស្រឡាញ់ និង ការលើកទឹកចិត្ត​ដ៏​ទន់ភ្លន់​របស់​បងប្អូន ។ ល្ងាច​នេះ ពេល​យើង​និយាយ​អំពី​ព្រះគ្រីស្ទ អររីករាយ​ក្នុង​ព្រះគ្រីស្ទ រៀន​អំពី​ព្រះគ្រីស្ទ នោះ​ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​អាច​ខិត​កាន់តែ​ជិត​ទ្រង់​ដោយ​គារវភាព ។

សមាជិក​គ្រួសារ និង ស្វាមីភរិយា​អើយ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដើម្បី​ប្រជុំ​នឹង​បងប្អូន​ទាំងអស់​គ្នា ។ បើ​ស្វាមី ឬ​ភរិយា​ប្រៀប​បាន​ទៅ​នឹង​គ្រឿង​ផ្សំ នោះ​ការ​រួម​រស់​ជា​ស្វាមី ភរិយា​គឺជា​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ការ​រួម​រស់​ជា​ស្វាមីភរិយា​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ភាពរីករាយ ។ បងប្អូន​ក្រោក​ពី​ព្រលឹម ចូល​សម្រាក​យប់​ជ្រៅ ហើយ​រស់នៅ​ដោយ​សេចក្ដីជំនឿ​ក្នុង​គ្រប់​ជំហាន ។ សូម​អរគុណ​សម្រាប់​អ្វីៗ​ដែល​បងប្អូន​មាន ហើយ​ធ្វើ ។

ការ​ចាត់​តាំង​ឲ្យ​ចូលរួម​ក្នុង​ល្ងាច​នេះ​ជាមួយ​នឹង​អ្នក​មានសិទ្ធិ​អំណាច​ទូទៅ​មួយរូប បាន​ចេញ​ជា​លិខិត​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ថូម៉ាស អេស ម៉នសុន ប្រធាន ហិន ប៊ី អាវរិង និង​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ។ ខ្ញុំ​ទទួលអារម្មណ៍​ថា គណៈប្រធាន​ទី​មួយ​ស្រឡាញ់​បងប្អូន​ម្នាក់ៗ កាល​ពួក​លោក​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ប្រទានពរ ហើយ​បំផុសគំនិត​ដល់​កិច្ចខិតខំ​របស់​បងប្អូន​នា​ល្ងាច​នេះ ។

ដំបូង​ពេល​ខ្ញុំ​បាន​ទទួល​ការចាត់តាំង​នេះ ខ្ញុំ​បាន​សូម​ឲ្យ​អែលឌើរ គីម ប៊ី ក្លាក និង បងប្រុស ឆាដ វែប ប្រាប់​ខ្ញុំ​អំពី​បងប្អូន—​ដែល​ជា​គ្រូ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន អ្នកផ្សព្វផ្សាយសាសនា និង បុគ្គលិក ស៊ី.អ៊ី.អេស ពាសពេញ​ពិភពលោក ។

ខ្ញុំ​ឮ​ថា​មាន​គ្រូ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន ព្រមទាំង​អ្នក​ផ្សព្វផ្សាយសាសនា​ចំនួន ៤៥,៧៣១​នាក់ បង្រៀន​នៅ​ក្នុង ១៣៣ ប្រទេស ៖ ដោយ មាន​៣៤,៥២៧​នាក់​បម្រើ​ក្រៅ​សហរដ្ឋ​អាមេរិក ១១,២០៤​នាក់​បម្រើ​ក្នុង​សហរដ្ឋ​អាមេរិក ។ បងប្អូន​បរិច្ចាគ​ពេល​វេលា​ចំនួន ២០,៨០៧,៦០៥​ម៉ោង ដើម្បី​បម្រើ​ក្នុង​ដំណឹងល្អ​រៀង​រាល់​ឆ្នាំ ។ សូម​អរគុណ !

ខ្ញុំ​ឮ​ថា​មាន​បុគ្គលិក​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា​ចំនួន ២,៨៧៨ នាក់ បម្រើ​ក្នុង ១២៩ ប្រទេស ។ ដោយ​មាន ១,៨៤៩​នាក់​បម្រើ​ក្នុង​សហរដ្ឋ​អាមេរិក និង ១,០២៩​នាក់​បម្រើ​ក្រៅ​សហរដ្ឋ​អាមេរិក ។ បងប្អូន​បម្រើ​យ៉ាង​ស្មោះត្រង់​ក្នុង​ប្រទេស​ទាំងឡាយ​ចាប់​ពី អាល់បានី ដល់ ហ្សំប៊ី — ដែល​ចន្លោះ​នោះ​មាន​ប្រទេស បុតស្វាណា ប៊ុលហ្គារី ហុងគ្រី លីទុយអានី និង ម៉ូសំប៊ិក ។ សូម​អរគុណ !

បងប្អូន​ខ្លះ​បង្រៀន​ច្រើន​ឆ្នាំ​ហើយ ។ តួយ៉ាង ស៊ិស្ទើរ អេនីដ មេយ នៅ ប្រ៊ីធីស កូឡុំប៊ី ទើបតែ​បាន​ដោះលែង​ថ្មីៗ​នេះ​បន្ទាប់​ពី​បាន​បង្រៀន​អស់ ៣៥ឆ្នាំ​មក​ហើយ ។ បងស្រី មេយ បាន​បង្រៀន​កូន​គាត់ ៩​នាក់​ក្នុង​ចំណោម​កូន ១០​នាក់ និង ចៅ ២​នាក់ បងស្រី មេយ ប្រាប់​ថា គាត់​បាន​អធិស្ឋាន​សូម​ឲ្យ​រថយន្ត​គាត់​ដំណើរការ​ល្អ​រៀង​រាល់​ឆ្នាំ ។ នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់​ដែល​បងស្រី មេយ បង្រៀន​ថ្នាក់​សិក្ខាសាលា កាល​គាត់​កំពុង​បើក​ថយ​ចូល​ផ្លូវ​ចំណត​មុខ​ផ្ទះ​របស់​គាត់ ម៉ាស៊ីន​រថយន្ត​ក៏​បាន​ឈប់​ដំណើរការ ។

បងប្អូន​ខ្លះ​ទៀត​ទើបតែ​ចាប់ផ្ដើម​បង្រៀន ។ តួយ៉ាង បងស្រី ចាំង ដុងហ្គ្រេន នៅ​ប្រទេស​កូរ៉េ និង បងស្រី យ៉ូហាណា មើរខាឌើរ នៅ​សាធារណៈរដ្ឋ ដូមីនីក ចាប់ផ្ដើម​បង្រៀន​នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ទើបតែ​ប្រាំមួយ​សប្ដាហ៍ ។

បងស្រី ម៉ាហ្គារ៉ែត ម៉ាសាយ នៅ​ប្រទេស កេនយ៉ា បាន​ចាប់ផ្ដើម​បង្រៀន​ថ្នាក់​សិក្ខាសាលា បន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ។ បងស្រី ម៉ាសាយ ប្រាប់​ថា សិស្ស​របស់​គាត់​ដែល​ភាគ​ច្រើន​កើត​ក្នុង​សាសនាចក្រ បាន​បង្រៀន ហើយ​ជួយ​គាត់​ឲ្យ​បង្កើត​មូលដ្ឋានគ្រឹះ​នៃ​ដំណឹងល្អ ដែល​បាន​ផ្ដល់​ពរ​ដល់​ការបង្រៀន​ថ្នាក់​សិក្ខាសាលា​រយៈ​ពេល ១៧​ឆ្នាំ​ ។

បងប្អូន​បង្រៀន ហើយ​បម្រើ​ក្នុង​គ្រប់​ភូមិភាគ គ្រប់​ស្ថានភាព មាន​សិស្ស​ដែល​មាន​ប្រវត្តិ​ខុសៗ​គ្នា ក្នុង​ថ្នាក់​រៀន​ធំ និង តូច ។

