ការបង្រៀន​យុវវ័យ និង​យុវមជ្ឈិមវ័យ
ចំណេះចំណាន​ខាង​គោលលទ្ធិ និង ការរៀនសូត្រ​ស៊ីជម្រៅ


ចំណេះចំណាន​ខាង​គោលលទ្ធិ និង ការរៀនសូត្រ​ស៊ីជម្រៅ

ល្ងាច​ជួប​ជាមួយ​នឹង​អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង

សុន្ទរកថា​ទៅ​កាន់​អ្នក​អប់រំ​ខាងសាសនា​របស់ ស៊ី.អ៊ី.អែស. •  ថ្ងៃ​ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ • រោង​ឧបោសថ​ទីក្រុង សលត៍ លេក

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​រីករាយ​ណាស់​ដើម្បី​នៅ​ជាមួយ​បងប្អូន​ល្ងាច​នេះ ។ ពី​មុន​ខ្ញុំ​ណែនាំ​អែលឌើរ ហ្គង ខ្ញុំ​សូម​ចែកចាយ​គំនិត​មួយ ហើយ​សង្ឃឹម​ថា​នឹង​មាន​ប្រយោជន៍​ដល់​បងប្អូន និង សិស្ស​របស់​បងប្អូន ។

ដំបូង ខ្ញុំ​ចង់​បង្ហាញ​ក្ដីស្រឡាញ់​ចំពោះ​បងប្អូន និង ការដឹងគុណ​សម្រាប់​អ្វី​ដែល​បងប្អូន​ធ្វើ ។ បងប្អូន​ធ្វើ​ការងារ​ដ៏ អស្ចារ្យ​មួយ​ក្នុង​នគរ​ព្រះ និង ក្នុង​ជីវិត​សិស្ស​របស់​បងប្អូន ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ហើយ​ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ប្រទានពរ​ដល់​បងប្អូន និង ក្រុម​គ្រួសារ​របស់​បងប្អូន ។

ល្ងាច​នេះ ខ្ញុំ​ចង់​និយាយ​បន្តិច​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ អ្វី​ដែល​ខ្ញុំ​និយាយ​នឹង​អនុវត្ត​ជា​ពិសេស​ចំពោះ​បងប្អូន​ដែល​បង្រៀន​ថ្នាក់​សិក្ខាសាលា ប៉ុន្តែ​វា​ក៏​អនុវត្ត​ចំពោះ​យើង​ទាំងអស់​គ្នា​ដែរ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ជា​កម្មវិធី​មួយ​ក្នុង​ថ្នាក់​សិក្ខាសាលា​ដែល​មាន​គោលបំណង​បី ៖ ទី​មួយ ជួយ​សិស្ស​ឲ្យ​រៀន​របៀប​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ទី​ពីរ ជួយ​សិស្ស​ឲ្យ​ស្គាល់ ហើយ​យល់​គោលលទ្ធិ​របស់​ព្រះអង្គសង្គ្រោះ—មាន​ន័យ​ថា​ត្រូវ​ស្គាល់​គោលលទ្ធិ​ពិត​ក្នុង​គំនិត​ផង និង យល់​គោលលទ្ធិ​ពិត​ក្នុង​ចិត្ត​ផង ហើយ​យើង​ចង់​ឲ្យ​ពួកគេ​ធ្វើ​ដូចនោះ​ឲ្យ​ស៊ីជម្រៅ​ក្នុង​ចិត្ត​ពួកគេ និង ទី​បី ជួយ​សិស្ស​ឲ្យ​រៀន​របៀប​អនុវត្ត​គោលលទ្ធិ​នោះ​ក្នុង​ជីវិត​ពួកគេ ទាំង​រស់នៅ​តាម​ផង និង ប្រើ​វា​ដើម្បី​ឆ្លើយ​សំណួរ​មិត្តភក្ដិ​ដែល​អាច​នឹង​សួរ ឬ ដើម្បី​បង្រៀន និង ជួយ​មនុស្សដទៃ​ឲ្យ​ដឹង​សេចក្ដីពិត​ផង ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​ត្រូវ​បាន​ណែនាំ​ទូទាំង​ពិភពលោក​កាល​ពី​ឆ្នាំ​មុន ។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹង ហើយ​ទទួល​អារម្មណ៍​ថា កម្មវិធី​នេះ​កើត​មាន​តាមរយៈ​វិវរណៈ​ពី​ព្រះអម្ចាស់ វា​ជា​អព្ភូតហេតុ​មួយ ។ ខ្ញុំ​បាន​ពិចារណា​ជា​ញឹកញាប់​អំពី​របៀប ពេលវេលា និង មូលហេតុ​ដែល​កម្មវិធី​នេះ​កើត​មាន ។ ខ្ញុំ​បាន​មើល​ទៅ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​បរិបទ​ធំ​មួយ​នៃ​ការអប់រំ​សាសនាចក្រ និង កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់​លើ​ផែនដី​នេះ ។

