ការរីកចម្រើនជាបន្ដបន្ទាប់ឆ្ពោះទៅរកអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក • ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ • រោងឧបោសថ សលត៍ លេក
[ អែលឌើរ ខាល ប៊ី ឃុក ]
ស៊ីស្ទើរ ឃុក និងខ្ញុំពិតជាមានអំណរគុណ ដើម្បីនៅជាមួយប្អូនៗនាយប់នេះ ។ ការចាក់ផ្សាយនេះនាំឲ្យយើងជួបគ្នានៅទូទាំងពិភពលោក រួមមាន ៩៩ ប្រទេស និង ៣៩ ភាសា ។ បងប្អូនជាច្រើនកំពុងមើលការចាក់ផ្សាយផ្ទាល់នេះ ។ អ្នកខ្លះនឹងមើលការចាក់ផ្សាយឡើងវិញ ដោយសារតែម៉ោងពេលខុសគ្នា ។ មិនថាបងប្អូនកំពុងមើលធម្មនិដ្ឋាននេះនៅកន្លែងណា ឬដោយរបៀបណាទេ—សូមស្វាគមន៍ !
យើងនឹងផ្ដល់ការស្វាគមន៍ពិសេសមួយចំពោះអ្នកទាំងឡាយដែលបានបញ្ចប់ការសិក្សាថ្មីៗនេះពីវិទ្យាល័យ ដែលកំពុងចូលរួមក្នុងការជួបជុំទូទាំងពិភពលោកនេះជាលើកទីមួយ ។ យើងសង្ឃឹមថា ប្អូនៗនឹងចូលរួមនៅក្នុងថ្នាក់វិទ្យាស្ថាន និងថ្នាក់រៀនខាងសាសនាដទៃៗទៀត ដែលជាចំណែកនៃការអប់រំរបស់ប្អូនៗ ដើម្បីទទួលយកប្រយោជន៍ការរៀនសូត្រខាងវិញ្ញាណដែលមានសម្រាប់ប្អូនៗ ។ ការចូលរួមនៅក្នុងថ្នាក់ និងសកម្មភាពទាំងឡាយគឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីជួយឲ្យប្អូនធ្វើដំណើរនៅក្នុងអំឡុងគ្រានេះនៃជីវិតរបស់ប្អូន ។
[ស៊ីស្ទើរ លីណាត អេច. ឃុក]
យើងមានពរដើម្បីនៅជាមួយនឹងប្អូនៗម្នាក់ៗ ។ ប្អូនៗលើកកម្ពស់ខាងវិញ្ញាណ ហើយចម្រើនសេចក្ដីជំនឿរបស់យើងនាពេលអនាគត ។ ពួកយើងសូមសរសើរអំពីរបៀបដែលប្អូនឆ្លើយតបទៅនឹងអ្វីដែលពួកព្យាការី និងពួកសាវករបស់យើងបានគូសបញ្ជាក់ ។ ការចូលរួមដែលពេញដោយជំនឿទៅលើកិច្ចការពង្សប្រវត្តិ កិច្ចការផ្សព្វផ្សាយសាសនា និងកិច្ចការព្រះវិហារបរិសុទ្ធ— រួមទាំងការបម្រើក្នុងនាមជាអ្នកធ្វើពិធីបរិសុទ្ធ— គឺបំផុសគំនិតខ្លាំងណាស់ ។ យើងមានអំណរគុណចំពោះប្អូនៗ ហើយយើងស្រឡាញ់ប្អូនៗ ។
[អែលឌើរ ឃុក]
ខ្ញុំនឹងចាប់ផ្ដើមនាយប់នេះ ដោយប្រាប់អំពីបទពិសោធន៍មួយដែលស៊ីស្ទើរ ឃុក និងខ្ញុំមានជាមួយនឹងយុវជម្ឈិមវ័យមួយចំនួននៅទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា ។ យើងមានការពិភាក្សាបើកចំហរមួយអំពីអាពាហ៍ពិពាហ៍អំឡុងពេលប្រជុំធម្មនិដ្ឋាន ។ យើងបានសួរយុវមជ្ឈិមវ័យអំពីអ្វីដែលពួកគេកំពុងសម្លឹងរកមើលក្នុងដៃគូអស់កល្បជានិច្ចម្នាក់ ។
បន្ទាប់ពីមតិមួយចំនួនមក វាបង្ហាញច្បាស់ថាយុវជនមួយចំនួនមានអារម្មណ៍ថា យុវនារីមួយចំនួនរំពឹងឲ្យពួកគេមានបរិញ្ញាបត្រសាកលវិទ្យាល័យ ឡាន និងកន្លែងសុខស្រួលដើម្បីរស់នៅជាមុនសិន ពីមុនពួកគេនឹងគិតអំពីការរៀបការរបស់ពួកគេ ។ យុវនារីជាច្រើន បានផ្ដល់មតិម្យ៉ាងទៀតថា ពួកគេយល់ព្រមនឹងរង់ចាំរបស់ទាំងនោះ បើយុវជនខិតខំយ៉ាងសកម្មដើម្បីទទួលបានរបស់ទាំងនោះ ។ ពួកគេអាចធ្វើការខិតខំទៅរករបស់ទាំងនោះជាមួយគ្នា ។
តោះ ចូរយើងសាកល្បងវានៅយប់នេះ ។ បងប្អូនប្រុសនៅលីវដែលដល់វ័យរៀបការ មិនថាអ្នកនៅកន្លែងណាទេ ខ្ញុំសុំសួរសំណួរមួយដល់អ្នក ។ តើអ្នកទាំងអស់គ្នាប៉ុន្មាននាក់ដែលជាបុរសធ្វើការខ្លាំង មានអត្តចរិតល្អ មានទីបន្ទាល់ និងជីវិតខាងវិញ្ញាណរឹងមាំ ប៉ុន្តែប្រហែលជាអ្នកមានអារម្មណ៍ថា មិនសូវបានរៀបចំខាងសាច់ឈាមដើម្បីធ្វើឲ្យយុវនារីម្នាក់សប្បាយចិត្តក្នុងអាពាហ៍ពិពាហ៍ ? សូមលើកដៃ ។ លើកឲ្យខ្ពស់ !
ឥឡូវប្អូនៗស្រី ដែលនៅលីវ ។ តើអ្នកទាំងអស់គ្នាប៉ុន្មាននាក់យល់ព្រមរង់ចាំពរជ័យខាងសាច់ឈាមនោះមាននៅក្នុងអាពាហ៍ពិពាហ៍ នៅពេលអ្នករៀន និងរីកចម្រើនស្រដំស្រសងនឹងបុរសដែលខិតខំធ្វើការ ដែលអ្នកស្រឡាញ់ ជាបុរសដែលមានអត្តចរិតល្អ មានទីបន្ទាល់ និងជីវិតខាងវិញ្ញាណរឹងមាំនោះ ? សូមលើកដៃ ។ លើកឲ្យខ្ពស់ !
បើអ្នកក្រឡេកមើលទៅក្នុងបន្ទប់ ហើយឃើញនរណាម្នាក់ចាប់អារម្មណ៍លើកដៃឡើង មែនហើយ …
នៅណៃរូប៊ី ខ្ញុំចែកចាយពាក្យដកស្រង់មួយមកពី ក្បួនខ្នាតភាគ ២ ដែលពន្យល់ថា « ធម្មជាតិនៃវិញ្ញាណបុរស និងស្រ្តី គឺថាពួកគេបំពេញឲ្យគ្នាទៅវិញទៅមក ។ បុរស និងស្រ្តីត្រូវបានតាំងចិត្ត ដើម្បីរីកចម្រើនជាមួយគ្នា[ ឆ្ពោះ ] ទៅកាន់ភាពតម្កើងឡើង » ។១
យុវជនម្នាក់ក្រោកឈរ ហើយបាននិយាយដោយរំភើបចិត្តថា « នោះអស្ចារ្យណាស់ ! ខ្ញុំគិតថា ជំនួសឲ្យពាក្យសុំនរណាម្នាក់មករៀបការនឹងខ្ញុំ នោះខ្ញុំនឹងសួរនាងដូចនេះវិញថា តើនាងនឹងចង់រីកចម្រើនជាមួយនឹងខ្ញុំដែរឬទេ ! »
តាមពិត ខ្ញុំគិតថា គំនិតរបស់យុវជនរូបនេះ គឺមានប្រាជ្ញាច្រើនណាស់ ។ ដូចសុភាសិតអាហ្វ្រិកបានថ្លែងថា « បើអ្នកចង់ទៅលឿន ចូរទៅតែម្នាក់ឯង ។ បើអ្នកចង់ទៅឲ្យបានឆ្ងាយ ចូរទៅទាំងអស់គ្នា » ។ បាទ ខ្ញុំនឹងបន្ថែមថា « ទៅជាមួយគ្នា ហើយដោយមានជំនួយរបស់ព្រះអម្ចាស់ នោះអ្នកអាចរីកចម្រើនជាមួយគ្នា ហើយបំពេញឲ្យគ្នាទៅវិញទៅមក » ។
ចេញពីទស្សនៈខាងគណិតសាស្ត្រ មួយបូកមួយ ស្មើពីរ ។ ប៉ុន្តែបើមនុស្សពីរនាក់រួមសាមគ្គីគ្នា នោះមួយបូកនឹងមួយគឺមានច្រើនជាងពីរ ! ហើយបើមានព្រះអម្ចាស់នៅក្នុងសមីកានោះ នោះចំនួនសរុបគឺនិរន្ដន៍ និងអស់កល្ប !