បងប្រុស បេនយ៉ាមីន ហាដហ្វៀល បង្រៀន​នៅ​ប៉ូល​ខាង​ជើង អាឡាស្កា ។ រីឯ​បងស្រី ឡូរែនណា ថូសិន បង្រៀន​នៅ អ៊ូស្ស័រ ក្បែរ​ទ្វីប​អង់តាក់ទិក​ប៉ូល​ខាង​ត្បូង ។

កាលពី​ថ្ងៃ​ពុធ​នៅ​ថ្នាក់​វិទ្យាស្ថាន​សាកលវិទ្យាល័យ​សលត៍ លេក បងប្រុស យ៉ារ៉េឌ ហាលវើសុន បង្រៀន​សិស្ស​ជិត ៤០០ នាក់ ។ ខ្ញុំ​បាន​សុំ​ឲ្យ​បងប្រុស ហាលវើរសិន បង្ហាញ​ខ្ញុំ​ពី​របៀប​បង្រៀន ។ គាត់​ប្រាប់​ថា « ខ្ញុំ​បង្រៀន​ជា​ក្រុម ប៉ុន្តែ​ទាក់ទង​ពួកគេ​ម្នាក់ៗ​ដោយ​ផ្ញើ​សារ » ។

នៅ​ប្រទេស ប៉ូឡូញ ប្អូនស្រី ដាកម៉ារ៉ា ម៉ាធីញូក ដែល​ខ្លួន​គាត់​ជា យុវមជ្ឈិមវ័យ​នៅ​លីវ​ក្រោក​ពី​ព្រលឹម​ទៅ​ធ្វើការ​នៅ​ហាង​ដុត​នំ ហើយ​ទៅ​ផ្ទះ​យប់​ជ្រៅ​ដោយសារ​បង្រៀន​ថ្នាក់​វិទ្យាស្ថាន ។

ថ្នាក់​សិក្ខាសាលា​របស់​បងស្រី មីរ៉ា ហ្វ្លរែស អាគីឡា នៅ​ប្រទេស ហុងឌូរ៉ាស ចាប់ផ្ដើម​នៅ​ម៉ោង ៥​ព្រឹក ។ ថ្នាក់​វិទ្យាស្ថាន​របស់​បងប្រុស រូបិន អាដ្រូវើរ នៅ សានជូអាន អាហ្សង់ទីន ចាប់ផ្ដើម​នៅ​ម៉ោង ១០យប់ ។

បងប្អូន​ក៏​បង្រៀន ហើយ​គ្រប់គ្រង​ថ្នាក់​បឋមសិក្សា និង អនុវិទ្យាល័យ​នៅ​ប្រទេស ម៉ិកស៊ិក គីរីបាទី ហ្វីជី តុងហ្គា និង សាម័រ​ផង​ដែរ ។

ដោយសារតែ​បងប្អូន ទើប​មាន​យុវវ័យ និង យុវមជ្ឈិមវ័យ​​ច្រើន​កំពុងអាន​ព្រះគម្ពីរ និង ប្រសាសន៍​របស់​ព្យាការី​កំពុង​រស់នៅ កាន់​តែ​ច្រើន​ជាង​មុន ។

ដោយសារតែ​បងប្អូន ទើប​មាន​យុវវ័យ​ច្រើន​កំពុង រៀន​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ហើយ​ឆ្លើយ​សំណួរ​ផ្ទាល់ខ្លួន តាមរយៈ​ការយល់ដឹង​អំពី​គោលលទ្ធិ ។

ហើយ​ដោយសារតែ​បងប្អូន ទើប​វគ្គ​សិក្សា​មូលដ្ឋានគ្រឹះ​ពាសពេញ​សាលា និង ថ្នាក់​វិទ្យាស្ថាន​របស់​សាសនាចក្រ​យើង​កំពុង​តែ​​នាំ​សិស្ស​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ។

ជា​ថ្មី​ម្ដង​ទៀត យើង​កោត​សរសើរ​ដល់​បងប្អូន និង របៀប​ដែល​បងប្អូន​បម្រើ ។ មិន​ថា​បងប្អូន​នៅ​ទីណា មិន​ថា​នៅ​ក្នុង​ស្ថានភាព​ណា ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​មក​ជួបជុំ​គ្នា​នា​ល្ងាច​នេះ​ដោយ​បើក​ដួងចិត្ត និង​គំនិត--មិន​ថា​មួយ ពីរ ឬ​ច្រើន​ទេ​នៅក្នុង​ព្រះនាម​របស់​ទ្រង់ ។

គ្រា​មួយ បន្ទាប់​ពី​បាន​បំពេញ​​ការចាត់តាំង​មួយ​ដ៏​យូរ​ជាមួយ​គ្នា យើង​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន សលត៍ លេក ប្រធាន ប៊យដ៍ ឃេ ផាកឺ បាន​មាន​ប្រសាសន៍​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ថា « ហ្គែរីត ភរិយា​ខ្ញុំ ដូណា កំពុង​កម្ដៅ​នំប៉័ង​ឥឡូវ​នេះ ។ ពេល​យើង​ទៅ​ដល់​ផ្ទះ នឹង​មាន​នំប៉័ង​ក្ដៅៗ » ។

តើ​បងប្អូន​អាច​ស្រមៃ ឬ ចាំ​ពី​នំប៉័ង​ដែល​មាន​រសជាតិ​ឆ្ងាញ់​ឬ​ទេ ? តើ​បងប្អូន​អាច​ស្រង់​ក្លិន​បាន​ទេ—ថា​វា​ថ្មី ហើយ​នៅ​ក្ដៅៗ​នោះ ? តើ​បងប្ងូន​អាច​ភ្លក់​វា—ដែល​អាច​នឹង​ផ្អែម ឬ​ប្រៃ​ឡមៗ​ឬ​ទេ ?

នំប៉័ង​គឺ​ជា​អាហារ​សំខាន់​ជាង​គេ​លើ​សាកល​លោក ។ មនុស្ស​នៅ​គ្រប់​ជំនាន់ និង គ្រប់​ស្ថានភាព​បាន​បរិភោគ​នំប៉័ង ។ ប្រាកដណាស់ ក្នុង​ក្រុម​ទូទាំង​ពិភពលោក​យើង នំប៉័ង​មាន​គ្រប់​ទំហំ ទម្រង់ គ្រឿង​ផ្សំ និង ឈ្មោះ​ខុសៗ​គ្នា ។

ប្រហែលជា​នោះ​ដោយសារតែ​មនុស្ស​គ្រប់​ទីកន្លែង​យល់ ហើយ​ពឹង​អាស្រ័យ​លើ​នំប៉័ង ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « ខ្ញុំ​ជា​នំបុ័ង​ជីវិត »។

លើ​ពិភពលោក​នេះ ដី​នឹង​ដុះ​ជា​បន្លា ហើយ​នឹង​អញ្ចាញ​ឲ្យ​យើង យើង​នឹង​បាន​អាហារ​បរិភោគ​ដោយ​ការបែកញើស ដូចគ្នា​នឹង​លោក​អ័ដាម និង នាង​អេវ៉ា​ដែរ ។ សិទ្ធិជ្រើសរើស​ខាង​សីលធម៌​មាន​មក​ជាមួយ​ជម្រើស​ពិត​ប្រាកដ ។ ភាពរីកចម្រើន​ខាង​វិញ្ញាណ​កើត​ចេញ​ពី​ឧបសគ្គ​ពិត​ប្រាកដ ។ ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​យើង​ពុំ​ទុក​ឲ្យ​យើង​ឃើញ​តែ​ព្រនង់ និង ថ្ម ដែន​កំណត់ និង ភាពខ្វះខាត​នោះ​ទេ ។ ព្រះអង្គសង្គ្រោះ​របស់​យើង​ប្រទាន​ពរ​ដល់​យើង​ជាមួយ​នឹង​នំ​ម៉ានា ជានំប៉័ង​ប្រចាំ​ថ្ងៃ ការ​សន្យា​ក្នុង​ពិធី​សាក្រាម៉ង់​របស់​ទ្រង់​ប្រាប់​ថា​យើង​អាច​មាន​ជីវិត ក្ដីសង្ឃឹម អំណរ ព្រមទាំង​មាន​វា​យ៉ាង​សន្ធឹក​ផង ។