ខ្ញុំ​ជឿ​ថា ចំណេះចំណាន​ខាង​គោលលទ្ធិ​ជួយ​សិស្ស​យើង​ឲ្យ​រីកចម្រើន​ក្នុង​ចំណេះដឹង និង ការយល់ដឹង​អំពី​គោលលទ្ធិ ហើយ​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​របៀប​ប្រើ​ចំណេះដឹង និង ការយល់ដឹង​នោះ​ក្នុង​ជីវិត​ពួកគេ ។ ប៉ុន្តែ​វា​ធ្វើ​លើស​ពី​នោះ​ទៅ​ទៀត ។ វា​ក៏​បង្រៀន​សិស្ស​យើង​អំពី​របៀប​របស់​ព្រះអម្ចាស់​ក្នុង​ការរៀនសូត្រ​ស៊ីជម្រៅ ក្នុង​ចំណេះដឹង​គ្រប់​ប្រភេទ និង​នៅ​គ្រប់​ពេល​ទាំងអស់​ក្នុង​ជីវិត​ពួកគេ ។

ការរៀនសូត្រ​មាន​ភាពស៊ីជម្រៅ​នៅ​ពេល​វា​បង្កើន​អំណាច​របស់​យើង​ដើម្បី​ធ្វើ​រឿង​បី​យ៉ាង ៖ (១) ស្គាល់ ហើយ​យល់ (២) ធ្វើ​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព និង​សុចរិត និង (៣) ក្លាយ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌​យើង និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀនសូត្រ​ស៊ីជម្រៅ​ត្រូវតែ​ធ្វើ​ឡើង​តាម​របៀប​ព្រះអម្ចាស់ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការសិក្សា​ដ៏​សកម្ម និង​ឧស្សាហ៍​ព្យាយាម ព្រមទាំង ការបង្រៀន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន​ការចូលរួម​ពី​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍​នេះ​ពិត​សម្រាប់​រាល់​ចំណេះដឹង និង គ្រប់​ពេល​ទាំងអស់​នៃ​ជីវិត ។

នេះ​គឺ​ជា​អ្វី​ដែល​យើង​បង្រៀន​សិស្ស​យើង​ក្នុង​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ហើយ​ខ្ញុំ​សង្ឃឹម​ក្នុង​អ្វី​ទាំងអស់​ដែល​យើង​បង្រៀន ) ។ ដូច្នេះ ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ជា​ច្រក​ទ្វារ​ចូល​ទៅ​រក​ការរៀនសូត្រ​ពេញ​មួយ​ជីវិត និង ស៊ីជម្រៅ ។

ខ្ញុំ​ចង់​បញ្ចប់​ដោយ​នូវ​ការអញ្ជើញ​ចំនួន​ពីរ ។ ទី​មួយ​គឺ​ចំពោះ​បងប្អូន​ដែល​បង្រៀន​ថ្នាក់​សិក្ខាសាលា ។ បងប្អូនប្រុសស្រី​ទូទាំង​ពិភពលោក​ជា​ទីស្រឡាញ់ ខ្ញុំ​សង្ឃឹម​ថា បងប្អូន​កំពុង​បង្រៀន​សិស្ស​របស់​បងប្អូន​ពី​របៀប​រៀនសូត្រ​តាម​របៀប​ព្រះអម្ចាស់ ។ សូម​បង្រៀន​ពួកគេ​ថា ពួកគេ​ត្រូវ​រៀនសូត្រ​ឲ្យ​ស៊ីជម្រៅ​ទាំង​ចំណេះដឹង​ខាង​វិញ្ញាណ និង ខាង​បញ្ញា​ពេញ​មួយ​ជីវិត ។ សូម​ជួយ​ពួកគេ​ឃើញ​ថា ការបញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា​ពុំ​មែន​ជា​ទីបញ្ចប់​ឡើយ ។ យើង​ចង់​ឲ្យ​ពួកគេ​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​វិទ្យាស្ថាន ហើយ​ចង់​ឲ្យ​ពួកគេ​បន្ត​ការអប់រំ​បន្ទាប់​ពី​បញ្ចប់​វិទ្យាល័យ ។ បងប្អូន​កំពុង​ជួយ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​ទាំងនេះ​ផង ហើយ​ដាក់​គ្រឹះ​ រៀនសូត្រ​ស៊ីជម្រៅ​ពេញ​មួយ​ជីវិត​តាមរយៈ​ការបង្រៀន​ពួកគេ​ពី​របៀប​រៀន​តាម​របៀប​ព្រះអម្ចាស់ ។