ប្រហែលជាអ្នកបានស្មានហើយថា យប់នេះ យើងនឹងនិយាយអំពីអាពាហ៍ពិពាហ៍—តែវាផ្ទុយទៅវិញទេ ។ យើងនឹងនិយាយអំពី ការរីកចម្រើន ឆ្ពោះទៅរកអាពាហ៍ពិពាហ៍ អស់កល្បជានិច្ច ។ ហើយវារាប់បញ្ចូលមនុស្សគ្រប់គ្នា រួមទាំងស៊ីស្ទើរ ឃុក និងខ្ញុំផងដែរ ។ ទោះបានរៀបការ ឬនៅលីវ មិនថាក្នុងវ័យណាទេ យើងទាំងអស់គ្នាអាចរីកចម្រើនពីត្រង់ចំណុចដែលយើងនៅបច្ចុប្បន្ននេះ ។
អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច គឺជាពិធីបរិសុទ្ធដ៏សំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាមានបុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ហើយឲ្យអាពាហ៍ពិពាហ៍របស់ពួកគេបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃការសន្យា ។ មានតែតាមរយៈការទទួលបានពិធីបរិសុទ្ធបព្វជិតភាពនេះ និងការរក្សាសេចក្ដីសញ្ញារបស់យើងប៉ុណ្ណោះ ដែលយើងអាចទទួលបានពរជ័យនៃការបន្ដក្នុងនាមជាស្វាមី និងភរិយា ជាដៃគូអស់កល្បជានិច្ច បន្ទាប់ពីសេចក្ដីស្លាប់ ។២
យើងមានចំណង់មួយក្នុងខ្លួនយើងចង់បានទំនាក់ទំនងដ៏អស់កល្បជានិច្ច ។ ប្រធានណិលសុនបានមានប្រសាសន៍ថា « ចំណង់ដ៏ថ្លៃថ្នូនៃដួងចិត្តមនុស្សគឺចង់បានអាពាហ៍ពិពាហ៍មួយដែលអាចកាន់ខ្ជាប់ហួសពីសេចក្ដីស្លាប់ » ។៣
អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច គឺ មានសម្រាប់យើងម្នាក់ៗ ។ ទោះជាកូនចៅរបស់ព្រះវរបិតាសួគ៌យើងទាំងអស់ប្រឈមមុខនឹងស្ថានភាពលំបាកៗនៅក្នុងជីវិតរមែងស្លាប់នេះក្ដី ក៏អាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច គឺ មាននៅក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។ « គ្មាននរណាម្នាក់ ត្រូវបានតាំងជាមុនដើម្បីទទួលតិចជាងនូវអ្វីៗទាំងអស់ដែលព្រះបិតា [ មាន ]… សម្រាប់កូនចៅរបស់ទ្រង់ឡើយ »។៤ បើយើងស្មោះត្រង់ យើងត្រូវបានសន្យាថា នឹងទទួលអ្វីៗទាំងអស់ដែលព្រះបិតាមាតាសួគ៌របស់យើងមាន រួមទាំងអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច គឺជាភាពជាដៃគូពិត ។ គ្មាននរណាម្នាក់ដែលបានស្ដាប់ឮសារលិខិតនេះ ពុំទទួលបានពរជ័យដែលបានសន្យានោះទេ ។
ដោយសារ « អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ គឺសំខាន់នៅក្នុងផែនការដ៏អស់កល្បជានិច្ច [ របស់ព្រះ ] » ៥នោះមារសត្រូវ និងអ្នកដើរតាមរបស់វា កំពុងច្បាំងទាស់នឹងវា ហើយចម្បាំងគឺមានសន្ទុះខ្លាំងណាស់ ។ សាតាំងនឹងពុំមានបទពិសោធន៍អាពាហ៍ពិពាហ៍អស់កល្បជានិច្ចទេ ហើយដូចបទគម្ពីរបានចែង « វាព្យាយាមធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដូចវាដែរ » ។ ៦ « ពស់ពីចាស់បុរាណ … ដែលបានបះបោរទាស់នឹងព្រះ … បានធ្វើសង្គ្រាមនឹងពួកបរិសុទ្ធនៃព្រះ » ។៧
តើសង្គ្រាមរបស់សាតាំងទាស់នឹងអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមានសភាពដូចម្ដេច ? សូមធ្វើការពិចារណាដូចខាងក្រោម ៖ នៅពេលយើង ជាកូនចៅនៃសេចក្ដីសញ្ញារបស់ព្រះ ស្វែងរកសេចក្ដីស្រឡាញ់ នោះមារសត្រូវធ្វើឲ្យមានតណ្ហា ។ នៅពេលយើងស្វែងរកគុណធម៌ នោះវាចំអកដល់បរិសុទ្ធភាព ។ នៅពេលយើងស្វែងរកភាពបរិសុទ្ធ នោះវាល្បួងទៅរកភាពងងឹត ។ នៅពេលយើងមានបាប នោះវាផ្ដល់ជាការបំបាក់ទឹកចិត្តជាជាងការប្រែចិត្ត ។
វាបានបង្កើតជាព្យុះរលកយក្សនៃការបំផ្លិចបំផ្លាញជះឥទ្ធិពលព័ទ្ធជុំវិញផែនដីដ៏ពិតមួយ រួមមាន ការណ៍អាសគ្រាម ភាពគ្មានភក្ដីភាព ការប្រមាថមកពីមនុស្សដែលនៅក្នុង « អគារដ៏ធំ ហើយទូលាយ » ៨បុគ្គលនិយម ភាពខ្វះការតាំងចិត្ត ហើយភាពបរាជ័យក្នុងអាពាហ៍ពិពាហ៍ នេះដែលគ្រាន់តែមួយចំនួនតូចទេ ។ ទោះជាយើងអាចចៀសពីឥទ្ធិពលខាងលោកីយមួយចំនួនក្ដី ក៏ភាពស្រួលស្រណុករបស់យើង អាចលួងយើងឲ្យធ្លាក់ទៅក្នុងភាពស្កប់ស្កល់ ហើយឃាំងការរីកចម្រើនឆ្ពោះទៅរកអាពាហ៍ពិពាហ៍អស់កល្បជានិច្ចរបស់យើង ។
ប៉ុន្តែបើយើងទុកចិត្តទៅលើព្រះ អនុវត្តសេចក្ដីជំនឿរបស់យើង ហើយផ្លាស់ទៅទីខ្ពស់ នោះយើងនឹងងើបចេញផុតពីរលកនៃភាពអវិជ្ជមាន ដែលកើតមានតាមរយៈបច្ចេកវិទ្យា ការកម្សាន្ដខាងលោកិយ ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយពេលខ្លះមានលទ្ធផលជាស្ថានភាពខូចចិត្ត ដែលយើងមើលឃើញនៅក្នុងជីវិតសមាជិកគ្រួសារ និងមិត្តភក្ដិយើង ។