ព្រះអម្ចាស់​យើង​បាន​ប្រកាស ៖

« យើង​ជា​ព្រះអម្ចាស់​បាន​លាត​ផ្ទៃមេឃ ហើយ​បាន​ស្ថាបនា​ផែនដី គឺជាការ​ដែល​ព្រះហស្ត​យើង​ធ្វើ ហើយ​គ្រប់​ទាំងអស់​នៅទីនោះ​សុទ្ធតែជា​របស់​ផង​យើង ។

« ហើយ​នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់​ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង ។ …

« ដ្បិ​ត​ផែនដី​បាន​ពោរពេញ​ហើយ​មាន​បរិបូរណ៍​គ្រប់​គ្រាន់ និង នៅ​សល់​ទៀត​ផង » ។

និយាយ​ម្យ៉ាង​ទៀត ផែនដី​ទ្រង់​មិន​មែន​ជា​ពិភព​នៃ​ព្រនង់ និង ថ្ម​នោះ​ទេ ។ ផែនដី​ទ្រង់​គឺ​ជា​ពិភព​នៃ​នំប៉័ង និង ត្រី ។

តើ​បងប្អូន​ចាំ​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស ដោយ​មាន​នំប៉័ង និង ត្រី​តែ​ប៉ុន្មាន​ដុំ​ឬ​ទេ ? ចូរ​យើង​មើល ហើយ​ស្រមៃ​ថា​យើង​នៅ​ទី​នោះ ។

[ វីដេអូ ]

ព្រះយេស៊ូវ ៖ « មើលចុះ មនុស្ស​ទាំង​ហ្វូង » ។

សិស្ស ទី១ ៖ « ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ ។ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​ជុំវិញ ។ គេ​គ្មាន​អ្វី​បរិភោគ​សោះ » ។

ព្រះយេស៊ូវ ៖ « ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ » ។

សិស្ស ទី២ ៖ « តើ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ទិញ​នំបុ័ង​ចំនួន​៤០​រៀល ឲ្យ​គេ​បរិភោគ​ឬ​អី ? »

ព្រះយេស៊ូវ ៖ « តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន ? »

សិស្ស ទី១ ៖ « មាន​៥​ដុំ និង​ត្រី​២​ទេ » ។

ព្រះយេស៊ូវ ៖ « ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ ។ ចែក​មនុស្ស​ជា​ក្រុម​ហាសិបនាក់ ដើម្បី​ពួកគេ​អាច​ទទួលបាន​អាហារ ។ … ឱ​ព្រះវរបិតា ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់​ចំពោះ​ការប្រទាន​របស់​ទ្រង់ ។ អាម៉ែន » ។

[ ចប់​វីដេអូ ]

ដំណើររឿង​បួន​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ ពិពណ៌នា​អំពី​ការប្រទាន​អាហារ​របស់​ព្រះអង្គសង្គ្រោះ​ដល់​ហ្វូង​មនុស្ស ៥,០០០នាក់ ។ ដំណើររឿង​ពីរ​ទៀត​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ ពិពណ៌នា​អំពី​គ្រា​មួយ​ទៀត​នៃ​ការប្រទាន​អាហារ​របស់​ព្រះអង្គសង្គ្រោះ​ដល់​ហ្វូង​មនុស្ស ៤,០០០នាក់ ។ ហ្វូង​មនុស្ស​ទាំងនោះ​ទំនង​ជា​រាប់​បញ្ចូល​ទាំង​បុរស ​ស្ត្រី និង កុមារ​ផង ។

ពេល​ខ្លះ​យើង​ពោល​ថា ព្រះ​មាន​សេចក្ដីលម្អិត ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ដាក់​បញ្ចូល​សេចក្ដីលម្អិត​ខាង​បទគម្ពីរ​នៃ​ការប្រទាន​អាហារ​របស់​ព្រះអង្គសង្គ្រោះ​ដល់​ហ្វូង​មនុស្ស ៥,០០០នាក់ ចេញ​ពី​គម្ពីរ ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ទៅ​ក្នុង​កំណត់ចំណាំ​ព្រះគម្ពីរ​ប៊ីប​តែ​មួយ ។

តើ​អ្នក​យល់​ព្រម​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បើក​ការ​យល់ដឹង​របស់​យើង​នៅពេល​យើង​សិក្សា​ដំណើរ​រឿង​បទគម្ពីរ និង​គោលការណ៍​ដំណឹងល្អ​ដែល​មាន​នៅក្នុង​គំរូ​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង​ឬទេ ?

យើង​អធិស្ឋាន​សូម​ឲ្យ​អំណរគុណ​ដែល​យើង​មាន​ចំពោះ​ការងារ​បម្រើ​របស់​ព្រះអង្គសង្គ្រោះ នឹង​នាំ​យើង គ្រួសារ​យើង និង សិស្ស​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ ។

នេះ គឺ​ជា​វគ្គបទគម្ពីរ​ដែល​បាន​ដាក់​បញ្ចូល​គ្នា ៖

« ឯ​ពួក​សាវ័ក​ក៏​ប្រជុំ​គ្នា​ឯ​ព្រះយេស៊ូវ រ៉ាយ​រឿង​ទូល​ទ្រង់​ពី​ការ​ដែល​ខ្លួន​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​សេចក្តី​ដែល​បាន​បង្រៀន​ដែរ ។

« រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សម្រាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង ។ …

« ឯ​ហ្វូង​មនុស្ស​គេ​ឃើញ​ទ្រង់​ចេញ​ទៅ ហើយ​មាន​គ្នា​ច្រើន​បាន​ស្គាល់​ទ្រង់ បាន​ជា​មាន​មនុស្ស​ពី​គ្រប់​ក្រុង​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​មុន ប្រជុំ​គ្នា​ឯ​ទ្រង់ ។

« កាល​ព្រះយេស៊ូវ​បាន​ឡើង​ពី​ទូក​មក នោះ​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ជា​ធំ ក៏​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ពី​ព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល » ។១០

« ទ្រង់​រាក់​ទាក់​ទទួល​គេ ហើយ​មាន​ព្រះបន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង » ។១១

« ដល់​ពេល​ល្ងាច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ »១២ « សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​នៅ​ស្រុក​ស្រែ ហើយ​ក្នុង​ភូមិ​នៅ​ជុំវិញ​ចុះ ដ្បិត​គេ​គ្មាន​អ្វី​បរិភោគ​សោះ » ។១៣

« តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ » ។១៤

« ប៉ុន្តែ​ពួក​សិស្ស [ ទូល ] ថា តើ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ទិញ​នំបុ័ង​ចំនួន​៤០​រៀល ឲ្យ​គេ​បរិភោគ​ឬ​អី ? »១៥

« មាន​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ទ្រង់​ថា

« នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥ និង​ត្រី​តូច​២ ប៉ុន្តែ​ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ? »១៦

« នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ » ។១៧

« នោះ​ទ្រង់​បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​លើ​ស្មៅ​ខ្ចី​ដោយ​ពួកៗ » ។១៨« រីឯ​នៅ​ទី​នោះ មាន​ស្មៅ​ច្រើន » ។១៩« គេ​ក៏​អង្គុយ​ដោយ​ជួរ ក្នុង​១​ជួរ​៥០​នាក់ ទាំងអស់​មាន​១០០​ជួរ » ។២០

« នោះ​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់ »២១ « នោះ​អរ​ព្រះគុណ រួច »២២ « ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ដល់​ហ្វូង​មនុស្ស » ។២៣ « ក៏​បែង​ភាគ​ត្រី​២​នោះ ចែក​ទៅ​មនុស្ស​ទាំងអស់​ដែរ »២៤ « តាម​តែ​គេ​ចង់​បាន » ។២៥

« គេ​បាន​បរិភោគ »២៦ « ឆ្អែត​ទាំងអស់​គ្នា » ។២៧

« លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ » ។២៨

« រួច​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក​ដែល​នៅ​សល់ »២៩ « និង​ត្រី​ទាំង​ប៉ុន្មាន »៣០ « ដាក់​ពេញ​បាន​១២​កន្ត្រក »៣១ « ដែល​សល់​ពី​៥​ដុំ​នោះ » ។៣២

« រីឯ​ពួក​មនុស្ស​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៥​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗ និង​កូន​ក្មេង​ទេ » ។៣៣

« កាល​ទ្រង់​បាន [ ឲ្យ​គេ​ទៅ​អស់​ហើយ ] នោះ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន » ។៣៤

« កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះយេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ៍​មែន » ។៣៥

តើ​បងប្អូន​កត់សម្គាល់ ឬ​មាន​អារម្មណ៍ ឬ​រៀន​បាន​អ្វី​ខ្លះ ពេល​ព្រះយេស៊ូវ​ប្រទាន​អាហារ​ដល់​យើង​ម្នាក់ៗ ដោយ​នំប៉័ង​ប្រាំ​ដុំ និង ត្រី​ពីរ ? តើ​នំប៉័ង​នោះ​មាន​រសជាតិ​ដូច​នំ​ម៉ាន៉ា ផ្អែម​ដូច​គ្រាប់​ល្ង និង ទឹកឃ្មុំ​ឬ ?៣៦ ហើយ​តើ​ត្រី​២​តូចៗ​នោះ​ផ្ដល់​អាហារ—ឲ្យ​យើង​ឆ្អែត—បាន​ទាំងអស់​គ្នា​ឬ ?

ខ្ញុំ​មាន​ប្រាំបួន​ចំណុច ដែល​ខ្ញុំ​បាន​កត់សម្គាល់ ហើយ​មាន​អារម្មណ៍ ។ ប្រហែល​វា​អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះអង្គសង្គ្រោះ ខិត​កាន់តែ​ជិត​ទ្រង់ ហើយ​អញ្ជើញ​ខ្ញុំ​ឲ្យ​កាន់តែ​ក្លាយ​ដូច​ទ្រង់ ។

ចំណុច ទី១ ៖ ព្រះអង្គសង្គ្រោះ​មាន​ព្រះហឫទ័យ​ក្តួល​អាណិត ។

អព្ភូតហេតុ​ជា​ច្រើន​របស់​ព្រះអង្គសង្គ្រោះ​យើង ចាប់ផ្ដើម​ជាមួយ​នឹង​ការយល់ចិត្ត និង ការក្ដួលអាណិត​របស់​ទ្រង់ ។ ព្រះអង្គសង្គ្រោះ​យើង​យល់​ចិត្ត និង កាលៈទេសៈ​របស់​យើង ។ ទ្រង់​ពេញ​ទៅ​ដោយ​ការក្ដួលអាណិត​ចំពោះ​សេចក្ដីសង្ឃឹម និង ការឈឺចាប់ បំណងប្រាថ្នា និង សេចក្ដីត្រូវការ​របស់​យើង ។

នោះ​គឺ​ជា​គ្រា​ដ៏​លំបាក ។ យ៉ូហាន បាទីស្ទ ត្រូវ​គេ​កាត់​ក្បាល ហើយ​ក្បាល​របស់​លោក​ត្រូវ​យក​ទៅ​ដាក់​លើ​ថាស ជា​ការសន្យា​របស់​ស្ដេច​ទុច្ចរិត​មួយ​អង្គ​ដល់​ស្រី​របាំ​ជា​កូនស្រី​របស់​ម្ដាយ​ដែល​ចង​គំនុំ​ម្នាក់ ។ ព្រះអង្គសង្គ្រោះ និង ពួក​សិស្ស​ទ្រង់​បាន​ទៅ​ទីស្ងាត់​ដើម្បី​សម្រាក ។ ប៉ុន្តែ តើ​ទ្រង់​មាន​ព្រះទ័យ​ដូចម្ដេច​កាល​ទ្រង់​ទត​ឃើញ​មនុស្ស​យ៉ាង​ច្រើន ? ទ្រង់ « ក៏​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ » ។៣៧ ទ្រង់​រាក់​ទាក់​ទទួល​គេ ។ ទ្រង់​បង្រៀន​ពួកគេ ។ ទ្រង់​ប្រោស​ពួកគេ ។ ហើយ​ដោយ​ព្រះបញ្ញាញាណ ទ្រង់​ជ្រាប​ថា « គេ​គ្មាន​អ្វី​បរិភោគ​សោះ » ។៣៨

ព្រះអង្គសង្គ្រោះ​យើង​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ពេញ​មួយ​ការងារ​បម្រើ​ទ្រង់—ដល់​អ្នក​កើត​ឃ្លង់៣៩ ដល់​កូន​ប្រុស​បុរស​ម្នាក់ ដែល​ត្រូវ​អារក្ស​ចូល៤០ ដល់​ស្ត្រី​មេម៉ាយ​ដែល​មាន​កូន​ប្រុស​តែ​មួយ​ស្លាប់ ។៤១ ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​ឲ្យ​ប្រព្រឹត្ត​ដូច​សាសន៍​សាម៉ារី​ដ៏​សប្បុរស ដែល​មាន​ក្ដីអាសូរ​ដល់​បុរស​ម្នាក់​ដែល​រង​របួស ហើយ​ត្រូវ​ទុក​ឲ្យ​ស្លាប់ ។៤២

ដូចគ្នា​នេះ​ដែរ ឪពុក​របស់​កូន​ប្រុស​វង្វេង បាន​មាន​ក្ដីអាសូរ ហើយ​រត់​ទៅ​រក​កូន​ប្រុស​គាត់ « ឃើញ​ពី​ចម្ងាយ » ។៤៣ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​នៅ​ពេល​និយាយ​អំពី​អាហារ កាល​កូន​ប្រុស​វង្វេង « ភ្ញាក់​ដឹង​ខ្លួន » នោះ​វា​ទទួលស្គាល់​ថា « ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា » ។៤៤

ព្រះអង្គសង្គ្រោះ​យើង​ចាប់ផ្ដើម​ដោយ​ការក្ដួលអាណិត ។ ហើយ​បញ្ចប់​ដោយ​សន្ដានចិត្ត​ដ៏​មេត្តា ។

ដំណើររឿង​ក្នុង​ដំណឹងល្អ​ប្រាប់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស​ហើយ ទ្រង់ « ឲ្យ​ពួកគេ​ត្រឡប់​ទៅ​វិញ » ។ ប៉ុន្តែ​លេខយោង​ក្នុង​គម្ពីរ​ម៉ាកុស​បញ្ជាក់​យ៉ាង​ច្បាស់ ។ ជំនួស​ឲ្យ​ពាក្យ « ឲ្យ​ពួកគេ​ត្រឡប់​ទៅ​វិញ » លេខយោង​ប្រាប់​ថា ទ្រង់ « ឲ្យ​គេ​ទៅ​អស់​ហើយ » ។៤៥ តើ​បងប្អូន​អាច​ឮ​ព្រះយេស៊ូវ​មាន​បន្ទូល​លា​ហ្វូង​មនុស្ស​ដោយ​ព្រះហឫទ័យ​ក្ដួលអាណិត កាល​ពួកគេ​ចេញ​ទៅ​បន្ទាប់​ពី​ទ្រង់​បាន​ប្រទាន​អាហារ​ដល់​គេ​ទេ ?