ការ​អញ្ជើញ​ទី​ពីរ​របស់​ខ្ញុំ​គឺ​ទៅ​ដល់​បងប្អូន​ដែល​បង្រៀន​ថ្នាក់​វិទ្យាស្ថាន ។ បងប្អូន​ប្រុស​ស្រី សូម​ជួយ​សិស្ស​របស់​បងប្អូន​ឲ្យ​រៀន​តាម​របៀប​ព្រះអម្ចាស់ ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​តម្លៃ និង អំណាច​ក្នុង​ជីវិត​នៃ​ការបញ្ចប់​ការសិក្សា​របស់​ពួកគេ​ពី​ថ្នាក់​វិទ្យាស្ថាន ។ ការបញ្ចប់​ការសិក្សា​ពី​ថ្នាក់​វិទ្យាស្ថាន តំណាង​ឲ្យ​ការបញ្ចប់​ការសិក្សា​ដំណឹងល្អ​តាម​របៀប​រៀបរយ និង​ទូលាយ ។ ការបញ្ចប់​ការសិក្សា​ពី​ថ្នាក់​វិទ្យាស្ថាន​នឹង​ពង្រឹង​ការយល់ដឹង​ពួកគេ​លើ​ដំណឹងល្អ ពង្រឹង​ទីបន្ទាល់ និង ការតាំងចិត្ត​ចំពោះ​ព្រះអម្ចាស់ ថែមទាំង​ជួយ​ពួកគេ​ឲ្យ​ស្គាល់ ហើយ​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​ដឹង​ថា បើ​បងប្អូន​ធ្វើ​តាម​ការអញ្ជើញ​ទាំងនេះ ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះ​នឹង​ប្រទានពរ​បងប្អូន ព្រមទាំង​សិស្ស​របស់​បងប្អូន ។ ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា ព្រះវរបិតាសួគ៌​យើង មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង ។ ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះ​យើង ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ថា ក្នុង​ទ្រង់ និង​តាមរយៈ​ទ្រង់ យើង​អាច​រៀន​ឲ្យ​ស៊ីជម្រៅ​ពេញ​មួយ​ជីវិត ដ្បិត​ទ្រង់​ជា​ផ្លូវ ជាសេចក្ដីពិត ហើយ​ជា ជីវិត ។ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. លំនាំ​នៃ​ការ « ដឹង ធ្វើ ប្រែក្លាយ » ត្រូវបាន​ប្រើ​ជា​ទូទៅ​ជា​គម្រោង​សម្រាប់​ការអភិវឌ្ឍ​ភាពជា​អ្នក​ដឹកនាំ និង ក្នុង​ការពិភាក្សា​អំពី​ផែនការ​របស់​ព្រះអម្ចាស់​សម្រាប់​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​នៃ​បុត្រាបុត្រី​ទ្រង់ ។ សូម​មើល ថូម៉ាស អេស ម៉នសុន « To Learn, to Do, to Be » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦០–៦២, ៦៧–៦៨ និង ដាល្លិនnb}អេក អូក « The Challenge to Become » Ensign វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២–៣៤ ។ ដើម្បី​មើល​សេចក្ដីលម្អិត​នៃ​ធាតុ​នីមួយៗ​នៃ​លំនាំ​នេះ សូម​មើល វ៉ុល​ទាំង​បី​នៃ​សៀវភៅ​សរសេរ​ដោយ ដេវីឌ អេ បែដណា ៖ Increase in Learning ( ឆ្នាំ ២០១១) Act in Doctrine ( ឆ្នាំ ២០១២ ) និង Power to Become ( ឆ្នាំ ២០១៤ ) ។

បោះពុម្ព