ជាច្រើនឆ្នាំកន្លងទៅ យុវជនស្មោះត្រង់ម្នាក់បានប្រាប់រឿងសម្ងាត់មកយើងថា គាត់បាក់ទឹកចិត្តអំពីលទ្ធភាពដើម្បីមានអាពាហ៍ពិពាហ៍រីករាយមួយ ។ មិនគ្រាន់តែឪពុកម្ដាយលែងលះគ្នាប៉ុណ្ណោះទេ ប៉ុន្តែពូមីងទាំងសង្ខាងក្នុងគ្រួសារគាត់ក៏ដូច្នោះដែរ ។ គាត់បាននិយាយថា គាត់មិនដែលឃើញមានអាពាហ៍ពិពាហ៍រីករាយនៅជិតគាត់នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានជំនួយពីព្រះ គាត់បានក្រោកចេញពីភាពភ័យខ្លាច ហើយបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់ និងភរិយាគាត់កំពុងស្វែងរកអំណរនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ហើយមានកូនស្រស់ស្អាតប្រាំនាក់ ។
ក្នុងនាមជាកូនចៅនៃសេចក្ដីសញ្ញារបស់ព្រះ យើងអាចងើបក្បាលឡើង ហើយមើលទៅអនាគតរបស់យើងដោយជំនឿ និងទំនុកចិត្ត ។ ព្រះអង្គសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទ បានយកឈ្នះលោកិយ ហើយបានរងទុក្ខអំពើបាបជួសយើង ហើយទ្រង់បានប្រទានផ្លូវមួយឲ្យយើងរុងរឿងហើយរីកចម្រើន ។
ដូចយើងទាំងអស់គ្នាបានឃើញ ស្ថានសួគ៌បានបើកឡើង ហើយវិវរណៈកំពុងចាក់ស្រោចមកលើពួកព្យាការី និងពួកសាវក ឲ្យជួយយើងមិនឲ្យចាញ់មារសត្រូវ ។ ព្រះអម្ចាស់កំពុងប្រមូលផ្ដុំកម្លាំងរបស់ទ្រង់— គឺពួកយើង ជាកូនចៅនៃសេចក្ដីសញ្ញារបស់ទ្រង់— មកក្នុងបរិស្ថានសុវត្ថិភាព ដែលយើងអាចបង្កើតអាពាហ៍ពិពាហ៍ និងគ្រួសារអស់កល្ប ទោះជាពិភពលោកពុករលួយក្ដី ។
ដូច្នេះតើអ្នកអាចធ្វើអ្វីខ្លះក្នុងលក្ខណៈផ្ទាល់ខ្លួនដើម្បីតទល់នឹងឥទ្ធិពលរបស់មារសត្រូវ ? តើអ្នកអាចទប់ស្កាត់ជំនោរអវិជ្ជមានអំពីអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច ? តើអ្នកអាចបង្ក្រាបអំណាចរបស់មារសត្រូវនៅក្នុងជីវិតអ្នក ហើយបន្ដរីកចម្រើនឆ្ពោះទៅរកអាពាហ៍ពិពាហ៍ និងគ្រួសាររីករាយ អស់កល្បយ៉ាងដូចម្ដេច ? ចម្លើយគឺសាមញ្ញទេ ។ អ្នកអាចរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ខិតទៅជិតព្រះចេស្ដានៃដង្វាយធួនរបស់ទ្រង់ រៀបចំខ្លួនសម្រាប់ការយាងមកវិញរបស់ទ្រង់ ហើយជួយអ្នកដទៃឲ្យធ្វើដូចគ្នានេះ ។
អ្នកដែលរៀបការហើយ អាចដឹកនាំផ្លូវតាមរយៈការបង្កើតគេហដ្ឋានដែលផ្ដោតទៅលើដំណឹងល្អ ហើយនិយាយវិជ្ជមានអំពីអាពាហ៍ពិពាហ៍ជាមួយនឹងបងប្អូនប្រុសស្រីនៅលីវរបស់អ្នក ដែលកំពុងរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញា ។
ដំណឹងល្អ
យប់នេះ ស៊ីស្ទើរឃុក និងខ្ញុំចង់ចែកចាយដំណឹងល្អមួយចំនួនអំពីអាពាហ៍ពិពាហ៍ ។ ហើយមានច្រើនណាស់ !
ពួកយើងសូមចាប់ផ្ដើមដោយការចែកចាយអំពីអារម្មណ៍ស្មោះ និងទីបន្ទាល់ដ៏មុតមាំរបស់យើងថា អាពាហ៍ពិពាហ៍ និងក្រុមគ្រួសាររីករាយ និងជោគជ័យ អាចស្ថាបនាឡើងនៅបច្ចុប្បន្ននេះ ដោយមនុស្សដែលពុំល្អឥតខ្ចោះដូចជាអ្នក និងខ្ញុំ បើយើងស្ថាបនាវានៅលើគ្រឹះនៃដំណឹងល្អនូវសេចក្ដីជំនឿទៅលើព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ ភក្ដីភាព សាមគ្គីភាព និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ។៩
ប្រធានណិលសុនបានពន្យល់ថា « អាពាហ៍ពិពាហ៍នីមួយៗចាប់ផ្ដើមជាមួយនឹងមនុស្សពិការពីរនាក់ ។ វាមានមនុស្សមិនល្អឥតខ្ចោះពីរនាក់ ។ សុភមង្គលអាចកើតមានចំពោះ ពួកគេតែតាមរយៈការខិតខំដោយស្មោះរបស់ពួកគេប៉ុណ្ណោះ » ។១០ ការខិតខំនៅក្នុងអាពាហ៍ពិពាហ៍អស់កល្បជានិច្ច គឺពុំសាមញ្ញ ហើយក៏ពុំមែនស្វ័យប្រវត្តិដែរ ។ វាគឺជាការធ្វើដំណើរពេញមួយជីវិតដែលតម្រូវឲ្យមានភាពរាបសា ការឧស្សាហ៍ព្យាយាម និងការខិតខំដោយមនសិការរបស់ស្វាមី និងភរិយាទាំងពីរនាក់ ។
ដំណឹងដ៏ល្អបំផុតគឺថា ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់គឺធ្វើឲ្យមានការរីកចម្រើនជាបន្ដបន្ទាប់ ។ ព្រះហស្តរបស់ទ្រង់លាតត្រដាងមករកយើង ។ នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ អធិស្ឋាន ខិតខំអស់ពីកម្លាំង នោះអព្ភូតហេតុនឹងកើតមានក្នុងជីវិតរបស់យើង ។ បំណងល្អនាំទៅរកសកម្មភាព ការប្រែចិត្តនាំទៅរកការអភ័យទោស ភាពទន់ខ្សោយប្រែជាខ្លាំង ហើយអបាយមុខរបស់យើងត្រូវបានជំនួសដោយគុណធម៌ ។ សេចក្ដីសង្ឃឹម និងសុបិនរបស់យើងដើម្បីមានអាពាហ៍ពិពាហ៍រីករាយ ក្លាយជាការពិត នៅពេលយើងត្រូវបានពង្រឹង ហើយផ្ដល់លទ្ធភាពតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ទាំងជាបុគ្គលម្នាក់ៗ និងជាប្ដីប្រពន្ធ មួយថ្ងៃម្ដងៗ ។
ឥឡូវយើងនឹងស្ដាប់ស៊ីស្ទើរឃុក ។ ខ្ញុំមានអំណរគុណចំពោះដៃគូជាទីទុកចិត្តរបស់ខ្ញុំ ខ្ញុំដឹងថា គាត់ស្រឡាញ់ព្រះអម្ចាស់ ហើយតាំងចិត្តចំពោះទ្រង់ ដ៏ដូចជាចំពោះខ្ញុំដែរ ។ លីណិតគឺជាមិត្តល្អបំផុតរបស់ខ្ញុំ ។ គាត់គឺជាដៃគូ អស់កល្ប ជានិច្ចដែលខ្ញុំរក្សាទុក ។
[ស៊ីស្ទើរ ឃុក]