ចំណុច ទី២ ៖ព្រះអង្គសង្គ្រោះ​យើង​ចាប់ផ្ដើម​ជាមួយ​អ្វី​ដែល​ពួកគេ​មាន ។

ដោយ​សព្វព្រះទ័យ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស ព្រះអង្គសង្គ្រោះ​ចាប់ផ្ដើម​ដោយ​សួរ​ថាតើ​ពួក​សិស្ស​មាន​អ្វី​ខ្លះ ។ ទ្រង់​ជា​អង្គ​បង្ក​បង្កើត​ពិភពលោក ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង ផែនដី ប៉ុន្តែ​ទ្រង់​ចាប់ផ្ដើម​ជាមួយ​អ្វី​ដែល​ពួកគេ​មាន ចេញ​ពី​ទីកន្លែង​ដែល​ពួកគេ​នៅ ។

« នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥ និង​ត្រី​តូច​២ » ។៤៦

ព្រះអង្គសង្គ្រោះ​យើង​ចាប់ផ្ដើម​ជាមួយ​អ្វី​ដែល​ពួកគេ​មាន ៖ « ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ » ។៤៧

តើ​បងប្អូន​ធ្លាប់​មើល​ទៅ​ខ្លួន​ឯង និង​មនុស្ស​ដែល​បងប្អូន​បង្រៀន ហើយ​ឆ្ងល់​ថាតើ​អ្វី​ដែល​បងប្អូន​មាន​អាច​គ្រប់គ្រាន់​បាន​តាម​របៀប​ណា​ដែរ​ឬ​ទេ ? យើង​អាច​គិត​ដូច​ពួកសិស្ស ដែល​ស្វែងរក​នំប៉័ង និង ត្រី​តូចៗ ហើយ​ឆ្ងល់ « តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ? »៤៨

ក្នុង​នាម​ជា​គ្រូ យើង​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​រួមចំណែក​ក្នុង​ថ្នាក់ ។ សិស្ស​ខ្លះ​រួមចំណែក​ច្រើន ខ្លះ​តិច ។ ក្នុង​នាម​ជា​អ្នក​រៀន និង អ្នក​បង្រៀន ( យើង​ទាំង​ពីរ ) ចាប់ផ្ដើម​ជាមួយ​អ្វី​ដែល​យើង​មាន និង​យើង​ជា​នរណា​ពេល​នេះ ។ បន្ទាប់​មក ទ្រង់​អាច​តម្កើង ហើយ​បង្កើន​ការខិតខំ​យើង ។ គោលការណ៍​នៃ​ការរីកចម្រើន​ពី​អ្វី​ដែល​យើង​មាន ឆ្លុះបញ្ចាំង​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​ថា យើង​បាន​សង្គ្រោះ​តាមរយៈ​ព្រះគុណ​ទ្រង់ « បន្ទាប់​ពី​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន » ។៤៩

ទ្រង់​ញញឹម​ពេល​យើង​នាំ​យក​អ្វី​ដែល​យើង​មាន​មក​រក​ទ្រង់ ។

ចំណុច ទី៣ ៖ព្រះអង្គសង្គ្រោះ​យើង​ធ្វើ​កិច្ចការ​តាម​របៀប​រៀបរយ ។

តើ​បងប្អូន​ធ្លាប់​នៅ​ក្នុង​ហ្វូង​មនុស្ស​ប្រជ្រៀត​រុញ​គ្នា ដណ្ដើម​យក​របស់​អ្វី​មួយ​ទេ ? ខ្ញុំ​ធ្លាប់ ។ មនុស្ស​នៅ​ខាង​មុខ​មិន​ខ្វល់ខ្វាយ​មនុស្ស​ខាង​ក្រោយ​ឡើយ ។ ខ្ញុំ​ខ្លាច​ថា បើ​មាន​នរណាម្នាក់​ដួល ពួកគេ​នឹង​ដើរ​ជាន់​គាត់​មិន​ខាន​ឡើយ ។

ផ្ទុយទៅវិញ ព្រះអង្គសង្គ្រោះ « បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​ដោយ​ពួកៗ » ។៥០ ក្រុម​ទាំងនោះ​ត្រូវបាន​រៀបចំ « ដោយ​ជួរ ក្នុង​១​ជួរ​៥០​នាក់ ទាំង​អស់​មាន​១០០​ជួរ » ។៥១

នៅ​ក្នុង​សាសនាចក្រ យើង​និយាយ​អំពី​ក្រុម​អ្នក​ត្រួសត្រាយ ។ យើង​និយាយ​អំពី​ក្រុម​មក​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ចំពោះ​យើង ពាក្យ ក្រុម សំដៅ​ទៅ​លើ​ក្រុម​រៀបរយ ដែល​មាន​គោលបំណង​ខ្ពស់​មួយ​រួម​គ្នា ។

ហើយ​ទោះជា​វា​ជា​ទី​ស្ងាត់​ក្ដី ព្រះអម្ចាស់​មិន​បាន​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​លើ​ដី​ដែរ ។ ទ្រង់​បាន​ឲ្យ​ក្រុម​ទាំងនោះ​អង្គុយ « លើ​ស្មៅ​ខ្ចី » ។៥២ ទ្រង់​បាន​ជ្រើស​ទី​ដែល « មាន​ស្មៅ​ច្រើន » ។៥៣

ចំណុច ទី៤ ៖ព្រះអង្គសង្គ្រោះ​របស់​យើង​មាន​ការដឹងគុណ ។

ទ្រង់​បាន​យក​នំប៉័ង និង ត្រី រួច « ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់ ។៥៤

ទ្រង់​ជា​អង្គ​បង្កើត​ស្ថានសួគ៌ និង ផែនដី ជា​ស្ដេច​អស់​ទាំង​ស្ដេច តែ​ទ្រង់​ថ្លែង​អំណរគុណ​ពី​មុន​ទ្រង់​ចែក​នំប៉័ង និង ត្រី ហើយ​បែកភាគ​អាហារ​ទាំងនោះ « តាម​តែ​គេ​ចង់ » បរិភោគ ។៥៥

ចំណុច ទី៥ ៖ព្រះអង្គសង្គ្រោះ​យើង​ប្រទាន​អាហារ​ដល់​ពួក​សិស្ស រួច​ឲ្យ​ពួកគេ​ចែក​ដល់​ហ្វូង​មនុស្ស ។

នោះ​ជា​ការបញ្ជា ប៉ុន្តែ​វា​លើស​ជាង​ការបញ្ជា​ទៅ​ទៀត ។ នោះ​ជា​ការពង្រឹង​ដល់​ពួក​គង្វាល​ចៀម ដើម្បី​ឲ្យ​ពួកគង្វាល​ចៀម​អាច​ពង្រឹង​ដល់​ចៀម​បាន ។ វា​ជា​ការបង្រៀន​ដល់​គ្រូ ដើម្បី​ឲ្យ​គ្រូ​បង្រៀន​ដល់​សិស្ស​បាន ។ នោះ​ជា​លំនាំ​របស់​ព្រះ​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរមរមន និង​ក្នុង​សាសនាចក្រ​ទ្រង់​ដែល​បាន​ស្ដារឡើងវិញ ៖ ហើយ​ទ្រង់ « ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ដល់​ហ្វូង​មនុស្ស » ។៥៦