ខ្ញុំពិតជាមានអំណរគុណចំពោះដៃគូអស់កល្បរបស់ខ្ញុំ ។ គាត់មានចិត្តល្អ ហើយមានការអត់ធ្មត់ណាស់ ។ ហើយយើងក៏មានភាពរីករាយជាមួយគ្នា ។ ខ្ញុំមានអំណរគុណចំពោះពរជ័យដែលបានរស់នៅជាមួយគាត់ ហើយរីកចម្រើនជាមួយគ្នា ។
យប់នេះ យើងសង្ឃឹមថានឹងជួយប្អូនៗបង្កើនសេចក្ដីជំនឿរបស់ប្អូនៗថា យើងទាំងអស់គ្នាអាចរីកចម្រើនទៅរកអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចបាន មិនថាយើងមានស្ថានភាព ឬភាពមិនល្អឥតខ្ចោះយ៉ាងណាទេ ។ យើងចង់ប្រាប់ប្អូនៗអំពីគូស្វាមីភរិយាពីរគូដែលកំពុងធ្វើដូច្នេះជារៀងរាល់ថ្ងៃ ។ គូស្វាមីភរិយាទាំងនេះបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ពួកគេបានធ្វើសេចក្ដីសញ្ញាជាមួយគ្នាទៅវិញទៅមក និងជាមួយព្រះ ដើម្បីរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយអនុវត្តគោលការណ៍នៃដំណឹងល្អនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ។ ពួកគេតាំងចិត្តចម្រើនសេចក្ដីស្រឡាញ់ និងសាមគ្គីភាពដែលពួកគេមានចំពោះគ្នាទៅវិញទៅមក និងជាមួយព្រះ ។
នៅពេលខ្ញុំចែកចាយរឿងទាំងនេះ សូមយកចិត្តទុកដាក់ទៅលើកិច្ចខិតខំដែលពួកគេកំពុងអភិវឌ្ឍអាកប្បកិរិយាដូចជាព្រះគ្រីស្ទ ដែលជាថ្មជំពប់សម្រាប់អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមួយ ។
ដាវី និងអេលីសា
យើងបានជួបនឹង ដាវី និងអេលីសា ១១ប៉ុន្មានឆ្នាំមុននៅអាហ្វ្រិកខាងត្បូង ។ ពួកគេបង្ហាញគំរូនៃក្ដី អំណរដែលមាននៅក្នុងទំនាក់ទំនងមួយ នៅពេលស្វាមី និងភរិយាមានសាមគ្គីភាពនឹងគ្នា ។
អំឡុងការប្រជុំធម្មនិដ្ឋានសាខាមួយស្ដីអំពីការពង្រឹងក្រុមគ្រួសារ អែលឌើរឃុកបានសួរក្រុមនោះអំពីអ្វីដែលពួកគេបានធ្វើដើម្បីពង្រឹងដល់អាពាហ៍ពិពាហ៍របស់ពួកគេ ។ ដាវីបានចែកចាយបទពិសោធន៍មួយដែលគាត់មានជាមួយនឹងភរិយារបស់គាត់ ។ ពួកគេញ៉ាំអាហារពេលព្រឹកនៅព្រឹកថ្ងៃអាទិត្យមួយ ។ បន្ទាប់មក ដោយសារតែពួកគេបានរស់នៅឆ្ងាយពីព្រះវិហារ នោះពួកគេបានដើរពីរម៉ោងទៅព្រះវិហារ ចូលរួមក្នុងការប្រជុំបីម៉ោង ដើរពីរម៉ោងទៀតមកត្រឡប់មកផ្ទះវិញ ។ ពួកគេនឿយហត់ ហើយស្រេកឃ្លាន ប៉ុន្តែពួកគេគ្មានអាហារទេ ។ ទីបំផុត ពួកគេបានទៅដេកទាំងស្រេកឃ្លាន ។
នៅកណ្ដាលយប់ ពួកគេក្រោកឡើង ពោះរបស់ពួកគេកូរយ៉ាងខ្លាំង ។ ដាវីមានអារម្មណ៍មិនល្អដែលគាត់ពុំមានអាហារសម្រាប់អេលីសា ។ គាត់បារម្ភថា តើនាងកំពុងមានអារម្មណ៍យ៉ាងណាអំពីគាត់ ។ ប៉ុន្តែផ្ទុយពីការមានអារម្មណ៍សោកសៅ ឬខឹង អេលីសាបានចំអន់គាត់អំពីសំឡេងកូរពោះរបស់គាត់លេងសប្បាយទៅវិញ ។ ពួកគេបានសើចជាមួយគ្នា ហើយទីបំផុតបានត្រឡប់ទៅដេកវិញ ។
នៅក្នុងការប្រជុំធម្មនិដ្ឋាននោះ ដាវីបានបង្ហាញពីការថ្លែងអំណរគុណចំពោះសណ្ដានចិត្តល្អ ការគាំទ្រ និងភក្ដីភាពរបស់នាង ។ គាត់បាននិយាយថា « នាងអាចចាកចេញពីខ្ញុំ ។ វាជាការទទួលខុសត្រូវរបស់ខ្ញុំដើម្បីផ្គត់ផ្គង់ដល់នាង ។ ប៉ុន្តែយើងគឺជាមនុស្សតែមួយ » ។
នៅពេលសុំឲ្យអេលីសាចែកចាយគំនិតរបស់នាងអំពីបទពិសោធន៍នោះ នាងបាននិយាយថា « គាត់ជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំ ។ គាត់បានធ្វើអ្វីៗជាច្រើនសម្រាប់ខ្ញុំ ។ នៅពេលខ្ញុំមានបញ្ហានឹងមនុស្សនៅកន្លែងធ្វើការ គាត់បានឲ្យដំបូន្មានខ្ញុំ ហើយជួយខ្ញុំឲ្យមានអារម្មណ៍ល្អប្រសើរ » ។
វាជាភស្ដុតាងថា ដាវី និងអេលីសា កំពុងដោះស្រាយបញ្ហាជីវិតរបស់ពួកគេ ជាមួយគ្នា ។ តាមពាក្យសម្ដីរបស់ដាវី ពួកគេគឺ « មនុស្សតែមួយ » ។ ការគ្មានអាហារពុំមែនជាបញ្ហា « របស់គាត់ » ឬ បញ្ហា« របស់នាង » ទេ ប៉ុន្តែជាបញ្ហា « របស់ពួកគេ » ។ ពួកគេពុំបានយកការខ្វះអាហារធ្វើជាវិបត្តិអាពាហ៍ពិពាហ៍ដ៏ធំមួយនោះទេ ប៉ុន្តែវាជាបញ្ហាបណ្ដោះអាសន្នមួយដែលពួកគេនឹងដោះស្រាយវាជាមួយគ្នា ។ ពួកគេបានប្រើការនិយាយកំប្លែងលេងដើម្បីបន្ធូរបន្ថយស្ថានភាព ។ ពួកគេបានបង្ហាញសេចក្ដីជំនឿដោយការទៅដេក ដោយត្រៀមទុកថា ពួកគេអាចកែស្ថានភាពរបស់ខ្លួននៅថ្ងៃបន្ទាប់ ។
ដាវី និងអេលីសា ពុំគ្រាន់តែតាំងចិត្តនឹងគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានតាំងចិត្តចំពោះព្រះផងដែរ ។ ពួកគេមានជំនឿថា បើពួកគេរក្សាបទបញ្ញត្តិរបស់ទ្រង់ នោះទ្រង់នឹងជួយពួកគេឲ្យធ្វើការឆ្លងកាត់បញ្ហានានារបស់ពួកគេ ។ ហើយពួកគេរីករាយនឹងការធ្វើដំណើរក្នុងជីវិតរួមគ្នាជាប្ដីប្រពន្ធ ។ ពួកគេពុំអនុញ្ញាតឲ្យស្ថានភាពឧបសគ្គមកបំបែកពួកគេពីគ្នាខាងសាច់ឈាម ខាងសតិអារម្មណ៍ ឬខាងវិញ្ញាណនោះទេ ។១២