នោះ​ជា​អំណោយទាន​អស្ចារ្យ​នៃ​ការផ្ដល់​ឲ្យ និង ការទទួលបាន​ខាង​វិញ្ញាណ ។ ការដឹង​ថា​យើង​នឹង​បង្រៀន វា​នឹង​ជួយ​យើង​ឲ្យ​រៀន ។ ពេល​យើង​បង្រៀន​មនុស្សដទៃ យើង​នឹង​រៀន​ពី​ការ​បង្រៀន ។ គំរូ​របស់​យើង​ក្នុង​ការរៀន និង ការបង្រៀន ជួយ​សិស្ស​យើង​ឲ្យ​ដឹង​ថា ពួកគេ​ក៏​អាច​រៀន ហើយ​បង្រៀន​ដែរ ។

ចំណុច ទី៦ ៖ព្រះអង្គសង្គ្រោះ​យើង​ប្រទាន​អាហារ​ដល់​មនុស្ស ៥,០០០​នាក់​ក្នុង​ពេល​តែ​មួយ ។

នំប៉័ង និង ត្រី​ត្រូវបាន​ចែក ហើយ​បែងភាគ​ដល់​មនុស្ស​ទាំងអស់ ប្រកប​ដោយ​អព្ភូតហេតុ ។ « គេ​បាន​បរិភោគ »៥៧ « ឆ្អែត​ទាំងអស់​គ្នា » ។៥៨

នេះ​គឺ​ជា​អព្ភូតហេតុ​ដែល​យើង​ជា​គ្រូ ខិត​ខំ​ស្វែង​រក—​ដើម្បី​បង្រៀន​សិស្ស​ទាំងអស់ និង សិស្ស​ម្នាក់ៗ​ក្នុង​ថ្នាក់ ។ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​នឹង​​មនុស្ស​ទាំង ៥,០០០នាក់ និង ម្នាក់ៗ ។ វា​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​នូវ​កង្វល់​ទូទៅ និង តម្រូវការ​ផ្ទាល់ខ្លួន​ម្នាក់ៗ ។ ហើយ​លើស​ពី​នោះ​ទៀត វា​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុខាង​វិញ្ញាណ ដែល​វា​នឹងធ្វើ​ឲ្យ​​មាន​ភាពគ្រប់គ្រាន់​ជាមួយ​នឹង​អ្វី​ដែល​យើង​ចាប់​ផ្ដើម ។

ចំណុច ទី៧ ៖ព្រះអង្គសង្គ្រោះ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្មាន​អ្វី​ត្រូវ​បាត់បង់ ។

« លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ » ។៥៩

ចំណែក​មួយ​នៃ​ការចាប់ផ្ដើម​ដោយ​មាន​ការដឹងគុណ​ចំពោះ​អ្វី​ដែល​យើង​មាន គឺ​ការធ្វើ​ឲ្យ​ប្រាកដ​ថា គ្មាន​អ្វី​ត្រូវ​បាត់បង់​ឡើយ​ពេល​យើង​បញ្ចប់ ។ នៅស្ថានសួគ៌​ពុំ​មាន​ការ​ខ្ជះខ្ជាយ​ឡើយ ។ អ្វី​គ្រប់​យ៉ាង​ត្រូវបាន​លើក​ទឹក​ចិត្ត​នៅ​ពេល​ចាប់ផ្ដើម គ្មាន​អ្វី​ទុក​ឲ្យ​បាត់បង់​នៅ​ពេល​បញ្ចប់​ឡើយ ។

អែលឌើរ រីឆាដ ជី ស្កត បាន​ចែកចាយ​របៀប​ដែល​យើង​អាច​កត់ត្រា​គំនិត​នានា និង របៀប​ដឹង​ថាតើ​មាន​គំនិត​បន្ថែម​ឬ​ទេ ។៦០ ការធ្វើ​ដូចនេះ​អនុវត្ត​ម្ដង​ហើយ​ម្ដង​ទៀត​លើ​ដំណើរការ​នៃ​ការសូម ការទទួលបាន ការកត់ត្រា ការពិចារណា ការគោរពប្រតិបត្តិ ការទូលសួរ​ថាតើ​មាន​គំនិត​ច្រើន​ទៀត​មក​ពី​ការប្រកាស​របស់​ព្រះអង្គសង្គ្រោះ​ថា « ឲ្យ​ជា​លើស​ទៅ​ទៀត ដល់​អ្នក​រាល់​គ្នា​ដែល​ស្តាប់​ផង » ។៦១

នៅ​មាន​ចំណុច​បន្ថែម​ទៀត ។ ពេល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា​ទ្រង់​ជា​នំប៉័ង​ជីវិត ទ្រង់​មាន​បន្ទូល​ថា ៖ « ឯ​បំណង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ » ។៦២ទ្រង់​រក្សា​មនុស្ស​ទាំងអស់​ដែល​ព្រះវរបិតា​ប្រទាន មិន​ឲ្យ​បាត់បង់​ឡើយ ។ ក្នុង​នាម​ជា​គ្រូ អ្នកផ្សព្វផ្សាយសាសនា បុគ្គលិក យើង​ធ្វើ​អ្វី​ទាំងអស់​ដោយ​សេចក្ដីជំនឿ និង អំណាច ដើម្បី​រក្សា​មនុស្ស​ដែល​ទ្រង់​ទុក​ព្រះទ័យ​ឲ្យ​យើង​មើលថែ ដោយ​មិន​ឲ្យ​បាត់​នរណា​ម្នាក់​ឡើយ ។

ចំណុច ទី៨ ៖ដោយ​មាន​ព្រះអង្គសង្គ្រោះ យើង​បញ្ចប់​ទៅ​វិញ​ដោយ​មាន​ច្រើន​ជាង​កាល​យើង​បាន​ចាប់ផ្ដើម​ទៅ​ទៀត ។

នៅ​ពេល​ធ្វើ​ឲ្យ​ប្រាកដ​ថា​គ្មាន​អ្វី​ត្រូវ​បាត់​ដោយ​អំណរគុណ នោះ​ពួក​សិស្ស​ឃើញ​អព្ភូតហេតុ​មួយ​ទៀត ៖ « រួច​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក​ដែល​នៅ​សល់ »៦៣ « និង​ត្រី​ទាំង​ប៉ុន្មាន »៦៤« ដាក់​ពេញ​បាន​១២​កន្ត្រក »៦៥ « ដែល​សល់​ពី​៥​ដុំ​នោះ » ។៦៦

អព្ភូតហេតុ​នៃ​ការបែងភាគ​ខាង​វិញ្ញាណ​គឺ​ថា យើង​បញ្ចប់​ទៅ​វិញ​ដោយ​មាន​ច្រើន​ជាង​កាល​យើង​បាន​ចាប់ផ្ដើម​ទៅ​ទៀត​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​យើង ។ យើង​បញ្ចប់​ទៅ​វិញ​ដោយ​មាន​ក្ដីស្រឡាញ់ ការរៀនសូត្រ ការបំផុសគំនិត និង សន្ដានចិត្ត​កាន់តែ​ច្រើន​ជាង​កាល​យើង​បាន​ចាប់ផ្ដើម​ទៅ​ទៀត ។ ការបង្រៀន​ពេញ​ដោយ​ព្រះវិញ្ញាណ​ត្រឡប់​មក​វិញ​ជា​នំប៉័ង​នៅ​លើ​ទឹក—គឺ​ដូចជា​នំប៉័ង និង ត្រី ដែល​មាន​ច្រើន​ជាង​កាល​យើង​បាន​ចាប់ផ្ដើម​ទៅ​ទៀត ។

ចូរ​យើង​សង្ខេប​ការពិភាក្សា ៖

ព្រះអង្គសង្គ្រោះ​យើង​យល់ចិត្ត និង កាលៈទេសៈ​របស់​យើង ។ ទ្រង់​មាន​ព្រះហឫទ័យ​ក្ដួល​អាណិត​ដើម្បី​ប្រទានពរ ហើយ​ធ្វើ​ឲ្យ​យើង​ឆ្អែត​តាម​គ្រប់​មធ្យោបាយ ។

ទ្រង់​ចាប់ផ្ដើម​ជាមួយ​នឹង​ទី​ដែល​យើង​នៅ អ្វី​ដែល​យើង​មាន ព្រមទាំង​ទទួល​យក​នំប៉័ង និង ត្រី​បន្តិចបន្តួច​ពី​ក្មេង​ប្រុស​ម្នាក់ ។

ទ្រង់​ធ្វើ​កិច្ចការ​តាម​របៀប​រៀបរយ ។

ទ្រង់​មាន​ការដឹងគុណ ។ ទ្រង់​ទត​ទៅ​លើ​មេឃ ហើយ​ប្រទានពរ រួច​កាច់ ។

ទ្រង់​ចែកចាយ​ដល់​ពួកសិស្ស​ជាមុន​សិន រួច​បញ្ជា​ឲ្យ​ពួកគេ​ចែក​ដល់​ហ្វូង​មនុស្ស ។

ទ្រង់​ជ្រាប​ពី​របៀប​មើលថែ ហើយ​បង្រៀន​មនុស្ស ៥,០០០​នាក់ និង មនុស្ស​ម្នាក់​ក្នុង​ពេល​តែ​មួយ ។

ទ្រង់​ប្រមូល​អ្វី​ដែល​យើង​មាន​ដោយ​អំណរគុណ ហើយ​គ្មាន​អ្វី​ត្រូវ​បាត់​ឡើយ ។

ទ្រង់​ជួយ​យើង​ឲ្យ​យល់​ថា យើង​បាន​បញ្ចប់​ដោយ​មាន​ច្រើន​ជាង​កាល​យើង​បាន​ចាប់ផ្ដើម​ទៅ​ទៀត ។

នៅ​មាន​ចំណុច​បន្ថែម​ទៀត ។ ការប្រទាន​អារហារ​ដល់​ហ្វូង​មនុស្ស​មិន​មែន​ជា​លើក​ដំបូង ហើយ​ក៏​មិន​មែន​ជា​លើក​ទី​មួយ ដែល​ព្រះអង្គសង្គ្រោះ​ប្រើ​នំប៉័ង និង ត្រី​ដើម្បី​បង្រៀន ហើយ​ថ្លែងទីបន្ទាល់​អំពី​ភាពបរិបូរ​របស់​ទ្រង់​ទេ ។

ដូច្នេះ ចំណុច​ទី​ប្រាំបួន​គឺ​ដូចនេះ ៖

ចំណុច ទី៩ ៖អស់​អ្នក​ណា​ដែល​មាន​ភ្នែក​ឲ្យ​មើល អស់​អ្នក​ណា​ដែល​មាន​ភ្នែក​ឲ្យ​មើល ហើយ​មាន​ត្រចៀក​ឲ្យ​ស្ដាប់​ចុះ ព្រះអង្គសង្គ្រោះ​យើង​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ភាពបរិបូរ​នៃ​សាក្រាម៉ង់ ។

« កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះយេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ៍​មែន » ។៦៧

ក្រោយ​មក ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​សួរ​ពួក​សិស្ស​យ៉ាង​ជាក់លាក់ សំដៅ​លើ​នំប៉័ង និង ត្រី​ថា ៖

« អ្នក​រាល់​គ្នា​មិន​ចាំ​ទេ​ឬ​អី ?

« ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង​៥​ឲ្យ​ដល់​៥​ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក ? គេ​ទូល​ឆ្លើយ​ថា បាន​១២ ។

« ហើយ​កាល​កាច់​នំបុ័ង​៧​ឲ្យ​ដល់​៤​ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង ? គេ​ទូល​ឆ្លើយ​ថា បាន​៧ » ។៦៨

ខ្ញុំ​និយាយ​ឡើង​វិញ ៖ ផែនដី​ទ្រង់​គឺ​ជា​ពិភព​នៃ​នំប៉័ង និង ត្រី និង​នៃ​ភាពបរិបូរ ។

ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​អំពី​អង្គ​ទ្រង់​ទៅ​កាន់​ស្ត្រី​នៅ​អណ្ដូង​ទឹក ដោយ​បង្កប់​អត្ថន័យ​ពិសេស​ថា ទ្រង់​គឺ​ជា​ទឹក​រស់ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា « តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់កល្ប​ជានិច្ច » ។៦៩

ចំពោះ​អ្នក​ដែល​សួរ​ព្រះយេស៊ូវ​ថា « ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទីរហោស្ថាន តើ​ទ្រង់​អាច​ប្រទាន​អាហារ​ពី​ស្ថានសួគ៌​ឲ្យ​យើង​បរិភោគ​បាន​ទេ ? »៧០ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ព្រះវរបិតា​ខ្ញុំ​ប្រទាន … នំប៉័ង​ដ៏​ពិត​ដែល​មក​ពី​ស្ថានសួគ៌ » ។៧១ « ខ្ញុំ​ជា​នំបុ័ង​ជីវិត » ។៧២ « អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច » ។៧៣

គ្មាន​អ្វី​ដែល​សំខាន់ ចាំបាច់ ឬ ទូទៅធំធេង​ជាង​នំប៉័ង និង ទឹក​នោះ​ទេ ។ តើ​យើង​ទទួល​អ្វី​នៅ​ពេល​នំប៉័ង​ជីវិត និង ទឹក​រស់​មក​ទន្ទឹម​គ្នា​នោះ ? ប្រាកដណាស់ យើង​ទទួល​ពិធីសាក្រាម៉ង់ ?

នៅ​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ទ្រង់ នៅ​តាម​លំនាំ​ដែល​ពួក​សិស្ស​បាន​ធ្លាប់​ពី​មុន ព្រះអង្គសង្គ្រោះ « យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា … ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ » ។៧៤

នៅ​ពេល​ចាប់ផ្ដើម​ការងារ​បម្រើ​ទ្រង់​បន្ទាប់​ពី​បាន​រស់ឡើងវិញ ទ្រង់​បាន​បង្ហាញ​លំនាំ​ដូចគ្នា​នេះ​ម្ដង​ទៀត ដោយ​បង្រៀន​អំពី​ពិធីសាក្រាម៉ង់​ក្នុង​ចំណោម​សាសន៍​នីហ្វៃ ដែល​ជា​ចៀម​ទ្រង់​មួយ​ហ្វូង​ទៀត ៖

ទ្រង់​បញ្ជា​ពួកសាវក​ទ្រង់​ឲ្យ​ទៅ​យក​នំប៉័ង និង ស្រាទំពាំងបាយជូ ។

ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​ចុះ ។

ទ្រង់​យក​នំប៉័ង ហើយ​កាច់ ហើយ​ប្រទានពរ ។

ទ្រង់​ប្រទាន​ឲ្យ​ពួក​សិស្ស ហើយ​បញ្ជា​ឲ្យ​ពួកគេ​បរិភោគ ។

កាល​ពួក​សិស្ស​បាន​បរិភោគ​ឆ្អែត​ហើយ ទ្រង់​បញ្ជា​ពួក​សិស្ស​ឲ្យ​នាំ​ទៅ​ចែក​ដល់​ហ្វូង​មនុស្ស ។