ថ្មីៗនេះ ដាវី និងអេលីសា បានចែកចាយនឹងពួកយើងថា ព្រះអម្ចាស់គឺកំពុងប្រទានពរដល់ពួកគេ ។ ឥឡូវពួកគេមានអាហារបរិបូរពុំគ្រាន់តែសម្រាប់ខ្លួនពួកគេទេ ប៉ុន្តែពួកគេមានគ្រប់គ្រាន់ដើម្បីចែកចាយនឹងអ្នកដទៃដែលខ្វះខាតផងដែរ ។១៣ ពួកគេកំពុងរីកចម្រើនជាមួយគ្នា ។
ប្រធានណិលសុនបង្រៀនអំពីរបៀបដែលយើងអាចរីកចម្រើនជាគូស្វាមីភរិយា ។១៤
ណាត និង លិចស៊ី ( សេចក្ដីជំនឿលើព្រះគ្រីស្ទ និងដង្វាយធួនទ្រង់ )
បន្ទាប់មកនេះ ខ្ញុំនឹងប្រាប់អ្នកអំពីណាត និងលិចស៊ី ។១៥ ពួកគេជាគំរូដ៏បំផុសគំនិតនៃអំណាចដែលកើតមានមកពីអាពាហ៍ពិពាហ៍ នៅពេលស្វាមី និងភរិយាអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
ណាត និងលិចស៊ី បានរៀបការ ហើយចង់បានកូនម្នាក់ ។ បន្ទាប់ពីរង់ចាំអស់ជាច្រើនខែ ពួកគេទីបំផុតបានមានកូន ។ ពួកគេបានចែកចាយដំណឹងនោះយ៉ាងរំភើបចិត្ត ។ ជាអកុសល មិនយូរប៉ុន្មានក្រោយមក លិចស៊ីបានរលូតកូន ។ ពួកគេបានខូចចិត្ត ។
បន្ទាប់ជាច្រើនខែមកទៀត លិចស៊ី និង ណាត បានមានកូនម្ដងទៀត ។ ការពរពោះដំណើរការទៅយ៉ាងល្អនៅពេលនេះ ។ មិនយូរប៉ុន្មានពីមុនទារកកើតមក ខ្ញុំបានចូលរួមក្នុងពិធីជប់លៀងមួយជាមួយលិចស៊ី ។ គ្រប់គ្នា ព្រមទាំង លិចស៊ីរំភើបចិត្តណាស់ថា កូនស្រីរបស់ពួកគេនឹងកើតមកក្នុងពេលឆាប់ៗ ។
មិនយូរប៉ុន្មានក្រោយមក យើងបានសោកស្ដាយដែលឮថា ទារករបស់ពួកគេបានស្លាប់។ លិចស៊ីបានផ្ដល់កំណើតឲ្យកូនស្រីតូចដែលស្លាប់ក្នុងពោះនៅក្នុងបន្ទប់សម្រាល ហើយតំបន់សម្ភពដែលមានពេញទៅដោយម្ដាយ និងទារក ។ វាគឺជាដំណឹងដ៏ខ្លោចផ្សារ ។ អែលឌើរឃុក និងខ្ញុំបានទៅសួរសុខទុក្ខ ណាត និងលិចស៊ី នៅផ្ទះរបស់ពួកគេ ។ យើងគិតថាពួកគេនឹងទួញសោកខ្លាំងហើយ ។
នៅពេលពួកយើងទៅដល់ផ្ទះរបស់ពួកគេ យើងមានវិញ្ញាណនៃភាពសុខសាន្ដ ។ ណាត និង លិចស៊ី បានស្វាគមន៍យើងយ៉ាងកក់ក្ដៅ ។ ពួកគេអង្គុយជិតគ្នានៅលើសាឡុង ហើយបានកាន់ដៃគ្នានៅពេលពួកគេចែកចាយរឿងលម្អិតខ្លះៗអំពីការបាត់បង់កូនស្រីរបស់ពួកគេ ។ ពួកគេបានប្រាប់យើងអំពីព្រះគុណដ៏ទន់ភ្លន់ដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេដើម្បីសម្រាលបន្ទុកពួកគេ ។ ពួកគេបានសម្ដែងនូវការដឹងគុណចំពោះទារកដ៏ស្រស់ស្អាតរបស់ពួកគេ ដែលពួកគេបានដាក់ឈ្មោះថា សង្ឃឹម ។ លិចស៊ីមានអំណរគុណចំពោះឱកាសដែលនាងបានពរពោះ កូនសង្ឃឹម ហើយបានផ្ដល់កំណើតឲ្យកូន ។
ជំំនឿរបស់ណាត និង លិចស៊ី បានលើកស្ទួយចិត្តយើងឡើង ។ យើងបានលួងលោមចិត្តដោយគូស្វាមីភរិយាវ័យក្មេងនេះ ។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំមានអារម្មណ៍ថា វាជាអព្ភូតហេតុមួយ ដែលពួកគេបានប្រឈមនឹងឧបសគ្គនេះបានយ៉ាងល្អ ។ ពួកគេទាំងពីរនាក់បានឆ្លើយតបដោយការចែកចាយទីបន្ទាល់របស់ពួកគេអំពីអំណាចនៃការលើកស្ទួយ និងការពង្រឹងមកពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ បន្ទុករបស់ពួកគេធ្ងន់ ប៉ុន្តែទ្រង់កំពុងជួយពួកគេរែកវាបាន ។ ព្រះអម្ចាស់បានប្រព្រឹត្តនឹងពួកគេដោយទន់ភ្លន់ ហើយណាត និងលិចស៊ីកំពុងប្រព្រឹត្តនឹងគ្នាដោយទន់ភ្លន់ផងដែរ ។ ពួកគេរួបរួមនឹងព្រះ និងគ្នាទៅវិញទៅមក ។
ដោយមានជំនួយពីព្រះអម្ចាស់ នោះឧបសគ្គ អាច ធ្វើឲ្យយើងរួបរួមគ្នា ! អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានមានប្រសាសន៍ថា « បើគ្មានព្រះ … បទពិសោធន៍ដ៏ខ្មៅងងឹតទោរទន់ទៅរកការខូចចិត្ត ការអស់សង្ឃឹម និងភាពឈឺចាប់ ។ ប្រសិនបើមានព្រះ នោះមានការលួងលោមចិត្តជំនួសឲ្យការឈឺចាប់ ភាពសុខសាន្តជំនួសឲ្យភាពចលាចល និងសេចក្ដីសង្ឃឹមជំនួសឲ្យភាពសោកសៅ » ។១៦
យើងសង្ឃឹមថា រឿងរបស់គូស្វាមីភរិយាទាំងនេះជួយពង្រឹងដល់ជំនឿរបស់ប្អូនៗទៅលើអាពាហ៍ពិពាហ៍ ។ ជីវិតគឺមានឧបសគ្គ ប៉ុន្តែយើងអាចរីកចម្រើនឆ្ពោះទៅរកអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច នៅពេលយើងអនុវត្តគោលការណ៍ដំណឹងល្អ ។
[អែលឌើរ ឃុក ]
បន្ថែមពីលើគូស្វាមីភរិយាដែលយើងបានលើកឡើង នោះមានគូស្វាមីភរិយាជាច្រើនទៀត នៅក្នុងពិភពលោក ដែលមានអាពាហ៍ពិពាហ៍រីករាយ អំណរ និងរីកចម្រើន ។ យើងជួបគូស្វាមីភរិយាទាំងនេះគ្រប់កន្លែងដែលយើងទៅ ។ ពួកគាត់មានគ្រប់វ័យ និងគ្រប់ជីវប្រវត្តិ ។ យើងអញ្ជើញឲ្យអ្នករកមើលគូស្វាមីភរិយាមួយចំនួនដែលអ្នកស្គាល់ដោយផ្ទាល់ ។ សូមមើលទៅពួកគេ និយាយនឹងពួកគេ សួរសំណួរពួកគេ ។ ពួកគេនឹងពុំល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកអាចរៀនពីពួកគេ ។ ពួកគេអាចពង្រឹងជំនឿរបស់អ្នកទៅលើលក្ខណៈដ៏ អស់កល្បនៃអាពាហ៍ពិពាហ៍ ហើយបំផុសឲ្យអ្នកអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទ ដែលនឹងផ្តល់ពរដល់អ្នក និងដៃគូរបស់អ្នកជារៀងរហូត !
ឧបសគ្គ
ដោយសារតែយើងរស់នៅក្នុងពិភពលោកធ្លាក់ចុះ នោះយើងត្រូវប្រឈមនឹងឧបសគ្គទាំងឡាយ— រួមទាំងទំនាក់ទំនងរបស់យើងផងដែរ ។ ខ្ញុំនឹងប្រាប់ឧបសគ្គមួយចំនួនតូចដែលអ្នកអាចនឹងជួបប្រទះ នៅពេលអ្នកព្យាយាមរីកចម្រើនឆ្ពោះទៅកាន់អាពាហ៍ពិពាហ៍អស់កល្បជានិច្ច ។
ការរំពឹងទុកជាក់ស្ដែង
ឧបសគ្គជាទូទៅមួយចំពោះអាពាហ៍ពិពាហ៍ គឺការរំពឹងទុកពុំពិតប្រាកដអំពីមនុស្សដែលអ្នកនឹងរៀបការជាមួយ ។ ការរំពឹងចង់បានរបស់យើងពុំគួរខ្ពស់ខ្លាំងពេកទេ ឬទាបពេកដែរ ។ នៅពេលយើងបើកការទំនាក់ទំនងជាចំហរ និងដោយស្មោះជាមួយព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋានដោយស្មោះ ដោយអស់ពីចិត្ត នោះទ្រង់នឹងដឹកនាំយើង ។
ភាពស្កប់ស្កល់
ភាពស្កប់ស្កល់ ជាញឹកញាប់ គឺជាឧបសគ្គមួយចំពោះអាពាហ៍ពិពាហ៍អស់កល្បជានិច្ច ។ វាងាយស្រួលនឹងត្រូវបំពេរដោយការរស់នៅក្នុងជីវិតសុវត្ថិភាពខាងកាមគុណដែលចាប់អារម្មណ៍លើខ្លួនឯងខ្ពស់ ហើយពុំមានការទទួលខុសត្រូវ ។ យើងអាចនឹងសុខស្រួលនឹងជីវិតរបស់យើង ហើយពុំមានអារម្មណ៍ថាត្រូវរីកចម្រើននោះទេ ។ អារម្មណ៍នេះគឺជាការផ្ទុយទៅនឹងផែនការរបស់ព្រះវរបិតាសួគ៌ ។ គោលបំណងទាំងមូលនៃបទពិសោធន៍ខាងជីវិតរមែងស្លាប់នេះ គឺដើម្បីក្លាយដូចជាទ្រង់ ។ យើងពុំអាចប្រែក្លាយដូចជាទ្រង់ទេ បើយើងពុំមានឆន្ទៈលត់ដំ ផ្លាស់ប្ដូរ និងរីកចម្រើននោះ ។ បើអ្នកស្ថិតនៅក្នុងស្ថានភាពនៃភាពស្កប់ស្កល់ សូមអធិស្ឋាន ហើយអនុវត្តសេចក្ដីជំនឿដើម្បីផ្ដាច់វាចេញ ហើយរីកចម្រើនឆ្ពោះទៅរកអាពាហ៍ពិពាហ៍អស់កល្បជានិច្ច ។ ព្រះវរបិតាសួគ៌អាចជួយអ្នកឲ្យដឹងនូវអ្វីដែលអ្នកអាចធ្វើនៅក្នុងស្ថានភាពរបស់អ្នកម្នាក់ៗដើម្បីរីកចម្រើន ហើយទ្រង់នឹងប្រទានពរអ្នក ។
បច្ចេកវិជ្ជា និងប្រព័ន្ធផ្សព្វផ្សាយ
ទីបំផុត ទុក្ខទោស និងឧបសគ្គដ៏ធំមួយនៃជំនាន់របស់យើងគឺការប្រើប្រាស់ ឬប្រើបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយហួសជ្រុលដោយមិនត្រឹមត្រូវ ។ វាធ្វើឲ្យទំនាក់ទំនងរបស់បុគ្គលម្នាក់ៗរងគ្រោះ និងបង្អាក់ ទាំងនៅក្នុងការដើរលេងជាគូ និងការរៀបការ ។ ប្រសិនបើអ្នកឃើញថា ខ្លួនឯងកំពុង លេងភីន បង្ហោះ មើលផ្សាយផ្ទាល់ ថត ចូលចិត្ត លេងហ្គេម ការឈ្នះ ដណ្ដើមយកជ័យ ធ្វីសស្ទើរ លេងស្នាបភីង និងស្វីបភីង ច្រើនជាងអ្នកឃើញថាខ្លួនឯងនៅជួបនឹងមនុស្សរស់នៅពិតដោយផ្ទាល់ និយាយ សើចសប្បាយ ចែកចាយ ជួយគ្នា ដើរលេង សួរសំណួរ រៀន យកចិត្តទុកដាក់ និងផ្ដល់ឲ្យទេ នោះប្រហែលជាបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ កំពុងរារាំងអ្នកមិនឲ្យរីកចម្រើនឆ្ពោះទៅរកអំណរពិតនៃអាពាហ៍ពិពាហ៍អស់កល្បជានិច្ចមួយនោះទេ ។ ការប្រាស្រ័យទាក់ទងតាមអ៊ិនធើរណិត គឺពុំអាចជំនួសឲ្យការប្រាស្រ័យទាក់ទងរបស់មនុស្សបានល្អទេ—គឺការប្រាស្រ័យទាក់ទងជួបដោយផ្ទាល់ពិតៗ ។
ប្រធានណិលសុនបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបិទទូរសព្ទ ហើយដាក់វានៅឲ្យឆ្ងាយ ។ លោកមានប្រសាសន៍ថា « គុណសម្បត្តិពេលវេលានៅជាមួយគ្នាគឺសំខាន់ខ្លាំងណាស់ ! គូស្វាមីភរិយា ត្រូវការពេលនៅជាមួយគ្នាដើម្បីបីបាច់ទំនាក់ទំនងរបស់ពួកគេ ។ ពួកគេត្រូវការរៀនស្ដាប់ ហើយស្ដាប់ដើម្បីរៀនពីគ្នាទៅវិញទៅមក ។ ពេលវេលានោះត្រូវការរៀបផែនការទុកជាមុន ។ បើអាពាហ៍ពិពាហ៍រីករាយគឺសំខាន់យ៉ាងខ្លាំង នោះវាតម្រូវឲ្យមានពេលវេលាជាសំខាន់ផងដែរ » ។១៧ ទម្លាប់បច្ចេកវិទ្យារបស់យើង អំឡុងពេលនៅលីវអាចមានបន្ដចូលទៅក្នុងអាពាហ៍ពិពាហ៍របស់យើង ។
អ្នកអាចធ្វើបាន
បងប្អូនប្រុសស្រីទាំងឡាយ ដោយមានជំនួយរបស់ព្រះអម្ចាស់ អ្នកអាចយកឈ្នះលើឧបសគ្គអ្វីក៏បានដែលអ្នកប្រឈមមុខ ។ មិនថាអ្នកស្ថិតនៅកន្លែងណាលើផ្លូវនៃសេចក្ដីសញ្ញា ដែលនាំទៅរកអាពាហ៍ពិពាហ៍អស់កល្បជានិច្ច នោះព្រះអម្ចាស់អាចជួយអ្នករីកចម្រើន ដើម្បីអ្នកដើរលើផ្លូវនោះជាមួយគ្នា—ជាមួយមនុស្សដែលអ្នកស្រឡាញ់ ។ ទោះជាអ្នកនៅលីវ ពុំមានក្ដីសង្ឃឹមក្ដី នៅក្នុងអាពាហ៍ពិពាហ៍ដែលវឹកវរ លែងលះគ្នាដោយមានកូនចៅ ការខិតខំយកឈ្នះលើការញៀន ការជួបនឹងបញ្ហាសុខភាព ឬការបាក់ទឹកចិត្តដោយរបៀបផ្សេងៗ នោះឱសថព្យាបាលរបស់ព្រះអម្ចាស់អាចជួសជុល កែប្រែ និងពង្រឹងដល់អ្នក ។ នៅពេលអ្នកងាកទៅរកទ្រង់ដោយជំនឿ ប្រែចិត្តពីអំពើបាបរបស់អ្នក ហើយខិតទៅរកព្រះចេស្ដាទ្រង់ដើម្បីជួយអ្នកឲ្យរីកចម្រើន នោះអព្ភូតហេតុជាច្រើនកើតមានឡើង ។
គំរូនៅក្នុងព្រះគម្ពីរមរមនចម្រើនជំនឿរបស់យើង ។ ខ្ញុំចូលចិត្តពេលនីហ្វៃត្រូវបានបង្គាប់ឲ្យសង់សំពៅមួយ ។ គាត់ពុំដែលសង់សំពៅទេ ហើយ គាត់នៅក្នុងទីរហោស្ថាន ។ យើងអាចប្រៀបធៀបស្ថានភាពរបស់គាត់ទៅនឹងកិច្ចការរបស់យើងក្នុងការស្ថាបនាអាពាហ៍ពិពាហ៍អស់កល្បមួយនៅក្នុងពិភពលោកនេះ ដែលពេលខ្លះ មានអារម្មណ៍ដូចជានៅក្នុងទីរហោស្ថាន ។
នីហ្វៃបាននិយាយអំពីបទពិសោធន៍របស់គាត់ថា « ហើយបើសិនជាកូនចៅមនុស្សកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះទ្រង់នឹងចិញ្ចឹមគេ ហើយផ្ដល់កម្លាំងដល់គេ ព្រមទាំងផ្ដល់ផ្លូវឲ្យ [ ដែល ]គេអាចសម្រេចនូវអ្វីដែលទ្រង់បានបញ្ជាពួកគេ » ។១៨
នីហ្វៃបានអនុវត្តសេចក្ដីជំនឿ បានធ្វើដោយឧស្សាហ៍ព្យាយាម ហើយព្រះអម្ចាស់បានធ្វើឲ្យគាត់សង់សំពៅបាន—ជាសំពៅដែលនាំគាត់ និងភរិយា និងគ្រួសារឲ្យឆ្លងកាត់សមុទ្រទៅកាន់ដែនដីសន្យា ។១៩
បើនីហ្វៃអាចសង់សំពៅមួយដោយមានជំនួយពីព្រះអម្ចាស់ នោះយើងប្រាកដជាអាចស្ថាបនាអាពាហ៍ពិពាហ៍ដ៏អស់កល្បដោយមានជំនួយរបស់ទ្រង់ផងដែរ ។ ប្រាកដណាស់ ប្រហែលជាការស្ថាបនាអាពាហ៍ពិពាហ៍មួយគឺមានការលំបាកខ្លាំងជាងការសង់សំពៅ ប៉ុន្តែវាអាចធ្វើបាន ! មែនទេ ស៊ីស្ទើរឃុក ?