ហ្វូង​មនុស្ស​បាន​បរិភោគ ហើយ​បាន​ឆ្អែត ។៧៥

ក្រោយ​មក ព្រះអម្ចាស់​ធ្វើ​ពិធីសាក្រម៉ង់​ម្ដង​ទៀត​ជាមួយ​សាសន៍​នីហ្វៃ ម្ដង​នេះ​ទ្រង់​បាន​ប្រទាន​នំប៉័ង និង ស្រាទំពាំងបាយជូ​ដោយ​អព្ភូតហេតុ ៖

« ឥឡូវ​នេះ គ្មាន​នំប៉័ង ឬ​ក៏​ស្រា​ទំពាំងបាយជូរ… 

« ប៉ុន្តែ ទ្រង់​បាន​ប្រទាន​នំប៉័ង​ទៅ​ឲ្យ​ពួក​គេ​បរិភោគ និង​ស្រា​ទំពាំងបាយជូរ ទៅ​ឲ្យ​ពួក​គេ​ផឹក​ជា​ពិតប្រាកដ » ។៧៦

ទ្រង់​សន្យា​ថា អ្នក​ណា​ដែល​បរិភោគ​នំប៉័ង ហើយ​ផឹក​ស្រាទំពាំងបាយជូ​ចូល​ទៅ​ក្នុង​ព្រលឹង​គេ « នឹង​ពុំ​ចេះ​ស្រេក​ឃ្លាន​ឡើយ តែ​បាន​ឆ្អែត​ជានិច្ច » ។៧៧

ប្រាកដណាស់ « កាល​បណ្ដាជន​គ្រប់​គ្នា​បាន​បរិភោគ នឹង​ផឹក​រួច​ហើយ មើលចុះ ពួកគេ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ » ។៧៨

នេះ​គឺ​ជា​ការបំពេញ​ការសន្យា​ដ៏​ធំ​របស់​ពិធីសាក្រាម៉ង់​ដល់​បុរស​ស្ត្រី​គ្រប់​ជំនាន់ គ្រប់​ស្ថានភាព ដល់​យើង​ម្នាក់ៗ​ដែល​ជីវិត​ពឹងផ្អែក​ទៅ​លើ​នំប៉័ង និង ទឹក ។ « មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ពោរពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។៧៩

បងប្អូន​ប្រុសស្រី អរគុណ​ដែល​ធ្វើ​ជា​អ្នក​រៀន និង គ្រូ​ដ៏​អស្ចារ្យ នៅ​ក្នុង​ពិភព​ដ៏​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​នេះ ! សូម​អរគុណ​ដែល​បាន​ធ្វើ​ឲ្យ​មេរៀន​នីមួយៗ អន្តរកម្ម​នីមួយៗ​របស់​សិស្ស មាន​សភាព​ដូចជា​ការទទួលទាន​នំប៉័ង និង ត្រី​ខាង​វិញ្ញាណ !

បងប្អូន​ប្រុសស្រី ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ប្រភព​ទឹក​រស់ ដែល​ហូរ​មក​ខ្ញុំ ដោយ​មាន​នូវ​ភាពពេញលេញ​នៃ​ក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ។

ថ្មីៗ​នេះ ពេល​ខ្ញុំ​មាន​ឯកសិទ្ធិ​ចែក​នំប៉័ង និង ទឹក ខ្ញុំ​មាន​អារម្មណ៍​ខ្លាំង​នៃ​ក្ដីស្រឡាញ់​សម្រាប់​អ្នក​ដែល​ទទួល​តំណាង​ពិសិដ្ឋ​ទាំងនោះ ។ ខ្ញុំ​ក៏​មាន​ការដឹងគុណ​ដ៏​ធំធេង​ចំពោះ​ព្រះអង្គសង្គ្រោះ​ដែល​បាន​បង្រៀន​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ។

ពេលខ្លះ ពេលខ្ញុំ​គិត​អំពី ( ថ្ងៃឈប់សម្រាក ) ខ្ញុំ​ទទួល​បាន​អារម្មណ៍​ពេញ​ចិត្ត ថា​ខ្ញុំ​កំពុង​ធ្វើ​អស់​ពី​សមត្ថភាព​ត្រង់​ចំណុច​នេះ ។ ជា​ញឹកញាប់ ខ្ញុំ​ទទួល​អារម្មណ៍​ក្ដីសង្ឃឹម និង ការលើកទឹកចិត្ត​ថា ខ្ញុំ​អាច « មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អឥតខ្ចោះ​នៅក្នុង​ទ្រង់ »៨០ ទោះ​ជា​ខ្ញុំ​មាន​ភាពខ្វះចន្លោះ​ក្ដី ។

ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​សញ្ជឹង​គិត​អំពី​នំប៉័ង និង ត្រី​តាម​របៀប​ថ្មី​មួយ ។៨១

ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​រក​ឃើញ​ភាពរីករាយ ដំណើរផ្សងព្រេង និង ការបំផុសគំនិត​នៅ​ក្នុង​ភាពប្រទាក់​គ្នា​នៃ​បទគម្ពីរ គោលការណ៍​នៃ​ដំណឹងល្អ និង ប្រសាសន៍​របស់​ពួក​ព្យាការី និង សាវក​កំពុង​រស់នៅ ពេល​អ្នក​បំពេញ​តាម​ការទុក​ព្រះទ័យ​ដ៏​ពិសិដ្ឋ ដើម្បី​ជួយ​សិស្ស​យើង​ឲ្យ​ស្គាល់​ព្រះអង្គសង្គ្រោះ​កាន់តែ​ច្បាស់ ហើយ​មក​រក​ទ្រង់​ដោយ​គារវភាព ។

ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​ចងចាំ​ថា « ផែនដី​គឺ​ជា​របស់​ផង​ព្រះអម្ចាស់ ហើយ​មាន​ភាពបរិបូរ » ។៨២ ផែនដី​ទ្រង់​គឺ​ជា​ពិភព​នៃ​នំប៉័ង និង ត្រី ។ ការសន្យា​របស់​ទ្រង់​ក្នុង​ពិធីសាក្រាម៉ង់​គឺថា នឹង​មាន​របស់​គ្រប់​យ៉ាង​ច្រើន​បរិបូរ ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ដោយ​ដឹងគុណ​អំពី​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ព្រះរាជបុត្រា​ដ៏​បរិសុទ្ធ​ទ្រង់ ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​ដឹង​គុណ​អំពី​សេចក្ដីពិត​ដែល​បាន​ស្ដារឡើងវិញ និង ការស្នង​តំណែង​នៃ​សិទ្ធិអំណាច​បព្វជិតភាព​ដោយ​គ្មាន​ការ​ខូច​ខាត​ពី​ព្យាការី យ៉ូសែប ដល់​ប្រធាន ថូម៉ាស អេស ម៉នសុន សព្វថ្ងៃ​នេះ អំពី​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​អំពី​ការលួងលោមចិត្ត ការបង្ហាញផ្លូវ និង អំណរ​ដែល​យើង​អាច​មាន ពេល​យើង​មាន​ព្រះវិញ្ញាណ​ទ្រង់​គង់​ជាមួយ​យើង​ដរាប​ណា​យើង​ចងចាំ​ទ្រង់​ជានិច្ច ។

ទោះជា​បងប្អូន​នៅ​ទីណា មាន​កាលៈទេសៈ​បែបណា មិន​ថា​បងប្អូន​មាន​អំណរ ឬ ឧបសគ្គ​នោះទេ ខ្ញុំ​សង្ឃឹម​ថា បងប្អូន​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដី​ក្ដីស្រឡាញ់​ដ៏​ធំ​ធេង​ដែល​ព្រះអម្ចាស់ និង សាសនាចក្រ​ទ្រង់​មាន​ចំពោះ​បងប្អូន​នៅ​ក្នុង​ការ​ប្រជុំ​នា​ល្ងាច​នេះ ។ ទ្រង់​ពិត​ជា​ស្រឡាញ់​បងប្អូន ។ ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ និង បរិសុទ្ធ​នៃ​ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។