មនុស្សដែលអ្នករៀបការជាមួយជានរណា ?
ដូច្នេះ សម្រាប់អ្នកទាំងឡាយដែលនៅលីវ តើមនុស្សដែលអ្នករៀបការជាមួយជានរណា ? ប្រាកដណាស់ ពុំមានដំបូន្មានផ្លូវកាត់ណាស្ដីអំពីមនុស្សត្រឹមត្រូវជាយ៉ាងណានោះទេ ។ កាលខ្ញុំនៅក្មេង ដំបូន្មានរបស់ឪពុកខ្ញុំគឺថា « កូនប្រុស រៀបការដើម្បីលុយ ហើយក្ដីស្រឡាញ់នឹងកើតមកតាមក្រោយ » ។ ដំបូន្មានរបស់ម្ដាយខ្ញុំគឺថា « រៀបការដើម្បីស្នេហា នោះលុយនឹងកើតមកតាមក្រោយ » ។ ក្រោយមក ប្រធានបេសកកម្មរបស់ខ្ញុំ២០បានបង្រៀនខ្ញុំថា « រៀបការសម្រាប់ភាពអស់កល្បជានិច្ច » ។
អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច គឺជាដៃគូជាមួយព្រះ ហើយវាចាំបាច់ថា យើងត្រូវស្វែងរក ទ្រង់ទាក់ទងនឹងមនុស្សដែលត្រូវរៀបការជាមួយ ។ យើងពុំជ្រើសរើសដៃគូរបស់យើងផ្អែកទៅលើទឹកប្រាក់ ឬទ្រព្យសម្បត្តិទេ ហើយក៏ទាំងមិនផ្អែកលើស្នេហាដែរ ។ យើងស្វែងរកអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចមួយ ។
ខ្ញុំមានអំណរគុណចំពោះការបង្រៀនរបស់ប្រធានបេសកកម្មខ្ញុំ ។ ខ្ញុំក៏មានអំណរគុណផងដែរចំពោះដំបូន្មានដែលគាត់ផ្ដល់ឲ្យខ្ញុំ នៅពេលខ្ញុំត្រៀមត្រឡប់មកផ្ទះវិញ ។ គាត់បានមានប្រសាសន៍ថា ខ្ញុំគួរតែបន្ដរីកចម្រើនឆ្ពោះទៅរកគោលដៅដ៏អស់កល្បជានិច្ចរបស់ខ្ញុំ ។ គាត់ផ្ដល់យោបល់ថា ខ្ញុំរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ ហើយកុំឲ្យបង្អង់ឡើយនៅពេលឱកាសល្អមកដល់ ។
មនុស្សដែលគេណែនាំ
ទោះជាមានបំណងខ្លាំងបំផុតក្ដី ជានិច្ចកាល វាពុំងាយរកដៃគូអស់កល្បជានិច្ចរបស់អ្នកទេ ។ ជាញឹកញាប់ វាត្រូវការការខិតខំរួមគ្នា ។ អំឡុងឆ្នាំទីមួយរបស់ខ្ញុំនៅផ្ទះ ខ្ញុំបានជួបនឹងយុវនារីជាច្រើននៅសាលារៀន នៅថ្នាក់វិទ្យាស្ថាន នៅកន្លែងធ្វើការ និងនៅព្រះវិហារ ។ ខ្ញុំបានដើរលេងជាគូជាមួយយុវនារីខ្លះតែម្ដងទេ ខ្លះទៀតបានដើរលេងជាគូបានពីរដង ប៉ុន្តែគ្មានការដើរលេងជាគូរបស់ខ្ញុំណាមួយបានបង្កើតឡើងហួសពីចំណងមិត្តភាពនោះទេ ។ ខ្ញុំត្រូវការជំនួយ ដូច្នេះខ្ញុំបានទៅរកអតីតដៃគូផ្សព្វផ្សាយសាសនាដែលខ្ញុំទុកចិត្តម្នាក់ ឈ្មោះ ម៉ាក អាលរិត ដែលរស់នៅទីក្រុងមួយទៀត ។ ខ្ញុំបានសូមគាត់ឲ្យណែនាំនារីម្នាក់ឲ្យខ្ញុំ—ដើម្បីដើរលេងជាគូ ជាមនុស្សស្រីម្នាក់ដែលខ្ញុំអាចសុំទៅដើរលេងជាមួយគ្នាបាន ។
ម៉ាកស្គាល់ខ្ញុំ ហើយគាត់បានគិតអំពីយុវនារីដែលគាត់ស្គាល់ ។ បន្ទាប់ពីមានគំនិតមួយចំនួន គាត់បានផ្ដល់ឈ្មោះ លីណិត ហានសិន ។ គាត់មានអារម្មណ៍ថា យើងជាគូដ៏ល្អមួយគូ ហើយយើងនឹងពេញចិត្តគ្នាទៅវិញទៅមក ដូច្នេះខ្ញុំបានទាក់ទងទៅនាង ។ ម៉ាកនិយាយត្រូវ ! នាងគឺជាមនុស្សល្អណាស់ ឬជាគ្រាប់ពេជ្រ ។ គាត់ត្រូវបានបំផុសគំនិត ។
សម្រាប់អ្នកដែលនៅលីវ ខ្ញុំដឹងថា មានវិធីជាច្រើនដែលអ្នកអាចស្វែងរកដៃគូអស់កល្បជានិច្ចរបស់អ្នក ប៉ុន្តែវិធីសាស្ត្រមួយចំនួនគឺច្បាស់ជាល្អប្រសើរជាងមួយចំនួនទៀត ។ សូមស្វែងរកដៃគូរបស់អ្នកនៅកន្លែងដែលអ្នកទំនងជានឹងរកឃើញដៃគូ អស់កល្បជានិច្ច របស់អ្នក។ ដៃគូ អស់កល្បជានិច្ច — ខ្ញុំពុំអាចបញ្ជាក់ខ្លាំងពេកពីការណ៍នេះបានទេ ។
សូមគិតសួរដល់អ្នកណែនាំមកពីប្រភពដែលយើងស្គាល់ និងទុកចិត្ត ។ តើអ្នកមានអតីតដៃគូផ្សព្វផ្សាយសាសនាមិត្តនៅសាលារៀន មិត្តល្អម្នាក់នៅក្នុងវួដចាស់របស់អ្នកដែរឬទេ ? នរណាម្នាក់ដែលស្គាល់អ្នកដែរឬទេ ? ចុះបើសួរគាត់ថា តើអ្នកចង់ណែនាំឲ្យខ្ញុំស្គាល់នរណាដែរឬទេ ?
បើអ្នកទទួលបានអ្នកដែលគេណែនាំ ចូរអនុវត្តសេចក្ដីជំនឿ ទាក់ទងទៅបុគ្គលនោះ ហើយធ្វើការសាកល្បង ។ ប្រាកដណាស់ នឹងមានអ្នកដែលគេណែនាំមួយចំនួនដែលពុំត្រូវគ្នា ប៉ុន្តែនឹងមានអ្នកដែលគេណែនាំដ៏បំផុសគំនិតដែលផ្លាស់ប្ដូរជីវិតផងដែរ ។ ខ្ញុំជឿនៅពេលយើងអនុវត្តសេចក្ដីជំនឿ មានសង្ឃឹម ហើយមានព្រះវរបិតាសួគ៌នៅជាមួយ នោះរឿងល្អៗនឹងកើតឡើង ។
ការរីកចម្រើនជាមួយគ្នា
នៅពេលលីណិត និងខ្ញុំបានចាប់ផ្ដើមដើរលេងជាមួយគ្នា យើងរីករាយនឹងពេលវេលាជាមួយគ្នាខ្លាំងណាស់ ។ យើងជួបគ្នាទៅវិញទៅមកជាញឹកញាប់ ហើយមិត្តភាពរបស់យើងរីកចម្រើនកាន់តែខ្លាំងជារៀងរាល់ថ្ងៃ ។ យើងមានចំណុចមួយចំនួនខុសគ្នា ប៉ុន្តែយើងស្របនឹងគ្នានៅរឿងសំខាន់ៗទាំងអស់ ។ យើងបានធ្លាក់ទៅក្នុងអន្លង់ស្នេហ៍ ហើយទីបំផុត យើងមកដល់ចំណុចមួយដែលយើងមានអារម្មណ៍ថា យើងចាំបាច់ត្រូវធ្វើការសម្រេចចិត្តមួយ ។ តើយើងនឹងរៀបការ ហើយរីកចម្រើនជាមួយគ្នាឬ ? ឬតើយើងនឹងបន្ដទៅមុខទៀតឬទេ ?
យើងបានវាយតម្លៃភាពពិតនៃអាពាហ៍ពិពាហ៍ ។ តើយើងរស់នៅកន្លែងណា ? តើយើងនឹងរស់រានខាងហិរញ្ញវត្ថុពេលនៅឆ្ងាយពីឪពុកម្ដាយយើងយ៉ាងដូចម្ដេច ? តើនេះជាពេលវេលាត្រឹមត្រូវឬទេ ? យើងបានអធិស្ឋានជាមួយគ្នាអំពីកង្វល់ទាំងអស់របស់យើង ។ យើងទាំងពីរនាក់មានអារម្មណ៍ថា ព្រះវរបិតាសួគ៌នឹងសព្វព្រះទ័យបើយើងរៀបការ ។ យើងមានអារម្មណ៍ថា ទ្រង់នឹងជួយយើងយកឈ្នះលើឧបសគ្គដែលយើងជួបប្រទះ ។
រឿងទាំងនេះកើតឡើងនៅក្នុងត្រីមាសមួយពេលយើងនៅរៀន ។ លីណិតគឺជាសិស្សល្អ ហើយបានទៅបណ្ណាល័យសិក្សាជាញឹកញាប់ ។ ខ្ញុំក៏បានទៅបណ្ណាល័យដែរ—ទៅជួបនាង ។ ពិន្ទុខ្ញុំបានឡើងខ្ពស់ ហើយពិន្ទុរបស់លីណិតបានធ្លាក់ចុះ ។ ការពិត ! ប៉ុន្តែយើងទាំងពីរនាក់បានយល់ស្របថា វាគឺជាត្រីមាសដ៏ល្អបំផុតដែលយើងធ្លាប់មាន ។ ហេតុអ្វីដូច្នេះ ? » បន្ថែមពីលើសុភមង្គលដែលយើងបានទទួលដឹងនៅពេលយើងនៅជាមួយគ្នា យើងកំពុងរីកចម្រើនឆ្ពោះទៅកាន់គោលដៅរួមមួយ ។ យើងទទួលអារម្មណ៍ស្របនឹងគ្នា ហើយស្របនឹងព្រះ ហើយវាជានអារម្មណ៍ល្អណាស់ ។ ជំនឿរបស់ពួកយើងបានកើនឡើង ។ យើងបានទទួលអារម្មណ៍ដឹងថា ដោយមានជំនួយរបស់ព្រះ នោះយើងអាចយកឈ្នះអ្វីៗគ្រប់យ៉ាង ។ ពួកយើងពោរពេញដោយអំណរ !
យើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ អូហ្គឌិន រដ្ឋយូថាហ៍ ។ ការណ៍នេះបានកើតឡើងជិត ៤០ ឆ្នាំមកហើយ ។ យើងបានឃើញថា អាពាហ៍ពិពាហ៍នាំមកនូវលទ្ធភាពដើម្បីមានសុភមង្គលខ្លាំងជាងទំនាក់ទំនងផ្សេងៗទៀតនៃមនុស្សជាតិ ។២១ ដោយសារតែវាជាផែនការរបស់ព្រះអម្ចាស់ ។
យើងនិយាយអំពីរឿងជាច្រើននៅយប់នេះ។ យើងសង្ឃឹមថា គោលលទ្ធិដែលយើងបានចែកចាយនឹងដិតនៅជាប់ព្រលឹងរបស់អ្នក ហើយជួយអ្នកឲ្យរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញាឆ្ពោះទៅរកអាពាហ៍ពិពាហ៍អស់កល្បជានិច្ច ។ យើងសង្ឃឹមថា គំរូទាំងឡាយដែលយើងបានចែកចាយអំពីអាពាហ៍ពិពាហ៍រីករាយចម្រើនជំនឿរបស់អ្នក ហើយព្រះវិញ្ញាណបានខ្សឹបប្រាប់អ្នកអ្វីមួយដែលអ្នកអាចធ្វើដើម្បីរីកចម្រើន ។ ប្រហែលព្រះវិញ្ញាណបានខ្សឹបប្រាប់ប្អូនមួយចំនួន អំពីបុគ្គល ដែលអ្នកអាចរីកចម្រើនជាមួយ !
សម្រាប់អស់អ្នកដែលកំពុងធ្វើនូវអ្វីដែលអ្នកគួរពុះពារសម្រាប់អាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច ប៉ុន្តែនៅតែពុំឃើញមានអ្វីកើតឡើង— ទោះជាអ្នកនៅលីវបច្ចុប្បន្ននេះ ឬនៅក្នុងអាពាហ៍ពិពាហ៍មួយ ដែលបង្ហាញថា មានការរីកចម្រើនយឺតក្ដី— យើងសូមអធិស្ឋានសុំឲ្យអ្នកនឹងមានពរដើម្បីបន្ដមានសុទិដ្ឋិនិយម ហើយខិតខំអស់ពីសមត្ថភាពរបស់អ្នក ចូលរួមចំណែកក្នុងកិច្ចការរបស់ព្រះអម្ចាស់ ហើយរស់នៅដោយអំណរ ។ ប្រធានណិលសុនបានមានប្រសាសន៍ថា « យើងដឹងថា ព្រះអម្ចាស់នឹងវិនិច្ឆ័យយើងម្នាក់ៗស្របតាមបំណងប្រាថ្នានៃដួងចិត្តរបស់យើង ក៏ដូចជាកិច្ចការរបស់យើងផងដែរ ហើយពរជ័យនៃភាពតម្កើងឡើង នឹងត្រូវបានប្រទានដល់មនុស្សទាំងអស់ដែលមានភាពស័ក្ដិសម »។២២ ចូរស្មោះត្រង់ ហើយឆ្ពោះទៅមុខ ។ គ្រប់ពរជ័យនឹងជារបស់ផងអ្នកតាមពេលវេលារបស់ព្រះអម្ចាស់ ។ ខ្ញុំដឹងថានោះគឺជាការពិត ។
ប្អូនៗប្រុសស្រីទាំងឡាយ ឱកាសដ៏មហិមារបស់យើងគឺដើម្បីរីកចម្រើនជាបន្ដបន្ទាប់— ដើម្បីបង្កើត និងការពារអាពាហ៍ពិពាហ៍សេឡេស្ទាល និងក្រុមគ្រួសារដ៏អស់កល្បដោយមានជំនួយពីព្រះអម្ចាស់ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ តាមរយៈទ្រង់ យើងអាចត្រូវបានពង្រឹងឲ្យធ្វើអ្វីគ្រប់យ៉ាង ដែលព្រះវរបិតាសួគ៌អញ្ជើញយើងឲ្យធ្វើ ។ ហើយសូមឲ្យពរជ័យរបស់ទ្រង់បានគង់នៅជាមួយបងប្អូន ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2019 by Intellectual Reserve, Inc. All rights reserved. កំណែ ៖ ២/១៩ ។ ការបកប្រែនៃ « Continually Progressing Toward Eternal Marriage » ។ Cambodian ។ PD60008283 258